សង្កាត់នេះងងឹតពេលខ្ញុំដើរគយគន់ទិដ្ឋភាព។
ខ្ញុំមកពីខេត្តតាកែវ ហើយនេះជាតំបន់ផ្ទះជួលមួយនៅខាងលិចឆៀងខាងជើងនៃរាជធានីភ្នំពេញ។ ជ្រើសទីនេះ អាចថា ក្បែរៗសាលាជិះម៉ូតូត្រឹម៥នាទី។
ទីនេះ ចុះឆ្ងាយពីផ្លូវធំ ចុងប៉ូចបាំងដោយកូនស្រះឈូកកខ្វក់និងសំណង់ក្រីក្ររដិបរដុប។ ខ្ញុំមានលទ្ធភាពត្រឹមប៉ុណ្ណឹង តម្លៃបន្ទប់៤០ដុល្លារអាមេរិកមួយខែ។ នេះជាព្រលប់ដំបូង នៃការមកផ្តើមស្នាក់។
ខ្ញុំខ្ជិលចាំពួកម៉ាកឈ្មោះលីដា គេមិនទាន់មកដល់ ខ្ញុំចេញមកដើរមើល ក្រែងមានអ្វីទិញ ដូចជាទឹកសុទ្ធ។ល។
តាមផ្លូវ មានភ្លើងជះមកតិចតួចពីកូនផ្ទះ ឬដីគេទុកចោលមានសូឡាមួយៗ ផ្លុងៗ។ ពេលណាដែលខ្ញុំឆ្លងកាត់ធ្វើឱ្យស្រមោលរបស់ខ្ញុំស្រពិចស្រពិលតាមអន្ទោលមកយឺតៗនៅពីក្រោយដំណើររបស់ខ្ញុំ។
ពីនេះទៅផ្ទះខ្ញុំ ដើរបីកាត់ហើយ មានកូនតូបឈើតែមួយគត់ លក់សាំងដប ក្រៅពីហ្នឹងមិនមានអីទេ។ ខ្ញុំបកក្រោយព្រោះហត់ខ្ជិលដើរទៅទៀត។
មកដល់ផ្ទះវិញ ខ្ញុំមានអារម្មណ៍ថាស្ងាត់។ មិនដឹងថាម៉េចបានម៉ោងមិនទាន់៧យប់ផង ស្ងាត់ម្ល៉េះ? បង្អួចទាំងអស់គឺបិទបណ្តាផ្ទះជួលដែលខ្ញុំឆ្លងកាត់ ដូចមិនទាន់មានអ្នកណាមកដល់?
ខ្ញុំមិនខ្លាចខ្មោចទេ តែខ្លាចមនុស្សប្រុសស្រវឹង។ ហើយខ្ញុំដើរយ៉ាងលឿនដើម្បីចូលក្នុងបន្ទប់ យកភាពកក់ក្តៅ ដោយសុវត្ថិភាព ។
ភ្នំពេញនេះ ធ្លាប់មានកើតឡើងករណីរំលោភសម្លាប់មួយចំនួនកាលពីឆ្នាំមុនតែមិនមែនម្តុំនេះទេ។ ខ្ញុំ បានផ្លាស់មកទីនេះ ម្តាយខ្ញុំចង់មកនៅជាមួយកូនពីរបីថ្ងៃសិនដែរតែស្រូវទុំអត់ដៃច្រូត អ៊ីចឹងហើយ អាទិត្យក្រោយទើបគាត់បានមក។
«អេ! ពេជ្រ!»
មានមនុស្សហៅខ្ញុំ សំឡេងដូចលីដា? ខ្ញុំងាកក្រោយ អត់ពីណាទាំងអស់ ។ ស្ងាត់! បុក ពោះ! ល្អដែរមានអ៊ុំចាស់ម្នាក់កំពុងប្រមូលខោអាវស្នួ បន្ទប់គាត់នៅឆ្ងាយសន្លឹមដែរពីទីនេះ ប្រហែលជា៣០ម៉េត្រ តែពេលឃើញគាត់ចិត្តខ្ញុំ គ្រាន់បើ!។
តែ អ្នកណាហៅឈ្មោះខ្ញុំ?
ងាករកមួយជុំទៀត អត់ឃើញអីទេសោះ!
មិត្តភក្តិខ្ញុំស្លូតណាស់ គេមិនមកលេងអ៊ីចឹងទេ តែនេះកណ្តាលវាល តែមិញខ្ញុំឮច្បាស់។
ពេលដែលខ្ញុំភ្លេចខ្លួន ថាកំពុងឈរវិលវល់ មានអារម្មណ៍ថាពីឆ្ងាយមានពូម្នាក់ទៀត កំពុងជូតរឺម៉ក់កង់បី ដុសលាងហើយសម្លឹងមកដែរ។
ជាមួយទឹកមុខអៀនខ្មាសដែលមកឈរស្កុបកណ្តាលផ្លូវ គ្មាននរណានៅក្បែរ ខ្ញុំក៏ងាកមកបន្តដើរលឿនជាងមុន ហើយឈានទៅដល់បន្ទប់ទីមួយដែលឃើញអង្រឹងយោល។
មានស្ត្រីម្នាក់ ខ្ពស់ សក់វែង ឈរបែរខ្នងយោលអង្រឹង។ លែងសូវខ្លាច ខ្ញុំដើរមកចាក់សោបន្ទប់ខ្ញុំនៅចម្ងាយរំលងបីបន្ទប់ពីគាត់។
សំឡេងបំពេកូន និងទារកយំលាន់ឆ្មាៗ មិនដឹងមកពីណា ដាស់ខ្ញុំឱ្យភ្ញាក់ពីការគេងលើអង្រឹង។
ម៉ោងប៉ុន្មាន?
