រឿង៖ ផ្លូវគេ

ពេលខ្លះ ខ្ញុំបានឃើញនរណាមិនដឹងទេ ឈរសម្លឹងមើលខ្ញុំនៅតាមបង្អួច។ មើលទៅ ដូចជាមនុស្សប្រុសដែលមានវ័យកណ្តាល ស្ថិតនៅជាមួយសភាពផ្លូវចិត្តធ្ងន់ធ្ងរអ៊ីចឹង។ ត្របកភ្នែកខាងក្រោមស្លក់ខ្មៅដុំៗ ប្រៀបនឹងមនុស្សសេពថ្នាំញៀន។ ចួនក៏បង្ហាញឱ្យខ្ញុំឃើញមុខបន្តិច ចួនក៏ឃើញពេញ។

តែអ្វីដែលខ្ញុំចម្លែកនៅក្នុងចិត្តនោះគឺ ខ្ញុំមិនដែលស្គាល់បុរសម្នាក់នេះទាល់តែសោះ។ តែគាត់បែរជាមកឈរមើលខ្ញុំបង្រៀនរាល់ថ្ងៃ។ ឬមួយគាត់ជាអាណាព្យាបាលសិស្ស ដែលមកលបមើលពីសកម្មភាពកូនរបស់គាត់?

មានថ្ងៃមួយនោះ ប្រហែលម៉ោង២រសៀល ខ្ញុំកំពុងតែ…

ម៉ឺងៗៗ!…

សំឡេងជួងបន្លឺឡើងរំពងបរិវេណសាលា។ សិស្សានុសិស្សរត់ផងដើរផងចូលក្នុងបន្ទប់រៀនរៀងៗខ្លួន។ ខ្ញុំក្នុងនាមជាគ្រូម្នាក់ក៏ចាប់ផ្តើមបង្ហើរសំឡេងនៅម៉ោងចូលរៀនលើកទី២។

តាមកាលវិភាគ ថ្ងៃនេះ ម៉ោងទីពីរគឺត្រូវបង្រៀនមុខវិជ្ជាគណិត។ ខ្ញុំទាញរ៉ាប៉ទ័រ បន្ទាត់ ដែកឈាន ព្រោះមេរៀនថ្ងៃនេះគឺ សំណង់មុំ។ គាប់ចួនអីថ្ងៃនេះម៉ៃក្រូបន្លឺឡើងកម្ពស់ចុងដូង ប្រណាំងជាមួយសំឡេងខ្ញុំ។ មុនដំបូងខ្ញុំខឹង តែសម្រួលអារម្មណ៍វិញ ព្រោះនេះជាកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ។ ខ្ញុំខំប្រឹងស្រែកផង បញ្ចេញកាយវិការផងរហូតដល់បែកញើញជោកខ្នង។

“ប្អូនៗទាំងអស់គ្នា ចម្លងមេរៀនលើក្តារខៀនចូលក្នុងសៀវភៅទៅ!”

ខ្ញុំនិយាយមួយៗច្បាស់ៗទៅកាន់សិស្ស រួចក៏ទម្លាក់គូទលើកៅអី យកទឹកមកផឹកឱ្យបាត់ស្ងួតបំពង់ក។

“នរណាហ្នឹង!” ខ្ញុំលាន់មាត់តិចៗ តែសំឡេងនេះមិនបានឮទៅដល់សិស្សនោះទេ។ ឬមួយក៏ឮដែរ តែពួកគាត់មិនបានចាប់អារម្មណ៍។

ខ្ញុំក៏ទម្លាក់ភ្នែកចុះមកវិញ រួចចាប់យកសៀវភៅមកអាន។ ពេលដែលខ្ញុំដៀងភ្នែកឃើញម្តងទៀត។ ដោយការចង់ដឹង ខ្ញុំក៏ចេញទៅខាងក្រៅដើម្បីរកមើល។

“លោកគ្រូរកមើលអីហ្នឹង?” សិស្សម្នាក់សួរខ្ញុំទាំងដែលមុខរបស់គាត់គឺជិតមុខខ្ញុំខ្លាំងមែនទែន។

ខ្ញុំភ្ញាក់ព្រើតស្ទើរតែធ្លាក់ពីលើកៅអី។ លឿនណាស់! មិនដឹងថាសិស្សម្នាក់នេះមកឈរក្បែរខ្ញុំទាំងពីពេលណានោះទេ។ មកមិនឱ្យដំណឹងសូម្បីបន្តិចសោះ។

“គ្មានអ្វីទេ! ខ្ញុំគ្រាន់តែពិនិត្យមើលរូបភាពនៅជញ្ជាំងថាគួរតែប្តូរថ្មីដែរឬអត់!”

ចម្លើយខុសពីគំនិតទាំងស្រុង។ មិនទាន់ប្រាកដ ខ្ញុំមិនចង់វ៉ៃស្មៅបង្អើលពស់នោះទេ។

ខ្ញុំដកដង្ហើមធំបន្តិច រួចក៏និយាយទៅកាន់សិស្ស។

“ប្អូនៗទាំងអស់គ្នា មានបានឃើញនរណាមកឈរក្បែរបង្អួចអម្បាញ់មិញឬទេ?”

“មិនបានឃើញនរណាទេលោកគ្រូ!” សិស្សឆ្លើយព្រមគ្នា។

ពេលស្តាប់ចម្លើយសិស្សចប់ ខ្ញុំក៏លែងមានអ្វីឆ្ងល់ដែរ។ ខ្ញុំគិតថា ប្រហែលមកពីខ្ញុំអស់កម្លាំងពេកហើយ ទើបបានជាស្រមៃដល់រូបភាពដែលមិនច្បាស់លាស់បែបនេះ។ ខ្ញុំក៏មកទម្លាក់គូទអង្គុយលើកៅអីម្តងទៀត។

សម្រាប់ខ្ញុំមិនចាំបាច់លេបថ្នាំងងុយដេកទើបដេកលក់នោះទេ។ គ្រាន់តែអានសៀវភៅបន្តិចក៏ងងុយទៅហើយ។ ត្របកភ្នែកចាប់ផ្តើមទន់ចូលគ្នា ខណៈពេលដែលបរិយាកាសកាន់តែហប់ក្តៅស្ទើរតែគ្មានខ្យល់សម្រាប់ដកដង្ហើម។ សំណួរសួរថា ចុះមិនមានកង្ហារទេអី? ចម្លើយគឺមាន។ តែមានសម្រាប់សិស្សប៉ុណ្ណោះ។ សម្រាប់ខ្ញុំពេលក្តៅខ្លាំង មានតែអង្គុយបក់។

ខ្ញុំទ្រាំលែងបានហើយ។ ខ្ញុំសុំបំពេញភារកិច្ចមួយនេះឆកល្វែងបន្តិចទៅចុះ ព្រោះយប់មិញខ្ញុំរវល់ទើបក្រចូលដេក។

“លោកគ្រូចំរើន! អាកានធ្លាក់ពីលើដើមឈើ!”

ខ្ញុំភ្ញាក់ព្រើតដូចគេយកទឹកមួយធុងជះកណ្តាលមុខ។ ខ្ញុំបើកភ្នែកឡើងទាំងម៉ិងម៉ាំង ស្ទើរតែរកទិសតំបន់គ្មាន។ ក្បាលខ្ញុំចាប់ផ្តើមឈឺខ្ទោកៗ ដូចមាននរណាយកដុំថ្មមួយដុំមកវ៉ៃអ៊ីចឹង។

“នរណាត្រូវអី?”​ខ្ញុំសួរបញ្ជាក់ម្តងទៀត។

“គឺអា…អាកានធ្លាក់ពីលើដើមឈើ!”

