«ក្មេងជំទង់ភាគច្រើន សំងំតស៊ូជាមួយនឹងអារម្មណ៍ផ្លាស់ប្តូរដ៏មានឥទ្ធិពល! សម្រាប់ពួកគេ វាហាក់ដូចជាម្តងល្អម្តងអាក្រក់ តែធ្ងន់ណាស់! រំខាន និងធ្វើទុក្ខដោយពិបាកកំណត់មូលហេតុ! អារម្មណ៍នៅសុខៗហាក់ដូចជាជីវិតនេះ ពិបាកខ្លាំងពេក មិនអាចទ្រាំទ្របាន! អារម្មណ៍ឈឺចាប់ខ្លះ អាចកើតឡើង សូម្បីតែពួកគេរងការបដិសេធបន្តិចបន្តួច មិនស្តាប់ ឬឱ្យតម្លៃពួកគេ ឪពុកម្តាយមានទំនាក់ទំនងមិនល្អនឹងគ្នា ឬបង្ហាញការមិនទុកចិត្តពួកគេ។ល។»
ខ្ញុំឮទាំងអស់ អ្វីដែលពេទ្យពិគ្រោះជាមួយម្តាយខ្ញុំ។ មិនដែលគិតថា ខ្ញុំនឹងខូចចិត្តសោកសៅខ្លាំងដល់ថ្នាក់អាចដេកដួលបែបនេះទេ។
វាអាចជារឿងដ៏លើសលប់សម្រាប់ខ្ញុំ តែអ្នកផ្សេង ឬយុវវ័យមួយចំនួនទៀត ធម្មតាសម្រាប់ពួកគេ។ ប៉ាខ្ញុំនិងម៉ាក់លែងលះ បងប្រុសខ្ញុំត្រូវចេញទៅនៅស្រុកគេជាមួយប៉ា។
បងខ្ញុំស្រែកយំនៅមុខតុលាការ តែប៉ានៅតែយកគាត់ទៅ។
យើងស្រលាញ់ប៉ានិងម៉ាក់ តែពីរនាក់ខ្ញុំ ចង់នៅជុំគ្នា ហើយបើត្រូវរើស យើងតែងតែនិយាយទុកជាមុនថារើសយកម៉ាក់។
តែប៉ាមិនព្រមទេ។ គាត់ថាបងខ្ញុំគ្មានអនាគតនៅស្រុកខ្មែរឡើយ។ ម៉ាក់ខ្ញុំត្រឹមជាគ្រូបង្រៀនម្នាក់ គ្មានចំណូលល្អហើយគាត់នឹងនៅតែបែបនេះ។
នេះជាសម្តីប៉ាខ្ញុំដែលនៅថតជាប់យ៉ាងជ្រៅក្នុងបេះដូងបែកបាក់មួយនេះ។
ខ្ញុំឈ្មោះ ថារី បងប្រុសខ្ញុំថាវុធ។
ពួកយើងគេងជាមួយគ្នាតាំងពីក្មេង ដល់ពេលបែកគ្នាបងខ្ញុំ១២ឆ្នាំ ខ្ញុំ១០ឆ្នាំ។
ពេលនេះ ៥ឆ្នាំកន្លងមកហើយ ខ្ញុំស្មានថាពេលវេលាជួយបាន គ្រប់គ្នានិយាយលួងខ្ញុំបែបនេះ តែទីបំផុតទៅពេទ្យថា ខ្ញុំជាក្មេងមានបញ្ហាផ្លូវចិត្តធ្ងន់។
២សប្តាហ៍ហើយខ្ញុំទៅរៀនលែងកើត។
ខ្ញុំគេងនៅផ្ទះ ហើយព្យួរសេរ៉ូម។
ថ្ងៃនេះ អ្នកគ្រូ លីហ្សាមកលេងខ្ញុំ។ គាត់ជាគ្រូប្រចាំថ្នាក់ហើយគាត់យកចិត្តទុកដាក់នឹងរឿងរបស់ខ្ញុំណាស់។
ម្តាយខ្ញុំបានអនុញ្ញាតឱ្យខ្ញុំនៅតែពីរនាក់គាត់ ។
«ថារី! កូនដឹងទេ? ពិតជាមានមនុស្សជាច្រើនកំពុងប្រឈមនឹងការឈឺចាប់ផ្លូវចិត្ត ឬស្ថានភាពលំបាកដែលគ្មានអ្នកណាដឹង។»
«អ្នកគ្រូ! ខ្ញុំមិនបានសេដទេ ហេតុអ្វីបានជាគេថាខ្ញុំមានរោគចិត្ត?»
អ្នគ្រូអង្អែលក្បាលខ្ញុំហើយនិយាយ៖
«ចួនកាលយើងមានសម្ពាធ!»
«ខ្ញុំអត់មានទេ ខ្ញុំនៅតែពីរនាក់ម៉ាក់ ហើយមិនមានការងារហត់ច្រើនផង!»
«ដូច្នេះ យើងសាកគិតអំពីអ្វីទៅដែលធ្វើឱ្យយើងអស់កម្លាំង?»
