រឿង៖ អាថ៌កំបាំងក្លិនផ្កាLavender (ភាគ៥)

«ចាស» ចម្លើយមួយម៉ាត់បានកាត់ផ្ដាច់ការសន្ទនារបស់គេទាំងពីរបានយ៉ាងងាយ។ រិទ្ធស្ដាយដែលមិនបានរៀនវិធីសាស្ត្រវោហារពីម៉ាក់ឱ្យបានច្រើន គេនឹងមិនបាច់មកអង្គុយស្ងៀមស្ងាត់ដោយភាពទើសទាល់។ ការពិតអ្នកទាំងពីរមានសំណួរជាច្រើនចង់សួរគ្នា តែមិនអាចលើកអាសមស្របណាមួយមកជជែក ហើយភាពស្ងប់ស្ងាត់ក៏បន្ត១០នាទីទៀត។

«អ្នកនាងមិនមែនមនុស្សស្រីសាមញ្ញ…»

«លោកក៏មិនទំនងជាអ្នករកស៊ីធម្មតា!» ស្រីឆ្លើយយ៉ាងលឿនប្រៀបដូចជាសារតបអូតូ។ គេញាក់ស្មា នាងងាកទៅសម្លឹងគេចំៗដូចព្យាយាមស្គាល់គេឱ្យបានច្រើនជាងនេះ។

«គឺ…ខ្ញុំមិនមានបំណងអាក្រក់ទេ ហើយក៏មិនបានតាមអ្នកនាងដែរ»

«មិនគួរឱ្យទុកចិត្ត»

«ខ្ញុំអាចពន្យល់បាន ខ្ញុំទៅចូលរួមបុណ្យសពជំនួសមុខឱ្យម៉ាក់របស់ខ្ញុំ ហើយក៏ដូចអ្នកនាងដែរ ខ្ញុំចង់ត្រលប់ទៅផ្ទះហើយក៏គាប់ចួនបានឃើញខ្មាន់កាំភ្លើង! ហើយកាលដែលខ្ញុំស្នាក់នៅសណ្ឋាការរបស់អ្នកនាងក៏ដោយសារខ្ញុំត្រូវចួបដៃគូរកស៊ី ស្ដាប់ទៅវាដូចជាខ្ញុំមានបំណង តែ១០០ភាគរយគឺជារឿងចៃដន់»

រិទ្ធកុហក យ៉ាងហោចណាស់ក៏គេព្យាយាមកុហកឱ្យបានសមតាមដែលអាចធ្វើបាន។

«ហើយ…អ្នកនាងមើលទៅដូចជាធ្លាប់ចួបហេតុការណ៍បែបនេះពីមុនមក» ចុងបញ្ចប់គេក៏ចូលសាច់រឿង។

«ពេលនេះខ្ញុំត្រូវអង្គុយញ័រញាក់ស្លេកមុខដោយភាពភ័យខ្លាចទើបលោកគិតថាខ្ញុំជាមនុស្សស្រីធម្មតាមែន?» សំណួររបស់នាងបង្ហាញថានាងខឹង សំឡេងរបស់នាងនៅស្មើតែនាងដឹងថាគួរសង្កត់ត្រង់ណាដើម្បីឱ្យគេដឹងថានាងកំពុងទើសទាល់។

«ខ្ញុំមិនមែនចង់មានន័យអ៊‌ីចឹងទេ» គេដឹងថាវាជាចំណុចរសើបតែគេនៅតែចង់តេស្ត។ វាពិតជាធ្វើឱ្យមានភាពទើសទាល់ពិតមែន។ រិទ្ធខាំថ្គាម ឯវីយូឡាងាកមុខចេញ។

របៀបដែលស្រីព្យាយាមគេចពីប្រធានបទដែលនាងអាចជាមនុស្សដែលមិនសូវខ្លាចគ្រោះថ្នាក់នេះធ្វើឱ្យរិទ្ធសង្ស័យនាងកាន់តែខ្លាំង។ មនុស្សស្រីស្រស់ស្អាតដែលមានអត្តចរិតរឹងមាំ ទោះចួបគ្រោះថ្នាក់ដល់ជីវិតក៏មិនរង្គើរ បញ្ជាក់ថានាងត្រូវបានហ្វឹកហាត់ចិត្តមកបានយ៉ាងល្អ។

រិទ្ធឈប់ឡាននៅមុខសណ្ឋាគារ។ លេខាជីមរត់ត្របាញ់ជើងមកបើកទ្វារឱ្យភ្លាម ទឹកមុខពេញដោយក្ដីបារម្ភ។ នាងលើកដៃឃាត់គាត់មុននឹងបុរសចំណាស់អាចទេសនាគ្រែពីរគ្រែបីឱ្យនាងស្ដាប់ពីវិធីសាស្រ្តការពារខ្លួន។

វីយូឡាបែរទៅហុចទូរសព្ទឱ្យរិទ្ធ អ្នកប្រុសយល់ការទាញទៅចុចលេខទូរសព្ទរបស់ខ្លួនចូល។

«ខ្ញុំនឹងទាក់ទងទៅដើម្បីជូនកាហ្វេពីរកែវ…ឆាប់ៗ» នាងនិយាយតិចៗ ល្មមឱ្យគេឮ។ គេងក់ក្បាល ក្រឡេកមើលទៅលេខាជីមបន្តិច។

«បាទ ខ្ញុំនឹងរង់ចាំ» រិទ្ធតបហើយ បើកឡានចេញទៅ។ លេខាជីមគ្រហែមពេលវីយូឡាបែរទៅរកគាត់ ចង់ញញឹមបន្តិចអត់បន្តិច។

«ខ្ញុំនឹងរាយការណ៍គ្រប់យ៉ាងឱ្យស្ដាប់ពេលក្រោយ តែពេលនេះសុំសម្រាក ហត់! ហើយឱ្យគេទៅយកឡានរបស់ខ្ញុំពីព្រះវិហារផង»

ស្រីកាត់មុននឹងគាត់អាចហើបមាត់សួរវែងឆ្ងាយ។ លេខាជីមជាចាស់ទុំម្នាក់ដែលតែងតែបារម្ភពីសុខទុក្ខរបស់នាងជាងគេ មិនថាការងារ ឬជីវិតផ្ទាល់ខ្លួន គាត់អាចជាមនុស្សទីមួយដែលនាងនឹងរកជំនួយពេលដែលមានបញ្ហា។ 

