រឿង៖ អាថ៌កំបាំងក្លិនផ្កាLavender (ភាគ៣)

នៅក្នុងបន្ទប់ធ្វើការរបស់អ្នកគ្រប់គ្រងសណ្ឋាគារ ស្រីស្រស់វីយូឡាអង្គុយនៅលើសាឡុងអានឯកសារដោយស្ងៀមស្ងាត់។ បុរសចំណាស់វ័យប្រហែល៥០ឆ្នាំប្លាយកំពុងឈរក្បែរកៅអីតូចដោយកាយវិការរាបសារ គាត់មិននិយាយអ្វីដូចរង់ចាំឱ្យវីយូឡាជាអ្នកចាប់ផ្ដើមមុន។

គាត់បន្តឈរត្រង់នោះប្រាំនាទីទៀតដោយមិនបញ្ចេញសំឡេង ឬបង្ហាញភាពធុញទ្រាន់ព្រោះគាត់ដឹងថានាងនឹងនិយាយអ្វីមួយដែលគាត់ចង់ស្ដាប់។

«លេខាជីម (Jim) មិនបាច់បារម្ភទេ រឿងនេះខ្ញុំជាអ្នកចាត់ចែង»

សំឡេងរបស់នាងស្ងប់ ហាក់ដូចជាព្យាយាមផ្ដល់ទំនុកចិត្តឱ្យលេខាដែលជាមនុស្សចាស់ទុំរបស់ខ្លួន។

«ប៉ុន្ដែប៉ូលិសមិនទាន់ទៅណាទេ»

«ពួកគេធ្វើអីក៏ធ្វើទៅ»

«ខ្ញុំខ្លាចថាវាប៉ះពាល់ដល់សណ្ឋាគារ…»

«បាត់ភ្ញៀវច្រើនអត់?» សំណួររបស់នាងដេញទៅចំចំណុចដែលធ្វើឱ្យលេខាចំណាស់ដកដង្ហើមធំ។

«បាត់មិនច្រើនទេ ភ្ញៀវនៅតែប្រើប្រាស់សេវាកម្មរបស់យើង»

«ចុះលេខាជីមខ្លាចអី?» ដៃតូចស្រឡូនដាក់ឯកសារចុះទៅលើតុ ហើយផ្អែកខ្នងទៅនឹងសាឡុង ឱបដៃសម្លឹងចំមុខជ្រួញៗរបស់លេខាជីម។

«My lady…»

«ខ្ញុំដឹងថាខ្ញុំធ្វើអីហើយៗខ្ញុំសន្យាថាមិនឱ្យប៉ះពាល់ដល់សណ្ឋាគារដែលប៉ាម៉ាក់ស្រលាញ់នោះទេ» ទោះជាសម្ដីរបស់នាងជួយឱ្យគាត់ស្ងប់ចិត្តបន្តិច ក៏វាមិនអាចធ្វើឱ្យគាត់ឈប់បារម្ភបានដែរ។ ឌីនបានបាត់ខ្លួនចេញពីបន្ទប់សណ្ឋាគារដោយគ្មានអ្នកណាដឹង ប៉ូលិសរកមិនឃើញថាវាជាកំហុសរបស់ខាងសណ្ឋាគារដោយសារតែគ្មានតម្រុយ ឬដានបញ្ជាក់ គ្រប់យ៉ាងត្រូវបានធ្វើឡើងយ៉ាងស្អាត ក្រុមគ្រួសារក៏មិនអាចប្ដឹងបានព្រោះខាងសណ្ឋាគារក៏បានចេញមុខទទួលខុសត្រូវបញ្ជាក់ពីភាពស្អាតស្អំ ហើយរឿងក្ដីនេះក៏នៅជាអាថ៌កំបាំង មនុស្សប្រុសបាត់បន្ដបន្ទាប់ពីសណ្ឋាគារផ្សេងៗគ្នា។

