រឿង៖ មិនសារភាព ព្រោះមិនសក្តិសម

«គេថាបើស្រលាញ់កុំទៅញឹក បើរឭក កុំទៅញយ! បើហែងទៅផ្ទះគេមួយអាទិត្យសឹង៦ថ្ងៃហើយ ស្រីណាស្រលាញ់ឯងកើត? គេជ្រេញមុខហែងណាស់ អាជុន!»

«គេធុញមិនដឹងម៉ាក់ ទើបមិនដែលស្តីរកអាបងម្តង!»

ខ្ញុំងាកសម្លក់ប្អូនស្រីមាត់ច្រើនពូកែថែមល្បោយ។ មិនជួយចូកចែវ ឱ្យបងប្រុសឆាប់បានប្រពន្ធ អាលនឹងចេញពីមុខពីមាត់ម៉ាក់ នៅមកយកជើងរាទឹកទៀត? គិតថានៅអរសប្បាយសុំលុយចាយហើយ?

«កុំមកចេះ!»

ស្តីថាឱ្យប្អូនរួចខ្ញុំដើរទៅក្បែរម៉ាក់ដែលអង្គុយបត់ខោអាវ បន្លប់ឱបគាត់និយាយលួងលោមពាក្យប៉ុន្មានម៉ាត់ ដែលទើបនឹងរៀនរំអួយចេះពីប្អូនស្រីពៅ៖

«ខ្ញុំទៅយកចិត្តម៉ែពុកគេទេតើម៉ាក់!»

«មុខអាឯងនេះទៅនាំបងប្អូនគេផឹក ឡើងដឹងចិត្តថ្លើមមិនដឹងអាជុន! ហ៊ើយ…ម៉ាកៗឯងនេះ បើមិនចោលអាចរិតផឹកស្រវឹងជិះម៉ូតូយប់នេះទេ គ្មានម៉ែឪណាគេលើកកូនស្រីឱ្យឯងនាំគ្រាំទ្រូងទេ! គេខ្លាចកូនគេមេម៉ាយទាំងក្មេងណាស់!»

គាត់មិនត្រឹមតែមិនអាណិតចិត្តថ្លើមកូនប្រុសច្បងដ៏ល្អរបស់គាត់ ដែលមិនចេះខិលខូច លេងល្បែង មានស្រីញីអីផ្តេសផ្តាសនឹងគេ គ្រាន់តែខូចរឿងផឹកបន្តិចនឹងសោះ ក៏ស្តីឱ្យមិនយល់មុខកូនពៅគាត់សូម្បី​បន្តិច​។

«បើខ្ញុំរៀបការរួច ខ្ញុំលែងផឹកកើតហើយម៉ាក់ ម្នាក់នឹងកាចយ៉ាងនេះ គេស្អប់អ្នកផឹក!»

មិនស្មានថានិយាយបែបនេះធ្វើឱ្យគាត់ទន់ចិត្តអាណិតអាសូរ កោតសរសើរដល់កូនប្រុសល្អទាំងរូបទាំងចរិត​ ដឹងអីជេរថែម៖

«ស្បថទៅអាជុន ថាបានប្រពន្ធឯងលែងផឹក!»

ប្អូនស្រីសើចចំអកកាច់ក មើលមកបងប្រុសកម្សត់យ៉ាងនេះ វាធ្វើរួច?

មិនយល់ម៉ាក់ទេ ខំសន្យាយ៉ាងនេះហើយ នៅមិនយល់ចិត្តកូនប្រុស ហើយប្រកែកគ្រប់ពាក្យអ៊ីចឹងកើតទៀត។ ដំបូងឡើយថាចង់រកប្រពន្ធឱ្យ ការឱ្យបាត់ចេញពីមុខពីមាត់គាត់​ ដល់តែគេរកឃើញ ពេញចិត្តកូនស្រីគេម្នាក់ហើយ បែរជាមកលើកហេតុផលគ្រប់បែបយ៉ាងមិនព្រមស្តីដណ្តឹង ចាំមើលតែគេឆក់ម្នាក់ហ្នឹងបាត់ លែងយកប្រពន្ធ នៅជាមួយគាត់មួយជីវិតតែម្តង។

ខ្ញុំអន់ចិត្តនឹងម៉ាក់ ឈប់និយាយឈប់តបគាត់ ហើយក៏ដើរទៅឡើងបេះព្រីងទុំក្រោយផ្ទះថាយកទៅផ្ញើគេ ដើម្បីបានលេសទៅចួប។

ស្រីពៅក្រវែលៗអើតឆ្វេងស្តាំទំនងមានរឿងចង់ប្រាប់។ ខ្ញុំគប់ព្រីងចំក្បាល គេក៏សម្លក់ខ្ញុំថ្មែរ មាត់ជីបអូចៗទំនងលួចជេរក៏មិនដឹង។

«ថី? ស៊ើបអីបានការណ៍ចង់មកប្រាប់?»