ហេតុការណ៍ថ្ងៃនេះអាចឱ្យនាងប្រយ័ត្នខ្លួនជាងមុន ឬក៏ចេញមុខជាងមុនដើម្បីសម្រេចគោលបំណងអ្វីមួយរបស់ខ្លួនដោយមិនខ្លាចប៉ះពាល់ដល់អាយុជីវិត។ ពេលខ្លះប្រថុយក្នុងគ្រោះថ្នាក់ក៏ជាឱកាសមួយដែរ។

វីយូឡានាំរាងវែងស្រឡូនចូលផ្ទះតូចផ្ទាល់ខ្លួនរបស់នាងដែលនៅក្បែរអាងហែលទឹកដោយមានដើមផ្កាជាគុម្ភកម្ពស់ត្រឹមដើមទ្រូងជារបងខណ្ឌរវាងអាង និងផ្ទះតូចច្រឡឹងដ៏ស្រស់ស្អាតមួយនេះ។ ផ្ទះនេះក៏នៅជាប់របងសួនផ្កា ត្រូវបានសាងសង់ជាពិសេសសម្រាប់នាងដែលមានកន្លែងធ្វើម្ហូប តុញ៉ាំបាយជាប់បង្អួច សាឡុងមួយឈុត។

នៅម្ខាងជាកន្លែងគេង និងបន្ទប់ទឹកឃាំងដោយវាំងននពណ៌ស្វាយខ្ចី និងមានទ្វារកញ្ចក់មួយដែលភ្ជាប់ទៅបន្ទប់កញ្ចក់តូចល្មមដែលពេញដោយរុក្ខជាតិបៃតង និងផ្កាដាក់ជាជួរនៅលើថ្មើរ និងតុដែលរៀបយ៉ាងមានរបៀប។ នៅជ្រុងបន្ទប់មានជើងទ្រផ្ទាំងក្រដាសគូរគំនូ និងទូ៥ជាន់សម្រាប់ដាក់សម្ភារ។

រស្មីព្រះអាទិត្យពេលរសៀលម៉ោងបួនជះចូលតាមបង្អួច ចាំងប៉ះស្លឹកឈើ និងស្រទាប់ផ្កាបង្កើតបានជាទេសភាពដែលមានន័យស្ងប់ និងកក់ក្ដៅ។

វីយូឡាងូតទឹករួច ចេញពីបន្ទប់ទឹកក្នុងរ៉ូបពណ៌ស។ ទឹកស្រក់ពីសក់វែងត្រឹមចង្កេះរបស់នាង តែស្រីមិនខ្វល់ជូតឱ្យស្ងួត ទុកឱ្យវាសើមទាំងឈុតដែលក្ដោបរាងពេញដោយសម្រស់។ នាងបើកទូយកថ្នាំមកលាបដៃរបស់ខ្លួនថ្នមៗ ម្រាមដៃស្រឡូនដែលអង្អែលរបួសនោះឈប់ទ្រឹងពេលដែលនាងនឹកដល់គេ។

អ្នកណាទៅគិតដល់ថារបួសតូចៗទាំងនោះអាចធ្វើឱ្យនាងគិតដល់មនុស្សម្នាក់ដែលនាងមិនគួរនឹក។ មុននឹងបបូរមាត់នាងលេចចេញស្នាមញញឹម នាងគ្រហែម ហើយរៀបថ្នាំទុកវិញ។

ស្រីស្រស់វីយូឡាចំណាយពេលវេលារបស់ខ្លួនយឺតៗ សប្បាយៗ មិនដូចជាមនុស្សដែលទើបតែរត់គេចគ្រាប់កាំភ្លើងសោះ។

បាយល្ងាចហើយវីយូឡាអង្គុយនៅលើសាឡុងតូចជាមួយពែងតែមួយនៅក្នុងដៃ។ ក្លិនផ្កាឡាវែនដឺសាយភាយពេញបរិវេណបន្ទប់ដែលធ្វើឱ្យនាងមានអារម្មណ៍ប្រសើរឡើង កម្ដៅសល់ពីពេលរសៀលនៅតែមានវត្តមាននៅឡើយ។

យឺតៗស្រីដាក់ពែងតែនៅលើតុ ហើយបិទភ្នែកសម្រាកពីភាពនឿយហត់ ហើយលង់លក់មិនប៉ុន្មាននាទីក្រោយ។ ពេលគេងលក់នេះហើយដែលជាពេលដែលនាងស្អប់ជាងគេ។ វារំលងទៅដប់ឆ្នាំហើយតែនាងនៅតែមានសុបិននោះ រូបភាពដែលឪពុកម្ដាយរបស់នាងត្រូវគេសម្លាប់នៅចំពោះមុខ។ នាងមិនធ្លាប់បំភ្លេចវាទេ។ រូបភាពពេលដែលរាងកាយលោកទាំងពីរធ្លាក់ចុះ ឈាមស្រស់ហូរចេញពីខ្លួនរបស់គាត់ និងភ្នែកទាំងគូដែលគួរឱ្យខ្លាចរបស់ជនដៃដល់ ភ្នែកមួយគូនោះហើយជាអ្វីដែលនាងខ្លាចជាងគេ ហើយវាតែងតែលេចឡើងនៅក្នុងការយល់សប្តិរបស់នាងគ្រប់ពេល។

នាងគេងលក់តែ១៥នាទីទេ តែនាងមានអារម្មណ៍ថាយូរណាស់នៅក្នុងសប្តិអាក្រក់នោះ។ ទឹកភ្នែកដក់ក្នុងរង្វង់ភ្នែកធំៗ ហើយពេលនោះហើយដែលនាងអនុញ្ញាតឱ្យវាធ្លាក់ចុះដោយសេរីនៅលើថ្ពាល់សរលោង។

ជាច្រើនឆ្នាំមកនេះនាងបានព្យាយាមលាក់ប្រវត្តិពិតរបស់ខ្លួនឯង ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីរក្សាជីវិតរបស់ខ្លួនក៏ព្រោះតែនាងនៅមានបំណងដ៏ធំមួយគឺដាក់ទោសជនល្មើសដែលបានសម្លាប់ឪពុកម្ដាយរបស់នាងនៅពេលដែលនាងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវែករកមុខឃាតករ។

តែអស់រយៈពេល១០ឆ្នាំមកនេះនាងត្រូវបង្ខំបៀមកំហឹង លាក់ប្រវត្តិពិត ហើយនៅតែរកការពិតមិនទាន់ឃើញទៀត។ ១០ឆ្នាំបន្ទាប់ពីគេចផុតបទពិសោធន៍ស្លាប់រស់ទាំងវ័យក្មេងនាងចាប់ផ្ដើមជីវិតថ្មី ហើយព្យាយាមរុករកឃាតករដោយប្រើតម្រុយយ៉ាងស្ដួចស្ដើងគឺ ភ្នែកមួយគូនោះដែលនាងបានឃើញ ហើយចាំគ្មានថ្ងៃភ្លេច។ ក៏ប៉ុន្តែវាមិនមែនជារឿងងាយទេដោយគ្រាន់តែប្រើការចងចាំដ៏តិចតួចរបស់នាងទៅរកមនុស្សម្នាក់ក្នុងប្រទេសដ៏ធំនេះ។

ថ្មីៗនេះនាងចាប់ផ្ដើមសកម្មភាពដោយការបញ្ចេញព័ត៌មានជាប្រយោលអំពីprojectរបស់ឪពុកម្ដាយនាងនៅលើបណ្ដាញសង្គមដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ឈ្មោះរបស់projectបានប្រាកដខ្លួននៅលើអិនធើណិតនៅក្រោមប្រធានបទថ្មីៗរបស់ទំព័រវិទ្យាសាស្រ្ត។

ស្រីមានបំណងឱ្យគេដឹងពីសាវតារបស់ខ្លួនដោយដាក់ព័ត៌មានរបស់ខ្លួនខ្លះៗ ហើយវាពិតជាបានផលមែន នាងត្រូវបានគេតាម ហើយក៏វិះតែនឹងស្លាប់ដោយសាររឿងនោះ។ វីយូឡាដឹងថាខ្លួននឹងមានគ្រោះថ្នាក់ តែនាងត្រូវតែហ៊ានប្រថុយបើមិនដូច្នេះនាងគ្មានថ្ងៃរកការពិតឃើញនោះទេ។ បើទោះជានាងត្រូវអស់ជីវិតមុននឹងនាងរកឃើញឃាតករ នាងក៏មិនស្ដាយក្រោយដែរព្រោះតែនាងបានព្យាយាមរួចហើយ។ បន្ទាប់ពីហេតុការណ៍បានកើតឡើង នាងចាប់អារម្មណ៍ថាមានមនុស្សពីរក្រុមដែលកំពុងតាមនាង មួយក្រុមកំពុងមានបំណងសម្លាប់នាង ឯមួយក្រុមទៀតព្យាយាមការពារនាងទៅវិញ។

ហើយនាងក្រមុំមិនទាន់ប្រាកដចិត្តថារិទ្ធនៅខាងណានោះទេ វាអាចជារឿងចៃដន់ នាងមិនអាចទុកចិត្តអ្នកណាបានទេពេលនេះ។

នៅផ្នែកម្ខាងទៀត រិទ្ធចូលទៅក្នុងបន្ទប់របស់ខ្លួនបន្ទាប់ពីរាយការណ៍ពីអ្វីដែលកើតឡើងឱ្យមិត្តរួមក្រុមស្ដាប់។ រឿងរ៉ាវដូចជាមិនទំនងពីដំបូង តែឥឡូវវាចាប់ផ្ដើមចេញសាច់រឿង ហើយអ្វីៗកើតឡើងដូចដែលស្មានទុក ប៉ុន្តែគេស្រាប់តែមានអារម្មណ៍មិនស្រណុកទៅវិញ។ បើចាប់បានជនល្មើសកាន់តែលឿនកាន់តែល្អ តែស្របពេលនោះគេលួចបន់សុំកុំឱ្យការប៉ាន់ស្មានរបស់ខ្លួនក្លាយជាការពិត។ ហើយបើវាជាការពិត គេសង្ឃឹមថាយ៉ាងហោចណាស់ក៏គួរតែមានហេតុផលមួយដែលសមស្របអាចយល់បាននៅពីក្រោយរឿងគ្រប់យ៉ាង។

គិតដល់រឿងនេះ រង្វង់មុខស្រស់ស្អាតដែលពោពេញដោយអាថ៌កំបាំងរបស់នាងលេចឡើងនៅក្នុងការគិតរបស់គេ។ ម្រាមដៃមេអង្អែលនៅលើក្រណាត់រុំរបួសថ្នមៗ ស្នាមឈាមដិតស្រាលនៅលើក្រណាត់ពណ៌ស ទោះមិនច្រើនតែឃើញច្បាស់។

ការរុំរបួសមានរបៀប ហើយមុខចងស្អាតដូចត្រូវបានពេទ្យជំនាញរុំឱ្យ។ ទោះមិនចង់ក៏គេត្រូវស្រាយវាយចេញដែរ ព្រោះត្រូវសម្អាតរបួសម្ដងទៀត ហើយវាអាចនឹងចម្លែកបើសិទ្ធ និងម៉ាកឃើញវានៅថ្ងៃបន្ទាប់។

*******

នៅក្នុងបន្ទប់ងងឹតតែមួយដែលអ៊ីវិនជាប់ឃុំមានបុរសវ័យកណ្ដាលម្នាក់អង្គុយផ្អែកទៅនឹងជញ្ជាំង ដៃជាប់ចំណងទៅក្រោយ ឯមាត់ត្រូវបិទដោយស្កុត។ នៅលើតុក្រោមទូរទស្សន៍មានម៉ាស៊ីនចំហាយទឹកមួយកំពុងបញ្ចេញផ្សែងដែលមើលស្ទើរមិនឃើញ វានាំក្លិនផ្ទុកដោយជាតិពុលទៅប៉ះច្រមុះរបស់គេ ហើយចង់មិនចង់ក៏ត្រូវតែស្រូបចូលពេញសួត។

ក្លិនរបស់វាក្រអូបស្រាលជាទីពេញចិត្ត ទោះបីជាដឹងថាវាពុលក៏មិនអាចជម្នះបាន។ ពេញមួយថ្ងៃហើយដែលទុកគាត់ចោលក្នុងនោះ តែវាចម្លែកដែលគាត់គ្មានអារម្មណ៍ថាឃ្លាន ឬស្រេកទឹកនោះទេ។