វីយូឡានាំរូបរាងល្អល្អះទៅឈរក្បែរបង្អួច ហើយសម្លឹងចេញទៅក្រៅ ទោះវាងងឹតមិនដឹងថាកន្លែងណាជាកន្លែងណា ភ្នែករបស់នាងសម្លឹងចំទីដែលនាងស្គាល់ នាងដឹងថាគួរមើលកន្លែងណា ហើយក៏ដឹងថាវាជាអ្វី។ កែវភ្នែកមូលថ្លាឆ្វង់ពោរពេញទៅដោយកង្វល់ ជាកង្វល់ដែលនាងមិនអាចរ៉ាយរាប់ប្រាប់អ្នកដទៃបាន។​ តើរឿងក្ដីចាប់មនុស្សពិតជាមានពាក់ព័ន្ធជាមួយនាងមែនឬ?

*******

រយះពេលបីថ្ងៃដែលរិទ្ធស្នាក់នៅសណ្ឋាគារ ហើយក៏មិនទាន់បានតម្រុយអ្វីផ្សេងនោះដែរក្រៅពីម្ចាស់សណ្ឋាគារមានសម្រស់គួរឱ្យចាប់អារម្មណ៍ និងពោរពេញទៅដោយអាថ៌កំបាំង។

រិទ្ធត្រលប់ទៅកន្លែងស្នាក់របស់ក្រុមរបស់គេពីរបីម៉ោងដើម្បីធ្វើការជាមួយសិទ្ធក្នុងការស្រាវជ្រាវអំពីប្រវត្តិរបស់សណ្ឋាគារ និងម្ចាស់របស់វា។

«មើលទៅដូចជាមានអ្វីម្យ៉ាងមិនត្រឹមត្រូវ…» សិទ្ធរអ៊ូ ភ្នែកមើលទៅអក្សរនៅលើអេក្រង់កុំព្យូទ័ររបស់ខ្លួន រិទ្ធបានតែងក់ក្បាលយល់ស្រប។

«ហេតុអីក៏គ្មានប្រវត្តិរបស់នាងមុនចូលរៀនវិទ្យាល័យ?»

«ហ្នឹងហើយ!»

«គួរឱ្យសង្ស័យណាស់»

«បើទិន្នន័យមិនពិត មានតែយើងរកខ្លួនឯង»

សិទ្ធងក់ក្បាលទទួលភារកិច្ចស៊ើបរកការពិត។ វាហាក់ដូចជាពិបាកជាងពួកគេស្មានទៅទៀត។ ប្រវត្តិរូបរបស់ស្រីវីយូឡាមានភាពមិនច្បាស់ ហើយវាដូចជានាងព្យាយាមលាក់ប្រវត្តិរបស់ខ្លួនដើម្បីអ្វីម្យ៉ាង។ សុខៗនាងក៏បង្ហាញខ្លួននៅក្នុងសណ្ឋាគារH&Rក្នុងឋានៈជាអ្នកគ្រប់គ្រងទូទៅ ហើយក៏ជាអ្នកស្នងត្រកូលសាន់ដ្រា។

តាមទិន្នន័យបានបង្ហាញថានាងរស់នៅជាមួយជីដូនជីតាពេលរៀនវិទ្យាល័យ ហើយបន្តសិក្សានៅប្រទេសផ្សេងពេលរៀនបរិញ្ញាបត្រផ្នែកគ្រប់គ្រងជំនួញ ហើយត្រលប់មកប្រទេសដើមវិញបន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសអីតាលី។

នាងមិនបានចូលទៅកាន់កាប់សណ្ឋាគារភ្លាមៗនោះទេ នាងចំណាយពេលជិតពីរឆ្នាំក្នុងការសម្រាកលម្ហែដោយមិនមានអ្នកដឹងថានាងទៅទីណាមុននឹងលោក និងលោកស្រីសាន់ដ្រាផ្ទេរតំណែងគ្រប់គ្រងសណ្ឋាគារឱ្យទៅនាងពេញសិទ្ធិ។

