ធ្លាប់ឃើញកាសែតមួយគេនិយាយថា ទីនោះគឺជាអតីតកុលសម្ព័ន្ធចាស់ឈ្មោះថាខ្វាសាម!
——
ទោះបីហេងនិយាយពីរឿងនេះគ្មានអ្នកណាខ្វល់ទេ។
ពួកគេទាំង១០នាក់ទើបប្រឡងជាប់ថ្មីៗ សម្រេចចិត្តមកបោះជំរុំនៅអតីតតំបន់ចាស់ខ្វាសាម ជិតព្រំដែនឡាវ។
ក្នុងឡាន១២កៅអី ចរិយាដែលជាមេក្រុមលបគេងសម្រាកកម្លាំងបន្តិចតែត្រចៀកនាងនៅស្តាប់ឮហេងរៀបរាប់៖
«នែ! សៀវភៅសរសេរអំពីកុលសម្ព័ន្ធធំៗមាននិយាយពីជនជាតិខ្វាសាមដែរណា៎!»
សិដ្ឋដែលអង្គុយក្បែរហេងបិទមាត់សំងំដេក ឯតារានៅកៅអីខាងក្រោយគេស្រែកសួរ៖
«និយាយមក!»
ដឹងថាមានគេចង់ស្តាប់ហេងចាប់ផ្តើមរៀបរាប់៖
«ខ្វាសាមត្រណមនិងបម្រាមតឹងរ៉ឹងណាស់ ! ពួកកុលសម្ព័ននេះតាំងខ្លួនឯងថាជាមេកុលសម្ព័នចាស់ កាន់ប្រពៃណីរៀបការស្មុគស្មាញ! នៅពេលអាយុដប់ពីរឆ្នាំ ស្រីក្រមុំត្រូវរៀបការតាមការរៀបចំរបស់មេកុលសម្ព័ន្ធ ឬមេកន្ទ្រាញ! ឪពុកម្តាយក៏មិនមានសិទ្ធិស្មើទៅនឹងថ្នាក់ដឹកនាំក្នុងក៏សម្ព័ន្ធខ្វាសាមដែរ!»
«អ្ហឺយ! រឿងនេះធម្មតាបំផុតក្នុងសម័យចាស់គំរឹលគ្មានអ្វីប្លែកទេ!» សំឡេងរអ៊ូរបស់នីដា នាងអង្គុយក្បែរចរិយា។
ចរិយាដែលជាមេក្រុមទោះជាបិទភ្នែក តែបានខ្សឹបតបវិញ៖
«មិនជឿកុំប្រមាថ!»
«មានអ្នកណាប្រមាថ! ថ្លង់ហេងពេក!»
ហេងមិនដឹងស្រីៗបាននិយាយដើមគេទេ គេនិយាយកោកៗទៀត៖
«ចំណេរក្រោយមក ដោយសារតែសង្គ្រាមនិងមានការផ្លាស់ទីចុះឡើង គេមិនដឹងថាកុលសម្ព័ន្ធនេះបានរសាត់អណ្ដែតទៅដល់ណាខ្លះ ហើយនៅមានសល់មនុស្សជំនាន់ក្រោយបន្តប្រកាន់ត្រណមបានដែរឬអត់ ប៉ុន្តែតំបន់នេះត្រូវបានគេនិយាយថាមិនអាចប៉ះពាល់បាន ទោះបីជាមានស្ទឹងដ៏ស្រស់ស្អាត ជ្រោះបៃតងជាប់ជាមួយនឹងជម្រាលវែងអន្លាយ ប៉ុន្តែអាជ្ញាធរ ឬក៏ថៅកែអ្នកវិនិយោគតែងតែរត់បាតជើងសព្រាតព្រោះគេជឿថា…មានខ្មោចទឹក!»