វាហាក់ដូចជាក្លិននោះកំពុងផ្ដល់ថាមពលឱ្យគាត់ តែគាត់មិនបានសប្បាយចិត្តនោះទេព្រោះតាមដែលដឹងមក ក្លិនដែលគាត់កំពុងស្រូបចូលទៅក្នុងខ្លួននោះនឹងធ្វើឱ្យគាត់ស្លាប់បន្តិចម្ដងៗហើយវាក៏មិនបន្សល់ជាតិពុលណាមួយបញ្ជាក់ពីការស្លាប់របស់គាត់ វាមិនខុសពីអ្វីដែលកើតឡើងទៅលើឌីននោះទេ។ ដំបូងវាធ្វើឱ្យយើងមានអារម្មណ៍ល្អ មិនឃ្លាន មិនស្រេក ហើយរាងកាយរឹងមាំជាងធម្មតា បន្ទាប់មកគេនឹងចាប់ផ្ដើមពិបាកដកដង្ហើម ហើយចុងក្រោយគឺជាពេលដែលពិបាកបំផុតគឺជាតិពុលធ្វើទុក្ខក្នុងខ្លួនដូចគេចាក់គ្រប់កន្លែងនៃរាងកាយមុននឹងបេះដូងឈប់លោត ដង្ហើមក៏អស់។ ដោយដឹងជោគជតារបស់ខ្លួនបុរសវ័យកណ្ដាលបានត្រឹមអង្គុយអស់សង្ឃឹម រង់ចាំពេលស្លាប់។

នៅថ្ងៃបន្ទាប់សពរបស់ម៉ាសុន វិល្លៀមត្រូវបានរកឃើញនៅក្បែររូងក្រោមដីដែលគេបោះបង់ចោលដែលជាកន្លែងដែលគ្មានមនុស្ស គ្មានCCTV គ្មានសាក្សី។

ដូចឌីនដែរ ម៉ាសុនត្រូវបានសម្លាប់របៀបតែមួយ រកមិនឃើញពីមូលហេតុនៃការស្លាប់។ ករណីនេះកាន់តែបង្ហាញច្បាស់ថាសណ្ឋាគារHealing&Relaxingមានជាប់ពាក់ព័ន្ធជាមួយរឿងបាត់ខ្លួន និងការស្លាប់របស់ជនរងគ្រោះ។

យប់មុនគេរកឃើញសពរបស់ម៉ាសុន វេលាម៉ោង១១ជាង CCTVរបស់សណ្ឋាគារត្រូវបានបិទ នៅពេលដែលកាមេរ៉ាត្រូវបានបិទ រិទ្ធ និងសិទ្ធចេញទៅចម្ការក្រូចទាំងយប់តែបែរជាមិនឃើញមានអ្វីប្លែក។ សិទ្ធស្ដាយដែលមិនទាន់បានដំឡើងកាមេរ៉ាបានទាន់ពេល មិនអ៊‌ីចឹងគេច្បាស់ជាបានឃើញហេតុការណ៍ខ្លះមិនខាន។

ខៃដែនបានត្រលប់មកដល់កន្លែងធ្វើការរបស់គេវិញនៅពេលរសៀល។ តាមសំណូមពររបស់រិទ្ធ ខៃដែនទៅកូរ៉េដើម្បីស៊ើបប្រវត្តិរបស់អតីតគូស្វាមីភរិយាដែលត្រូវគេសម្លាប់កាលពី១០ឆ្នាំមុន ជាពិសេសគេចង់ដឹងថាពេលនេះលីបូរ៉ានៅកូរ៉េឬក៏អត់។

«សាច់ញាតិនៅទីនោះហាក់មិនបានដឹងរឿងអ្វីនោះទេ ពួកគេរស់នៅធម្មតាហាក់ដូចជាគ្មានអ្វីកើតឡើង ហើយតាមដែលដឹងមកលីបូរ៉ាមិនដែលទៅកូរ៉េវិញទេទោះជាមានព័ត៌មានមកថាបន្ទាប់ពីឪពុកម្ដាយស្លាប់ត្រូវបានពូមីងរបស់នាងយកទៅវិញ តែតាមការពិតនាងមិនដែលត្រលប់ទៅតាំងពីពេលនោះមកម្លេះ»

ខៃដែនរាយការណ៍ ហើយវាជាលើកទី១ដែលគេនិយាយបានចប់ចុងចប់ដើមធ្វើឱ្យសមាជិកដទៃអាចងាយយល់ដោយមិនចាំបាច់សួរបញ្ជាក់ម្ដងទៀត។ គ្រប់ពេលដែលគេនិយាយអ្វីមួយគេតែងតែតម្រូវឱ្យមិត្តរួមក្រុមចាំបញ្ចប់ឃ្លារបស់គេ ហើយរីករាយពេលដែលឃើញអ្នកដទៃតឹងចិត្តព្យាយាមទាយពីអ្វីដែលគេនឹងនិយាយបន្ទាប់។

តែសុខៗគេក៏មើលទៅហ្មត់ចត់ខុសធម្មតា។

ក្រៅពីនោះគេក៏បានដឹងថា លី បូរ៉ាបានរត់គេចនៅពេលដែលត្រលប់ពីកម្មវិធីបុណ្យសពរបស់ឪពុកម្ដាយ។ នាងបានសុំពូមីងដើម្បីចូលបន្ទប់ទឹក ហើយក៏រត់គេច បន្សល់ទុកក្រដាសដែលមានពាក្យមួយឃ្លា។ នៅលើក្រដាសនោះ ក្មេងស្រីអាយុ១៥ឆ្នាំបានសរសេរថា៖

«ខ្ញុំមិនចង់ទៅកូរ៉េវិញទេ វាមិនមានសុវត្ថិភាព ពូមីងកុំតាមរកខ្ញុំអី!»

ពូមីងរបស់នាងក៏បានព្យាយាមស្វែងរកនាងដែរ តែគាត់ក៏បោះបង់ ហើយក៏ត្រលប់ទៅប្រទេសកូរ៉េវិញ។ ១០ឆ្នាំមកនេះគាត់មិនធ្លាប់បានទទួលដំណឹងពីនាងនោះទេ សូម្បីតែទូរសព្ទក៏គាត់មិនធ្លាប់បានទទួលការទាក់ទងដែរ គឺបាត់ស្ងាត់ឈឹង។

«សរុបមកគាត់ទាំងពីរមិនបានដឹងថានាងស្លាប់រស់យ៉ាងណានោះទេ» ម៉ាកលើកឡើង។

«ត្រូវហើយ…»

«ទៅមួយសប្ដាហ៍បានប៉ុណ្ណឹងឯង? កុំប្រាប់ណាថាឆ្លៀតទៅចែចង់នារីកូរ៉េ»

ម៉ាកសួរបែបលលេង គប់ដុំក្រដាសទៅលើខៃដែនដែលធ្វើឱ្យកំលោះក្បាលទង់ដែងខាំធ្មេញដាក់ សិទ្ធប្រញាប់គ្រហឹមបញ្ឈប់មុននឹងសង្គ្រាមកើតឡើងរវាងថម និងជែរី។

«កាន់តែស៊ើបកាន់តែដឹងថារឿងនេះមិនតូចទេ ក្រៅពីយើងហើយនៅមានមនុស្សមួយក្រុមទៀតក៏កំពុងរកលីបូរ៉ាដូចគ្នា អ្នកជិតខាងប្រាប់ថាតែងតែមានមនុស្សប្លែកមុខទៅសួរនាំពីនាង និងមានមនុស្សតាមឃ្លាំមើលគ្រួសារនេះរហូតមកមិនដាច់ វាមិនធម្មតាទេដែលទៅតាមមើលមនុស្សមួយក្រុមរាប់ឆ្នាំ ត្រូវអត់?»