គ្មានអ្នកបានដឹងពីសាវតារបស់នាងនោះទេរហូតដល់ឈ្មោះរបស់នាងត្រូវបានបញ្ចូលជាអ្នកគ្រប់គ្រងសណ្ឋាគារ ហើយក៏បន្តបង្ករភាពភ្ញាក់ផ្អើលដោយសារសម្រស់ និងសមត្ថភាពរបស់នាងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ទោះបីជានាងនៅក្មេង តែនាងមានភាពចាស់ទុំ ចេះបត់បែន និងមានសមត្ថភាពដោះស្រាយបញ្ហាខ្ពស់លើសពីការស្មាន។

នាងក្រមុំមិនសូវបង្ហាញមុខមាត់ ឬជជែកវែកញែកច្រើននោះទេ នាងចូលចិត្តធ្វើការដោយស្ងៀមស្ងាត់ ហើយបណ្ដោយឱ្យលទ្ធផលជាអ្នកនាំឈ្មោះរបស់នាងចេញទៅក្រៅជំនួសវិញ ជាហេតុធ្វើឱ្យសណ្ឋាគារមានភាពរីកចម្រើន មានភ្ញៀវចេញចូល​មិនដាច់រហូតមកដល់ពេលនេះ។ ថ្មីៗនេះនាងចាប់ផ្ដើមចូលរួមសកម្មភាពផ្សេងៗក្នងអង្គការសប្បុរសធម៌ និងមូលនិធិដែលជួយកុមារកំព្រាជាមួយសង្គមហើយក៏បានបង្កើតទំនាក់ទំនងជាមួយអ្នកដែលមានអំណាច និងតំណែងនៅក្នុងសង្គមទាំងក្នុង និងក្រៅប្រទេស។

ដោយឡែកព័ត៌មានដែលរិទ្ធបានដឹងថ្មីៗនោះគឺនាងត្រូវបានទទួលសិទ្ធិចិញ្ចឹមពីមណ្ឌលកុមារកំព្រាតាំងពីអាយុ១២ឆ្នាំដោយលោក និងលោកស្រីសាន់ដ្រាទៅវិញ។ ដូច្នេះទិន្នន័យដែលបានដឹងមកថានាងនៅជាមួយជីដូនជីតាមុនវិទ្យាល័យនោះគឺជារឿងមិនពិត។

រិទ្ធត្រលប់ទៅសណ្ឋាគារវិញជាមួយសំណួរជាច្រើន ហើយគេក៏នឹងរកចម្លើយឱ្យឃើញ។ វាហាក់ដូចជាធម្មតាពេក ធម្មតារហូតគេសង្ស័យ បន្ទាប់បីបាត់មនុស្សពីសណ្ឋាគារដោយមិនដឹងហេតុ កន្លែងនេះនៅតែមានមនុស្សចូលមកប្រើសេវាកម្មដដែល។

ល្ងាចនោះរិទ្ធអង្គុយលើកៅអីក្រោមដើមផ្កា សញ្ចឹងគិត បំណងមួយទៀតដែលគេជ្រើសរើសអាងទឹកព្រោះតែគេដឹងថាវីយូឡានឹងមកទីនេះ ដោយសារតែបីថ្ងៃនេះ រាល់ល្ងាចម៉ោង៦គេសង្កេតឃើញថានាងចូលចិត្តឈរត្រង់នោះ សម្លឹងមើលទឹកក្នុងអាងដោយឥរិយាបថស្ងប់ស្ងាត់។ នាងឈរស្ងៀម តែសម្រស់រាងកាយ និងមុខស្រទន់របស់នាងតែងតែធ្វើឱ្យគេមើលឡើងភ្លឹកម្ដងៗ។

ឈុតវែងដែលនាងស្លៀកតែងតែងធ្វើឱ្យអ្នកមើលមានអារម្មណ៍ល្អ វាសក្តិសមជាមួយរាងកាយស្រឡូន និងទឹកមុខនឹងនរគ្មានប្រែប្រួល។