ស្តាប់ចប់ ខ្ញុំហើបគូទចេញពីកៅអីសម្លឹងមើលទៅតុដែលសិស្សឈ្មោះកានបានអង្គុយ។ ខ្ញុំស្រាប់តែខឹងភ្លាមៗ ព្រោះមិនដឹងថាគេចេញទៅខាងក្រៅតាំងពីពេលណានោះទេ ហើយមិនបានហាមាត់សុំខ្ញុំសូម្បីតែមួយម៉ាត់។

“សុខកានចេញទៅក្រៅតាំងពីពេលណា? ចុះគាត់បានសុំខ្ញុំឬអត់?” ខ្ញុំសួរទៅសិស្សផ្សេងទៀតដែលកំពុងតែអង្គុយមើលមកខ្ញុំ។

“សុំតើលោកគ្រូ តែលោកគ្រូរវល់តែដេកលក់!”

“លោកគ្រូៗ លោកគ្រូនាយកហៅទៅចួប!”

ខ្ញុំដឹងច្បាស់ណាស់ ថាគាត់ហៅទៅចួបដោយសារមូលហេតុអ្វី។ ប្រយ័ត្នណាស់ មានបញ្ហាណាស់។ ខ្ញុំស្រវាយកទូរសព្ទក្នុងថតតុ រួចងាកមើលទៅត្រង់បង្អួច ស្រាប់តែឃើញម្នាក់ហ្នឹងទៀត។ ខ្ញុំរត់យ៉ាងលឿនដើម្បីតាមឱ្យទាន់។ តែមិនបានឃើញអ្វីដូចកាលមុនដដែល។

ខ្ញុំមិនបានផ្តាច់នូវភាពចង់ដឹងរបស់ខ្ញុំនោះទេ។ ខ្ញុំដើរតាមបណ្តោយអគារនេះរហូតដល់បន្ទប់ចុងក្រោយនៅតែមិនបានឃើញអ្វីទាំងអស់។ ពេលរសៀល បរិយាកាសរាងស្ងាត់បន្តិចហើយ គឺមានតែខ្ញុំម្នាក់តែប៉ុណ្ណោះដែលបង្រៀន។

ពិនិត្យមើលសព្វគ្រប់ ខ្ញុំដើរត្រលប់មកវិញ ស្រាប់តែ…

“នរណាហ្នឹង?” ខ្ញុំបញ្ឈប់ដំណើររួចងាកមើលទៅក្រោយ ព្រោះអម្បាញ់មិញច្បាស់ណាស់ ខ្ញុំបានឮសំឡេងសម្រិបជើងដើរពីក្រោយ។

“…” ស្ងាត់។

“ខ្ញុំសួរថានរណាហ្នឹង? ហើយដើរតាមខ្ញុំធ្វើអី?”

“…”ស្ងាត់ឈឹង។

គ្មានអ្នកឆ្លើយតបជាសំឡេងនោះទេ តែមានអ្នកឆ្លើយតបតាមរយៈខ្យល់បក់មកមួយវឹបយ៉ាងត្រជាក់ស្រិប។ ខ្ញុំដឹងគ្រប់យ៉ាងថាជាអ្វី។ ខ្ញុំប្រញាប់ដើរតម្រង់ទៅទីចាត់ការដើម្បីដោះស្រាយរឿងសិស្សចេញទៅក្រៅខុសម៉ោងបណ្តោយឱ្យមានបញ្ហា។

ថ្ងៃបន្ទាប់!

នៅក្នុងបន្ទប់រៀនគ្មាននរណាទេក្រៅពីខ្ញុំដែលកំពុងតែបំពេញកិច្ចការរដ្ឋបាលមួយចំនួន។ នេះជាថ្ងៃព្រហស្បតិ៍ ត្រូវនឹងសប្តាហ៍ទី៤ នៅសាលាកម្រិតបឋមមិនរៀននោះទេ។ ថ្ងៃនេះ គ្រូៗត្រូវមកប្រជុំបូកសរុបកិច្ចការដែលបានចួបប្រទះពេញមួយខែ និងត្រៀមចាប់យកកិច្ចការខែថ្មី។ បន្ទាប់ពីប្រជុំរួច ខ្ញុំមិនទាន់ទៅផ្ទះភ្លាមៗនោះទេ។ ខ្ញុំនៅបង្ហើយការងារមួយចំនួនសិស្ស។

ផាំង!…

នរណាមិនដឹងទេ មកបិទបង្អួចមួយទំហឹងបង្កជាសំឡេងផ្អើលអស់ទាំងខ្ញុំទៀត។ ខ្ញុំទម្លាក់ប៊ិកចុះដើរសំដៅប្រភពសំឡេង។ ខ្ញុំគ្មានបានខ្លាចញញើតអ្វីទាល់តែសោះ ព្រោះគិតថាវាមានសំឡេងដោយសារតែកម្លាំងខ្យល់បក់តែប៉ុណ្ណោះ។

ខ្ញុំដើរមកវិញជាធម្មតា រួចក៏កាន់ប៊ិកសរសេរបន្ត។ ភ្នែកខ្ញុំក្រឡេកមើលទៅបង្អួចជាញឹកញាប់ ខណៈពេលដែលដៃកំពុងតែសរសេរនៅឡើយ។

“នរណាហ្នឹង?”

អម្បាញ់មិញ ខ្ញុំដូចជាបានឃើញម្នាក់នោះទៀតហើយ។ គេកំពុងតែសម្លឹងមើលមកខ្ញុំតាមបង្អួច។ ខ្ញុំមិនហ៊ានបែរមើលមុខគេចំនោះទេ ខ្លាចក្រែងម្នាក់ហ្នឹងមិនមែនជា…

“លោកគ្រូៗ! ថ្មើរណាត្រលប់ទៅផ្ទះវិញ?”

វត្តមានរបស់សិស្សប្រុសម្នាក់បង្ហាញឡើងធ្វើឱ្យខ្ញុំរំភើបជាខ្លាំង។ ចូលមកចំពេលដែលខ្ញុំកំពុងតែវេទនាបែបនេះ ខ្ញុំនឹងថែមពិន្ទុឱ្យប្រចាំខែ។

“ទៅហើយៗ! តោះប្អូនក៏ត្រលប់ទៅផ្ទះវិញដូចគ្នា!”

………………

“លោកគ្រូ ចំរើននិងលោកគ្រូ រក្សា ត្រូវមកយាមសាលានៅពេលយប់។ មួយសប្តាហ៍ត្រូវមកយាមម្តង។ យើងចែកវេនគ្នាយាមក្នុងអំឡុងពេលវ៉ាកងតូចនេះ។ យើងមិនអាចទុកសាលាចោលបានទេ ព្រោះទ្វាររបងសាលាយើងធ្វើមិនទាន់រួច ណាមួយជិតចូលឆ្នាំអ៊ីចឹង ខ្លាចក្រែងមាននរណាមកលួចសម្ភារៈក្នុងសាលា” នេះជាសម្តីក៏ដូចជាបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកនាយក។

លោកគ្រូអ្នកគ្រូផ្សេងទៀត គេព្រមព្រៀងឯកភាពអស់ហើយ។ ដូច្នេះ ខ្ញុំមិនអាចបដិសេធបានទេ។ សួរថាខ្ញុំរីករាយនឹងពាក្យបង្គាប់នេះឬអត់? ចម្លើយគឺអត់ទេ ព្រោះពេលថ្ងៃចួបតែញឹកហើយ ចុះទម្រាំពេលយប់។

ថ្ងៃទី១១ខែមេសា ឆ្នាំ ២០២៣ ម៉ោង៧ក្បាលព្រលប់!

