ជារឿយៗ យើងលេងហ្គេមហើយជក់ហើយចង់ចូលទៅ។
យើងក៏ដឹងផងដែរថាទៅមិនរួច ស្រាប់តែ យប់មួយ ក្រោកឡើងមកវិញខ្ញុំឃើញខ្លួនឯងដុះកន្ទុយជាផ្សោត និងកំពុងស្ថិតនៅលើកោះតូចមួយ។
សងខាងជា លីកា និងធាវី។
ពីរនាក់គេម្នាក់ជាមិត្តខ្ញុំស្រលាញ់គឺលីកា ចំនែកធាវីជាកូននាយកសាលា និងនិយមប៊ូលីខ្ញុំ។ ពួកយើងដុះកន្ទុយផ្សោតហើយកំពុងតស៊ូជាមួយបិសាចទឹក។
«យើងត្រូវទៅយកដាវនោះមកមុនពេលវាវាយបំប៉ើងកោះនេះហើយយើងនឹងលង់ទឹកសំណស្លាប់!»
នេះជាអ្វីដែលធាវីព្រមាន។ ខ្ញុំតបតឡើងវិញ៖
«ស្អីស្លាប់? យើងមានកន្ទុយវែងណាស់!»
«វាជាទឹកសំណ ពេលយើងធ្លាក់ទៅវានឹងពុះឡើងមករំលាយយើងគ្មានសល់សូម្បីឆ្អឹង!»
ធាវីសម្លុតខ្ញុំ ធ្វើឱ្យខ្ញុំនេះនឹកឃើញឡើងវិញដល់ ហ្គេមSystem-៣ដែលធ្លាប់បានលេង។
ពិតជាមានមហាសមុទ្រមួយ ដែលកាលណាមានសភាវៈធ្លាក់ចុះទៅ ទឹកវានឹងប្រែក្លាយជាសំណក្តៅ ឬអាស៊ីដហើយរំលាយយើងទៅបំពេញមហិទ្ធិឫទ្ធិឱ្យវាខ្លួនឯង។
ខ្ញុំញាប់ញ័រ។ ទោះណានេះជាសុបិន តែខ្ញុំចង់ចាកចេញ។ ខ្ញុំមិនចង់ស្គាល់ជាតិរលាយទៅក្នុងទឹកសំណពុះទេ ។
“ដាវបូជា”លីកាស្រែកហើយចង្អុលទៅមុខ។
ប៉ុន្តែអ្វីដែលពាក់ព័ន្ធសំខាន់ជាងនេះគឺខ្ញុំឮសំឡេងសើចចំអក។
ពួកយើងងាកក្រោយ ឃើញក្រោមទឹកមានផ្សោតរូបអាក្រក់មួយ មិនមែនមនុស្សខ្ញុំស្គាល់ទេ។ វាជាផ្សោតបិសាចសក់វែងខ្មៅរលោងពីលើដល់ក្រោមនិងបញ្ចេញចង្កូម។
ជាងនេះទៅនឹងប្រធានបទដែលពួកខ្ញុំកំពុងត្រូវដោះស្រាយ កូនកោះផ្តើមរំជួល គ្រប់គ្នានៅលើនេះកំពុងប្រឹងតោង ខាងក្រោមលេចចេញពួកបិសាចមកបុកលុកឱ្យយើងនៅមុននឹងនរ។
ខ្ញុំស្រែកខ្លាំងៗ ចំណែកលីកាខំចែវនិងបញ្ជាមកខ្ញុំ៖
«យើងត្រូវចែវទៅយកដាវមក ដាវនោះសម្លាប់ពួកវាបាន!»
ពួកគេខំចែវខ្ញុំក៏ងាករកច្រវាដែរ។ យើងខំចែវហត់ញ័រទ្រូង និងតក់ស្លុត ការអុកឡុករបស់បិសាចកាន់តែរំជួលឡើងៗ។ ពេលនេះយើងទន់ដៃហើយ ខ្ញុំឃើញធាវីធ្លាក់ទៅក្នុងទឹក ទឹកក៏ពុះ នាងក៏រលាយបាត់យ៉ាងឈឺចាប់។
លីកាទ្រហោយំរបូតច្រវាចោលហើយងាកមករកកាំបិតតូចមួយលើកវាឡើងដោយមុខក្រហមខ្ញុំស្រែកយំខ្លាំងៗ។ ក្នុងហ្គេម System-៣ ពេលចង់ឱ្យបិសាចរលាយ យើងត្រូវបរិចា្ចគឈាម។ តួអង្គ តែងតែប្រើវត្ថុមុតស្រួច ដូចជា កាំបិត ឬកន្ត្រៃ ដើម្បីធ្វើស្នាមកាត់ ឬកោសលើដងខ្លួនរបស់ពួកគេទម្លាក់ស្រោចទៅលើពួកព្រាយ។
ប៉ុន្តែ ពេលនេះ ការកាត់ គឺជាទម្រង់មួយនៃការបង្ករបួសលើខ្លួនឯងប៉ុណ្ណោះ។ ខ្ញុំទ្រហោយំគ្រវីក្បាល ហើយឃើញលីកាត្រូវបិសាចមួយច្បាមទាញសក់ នាងស្រែករន្ធត់ហើយ ទម្លុះស្បែកនាង ស្រោចឈាមលើពួកបិសាច ពួកនោះត្រូវរលាយបាត់ ចំណែកខ្ញុំក៏តោងថ្មស្រួចឡើងជាប់ហូរឈាមសស្រាក់មិនដឹងឈឺទេ។
លីកាត្រូវខ្មោចផ្សេងបំប៉ើងកោះ នាងធ្លាក់ទៅ និងរលាយក្នុងសំណតាមលំនាំរបស់ធាវី។
ខ្ញុំយំស្រែក ខណៈកូនកាំបិតរបូតមកចុងជើង។
ខ្ញុំមិនដឹងត្រូវធ្វើម៉េចទេ។ បិសាចច្រើនឡើងៗហែលមករកខ្ញុំ។ ខ្លះប្រយិត ខ្លះតោង ជាមួយក្រចក ម្រាមមានតែបី តែវែងនិងមុត។ ខ្ញុំខំថយទៅម្ខាង ស្រាប់តែអ្វីមួយ រឹងត្រជាក់ ខ្វាចមកលើស្មាស្តាំខ្ញុំ។
ខ្ញុំឈឺស្រែកយ៉ាងឈឺចាប់។
វាចាប់ដើមដៃខ្ញុំជាប់ និងទាញយកខ្ញុំទៅ ខ្ញុំដឹងតែស្លាប់មិនខាន ។ ស្រាប់តែ ខ្ញុំឃើញវារលួយដៃព្រោះឈាមខ្ញុំស្រក់ប៉ះ វាព្រមលែងដៃខ្ញុំនិងបញ្ចេញចង្កូមសស្ងាច មុនពេលវារមៀលធ្លាក់រលួយខ្លួនក្នុងទឹក។
«ម៉ាក់អើយជួយផង កូនចង់ទៅផ្ទះវិញ កូនចង់ឈប់លេងហ្គេម!»