សិទ្ធ និងរិទ្ធងក់ក្បាលយល់ស្រប ខៃដែនញញឹមដោយមោទនភាពចំពោះខ្លួនឯង។

«សំណាងល្អដែលផ្ទះនេះនៅក្នុងក្រុង CCTVមានគ្រប់ច្រក ហើយទាំងនេះជារូបរបស់អ្នកដែលតាមដានគ្រួសារនោះ» ខៃដែនដាក់រូបរាប់រយសន្លឹកនៅលើតុ សមាជិកក្រុមនាំគ្នាពិនិត្យមើលព័ត៌មានដែលខៃសរសេរនៅខាងក្រោយរូបពីកាលបរិច្ឆេទ។

ទូរសព្ទរបស់រិទ្ធញ័របង្ហាញឱ្យឃើញសារពីលេខដែលមិនស្គាល់។ សិទ្ធលើកចិញ្ចើមនឹងភាពមិនប្រក្រតី រិទ្ធអត់មានទម្លាប់ផ្ញើរសារនោះទេ ហើយក៏មិនងាយឱ្យលេខទូរសព្ទរបស់ខ្លួនទៅអ្នកមិនស្គាល់ដែរ ក្រៅពីម្ដាយរបស់គេ សមាជិករួមក្រុម និងលោកប្រធានធំគឺគ្មានអ្នកស្គាល់លេខទូរសព្ទរបស់គេឡើយ។

វាមិនមែនពួកគេមិនគោរពភាពឯកជនរបស់គ្នានោះទេ តែដោយសារតែធ្វើការជាមួយគ្នាច្រើនឆ្នាំរហូតមានទំនាក់ទំនងដូចជាបងប្អូន ទើបពេលដែលមានអ្វីមួយចម្លែកកើតឡើងទៅលើសមាជិកណាម្នាក់គេឆាប់ទទួលដឹង។

ត្រឹមមួយក្រឡេកក៏គេអាចដឹងពីអត្ថន័យរបស់សារ ហើយបេះដូងរបស់អ្នកកំលោះក៏បុកក្នុងទ្រូងភ្លាមៗ។

“ខ្ញុំគឺ វីយូឡា សាន់ដ្រា ដោយសារខ្ញុំត្រូវទៅក្រុងថ្ងៃនេះ ខ្ញុំគិតថាវាជាឱកាសល្អដែលអាចឱ្យខ្ញុំសងសគុណដែលលោកបានជួយខ្ញុំថ្ងៃមុនបើលោកទំនេរអាចចួបគ្នាបាន”

រិទ្ធមិនឱ្យខាតពេលឆ្លងឆ្លើយសារជាមួយនាង ហើយក៏បានដឹងពីពេល និងកន្លែងចួបគ្នា។ គេមើលទៅអន្ទះសារ តែក៏មិនហ៊ានបង្ហាញថាប្រញាប់ គ្រាន់តែប្រាប់មិត្តភក្តិថាគេមានការត្រូវធ្វើមុននឹងចូលទៅក្នុងបន្ទប់ដើម្បីផ្លាស់ខោអាវឱ្យមើលទៅដូចជាអ្នករកស៊ី។

ដោយសារវាជាថ្ងៃធ្វើការ គេត្រូវតុបតែងខ្លួនតាមកាលៈទេសៈបើជ្រុលជាដើរតួទៅហើយ។

ខ្សែភ្នែករបស់អ្នកទាំងបីតាមមើលគ្រប់ដំណើររបស់រិទ្ធ ម៉ាកអេះក្បាល ខៃដែនមានទឹកមុខឆ្ងល់ ឯសិទ្ធបានត្រឹមញញឹមតិចៗ។ អាការៈរបស់គេទាំងបីបង្ហាញថាស្ថានភាពពេលនេះជាអ្វីដែលថ្មីមិនធ្លាប់ឃើញពីមុន។

ចរាចរណ៍កកស្ទះតាមផ្លូវធំនៅថ្ងៃនោះ ហើយវាមិនមែនជារឿងចម្លែកនោះទេ។ ពេលថ្ងៃត្រង់ដ៏អ៊ូអរបានធ្វើឱ្យទីប្រជុំជនកាន់តែមមារញឹកព្រោះតែជាពេលដែលមនុស្សម្នាកំពុងបរិភោគអាហារថ្ងៃត្រង់របស់ខ្លួន។ វីយូឡាដឹងថាខ្លួនកំពុងត្រូវគេតាមដានជាប់តាំងពីថ្ងៃបុណ្យសពឌីនម្លេះ ប្រហែលមុននឹងផងក៏មិនដឹង ហើយដោយសារតែស្រីមិនសូវចេញក្រៅពីសណ្ឋាគារទើបពួកអ្នកតាមមិនហ៊ានធ្វើសកម្មភាពផ្ដេសផ្ដាស។

តែពេលនេះនាងពិតជាចង់សាកណាស់ នាងចង់ប្រថុយជាមួយវា ចួនកាលវាអាចជាឱកាសឱ្យនាងរកជនល្មើសដែលសម្លាប់ឪពុកម្ដាយរបស់នាងផងក៏មិនដឹង។ ស្រីជ្រើសរើសទីតាំងអ៊ូអរព្រោះវាជាកន្លែងដែលមានCCTVសម្រាប់ឱ្យនាងបានដឹងថាអ្នកណាដែលកំពុងតាម។ វីយូឡាដើរមើលនេះមើលនោះធ្វើដូចជាមិនបានដឹងថាមានអ្នកតាមឃ្លាំមើលគ្រប់ជំហាន។