«បងឯងនេះ! សមនឹងម៉ាក់ថាមិនខុសទេ!»

«ស្អីឯង? សុំលុយបងពេលណាបានពេលហ្នឹង ពឹងអ្វីមិនដែលប្រកែកម្តង នៅមើលមិនឃើញបងល្អទៀតហាស? អត់មានជួយនិយាយបងសោះ មានតែបង្ខូចបងថែម»

«បងឯងដឹងអត់? ម៉ាក់ថាស្រលាញ់បងស្រីហ្នឹងណាស់ ហើយគាត់ថាគ្រួសារគេល្អ ឪពុកម្តាយស្លូត កូនគាត់ច្បាស់ជាមានសំណាងហើយ តែបងឯងនេះ កែខ្លួនអារឿងផឹកហ្នឹងអត់?»

ខ្ញុំឮតែប្អូននិយាយបែបនេះ ក៏ហក់ចុះវឹងពីលើចុងព្រីងកម្ពស់ជិតបីម៉ែត្រ។

សឹងគ្រេចចង្កេះ តែវាអត់ឈឺអីបន្តិចទេ ព្រោះអាចិត្តអររបស់ខ្ញុំនេះវាស្ទើរហោះទៅលុបបំបាត់អស់ទៅហើយ គ្រាន់តែដឹងថា ការស្រលាញ់របស់ខ្ញុំចំពោះគេ ទឹកចិត្តស្មោះរបស់ខ្ញុំ ម៉ាក់មិនបានមើលរំលង។

ខ្ញុំរហន់សួរទៅប្អូនស្រីបញ្ជាក់៖

«អ៊ីចឹងម៉ាក់ថានឹងចូលស្តីគេឱ្យបង?»

«មិនដឹងដែរ! តែម៉ាក់ថា អាណិតគេទៅវិញ បើបានបងឯង!»

«ស្អី? បងអន់ដល់ថ្នាក់ហ្នឹងហីអាជី?»

«ទេ…ខ្ញុំនិយាយតែតាមសម្តីម៉ាក់! ព្រោះគេនោះមានទាំងចំណេះ ការងារល្អ គេរកមួយខែបានរាប់រយ បើធៀបគ្នាទៅ…!»

«បានហើយ! ឈប់និយាយ!»

ខ្ញុំឃាត់ប្អូនស្រី ហើយក៏ងាកមុខចេញពីគេ។ ចិត្តខ្ញុំអស់សប្បាយអស់ឈឺ វាទៅជាស្ពឹកៗ កកដូចដេក​កណ្តាល​តំបន់ប៉ូលទាំងគ្មានខោអាវ ដែលសូម្បីតែប្អូនស្រីបង្កើតរបស់ខ្លួនពេលនេះ ក៏ខ្ញុំលែងហ៊ានប្រឈមមុខដែរបើនិយាយដល់រឿងរៀនសូត្រ ការងារល្អដែលគេរឭកមក មានអី ខ្ញុំគ្រាន់តែជាកម្មករម្នាក់រៀនបានត្រឹមថ្នាក់ទី១០ រកបានត្រឹមប៉ុន្មានរយមួយខែ ឯគេ ប្រាក់ខែលើសខ្ញុំគុណនឹងពីរ ខ្ញុំហក់ជាមួយបាន?

អាជីឈប់មាត់ក៏តាមសម្លឹងមុខបែបអាណិតបងប្រុស។ ខ្ញុំហុចក្បង់ក្រមាដែលពេញដោយព្រីង​ឱ្យទៅប្អូនស្រីហើយក៏ដើរចេញទៅសំងំក្នុងបន្ទប់ មិនទាំងខ្ចីបើកភ្លើង។

ស្នាមញញឹមគេទាំងប៉ុន្មានបានលេចត្រដែតនៅចំពោះមុខ។ បិទភ្នែកប៉ុន្មានដងក៏នៅតែមិនរលុប ពេលណាទៅដែលខ្ញុំចាប់ផ្តើមស្រលាញ់គេខ្លាំងយ៉ាងនេះ តាំងពីស្គាល់បងប្អូនគេ ហើយគេត្រឹមមើលមុខ មិនដែលនិយាយរកខ្ញុំសោះ រហូតដល់គេចេះសួរនាំសុខទុក្ខខ្លះៗពេលទៅលើកក្រោយៗ ខ្ញុំក៏ស្រាប់តែដកចិត្តពីគេមិនរួច?

