ក្រុមអ្នកនិពន្ធ ម៉ីសនសុធារី បានប្រកាសបើករដូវកាលថ្មី នៃក្រុម MST Writer រដូវកាលទី៥ ដែលមានការប្រកូកប្រកាស ឲ្យអ្នកនិពន្ធមិនទាន់គ្រប់អាយុដប់ប្រាំបីឆ្នាំ បានបង្ហាញចេញនូវស្នាដៃ បទនិពន្ធវ័យក្មេងនិងស្រស់ស្រាយរបស់ខ្លួន ក្រោមប្រធានបទ «អ្នកនិពន្ធមិនទាន់គ្រប់អាយុ»។
នេះគឺជាលើកទីប្រាំហើយដែល ក្រុមអ្នកនិពន្ធMST បានបង្កើតឡើងនូវប្រធានបទប្លែកៗ មួយចំនួនដូចជាកាលរដូវកាលទីមួយ អ្នកនិពន្ធក្រៅសាលា រដូវកាលទីពីរ អ្នកនិពន្ធជុំវិញបឹងទន្លេសាប ទីបី អ្នកនិពន្ធមកពីដែលនិរតី ទីបួន និពន្ធដើម្បីក្ដីស្រឡាញ់ និងចុងក្រោយនេះគឺអ្នកនិពន្ធមិនទាន់គ្រប់អាយុ។

អ្នកនិពន្ធ មិត្ត រស្មី នាមប៉ាកាទឹកសន្សើម ជាគ្រូបង្ហាត់សម្រាប់រដូវកាលថ្មី ក៏ជាម្ចាស់គម្រោងបានប្រាប់ឱ្យដឹងថា ៖«ក្នុងលោកយើងនេះ ភាពច្នៃប្រតិដ្ឋ មិនគិតវ័យទេ! កន្លងមក ពិតជាមានអ្នកនិពន្ធជាក្មេងជំទង់ជាច្រើនអាចបង្កើត និងបោះពុម្ពប្រលោមលោកបានជោគជ័យថែមលក់ដាច់ខ្លាំងនៅអាមេរិក កូរ៉េ ជប៉ុន ថៃ!»។
អ្នកគ្រូបង្រៀនតែងនិពន្ធវ័យក្មេងបានសង្កត់ធ្ងន់ទៀតថា ពេលចុះឈ្មោះហើយ អ្នកសរសេរគ្រាន់តែផ្ញើស្នាដៃដើម្បីវាស់ស្ទង់សមត្ថភាព(៤ទំព័រជាភាសាខ្មែរ ប្រធានបទសេរី ) ហើយចូលរួមជាមួយវគ្គបំប៉នដំបូងក្នុងការបង្កើតរចនាសម្ព័នប្រលោមលោក ដែលជាវគ្គសិក្សាអនឡាញដោយមិនគិតថ្លៃ។

អ្នកនិពន្ធ មិត្ត រស្មី រូបខាងស្តាំ។

នេះជាឱកាសពិសេសមួយសម្រាប់ជំនាញសរសេរ ជំនាញតែងនិពន្ធ សិក្សា ថ្នាក់មូលដ្ឋាន និងកិច្ចពិភាក្សាច្រើនរូបភាព អំពីវិធីសាស្ត្រស្រាវជ្រាវ ព្រមជាមួយការយលដឹងនូវគុណតម្លៃនៃជីវិតជាអ្នកនិពន្ធ អំពីបច្ចេកទេសធ្ងន់ៗនៃបទនិពន្ធដែលមានសិល្បៈទាក់ទាញ។
ក្រុមការងារMSTយើងខ្ញុំ បានចងក្រងធនធានដ៏ល្អៗ សម្រាប់បេសកកកម្មនេះ !
ពេលនេះ យុវវ័យវ័យជំទង់ ឬអ្នកនិពន្ធគ្រប់វ័យដែលនិយមសិក្សា ស្រាវជ្រាវអំពីការតាក់តែងប្រលោមលោកបែបវ័យជំទង់ អាចមកចូលរួមជាមួយ MSTWriter៥ ក្រោមប្រធានបទ៖ #អ្នកនិពន្ធមិនគ្រប់អាយុដោយទំនាក់ទំនងទីនេះ ។

ស្នាដៃអ្នកនិពន្ធ MST រដូវកាលទីពីរ

ស្នាដៃអ្នកនិពន្ធ MST រដូវកាលទីមួយ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