«បានហើយ!» សិដ្ឋអេះក្បាលឃាត់។
—–
ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣
សិស្សប្រឡងជាប់បាក់ឌុបទាំងដប់នាក់ បានមកដល់ទីតាំង។ គោលដៅនៃការធ្វើដំណើរបោះជំរំនេះ គឺវាលស្អាតមួយ ប្របមាត់ស្ទឹង។
«ស្ទឹងអីមើលតែឆ្នេរសមុទ្រវើយ!» តារាស្រែកឡើងដោយរីករាយ។
«ពួកយើងកុំបំផ្លាញបរិស្ថាន!» ចរិយាកម្លា។
«ហើយជួយយកអីវ៉ាន់ចុះពីឡានផង!» ចរិយាបន្ថែម។
ចរិយាគឺជាមេក្រុមដែលមានអាយុ ដប់ប្រាំបួនឆ្នាំហើយដៃគូរបស់គេគឺ សិដ្ឋអាយុដប់ប្រាំពីរឆ្នាំជាអនុក្រុម ជួយរៀបចំចាត់ចែងដំណើរកម្សាន្តនេះ។
«ពួកយើងនៅកន្លែងនេះលេងដល់ថ្មើម៉ានក៏បាន ប៉ុន្តែត្រូវកាន់ត្រណមកុំនិយាយផ្ដេសផ្ដាស!» សិដ្ឋស្រែក។
តារាគប់គេមួយដបទឹកសុទ្ធគេចាប់ទទួលបានហើយចង្អុលទៅហេង៖
«ហេងឱ្យប្រាប់អ៊ីចឹងហាសហា!»
ហេងមិនខ្វល់អ្នកណាគិតយ៉ាងណាទេគេលូកមាត់បន្ថែមទាំងដៃឱបប្រអប់ធំមួយ៖
«ហើយ…ចាស់ៗនៅខាងក្រោមអម្បាញ់មិញប្រាប់ថា ពេលយប់ហាមចុះងូតទឹក!»
«ដឹងហើយ!» សំឡេងពួកម៉ាករបស់ពួកគេតបមក។
ហេងនិងសិដ្ឋបានរៀបចំភ្លេង និងដុតភ្នក់ភ្លើង អ្នកឯទៀតរៀបចំតង់ តុកដាក់សម្ភារៈរួចរាល់ក៏លោតទឹកប្រូងៗ ប៉ុន្តែ គ្មាននរណាសួរនាំតើហេតុអ្វីបានជាមិនអាចចុះងូតទឹកក្នុងស្ទឹងដ៏ស្រស់ស្អាតពេលយប់បាននោះទេ។
មិនយូរប៉ុន្មាន រាត្រីបានចាប់ផ្តើមបញ្ចេញរូបរាង។
នៅពេលដែលអាកាសធាតុស្រាប់តែប្រែជាចុះត្រជាក់ ក្មេងៗបានហេវហត់ និងថយមកអង្គុយតំកង់ហូបអាហារ និងលេងទូរសព្ទ។
ពន្លឺព្រះចន្ទជះមកសន្លឹម កំដរដល់បរិយាកាសបញ្ជាក់ថា នឹងមិនមានភ្លៀងធ្លាក់។ ក្រោមអារម្មណ៍ភ្លើតភ្លើនរ៉ូមេនទិក យុវវ័យទាំងដប់នាក់នាំគ្នាអាំងសាច់ញ៉ាំយ៉ាងរីករាយថែមទាំងល្បោយជាមួយបទភ្លេង លើកលែងតែ តារា។
តារាគេជាកូនប្រុសរបស់អ្នកវិនិយោគទុនម្នាក់។
«ប៉ា! ដល់ថ្ងៃបង់សាលាហើយ! គេមកប្រាប់ពីរដងហើយ! បើនៅតែមិនព្រមបង់ទៀត គ្រូហ្នឹងមករករឿងកូនធ្វើឱ្យកូនខ្មាសគេមិនខាន!»
