រឿង៖ អ្វីដែលនាងឃើញ

រឿងនេះ សរសេរដោយសោកសៅ និងជារឿងអាថ៌កំបាំងពេកណាស់។

ធម្មតាពីមុនមក អ្នកគ្រូនិមលជានារី​ខ្លាំង​ពូកែ​ មានអំនួតអំពីសមត្ថភាព​របស់​គាត់​​។

គាត់​ត្រូវ​បាន​គេ​ដាក់មកជាគ្រូ​គណិតវិទ្យា​នៅ​ក្នុង​សាលា​សន្ធរ។ ដូច្នេះ គាត់បាន​ជួលបន្ទប់មួយរបស់អ្នក​​ភូមិ​សម្រាក​នៅ​ពេល​ឈប់។ ម្ចាស់ផ្ទះជា ​ជា​ស្ត្រី​មេម៉ាយឈ្មោះ ធូ មាន​កូនស្រី​ពីរ​នាក់និងមានផ្ទះសល់បន្ទប់អាចជួលរកកម្រៃបាន។

មីងចន្ធូ មិនទម្លាប់ចូលក្នុងបន្ទប់គេងសម្រាកទេ តាំងពីប្តីគាត់ស្លាប់។ បន្ទប់ដេករបស់គាត់ទុកចោលរហូតដល់អ្នកគ្រូនិមលមកដល់។

នេះជាបន្ទប់ស្អាត មានគ្រែបេងធំមួយ បង្អួចធំពីរ ក្បែរៗដើមស្វាយ​ត្រជាក់ មាន​ខ្យល់អាកាសល្អ។ ដើរចេញតែបន្តិច ក៏ដល់បន្ទប់ខាងក្រៅហើយ។

នៅក្នុងគ្រួសារ របស់មីងធូ ទោះគាត់ពុំមែនសម្បូរទ្រព្យ តែរចនាប័ទ្មផ្ទះនេះសង់មកតាំងពីជីដូនគាត់ ឈើមានខ្លឹមល្អ និងរលោងសម្អាតបានរឹងមាំ។ ទោះណាមិនជាមានគ្រឿងសង្ហារឹមមានតម្លៃគ្រប់ជ្រុង តែមានរូបភាពគំនូរ និង តុបតែងដោយផើងផ្កាស្អាត ស្រស់បំព្រង។ ក្នុងករណីបន្ទប់នេះត្រូវបាន​ដាក់ជួល គាត់បានរៀបចំ​ជាពិសេសដោយ​ហៅអ្នកស្រុកមកជួយលាប ថ្នាំពណ៌ផ្ទៃមេឃ ភ្លឺស្រស់ស្រាយ។

ក្នុងយប់ដ៏ពិសេសអ្នកគ្រូមកថ្ងៃដំបូង ពួកគេ​ទទួលគាត់ជាមួយការញ៉ាំបាយល្ងាចមានមាន់ដុត និងបង្អែមត្នោត។ ក្នុងនាមជាក្មួយស្រីរបស់ម្ចាស់ផ្ទះ និងជាអ្នកនាំអ្នកគ្រូមកជួលស្នាក់ ខ្ញុំក៏មាន​វត្តមាន​។

ជាធម្មតាខែតុលានៅសេសសល់ភ្លៀងចុងដៃ ហើយ នៅម៉ោង៨យប់មេឃចុះត្រជាក់ភ្លៀងចាប់ផ្តើមរលឹមដូច្នេះ​យើង​គិត​ថា ​គាត់​ត្រូវការសម្រាក។

​ដូច្នេះហើយ នៅម៉ោងប្រហែល៨ជាងបន្តិចយើងទាំងអស់គ្នាបានពន្លត់ភ្លើងចូលគេង។ គ្រែ​ដែល​ម្ចាស់ផ្ទះ​រៀប​សម្រាប់​ខ្ញុំ គឺនៅបន្ទប់ក្រៅ ក្បែរគ្រែមីងធូដែរ។ គាត់នៅត្បូងជិតទូរទស្សន៍ ហើយ ខ្ញុំនៅខាងជើងសសរ។ កូនស្រីៗរបស់គាត់ស្នាក់ក្នុងបន្ទប់មួយនៅខាងលិច។

អ្នក​ផ្ទះ​ទាំង​អស់​បានគេងស្ងាត់​​ហើយ ខ្ញុំក៏លង់មួយភាំងក្រោមស្នូរក្អាត់ស្រែកថ្ងូរ ដឹងអី​ត្រូវបះដៃជើងភ្ញាក់ព្រោះឃើញ​អ្នកគ្រូនិមលមកប្រះ​ដេក​លើ​គ្រែ​ក្បែរ​ខ្ញុំ។

«ម៉េចបង?»