ខ្ញុំអង្គុយនៅលើកាំជណ្តើរថ្មនាមុខទីចាត់ការ សម្លឹងមើលទៅផ្លូវជាញឹកញាប់ដូចជាមេមាន់រាន់ពង។ ដៃម្ខាងកាន់ទូរសព្ទ ដៃម្ខាងទៀតកាន់សៀវភៅ រីឯភ្នែកវិញវិលវល់ជាមួយនឹងមាត់ទ្វារខាងមុខ ក្រែងល៎មានគ្នាគ្រាន់បាត់ខ្លាច។

ពិតណាស់! ខ្ញុំកំពុងតែអង្គុយចាំលោកគ្រូរក្សា។ ថ្ងៃនេះជាវេនរបស់ពួកយើងទាំងពីរ។ ខ្ញុំបានខលក្រើនរម្លឹកគាត់រួចម្តងមកហើយថា ឱ្យមកជុំគ្នានៅម៉ោង៧។ តែឥឡូវម៉ោងជិត៨ទៅហើយ មិនទាន់ឃើញគាត់មកទៀត។ ខ្ញុំអន្ទះសាជាខ្លាំង។ អារម្មណ៍មួយខ្លាច អារម្មណ៍មួយទៀតគឺឃ្លាន។ ខ្ញុំបានឱ្យលោកគ្រូរក្សាទិញម្ហូបផ្ញើផង ព្រោះខ្ញុំមិនបានហូបបាយពីផ្ទះនោះទេ។

ស្បៃអន្ធការកាន់តែចូលខ្លួនមកគ្របដណ្តប់ដែនពសុធា​ បរិយាកាសកាន់តែស្ងប់ស្ងាត់។ មូសច្រើនណាស់ ហើរច្រវាត់យំអែក្បែរត្រចៀក។ ខ្ញុំមិនអាចអង្គុយនៅខាងក្រៅបានទេ។ ខ្ញុំចូលទៅអង្គុយនៅខាងក្នុងលើប៉ាវអ៊ី ក្បែរកង្ហាក្នុងបន្ទប់ទីចាត់ការ។

ដ្បិតតែភ្នែកសម្លឹងមើលអេក្រង់ទូរសព្ទក៏ពិតមែន​ តែខួរក្បាលមិនដឹងរសាត់អណ្តែតទៅដល់ណានោះទេ។ ខ្ញុំគិតច្រើន គ្មានគោលដៅមួយណាឱ្យពិតប្រាកដព្រោះពេលនេះ ខ្ញុំលង់ផុងជាមួយនឹងសេចក្តីភ័យខ្លាច។ ដូចពាក្យចាស់ថាមិនខុសទេ នៅពេលដែលអារម្មណ៍យើងដក់ដាមនឹងរឿងអបិយជំនឿអ្វីមួយ សូម្បីតែជីងចក់ធ្លាក់ក៏ភ្ញាក់ផ្អើលដែរ។  

ខ្ញុំចង់ខលទៅលោកគ្រូរក្សាម្តងទៀត តែខ្លាចគាត់គិតថាខ្ញុំតាប៉ែ។

តុកកែ! តុកកែ…

ខ្ញុំភ្ញាក់ព្រើតស្ទើរតែធ្លាក់ទូរសព្ទចេញពីដៃ។ សុខៗសត្វតុកកែមកយំអី ស្របពេលដែលខ្ញុំកំពុងតែគ្មានវិញ្ញាណនៅក្នុងខ្លួនផង។

“យីអាសត្វនេះ! ម៉េចបានជាមកយំនៅពេលនេះធ្វើអី? អាមនុស្សកំពុងតែខ្លាចផង…”

តុកកែឈប់យំ ខ្ញុំក៏សម្រួលអារម្មណ៍បន្តិចដោយបើកបទចម្រៀងយ៉ាងឮៗបន្លប់ការភ័យខ្លាច។ ត្រចៀកស្តាប់ តែមិនដឹងថាបទអីជាបទអីនោះទេ។ ខ្ញុំប្រឹងសម្រួលអារម្មណ៍ឱ្យទោរទន់តាមបទចម្រៀង ទាំងដែលពិបាកជាងលួចស្រឡាញ់គេម្នាក់ឯងទៅទៀត។

ក្ឌុក!…

“ពុទ្ធោព្រះជួយផង!”

ខ្ញុំលស់ព្រលឹងអស់រលីង។ ជើងលើកដាក់នៅលើប៉ាវអ៊ី ភ្នែកសម្លឹងមើលសត្វពស់និងតុកកែប្រយុទ្ធគ្នាដណ្តើមយកជ័យជម្នះ។ ខ្លួនខ្ញុំញ័រទទ្រើត មិនដឹងគួរជួយខាងណានោះទេ។ វាសុខៗធ្លាក់មកពីលើស្ទើរតែចំក្បាលរបស់ខ្ញុំ។ ខ្ញុំរត់ទៅម្ខាង យកដៃកាន់ដំបងរួចជាស្រេច ឱ្យតែអាមួយណាតម្រង់មករកខ្ញុំ ខ្ញុំនឹងសំពងគ្មានប្រណីឡើយ។

ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ តុកកែអាចសម្លាប់ពស់បាន។ នេះជារឿងមួយដែលខ្ញុំមិនដែលធ្លាប់ឃើញពីមុន ធ្លាប់តែឮចាស់ៗនិយាយ។ អ្នកឈ្នះនៅមានជីវិត អ្នកចាញ់ត្រូវស្លាប់។ នេះជាច្បាប់នៃធម្មជាតិ។ ហើយខ្ញុំគ្មានចំណែកចូលរួមប្រយុទ្ធអ្វីផង តែខ្ញុំបែរជាអ្នកប្រមូលសាកសពទៅវិញ។

បន្ទាប់ពីយកសាកសពពស់ចេញរួចមក ខ្ញុំក៏អង្គុយសម្លឹងមើលអេក្រង់ទូរសព្ទចាំលោកគ្រូរក្សាបន្ត។

ទ្រឺន…

ឮសំឡេងភ្លាម ខ្ញុំស្រាប់តែរីករាយជាខ្លាំងដូចជាត្រូវឆ្នោតអាបីលេខអ៊ីចឹង។ ម្នាក់ហ្នឹងហើយដែលជាអ្នកមកប្រស់ដង្ហើមជីវិតរបស់ខ្ញុំសារជាថ្មីម្តងទៀត។

“ហើយក៏យូរម្ល៉េះ លោកគ្រូរក្សា!” ខ្ញុំធ្វើឫកជាខ្មឺតបន្តិច។

“រវល់តែមានបញ្ហាក្នុងខ្លួនហ្នឹងណា៎!”

“បងប្អូនមកលេងមែន?”

“វាមិនដែលប្រុសឯណាមានបងប្អូនមកលេងនោះទេ។ ចេះតែមានហ្មងលោកគ្រូចំរើន!”

“ហៅខ្ញុំថា ចំរើនៗ ទៅមិនចាំបាច់ថែមពាក្យលោកគ្រូនៅពីមុខទេ។ លោកគ្រូហៅអ៊ីចឹង ហាក់បីដូចជាមិនសូវជិតដិតសោះ”

“បើអ៊ីចឹង លោកគ្រូចម្រើនឯងហៅខ្ញុំត្រឹមថាបងៗ ឬបងរក្សាក៏បានដែរ!”

“លោកគ្រូទៀត…”

“ច្រឡំមាត់! ណេះ! ខ្ញុំទិញសាច់អាំងយកមកផ្ញើ…”

“ស្មានតែដាច់បាយតើខ្ញុំថ្ងៃនេះ!”

“មិនដាច់ទេ គ្រាន់តែថាជិតដាច់ប៉ុណ្ណឹងឯង ហាសហា…!”