សំឡេង ឪពុកឆ្លើយតប៖
«ចុះម៉េចក៏មិនខលទៅម៉ែឯងទៅ ក្រែងប៉ារកស៊ីខាត វាបែកគំនិតរត់តាមCEOវានោះ ឱ្យវាចេញលុយទៅ!»
ប៉ាគេផ្តាច់ទូរសព្ទ។ តារាសម្លក់ទឹកជាមួយសេចក្តីខកចិត្តជាខ្លាំង។ គ្រួសារគេបាក់បែក ខាតឡុងចុង ឪពុកម្ដាយលែងលះ ម្តាយរបស់គេគ្មានដំណឹង គេព្យាយាមទាក់ទងគាត់មិនបាន ឪពុកគេនៅតែនិយាយដដែលជាដដែលថា ម្តាយរបស់គេរត់តាមCEO របស់គាត់ ធ្វើឱ្យចិត្តគេខ្ទេចខ្ទាំ។
ដោយការខូចចិត្តគេដាក់ទូរសព្ទចោល ហើយដោះអាវហើយលោតប្រូងទៅក្នុងស្ទឹង ភ្លេចអស់នូវការប្រកូកប្រកាសហាមប្រាមមុននេះ ។
«ឮសូរប្រូង? អ្នកណាលោតទឹក?»
សិដ្ឋងាកសួរទៅចរិយា ទាំងពីរនាក់រេភ្នែកប្របមាត់ស្ទឹង។
ងងឹត មើលអ្វីមិនច្បាស់តែដូចជាមិនឃើញមានរលកអ្វីទេ។
ស្ទឹងស្ងប់ឈឹង?
«នែគ្នាយើង! មានអ្នកណាលោតទឹកទេ?»
«អត់មានទេ!»
«អត់ដឹងទេ!»
«នៅនេះទាំងអស់គ្នាតើ!»
«ឡើងមកអស់យូរហើយ!»
ពួកគេនាំគ្នាបន្តលេងកម្សាន្តក្នុងភាពសប្បាយរីករាយធ្វើឱ្យពេលវេលារំលងទៅរហូតដល់ហត់និងស្ងាត់បន្តិច ចរិយាលក់មួយភាំង ឮសំឡេងមកល្បើយៗ…
«មានអ្នកណាឃើញតារាដែរ?»
នាងបើកភ្នែក ងាកមកក្បែរបាត់សិដ្ឋ។ ឃើញក្រុមខ្លួនកំពុងឈរនិយាយគ្នាហើយហេងចង្អុលទៅក្នុងស្ទឹង។
«មែនហើយមិនឃើញតារាទេ!»
«គេទៅណា? មានផ្តាំអ្នកណាថាម៉េចទេ?»
ចរិយាញីភ្នែក ព្រោះឮសំឡេងមកច្រើនទិសពេក។ សរុបព័ត៌មានមកវិញគឺតារាបាត់ខ្លួន។
«ទូរសព្ទវានៅណេះ!»
ម្នាក់ឈ្មោះញ៉ាញ់និយាយ។
ចរិយាស្វាងហើយ ព្រោះមនុស្សនៅក្មេងមិនងាយដើរចោលទូរសព្ទទេ។
«តារាៗ»
នាងបែរខ្លួនស្រែកដង្ហោយហៅមួយជុំទាំងភ័យព្រោះនាងជាមេក្រុម។
«នេះអាវវា!» សិដ្ឋលើកអាវបង្ហាញនិងរត់មកផង។
«បានន័យថា តារាដោះអាវលោតទឹក?»
នារីម្នាក់នៅក្នុងក្រុមនិយាយទាំងបារម្ភខ្លាំង ធ្វើឱ្យគ្រប់គ្នានៅស្ងប់ស្ងៀមពិចារណា។
«យើងចែកផ្លូបគ្នារក!»
សិដ្ឋឱ្យយោបល់។
ចរិយាងក់ក្បាល ៖
«បាន! តែកុំដើរបែកគ្នាត្រូវមានគ្នា! ឃើញតារាក៏ដោយមិន យ៉ាងណាក៏ដោយ មកចួបគ្នានៅណេះវិញបន្តិចទៀតណា៎!»
