«នេះFileដែលឱ្យព្រីន» សិទ្ធដាក់ឯកសារលើតុមុខរិទ្ធ មុននឹងអង្គុយចុះ សម្លឹងមុខមិត្តរួមក្រុមដែលគេតែងតែចាត់ទុកដូចប្អូនប្រុស គេចាប់ផ្ដើមឃើញទឹកមុខដែលពោរពេញដោយក្ដីសង្ឃឹមរបស់គេ។ រិទ្ធចាប់យកឯកសារមកអានហើយងក់ក្បាលដាក់គេបង្ហាញការអរគុណ។
«រូបនេះ…ជាអ្នកណា?» សិទ្ធសួរ ចង្អុលទៅលើរូបដែលនៅលើតុ។
«គាត់ទាំងពីរត្រូវឃាតករសម្លាប់ជាមួយប៉ាដប់ឆ្នាំមុន» សិទ្ធក្រឡេកមើលទឹកមុខរបស់រិទ្ធបន្តិច មុននឹងងាកទៅមើលរូប។
«ឮថាស្លាប់តែឪពុកម្ដាយទេ ចុះកូនស្រី?» សិទ្ធសួរដោយសំឡេងស្ងប់ មើលចំមុខរបស់នាងក្រមុំបូរ៉ាក្នុងរូបដែលគេព្រីនចេញមក។
«ឮម៉ាក់ថាទៅនៅកូរ៉េ ហើយនេះជាអ្វីដែលយើងត្រូវដឹងឱ្យបាន នាងអាចពាក់ព័ន្ធនៅក្នុងរឿងក្ដីនេះ អាចជាជនរងគ្រោះ ឬក៏ជាជនល្មើសក៏ថាបាន»
«ចុះបើនាងមិនមានជាប់ពាក់ព័ន្ធ?»
«មិនអាចសន្និដ្ឋានបាននៅឡើយ យ៉ាងហោចណាស់ក៏យើងមានតម្រុយខ្លះសម្រាប់ធ្វើការ»
រិទ្ធញញឹមចុងមាត់ ធ្វើឱ្យខៃដែនដែលទើបតែចូលមកក្នុងបន្ទប់លើកចិញ្ចើម គេមើលទៅសិទ្ធដែលញាក់ស្មាដាក់វិញព្រោះមិនដឹងពន្យល់យ៉ាងម៉េចដែលសុខៗសមាជិកម្នាក់ដែលមិនសូវចេញសកម្មភាពដោយខ្លួនឯងស្រាប់តែចេញមុខចេញមាត់រត់ការចុះឡើងដើម្បីបំបែករឿងក្ដីថ្មីស្រឡាងមួយនេះដោយមានជំនឿថារឿងលើកនេះវាមានទាក់ទងនឹងការស្លាប់របស់ឪពុករបស់ខ្លួនកាលបីដប់ឆ្នាំមុនដោយគ្រាន់តែមានវត្តមានផ្កាមួយប្រភេទ។
ចំពោះរិទ្ធទោះវាគ្រាន់តែជាតម្រុយតូចមួយដែលគេផ្ទាល់ក៏មិនបានដឹងថាវាពិតជាអាចជួយឱ្យគេរកឃើញឃាតករឬក៏អត់ គេក៏មិនបោះបង់។
ភ្នាក់ងារកំលោះចូលឡានរបស់ខ្លួន បោះដុំឯកសារទៅខាងក្រោយ ទូរសព្ទក៏រោទិ៍ឡើង បង្ហាញឱ្យឃើញឈ្មោះរបស់ម្ដាយរបស់គេដែលគេតាំងថា អ្នកគ្រូពេទ្យ។
«ជម្រាបសួរអ្នកគ្រូពេទ្យ! មានអ្វីឱ្យជួយបាទ?»
«រិទ្ធ! ទំនេរអត់ល្ងាចនេះ?»
«សម្រាប់អ្នកគ្រូពេទ្យ ទំនេរជានិច្ច» គេឆ្លៀតលលេង។
ម៉ាក់ទទួលបានការអញ្ជើញពីមិត្តភក្តិរបស់ប៉ាកូនតែម៉ាក់ទៅអត់កើត កូនទៅជំនួសម៉ាក់បានអត់?
«ល្ងាចនេះ? ផ្ញើរទីតាំងមកអ៊ីចឹង!»
«អរគុណ, Sweetheart»
«បាទ!»
អ្នកកំលោះបញ្ជាឡានមកដល់ម្ដុំអាគារខ្ពស់ៗដែលជាប្លុកខុនដូឯកជនសម្រាប់អ្នកដែលចូលចិត្តស្ងប់ស្ងាត់ និងមិនសូវមានពេលថែទាំផ្ទះដូចជាគេ។
នាយចតឡានហើយចូលជណ្ដើរយន្ដឡើងទៅបន្ទប់របស់ខ្លួននៅជាន់ទី២៨ដែលត្រូវបានរៀបចំដោយពណ៌ត្នោតចាស់ សូម្បីសម្ភារក៏ត្រូវរៀបដោយពណ៌ចាស់ដែរ មើលទៅស្ងប់ស្ងាត់ និងពោរពេញដោយអាថ៌កំបាំង។
រិទ្ធចុចបើកអំពូលតូច ហើយដើរទៅអង្គុយលើសាឡុង។ គេចូលចិត្តចំណាយពេលម្នាក់ឯងបែបនេះម្ដងម្កាលសម្រាប់Clearរឿងមួយចំនួននៅក្នុងចិត្ត និងខួក្បាលរបស់ខ្លួន។ គេអនុញ្ញាតឱ្យអ្វីៗគ្រប់យ៉ាងរត់ចុះឡើងក្នុងគំនិតដោយមិនបង្អាក់ នឹកឃើញអីគិតពីរឿងនោះ។
មួយសន្ទុះគេក៏ងើបឡើង ចូលបន្ទប់ទឹក និងរៀបខ្លួនទៅចូលរួមពិធីដែលម្ដាយសុំឱ្យទៅជំនួស។
ពិធីជាកម្មវិធីបែបមនុស្សចាស់ ចួបជុំជជែកពីសប្បុរធម៌ផ្សេងៗរបស់អង្គការជួយមណ្ឌលកុមារកំព្រា។
រិទ្ធអង្គុយនៅតុកៀនជញ្ជាំងបន្ទាប់ពីរាក់ទាក់អ្នកដែលធ្លាប់ស្គាល់តាមរយៈឪពុកម្ដាយ អ្នកកំលោះមិនសូវមានអ្នកស្គាល់ស្រាប់ហើយ ហើយក៏មិនមានបំណងបង្ហាញពីអត្តសញ្ញាណរបស់ខ្លួននោះដែរ។
