តាំងពីឆ្នាំ២០២០ សម័យកាលបិទខ្ទប់ដោយកូវីដ១៩ អ្នកនិពន្ធស្រីម្នាក់បានបង្កើតឡើងនូវវេទិកាអនឡាញ meysansotheary.com និងបានបណ្តុះបណ្តាល អ្នកនិពន្ធ៤ជំនាន់ដែលមានសុរបជិត៥០នាក់។
មកដល់ពេលនេះ អ្នកស្រី ម៉ីសន សុធារី មានមាតិកាប្រមាណ ជា៥០០០អត្ថបទនៅលើវេបសាយប្រលោមលោកខ្លីនិងវែង ចម្រុះ រសនិយម ហើយទទួលបានស្នាដៃអ្នកនិពន្ធចាស់ថ្មីដាក់សាច់រឿងមកផ្សាយប្រកបដោយគុណភាព។
ក្រុមការងារយើងខ្ញុំបានធ្វើបទសម្ភាសន៍មួយជាមួយអ្នកនិពន្ធនិងជាស្ថាបនិកនៃវេបសាយប្រលោមលោកដ៏ជោគជ័យនេះ។
សំណួរ៖ ជម្រាបសួរបាទ! មានអ្នកអានជាច្រើនលើកឡើងថា បងជាអ្នកធ្វើកំណែទម្រង់ការអានមកលើអនឡាញយ៉ាងជោគជ័យម្នាក់ តើបងអាចបង្ហើបពីទស្សនវិស័យលើការងារនេះ ក៏ដូចជាផែនការអនាគតបានដែរទេ?
ចម្លើយ៖ ខ្ញុំមិនមែនដំបូងគេទេ តែអាចថា ឈរជើងកាន់តែមាំឡើងៗរហូតដល់ពេលនេះព្រោះពឹងលើគុណតម្លៃសំខាន់មួយគឺ ខ្ញុំមានមតិកាល្អហើយច្រើន។ នៅឆ្នាំ២០១៣ ខ្ញុំជាបុគ្គលិកម្នាក់ ដែលចូលរួមក្នុងការបង្កើតប្រលោមលោក Sabay។ ខ្ញុំមើលឃើញថា ការអានពេលនោះ បានធ្លាក់ដល់សូន្យ។ ក្រោយមកអ្នកអានជាច្រើនបាននៅជាមួយក្រុមការងារយើងរាល់ព្រឹក អ្នកអានផ្សារភ្ជាប់ជាមួយយើង ធ្វើឱ្យយើងរឹតមានទឹកចិត្តខ្លាំងឡើងៗ។ នៅឆ្នាំ២០១៨ ខ្ញុំបានចេញមកធ្វើការក្រៅ។ ខ្ញុំគិតថា ថ្ងៃណាមួយខ្ញុំនឹងបង្កើតវេទិកាស្រួលAccessមួយ ដែលអ្នកអាន និងអ្នកនិពន្ធនឹងបានជួបគ្នា។
នៅក្រោយឆ្នាំ២០១៥ យើងឃើញចរន្តនៃការអាន ដែលកើនឡើងគំហុក។ ការបង្កើតកម្មវិធីសៀវភៅនានាជោគជ័យខ្ពស់ឡើងៗជាលំដាប់ ! មនុស្សជាច្រើនកើតចិត្តចង់អានតែខ្លះមានលទ្ធភាពជាវ ហើយខ្លះ គាត់អត់លុយជាវទេ ។ ខ្លះនៅឆ្ងាយ ខ្លះទៀតចង់សរសេរតែគាត់មិនមានកន្លែងបង្ហាញស្នាដៃជាក់លាក់ឡើយ។ ខ្ញុំឃើញអ្នកនិពន្ធល្អៗជាច្រើន បង្ខំចិត្តចេញផ្សាយស្នាដៃលើបណ្តាញសង្គម ដែលមិនមែនជាកន្លែងពិតប្រាកដសម្រាប់ការស្វែងរកអ្នកអានរបស់គាត់ឡើយ។ បណ្តាញសង្គមមិនមែនសម្រាប់អានប្រលោមលោកទេ។ អ្នកអានសៀវភៅពិតប្រាកដ នឹងមិនចំណាយពេលជាមួយភាពចម្រុះនៅលើបណ្តាញនេះឡើយ។ ខ្ញុំគិតពីរឿងកសាងប្រលោមលោកអនឡាញ ដែលផ្អែកលើទំនុកចិត្តនិងគុណតម្លៃ។ យើង Original ហើយយល់ពីទម្លាប់រើសមាតិការបស់អ្នកអានយើង។ ខ្ញុំមានក្តីស្រមៃ ថាថ្ងៃណាមួយ ខ្ញុំនឹងរកបានអ្នកវិនិយោគ ដែលជឿជាក់លើខ្ញុំ ហើយថ្វើវាឱ្យធំឡើង មានប្រសិទ្ធិភាពលើងៗ ។ ថ្នាលអ្នកនិពន្ធយើងក៏នឹងរីកចម្រើនឡើងដូចប្រទេសជិតខាង ជាកន្លែងដែលអ្នកអានពិតប្រាកដនិងអ្នកនិពន្ធបានជួបគ្នាយ៉ាងរីករាយនិងភោគផល។
សំណួរ៖ អ្វីខ្លះទៅជាចំណុចខ្លាំងនៃ meysansotheary.com?