នាងថាហើយបកក្រោយជាមួយហេង ស្រាប់តែមានមិត្តម្នាក់រត់មកតាម ពីក្រោយដែរ។ គេឈ្មោះ ម៉ានុតជាមិត្តជិតដិតជាមួយតារា។
«មួយរយៈ ផ្ទះវា មានបញ្ហាច្រើន!»
ហេងងាកមកវិញហើយស៊កឱ្យ៖
«ចង់និយាយថា វាសម្លាប់ខ្លួន?»
«ស៊ូត!» ចរិយាឱបដៃនិងពោលឃាត់អារម្មណ៍មិនល្អ។
«និយាយលេងសោះហ្នឹង!» ហេងរអ៊ូខ្សោយ។
«នៅទីនេះមានត្រណមអ្ហី? ក្រែងល្ងាចមិញហេងឯងអ្នកនិយាយ! ប្រយត្ន័មាត់ផង!»
ហេងនឹកឃើញស្តាយក្រោយ ក៏ងក់ក្បាលហើយនៅស្ងាត់។
«តារាៗ»
សំឡេងប្រកូកពីឆ្ងាយទិសផ្សេងគ្នា។
ទូរសព្ទរបស់គេក្នុងហោប៉ៅរបស់ចរិយាស្រាប់តែរោទ៍បណ្តាលឱ្យនាងភ្ញាក់ភ័យ ឈរឆ្កឹង។
«ថី?»
ហេងនិងមានុតបើកភ្នែកក្រឡង់ៗសម្លឹងនាង។
ចរិយសម្រួលអារម្មណ៍លូកយកទូរសព្ទមកបង្ហាញពួកគេ។
អក្សរMomរត់លើអេក្រង់។
«ម៉ាក់វា លើកទៅ! ឮថាគាត់ទៅណាចោលវា វាទាក់ទងមិនចូលគាត់!»
ចរិយាហុចឱ្យទៅមានុត ។ មានុតទទួលមកនិយាយ៖
«ជម្រាបសួរអ៊ំ ខ្ញុំមានុត! អូ! បាទ! ពួកខ្ញុំមកបោះជំរំអ៊ុំ! តារា តា…រាកំពុងតែចូលងូតទឹក! ចាំពេលវាចេញមកវិញខ្ញុំប្រាប់វាឱ្យខលទៅរកអ៊ំ!»
គេនៅស្ងៀមស្តាប់គាត់ រួចឆ្លើយបាទៗមួយខណៈក្រោមអារម្មណ៍អន្ទះសាររបស់ចរិយានិងហេង។
ពេលដាក់ពីគាត់រួច មានុតគេងាកមកខ្សឹបមិត្តទាំងពីរភ្លាមថា៖
«ម៉ាក់ថា ប្រាប់ឱ្យពួកយើងប្រយ័ត្នខ្លួន! គាត់ថា…យល់សប្តិ…មិនល្អ!»