កម្មវិធីប្រព្រឹត្តិទៅបានពាក់កណ្ដាល រឿងគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើង។
នារីស្រស់ស្អាតម្នាក់ប្រាកដខ្លួនឡើងក្នុងសាលជាមួយរូបរាងដ៏ស្រស់សោភាសូម្បីមនុស្សស្រីដូចគ្នាក៏លួចតាមមើលស្ទើរបាក់ក នោះគឺ វីយូឡា សាន់ដ្រា (Viola Sandra) ដែលមានឈ្មោះពេញជា វីយូឡាស៊ីស អាហ្សែល សាន់ដ្រា (Violaceous Axel Sandra)។
ក្នុងឈុតរ៉ូបរាត្រីពណ៌ស្វាយស្រាលរាងស្រីប្រៀបដូចគេទាញពីផ្ទាំងគំនូរមកដាក់។ សក់វែងអ៊ុតទឹករលកទម្លាក់ដល់ចង្កេះ ទម្រង់មុខឥតខ្ចោះ សមជាមួយសាច់សថ្លារំលេចដោយលម្អងគុជខ្ចងភ្លឺផ្លេកពេញស្មា និងដៃស្រលូន។
ទម្រង់ភ្នែកដែលផាត់ស្រមោលពណ៌ស្វាយខ្ចី បន្ថែមដោយeyelinerទ្រវែងកាន់តែបន្ថែមឱ្យកែវភ្នែកមួយគូនេះមុតស្រួចដូចមុខកាំបិត ប៉ុន្ដែនៅពេលនាងញញឹមភ្នែកនោះប្ដូរទម្រង់ទៅជាដងធ្នូពោរពេញដោយមន្ដស្នេហ៍ធ្វើឱ្យបេះដូងអ្នកដែលតាមមើលលោតខុសចង្វាក់។
នាងល្អពេកហើយ នារីកូនកាត់អាស៊ី-អាមេរិកសម្រស់មិនធម្មតាមែន។ បបូរមាត់ពណ៌ផ្កាឈូកបែកស្វាយមានស្នាមញញឹមជាប់ ជាស្នាមញញឹមពីធម្មជាតិ ស្រស់ដោយមិនបាច់ប្រឹង។
រិទ្ធតាមមើលនាងពីជ្រុងម្ខាង នាងទាក់ទាញចំណាប់អារម្មណ៍របស់គេមិនមែនត្រឹមតែសម្រស់ តែគឺពណ៌ដែលនាងកំពុងប្រើប្រាស់មួយតួខ្លួន សក់របស់នាងគឺមានលាយស្រមោលពណ៌ស្វាយពេលដែលចាំងប៉ះពន្លឺភ្លើង ឈុតពណ៌ផ្កាត្របែកព្រៃ ភ្នែក និងបបូរមាត់សុទ្ធតែមានលាយពណ៌ស្វាយ ធ្វើឱ្យរិទ្ធនៅមិនចង់សុខ ចង់ស្គាល់ស្រីឱ្យបានច្បាស់។
គេពិនិត្យគ្រប់កាយវិការរបស់នាង វីយូឡាមានដំណើររៀបរយ ខ្នងត្រង់ដូចនារីរបាំដែលត្រូវបានហាត់ពត់មកយ៉ាងល្អ។ គ្រប់គ្នាហាក់ដូចជាគយគន់មិនឆ្អែតឆ្អន់នឹងសម្រស់របស់នាងសោះ ព្រោះស្នាមញញឹមមិនរលុបពីបបូរមាត់តូចមានទម្រង់ស្អាត មិនបាត់សូម្បីមួយវិនាទី វាតែងតែតោងជាប់នៅចុងបបូរមាត់នោះ។
រំលងទៅកន្លះម៉ោង ភ្ញៀវចាប់ផ្ដើមត្រលប់ទៅវិញបណ្ដើរៗ នៅសល់តែតុសម្រាប់ភ្ញៀវពិសេសពីរបីតុ។ រិទ្ធក៏មិនទាន់ចេញទៅណា យប់នោះបើគេមិនបានដឹងតម្រុយខ្លះពីវីយូឡាទេ គេអាចនឹងគេងមិនលក់។
ឃើញថាគេមិនចាប់អារម្មណ៍ អ្នកកំលោះដើរទៅជិតអ្នកលើកអាហារហើយទាញកែវស្រាពីថាសមកកាន់ ដើរតម្រង់តុដែលនៅក្បែរតុVIP អង្គុយចុះចាំស្ដាប់ការសន្ទនារបស់ពួកគេ។
«អរគុណច្រើនណាស់វីយូឡាដែលបានជួយគាំទ្រអង្គការរបស់យើងបន្ថែម ក្មួយមិនត្រឹមតែមានរូបស្អាតនោះទេ ចិត្តក៏ល្អ បើកូនស្រីរបស់ពូល្អយ៉ាងនេះមិនដឹងពូសប្បាយចិត្តយ៉ាងណាទេ»
លោកប្រធានអង្គការនិយាយឡើង ជល់កែវជាមួយនាងបែបគួរសម នាងងក់ក្បាលទទួល។ អ្នកជុំវិញយល់ស្រប តែក៏ទទួលបានពន្លឺភ្នែកមិនពេញចិត្តពីសំណាក់លោកស្រីៗដែលនៅក្បែរនោះ។
គេនាំគ្នាចំអន់គ្នា ខណៈពេលដែលវីយូឡាបានត្រឹមញញឹម មិននិយាយស្ដីច្រើន នាងហាក់ដូចជាស្ងប់ស្ងាត់ និងរក្សាជំហរនឹងនរជានិច្ច។
«តែវីយូឡា…ខ្ញុំឮមកថាឯងគ្រាន់តែជាកូនចិញ្ចឹមរបស់លោកស្រីសាន់ដ្រាទេ វាជាការពិតឬគ្រាន់តែជាពាក្យចចាមអារាម?»
លោកស្រីម្នាក់សម្រេចចិត្តទំលាយការពិតឡើងព្រោះទ្រាំមើលគេគ្រប់គ្នាសរសើរនាងតទៅទៀតមិនបាន។ ស្រីបែរទៅរកគាត់ជាមួយភ្នែកភ្លឺថ្លារបស់ខ្លួន មុននឹងងក់ក្បាល។
«វាជាការពិត តែគ្រួសាររបស់យើងព្យាយាមលាក់រឿងនេះណាស់ គ្មានអ្នកដឹងច្រើនទេ មិនដឹងថាលោកស្រីឌីន (Dean) បានឮពីណាមក?»