ខ្ញុំមើលទៅទឹកមុខលោកគ្រូរក្សាហាក់មានក្តីសុខខ្លាំងណាស់។ តែខ្ញុំចង់និយាយប្រាប់គាត់ថា កុំមកមានក្តីសុខជាមួយនឹងខ្ញុំ ព្រោះទម្រាំតែលោកគ្រូមក ខ្ញុំជិតឆ្កួតដោយសារភាពភ័យខ្លាចបាត់ទៅហើយ។

បន្ទាប់ពីហូបបាយរួច ខ្ញុំក៏ឡើងលើប៉ាវអ៊ីយកទូរសព្ទមកមើលពីនេះពីនោះ។ យូរៗម្តង ខ្ញុំក៏លួចដៀងភ្នែកទៅលោកគ្រូរក្សាដែរ។ ដំបូងគាត់និយាយច្រើន ដល់ពេលនេះស្ងាត់ឱ្យច្រៀបទឹកមុខស្ងួតចែសដូចជាមនុស្សដែលទើបតែសង្សារសុំបែកហើយថ្មីៗអ៊ីចឹង។

“បងរក្សា! បងរក្សា…”

“មានការណ៍អ្វីឬចំរើន?”

“គ្មានអ្វីទេ! ខ្ញុំគ្រាន់តែឆ្ងល់ទើបហៅ!”

គាត់ងាកមើល តែមិនតបសម្តីជាមួយនឹងខ្ញុំទៀតនោះទេ។ ខ្ញុំក៏លែងមាត់ដែរ។ ខ្ញុំមិនមែនជាមនុស្សស៊ាំតាប៉ែ ដោយដឹងថាគេធុញហើយនៅបន្តនិយាយរកគេទៀតឡើយ។ តែមានសំណួរមួយ ដែលខ្ញុំត្រូវតែកាត់កេរ្តិ៍កាត់ខ្មាសសួរគាត់ឱ្យបាន។ លេបទឹកមាត់មួយក្អឹកសម្រួលអារម្មណ៍បន្តិច រួចក៏បន្លឺឡើង។

“បងរក្សា! ខ្ញុំសូមបិទភ្លើងបានទេ? ខ្ញុំមិនទម្លាប់ដេកបើកភ្លើងឡើយ”

“…” គាត់ស្ងាត់មិននិយាយអ្វីឡើយ តែគាត់ងក់ក្បាលជំនួស។

បិទភ្លើងរួច ខ្ញុំបែរជាឆ្ងល់ខ្លួនឯងទៅវិញ ចុះក្រែងខ្លាចខ្មោចហ្អី! ហើយម៉េចបានជាទៅបិទភ្លើងទៅវិញ។ តែបើខ្ញុំហៅលោកគ្រូរក្សាសុំបើកភ្លើងវិញ នោះគាត់ច្បាស់ជាគិតថា ខ្ញុំគួរឱ្យធុញជាក់ជាមិនខាន។ ណ្ហើយ! បិទភ្លើងក៏បិទទៅ។

យប់កាន់តែជ្រៅ ធាតុអាកាសកាន់តែចុះត្រជាក់។ សំឡេងឆ្កែចួនព្រុស ចួនលូ តាមតែក្បាលវ៉ាល់វា។ រីឯសំឡេងសត្វតាវ៉ៅ និងខ្លែងស្រាកក៏យំបន្តគ្នារដឹកដូចជាចង្វាក់ភ្លេងអ៊ីចឹង។ យូរៗម្តង ព្រះវាយោបក់ផាត់នាំយកសំឡេងស្មូត្រដែលចេញពីពិធីបុណ្យសព តែមិនដឹងនៅឯណានោះទេ។ ខ្ញុំបម្រះខ្លួនឡើងចុះពេញតែលើប៉ាវអ៊ី ខណៈពេលដែលលោកគ្រូរក្សាដេកស្រមុកដូចជ្រូកអ៊ីចឹង។

តឺត!តឺត…

សំឡេងទូរសព្ទបញ្ជាក់ប្រាប់ថាអស់ថ្ម។ ខ្ញុំពិតជាសាហាវពេកហើយ មើលវារហូតទាល់តែអស់ថ្ម។ ឯណាឆ្នាំងសាកថ្ម? ខ្ញុំទុកវានៅឯណាអ៊ីចេះ? ខ្ញុំយកដៃរាវរកមើលចុងជើងមិនឃើញ។ អ៊ីចឹងមានតែរាវនៅខាងលើក្បាលដំណេកម្តង។

“ស្អីហ្នឹង? ដូចជាដៃមនុស្ស។ ចុះដៃនរណាហេតុអ្វីបានជាត្រជាក់ស្រេបដូចជាដៃខ្មោចអ៊ីចឹង? ដូចជាមានម្រាមមិនគ្រប់ប្រាំនោះទេ!” ខ្ញុំលាន់មាត់តិចៗបន្ទាប់ពីរាវទៅបះនឹងដៃមួយ។

ភ្លាមៗនេះ ខ្ញុំស្រាប់តែព្រឺសម្បុរ បះរោមច្រូងទាំងមិនដឹងខ្លួន។ ដៃមួយនេះខ្ញុំនៅតែបន្តស្ទាបមិនទាន់លែងដដែល តែច្រមុះខ្ញុំក៏ទទួលបាននូវក្លិនម្យ៉ាងដែលស្អុយខ្លាំងដូចជាក្លិនសាកសពរលួយអ៊ីចឹង។ កាន់តែប៉ះ ខ្ញុំកាន់តែទទួលបានអារម្មណ៍ថ្មីមួយថា ដៃហ្នឹងកាន់តែគគ្រាមទៅៗ ហើយដូចជាផុយៗយ៉ាងម៉េចមិនដឹងទេ។

“មានអ្វីឬចំរើន?” លោកគ្រូរក្សាបន្លឺឡើង។

“គ្មានអ្វីទេលោកគ្រូ! ខ្ញុំគ្រាន់តែដេកមិនលក់ប៉ុណ្ណោះ”

គាត់លែងផ្តោះផ្តងពាក្យសម្តីអ្វីទៀត។ ខ្ញុំក៏លែងនិយាយអ្វីដែរ ទុកឱ្យគាត់សម្រាកទៅចុះ ព្រោះវេលានេះ គឺជាពេលត្រូវសម្រាកយកកម្លាំង។

មួយសន្ទុះក្រោយមក…

ទ្រឺន…ងឺត…

សំឡេងម៉ូតូនរណាក៏មិនដឹងទេ ជិះចូលមកក្នុងសាលា។ ឬជាចោរដែលមកលួចសម្ភារៈ? បើក្រុមចោរមែន ហេតុអ្វីបានជាគេចាំបាច់ជិះចូលមកក្នុងឱ្យឮសំឡេងធ្វើអី? ម៉េចមិនទុកម៉ូតូនៅខាងក្រៅ ហើយដើរចូលមកទៅ?