ចម្លើយ៖ មាតិកា និងមនុស្ស! មកទល់ឆ្នាំ២០១៨ ចរន្តលក់សៀវភៅឡើងដល់កំពូល ខ្ញុំបានចូលរួមជាមួយក្រុម តម្រា ដែលបោះពុម្ពផ្សាយនិងលក់សាច់សៀវភៅយ៉ាងគគ្រឹកគគ្រេង តែទន្ទឹមនឹងនោះខ្ញុំបានមើលឃើញពីចំណុចកំពូលផុយស្រួយមួយក្នុងទីផ្សារអំណាន។ សៀវភៅដែលអ្នកអានខំចំណាយប្រាក់ជាវ ត្រូវខកចិត្តព្រោះគុណភាពមាតិកា គុណតម្លៃផលិតផល និងកត្តាមួយចំនួនទៀត។ ខ្ញុំដឹងថា ការបោះពុម្ពនឹងដួលរេល ។ នៅឆ្នាំ២០២០ ពេលប្រទេសយើងត្រូវរាំងខ្ទប់ អ្នកអានរបស់ខ្ញុំនិងខ្ញុំស្ថិតក្នុងភាពច្របូលច្របល់ប្រឈមនឹងការផ្លាស់ប្តូរធំមួយ។ ខ្ញុំគិតថា ខ្ញុំមិនអាចពិចារណាពីអនាគតមួយដែលស្រពិចស្រពិលព្រោះជំងឺរាតត្បាតយ៉ាងអាសន្ន តែខ្ញុំត្រូវជួយផ្លូវចិត្តពួកគេ។
ខ្ញុំបានដាក់ចេញនូវប្រលោមលោកពីរដំបូង ជាស្នាដៃ សុភា ប្រុស «រូបខ្មៅស្រអាប់» និងនិទានម៉ីសនសុធារី«បេះដូងមេគង្គ»សម្រាប់លួងលោមក្នុងអន្តរកាលនោះ។ meysansotheary.com ត្រូវបានគេស្គាល់និងចាប់ផ្តើមប្រើប្រាស់។ ខ្ញុំបានពង្រីកមធ្យោបាយបង្កើតមាតិកា ដោយផ្តើមបង្កើតវគ្គអនឡាញដោយមិនគិតថ្លៃ បណ្តុះបណ្តាលនិងបំប៉នបច្ចេកទេសសរសេរដល់អ្នកនិពន្ធ៤ក្រុម។ មកទល់ពេលនេះ យើងខ្ញុំបានក្លាយជាវេទិកាប្រលោមលោកអនឡាញដែលសកម្ម និងមានមាតិកាថ្មីៗច្រើនបំផុតនៅកម្ពុជា។
សំណួរ៖ អ្នកស្រីមានផែនការបែបណាទៀតសម្រាប់អំណានអនឡាញនេះទៅថ្ងៃអនាគត?
ចម្លើយ៖ ខ្ញុំនឹងទៅមុខលើសពីនេះឆ្ងាយ។ ខ្ញុំនឹងធ្វើឱ្យអ្នកនិពន្ធអាចដាក់ស្នាដៃរបស់គេភ្លាមៗនិងដោយខ្លួនគេ ពីគ្រប់ទីកន្លែងមកលើវេទិកានេះ ហើយយើងខ្ញុំនឹងរង់ចាំជួយប្រសិនគាត់ត្រូវការជំនួយបច្ចេកទេសសរសេរ ឆ្អឹងរឿង ឬការពិគ្រោះ។ យើងនឹងធ្វើឱ្យការបង់ប្រាក់មានលក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់មិត្តអ្នកអាន ឬទាបដល់៣ដុល្លារក្នុងមួយឆ្នាំ ដើម្បីឱ្យគ្រប់គ្នាអាចបានអានប្រសិនគេចង់។ ខ្ញុំមានមហិច្ឆតាចង់ឃើញអ្នកនិពន្ធទទួលបានកម្រៃសមរម្យពីស្នាដៃរបស់ពួកគេ ដើម្បីមានលទ្ធភាពដុសខាត់ស្នាដៃមិនឈប់ឈរ បន្តដំណើរទៅមុខទៀត។
សំណួរ៖ ធ្វើយ៉ាងណាទើបអាចសម្រេចគោលដៅនោះបាន?
ប្អូនកំពុងជួយខ្ញុំ! សង្ឃឹមថា អត្ថបទនេះនឹងទៅដល់អ្នកណាដែលយល់អំពីការងារនេះ ហើយជឿគ្នា ចូលរួមជាមួយគ្នា។ យើងត្រូវការទុន និងឆន្ទៈដើម្បីធ្វើឱ្យមនុស្សរាប់សែននាក់អាចដល់លាននាក់ បានចុះឈ្មោះអានប្រលោមលោកនិងសៀវភៅអនឡាញ ជាប្រភេទសៀវភៅមិនបកប្រែ មិនដូចនៅលើអាម៉ាហ្សូនឬអ្វីផ្សេងៗដែលគាត់ធ្លាប់ឃើញ ជារបស់ក្នុងស្រុក មានគុណភាពក្នុងបែបជាជាអំណានខ្មែរ សំណេរខ្មែរពិតៗ៕
ដោយ៖ឧកញ៉ា New
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