ពុទោ្ធ! ម៉ោងជាង៨យប់ហើយ? មិនឃើញលីដាមកទេ?
ខ្ញុំច្បូតមុខ រលាស់ខ្លួនក្រោក ទាញទូរសព្ទដែលសាកថ្មមកមើល។
ក្រោយអង្រឹងនេះ ខ្ញុំឃើញមានម៉ូតូមួយបើកភ្លើងឆ្វាចជិះកាត់។ ភ្លៀងធ្លាក់រសឹប សូរបំពេនិងទារកលែងឮ។
សម្លឹងមើលទៅក្រៅកាត់តាមបង្អួចទៅកាន់ផ្លូវបត់ចូលផ្ទះជួល មានជើងតែរទេះលក់នំប៉័ងចាស់ៗគេគរទុកចោល គ្មានអ្នកណាទេ។
ខ្ញុំអាចឮសូរមនុស្សសើចជាក្រុមពីចម្ងាយ ម្តងខ្លាំង ម្តងខ្សោយ ម្តងបាត់។
ខ្ញុំឆ្ងល់ថា តើលីដាម៉េចក្រមកម្ល៉េះត្រឹមតាកែវ នាងថាចេញមកតាំងពីម៉ោង៣ល្ងាច។ ដោយសារទូរសព្ទខ្ញុំរលត់ថ្មបានជាទាក់ទងគ្នាមិនបាន ពេលនេះមានពីរកាំ តែពិបាកសេវា។
ខ្ញុំសាកល្បងចុច…តែលោតសារនាងមក
«ឯងនៅឯណា?»
ជាសាររបស់លីដា។
«អញ…..»
ចុចបានត្រឹមណេះ ពីចំហៀងខ្លួនខ្ញុំឃើញមនុស្សឈរ។
គាត់ប៉ោង ទំនងមានផ្ទៃពោះ។ ខ្ញុំងាកទៅរកនិយាយគួរសមដាក់សិន ព្រោះស្ងាត់ពេញមួយល្ងាចហើយ ស្រាប់តែ…នារីនោះគ្មានមុខទេ។
ឱ!
ខ្ញុំសុបិនខ្មោចហើយម៉ែ!
ខ្ញុំស្ទុះក្រោកចោលអង្រឹង បើកទ្វាររត់ចេញចោលបង្អួចនោះ ឆ្ពោះទទឹងទទែងមកកាន់បន្ទប់ដើមគេដែលមានស្រីយោលកូន មាត់ប្រុងតែប្រកូកឱ្យគេជួយ ស្រាប់តែបន្ទប់នោះគ្មានមនុស្សទេ ងងឹតស្លុបសុទ្ធតែសំរាម គរដូចគេបោះបង់ចោល។
ខ្ញុំដើរថយក្រោយដូចមានភ្នែកខាងក្រោយ ដើរកឹបៗព្រោះឃើញស្រមោលធំមួយខ្មៅ ពីក្នុងផ្ទះសំរាមតម្រង់មកខ្ញុំ…បុរសដែលខ្ញុំឃើញជូតរ៉ឺម៉កពេលនេះដើរមកជាមួយដូនចាស់ដែលហាលខោអាវ។
ខ្ញុំស្រែកថ្ងូព្រោះថ្គាមរឹងមិនចេញសំឡេង។
ពួកគេឈរក្រោមពន្លឺខៀវស្រងាត់ ពីក្រោយខ្នងពួកគេជាអាគារងងឹត ដូចជាសំណង់ខ្មោចធ្វើមិនទាន់ចប់ និងត្រូវបានទុកចោល។
នៅខាងក្រៅ ទ្វាររបង ពីក្រោយខ្នងពួកគេ ខ្ញុំឃើញស្ត្រីសក់វែង ពកូនង៉ា ឈរទីនោះ។
ទូរសព្ទខ្ញុំញ័រ ញ័រដូចដៃខ្ញុំដែរ។
ខ្ញុំលើកដាក់ត្រចៀក…សំឡេងលីដាលាន់មកស្រួយស្រឹប៖
«ពេជ្រ! អញហេវបាយណាស់ អ្ហែងក្រមកម៉េះ?»
ខ្ញុំងាកក្រោយ មករកផ្ទះជួលដែលបានមកដល់ពីព្រលប់ ក្រែងមិត្តខ្ញុំខលពីនោះមក តែពេលនេះនៅសេសសល់តែគំនរសំណង់បាក់បែក អាគារបន្ទប់ជួលពេលខ្ញុំមកដល់បានរលត់ទាំងស្រុង។ ខ្ញុំត្រូវគេ ពង្វាងមកច្រឡំកន្លែងហើយ!
ជង្គង់ខ្ញុំទន់!
ហើយប្រមូលស្មារតីស្រែកឡើងក្នុងភាពងងឹត សង្ឃឹមថា មានអ្នកណានៅក្បែរហើយមកជួយខ្ញុំចេញពីភាពងងឹតកំបាំងភ្នែកទាំងអស់នេះ៕
ចប់…
1 Comment
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