រវល់តែគិតពីរឿងសំឡេងម៉ូតូ ស្រាប់តែដៃដែលខ្ញុំបានចាប់ទៅណាបាត់។ ខ្ញុំចាំច្បាស់ថា ខ្ញុំមិនបានព្រលែងវានោះទេ។ ឬមួយក៏ដៃមួយនេះ…

ទ្រឹប…

“បងរក្សា! បងរក្សាភ្ញាក់ឡើង មានសម្រិបជើងមនុស្សនៅខាងក្រៅ!” ខ្ញុំហៅបណ្តើរអង្រួនជើងបណ្តើរ។

គាត់ដឹងខ្លួនតែមិនព្រមក្រោកឡើយ។ ខ្ញុំអេះអុញៗ គិតថាគួរតែចេញទៅម្នាក់ឯងឬក៏យ៉ាងណា។ ខ្ញុំងាកមើលមុខលោកគ្រូរក្សារួចគិតក្នុងចិត្តថា មិនគួរមកយាមប៉ះចំមនុស្សកំពូលទ្រមក់បែបនេះសោះ។ នៅសាលានេះខ្វះអីគ្រូ តែលោកនាយកបែរជាចាប់គូក៏ល្អអីយ៉ាងនេះទេ។ ណ្ហើយ! ចេញទៅម្នាក់ឯងក៏បានដែរ។ យ៉ាងណាក៏យ៉ាងហ្នឹងទៅ…។

ពន្លឺកូនពិលមួយកំពុងតែនាំផ្លូវខ្ញុំឆ្ពោះទៅមុខ។ ដៃម្ខាងកាន់ពិល ដៃម្ខាងទៀតកាន់ដំបងទុកការពារខ្លួន។ ខ្ញុំឆួលពិលទៅសព្វបរិវេណសាលារៀនតែមិនឃើញសោះ។ ចិញ្ចើមខ្ញុំផ្តើមជ្រួញចូលគ្នា ឆ្ងល់ជាខ្លាំងចំពោះសំឡេងដែលបានឮតែគ្មានស្រមោល។ នៅសល់តែកន្លែងមួយទៀតប៉ុណ្ណោះ ដែលខ្ញុំមិនទាន់បានទៅមើល នោះគឺខាងក្រោយទីចាត់ការដែលខ្ញុំបានដេកហ្នឹងឯង។

ខ្ញុំរកមើលពេញមួយជុំទីចាត់ការនៅតែមិនបានឃើញអ្វីឡើយ។ សង្ស័យតែចោរដែលជិះម៉ូតូមកអម្បាញ់មិញស្លាប់បាត់ទេដឹងទើបបានជាស្ងាត់ឱ្យឈឹងបែបនេះ។ ខ្ញុំនិយាយលេងទេ មកពីរកមិនឃើញហ្នឹងហើយ។

ទ្រឹប!…

ខ្ញុំរវាសឆួលពិលទៅក្រោយ តែមិនបានឃើញអ្វីសោះ។ តែតាមតែស្តាប់គឺច្បាស់ណាស់។ ខ្ញុំទ្រឹងបន្តិចរង់ចាំស្តាប់ម្តងទៀត។ វាគ្មានអ្វីទាល់តែសោះដដែល។ ឬមួយមកពីការមមើមមាយរបស់ខ្ញុំទេដឹង។ ខ្ញុំក៏បន្តដំណើរទៅមុខបានបន្តិច ក៏បានឮសំឡេងបែបហ្នឹងម្តងទៀត។

ទ្រឹប!…

“នរណាហ្នឹង?” ខ្ញុំឧទានឡើង។

ភ្លើងពិលខ្ញុំបានប្រសព្វនឹងរូបរាងមនុស្សម្នាក់ដែលខ្ញុំអាចសម្គាល់បានយ៉ាងច្បាស់ថាជានរណា។ ខ្ញុំមិនមែនទើបតែឃើញគេនោះទេ គឺឃើញច្រើនដងហើយ តែមិនដឹងជានរណា។ ម្តងនេះជាឱកាសល្អសម្រាប់ខ្ញុំហើយ។ ខ្ញុំនឹងរកការពិតឱ្យឃើញ។ ខ្ញុំរត់ទៅយ៉ាងលឿនទៅរកម្នាក់ហ្នឹង ស្រាប់តែមិនឃើញទៅវិញ។ គេរត់លឿនខ្លាំងម្ល៉េះ។ មកដល់ជ្រុងម្ខាងនៃអគារលែងឃើញគេទៅហើយ។ ខ្ញុំគិតបន្តិច រួចក៏ដើរចូលទៅខាងក្នុងទីចាត់ការវិញ។

លោកគ្រូរក្សានៅតែដេកស្រមុកដដែល។ គាត់ហាក់បីដូចជាគ្មានបានដឹងរឿងអ្វីបន្តិចទាល់តែសោះ។ ខុសពីខ្ញុំដែលមានប្រទះនូវអ្វីប្លែកៗជាច្រើន។ ម្តងនេះ ខ្ញុំសង្ឃឹមថាលែងមានអ្វីមករំខានខ្ញុំទៀតនោះទេ។ ខ្ញុំចុចទូរសព្ទមើល ឃើញថាម៉ោងមួយរំលងអាធ្រាត្របាត់ទៅហើយ។ រំពេចនេះ នៅលើផ្ទៃមុខរបស់ខ្ញុំស្រាប់តែលេចចេញនូវស្នាមញញឹមទាំងមិនដឹងខ្លួន។

ខ្ញុំញញឹមព្រោះគិតថា ផុតម៉ោង១២យប់ អ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើង។ ខ្ញុំសំងំយ៉ាងស្ងប់ចិត្ត។

“ជួយ! ជួយផង…”

ខ្ញុំដេកលក់ទើបតែបានមួយស្របក់សោះ ស្រាប់តែសំឡេងលោកគ្រូរក្សាបន្លឺឡើងសុំជំនួយ។ គាត់រើចុះឡើងយកដៃច្របាច់កខ្លួនឯង។​ គាត់ឱ្យខ្ញុំជួយយ៉ាងម៉េច បើគាត់កំពុងតែច្របាច់កខ្លួនឯងហ្នឹង។ ដោយឃើញថា គាត់កាន់តែពិបាក ខ្ញុំក៏ស្ទុះទៅជួយ។

“បងរក្សា! បងរក្សាត្រូវអីហ្នឹង?”

“ជួយខ្ញុំផង…ខ្ញុំពិបាកដកដង្ហើមណាស់!”

“បងលែងដៃពីករបស់បងទៅ! បងកំពុងតែច្របាច់កខ្លួនឯងហ្នឹង។ បើបងលែងដៃទៅ បងឈប់ពិបាកដកដង្ហើមហើយ…”

“ហ្អឹក!…មិនដូចជាអ្វីដែលចំរើនឯងឃើញទេ!”

“ហេតុអ្វីមិនដូចបង?” ខ្ញុំសួរបញ្ជាក់

“ហ្អឹក!…ជួយ…”

“លែងបង! បងលែងដៃចេញពីកបងទៅ! បងកំពុងតែច្របាច់កខ្លួនឯងហើយ” ខ្ញុំនិយាយបណ្តើរចាប់បេះដៃគាត់ចេញពីកបណ្តើរ។

“ខ្ញុំលែងមិនបានទេ…”

“ម៉េចចឹងបង?” ខ្ញុំសួរបញ្ជាក់ម្តងទៀត។

ហ៊ឺម…

ខ្ញុំលែងដៃចេញពីលោកគ្រូរក្សាទាំងមិនបានដឹងខ្លួន។ ជំហានខ្ញុំត្រូវបានថយក្រោយ ខណៈពេលដែលភ្នែកទាំងគូប្រទះជាមួយនឹងរូបភាពដែលមានសភាពគគ្រើម ផ្ទៃមុខពោរពេញដោយសរសៃឈាមដូចផែនទីអ៊ីចឹង។ គេកំពុងសម្លឹងមើលមកខ្ញុំជាមួយក្រសែភ្នែកយ៉ាងមុតមាំ ឥតប៉ព្រិច។ ដៃគេចង្អុលមកខ្ញុំ…។

មិនមែនមានតែម្នាក់នោះទេ គឺមានម្នាក់ទៀត។ គេកំពុងតែច្របាច់កលោកគ្រូរក្សា។ បេះដូងខ្ញុំលោតឌុកឌាក់ៗ ស្ទើរតែគ្មានព្រលឹង ធ្វើអ្វីក៏មិនចេញ។ អារម្មណ៍មួយចង់ទៅជួយលោកគ្រូរក្សា។ អារម្មណ៍មួយទៀតគឺខ្លាចមិនហ៊ានសូម្បីតែចូលទៅជិត។ តើខ្ញុំគួរតែធ្វើអ្វី បើទាំងពីរជម្រើសនេះសុទ្ធតែពិបាក?