នាងក៏បានត្រៀមខ្លួនរួចហើយសម្រាប់ថ្ងៃនេះ របៀបនៃការតុបតែងខ្លួនរបស់នាងថ្ងៃនេះបង្ហាញឱ្យឃើញថានាងរំពឹងរួចស្រេចថានឹងមានរឿងអ្វីកើតឡើង។ សក់ស្រីចងឡើងលើស្រឡះ រាងស្រឡូនក្ដោបដោយខោខូវប៊យ និងអាវយឺតពណ៌ខ្មៅដោយមានអាវធំពីក្រៅមួយទៀត មើលទៅខុសប្លែកពីការតុបតែងខ្លួនរបស់នាងពេលនៅសណ្ឋាគារ។ នាងថែមទាំងបានលាក់របស់អ្វីមួយនៅក្នុងកាបូបដែលនាងយួរ វាធំជាងរាល់ដង។

បន្ទាប់ពីដើរអស់មួយម៉ោង វីយូឡាអង្គុយនៅក្នុងហាងកាហ្វេជិតផ្សារទំនើបដើម្បីចាំរិទ្ធ។ ខណៈពេលដែលនាងផ្ញើទីតាំងឱ្យរិទ្ធ ភ្នែកស្រីក្រឡេកមើលទៅបុរសម្នាក់ដែលនាងសង្កេតឃើញថាគេតាមនាងតាំងពីសណ្ឋាគារម្លេះ។

ឈុតពណ៌ខ្មៅរបស់គេកាន់តែធ្វើឱ្យស្រួលចំណាំ តែគេមើលទៅដូចជាមនុស្សរោគចិត្តជាងភ្នាក់ងារ។ នាងក្រមុំលួចញញឹមចុងមាត់។

បន្ទាប់ពីចាំបាន៥នាទី រិទ្ធក៏ចូលទៅដល់ក្នុងហាងនៅក្នុងឈុតអាវក្រណាត់ពណ៌ស និងខោពណ៌ខ្មៅ ដោយមិនភ្លេចថែមក្រវ៉ាត់កពណ៌ប្រផេះបែបកំលោះអ្នកធ្វើការ។ គេវិះតែធ្លោយញញឹមធំៗដាក់នាងទៅហើយពេលដែលឃើញមុខមនុស្សស្រីដែលគេតែងតែគិតដល់។ នាងមើលទៅប្លែក ប្លែកបែបមនុស្សពីរនាក់ វាហាក់ដូចជាបរិយាកាសផ្លាស់ប្ដូរទៅតាមការតុបតែងខ្លួនរបស់នាង ហើយនោះជាអ្វីដែលរិទ្ធសង្កេតឃើញពីចំណុចពិសេសរបស់នាង។

តែទោះជានៅក្នុងរូបភាពណា ស្រីនៅតែរក្សាឥរិយាបទនឹងន តែពេលខ្លះក៏មើលទៅគួរឱ្យស្រលាញ់។

«សង្ឃឹមថាខ្ញុំមិនយឺតពេកនោះទេ» គេនិយាយបែបហី តែយ៉ាងហោចណាស់ក៏មានអារម្មណ៍ខុសដែលឱ្យមនុស្សស្រីមកចាំមុន។ គេអង្គុយចុះទល់មុខនាង ដាក់កាបូបទៅលើកៅអីជិតនោះ។ គេមើលតាមភ្នែករបស់នាង ដឹងថាស្រីសម្លឹងមើលទៅដៃរបួសរបស់គេ ដូចជាកំពុងពិនិត្យមើលថាវាប្រសើរជាងមុនឬនៅ យ៉ាងហោចណាស់នាងក៏បារម្ភ។

«វាជាលើកទីមួយដែលខ្ញុំចាំ ដូច្នេះមិនបានដឹងថាវាអាចចាត់ទុកថាយឺតពេលឬក៏អត់»

«សុំទោស» គេពិតជាមានអារម្មណ៍សុខ នាងងក់ក្បាលទទួលភ្លាម ដូចជាកំពុងប្រាប់គេឱ្យបញ្ចប់ប្រធានបទនោះ។

«លោក នេះកាហ្វេ» អ្នករត់តុដាក់កាហ្វេមួយកែវលើតុ ហើយមួយកែវទៀតដែលខ្ចប់យ៉ាងស្អាត ដូចដែលបានជជែកគ្នា ពីរកែវ មិនលើសមិនខ្វះ។ រិទ្ធអស់សំណើចបន្ទាប់ពីឃើញសាររបស់នាងគឺ ‘គ្មានលើកក្រោយ’។

«វ៉ាវ ពិតជាលេងមែនទែន?»

«អរគុណដែលបានជួយខ្ញុំ ខ្ញុំអត់បាននិយាយឱ្យសមរម្យថ្ងៃនោះ ហើយសងត្រឹមប៉ុណ្ណេះវាតិចតួចពេកហើយ»

«អ៊ីចឹងសងឱ្យច្រើនជាងនេះទៅ» រិទ្ធសើចពេលឃើញទឹកមុខរបស់នាងបន្ទាប់ពីឮឃ្លានោះ នាងដូចជាចង់គប់កាហ្វេជាច្រើនកែវទៀតកណ្ដាលមុខរបស់គេ។

«និយាយលេងទេ មិនមែនអ្នកទាំងអស់គ្នាសុទ្ធតែចង់បានសំណងទើបជួយនោះទេ ពិតមែនណា!»

វីយូឡាដកដង្ហើមធំ ការដែលអូសក្រឡាមិនបានជួយឱ្យអ្វីល្អប្រសើរឡើងទេ។ នាងមិនបានដឹងពីបំណងពិតប្រាកដរបស់គេ ហើយក៏មិនបានចង់ឱ្យរឿងវែងឆ្ងាយជាងនេះដែរ។ នាងទទួលស្គាល់ថានាងចាប់ផ្ដើមមានអារម្មណ៍ថាមានសុវត្ថិភាពពេលនៅជាមួយគេតាំងពីថ្ងៃដែលត្រូវខ្មាន់បាញ់ប្រហារ មួយទៀតនាងក៏មានអារម្មណ៍ល្អចំពោះគេតាំងពីថ្ងៃដែលគេឈរក្បែរនាងនៅក្នុងសួនផ្កាម្លេះ តែស្រីព្យាយាមរុញច្រានអារម្មណ៍ទាំងនោះចោលព្រោះនាងមិនអាចទុកចិត្តអ្នកណាបានក្រៅពីខ្លួនឯងឡើយ។

តាំងពីដើមមកនាងក៏មិនធ្លាប់គិតរំពឹងទំនាក់ទំនងណាមួយដែលច្បាស់លាស់នោះដែរ សម្រាប់នាងពេលនេះគោលដៅតែមួយដែលនាងត្រូវសម្រេចគឺ រកឃាតករដែលសម្លាប់ឪពុកម្ដាយរបស់ខ្លួនឱ្យឃើញ។