រូបរាងខ្ញុំមិនអន់ទេ សង្ហាដល់ទៅស្រីដេញដល់មុខផ្ទះ តែម្យ៉ាងដែលខ្ញុំមិនហ៊ាន គឺមើលមុខគេមិនចំ ព្រោះខ្ញុំរៀនបានតិច រកលុយបានតិចជាងគេ។

គេគិតពីចំណុចនេះឬអត់? តែខ្ញុំពិតជាខ្វល់ណាស់ ដែលខ្លួនជាមនុស្សប្រុស តែសមត្ថភាពនៅអន់ជាងគេ។​ ក្រៅតែពីរឿងផឹកដែលម៉ាក់ប្រកាន់ជាប់រហូតមក ចំពោះខ្ញុំ បើគេមិនចូលចិត្ត ឬដើម្បីមនុស្សស្រីដែលខ្ញុំស្រលាញ់ ខ្ញុំនឹងផ្តាច់ ឬក៏ឈប់ប្រព្រឹត្តមួយជីវិតក៏បាន តែរឿងគម្លាតចំណេះដឹង ចិត្តខ្ញុំមិនស្ងប់ មិនអាចដកចេញពីវិបត្តិស្នេហ៍នេះឡើយ។

គេជាមនុស្សល្អម្នាក់ រៀនបានខ្ពស់ ចរិយាថ្លៃថ្នូរ ច្បាស់ជាមានមនុស្សប្រុសដែលមានសមត្ថភាពល្អលើសខ្ញុំចង់បាន និងមើលថែគេ…

«ហ៊ឹម! អាជុនអើយ! ម្តេចមកចួបរឿងនេះបាន? ពេលម៉ែឱ្យរៀន ម្តេចក៏គេចសាលា ពេលនេះទើបមកដឹងថាស្តាយ?»

ទឹកភ្នែកស្រក់មិនបាន វានាំឱ្យទ្រូងខ្ញុំចង្អៀត សូម្បីតែខ្យល់ទន្លេដែលធ្លាប់បោកបក់តាមបង្អួចបង្ហើក្លិនផ្កាក្រោយផ្ទះក៏ប្រែជាស្ងប់ ពួកវាបានដឹងឮ និងចូលរួមឈឺចាប់ ខ្វល់ខ្វាយជាមួយខ្ញុំដែរឬអ្វី?

រាត្រីនោះបានរំលង ខ្ញុំបើកភ្នែកឡើងឃើញមេឃបើកថ្ងៃចាំងក្បាលទៅហើយ។ ខូចចិត្តពេក ការពិតយប់មិញខ្ញុំចូលដេកមិនទាំងបានហូបបាយល្ងាច ហើយក៏មិនបានងូតទឹក។

ផ្ទះក៏ស្ងាត់មនុស្សមិនឃើញម៉ាក់ប៉ា ប្អូនស្រីប្រហែលទៅរៀនគួរម៉ោង៥បាត់។ ខ្ញុំឃ្លានក៏ដើរទៅបើកទូទឹកកក៏បានឃើញព្រីងដែលខំបេះ ហើយអរសង្ឃឹមបានយកទៅឱ្យគេនឹងបានចួបមុខ នៅពោរពេញចាន អាជីលាងទឹកទុក បែបដឹងថាបងប្រុសមិនមានមុខទៅចួបគេហើយ។

មិនឃើញមានម្ហូបខ្ញុំឆុងមី រួចរាល់ក៏ដើរទៅក្រោយផ្ទះដងទឹកស្រោចដំណាំតាមទម្លាប់រាល់ដងមុនទៅរោងឡាន។ ព្រោះតែរឿងម្សិលមិញដែលអាជីបានរឭក ខ្ញុំពិតមិនអាចប្រៀបធៀបនឹងគេ ខ្ញុំស្រាប់តែប្រែពីមនុស្សមាត់ច្រើនឡូឡាក្នុងផ្ទះទៅជាស្ងប់ស្ងាត់។

ប៉ាឌុបម៉ាក់ត្រលប់មកពីផ្សារ ខ្ញុំក៏ទាញម៉ូតូជិះចេញទាំងមិនស្តីអ្វីមួយម៉ាត់ គាត់ទាំងពីរតាមសម្លឹងមុខខ្ញុំដែលខុសទម្លាប់ ម៉ាក់ក៏ស្រែកសួរ៖

«ស៊ីអីហើយឬនៅអាជុន? ម៉ាក់មិនបានធ្វើម្ហូប!»

បើមិនឆ្លើយតបនឹងគាត់ច្បាស់មិនមែនខ្ញុំទេ ប្រមឹកពេលផឹកតែមិនដែលឈ្លើយ អត់សុជីវធម៌ដាក់ម្តាយឪពុកឡើយ៖

«រួចហើយម៉ាក់!»

ថ្ងៃនេះអ្នកណាក៏និយាយពីរឿងចរិតខ្ញុំប្លែកដែរ ស្ងប់ស្ងាត់ មុខកើតទុក្ខដឹងតាំងពីចម្ងាយ១គីឡូដី ខ្ញុំដឹងតែសំងំធ្វើឡាន សូម្បីទឹកក៏មិនចង់ក្រោកទៅផឹក តែមកពីខ្ញុំផឹកច្រើនក្រោយពីហូបមីក្តៅពោះ អ៊ីចឹងទើបនោមញឹក។ ម្នាក់ៗបានខ្ញុំមិនមាត់ អង្គុយទាយនេះទាញនោះមិនឈប់ គួរឱ្យធុញមែន ពួកវាសុទ្ធតែមានប្រពន្ធអស់ហើយ ម្តេចនឹងយល់អារម្មណ៍ដើរជំពប់ឧបសគ្គស្នេហ៍ដូចខ្ញុំពេលនេះទៅ?