នាងបន្លឺសំឡេងស្រទន់ យឺតៗតែច្បាស់ ធ្វើឱ្យរិទ្ធកាន់តែស្ដាប់ដោយយកចិត្តទុកដាក់។ លោកស្រីឌីនប្ដូរទឹកមុខភ្លាមតែឆាប់សម្រួលហើយប្រឹងញញឹម គាត់មានបំណងបកអាក្រាតរឿងរបស់នាងតែមិននឹកស្មានថានាងទទួលលឿនយ៉ាងនេះ ហើយសំណួររបស់នាងហាក់ចង់ចោទថាលោកស្រីចេះដឹងរឿងគ្រួសាររបស់អ្នកដទៃពេកហើយ។
«ក៏ឮមកពីគេដែរទេ មិនស្មានថាវាជាការពិត…» គាត់អេះអុញ។
«ចាស! ជ្រុលជាបានដឹងហើយ ខ្ញុំសុំរំខានអ្នកទាំងអស់គ្នាជួយលាក់រឿងនេះផង ព្រោះខ្ញុំមិនចង់ឱ្យដំណឹងនេះលេចឮទៅដល់ប៉ាម៉ាក់របស់ខ្ញុំដែលកំពុងសម្រាកលម្ហែកាយនៅហាវៃ អរគុណសម្រាប់យប់នេះលោកពូហ្វីនដែលទទួលបានយ៉ាងល្អ និងកក់ក្ដៅ ថ្ងៃស្អែកខ្ញុំនឹងឱ្យគេយកទៀនក្រអូបជូនអ្នកមីងបន្ថែមព្រោះឮថាគាត់ចូលចិត្ត ជម្រាបលាចាស»
នាងនិយាយហើយ ងើបឈរយឺតៗ មុននឹងឱនគោរពតាមបែបទំនៀមទម្លាប់របស់កូរ៉េដែលនាងតែងតែធ្វើ ពេលងើបមកវិញនាងងាកទៅញញឹមដាក់លោកស្រីឌីន។
«បើចាំមិនខុសទេ…ខ្ញុំត្រូវបានគ្រួសារសាន់ដ្រាយកមកចិញ្ចឹម១០ឆ្នាំមុនដំណាលគ្នានឹងលោកស្រីដែលបានទទួលចិញ្ចឹមកូនប្រុសម្នាក់ពីមណ្ឌលកុមារកំព្រាតែមួយជាមួយគ្នា ត្រូវអត់លោកស្រីឌីន?»
នាងសួរហើយមិនចាំចម្លើយនោះទេ ព្រោះនាងបានដឹងរួចទៅហើយ ទុកឱ្យគាត់ឆ្លើយតបទៅអ្នកផ្សេងចុះព្រោះសំណួរជាច្រើនត្រូវបានសួរទៅកាន់គាត់ដោយសារតែគ្រួសារឌីនមានកូនប្រុសតែម្នាក់ហើយមិនមានអ្នកដឹងនោះទេថាជាកូនចិញ្ចឹម។
រិទ្ធអស់សំណើច តែគេមិនចាប់អារម្មណ៍ពីរឿងអត់ប្រយោជន៍នោះទេ គេតាមវីយូឡាទៅដល់ចំណតឡានហើយឃើញនាងកំពុងបញ្ជាឡានពណ៌ខ្មៅចេញពីចំណត។ គេរហ័សពូនក្រោយសសរ មើលទៅផ្លាកលេខឡានទើបដឹងថានាងជានារីដែលគេចួបនៅសួន។
វីយូឡាដើរចូលក្នុងផ្ទះធំល្មមក្នុងដីឡូត៍មួយ នាងដោះស្បែកជើងកែងចេញហើយដើរចូលទៅបន្ទប់ទទួលភ្ញៀវ។
«ស្លាប់ហើយ ម៉េចមិនប្រាប់ម៉ែថាមកផ្ទះ? ឃ្លានបាយឬអត់? ម៉ែទៅធ្វើឱ្យ!»
អ៊ំស្រីវ័យជុំវិញ៥០ឆ្នាំចេញមកទទួលនាង ហើយបម្រុងចូលទៅផ្ទះបាយវិញតែនាងចាប់ដៃជាប់ទាញឱ្យទៅអង្គុយលើសាឡុង។
«ខ្ញុំមិនឃ្លានទេ ម៉ែមិនឃើញទេឬថាខ្ញុំទើបតែមកពីកម្មវិធី? មានន័យថាខ្ញុំឆ្អែតហើយ!» នាងបញ្ជាក់ ទះដៃគាត់តិចៗដើម្បីឱ្យគាត់ស្អប់ចិត្ត។
«ពិតមែន?»
«ចាស!» នាងបង្អូសសំឡេង។
«ចុះក្មេងៗយ៉ាងម៉េចហើយ?» នាងសួរងាកមើលឆ្វេងស្ដាំរកមើលអ្នកដែលនាងសួររក។
«គេងអស់ហើយ! ក្មេងៗស្រាប់តែក្លាយជាក្មេងល្អបន្ទាប់ពីបានចួបកូនមក ម៉ែសប្បាយចិត្តណាស់ដែលពួកគេអាចផ្លាស់ប្ដូរបានយ៉ាងនេះ អរគុណច្រើនណាស់កូនស្រី!»
គាត់ញញឹម ទឹកភ្នែករលីងរលោង បង្ហាញពីក្ដីរំភើប។
«ចាសម៉ែ ខ្ញុំជួយពួកគេបានព្រោះគេចង់ឱ្យជួយ! ពួកគេនៅក្មេងខ្ចីណាស់ មិនសមពិភពលោកដែលឃោរឃៅមួយនេះធ្វើបាបក្មេងៗទាំងអស់នេះទេ»
នាងនិយាយចេញពីចិត្ត និងការយល់ឃើញរបស់ខ្លួនទៅលើពិភពលោកដែលធំទូលាយតែបែរជាពោរពេញដោយមនុស្សចិត្តចង្អៀត និងឃោរឃៅ ធ្វើបាបបានសូម្បីកូនក្មេង។
អ៊ំនៅតែសរសើរទឹកចិត្តរបស់នាងក្រមុំមិនអស់មិនហើយ រហូតដល់នាងត្រូវដេញគាត់ឱ្យទៅសម្រាក ឯខ្លួនចូលទៅបន្ទប់ហើយបន្តធ្វើការក្នុងកុំព្យូទ័ររបស់ខ្លួនដល់យប់ជ្រៅ។
នៅម្ខាងផ្លូវ ឡានរបស់រិទ្ធចតនៅក្រោមដើមឈើ ភ្នែករបស់គេមើលចំបង្អួចដែលនៅមានពន្លឺភ្លើងនៅឡើយ។ គេទើបនឹកឃើញថានាងជាមនុស្សស្រីដែលចែកអាហារឱ្យជនអនាថានៅសួនដែលគេចួបថ្ងៃមុន។
គេមានអារម្មណ៍ថានាងមិនមែនជាស្រីធម្មតានោះទេ ផ្ទះមួយខ្នងនេះមើលទៅសាមញ្ញពេកហើយសម្រាប់មនុស្សស្រីដែលទើបតែត្រលប់មកពីពិធីចួបជុំលំដាប់មនុស្សមានមុខមាត់ក្នុងសង្គម។ គេនៅមានសំណួរជាច្រើនពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់នាង កាន់តែស្គាល់កាន់តែចាប់អារម្មណ៍។
«Hey!» គេលើកទូរសព្ទទៅដាក់ក្បែរត្រចៀក។
«លោកម្ចាស់ ដឹងថានេះវាម៉ោងប៉ុន្មានហើយទេ?»