យឺតៗនាងទាញថង់ក្រដាសពណ៌ស្វាយខ្ចីមកដាក់លើតុ វាមានទំហំតូចល្មម ដែលមានLogoផ្កាឡាវែនដឺបីទងនៅក្នងរង្វង់ពណ៌ស្វាយចាស់ វាស្រដៀងLogoណ្ឋាគារ តែគ្មានអក្សរR&H។

រិទ្ធមើលថង់នោះ តែមិនសូម្បីតែប៉ះ មិនមែនគេមានមន្ទិល តែគេមិនចង់ឱ្យវាជារបស់ចុងក្រោយដែលនាងយកមកបញ្ចប់រឿងរ៉ាវរវាងគេទាំងពីរ។

«អrគុណម្ដងទៀតសម្រាប់ការជួយជីវិត សូមឱ្យវាចប់ត្រឹមនេះ សំណងនេះវាតិចតួចពេកទើបធ្វើឱ្យខ្ញុំទើសទាល់ តែក៏មិនចង់ឱ្យរឿងវាកាន់តែវែងឆ្ងាយដែរ សង្ឃឹមថាយើងមិនចួបគ្នាដោយចៃដន់ទៀតទៅចុះ អរគុណ!»

រិទ្ធមើលតាមរាងស្រីដែលដើរចេញទៅ គេពិតជាចង់រត់ទៅតាមនាង ហើយទាញនាងមកវិញតែរកហេតុផលជាលេសមិនបាន។ ហើយសិទ្ធក៏ផ្ញើរសារមកប្រាប់ឱ្យទៅកន្លែងធ្វើការជាប្រញាប់ទើបចេញទៅទាំងបេះដូងដូចគេចងផ្អោបនឹងថ្ម។

វីយូឡាដើរចូលឡាន ហើយបើកចេញទៅឈប់មុខហាងលក់នំប៉័ង។ នាងនាំរាងស្អាតចូលតាមច្រកតូចទៅខាងក្រោយដែលជាអាគារខុនដូជាជង់ខ្ពស់ៗ។ ចូលកាន់តែជ្រៅនាងមើលទៅកាន់តែស្ងប់ ទោះបីជាដឹងថាខ្លួនកំពុងត្រូវគេតាមពីក្រោយមិនលែងក៏ដោយ។ ការដែលមានអ្នកតាមបែរជាធ្វើឱ្យនាងមានអារម្មណ៍ថាមានសុវត្ថិភាពជាងការដែលមិនដឹង។

តែវាក៏ជាគម្រោងការរបស់នាងដែលបញ្ឆោតគេទាំងពីរឱ្យតាមនាងមកកន្លែងនេះ។ នៅពេលដែលចូលដល់ច្រកទី៤ មានបុរសមាឌធំៗបីនាក់ស្ទាក់ផ្លូវរបស់ជនសង្ស័យទាំងពីរ ហើយនាំគេចេញទៅដោយស្ងៀមស្ងាត់ដូចគ្មានអ្វីកើតឡើង។

ស្រីបន្ដដំណើរចូលទៅអាគារខាងឆ្វេងដៃ ហើយចូលតាមផ្លូវតូចដែលមានជណ្ដើរឡើងទៅជាន់ខាងលើនៃខុនដូ។ នៅជាន់ទីបីមានទ្វារបួន នាងក៏ចុចលេខកូដបន្ទប់ទីបី។ បន្ទប់ខុនដូទំហំកណ្ដាលត្រូវរៀបចំបែបងងឹតៗ បញ្ជាក់ពីអត្តចរិតរបស់ម្ចាស់ដែលពេញដោយអាថ៌កំបាំង។

ដេគ័រស្អាតតែប្រហែលជាម្ចាស់ផ្ទះមិនសូវចេះសម្អាតទើបមានភាពមិនរៀបរយគ្រប់ជ្រុង។ មានសាឡុងតែមិនមានកន្លែងអង្គុយព្រោះវាពេញទៅដោយខោអាវស្លៀកហើយ និងថង់ដាក់អីវ៉ាន់។

តុសាឡុងមានទៅដោយប្រអប់ភីហ្សា និងកំប៉ុងស្រាបៀរ។ វីយូឡាមើលជុំវិញហើយដកដង្ហើមធំ មុននឹងដើរទៅបើកបង្អួច។ ទីបំផុតក៏មានកាំរស្មីព្រះអាទិត្យចូលក្នុងបន្ទប់ បង្ហាញឱ្យឃើញរាងខ្ពស់របស់មនុស្សស្រីដែលនៅក្រោមភួយបិទជិតត្រឹមក។

យឺតៗភ្នែកពណ៌ទឹកប្រាក់ក៏បើកឡើង ដោយទឹកមុខធុញទ្រាន់ជាមួយពន្លឺភ្លឺច្បាស់។ ម្ចាស់សក់ពណ៌ទង់ដែងមិនខ្វល់ក្រោក តែប្រែខ្លួនទៅម្ខាង បន្តគេងតទៀត។ វីយូឡាដើរទៅផ្នែកផ្ទះបាយ ឃើញចានដែលប្រើរួចហើយនៅពេញឡាបូលាងចាន ប្រអប់ផ្លាស្ទិកនៅពាសពេញលើតុញ៉ាំបាយជាមួយកាកសំណល់អាហារ កម្ទេចភីហ្សា និងកំប៉ុងទឹកក្រូច។ នាងបានត្រឹមដកដង្ហើមធំជាលើកទីពីរ ហើយចាប់ផ្ដើមសម្អាតគ្រប់យ៉ាង ទុកឱកាសឱ្យម្ចាស់បន្ទប់គេងលក់យ៉ាងស្រួល។

ចានត្រូវបានលាង តុកៅអីត្រូវបានសម្អាត ខោអាវត្រូវបានប្រមូលដាក់ឱ្យមានរបៀប ហើយសំរាមក៏ត្រូវបានចោលអស់។ វាចំណាយពេលយូរគួរសមរហូតដល់ម្ចាស់ផ្ទះ ក្រោកទៅងូតទឹកដល់ទៅជិតមួយម៉ោង។

នាងក្រមុំបញ្ចេញដង្ហើមហត់នឿយ អង្គុយចុះលើសាឡុងដែលមានសភាពស្អាតបាតហើយ ភ្នែកសម្លឹងជុំវិញម្ដងទៀត មុននឹងបិទវាដើម្បីសម្រាក។

«បើបែបនេះខ្ញុំមិនចាំបាច់ជួលអ្នកសម្អាតនោះទេ ឯងមកមួយសប្ដាហ៍ម្ដងទៅ»