កំពុងនៅក្នុងបង្គន់មិនទាន់រួចផង ស្រាប់តែទូរសព្ទដែលកាន់ចុចនៅដៃលោតលេខអាជី។

ខ្ញុំមិនទាន់លើកខោស្លៀក ក៏ចុចទទួល៖

«ថី?»

«មានដំណឹងអាបង!»

ខ្ញុំនឹកចម្លែកក្នុងចិត្តទោះមិនច្បាស់ថាអាជីមានការអ្វីប្រាកដ តែចិត្តខ្ញុំហាក់ច្បាស់ពីពាក្យថាដំណឹងដែលគេនឹងយកមកប្រាប់ គឺពិតជាពាក់ព័ន្ធនឹងរឿងដែលធ្វើឱ្យខ្ញុំដេកអត់បាយអត់ទឹកយប់មិញនោះហើយ ព្រោះក្រៅពីរឿងខ្ញុំចង់បានប្រពន្ធ ហើយម៉ាក់បដិសេធ ព្រោះអាណិតកូនស្រីគេ អត់មានអ្វីដែលយើងនិយាយគ្នាទៀតនោះទេ។

ខ្ញុំក៏ខាំទូរសព្ទជាប់មាត់ ហើយប្រញាប់លើកខោស្លៀកចាក់ទឹកបង្កន់សិនមុនត្រៀមស្តាប់ប្អូនស្រីនិយាយបន្ត៖

«បងឯងនៅក្នុងបង្គន់?»

វាសួរព្រោះឮសំឡេងទឹក តែខ្ញុំមិនខ្វល់ឆ្លើយក៏រហន់ចង់ដឹងរឿងជាង៖

«ឆាប់និយាយមក ដំណឹងអី?»

«ម៉ាក់ថានឹងទៅស៊ើបឱ្យ»

ខ្ញុំតាមថាគួរណាតែអរលោតកញ្ឆេង សប្បាយចិត្តជាងត្រូវឆ្នោតរាប់លានដុល្លា តែម្តេចក៏ខ្ញុំប្រែជាស្ងៀមទ្រឹង បេះដូងដូចមិនកម្រើកបន្តិចសោះអ៊ីចឹង? ឬក៏វាគាំងស្លាប់កាលពីយប់មិញបាត់ទៅហើយ?

«អាបងៗៗ! សប្បាយចិត្តពេក ដាច់ខ្យល់បាត់ដឹង!»

ប្អូនស្រីកំហូចនៅតែចំអកឱ្យខ្ញុំ តែវាមិនដឹងថា ពេលនេះ ទ្រូងបងប្រុសកំពុងអួលណែនស្ទើរប្រេះទៅហើយទេ មិនមែនសប្បាយអរដូចវាគិតឡើយ។

លោកអើយ! ទើបលើកទីមួយក្នុងជីវិតហើយដែលខ្ញុំចេះមកគិតសុញ ខ្វល់ចិត្តអីច្រើនយ៉ាងនេះ។ ស្រលាញ់ស្រីម្នាក់ អីក៏វេទនាម្ល៉េះលោក បើដឹងអ៊ីចឹង យកសង្សារតាំងពីក្មេងទុកធ្វើជាបទពិសោធន៍ជីវិតបាត់ហើយ ក៏ប្រហែលមិនត្រូវមកដេកមិនលក់ ស៊ីមិនឆ្ងាញ់ សឹងតែពិបាកដកដង្ហើមយ៉ាងនេះទេ។

ដូចទៅនឹងបទចម្រៀង ក៏មិនខុសពីធម្មទេសនាព្រះសង្ឃតែងទូន្មានថា មានស្នេហ៍មានទុក្ខយ៉ាងនោះឯង?

«បងជុនហា!»

«យ៉ាងម៉េច?»

«កុំភ្លេចរង្វាន់ថ្លៃដំណឹងឮអត់?»

«ពីរដៃយកទេ?»

«ហូយ! ខ្សែលើយ៉ាងនេះ ចាំមើលឈប់ស៊ើបការណ៍ឱ្យហើយ!»

«កាពៅ! ក្រែងឯងទៅសាលា ម៉េចក៏​មកដឹងរឿងថាម៉ាក់ចង់ទៅស៊ើបឱ្យបង?»