សំឡេងគ្រលស្អកៗលាន់ចេញពីផ្នែកម្ខាង ទោះមិនបើកឱ្យឮចេញមកក្រៅក៏អាចឱ្យយើងស្ដាប់បានព្រោះតែភាពស្ងប់ស្ងាត់ក្នុងពេលរំលងអាធ្រាត។
«ម៉ោង១» គេឆ្លើយ ឱនមើលនាឡិកាដៃរបស់ខ្លួនដោយមិនខ្វល់ថាមិត្តភក្តិសួរដោយចង់ដឹងឬគ្រាន់តែចំអក។ អ្នកម្ខាងទៀតគ្រហឹមដោយក្ដីរំខានព្រោះចង់ត្រលប់ទៅគេងបន្ដ។
«ផ្ញើអាសយដ្ឋានឱ្យ ជួយពិនិត្យមើលថាអ្នកណាជាម្ចាស់ សុំព័ត៌មានលម្អិត»
«ឥឡូវ?»
«បាទ!»
«អូ! Come on! រិទ្ធនេះវា…»
«អរគុណ» អ្នកកំលោះមិនស្ដាប់ បិទទូរសព្ទហើយថតផ្ទះ និងអាសយដ្ឋានផ្ញើទៅមិត្តរួមក្រុមរបស់គេ។ អ្នកដែលត្រូវគេពឹង ញីសក់ក្បាល ហើយបង្ខំចិត្តងើបទៅទាញវ៉ែនតាមកពាក់មុននឹងបើកកុំព្យូទ័រ។
គេមិនមានជម្រើស ម្យ៉ាងរិទ្ធកម្រសុំជំនួយណាស់ តែលើកនេះគេប្រហែលជាបន្ទាន់ខ្លាំងហើយ តែគេក៏ភ្លេចទៅថារិទ្ធជាមនុស្សចិត្តក្ដៅ រហ័ស បែបនេះហើយការងារដែលគេសុំឱ្យជួយលើកនេះមិនមែនគេប្រញាប់តែដោយសារគេមិនចង់ទុកយូរ។
រិទ្ធបន្ដសម្លឹងចង្អួចបន្ទប់របស់នាងក្រមុំរហូតភ្លើងរលត់ ឯគេក៏ឱបដៃ បិទភ្នែកសម្រាកដែរ។ យប់នោះគេគេងក្នុងឡានម្ដងទៀត គេមិនដឹងថាហេតុអ្វីគេចាំបាច់តាមដាននាងដោយគ្រាន់តែនាងប្រើប្រាស់ក្លិនឡាវែនដឺ និងចូលចិត្តប្រើពណ៌ស្វាយ តែគេគ្រាន់តែចង់អស់ចិត្តថានាងពិតជាមិនពាក់ព័ន្ធជាមួយរឿងក្ដីនេះ។
ព្រលឹមស្រាងៗ រិទ្ធបើកភ្នែកយឺតៗពេលទូរសព្ទរបស់ខ្លួនញ័ររន្ថើននៅក្នុងប្រអប់ឡាន។ គេលើកវាទៅដាក់ក្បែរត្រចៀក ញីភ្នែកដាស់ភាពងងុយ។
«រិទ្ធ មកផ្ទះឥឡូវនេះ! បាត់ម្នាក់ទៀតហើយ!»
«ខ្ញុំទៅឥឡូវនេះ!» គេបញ្ឆេះម៉ាស៊ីនឡាន បម្រុងនឹងបើកចេញ តែភ្នែករបស់គេក្រឡេកទៅឃើញរាងដែលធ្លាប់ស្គាល់។ វីយូឡាកំពុងបើកឡានចេញពីហ្គារាស ដូចដែលគេធ្លាប់ឃើញនាងពាក់មួក និងម៉ាសជិត។
រិទ្ធសម្រេចចិត្តតាមពីក្រោយស្រីសិន ហើយដូចដែលធ្លាប់ដឹងដែរ នាងទៅសួនសាធារណៈចែកអាហារឱ្យជនអនាថា។ គេបន្ដតាមនាងរហូតទាល់តែវីយូឡាត្រលប់ទៅផ្ទះវិញទើបគេទៅផ្ទះ។
«លើកនេះជាអ្នកណា?» ភ្នាក់ងារកំលោះសួរពេលដើរចូលក្នុងបន្ទប់ដែលសមាជិកដទៃទៀតកំពុងអង្គុយមើលព័ត៌មាន។
«ឌីន អ៊ីវ៉ាន ប្រធានអង្គារSpring House ត្រូវបានរាយការណ៍មកថាបានបាត់ខ្លួនពីសណ្ឋាគារនៅម៉ោង៣ភ្លឺបន្ទាប់ពីCheck-inនៅម៉ោង១១យប់»
សិទ្ធរៀបរាប់ ចង្អុលទៅលើអេក្រង់ធំដែលកំពុងបង្ហាញព័ត៌មានលម្អិតរបស់លោកឌីន។ រិទ្ធមើលចំមុខរបស់ជនរងគ្រោះ ហើយព្យាយាមរកនឹកព្រោះហាក់ដូចជាធ្លាប់ឃើញ។
«ខ្ញុំឃើញម្នាក់នេះយប់មិញ ក្នុងពិធីជប់លៀង» រិទ្ធបញ្ជាក់ ខៃដែលងាកមើលទៅគេ។
«ខ្ញុំនឹងទៅសណ្ឋាគារនោះម្ដងទៀត»
គេបន្ដរួចងាកទៅរកម៉ាកដែលកំពុងមើលវីដេអូហេតុការនៃការបាត់ខ្លួនរបស់ឌីន។
«ម៉ាក! ឯណាព័ត៌មានដែលពឹងឱ្យរក?»
គេសួរអ្នកដែលកំពុងផ្ដោតទៅលើការងាររបស់ខ្លួនរហូតដល់មិនបានចាប់អារម្មណ៍ពីអ្នកដទៃ។ រិទ្ធធ្វើមុខហួសចិត្ត សិទ្ធសើច ខៃដែនចាប់យកកំប៉ុងទឹកក្រូចទទេទៅកាន់បម្រុងគប់ទៅលើម៉ាក តែអ្នកកំលោះវ៉ែនតាងើបមុខទៅសម្លក់គេថ្មែរ។
«ឯងចង់ធ្វើស្អី?» គេសួរធ្វើឱ្យខៃដែនបោះកំប៉ុងទឹកក្រូចទៅឱ្យសិទ្ធហើយដើរគេចបាត់។ ម៉ាកទាញក្រដាសពីរបីសម្លឹកទៅហុចឱ្យរិទ្ធ។
«Thanks, Bro! You’re the best!»
«ត្រូវតែអ៊ីចឹង!» មុននឹងគេអាចអួតពីខ្លួនឯងបានតទៀត មិត្តរបស់គេបានដើរចេញបាត់ហើយ ម៉ាកញាក់ស្មា ហើយងាកទៅធ្វើការរបស់ខ្លួនវិញ។
*******
លោក ឌីនដែលត្រូវបានរាយការណ៍ថាបាត់ខ្លួននោះ កំពុងត្រូវគេចងជាប់ទៅនឹងកៅអីឈើនៅក្នុងបន្ទប់ងងឹតឈឹង។ បន្ទប់មានសភាពក្ដៅហប់ដោយសារគ្មានបង្អួច គ្មានសូម្បីពន្លឺ ឬខ្យល់ដែលអាចចូលមកសម្រួលបរិយកាស។
ឌីនដែលមានវ័យ៥០ឆ្នាំស្ដើង មានមុខរាហ៍ច្រមុះខ្ពស់កោង ភ្នែកកាច និងមានសំឡេងគ្រហឹមដូចតោ។ គាត់កំពុងព្យាយាមរើពីចំណង តែមិនបានផលព្រោះវាជាខ្សែពួរប្រភេទធំមាំ។
«ហេតុអ្វីចាំបាច់វាយធ្វើបាបមនុស្សស្រី?»