រិទ្ធចាំនៅទីនោះប្រហែលជាង៣០នាទី នៅតែមិនទាន់ឃើញនាង គេក៏ចាប់ផ្ដើមធុញទ្រាន់ តែក៏នៅមិនបោះបង់ គិតថានាងនឹងមក។ ដូចអ្វីដែលគេរំពឹង វីយូឡាពិតជាដើរចូលមកមែន ថ្ងៃនេះលេខាជីមក៏មកដែរ លេខាចំណាស់តម្រង់ទៅទ្វាររបងចាក់បើកសោររបងឱ្យនាងហើយចេញទៅបាត់ រិទ្ធបានឱកាសដើរតាមនាងពីក្រោយដោយមិនឱ្យម្ចាស់ខ្លួនគេដឹង។

វីយូឡាឈរក្រពាត់ដៃនៅចំពីមុខជួរផ្កាឡាវែនដឺ សម្លឹងមើលទៅផ្កាពណ៌ស្វាយដោយអារម្មណ៍ហោះហើរ ទោះទឹកមុខស្ងប់តែមិនដឹងថានៅក្នុងចិត្តរបស់នាងកំពុងគិតពីរឿងអ្វីខ្លះ មិនដឹងថាមានបញ្ហាអ្វីខ្លះដែលធ្វើឱ្យនាងច្របបូកច្របល់។

រិទ្ធដែលឈរពីក្រោយស្រាប់តែចង់ដឹងថានាងកំពុងគិតអ្វី។ អ្នកកំលោះរៀបឬកពារមុននឹងដើរទៅឈរទន្ទឹមនឹងនាងជាមួយស្នាមញញឹម។

«សួនស្អាតណាស់ តែគួរឱ្យស្ដាយដែលមានមនុស្សតិចណាស់បានឃើញ»

គេនិយាយតិចៗ តែល្មមអាចឱ្យនាងស្ដាប់ឮ។ វីយូឡាងាកមើលទៅគេដោយទឹកមុខនឹងនរ មិនមានភាពភ្ញាក់ផ្អើលចំពោះវត្តមានរបស់គេ។

«សូមអធ្យាស្រ័យលោក កន្លែងនេះមិនអនុញ្ញាតឱ្យភ្ញៀវចូលនោះទេ»

ឮសំឡេងរបស់នាងដោយផ្ទាល់បែបនេះគេចង់ទន់ជើង សំឡេងរបស់នាងស្ងប់ ស្រទន់ តែមានន័យដាច់ខាត។ គេសុំទោសតាមការគួរ តែមិនព្រមថយចេញ ឯវីយូឡាក៏បណ្ដោយតាមគេព្រោះដឹងថាគេនឹងមិនព្រមទៅទោះព្យាយាមដេញ ឬឱ្យសន្តិសុខមកចាប់គេចេញក៏ដោយ។

គេទាំងពីរឈរនៅត្រង់នោះដូចជាមនុស្សស្គាល់គ្នាស្និទ្ធិស្នាលយូរឆ្នាំមកហើយអ៊‌ីចឹង​។ ទោះជាមានអារម្មណ៍ថាទាស់ៗបន្តិច តែបរិយាកាសបានជួយសម្រួលឱ្យមានភាពស្ងប់ស្ងាត់ចម្លែក វីយូឡាមានអារម្មណ៍ថាមានសុវត្ថិភាពទោះបីជាគេជាមនុស្សប្លែកមុខ ចំពោះរិទ្ធ ទោះបីជានាងជាមនុស្សដែលស្ថិតនៅក្នុងការសង្ស័ររបស់ក៏ដោយតែគេបែរជាចង់នៅក្បែរនាងទៅវិញ។

ពន្លឺពណ៌ទឹកក្រូចរបស់ព្រះអាទិត្យពេលល្ងាចគ្របទៅលើផ្កាពណ៌ស្វាយបង្កើតបានជាទេសភាពដូចគំនូរ។ ទងផ្កាឡាវែនដឺរេរាំទៅមកតាមកម្លាំងវាយោ វាជារូបភាពដែលធ្វើឱ្យវីយូឡាបានធូរស្បើយក្នុងចិត្តពីទុក្ខ និងបញ្ហាផ្សេងៗ ទោះបីវាបាននាំមកជាមួយការចងចាំខ្លះៗពីអតីតកាល នាងក៏មិនបានប្រកាន់ព្រោះការចងចាំទាំងនោះវាមកជាមួយភាពកក់ក្ដៅដែលនាងធ្លាប់បានទទួលពីគ្រួសារជាទីស្រលាញ់របស់ស្រី។