គេសើចលាន់ពេញទូរសព្ទមិនឆ្លើយ បែរជាឈ្លើយបិទចោលបាត់គ្រាន់តែប្រាប់ថាគ្រូគេមកដល់ត្រូវចូលរៀន ទុកឱ្យខ្ញុំនៅមិនអស់ចិត្ត ក៏កាន់តែធ្វើអ្វីមិនកើត គិតបន់ឱ្យតែដល់ម៉ោងត្រលប់ទៅផ្ទះនឹងអាលសួរម៉ាក់ឱ្យអស់ចិត្ត។

ល្ងាចរួចពីការងារ ក្រុមជាងឡាននាំគ្នាដាក់ម៉ាយួរផឹកអបអរកម្មវិធីទទួលប្រាក់កម្លាំងពលកម្ម អារម្មណ៍ខ្ញុំនៅនឹងរឿងចង់បានប្រពន្ធ ខ្លាចតែរឿងផឹកស៊ីនាំស៊យឱ្យគេបដិសេធមិនឱ្យកូន ខ្ញុំមិនហ៊ានចូលរួមជាមួយគេទេ ព្រោះប្រញាប់ស្រូតឱ្យបានទៅដល់ផ្ទះឆាប់នឹងសួរម៉ាក់។

«កាពៅប្រាប់ខ្ញុំពិតមែនអត់ទេម៉ាក់?»

ម៉ាក់ងាកមកសម្លក់ហើយឆ្លើយផាំងៗអត់អាសូរចិត្តខ្ញុំ៖

«ចាំបាច់ទៅស៊ើបអីឯង? ក្រែងបងប្អូនគេនៅនេះក៏មានច្រើនដែរ រឿងកូនស្រីគេមានមនុស្សល្អម្នាក់ចូលចែចូវស្រេច ថាអីមិនល្បីអាជុន?»

ខ្ញុំឮហើយសឹងធ្លាក់ថ្លើមខ្ពាកតាមមាត់។ ពិតជាស៊ើបការណ៍របស់គេមែន ស៊ើបទាំងម្តាយទាំងកូន មិនមែនទៅស៊ើបចែចូវ បែរជាស៊ើបដឹងថាគេមានអ្នកផ្សេងឆក់បាត់។

បេះដូងខ្ញុំរលេះរលួយ ស្នេហាទី១ដែលបេះដូងខ្ញុំស្មោះយ៉ាងនេះ តាំងចិត្តថាត្រូវកែប្រែខ្លួនឯងដើម្បីឱ្យសក្តិសមនឹងគេ ខ្ញុំនៅតែបរាជ័យ?

ខ្ញុំលែងតបម៉ាក់ក៏ដើរវឹងចូលទៅបន្ទប់សំងំខូចចិត្ត។

អង្គុយស្ងៀមក្នុងបន្ទប់ងងឹតស្រក់ទឹកភ្នែកដូចអផ្សុកពេក ក៏ដើរទៅទិញស្រាបៀរយកមកផឹកកំដរខ្លួនឯងសេដរហូតដល់យប់ជ្រៅ។

ម៉ាក់និងប្អូនយល់ចិត្តណាស់ ទើបគ្មានអ្នកណាមកអើតសួរនាំខ្ញុំសោះ ជាពិសេសប្អូនពៅសំណព្វរបស់ខ្ញុំ ដឹងរឿងអ៊ីចឹងហើយ គេមិនហ៊ានមកក្បែរបន្តិចណាឡើយ ព្រោះខ្លាចខ្ញុំដេញធាក់។

តែឱ្យខ្ញុំបន្ទោសអ្នកណា? មកពីខ្ញុំផឹកពេក? មកពីខ្ញុំមិនសមនឹងគេ? ឬក៏ព្រោះពួកយើងទាំងពីរគ្មាន​និស្ស័យ​ស្នេហ៍ជាប្តីប្រពន្ធជាមួយគ្នា?

ខ្ញុំនិយាយបន្លប់ទេ តែខ្ញុំខូចចិត្តមែនទែន…

លើកទី១ហើយដែលខ្ញុំមិនទទួលបានអ្វីដូចដែលចិត្តប៉ង ហើយក៏ជាលើកទី១ដែរ ដែលអាចធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់ចុះ ព្រោះខ្ញុំពិតជាស្រលាញ់គេខ្លាំង…

មេឃកាន់តែងងឹតហើយ ខ្ញុំផឹកយ៉ាងណាក៏នៅតែមិនអាចភ្លេចទុក្ខក្នុងទ្រូង ខំបន្លប់យ៉ាងណាក៏នៅមិនអាចលុបពាក្យឈឺចាប់ចេញពីបេះដូងបាន។ ខ្ញុំទាញទូរសព្ទឆែករកមើលប្រូហ្វាល់ហ្វេសបុកគេដែលខ្ញុំយូរហើយមិនដែលហ៊ានអេដទៅ លួចមើលរូបថតគេដែលខ្ញុំលួចសេវទុក គ្រាន់នឹងរំសាយអារម្មណ៍នឹកដែលខ្លួនឯងគិតដល់គេម្តងៗ។