សំឡេងធ្ងន់តែត្រជាក់របស់មនុស្សស្រីលាន់ចេញពីជ្រុងងងឹតនៃបន្ទប់ អំពូលភ្លើងនៅលើក្បាលរបស់លោកឌីនក៏ភ្លឺឡើង ធ្វើឱ្យអ្នកស៊ាំជាមួយភាពងងឹតត្រូវបិទភ្នែកភ្លាមៗ។ ឌីនព្យាយាមមើលទៅប្រភពសំឡេងបន្ទាប់ពីអាចបើកភ្នែកវិញបានធម្មតា។
«ឯងជាអ្នកណា?»
«ស្ដាប់សំណួរម្ដងទៀត! ហេតុអីវាយនាង?» សំឡេងទាបនៅរក្សាភាពស្រទន់ តែធ្វើឱ្យអ្នកស្ដាប់ព្រឺឆ្អឹងខ្នងមិនស្ទើរទេ។ ឌីនប្រឹងធ្វើភ្នែកព្រឹមៗមើលទៅម្ចាស់សំឡេង តែឃើញត្រឹមតែភាពងងឹត។
«ឯងចង់បានអី?» បុរសវ័យ៥០ផ្លាយគំហក។
«ជំនួសសំណួរ ឯងមានសិទ្ធត្រឹមតែឆ្លើយ!» នាងគំរាម ដើរយឺតៗទៅរកឌីន។
«ខ្ញុំមិនបានធ្វើបាបអ្នកណាទេ!»
«បើអ៊ីចឹងប្រាប់មកថាអានេះជាស្អី?»
ស្របពេលសំណួរចេញមកទៀត រាងខ្ពស់ស្ដើងរបស់នាងក៏ប្រាកដឡើងក្បែរកៅអី ឯអេក្រង់ទូរទស្សន៍៣៦អ៊ីងក៏បង្ហាញវីដេអូសកម្មភាពលោកឌីនកំពុងវាយធ្វើបាបរាងកាយរបស់មនុស្សស្រីម្នាក់នៅក្នុងបន្ទប់សណ្ឋាគា។
«នេះជាស្អី?! ឯង…ឯងជាអ្នកណា?! ឯងចង់បានអី?»
គេភ័យស្លន់ស្លោ ប្រឹងរើចេញពីចំណងម្ដងទៀត ចាប់ផ្ដើមខ្លាចមនុស្សស្រីមិនធ្លាប់ស្គាល់ដែលនៅចំពោះមុខ។ នាងពាក់មួក និងម៉ាសជិតមិនអាចឱ្យគេកំណត់ភិនភាគបាន សូម្បីទម្រង់ភ្នែកក៏ពិបាកកត់សម្គាល់ដែរ។
«យើងគ្រាន់តែចង់បញ្ឈប់ឯង…»
«បញ្ឈប់ស្អី?!»
«បញ្ឈប់ឯងមិនឱ្យធ្វើបាបអ្នកផ្សេង! និងធ្វើឱ្យតាកញ្ចាស់ឯងឈប់ដកដង្ហើម!» ឃ្លាចុងក្រោយធ្វើឱ្យឌីនកាន់តែភ័យស្លេកមុខ តែធ្វើអ្វីមិនបានបានត្រឹមស្រែកឱ្យនាងដោះលែង។
«ឯងនឹងដេក ដេកជារៀងរហូត…»
នាងដកសឺរ៉ាំងមួយដែលមានទឹកពណ៌សថ្លាចេញមកបង្ហាញឌីនដែលបើកភ្នែកធំៗសម្លឹងមើលទៅវត្ថុដែលនៅក្នុងដៃស្រឡូន។ ទោះមិនដឹងពីឥទ្ធិពលរបស់វា គេក៏អាចសន្និដ្ឋានបានថាវាអាចសម្លាប់ខ្លួនដោយមិនមានផ្លូវគេច។
«ខ្ញុំគ្រាន់តែឆ្ងល់ថាឯងមានធ្លាប់គិតដល់អារម្មណ៍របស់មនុស្សស្រីដែលឯងវាយធ្វើបានឬអត់? មានធ្លាប់គិតអត់ថាគេឈឺចាប់ប៉ុនណា? មានធ្លាប់គិតអត់ថាវាវេទនាបែបណា? ពួកគេមិនសមនឹងត្រូវបានគេធ្វើបាបបែបនោះទេ ប៉ុន្ដែមនុស្សប្រុសចង្រៃដូចជាពួកឯងធ្វើដូចជាពួកគេជាវត្ថុសម្រាប់យកមកលេងសើច ហើយវាយធ្វើបាបប្រៀបដូចជាសត្វ…»
ភ្នែករបស់នាងសម្លឹងចំភ្នែកដែលញាប់ញ័ររបស់ឌីន។
«ពួកវាគ្រាន់តែជាស្រីរកស៊ីថោកទាប ដើម្បីតែលុយហ៊ានធ្វើអ្វីគ្រប់យ៉ាង!» ឌីនស្រែកខ្លាំងៗ របៀបមនុស្សបាត់បង់សតិ។
«អ៊ីចឹងឯងសមតែដេកទៅ…ដេកគ្មានថ្ងៃងើប! តែកុំបារម្ភ យើងមិនឱ្យឯងស្លាប់ភ្លាមៗនោះទេ របស់នេះជួយឱ្យឯងបានគិតពីអ្វីដែលបានធ្វើពីរបីថ្ងៃ! វាមិនឈឺទេ គ្រាន់តែពិបាកជាងស្លាប់បន្តិច ព្រោះពពួកសត្វក្នុងរូបរាងជាមនុស្សដូចជាឯងសមនឹងទទួលអ្វីបែបនេះឯង!»