រិទ្ធសង្កេតឃើញភ្នែកដែលជន់ជោរដោយទឹកភ្នែករបស់នាង ប៉ុន្តែមិនអាចរកពាក្យមកនិយាយដើម្បីលួងលោមព្រោះគេមិនបានដឹងពីរឿងរ៉ាវនៅពីក្រោយទឹកភ្នែកទាំងនោះ។ គេនៅត្រង់នោះជិតនាងបង្កើយ​ តែមានអារម្មណ៍ដូចជាឆ្ងាយរាប់រយគីឡូដីទៅវិញ គេក៏មិនដឹងថាវាមកពីអ្វី។ ហើយមុននឹងគេអាចហើបមាត់និយាយបាន នាងបែរខ្លួនដើរចេញ។

«លោកមិនគួរមកទីនេះទៀតនោះទេ»​ វាខ្លី តែមានន័យច្បាស់លាស់សម្រាប់ឱ្យគេបានដឹងថារឿងថ្ងៃនេះមិនអាចកើតឡើងម្ដងទៀតនោះទេ។ រិទ្ធញាក់ស្មា ឈានជើងវែងៗតាមនាងប្រកិត។

«ចុះអ្នកនាង? មកទៀតទេ?»

«ខ្ញុំខុសពីលោក»

«ខុសបែបម៉េច?»

«លោក! សូមកុំឱ្យវាហួសព្រំដែន» នាងឈប់ដើរ ងាកទៅរកគេដែលឈប់តាមនាង។ ភ្នែកភ្លឺថ្លាសម្លឹងចំកែវភ្នែកពណ៌ត្នោតរបស់អ្នកកំលោះ ហើយវាស្ទើរតែធ្លុះដល់ព្រលឹងរបស់គេ។

ភ្នែករបស់នាងស្អាតណាស់ ស្អាតបែបមានអំណាច បើភ្នែកនោះជាកាំបិតវាអាចធ្វើឱ្យក្បាលរបស់គេធ្លុះធ្លាយបាត់ទៅហើយ វាជាភ្នែកដែលលាក់ទុកអាថ៌កំបាំងជាច្រើន។ គេលើកដៃទាំងពីររបៀបចុះចាញ់ ឈានថយមួយជំហានជាមួយស្នាមញញឹមបែបអន់ចង់។

វីយូឡាដកដង្ហើមតូចមុននឹងនាំរាងល្វត់ល្វន់ត្រលប់ទៅសណ្ឋាគារវិញ។ រិទ្ធញញឹមចុងមាត់ ងាកមើលទៅសួនផ្កាម្ដងទៀត ភ្នែករបស់គេរេជុំវិញបរិវេណនោះ ឃើញថាវាគ្រាន់តែជាសួនធម្មតា ស្ងប់ស្ងាត់ និងស្រស់ស្អាត តែគេបែរជាមានអារម្មណ៍ថាវាប្លែកទៅៗពីមួយថ្ងៃទៅមួយថ្ងៃទៅវិញ។

ខណៈពេលនោះ មានកែវភ្នែកមួយគូតាមមើលរិទ្ធទាល់តែគេចេញផុតពីរបង។​

*******

ព្រឹកព្រលឹម ថ្ងៃមិនទាន់រះស្រួលបួលផង រិទ្ធស្លៀកខោកីឡាខ្លីត្រឹមជង្គង់ពណ៌ប្រផេះ ជាមួយអាវយឺតហូដី(Hoodie)ពណ៌ស រត់ហាត់ប្រាណយឺតៗតាមបរិវេណសណ្ឋាគារជាមួយកាសក្នុងត្រចៀកខាងស្ដាំ។

«រួចនៅ?» គេនិយាយតិចៗទាំងដង្ហក់។ ម្ខាងទៀតគ្រហឹមតប ធ្វើឱ្យភ្នាក់ងារកំលោះញញឹមសមចិត្ត។

«សួនហ្នឹងស្អាតណាស់ មិនអ៊‌ីចឹង?»