ខ្ញុំសួរគាត់។ គាត់មិនមាត់ ហើយសំងំគេង។ ខ្ញុំក៏ងាកលបមើលម៉ោងលើទូរសព្ទ ម៉ោង១២យប់។ មើលទៅក្រៅតាមបង្អួចខាងមីង មេឃនៅតែស្រឹបរលឹម ហើយ​ងងឹតខ្លាំងណាស់។

ខ្ញុំបែរចុះឡើងព្រោះគ្រែនេះតូចចង្អៀត ឃើញបែបនេះ​គាត់ចូលទៅក្នុងវិញ ហើយបិទទ្វារជាថ្មីម្តងទៀត។

ម៉ោង​ប្រហែលជិត​ ៨ ព្រឹក​ថ្ងៃ​បន្ទាប់ យើង​គិត​ថា អ្នកគ្រូ​​គេង​យូរ​ហួសម៉ោង​ក៏​ទៅ​ដាស់​គាត់។ ទ្វារត្រូវបានបិទ ប៉ុន្តែយើងមាន​សោ។ ហៅមិនឮមាត់ ដូច្នេះ​អ្នកផ្ទះភ័យ ហើយ​ក៏​បើក​ទ្វារ​ចូល។ អ្នកគ្រូន​នៅសម្រាន្ត​លើគ្រែសម្លឹងមកយើងដោយភ្នែកដែលហាក់ឃើញ ប៉ុន្តែមិនខ្វល់។

គ្រប់គ្នា ​បាន​ដឹង​ភ្លាមៗ​ថា​ មាន​អ្វី​មួយកើតឡើងលើ​អ្នកចំណូលថ្មីម្នាក់នេះហើយ ផ្លូវងងឹត។

ពេល​ប៉ះសាច់​ខ្លួន​គាត់​ក្តៅ​ខ្លាំង។ យើងបើកបង្អួច ពេលនោះហើយដែលគាត់មមើភ័យ ហើយហាម​ថា៖

«កុំបើក ប្រយត្ន័វាចូលមក!»

«អ្នកណា? »យើងបានសួរទាំងមើលមុខគ្នាបារម្ភ។

ប៉ុន្តែគាត់មិនឆ្លើយ​ហើយ​បានដួលសន្លប់។ គ្រូពេទ្យ​ភូមិ ​បាន​ ​មក​ដល់​នៅ​ម៉ោង​ប្រហែល៩​ព្រឹក។ គាត់បាននិយាយថា អ្នកគ្រូនិមល គ្រុនក្តៅខ្លាំង គាត់បានចាក់ថ្នាំ និងឱ្យថ្នាំលេប។ ក្រោយ​ឱសថមានប្រសិទ្ធិភាពកាត់បន្ថយសីតុណ្ហភាព ហើយ នៅម៉ោងប្រហែលល្ងាចស្មារតីអ្នកគ្រូបានត្រលប់មកវិញ។

ទោះ​ជា​យ៉ាង​ណា គាត់​ស្ថិត​ក្នុង​ស្ថានភាព​ទន់​ខ្សោយ​ខ្លាំង។ វេននៅពេលយប់ខ្ញុំបន្តនៅ មើលថែគាត់នៅវាលខាងបន្ទប់ក្រៅ និងសុំច្បាប់សាលាឱ្យគាត់ដែរ។

នៅ​ព្រឹក​បន្ទាប់គាត់ហាក់ស្រលះមុខមាត់ គ្រួសារគាត់បានមកទទួលហើយប្រាប់ថា គាត់មិនអាចស្នាក់ទីនេះបានទេ។ ដោយយើងជជីកសួរពេកគាត់ប្រាប់ថា៖

«​យប់មុននោះ បន្ទាប់​ពី​ខ្ញុំ​ចូលប្រះ​ហើយ ខ្ញុំគេងមិនលក់ស្រួលទេ ប្រហែលពាក់កណ្តាលអធ្រាត្រ ខ្ញុំក៏ចាប់ផ្តើមងងុយគេង។ រលីវៗ ស្រាប់តែឮស្នូរវាយលើរនាំងបង្អួចបីដង វាប្រៀបបីដូចជាការវាយ ដោយឈើច្រត់?»