ជាមួយសំឡេងត្រជាក់ៗនាងឈានទៅរកឌីនកាន់តែជិត។ គេសម្លឹងនាងដោយភាពភ័យខ្លាចតែមិនអង្វរឱ្យនាងដោះលែងប្រៀបដូចជាមនុស្សដែលមិនព្រមទទួលខុសទោះជាខ្លួនពិតជាបានធ្វើខុសក៏ដោយ។ បន្ទាប់ពីចាក់សារធាតុនោះចូលខ្លួនបានពីរនាទី ឌីនចាប់ផ្ដើមបិទភ្នែកម្ដងបន្តិចៗដូចមនុស្សងងុយដេក។
*******
នៅចំពោះមុខរិទ្ធគឺជាអាគារប្រាំជាន់នៃសណ្ឋាគារដែលឌីន អ៊ីវ៉ានបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង សូម្បីកាមេរ៉ាសុវត្ថិភាពក៏ចាប់មិនបានថាគេបាត់ខ្លួនទៅដោយរបៀបណា។ សណ្ឋាគារស្ថិតនៅឆ្ងាយពីក្រុង ចំកណ្ដាលចម្ការផ្លែឈើ ជាប់ជើងភ្នំដែលអំណោយផលដល់អ្នកដែលមានបំណងសម្រាកជាលក្ខណៈឯកជន មិនឆ្ងាយពីក្រុងពេក តែក៏ផ្ដល់ភាពស្ងប់ស្ងាត់ល្អសម្រាប់ការសម្រាកលម្ហែរកាយរយៈពេលខ្លី។
សណ្ឋាគារត្រូវបានរៀបចំបែបព្រៃភ្នំ លម្អដោយរុក្ខជាតិ និងផ្ការាប់រយប្រភេទ ទោះបីនៅរដូវក្ដៅក៏មានអារម្មណ៍ជារដូវរំហើយ។
R&H ត្រូវបានឆ្លាក់នៅលើផ្ទាំងថ្មនៅលើខ្លោងទ្វារច្រកចូលដើម្បីស្វាគមន៍ភ្ញៀវ។ ហើយក៏មានRelaxing & Healing សរសេរជាអក្សរពេញនៅពីក្រោមអក្សរតំណាងដើម្បីបញ្ជាក់ពីអត្ថន័យរបស់ពាក្យនីមួយៗ។
ឈ្មោះសមជាមួយបរិយាកាសដែលស្ងប់ស្ងាត់ ចំណាស់តែប្រណិតដោយការតុបតែងជាមួយសម្ភារថ្លៃៗ ទំនើបៗ ព្រមជាមួយក្លិនក្រអូបប្រហើរនៃក្លិនឡាវែនដឺរួមជាមួយផ្កាក្រូចដែលផ្ដល់អារម្មណ៍ស្រស់ស្រាយតែកក់ក្ដៅ។
អ្នកផ្ដល់ព័ត៌មាននៅតុមុខស្វាគមន៍អ្នកកំលោះជាមួយស្នាមញញឹមប្រិមប្រិយ ហើយគេក៏កក់បន្ទប់សម្រាប់បីបួនយប់។
ភ្នាក់ងារក្នុងនាមជាអ្នករកស៊ីសង្កេតគ្រប់ជ្រុងនៃផ្នែកទទួលផ្ញៀវជាពិសេសគឺLogoរបស់សណ្ឋាគារដែលត្រូវdesignedឡើងដោយដាក់R&Hជាបញ្ឈរ Relaxingនៅខាងលើ និងHealingនៅខាងក្រោម។ អក្សរជាភាសាអង់គ្លេសត្រូវបានរុំព័ទ្ធដោយផ្កាឡាវែនដឺពីរទងជារាងពងក្រពើរ។
វាមើលទៅសាមញ្ញតែអត្ថន័យបង្ហាញពីភាពពិសេសដែលសណ្ឋាគារមានសម្រាប់ភ្ញៀវដែលចូលមកស្វែងរកភាពរីករាយទាំងផ្លូវកាយ និងផ្លូវចិត្តគេចពីភាពស្មុគស្មាញដែលចួបកក្នុងជីវិតប្រចាំថ្ងៃ។
ភ្នែករបស់អ្នកកំលោះភ្នាក់ងារគ្រវាសជុំវិញពិនិត្យគ្រប់កន្លែងនៅពេលដែលបុគ្គលិកនាំគេទៅរកបន្ទប់របស់គេដែលនៅជាប់ទីបួន។ ទូទាំងសណ្ឋាគារមានក្លិនដូចផ្កា និងតែ ហើយក្លិនខុសៗគ្នាតាមផ្នែក តំបន់ខ្លះក៏មានក្លិនជីអង្កាម ខ្លះទៀតក៏មានក្លិនផ្កាម្លិះ ក្លិនផ្កាកុលាប និងមានក្លិនដទៃទៀតរហូតដល់រិទ្ធចំណាំលែងបានថាផ្នែកណាមានក្លិនអ្វី។
តែអ្វីដែលគេចាប់អារម្មណ៍គ្រប់ផ្នែកគឺមានក្លិនផ្កាឡាវែនដឺចូលរួម តិចឬច្រើនទៅតាមការលាយក្លិន។ នៅពេលដែលរិទ្ធចូលក្នុងបន្ទប់គេហាក់ដូចជាកំពុងដើរចូលចម្ការក្រូចនារដូវផ្ការីកពេញបន្ទប់មានក្លិនរបស់ផ្កាក្រូច ក្រអូបស្រាល ស្រទន់ និងឆ្ងុយឆ្ងាញ់។ ឯបរិមាណដែលគេដាក់មិនច្រើនពេក សមល្មមធ្វើឱ្យអ្នកស្នាក់នៅមានអារម្មណ៍ល្អ។
«ចម្លែក…» គេរអ៊ូនៅពេលដែលចាប់អារម្មណ៍ថាបន្ទប់ដែលគេស្នាក់នៅគ្មានក្លិនឡាវែនដឺ។ វាមើលទៅធម្មតាសម្រាប់អ្នកដទៃដែលមិនសូវសង្កេត តែចំពោះរិទ្ធ កាន់តែឃើញកាន់តែគិតហើយវាក៏កាន់តែចម្លែក។
ជើងរបស់គេឈានទៅរកបង្អួច ចិញ្ចើមចាប់ផ្ដើមចងដោយការគិត មុននឹងលង់កាន់តែជ្រៅនៅពេលដែលឃើញរូបភាពខាងក្រោយសណ្ឋាគារ។ វាជាសួនផ្កាឡាវែនដឺដែលត្រូវដាំជាជួរចំកណ្ដាលចម្ការទំហំប្រមាណមួយហិចតាដែលរុំព័ទ្ធដោយដើមឈើហូបផ្លែឈរជារបង ក្នុងនោះក៏មានវត្តមានផ្កាជាច្រើនទៀតផងដែរ។
ផ្កាអរគីដេរគ្រប់ពណ៌ គ្រប់ប្រភេទត្រូវបានព្យួរទៅនឹងដើមឈើ ខ្លះទៀតក៏បន្ដោងតាមទ្រើងដែលចងភ្ជាប់ពីដើមមួយទៅដើមមួយទៀត។ អ្នកកំលោះភ្នាក់ងារសម្លឹងរកមើលច្រកចូល ហើយក៏ប្រទះទ្វារមួយដែលជាច្រកចេញពីសណ្ឋាគារនៅមាត់អាងទឹកតូចខាងក្រោយអាគារ។
សួនមើលទៅដូចជាកន្លែងទុកចោលដែលត្រូវបានហាមឃាត់មិនអនុញ្ញាតឱ្យចូលផ្ដេសផ្ដាស តែមានសភាពស្អាតបាតដូចត្រូវបានមើលថែជាប្រចាំ។
រិទ្ធផ្លាស់សម្លៀកបំពាក់ទៅជាឈុតធម្មតា ហើយចេញពីបន្ទប់ដើម្បីមើលទិដ្ឋភាពខាងក្រៅ។ គេធ្វើដូចជាដើរលម្ហែមើលទេសភាពដូចភ្ញៀវដទៃទៀតដែរ។ អ្នកកំលោះដើរទៅដល់អាងហែលទឹកខាងក្រោយដែលជាគោលដៅដំបូងរបស់ខ្លួន ភ្ញៀវឯទៀតអង្គុយជជែកលេង ខ្លះក៏ហែលទឹកទៅមកដោយមិនបង្ហាញពីការចាប់អារម្មណ៍ភាពខុសប្រក្រតីរបស់សណ្ឋាគារ។
ភ្នែករបស់គេបាញ់ទៅរកមេសោដែលចាក់ភ្ជាប់គន្លឹះទ្វារ មុននឹងងាកចេញធ្វើដូចមិនចាប់អារម្មណ៍។ គេដឹងថាមានអ្វីមួយនៅពីក្រោយទ្វារនោះ ទោះបីជាវាមើលទៅត្រឹមតែជាសួនផ្កាតូចមួយ។
«សុំទោសប្អូន!» រិទ្ធងាកទៅរកបុគ្គលិកពេលគេដើរកាត់នោះ។
«បាទ? មានអ្វីឱ្យខ្ញុំជួយបាទ?»