«ត្រូវហើយ! ខៃយ៉ាងម៉េចហើយ?»

«កំពុងទៅកូរ៉េដូចដែលឯងស្នើរ ប្រហែលជាអាចរកឃើញតម្រុយខ្លះ)

«ល្អហើយ! ខ្ញុំមិនអាចនៅទីនេះបានទៀតទេ ខាងសណ្ឋាគារអាចនឹងសង្ស័យ»

«ចាំឱ្យម៉ាកទៅជួយ គេនឹងទៅម៉ោង៩នេះ!»

«Great!»​ រិទ្ធចុចផ្ដាច់ការខល ហើយបន្តរត់តិចៗតាមរបងសណ្ឋាគារ គេរត់ទៅរកផ្លូវតូចដែលគេប្រាកដថានឹងនាំគេទៅជើងភ្នំខាងក្រោយ។ ទីនេះមានតែដើមឈើទាបៗអមសងខាងផ្លូវលំ ក្លិនស្មៅពេលព្រឹកផ្ដល់ភាពស្រស់ស្រាយ។ មិនឆ្ងល់ទេដែលមនុស្សចូលចិត្តមកទីនេះទោះឆ្ងាយពីក្រុងបន្តិចមែន។

ពេលស្ងប់ស្ងាត់បែបនេះ រិទ្ធចាប់ផ្ដើមសួរខ្លួនឯងពីគោលដៅសំខាន់ដែលធ្វើឱ្យគេតាមវីយូឡា។ គេគ្រាន់តែធ្វើតាមសភាវគតិរបស់ខ្លួនដែលប្រាប់ថានាងអាចនឹងមានពាក់ព័ន្ធជាមួយរឿងក្ដីនេះ ហើយក៏អាចមានទំនាក់ទំនងជាមួយករណីឃាតកម្មកាលពី១០ឆ្នាំមុនផងដែរ។

មកដល់ចុងបំផុតរបស់របងសណ្ឋាគារគេឈប់ ខាងឆ្វេងដៃគឺជញ្ជាំងដែលគេដឹងថាវាជាសួនផ្កានោះ។ គេសម្លឹងមើលទៅដើមឈើខ្ពស់ៗនៅចំពោះមុខ គេងាកមើលជុំវិញខ្លួនប្រាកដចិត្តថាគ្មានអ្នកណាឃើញពីវត្តមានរបស់គេមុននឹងដើរចូលទៅក្នុងព្រៃដែលមានដើមក្រូចមួយៗបន្លំជាមួយដើមឈើផ្សេងៗ។

ខែនេះផ្កាក្រូចចាប់ផ្ដើមបញ្ចេញក្លិនឈ្ងុយឈ្ងប់ រិទ្ធស្រូបយកពេញសួតព្រោះមិនស្រូបមិនបាន វាក្រអូបដូចក្លិននៅក្នុងបន្ទប់សណ្ឋាគាររបស់គេ ធ្វើឱ្យគេមានអារម្មណ៍ដូចនៅផ្ទះ។

ដើមក្រូចកម្ពស់ប្រហែលពីរម៉ែត្រត្រូវបានដាំជាជួរ ហាក់ដូចជាមិនសូវបានមើលថែ ខុសពីសួនផ្កាដែលមានអ្នកថែរក្សាដិតដល់ល្អណាស់។ គុម្ពស្មៅក្រាស់ៗដុះពីក្រោមដើមក្រូច ធ្វើឱ្យមើលទៅដូចជាព្រៃក្រោយផ្ទះដូច្នេះដែរ។