“ឯង! ឯងមកដេកពាំងកន្លែងផ្លូវយើងដើរ…ឯងត្រូវតែស្លាប់…”

“កុំ!…កុំចូលមក។ ខ្ញុំខ្លាចហើយ…កុំ…”

“ចំរើន! ចំរើនត្រូវអីហ្នឹង?” សំឡេងលោកគ្រូរក្សានិយាយមកកាន់ខ្ញុំ។ គាត់មិនបានត្រូវខ្មោចចាប់ច្របាច់កដូចអ្វីដែលខ្ញុំបានឃើញអម្បាញ់មិញនោះទេ។ គាត់កំពុងតែឈរហៅខ្ញុំឱ្យដឹងខ្លួនទាំងដែលខ្ញុំបានឃើញពីសកម្មភាពគាត់គ្រប់យ៉ាង ហើយព្យាយាមឆ្លើយតបជាមួយគាត់ហើយ តែមិនអាចទៅរួច។

ខ្ញុំកាន់តែមានសម្ពាធខ្លាំងលើសដើម។ ខ្មោចម្នាក់ច្របាច់ក ខ្មោចម្នាក់ចាប់ជើងទាំងពីរជាប់ ហើយខ្មោចម្នាក់ទៀតឡើងសង្កត់ពីលើ។

“ជួ…ជួយផងលោកគ្រូ! មានខ្មោចកំពុងតែធ្វើបាបខ្ញុំ…”

“ចំរើនៗ! ដឹងខ្លួនឡើង។ ឯងត្រូវអីបានជាប្រកាច់បែបនេះ…”

“ខ្ញុំកំពុងតែត្រូវខ្មោចសង្កត់ពីលើហើយ…”

ឆាច់!…

“ហ្អឹក…អរគុណលោកគ្រូដែលបានជួយជីវិតខ្ញុំ!”

“ចំរើនដេកយល់សប្តអាក្រក់មែនទេទើបបានមមើមមាយបែបនេះ?”

ខ្ញុំក្រោកឡើងយកដៃជូតមុខដែលត្រូវសើមដោយសារលោកគ្រូរក្សាជះពេញមួយទំហឹង។ ខ្ញុំមិនបានខឹងគាត់នោះទេ គឺមានតែអរគុណគាត់ដែលបានជួយខ្ញុំឱ្យគេចផុតពីព្រលឹងដ៏សាហាវទាំងអស់នេះ។ លោកគ្រូរក្សាធ្វើមុខឆ្ងល់ ត្រូវការការបកស្រាយពីខ្ញុំ។

“អម្បាញ់មិញ ខ្ញុំបានដឹងបានឮលោកគ្រូហៅខ្ញុំគ្រប់ម៉ាត់គ្រប់ឃ្លា។ ខ្ញុំប្រឹងទាក់ទងទៅកាន់លោកគ្រូដែរ តែទាក់ទងមិនបានទាល់តែសោះ”

“ទេ! នៅពេលដែលខ្ញុំហៅចំរើនឯង ចំរើនមិនបានឆ្លើយតបជាមួយនឹងខ្ញុំទេ គឺគិតតែពីរើបម្រាស់រមៀលស្ទើរតែធ្លាក់ពីលើប៉ាវអ៊ីទៅហើយ…”

“ចុះលោកគ្រូបានត្រូវខ្មោចធ្វើបាបឬអត់ចុះ?” ខ្ញុំសួរបញ្ជាក់។

“គ្មានទេ! ខ្ញុំបានដឹងខ្លួនតាំងពីចំរើនឯងចូលមកវិញមកម្ល៉េះ! ពេលចំរើនចូលមកដូចជាមនុស្សពីរផ្សេងគ្នា។ ដើរមកទាំងទឹកមុខស្ងួតស្ងប់ សូម្បីតែខ្ញុំនិយាយជាមួយក៏មិនព្រមឆ្លើយតប។ ចូលមកទ្វារក៏មិនបានបិទ ហើយដេកលក់ដូចជាគេដាក់ថ្នាំសណ្តំអ៊ីចឹង…”

“ហើយយ៉ាងម៉េចទៀតលោកគ្រូ?”ខ្ញុំសួរកាត់សម្តីគាត់។

“គ្មានអ្វីទេ! គ្រាន់តែចូលមកហើយដេកលក់។ មួយសន្ទុះក្រោយមកក៏រើ ហើយស្រែកខ្លាំង…”

ប្រាក!…

លោកគ្រូរក្សាស្ងាត់លែងនិយាយ។ ខ្ញុំក៏ស្ងាត់។ យើងទាំងពីរផ្ទៀងស្តាប់អំពីសំឡេងអម្បាញ់មិញទាំងដែលនៅក្នុងបន្ទប់នៅបើកភ្លើងនៅឡើយ។ បើស្តាប់មិនច្រឡំទេ វាជាសំឡេងកម្ទេចកំណាត់ឈើស្ងួតដែលត្រូវបានមនុស្សជាន់។ ឮតែបន្តិចក៏ស្ងាត់វិញ។ លោកគ្រូចំរើននិងខ្ញុំសម្លឹងមើលមុខគ្នាម្តងម្នាក់ តែមិនស្រដីអ្វីឡើយ។

ទ្រឹប! ទ្រឹប…ប្រាក!…

“នរណាវ៉ើយ? យប់ហើយមករកអីទាំងយប់បែបនេះ?” លោកគ្រូរក្សាប្រកូសឡើង។

សំឡេងនេះនៅតែបន្ត។ តាមតែស្តាប់ គឺកំពុងតែដើរជុំវិញទីចាត់ការ។ ខ្ញុំមិនដឹងថាលោកគ្រូរក្សាមានអារម្មណ៍យ៉ាងណានោះទេ តែសម្រាប់ខ្ញុំគឺញ័រដៃអស់ហើយ។ បើមនុស្សខ្ញុំមិនខ្លាចនោះទេ។ ខ្ញុំខ្លាចក្រែងតែ…។

តុក! តុក!​តុក!…

ម្តងនេះកាន់តែជិត កាន់តែក្បែរ។ គេមកគោះទ្វារបន្ទប់ទីចាត់ការដែលខ្ញុំនិងលោកគ្រូរក្សាកំពុងតែនៅ។ ខ្ញុំមើលទៅមុខលោកគ្រូរក្សា ឃើញថាគាត់ក្លាហានណាស់ដូចជាមិនបានខ្លាចអ្វីសោះ។ គាត់កាន់កំណាត់ដែកបួនជ្រុងឈរចាំនៅពីមុខមាត់ទ្វារខាងក្នុង។ ចំណែកខ្ញុំវិញ បានត្រឹមតែឈរមើលតែប៉ុណ្ណោះ។

តុក!តុក!តុក!…

សំឡេងបានប្តូរទិសដៅ។ លែងឮនៅមាត់ទ្វារទៀតហើយ តែវាឮនៅបង្អួចខាងក្រោយវិញម្តង។ ខ្ញុំស្រវាដំបងកាន់នឹងដៃ ព្រោះគិតថាប្រហែលជាមនុស្សច្រើនជាងខ្មោច។

“កុំមកលលេងណាវ៉ើយ! តិចអញមិនបានប្រាប់…”លោកគ្រូរក្សាស្រែកបន្ថែម។

ពួកយើងឈរចាំមួយសន្ទុះ ឃើញថាលែងមានសំឡេងអ្វីក៏មកអង្គុយកន្លែងរៀងៗខ្លួន។ នៅខាងក្នុងគឺប្រសើរបំផុត ព្រោះខាងក្នុងមានពន្លឺ។ មានពន្លឺងាយគ្រប់គ្រងស្ថានការណ៍ជាង។

“ចំរើនគិតថាវាចេញទៅឬនៅ?”លោកគ្រូរក្សាសួរខ្ញុំជាមួយសំឡេងខ្សាវៗតិចៗ។ 

ខ្ញុំងក់ក្បាលជំនួសពាក្យសម្តី។ តែលោកគ្រូរក្សាបែរជាគ្រវីក្បាលប្រាប់ខ្ញុំថា គាត់មិនជឿថាអ្នកគោះទ្វារចេញទៅបាត់នោះទេ។ ពួកយើងទាំងពីរស្ងាត់រៀងៗខ្លួន រួចក៏សំងំដេកម្តងទៀត។

ភ្លឹប!…

ភ្លើងដាច់។ នៅក្នុងបន្ទប់មួយនេះងងឹតឈឹង។ ខ្ញុំរាវរកពិលដើម្បីចុចបំភ្លឺ។ ហេតុអ្វីបានជាភ្លើងមកដាច់អីនៅពេលនេះ? ឬមួយក៏វាលោតកុងតាក់ទេដឹង?