តាំងពីស្រលាញ់គេ ខ្ញុំមិនធ្លាប់ប្រាប់គេឡើយ ព្រោះតែគម្លាតចំណេះដឹងដែលជាគំនាបចិត្តខ្ញុំកន្លងមក ខ្ញុំមិនធ្លាប់ពោលពាក្យស្រលាញ់ ក៏មិនធ្លាប់ប្រាប់ឱ្យគេដឹងពីចិត្តខ្លួនឯងមានចំពោះគេដែរ ខ្ញុំខ្លាច ខ្លាចពាក្យមិន«សក្តិសម»ដែលខ្លួនឯងលាក់ទុកក្នុងទ្រូងរហូតមកបំផ្លាញសូម្បីទំនាក់ទំនងជាមិត្ត ជាបងប្អូន បំផ្លាញស្នាមញញិមដែលគេធ្លាប់មានឱ្យខ្ញុំ តែពេលនេះ មិននិយាយអ្វីសោះ ខ្ញុំនៅតែត្រូវបាត់បង់គេដដែល។

«អាជុន! តើចាប់ពីថ្ងៃនេះទៅ ឯងនឹងឈប់ផឹកស្រា ឬបន្តផឹក?»

ខ្ញុំសួរហើយឆ្លើយមិនចេញខ្លួនឯង។ ស្រាអស់ហើយ ខ្ញុំមិនហ៊ានចេញទៅទិញថែមខ្លាចម៉ាក់ជេរ ម៉ោងជាង២រំលងអធ្រាត្រ ខ្ញុំដេកមិនលក់ ស្រវឹងក៏មិនស្រវឹង ព្រោះឈឺចាប់ជាង ហើយពេលនោះជាពេលដែលខ្ញុំកាន់តែឯកោ អផ្សុក និងពិបាកទ្រាំណាស់ បើដូចមុនវិញ ខ្ញុំមិនដែលបណ្តោយខ្លួនឯងឱ្យវេទនាចិត្តអីម្ល៉ឹង ខ្ញុំមុខតែជិះម៉ូតូដើរលេងផឹកស៊ីជាមួយពួកម៉ាកឱ្យណាណីមិនចូលផ្ទះហើយ តែមិនស្មានថា តាំងពីស្គាល់គេ តាំងពីបានស្តាប់រឿងដែលគេនិយាយថាមិនចូលចិត្តមនុស្សប្រុសផឹកស្រាប្រមឹក ជិះម៉ូតូដើរលេងយប់ជ្រៅមក ខ្ញុំកែខ្លួនអស់រលីង ហើយចុងក្រោយ នៅតែឯកោម្នាក់ឯងដដែល។

ខ្ញុំនៅអង្គុយចុចទូរសព្ទអូសចុះអូសឡើង មិនហ៊ានដ្រាម៉ាដាក់ហ្វេសបុកផង ខ្លាចបងប្អូនគេគ្រួសារគេដឹងពីរឿងខ្ញុំខូចចិត្តដែលគេនឹងរៀបការជាមួយអ្នកផ្សេង ព្រោះរឿងខ្ញុំស្រលាញ់គេ មានតែអ្នកផ្ទះខ្ញុំប៉ុណ្ណោះដែលដឹង។

មើលមុខគេម្តងហើយម្តងទៀត គួបផ្សំជាតិស្រវឹងសឹងមួយកេះផឹកដាច់ម្នាក់ឯងធ្វើឱ្យចិត្តខ្ញុំក្លាហានចង់ឈែតស្នើរទៅគេ តែក៏នៅនឹកឃើញថា បើគេមិនមើលសំណើរឈែតហ្នឹងយូរដែរទម្រាំគេតប វិធីលឿន ខ្ញុំធ្លាប់ស្គាល់កុងធនាគាគេក៏សាកល្បងបាញ់លុយសរសេរពាក្យសួស្តី និងពាក្យក្នុងចិត្តប៉ុន្មានម៉ាត់៖

«សួស្តី! សុខសប្បាយអត់?»

ងាប់ហើយអាជុនអើយ បាញ់លុយអស់ជិតម្ភៃដុល្លា ហ៊ានត្រឹមប្រើពាក្យ«សុខសប្បាយអត់?»

គេមិនតបទេ ព្រោះមេឃជិតភ្លឺហើយ គេកំពុងគេងលក់ស្រួល ខ្ញុំមិនដឹងធ្វើម៉េចទៀត បើបាញ់បន្តអស់លុយគេមិនតបទាន់ចិត្តដដែលមានតែឱបទូរសព្ទដេក មិនខ្វល់នឹងក្រោកទៅងូតទឹកដុះធ្មេញអីផង។

………

ស្អែក! ទោះខូចចិត្តយ៉ាងណាក៏ខ្ញុំត្រូវតែក្រោកទៅធ្វើការដែរ គ្រាន់តែទៅយឺតជាងគេជាងឯងតែប៉ុណ្ណឹង។