រិទ្ធសម្លឹងមើលទៅជុំវិញបរិវេណនោះ និងបន្តដើរទៅមុខជិតមួយម៉ោង ទើបត្រលប់មកវិញដោយមិនទទួលបានតម្រុយអ្វី សូម្បីសត្វមួយក្បាលក៏មិនបប្រទះផង។ ដីចម្ការធំណាស់ ហើយភ្ជាប់ជាមួយព្រៃជើងភ្នំ គេមិនអាចដើរឱ្យសព្វក្នុងរយៈពេលខ្លីបាននោះទេ។

អ្វីៗគ្រប់យ៉ាងនៅសណ្ឋាគារនេះគឺPerfect រិទ្ធក៏បានClearចម្ងល់ដែលមិនយល់ពីមុនមកថាហេតុអ្វីក៏កន្លែងនេះមានគេមកច្រើនទោះជាឆ្ងាយពីក្រុង សក្តិសមនឹងការធ្វើដំណើរ។

នៅម៉ោង៩ត្រឹម ម៉ាកបង្ហាញខ្លួននៅចំខ្លោងទ្វារចូលសណ្ឋាគារជាមួយឈុតធំបែបអ្នកធ្វើការ ដៃម្ខាងកាន់កាបូបខ្មៅមួយ ដៃម្ខាងទៀតលើកទៅរុញវ៉ែនតាឡើង។ គេប្រាប់អ្នកផ្ដល់ព័ត៌មានថាមានណាត់ជាមួយ រិទ្ធី ចូអាន បុគ្គលិកក៏នាំគេទៅហាងកាហ្វេនៅក្នុងសណ្ឋាគារដែលមានរិទ្ធអង្គុយក្រេបកាហ្វេចាំជាស្រេច។ អ្នកទាំងពីរចាប់ដៃគ្នា រាក់ទាក់គ្នាដូចជាដៃគូរកស៊ីទូទៅ។

«កន្លែងល្អ!» ម៉ាកសសើរ មើលជុំវិញបរិវេណ រិទ្ធងក់ក្បាលយល់ស្របមុននឹងហុចឯកសារមួយដុំឱ្យទៅមិត្តភក្តិ។

«ទីបំផុតខ្ញុំក៏មានឱកាសចួបលោកដើម្បីពិភាក្សាពីការងារលើកនេះហើយ! នេះជាគម្រោងរបស់ផលិតផលដែលខ្ញុំត្រៀមយកមកបង្ហាញ សង្ឃឹមថាលោកនឹងពេញចិត្ត ហើយពិចារណារសហការគ្នាអភិវឌ្ឍគម្រោងមួយនេះជាមួយគ្នា»

រិទ្ធចាប់ផ្ដើមនិយាយការងារ មិនឱ្យខាតពេល ឬបង្ករការសង្ស័យពេលបុគ្គលិកបម្រើភេសជ្ជៈ ម៉ាកបើកឯកសារមើល។ ការសម្ដែងបានបន្ដរហូតដល់គេទាំងពីរប្រាកដចិត្តថាមិនមានអ្នកណាចាំសង្កេតទៀត។

«គម្រោងនេះរៀបចំមកបានល្អណាស់ និយាយអ៊‌ីចឹង ​លោកមានយកគំរូផលិតផលមកឬអត់?» ម៉ាកសួរ នៅចូលតួនៅឡើយ។

«ប្រាកដជាមាន» រិទ្ធដកtabletចេញមក ហើយចូលទៅកាន់តែកៀកមិត្តរួមក្រុម។

«ទីនេះជាបន្ទប់គ្រប់គ្រងCCTV យើងពិនិត្យមើលហើយ មិនសូវយាមតឹងរឹងប៉ុន្មាននោះទេ យប់នេះត្រូវយកទិន្នន័យទាំងអស់ឱ្យបាន»

«ទោះបីជាមិនសូវមានការយាមតឹងរឹង តែបើតាមយើងមើលកន្លែងនេះមានរចនាសម្ព័ន្ធលម្អិតណាស់ ហាក់ដូចជាបានរៀបឡើងមកដើម្បីការពារកន្លែងទុកជាមុនរួចហើយ» ម៉ាកវិភាគ។