«គឺខ្ញុំឃើញសួនខាងក្រោយនេះស្អាតខ្លាំងណាស់ មិនដឹងថាអាចចូលទៅមើលតាមណាបាន?» គេព្យាយាមសួរដូចជាគេពិតជាចូលចិត្តសួននោះខ្លាំងណាស់អ៊ីចឹង។
«អូ! សុំអធ្យាស្រ័យលោក! អ្នកគ្មានភារកិច្ច ឬការអនុញ្ញាតមិនអាចចូលទៅបានទេ»
«ហេតុអី?»
«ខ្ញុំសូមអភ័យទោស វាជាបញ្ជា» គេថាហើយក៏ដើរចេញទៅដោយឱនលំទោន។ រិទ្ធញញឹមចុងមាត់ ភ្នែករបស់គេដៀងមើលទៅទ្វារម្ដងទៀតមុននឹងដើរចេញ។
វាទាក់ទាញឱ្យគេចង់ចូលទៅកាន់តែខ្លាំងពេលដែលដឹងថាវាត្រូវបានហាមឃាត់ព្រោះថាកន្លែងហាមឃាត់កាន់តែខ្លាំង នឹងមានអ្វីលាក់កាន់តែច្រើន។ សណ្ឋាគារនេះគួរឱ្យចាប់អារម្មណ៍តាំងពីគេដឹងថាលោកឌីនត្រូវបានបាត់ខ្លួនដោយសម្ងាត់ពីកន្លែងនេះម្ល៉េះ។
«រឿងក្ដីនេះសប្បាយលេងណាស់!»
គិតបណ្ដើរគេដើរទៅរកភោជ្ជនីដ្ឋានក្នុងសណ្ឋាគារដើម្បីទទួលទានអាហារពេលល្ងាច។ បរិយាកាសពិតជាល្អខ្លាំងណាស់ ភ្លេងត្រូវបានចាក់តិចៗ ក្លិនផ្កាប្លែកៗចេញពីគ្រប់ច្រក ទាំងភ្ញៀវ ទាំងបុគ្គលិកមើលទៅrelax និងenjoyអ្វីដែលខ្លួនកំពុងធ្វើ មិនមានភាពតានតឹង មិនមានសំឡេងរំខានច្រើន។ រិទ្ធជ្រើសរើសតុកៀន នៅខាងក្រោយគេជិតបង្អួចកញ្ចក់ដែលអនុញ្ញាតឱ្យគេមើលឃើញអាងទឹកបានយ៉ាងច្បាស់ ហើយគេក៏អាចសង្កេតមើលបានគ្រប់ទីកន្លែងនៅម្ដុំនោះព្រមទាំងសួនផ្កាខាងក្រោយផងដែរ។
អ្នកកំលោះបានកុម្មង់ស្ពាហ្កេទីមួយចាន ជាមួយស្រាបៀរមួយកែវ ក្នុងបរិយាកាសបែបនេះមុខម្ហូបមួយមុខនេះចាប់រសជាតិគ្នាដូចគូព្រេង។
គេទទួលទានបណ្ដើរ សង្កេតជុំវិញបរិវេណនោះបណ្ដើរ ជាពិសេសអាងទឹក និងសួនផ្កាឡាវែនដឺ។ មនុស្សម្នារចាប់ផ្ដើមចាកចេញពីអាងទឹកម្ដងម្នាក់ៗបន្ទាប់ពីហែលទឹលរួច ហើយបរិយាកាសក៏ក្លាយជាស្ងប់ស្ងាត់ បុគ្គលិកសម្អាតជុំវិញអាង និងប្រមូលសម្ភារទុក។
ស្បៃរាត្រីចាប់ផ្ដើមគ្រប់ដណ្ដប់បរិវេណនោះ អំពូលភ្លើងតូចៗត្រូវបានបើកបំភ្លឺតាមដើមឈើ ធ្លាក់សំយ៉ុងចាំងឆ្លុះទឹកឱ្យមានពន្លឺពណ៌ស្វាយ ដេញរមិញនៅលើផ្ទៃខាងលើនិងធ្លុះទៅបាតអាង។ កែវភ្នែកដែលបម្រុងនឹងងាកចេញពីបរិវេណអាង ត្រូវទាញត្រលប់ទៅវិញដោយសាររាងខ្ពស់ស្រឡូនមួយដើរទៅក្បែរមាត់អាង។
គេមិនអាចសម្គាល់មុខរបស់នាងព្រោះនាងបែរចេញ៨០ភាគរយ តែរាងរបស់នាងដូចជាធ្លាប់ស្គាល់។ នាងស្ថិតក្នុងរ៉ូបវែងពណ៌សដោយមានច្នៃលាយខ្សែពណ៌ស្វាយខ្ចីវ័ន្ដជុំវិញចង្កេះ និងកដៃ។ សក់វែងទឹករលក ខ្មៅរលើបរបស់នាងត្រូវខ្យល់បក់រសាត់ពេញខ្នង និងស្មា។
«She is gorgeous!»