ពួកគេតាមបន្តរុករករហូតដល់មួយម៉ោងក្រោយមកនៅតែមិនអាចឃើញតារាដូច្នេះហើយបានវិលមកជុំគ្នានៅកន្លែងគេងវិញ។
ក្មេងៗបានសម្រេចចិត្តក្រោយពីជំនុំគ្នាគឺ ត្រូវតែចុះទៅរកអ្នកភូមិឱ្យជួយ។
ពួកគេបានចួបជាមួយអ្នកភូមិនៅពេលដែលចុះពីទីនោះបានបន្តិច។
អ្នកភូមិឈ្មោះអ៊ំសុខបាននិយាយប្រាប់ចរិយាថា ត្រណមករាប់រយឆ្នាំមិនត្រឹមតែរាប់សិបឆ្នាំនោះទេគឺតាំងពីមុនសម័យសង្គមរាស្ត្រនិយមតំបន់នេះគ្មាននរណាហ៊ានចុះងូតទឹកនៅពេលយប់ឡើយគេជឿថាកាលពីមុនមានមនុស្សស្រីម្នាក់ជាកូនស្រីបង្កើតរបស់មេកុលសម្ព័ន្ធខ្វាសាមត្រូវបានគេបោះចោលទៅក្នុងទឹកដោយសារតែនាងមានផ្ទៃពោះមុនពេលមេកន្ទ្រាញ រៀបចំគូស្រករឱ្យ។
មានតំណាលថា នាងមិនស្គាល់មុខប្រុសនោះទេ ព្រោះត្រូវគេចាប់បង្ខំ។ មុនស្លាប់ នាងបានស្បថក្លាយទៅជាខ្មោចទឹក ហើយនឹងនៅទីនេះចងកម្មចងពៀរជាមួយកុលសម្ព័នមិនឱ្យបានសុខ។
ទោះជឿខ្លះមិនជឿខ្លះតែចរិយាបានតវ៉ា៖
«លោកតាអើយ តារាមិនមែនជាកុលសម្ព័នទេ!»
អ្នកភូមិបានចួបគ្នាជាច្រើននាក់ ដើម្បីពិគ្រោះ។ មិនយូរទេ គេក៏ទាមទារធ្វើពិធីអុជធូបនិងសុំខមាទោសចំពោះស្ទឹង។
នៅពេលដែលពូសុខកំពុងតែរួមជាមួយអ្នកភូមិបួនប្រាំនាក់ទៀតជួយធ្វើពិធី ពួកគេបានអុជទៀនហើយសែនចេកពីស្និតថែមទាំងបាចអង្ករនិងអំបិលទៅក្នុងទឹកស្ទឹង។
ភ្លាមនោះមនុស្សម្នាក់ក្នុងចំណោមសិស្សទាំងដប់នាក់ស្រែកទ្រហោយំខ្លាំង នោះគឺស្រស់។
«ស្រស់ៗៗ នែ ! ស្រស់ឯងយំធ្វើអី?»
ពេលនោះ សិស្សប្រុសម្នាក់ផ្សេងទៀតឈ្មោះវិបុលបានឱនមកខ្សឹបក្បែរសិដ្ឋនិងចរិយាថា៖
«ខ្ញុំសម្រេចចិត្តថាប្រាប់ការពិតដល់មេក្រុមយើង គឺស្រស់ជាមួយនឹងតារាពួកគេមានស្នេហាជាមួយគ្នាតើនេះខុសត្រណមរបស់កុលសម្ព័ន្ធចាស់ដែរទេ?»
ចរិយានិងសិដ្ឋបានមើលមុខគ្នាហើយយករឿងនេះទៅពិគ្រោះស្ងាត់ៗជាមួយតាសុខមិនឱ្យសិស្សផ្សេងដឹងទេ ព្រោះមិនចង់ឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្រស់។
ឮហើយពួកម្ចាស់ស្រុកបានរឹតទ្រូង និយាយឡើងថា ធ្លាប់តែឮថាច្រើនរយឆ្នាំមកហើយគឺ តាំងពីជំនាន់ជីតាទួតទីនេះមានត្រណមមិនឱ្យអ្នកដែលមិនទាន់រៀបការហើយលបស្រឡាញ់គ្នាទេនឹងត្រូវខ្មោចទឹកអូសទម្លាក់ទឹក។
«អ៊ីចឹង! យើងឮប្រូងពីព្រលប់ មិនមែនជាសំឡេងតារាលោតទឹកទេ គឺខ្មោចអូសទម្លាក់ឬក៏យ៉ាងម៉េច?»