ខ្ញុំសម្លឹងមីងធូ។

ប្តីគាត់កាលនៅរស់ជាទាហានពិការជើងម្ខាងដើរដោយឈើច្រត់។

អ្នកគ្រូនិមលតំណាលមកបន្តទៀតថា៖

«ខ្ញុំសួរភ្លាមឡើងថា នរណានៅក្បែរបង្អួច? ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប តែការ​វាយ​​បាន​ឈប់ឮ។ ពេលខ្ញុំ​បិទ​ភ្នែក​ម្តង​ទៀត ហើយ​ការ​វាយ​​ដដែលៗ​បាន​កើត​ឡើង! ពេលណាស្រែកសួរការ​វាយ​ក៏​បាន​ឈប់ ប៉ុន្តែ​មួយ​រយៈ​ក្រោយ ​ចាប់​ផ្តើម​ជា​ថ្មី! ​ ដោយ​​កំហឹង​ខ្ញុំដើរទៅ ​បើក​បង្អួច​តាំង​ចិត្តស្តីឱ្យអ្នកដែលលេងបន្លាច ​ស្រាប់តែដឹងថា  បង្អួចនេះមានកម្ពស់​ប្រហែលជាងបីម៉ែត្រពីលើខាងក្រោម ងងឹត ស្លុប ភ្លៀងបោកខ្យល់ត្រជាក់ ស្លឹកស្វាយបោកទង្គិច គ្មានអ្នកណាមកលេងអ៊ីចឹងទេ!…ពេលហៀបនឹងបែរមកវិញ…ខ្ញុំឃើញ…»

និយាយដល់ត្រង់ណេះនាងស្រាប់តែញ័រ និងហឺត ហើយក្នុងមួយនាទីភ្លាមគាត់បានបាត់បង់ស្មារតី សន្លប់ដោយ គ្រុនក្តៅកាច់ខ្លាំងឡើងៗ។

 គ្រូពេទ្យ​ត្រូវ​បាន​កោះហៅមកប៉ុន្តែ​លើក​នេះ​​គាត់ឱ្យយើងយកទៅពេទ្យ។

​អ្នកគ្រូនិមល មិនដែលដឹងខ្លួនឡើងវិញទេ បន្ទាប់ពី២៤ ម៉ោងនៅទីនោះគាត់បានស្លាប់ដោយសារជំងឺគ្រុនឈាម​ទាងមិនអស់ចិត្ត ដោយបន្សល់ទុករឿងរ៉ាវរបស់គាត់ ដែលនិទាន​នៅមិនទាន់ចប់ហើយ អ្វីដែលគួរឱ្យភ័យខ្លាចនោះគឺ ស្អីទៅ គាត់បានឃើញនៅខាងក្រៅបង្អួច?

រឿងទាំងមូលនៅតែជាអាថ៌កំបាំងដ៏ជ្រាលជ្រៅ ហើយជាអកុសល អាថ៌កំបាំងនេះនឹងមិនអាច ដោះស្រាយឡើយដោយគ្មាន​គាត់។

ចាប់ពីពេលនោះមក គ្មាន​នរណា​ម្នាក់​ហ៊ាន​ឆ្លង​កាត់ទីនោះឡើយ​បន្ទប់ត្បូងផ្ទះមីងធូ។

ពីរឆ្នាំក្រោយមក ថ្ងៃមួយស្មៀនម្នាក់ឈ្មោះឌឿម បានជួបខ្ញុំចៃដន់ ហើយដឹងថា ខ្ញុំស្នាក់នៅជាមួយមីងធូ ក៏ប្រាប់ខ្ញុំថា ៖

«ប្រហែលបួនឆ្នាំមុន ដែលគេបាន​មកធ្វើការនៅភូមិនេះ យប់មួយបាន​អូសម៉ូតូបែកកង់កាត់ពីក្រោយ​របងមីងធូ បានឃើញ​ស្រីម្នាក់ទម្លាក់សក់សំយ៉ាកនៅលើបន្ទប់នោះ មកដី!»