ម៉ាក់និងប្អូនសួរនាំខ្ញុំធម្មតា ខ្ញុំមិនឆ្លើយ នៅតែបន្តសភាពស្ងៀមស្ងាត់អត់ពាក្យនិយាយ ធ្វើមុខស្អុយដាក់អ្នកផ្ទះ បញ្ជាក់ថាខ្ញុំកំពុងខូចចិត្តធ្ងន់ធ្ងរ ហូបបាយកករួច ខ្ញុំក៏ចេញពីផ្ទះ។

ម៉ោងជាង១០ខ្ញុំទៅដល់ការ៉ាស់ឡាន ទាំងពួកម៉ាកទាំងមេខ្ញុំធម្មតាទៅហើយ បើខ្ញុំស្រវឹងពីយប់ក្រោកមិនរួច តែងតែមកយឺតអ៊ីចឹងឯង តែវាយូរដែរហើយដែលខ្ញុំលែងទម្លាប់ផឹកស្រាដូចងូតទៀត ទើបតែយប់មិញខ្ញុំខូចចិត្តពេកក៏វិលទៅរកទម្លាប់ចាស់ ដល់អ៊ីចឹងហើយ ពួកបនភឿនមើលខ្ញុំឱ្យស្រ ឯមេក៏ដើរមកគោះស្មាសូរនាំ៖

«ម៉េចឯងជុន? យប់មិញអត់នៅចូលរួមជាមួយគេផង ម៉េចក៏ធ្ងន់ម្ល៉េះ?»

«ខូចចិត្តបង!»

ខ្ញុំនិយាយត្រង់ គិតថាមិនដឹងលាក់បាំងបានអីទៀត ណាមួយមនុស្សគាត់ជាទីប្រឹក្សាល្អម្នាក់ ឱ្យតែកូនចៅមានទុក្ខលំបាក បើប្រាប់ការពិតម្ល៉េះក្រែងគាត់មានគំនិតអីលួងលោមខ្ញុំខ្លះ។ ឃើញមុខខ្ញុំមាំហើយច្បាស់លាស់ពេក គាត់ទំនងជឿ ទើបដើរមកក្បែរសួរថែម៖

«ស្អីគេ? ឯងឥឡូវមានស្នេហា?»

«បាទ! តែចប់ហើយបង!»

«ទេ! បងដូចមិនធ្លាប់ឮឯងនិយាយអីសោះ! ហើយកូនអ្នកណា? ជាសង្សារ ហើយបែកគ្នា?»

ខ្ញុំស្រាប់តែនៅស្ងៀមគិតចង់បន្តរឿងរ៉ាវប្រាប់គាត់បន្តិចអីបន្តិច ​​​​​​​​​តែណ្ហើយ! បើឈឺចាប់ម្នាក់ឯងខ្លាចក្រែងស្ទះស្លាប់ មានអ្នករំលែកទុក្ខសោក ខ្ញុំច្បាស់ជាបានធូរស្បើយ។

«គេមានចំណេះ មានការងារល្អ ម៉េចនឹងសមខ្ញុំត្រឹមកូនជាងឡានមួយរៀលៗ!»

ខ្ញុំនិយាយទាំងរំកិលខ្លួនចូលទៅក្រោមឡានដើម្បីជួសជុល ដ្បិតកំពុងរៀបរាប់រឿងស្នេហាខកចិត្តតែមិនហ៊ានទម្លាក់ដៃធ្វើការងារបន្តិចទេ ព្រោះក្រែងចិត្តមេ ថ្ងៃនេះមកយឺតមិនស្តីឱ្យហើយ នៅមកជួយស្តាប់រឿងក្នុងចិត្តទៀត។

«ហើយម៉េច? គេព្រោះរឿងនេះទើបសុំឯងបែក?»

«អត់ទេបង! ខ្ញុំខ្លួនឯងខ្លាចមិនសមនឹងគេ ទើបស្រលាញ់មិនហ៊ានសារភាពផង អ្នកផ្សេងក៏ឆក់បាត់!»

«អ៊ឹម! ស្តាប់ទៅ បងក៏ចង់និយាយពាក្យប៉ុន្មានម៉ាត់ទៅឯង តែ…ចេញពីក្រោមឡានសិនមក!»

ដល់តែមេបញ្ជាខ្ញុំក៏ហ៊ានតោងចេញពីឡានគើមៗហើយសម្លឹងមុខគាត់ដែលច្បាស់លាស់៖

«អតីតកាលឯងមិនអាចផ្លាស់ប្តូរបានមែន តែម៉េចក៏មិនកែប្រែព្យាយាមធ្វើឱ្យល្អបំផុតក្នុងបច្ចុប្បន្ន ដើម្បីសម្រេចអនាគតមួយដែលឯងចង់បានទៅ?»