«ឯងកុំចេះតែនិយាយអាហេង!» មានុតបានស្តីឱ្យហេងទាំងខឹង។
ចរិយាដែលបង្ខំចិត្ត នៅស្ងៀមធ្វើនឹងនរទាំងចិត្តលបភ័យស្លន់ស្លោវាចាឡើងថា៖
«ខ្ញុំគិតថាយើងគួរតែផ្តល់ព័ត៌មានទៅប៉ារបស់តារា!»
សំឡេងឆោឡោលាន់មកពីច្រាំងស្ទឹងម្ខាង៖
«ពួកយើង!ជួយផង!!! ស្រស់លោតទឹកហើយ!»
សំឡេងប្រកូកលាន់មកពីឆ្ងាយធ្វើឱ្យពួកគេបោះបង់ចោលការពិភាក្សាគ្នាហើយរត់ត្រលប់ទៅកាន់មាត់ស្ទឹងវិញក៏ឃើញមិត្តភក្តិមួយចំនួនកំពុងតែតោងស្រស់កុំឱ្យលោតទៅក្នុងទឹក។
«ខ្ញុំសុខចិត្តស្លាប់ជាមួយតារា!»
«អ្នកណាប្រាប់ឯងថាតារាស្លាប់?»
ចរិយាជំទាស់ទាំងភ័យតក់ស្លុត។ រីឯ សិដ្ឋចាប់ផ្ដើមងាកទៅប្រាប់មិត្តភក្តិថា៖
«គ្នាយើង ជួយផង! មានុត ជួយទាក់ទងទៅអ្នកផ្ទះរបស់ស្រស់ឱ្យមកជាបន្ទាន់ដើម្បីទទួលយកស្រស់ទៅផ្ទះវិញ!»
ភ្លាមនោះស្រស់ស្រែកឮៗថា៖
«បើយកតារាទៅហើយយកខ្ញុំទៅម្នាក់ទៀតទៅ ខ្ញុំគឺជាអ្នកស្រឡាញ់គាត់ស្មោះ! ទោះបីស្លាប់ឬរស់ពួកខ្ញុំមិនអាចបែកគ្នានោះទេ តារាមានរឿងកម្សត់ច្រើនណាស់ខ្ញុំមិនឱ្យគេស្លាប់ទៅម្នាក់ឯងនោះទេ!»
ចរិយាចំហមាត់មិនដឹងថាត្រូវឃាត់ស្រស់បែបណាស្រាប់តែងាកមកឃើញតាសុខញ័រខ្លួនយ៉ាងខ្លាំងហើយគាត់និយាយក្នុងសំឡេងជាមនុស្សស្រីដូចជា ប្រុសជាភេទទីបីញ៉េវៗថា៖
«ពួកឯង!!!! ហ៊ានបំពានត្រណមរបស់កុលសម្ព័ន្ធពួកហ្អែងនឹងត្រូវស្លាប់!»
ចរិយាដកថយចេញពីតាសុខ គ្រប់គ្នាក៏ថយតាម ទុកឱ្យគាត់ឈរម្នាក់ឯងចង្អុលទាំងភ្នែកលៀនថ្មែ។ សូម្បីអ្នកភូមិក៏មានការរារែកក្នុងការចូលទៅចាប់គាត់ដែរ ទុកឱ្យគាត់លោតឡើងឈរលើដំបូកមួយខ្ពស់លើគេ។
«ខ្មោចចូលខ្លួនគាត់ហើយ»
យាយម្នាក់ឈ្មោះយាយសឿន បាននិយាយដូច្នេះ ធ្វើឱ្យក្មេងៗមើលមុខគ្នាដោយភ័យស្លន់ស្លោ។
«យើងក៏ធ្វើម្ដេចទៅ?»
ចរិយាញ័រមាត់ហើយ។ ស្រស់ដួលសន្លប់ធ្វើឱ្យសិស្សស្រីៗស្រែកវ៉ាស។ យាយសឿនចាប់ផ្ដើមលើកដៃសំពះ ហើយនិយាយទៅកាន់រូបតាសុខថា៖
«តើអ្នកចង់បានអ្វី?»