“ចំរើនទៅមើលកុងតាក់បន្តិចមើល៍! ក្រែងល៎វាលោតធ្វើឱ្យដាច់ភ្លើងអ៊ីចឹង!”

“ខ្ញុំ…”

“ទៅៗ! ខ្លាចអីទេ។ មានភ្លើងពិលសោះហ្នឹង!”

ខ្ញុំអេះអុញមិនចង់ហ៊ានទៅទេ។ ដ្បិតតែកុងតាក់ភ្លើងនៅក្នុងបន្ទប់ក៏ពិតមែន តែស្ថានភាពបែបនេះនរណាមិនខ្លាចទើបចម្លែក។ ដំណើរខ្ញុំដើរទៅមុខយ៉ាងសន្សឹមៗ ដោយមានភ្លើងពិលបំភ្លឺជាអ្នកនាំផ្លូវ។ ដោយពិនិត្យឃើញថាគ្មានអ្វីឡើយ ខ្ញុំក៏ស្រែកប្រាប់លោកគ្រូរក្សា។

“កុងតាក់នៅធម្មតាទេតើ! វាមិនបានលោតទេលោកគ្រូ…”

តុកតុក…ក្ឌុក!…

ភ្លើងពិលដែលនៅនឹងដៃរបស់ខ្ញុំត្រូវបានធ្លាក់ចុះ បន្ទាប់ពីបានឮសំឡេងអ្វីដែលរមៀលពីលើដំបូលអគារហើយធ្លាក់ចុះមកក្រោមដូចគេទម្លាក់។ ខ្លួនខ្ញុំរឹងផ្អឹះសម្លឹងមើលទៅលោកគ្រូរក្សាដែលបានកំពុងតែឆួលពិលចំមុខខ្ញុំ។

“ដើរមក! វាមិនមានអ្វីទេ។ វាគ្រាន់តែកំណាត់ឈើដែលរមៀលធ្លាក់ចុះទេតើ!”

“តែខ្ញុំ…”

“ថាមក!” និយាយចប់គាត់ក៏មកដឹកដៃខ្ញុំឱ្យទៅកន្លែងដេកវិញ

ស្ងាត់! សូម្បីតែសំឡេងឆ្កែព្រុសក៏គ្មានឮដែរ។ ស៊ូឮសំឡេងផ្សេងៗកំដរបរិយាកាស ប្រសើរជាងស្ងាត់ជ្រងំបែបនេះ។ បើតាមចាស់ៗនិយាយ នេះជាប្រផ្នូលមិនល្អនោះទេ។

“ទៅណាលោកគ្រូ?” ខ្ញុំសួរលោកគ្រូរក្សាទាំងឆ្ងល់ព្រោះឃើញគាត់ដើរតម្រង់ទៅមាត់ទ្វារ។

“ខ្ញុំទ្រាំមិនបានទេ! ខ្ញុំនឹងចេញទៅមើលឱ្យបានដឹងថាជាអ្វី។ បើមិនដូច្នេះទេ ច្បាស់ជាមិនបានដេកឡើយយប់នេះ”

“កុំអីហ្អីលោកគ្រូ! ខ្ញុំគិតថាយើងគួរតែសំងំនៅទីនេះវិញល្អជាង!”

“មក! ជឿតាមខ្ញុំទៅ។ ចំរើនមិនដឹងទេហ្អី ទស្សនៈជនជាតិបរទេសម្នាក់បាននិយាយថា កន្លែងដែលគ្រោះថ្នាក់ អាចនឹងជាកន្លែងដែលមានសុវត្ថិភាពបំផុត!”

“ចុះវាមានអ្វីទាក់ទងនឹងរឿងមួយនេះ?” ខ្ញុំសួរទាំងឆ្ងល់។

“កុំទាន់តវ៉ាអី! ចេញមកតាមខ្ញុំមក៍”

ខ្ញុំនិងលោកគ្រូរក្សាបើកទ្វារចេញយឺតៗ មើលឆ្វេងស្តាំដោយម្នាក់ៗមានពិលនិងដំបងរួចជាស្រេចដើម្បីការពារខ្លួន។ ពេលចេញមកដល់ខាងក្រៅ គ្មានឃើញអ្វីទេសូម្បីតែឆ្កែមួយក្បាលក៏គ្មានផង។ ខ្ញុំមិនហ៊ានដើរមុខនោះទេ។ ពួកយើងទាំងពីរដើរមើលសព្វបរិវេណសាលានៅតែមិនបានឃើញអ្វីដដែល។ ពួកយើងក៏បន្តដើរទៅខាងមុខទៀត។

“ស្នាមម៉ូតូទើបតែជិះចូលមកទេ!” លោកគ្រូរក្សាផ្តើមនិយាយ។

ពេលដែលខ្ញុំមើលតាមអ្វីដែលគាត់បានបង្ហាញនិងសំឡេងដែលខ្ញុំបានឮគឺត្រូវជាមួយគ្នាណាស់។ អ្វីដែលចម្លែកនោះគឺ មិនដឹងជាបាត់ម្ចាស់ម៉ូតូនោះទៅណានោះទេ។ នៅផ្នែកខាងក្រោយសាលារៀនបានធ្វើរបងព័ទ្ធដោយបន្លាលួសអស់ទៅហើយ។ បើអាចគឺចេញបានតែមនុស្សទេ ចំណែកម៉ូតូគឺមិនអាចទៅមុខរួចឡើយ។

“តោះ! យើងឆួលពិលដើររកក្រែងបានឃើញ តែចំរើនឯងដើរក្រោយត្រូវប្រយ័ត្នផង!”

ពេលដើរបានបន្តិច ខ្ញុំក៏រត់ទៅដើរខាងមុខវិញ។

“ម៉េចបានជាម្តងដើរមុខម្តងដើរក្រោយអ៊ីចឹងចំរើន?” លោកគ្រូរក្សាសួរខ្ញុំ។

“គ្មានអ្វីទេលោកគ្រូ! ខ្ញុំភ្នែកភ្លឺជាងលោកគ្រូ។ ខ្ញុំអាចរកមើលឃើញមុនលោកគ្រូក៏ថាបាន”

ខ្ញុំចេះតែនិយាយទេ តែការពិតអម្បាញ់មិញ ខ្ញុំបានទទួលអារម្មណ៍មួយដឹងថាមាននរណាម្នាក់កំពុងតែដើរពីក្រោយខ្ញុំ ហើយកេះខ្ញុំទៀតផង។ ដល់ពេលខ្ញុំងាកក្រោយមិនបានឃើញអ្វីសោះក្រៅពីក្លិនឆ្អាបឆួលពេញច្រមុះ។

នៅក្រោមដើមចន្ទគិរី!