ខ្ញុំបានត្រឹមជ្រួញចិញ្ចើមសម្លឹងគាត់ ហាក់មិនទាន់ចាប់បានពីអ្វីដែលគាត់និយាយនៅឡើយ។ ឃើញមុខខ្ញុំទំនងពិបាកទទួលយក ហើយមិនតបគាត់ក៏គោះស្មាខ្ញុំនិយាយបន្ថែម៖

«បើគេជាជាង គេនឹងយកគ្រាប់ពេជ្រមួយគ្រាប់ដូចឯងនេះទៅកែច្នៃ ហើយឱ្យតែឯង ព្រមក្លាយជាពេជ្រដែលជួយបំពេញចំណុចខ្វះខាតរបស់គេ! ជុន! ស្នេហាមិនពិបាកយល់ណាស់ណាទេ មនុស្សពីរនាក់ស្រលាញ់គ្នា រស់នៅជាមួយគ្នាបាន មិនមែនទាល់តែដូចគ្នាទាំងស្រុងឡើយ! បងមើលឃើញសមត្ថភាពឯង បើគិតថាជាកូនជាងមួយរៀលៗមិនសមហ្នឹងគេ ឯងអាចប្តូរធ្វើមេជាង ជាម្ចាស់ការ៉ាស ឬក៏អាចមានជំនាញទិញដូរឡាន ធ្វើថៅកែ ឱ្យតែឯងខំ ព្រោះដើរជាមួយបងច្រើនឆ្នាំ បងស្គាល់ឯងច្បាស់ ឯងមានទេពកោសល្យ ឯងឆ្លាត ឯងអាចទៅរួច!»

ខ្ញុំដូចជាសប្បាយចិត្តភ្លាមគ្រាន់តែឮពាក្យដាស់តឿនរបស់គាត់ប៉ុន្មានម៉ាត់នេះ តែមិនទាន់ស្បើយច្រើនណាស់ណាទេ​ មែនហើយ ខ្ញុំអាចកែប្រែខ្លួនឯងដើម្បីអនាគត ដើម្បីអាចស្រលាញ់គេ តែបានន័យអី? ព្រោះពេលនេះវាហួសពេលហើយ។

«បាទបង! មួយទៀត! គេអត់ចូលចិត្តសភាពផឹកស្រារបស់ខ្ញុំទេ!»

«អើ! បើអត់បានអត់ទៅ វាដូចមិនខាតអីផង មែនអត់?»

ខ្ញុំសើចដាក់គាត់ដកដង្ហើមធំបន្លប់ទុក្ខ។

ចាប់ពីថ្ងៃនោះមក ខ្ញុំហាក់ភ្ញាក់រឭកខ្លួន ហើយរៀនពីជំនាញជាងឡានឱ្យច្បាស់លាស់ រៀនដើរទិញដូរឡានពីមេខ្ញុំ ដើម្បីបង្កើនចំណេះដឹងខ្លួនឯងលើផ្នែកនេះ។

ពេលវេលាបានកន្លងទៅ ឯរឿងដែលគេនឹងត្រូវភ្ជាប់ពាក្យមិនបានពន្យារសោះឡើយ ខ្ញុំដឹងថាមិនអាចបដិសេធមិនចូលរួមបានទេ បើគ្រួសារគេនិងខ្ញុំរាប់អានគ្នាស្និទ្ធយ៉ាងនេះ តែសំណាងហើយ ដែលខ្ញុំត្រូវផ្លាស់ទៅនៅសៀមរាប ព្រោះមេបានបើកការ៉ាសថ្មីនៅទីនោះ និងឱ្យខ្ញុំធ្វើជាមេជាងកាន់កាប់ជំនួសគាត់ទាំងស្រុង។

ខ្ញុំបានលេសនេះ មិនទៅចូលរួមថ្ងៃភ្ជាប់ពាក្យគេ ហើយក៏សម្រេចថាទៅសៀមរាប មិនចង់មកស្រុកកំណើត ព្រោះខ្លាចត្រូវចួបជុំនឹងគ្រួសារគេ ពិសេស ឃើញគេ ឬឃើញមុខគូដណ្តឹងគេ បែបនេះ ទើបរាល់ពេលបុណ្យទានធំៗទើបខ្ញុំមកផ្ទះលេងប៉ាម៉ាក់និងប្អូនពៅម្តង។

ពេលវេលាន្លងទៅហើយ ជាពេលដែលខ្ញុំបានព្យាបាលចិត្តឈឺចាប់ដោយបន្លប់នឹងការធ្វើការ រៀនផង មិនសម្រាក…

ខ្ញុំក៏បានផ្តាច់លែងផឹកស្រាព្រោះឱ្យតែចាប់កាន់ឃើញតែមុខគេពេក ខ្ញុំខ្លាចនឹកគេដល់តែដេកមិនលក់ ទើបចេះតែខ្លាចស្រា ហើយឈប់ផឹកដល់ពេលនេះ។

ចុងក្រោយ ខ្ញុំក៏បានការ៉ាសឡាននោះមកកាន់កាប់ជារបស់ផ្ទាល់ខ្លួន និងមិនស្មានសោះថា ៥ឆ្នាំក្រោយ ខ្ញុំបានចួបគេនៅសៀមរាប…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*