នាងក្រព័ទ្ធដៃទៅក្រោយ ឈរស្ងៀមសម្លឹងទឹកអាងភ្លឹក ពន្លឺពណ៌ស្វាយជះចេញពីទឹករំលេចទៅលើរូបកាយល្អឥតខ្ចោះ ធ្វើឱ្យអ្នកមើលមិនអាចដកភ្នែកចេញពីនាងបាន។
រិទ្ធលើកចិញ្ចើមពេលឃើញបុគ្គលិកប្រុសដែលគេបានសួរមុននេះដើរទៅជិតនាង ហើយរាយការណ៍ពីអ្វីម្យ៉ាងដោយឥរិយាបថឱនលំទោន មើលទៅនាងមិនមែនជាភ្ញៀវធម្មតានោះទេ អាចជាមនុស្សម្នាក់ដែលមានដំណែងខ្ពស់អ្វីមួយនៅក្នុងសណ្ឋាគារ។
រិទ្ធបន្តតាមមើលនាងពីត្រង់នោះ នាងក្រមុំឈរស្ដាប់ដោយយកចិត្តទុកដាក់ មុននឹងងក់ក្បាលឱ្យបុគ្គលិកប្រុសនោះចេញទៅបន្តការងាររបស់ខ្លួន។
រាងស្រលូនស្អាតងាកបន្តិចសម្លឹងមើលទៅទ្វាររបងនោះប្រមាណបីវិនាទី ហើយក៏បន្តឈរនៅមាត់អាងប្រហែលជាប្រាំនាទី គេចង់ដឹងណាស់ថានាងកំពុងគិតពីអ្វី។ ស្រីស្រស់កូនកាត់ងើយមុខសម្លឹងទៅខាងលើ ដេញកែវភ្នែកភ្លឺថ្លារហូតប្រសព្វជាមួយរិទ្ធដែលកំពុងមើលតាមនាងមិនដាក់ភ្នែក។
អ្នកកំលោះហាក់ភ្ញាក់ពេលប៉ះជាមួយភ្នែកធំៗមួយគូនោះ ក្នុងពោះភើតហាក់ដូចជាពោះវៀនប្រម៉ាត់ជ្រុះបាត់មួយរំពេច គេប្រញាប់រៀបឬកធ្វើដូចគេមិនមែនកំពុងចាប់អារម្មណ៍ជាមួយសម្រស់របស់នាង។
ពេលនោះទើបគេបានឃើញមុខរបស់នាងច្បាស់ នាងគឺវីយូឡា នារីកំពូលសម្រស់ដែលគេបានឃើញនៅកម្មវិធីជប់លាង ហើយថែមទាំងជាមនុស្សស្រីដែលចែកអាហារឱ្យអ្នកគ្មានផ្ទះសម្បែងរាល់ព្រឹកនោះទៀត វាកាន់តែធ្វើឱ្យរិទ្ធចង់ស្គាល់នាងកាន់តែច្បាស់ជាងនេះ។
វីយូឡាងក់ក្បាលដាក់គេជាការគួរសម ហើយដើរចេញពីបរិវេណនោះទៅ ធ្វើឱ្យរិទ្ធស្រាប់មានអារម្មណ៍ចម្លែក ប្រៀបដូចជាទើបតែបានចួបអ្វីមួយដែលគេតែងតែទន្ទឹងរងចាំ ហើយវាក៏បាត់ទៅវិញ ដូចក្នុងក្ដីសុបិន្ត។ មុខរបស់នាង កែវភ្នែកពេញដោយទឹកដម រួមជាមួយគំនួចថ្ពាល់ដែលលេចឡើងរាល់ពេលនាងញញឹម ឬនិយាយ ទាំងអស់នោះជាប់នៅក្នុងគំនិតរបស់គេដូចគេថតទុកក្នុងMemory។
រឿងនេះកាន់តែគួរឱ្យចាប់អារម្មណ៍ បំណែកផ្គុំរបស់puzzleកើនឡើងម្ដងបន្តិចៗ តែគេមិនទាន់អាចសម្គាល់ថាមួយណាត្រូវផ្ជាប់នៅផ្នែកណា ហើយគេមានអារម្មណ៍ថាពេលដែលរូបភាពផ្គុំលេចរូបរាង វានឹងអាចប្រាប់រឿងរ៉ាវជាច្រើន និងបង្កើតបានជាBig pictureមួយដែលគេនឹកស្មានមិនដល់។
យប់នោះទោះអ្វីក៏មិនអាចបញ្ឈប់ភ្នាក់ងារកំលោះមិនឱ្យលួចចូលទៅក្នុងសួនផ្កានោះបានដែរ។ នៅក្នុងឈុតពណ៌ខ្មៅ រិទ្ធដែលបានរកចំណុចកំបាំងពីកាមេរ៉ាសុវត្ថិភាពពីល្ងាចនោះផ្លោះរបងយ៉ាងស្ទាត់ជំនាញចូលទៅសួនផ្កាដែលជាកន្លែងដែលគេយល់ថាសណ្ឋាគារនេះព្យាយាមលាក់អ្វីមួយដោយសារតែមានពាក់ព័ន្ធជាមួយការបាត់ខ្លួនរបស់លោកឌីន មានសួនផ្កាឡាវែនដឺ រួមជាមួយវត្តមានរបស់ស្រីស្រស់សោភាវីយូឡាទៀត ទោះបីវាគ្រាន់តែជាតម្រុយដែលស្ដាប់ទៅគ្រាន់តែការពិត ដរាបណារិទ្ធមិនអាចបញ្ជាក់ថាសណ្ឋាគារ និងវីយូឡាពិតជាមានភាពស្អាតស្អំ គេមិនបោះបង់នោះទេ។
គេសសៀរខ្លួនតាមជញ្ជាំង និងរត់ចូលក្រោមដើមឈើគេចពីកាមេរ៉ាដែលមានចំណុចក្រហមភ្លិបភ្លែត។ អ្វីដែលចម្លែកនោះ ទីនោះវាគ្រាន់តែជាសួនផ្កាធម្មតាមួយ តែបែរជាមានកាមេរ៉ាគ្រប់ជ្រុង វាគួរឱ្យសង្ស័យណាស់ចំពោះកំលោះភ្នាក់ងារ។ ភ្នែករបស់គេរវាសណាស់ សម្លឹងធ្លុះភាពងងឹតនៃរាត្រីកាលនៅក្រោមវ៉ែនតាជំនួយដែលអនុញ្ញាតឱ្យគេឃើញសភាពទាំងមូលក្នុងពណ៌បៃតងស្រាល។
ជើងរបស់គេបម្រុងនឹងរត់ចូលទៅក្នុងព្រៃក្រូច តែអ្វីម្យ៉ាងបញ្ឈប់គេ ទោះគេអន្ទះសារចង់ដឹងថាមានអ្វីនៅក្នុងនោះប៉ុនណាក៏មិនអាចធ្វើការដោយគ្មានផែនការច្បាស់លាស់ដែរព្រោះវាអាចនាំគ្រោះដល់ខ្លួន។ រិទ្ធត្រលប់ទៅបន្ទប់សណ្ឋាគារវិញ ឈរជិតបង្អួច ភ្នែករំពៃមើលទៅសួនផ្កា និងព្រៃក្រូចនៅជើងភ្នំដែលគ្របដណ្ដប់ដោយភាពងងឹត គ្មានសូម្បីពន្លឺភ្លើងបំភ្លឺតូចមួយ គេនៅតែគិតថានឹងមានអ្វីម្យ៉ាងកំពុងសំងំលាក់ខ្លួននៅក្នុងនោះ។
ភាគ៣ សប្តាហ៍ក្រោយ…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