“គ្មានឃើញអ្វីទេ! តោះបងរក្សាទៅវិញ!” ខ្ញុំផ្តើមនិយាយ។

“កុំទាន់អី! ខ្ញុំនៅរកមើលមិនទាន់បានសព្វផង!” និយាយរួចគាត់ទម្លាក់គូទអង្គុយលើឫសដើមច័ន្ទគិរីដែលមានអាយុកាលយ៉ាងយូរ។

ខ្ញុំរឹងខ្លួនបណ្តើរៗហើយ។ បរិយាកាសកំពុងតែមិនស្រួលផង គាត់បែរជាមកអង្គុយអីក្រោមដើមនេះទៅវិញ។​នរណាក៏ដឹងថា ដើមនេះមានប្រវត្តិដ៏សាហាវខ្លាំងយ៉ាងណា។ ឬមួយក៏គាត់ដឹង តែនៅព្រហើន?

“ចំរើន! មានអារម្មណ៍អ្វីទេ?” គាត់សួរខ្ញុំ។

“គ្មានទេ! ចុះបង?”

“ខ្ញុំមានអារម្មណ៍ថាដូចជាមានទឹកអ្វីស្រក់ចំលើក្បាលរបស់ខ្ញុំ។ ឬមួយក៏ទឹកសន្សើម? ខ្ញុំគិតថាទឹកសន្សើមហើយ ព្រោះខែប្រាំងតែងតែមានទឹកសន្សើមស្រក់មកនៅវេលាថ្មើរនេះជានិច្ច”

“ខ្ញុំថាគ្មានទេ! ទឹកសន្សើមណាដែលហូរខ្លាំងអាចទម្លុះស្លឹកច័ន្ទគិរីដ៏ញឹកយ៉ាងនេះបាន។ បងសាកងើយមើលលើមើល៍!”

លោកគ្រូរក្សាលេបទឹកមាត់ក្អឹកទម្លាក់ភ្នែកចុះវិញ រួចមើលមកកាន់ខ្ញុំជាមួយកាយវិការចម្លែកៗ។ គាត់មិននិយាយអ្វីទាំងអស់គឺស្ទុះក្រោកដើរចេញទៅ ដោយមិនបានប្រាប់ខ្ញុំសូម្បីតែបន្តិច។ ខ្ញុំខ្ជិល មានតែរត់តាមគាត់ឱ្យទាន់។

មកដល់បន្ទប់ លោកគ្រូរក្សាឃ្លុំផួយសំងំដេកបាត់ ធ្វើឱ្យខ្ញុំតែលតោលតែម្នាក់ឯង។ ខ្ញុំមើលម៉ោងក្នុងទូរសព្ទឃើញថាម៉ោងជិតបីទៅហើយ។ អ្វីដែលខ្ញុំឆ្ងល់នោះគឺ ហេតុអ្វីបានជាបន្ទាប់ពីគាត់ងើយមើលខាងលើហើយ បែរជាលែងនិយាយស្តីអ្វីសោះអ៊ីចឹង។ ឬមួយក៏គាត់បានចួបប្រទះនឹងអ្វី?

មាន់ចាប់ផ្តើមរងាវម្តងហើយ។ ខ្ញុំដេកស្ងាបជាញឹក តែមិនហ៊ានដេកលក់នោះទេ។ ខ្ញុំខ្លាចតែរឿងអាក្រក់ៗដែលទើបនឹងចួប នោះវាវិលមករកខ្ញុំវិញនោះទេ។ ហើយខ្ញុំខ្លាចតែគ្មានអ្នកជួយដូចមុនទៀត ព្រោះពេលនេះលោកគ្រូរក្សាហាក់ស្ងប់ស្ងាត់ខុសពីធម្មតា។

គិតឡើងគិតចុះ ស្រាប់តែភ្នែកខ្ញុំទោរទន់រកគ្នា ប្រៀបដូចជាមាននរណាមកដាក់ថ្នាំសណ្តំអ៊ីចឹង។ ងងុយខ្លាំង រហូតបើកភ្នែកមិនរួចសោះ។ ភាពភ័យខ្លាចយកទុកមួយឡែកសិន ពេលនេះខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទេ។

……………..

“ចំរើន! ចំរើន!…”

ខ្ញុំភ្ញាក់ឡើងមើលដំបូលអគារមុនគេ រួចក៏បែរទៅម្ចាស់សំឡេងគឺបងរក្សា។ គាត់កំពុងតែមើលមកខ្ញុំ មិនមែនផ្តល់ស្នាមញញឹមនោះទេ តែបែរធ្វើមុខឆ្ងល់ទៅវិញ។

“ចំរើនឯងទាញខ្ញុំឱ្យដេកទៅខាងត្បូងមែនទេ?”

ខ្ញុំយកដៃញីភ្នែក ហាក់មិនបានយល់ពីសំណួរមួយនេះបន្តិចណាសោះ។ ខ្ញុំដេកដូចសន្លប់ទើបតែក្រោក ហើយមកថាខ្ញុំអ្នកទាញគាត់ទៅវិញ។

“គ្មានទេបង! ខ្ញុំមិនបានដឹងអីទេ”

“ចុះចំរើនឯងមកដេកកៀកជញ្ជាំងអ៊ីចឹងធ្វើអី? មើល៍! ជើងធាក់ធ្លាក់ឯកសារខ្ទេចអស់ហើយ”

ខ្ញុំមើលឆ្វេងស្តាំ ស្រឡាំងកាំងនឹងទីតាំងដំណេកមួយនេះ។ ខ្ញុំមិនបានប្តូរកន្លែងដេកទេ ហើយក៏មិនបានប្តូរកន្លែងដេកបងរក្សាដែរ។ ហើយចុះ ប៉ាវអ៊ីនេះប្តូរមកដោយរបៀបណា? បើវាគ្មានជើងដើម្បីធ្វើចលនាផងហ្នឹង។

ខ្ញុំនិងលោកគ្រូរក្សាមើលមុខគ្នា រួចលេបទឹកមាត់ក្អឹក។ ភ្លាមនេះ លោកគ្រូរក្សាបែរជាបើកទ្វាររត់សំដៅទៅខាងមុខយ៉ាងលឿន។

“បងទៅណា?”

សំណួរគ្មានចម្លើយ។ គាត់ចេញទៅយ៉ាងលឿន។ ខ្ញុំស្ទុះចេញតាម។

“គ្មានទេ! គ្មានឃើញដានម៉ូតូអ្វីទេ!” គាត់និយាយទាំងហត់គឃូស។

ខ្ញុំមើលទៅគ្មានឃើញដានម៉ូតូអ្វីមែន។ តែកាលពីយប់មិញ ពួកយើងទាំងពីរបានឃើញវាច្បាស់ណាស់។ ឬមួយក៏ជាការព្រិលភ្នែក។

“ទៅណាទៀតហើយលោកគ្រូ?”

លោកគ្រូរក្សារត់សំដៅទៅដើមចន្ទគិរី។ ខ្ញុំរត់តាមទៀត ចង់ដឹងថាគាត់រត់ទៅធ្វើអី។

“ច្បាស់ណាស់! កាលពីយប់មិញ…”

“យប់មិញយ៉ាងម៉េចលោកគ្រូ?” ខ្ញុំសួរបញ្ជាក់។

“…” គាត់មិនព្រមតបសោះ ហើយរត់ទៅទីចាត់ការម្តងទៀត។

លោកគ្រូរក្សាឡើងម៉ូតូចេញទៅផ្ទះបាត់ ទុកឱ្យខ្ញុំនៅឆ្ងល់នឹងសកម្មភាពរបស់គាត់តែម្នាក់ឯង។ អាការគាត់ចម្លែកៗ ដូចជាបានដឹងរឿងអ្វីមួយ។ អ្ហើយ! ខ្ជិលគិតថា ទៅផ្ទះវិញប្រសើរជាង…។

ក្រាក!…៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*