«យើងដឹង! តែនេះជាវិធីតែមួយគត់ដើម្បីចាប់ផ្ដើមផែនការ»

«វាចម្លែក…វាដូចជាមើលទៅមានសុវត្ថិភាពពេកហើយ» ម៉ាកបន្ត សម្លឹងមើលទៅរូបក្នុងអេក្រង់tablet គេហាក់ស្តាក់ស្ទើរ។

«មានCCTVមួយណាដែលធ្លាប់គេចផុតពីម្រាមដៃរបស់ម៉ាក ហ្គាហ្សិលដែរទេ?»

«មនុស្សចេះដើរស្ទាត់នៅតែមានពេលដួល»

«ទៅ! ម៉ាកចេញមុខទៅហើយ មិនបានសម្រេចក៏បានបទពិសោធន៍ដែរ»

«អូខេ! យើងនឹងសាកល្បង»

បន្ទាប់មកម៉ាកក៏ជួលបន្ទប់មួយសម្រាប់គេ នៅជួរជាមួយបន្ទប់របស់រិទ្ធ។ ដោយប្រើប្រាស់មន្តស្នេហ៍របស់ខ្លួន ម៉ាកមិនត្រឹមតែបានកាតចូលបន្ទប់​ ថែមទាំងបានលេខផ្ទាល់ខ្លួនរបស់អ្នកផ្ដល់ព៍ត៌មានទៀតផង។

គេមិនភ្លេចសសើរពីសម្រស់ស្រស់សោភារបស់សណ្ឋាគារ តែក៏មិនអាចប្រៀបធៀបជាមួយសម្រស់របស់នាង​ ធ្វើឱ្យកញ្ញាញញឹមអៀន។ រិទ្ធឈរសើចពីម្ខាង គេតែងតែសសើរពីជំនាញទំនាក់ទនងរបស់ម៉ាក អ្នកកំលោះKeyboardម្នាក់នេះតែងតែប្រើប្រាស់ជំនាញទន់របស់ខ្លួនដោះស្រាយយករួចខ្លួនបានគ្រប់កាលៈទេសៈ។

កាលពីនៅហ្វឹកហាត់ជាមួយគ្នា ម៉ាកតែងតែលួចគេចម៉ោងហាត់វិជ្ជាវាយដំការពារខ្លួនទៅលេងហ្គេមជាញឹកញាប់ ហើយក៏តែងតែអូសទាញមិត្តរួមក្រុមឱ្យបានចូលទៅក្នុងការដាក់ពិន័យជាមួយផងដែរ។ សមាជិកទាំងអស់តែងតែភ្ញាក់ផ្អើលជាមួយល្បិចរបស់គេ ហើយតាមមិនដែលទាន់គំនិតប្លែកៗរបស់ម៉ាកនោះដែរ។

នៅក្នុងការបាញ់បោះ ឬរឿងវាយគ្នាមិនមែនគេមិនចេះនោះទេ គេធ្វើបានល្អ តែគេប្រាប់ថាវាជារឿងហត់នឿយ បែបនេះហើយទើបគេជ្រើសរើសផ្នែកITវិញ។ ម៉ាកជាកូនកំព្រា។ គេរស់នៅជាមួយយាយរបស់គេនៅភូមិតូចមួយ ហើយនៅវ័យ១០ឆ្នាំគេត្រូវបានប្រធានធំយកមកចិញ្ចឹម និយាយឱ្យខ្លីគេជាកូនចិញ្ចឹមរបស់មេធំរបស់ពួកគេ។ ចាប់ពីពេលនោះមកម៉ាកចាប់ផ្ដើមជីវិតថ្មីជាមួយមិត្តភក្តិស្លាប់រស់នៅក្នុងសាលាហ្វឹកហាត់ឯកជនរបស់ឪពុកចិញ្ចឹមរបស់គេ។

នៅមានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*