«ចង់ឱ្យពីរនាក់វាស្លាប់!»
តាសុខបានចង្អុលទៅកាន់ ស្រស់ដែលកំពុងតែត្រូវមិត្តភក្តិគ្រា។ មិត្តភក្តិនៅតែមិនចោលនាង គេអូសទាញនាងថយក្រោយពីចង្អុលដៃតាសុខទាំងយំគ្រប់គ្នា។
យាយសឿនខំតាំងស្មារតីហើយនិយាយសួរទៅកាន់តាសុខថា៖
«មិនល្អនោះទេ! ពួកគេនៅក្មេង តើមេកន្ទ្រាញស្រីចង់ជួយពួកគេដែរឬទេ?»
តាសុខស្រែកទាំងភ្នែកក្រឡោត៖
«តើយើងបានអ្វីមកវិញ?»
«យើងនឹង ថ្វាយផ្កាក្រអូប!»
«យើងមិនចង់បានទេ!»
«យើង នឹងថ្វាយភ្លេងយ៉ាងពីរោះហើយយើងខ្ញុំនឹងរាំ!»
តាសុខនៅស្ងៀម យាយសឿនក៏ងាកមកប្រាប់ចរិយាឱ្យចាក់ភ្លេងមហោរី។
ចរិយារាវរកចាក់ពីក្នុងអ៊ីនធឺណេត ថ្វាយនូវបទចម្រៀងបុរាណហើយ យាយសឿនបាន រាំទន់ល្វក់។ មាត់គាត់ស្រែកឡើងថា «ក្មេងទាំងអស់ដប់នាក់នេះត្រលប់ទៅផ្ទះទាំងយប់បានទេ?»
«បណ្ដេញពួកវា!»
តាសុខងក់ក្បាលហើយក៏ចាប់ផ្ដើមរាំជាបន្ដជាមួយយាយសឿន។
ចរិយាត្រូវបានអ្នកភូមិម្នាក់ឈ្មោះមីងពេញ កេះមកឆ្ងាយហើយខ្សឹប៖
«ឆាប់នាំគ្នាត្រលប់ទៅផ្ទះទាំងយប់ព្រោះ មិត្តក្មួយមានអ្នកស្រុករកឃើញនៅដៃស្ទឹងក្រោម!»
ចរិយាងាកទៅឃើញយាយសឿននៅរាំរសាត់ឆ្ងាយៗឡើងៗទៅជាយព្រៃចំណែកតាសុខនិងក្រុមអ្នកភូមិនក៏ទៅតាម។
នាង ក៏ចាប់ផ្ដើមស្រែកបញ្ជាទៅកាន់គ្នីគ្នា៖
«ពួកយើង រើអីវ៉ាន់ចេញពីភ្នំ!»
—–
បួនឆ្នាំក្រោយមក….
«នែ៎ ចរិយាដឹងអ្ហេ៎ រឿងកាលពីបួនឆ្នាំមុន! រឿងតារានោះ?»
«ចាំបានទេតើសិដ្ឋ! នឹកទៅ នៅតែរន្ធត់!»
«ទេចរិយា !!! យើងត្រូវអ្នកភូមិនៅខ្វាសាមបន្លាចឡើងបាក់សោះ! បានសេចក្តីថា តាយាយ អ៊ំៗ រៀបល្បិចនេះ មិនឱ្យមានអ្នកណាទៅកាន់កន្លែងរបស់ពួកគេទេតើ!»
«អូ?!»
«នឹងហើយ! តារាប្រាប់ថា កាលហ្នុង គេបានលោតទឹកងូតមែនតែអត់មានអីទាំងអស់! ក្រោយមកពេលគេស្វាងពីទុក្ខសោក ប្រុងថាឡើងមកគេង ក៏ឃើញ មានអ្នកភូមិម្នាក់ជិះទូកមក ហើយបបួលគេចុះទៅជាមួយ មើលអំពិលអំពែក!»
ចប់
1 Comment
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