ស្ដាប់ទៅដូចជាការលេងសើច តែនាងមិនបានលេងនោះទេ។ នាងស្លៀករ៉ូបស កាន់កន្សែងជូតសក់ត្រឹមករបស់នាងបណ្ដើរ។ ស្រីស្រស់ភ្នែកប្រាក់ជា ខាលី សាន់ដ្រា កូនស្រីច្បងរបស់ត្រកូលសាន់ដ្រា នាងមានរាងខ្ពស់ តែមាំជាងវីយូឡា។

វីយូឡាធ្វើមុខដាក់បងស្រីដែលអង្គុយចុះជិតខ្លួន ក្លិនសាប៊ូដែលខាលីប្រើភាយពេញបន្ទប់ ក្លិនដែលស្រីវីយូឡាធ្លាប់ស្គាល់។ ខាលីប្រើតែផលិតផលដែលយកពីសណ្ឋាគារតែប៉ុណ្ណោះ នាងមិនប្ដូរវាដោយនិយាយថាវាមានក្លិនដូចនៅផ្ទះទោះជាទៅទីណាក៏ដោយ។

«ខាល ត្រូវប្រយ័ត្នជាងនេះបន្តិច អូខេ? កុំជឿមនុស្សមិនស្គាល់មុខ…»

«ដឹងហើយៗ! ចាប់ផ្ដើមធ្វើខ្លួនដូចលេខាជីមពីពេលណានេះ? ធុញណាស់! មកលេងបងស្រីម្ដងៗធ្វើខ្លួនឱ្យដូចជាភ្ញៀវខ្លះមើល មកពេលណាបើមិនបានប្រដៅបងទេ ឯងមិនអស់ចិត្តទេមែន?»

ខាលីកាត់ភ្លាមៗមិនចាំឱ្យវែងឆ្ងាយ នាងក្រមុំចចេសដូចដែលធ្លាប់ធ្វើតាមអត្តចរិតទម្រើសរបស់ខ្លួន។ វីយូឡាបានត្រឹមដកដង្ហើមធំម្ដងហើយម្ដងទៀតដោយក្ដីបារម្ភ។

«មានមនុស្សតាមខ្ញុំ មិនមែនមួយក្រុមទេ អាចជាពីរ អាចជាបីក្រុមដែលខ្ញុំមិនទាន់ដឹងពីគោលបំណងរបស់គេច្បាស់នោះទេ» ឮបែបនោះហើយភ្នែករបស់ខាលីបើកធំៗ។

នាងទម្លាក់កន្សែងចុះ ហើយងាកទៅរកអ្នកដែលជាប្អូនស្រីដើម្បីចង់ដឹងពីព័ត៌មានលម្អិតជាងនោះ។ វីយូឡារាយការណ៍ប្រាប់ពីហេតុការណ៍នៅបុណ្យសពរបស់ឌីន និងអ្នកដែលតាមនាងមកមុននេះ។ ខាលីព្រិចភ្នែកគិត ទឹកមុខហាក់ប្រែប្រួលពីភាពរឹងទទឹងទៅជាបារម្ភភ្លាមៗ កែវភ្នែកចាប់ផ្ដើមញ័រតិចៗដោយភាពភ័យព្រួយដែលវីយូឡាសង្កេតដឹងមួយរំពេច។

«ឯងគិតថាគេអាចនឹងរកឃើញបន្ទប់ពិសោធន៍របស់ឯងទេ?»  

«មិនអាចទេ ខ្ញុំធានា» នាងក៏មិនប្រាកដដែរពេលដែលនាងនិយាយបែបនោះ ស្រីគ្រាន់តែចង់ធ្វើឱ្យបងស្រីស្ងប់ចិត្តជាងមុនបន្តិចតែប៉ុណ្ណោះ។

«ឯងមិនអាចឱ្យគេដឹងបានទេ ឮអត់? សន្យាមកថាឯងនឹងមិនឱ្យអ្នកណាដឹងរឿងនេះ» ខាលីប្ដូរឥរិយាបទពីក្លាហានទៅជាកូនក្មេងលឿនដូចបាញ់ព្រួញ។

«ត្រូវហើយ នឹងគ្មានអ្នកដឹងអំពីវានោះទេ ខាលក៏ដឹងថាលេខាជីមមើលថែវាបានល្អប៉ុនណា គាត់នឹងមិនឱ្យអ្នកណាទៅប៉ះវាបាននោះទេ»

កាន់តែលួង ខាលីកាន់តែខ្លាច។ នាងរត់ទៅរកគ្រែ ហើយសំងំគេងប្រៀបដូចជាក្មេងត្រូវម្ដាយសម្លុតឱ្យ ចូលគេងលឿន។ វីយូឡាហាក់ធ្លាប់នឹងឥរិយាបទនោះ នាងទៅយកទឹកមួយកែវ ហើយទាញវាំងននបិទឱ្យជិត។ ស្រីអង្គុយចុះក្បែរបងស្រីដែលដៃទន់លូកទៅអង្អែលសក់ខាលីថ្នមៗ កែវភ្នែកពេញដោយក្ដីអាណិត។

«អត់មានអ្វីកើតឡើងនោះទេ បងមានសុវត្ថិភាពហើយនៅទីនេះ គ្មានអ្នកណាអាចដឹងនោះទេ ឥឡូវញ៉ាំថ្នាំហើយគេង»

នាងលួងខាលីឱ្យលេបថ្នាំហើយ ដាក់ឱ្យគេងដូចកូនក្មេងដែលទើបតែយំហើយ។

«ពេលក្រោកពីគេងញ៉ាំបាយផង»

នាងរម្លឹកមុននឹងងើបទៅដុតទៀននៅលើតុដាក់កាហ្វេដែលនាងទើបតែយកមកពីសណ្ឋាគារ។ ស្រីមិនភ្លេចorderអាហារហើយរៀបគ្របទុកយ៉ាងស្អាតនៅលើតុបាយ។ មុននឹងចេញពីបន្ទប់ នាងត្រូវប្រាកដចិត្តថាខាលីបានគេងលក់ហើយ ទើបបិទទ្វារចាក់សោឱ្យយ៉ាងល្អ។

មានភាគបន្ទាប់…

1 Comment

  • Chuon Chanra Posted November 17, 2023 4:15 pm

    សែនស្ដាយសាច់រឿងដែល មិនអាចអានបានដល់ភាគបញ្ចប់ អ្នកនិព្ធធ្វើស៊ីអ្នកអាន

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*