ឌឿមបានពោលដោយភ័យខ្លាចថា គេឱ្យម្តាយស្រោចទឹកទម្រាំជាពីជំងឺលស់ព្រលឹង។ ឮហើយ ខ្ញុំ​មិនបាននិយាយអ្វីទេ ខ្លាច​មីងធូខឹងគ្នាជាមួយស្មៀនឌឿម។

ព្រោះពេលនេះខ្ញុំចូលបម្រើការងារនៅការិយាល័យឃុំ​លែងធ្វើគ្រូ ដូច្នេះខ្ញុំគ្មានជម្រើស​ក្រៅពីស្នាក់នៅទីនេះ។

ថ្ងៃណាដែលគ្មានអ្នកណានៅ ខ្ញុំធ្វើពុតជារវល់នៅក្រៅ មិន​បានមកមុនទេ​ហើយបើចំពេលនៅម្នាក់ឯង ក៏មិនឡើងមកលើ ឬហ៊ានសម្លឹងបន្ទប់មួយនោះដែរ។

ពូម្ចាស់ផ្ទះស្លាប់បីឆ្នាំហើយ​ ចំណែក​អ្នកគ្រូនិមលទោះស្លាប់នៅពេទ្យ​ក៏មិនមែន​ថាមិនទាក់ទងនឹងបន្ទប់នោះដែរ។

ព្រលប់មួយ នៅជុំគ្នាស្រាប់តែកូនពៅរបស់មីងធូឈឺ។

ពួកគេក៏ច្រាស់ច្រាល់នៅក្រោមផ្ទះស្អំទឹក ទាំងស្លន់។ ខ្ញុំត្រូវគេប្រើឱ្យឡើងមកយកសារ៉ុង។ ភ្លេចខ្លួន​ខ្ញុំរត់ឡើងមកមែន​ហើយចូលបន្ទប់ពួកគេយករបស់របរ។ ចេញមកវិញ ខ្ញុំរត់ទៅក្រោមព្រោះបារម្ភពីអ្នកឈឺស្រាប់តែ​ខ្ញុំវាក់នឹង​ពន្លឺបៃតងចេញពីបន្ទប់ត្បូងនោះ។

ពេលនេះ ការភ័យខ្លាចបានសណ្ឋិតចូលមកវិញ។

ខ្ញុំបានឮសូរឈើច្រត់ និងសំលេងសើច។ ពន្លឺពណ៌បៃតងបានជះមកដល់ទ្វារ។ ខ្ញុំបែកញើសជោកស្អិតអស់ហើយដៃជើង។

ខ្ញុំងាកទៅសម្លឹង ។

ទោះបីឆ្ងាយគ្នា ខ្ញុំឃើញស្រីម្នាក់ពាក់អាវចិនសក្បុស សក់វែងទម្លាក់ ហើយដៃកំពុងច្របាច់តោងករបស់ប្តីមីងធូយ៉ាងកំណាច។ ប្តីមីងធូដូចជាឈឺចាប់ខ្លាំង និងបានស្រែក តែស្រែកមិនឮ បានត្រឹម​យកឈើច្រត់មកគោះលើបង្អួចរកគេជួយ។

ខ្ញុំទម្លាក់របស់របរចោល រួចរមៀលចុះមកតាមជណ្តើរធ្វើមាត់ម្ហបៗ។

ខ្ញុំមិនដែលទៅផ្ទះនោះទៀតទេ។ មានម្តង លោកយាយម្នាក់ជាចាស់ស្រុក មកធ្វើលិខិតស្នាមនៅឃុំ គាត់តំណាលប្រាប់ខ្ញុំថា កាលពីសង្គមចាស់ ពូដែលជាប្តីមីងធូបាននាំប្រពន្ធចុងម្នាក់មកផ្ទះ ជាស្រីកូនចិន។ ដោយសារកាលគាត់ធ្វើសង្គ្រាមកំបុតជើងបានស្រីនោះថែទាំ ម្តាយឪពុកគាត់ក៏មិនដឹងធ្វើម៉េចមាន​តែទទួលមកនៅជាមួយ​ម្នាក់ទៀត បានន័យថា​មានប្រពន្ធពីរលើផ្ទះ។

ក្រោយមកស្រីចិននោះបានកូន៤ខែក្នុងផ្ទៃក៏ដួលបោកក្បាលស្លាប់នឹង​ផ្ទាំងកញ្ចក់ក្នុងបន្ទប់ដដែលនោះ។ រឿងនេះ គ្មានអ្នកណា​ដឹងទេ​សូម្បីអ្នកគ្រូនិមល។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*