ខ្ញុំស្រែកទ្រហោក្នុងចិត្ត តែមិនបាននិយាយព្រោះត្រជាក់និងភ័យឡើងរឹងថ្គាម។
បិសាចទឹកពីរបីទៀតវារឡើងមកនេះបានសម្រេច។ វាលូនមកហើយ ខ្ញុំខាំធ្មេញ ទាញយកកាំបិតលើចុងជើងមកកាន់ជន្លបន្លចពួកវា។
ខ្ញុំនឹងសម្រក់ឈាមមុនឱ្យពួកវាខំា។ ស្រាប់តែវាលែងលូន វាហក់មករ៉ាវ ខ្ញុំស្រែកភ្លាត់សំឡេង កាត់ដៃឆ្វេងខ្វោកជ្រុះម្រាមពីរបីបាញ់ឈាម រលួយមុខពួកវា។
ដៃខ្ញុំឈឺស្ពឹក។
ខ្ញុំសើចហាសហាទាំងភាពខ្លោចផ្សារស្ពឹកមួយចំហៀងខ្លួន។ រួចខ្ញុំបិទភ្នែកថយមកផ្អែកលើថ្ម របូតស្មារតីសន្សឹមៗ ។
ឈាមខ្ញុំជិតអស់ហើយ! បិសាចទាំងហ្វូងហែលប្រដេញមកពីចម្ងាយ។
ខ្ញុំត្រូវការចាក់និងអារខ្លួនឯង ដើម្បីបានឈាមមកស្រោចស្រព ការពារខ្លួនពីពួកវាប៉ះឬទាញអូសទៅ។ ខ្ញុំមិនចង់រលាយក្នុងសំណទេ បើទោះស្លាប់ក៏ត្រូវនៅទីនេះ លើនេះល្អជាង។
ដៃមួយតោងកំភួនដៃខ្ញុំ ខ្ញុំអារឆ្វាច់កន្លែងនោះទៀត។ វាក៏របូតធ្លាក់។ ខ្ញុំស្រឹមភ្នែក…ខ្ញុំអស់ហើយ…ខ្ញុំជិតទៅហើយ។ សំឡេងមនុស្សប្រុសគ្រលរៗលាន់មកប៉ះនឹងត្រចៀកខ្ញុំថា៖
«ការធ្វើបាបខ្លួនឯង គឺជាបញ្ហាធ្ងន់ធ្ងរដែលប៉ះពាល់ដល់យុវវ័យជាច្រើនក្រោយលេងហ្គេមហួសហេតុ! ពេលនេះ កូនរបស់អ្នកស្រី ធ្វើឱ្យខ្លួនឯងរងរបួស ថ្ងៃណាមួយ គេអាចនឹងវង្វេងធ្វើឱ្យអ្នកដទៃរបួសឬស្លាប់បាន ព្រោះវង្វេងថា ជាឈុតឆាកក្នុងហ្គេម!»
ខ្ញុំខំគិត។
ជាធម្មតា នេះជាសុបិនឬខ្ញុំកំពុងស្ថិតនៅទីណា។
ខ្ញុំឃើញមុខម៉ាក់ខ្ញុំយំនិងសឺរ៉ូមព្យួរ។
សំឡេងបុរសដដែលចាប់ផ្ដើមនិយាយឡើង៖
«ទុកគេឱ្យព្យាបាលសិន ម្រាមនេះតវិញបាន តែបើចប់ពីនេះ អ្នកស្រីមិនយកគេទៅព្យាបាលចំឯកទេសផ្លួវចិត្ត គេនឹងបន្តធ្វើបាបខ្លួនឯងនៅទីតាំងគ្រោះថ្នាក់ផ្សេងទៀត ដូចជាភ្នែកឬសរីរាង្គខាងក្នុងពេលនោះ មិនអាចជួយអ្វីបានទេ!»
….ជួយកូនផងម៉ាក់!
ខ្ញុំបានត្រឹមគិតហើយដេកលក់ទៅវិញឈឹងយ៉ាងល្ហិតល្ហៃ។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