«ខ្ញុំ…ខ្ញុំគ្រាន់តែហត់មែន! ខ្ញុំខ្ជិលគិត ខ្ជិលនឹងនិយាយនិងខ្ជិលស្តាប់ណឹងណ៎ា ហើយខ្ញុំក៏គ្រុនអ្នកគ្រូ! ម៉ាក់និយាយនឹងពេទ្យថាខ្ញុំអាចឌីប្រេស្សិន»
«តោះយើង! ក្រោកទៅអង្គុយនៅមុខផ្ទះ ដើរបានទេ?»
«ខ្ញុំសាកមើល!»
ខ្ញុំក៏ក្រោកដោយគាត់ជួយទប់។ ជើងខ្ញុំនៅញ័រ ខ្ញុំគេងពេក គេងមិនចង់ទៅណាហើយបិទបង្អួចមិនចង់ឃើញពន្លឺ។
ម្តាយខ្ញុំភ័យណាស់។
ខ្ញុំឃើញគាត់តាមមើលពួកយើង នៅពេលខ្ញុំខំធ្វើជារឹងមាំ ដើម្បីទៅរកទឹកសុទ្ធជូនដល់អ្នកគ្រូលីហ្សា។
«បើនៅឈឺកុំបង្ខំ ខ្លាចវិលមុខដួលបោកក្បាលណាកូន!»
ឮពាក្យនេះខ្ញុំវិលមុខភ្លាមៗតែ ខ្ញុំខំទ្រាំព្រោះអាណិតម្តាយនិងចង់ធ្វើបង្ហាញអ្នកគ្រូ។
ពេលអង្គុយចុះ យើងនិយាយគ្នាតែពីរនាក់។
«ថារី! កាលពីគ្រូអាយុ១៧ឆ្នាំ ធ្លាប់ឈឺទន់ដៃជើង មិនចង់ក្រោកមិនចង់និយាយមិនចង់ដឹងឮអីទាំងអស់!»
«ដូចខ្ញុំ?»
«តែមិនមែន២អាទិត្យទេ គ្រូដូច្នេះជិត៣ឆ្នាំ!»
«អូ?!»
«ម្តាយនិងឪពុករបស់គ្រូអស់សង្ឃឹមហើយក្នុងការព្យាបាល អ្នកខ្លះនៅឯស្រុក និយាយថា គ្រូត្រូវគេដាក់អំពើ ខ្លះថា គ្រូមានវិបត្តិប្រុសបោក!»
ខ្ញុំល្វីងក្នុងមាត់ហើយចិត្តខ្ញុំខ្ទេចខ្ទាំណាស់។ ភ្នែកនេះស្ងួតគ្មានទឹកភ្នែកទេ តែចិត្តខ្ញុំយំ
«ប៉ានិងម៉ាក់លែងគ្នា ចាំបាច់អីឱ្យខ្ញុំបែកពីប្អូន?»។
សម្តីបងប្រុសរបស់ខ្ញុំពេលគាត់ស្រែកយំនៅនឹងមុខតុលាការ ច្រើនឆ្នាំមកហើយយើងទាំងពីរមិនដែលបានចួបគ្នាសូម្បីតែតាមទូរសព្ទ។
«បើត្រូវយំ យើងយំទៅណ៎ា!» អ្នកគ្រូប្រាប់មកខ្សឹបៗ។
ខ្ញុំគ្រវីក្បាល ៖
«ខ្ញុំអត់យំទេអ្នកគ្រូ!»
អ្នកគ្រូងក់ក្បាល ហើយពន្យល់ខ្ញុំ៖
«ជីវិតនេះ ធ្ងន់ធ្ងរខ្លាំង សម្រាប់អ្នកដែលគិតថា ចង់ឱ្យអ្វីៗឥតខ្ចោះ ឬមិនប្តូរផ្លាស់! តាមពិត វាជាក្រឹត្យក្រមធម្មជាតិ! មានការឈឺចាប់ដែលមិនអាចទ្រាំទ្របានខ្លះកើតមានឡើងព្រោះយើងបានរងរឿងរ៉ាវមិនបានត្រៀម ហើយមានអារម្មណ៍ថា គ្មានអំណាច ដោះស្រាយអ្វីបាន តែតាមការពិត…!»
«ការពិតយើងអាច!»
«តាមរបៀបណាទៅអ្នកគ្រូ?»
«ក្រោយពីបោះបង់ចោលខ្លួនឯងបានបីឆ្នាំ អ្នកគ្រូបានអានសៀវភៅ និងចួបជាមួយអ្នកប្រឹក្សាម្នាក់គាត់ឈ្មោះ អ្នកស្រី វ៉ាន់។ គាត់បានពន្យល់ច្រើនណាស់។ ក្នុងចំណោមសម្តីគាត់ទាំងអស់ អ្វីដែលអ្នកគ្រូចងចាំជាងគេ គឺពាក្យមួយ …គាត់ថា តាមពិតយើងមិនអាចកែអ្វីបាន តែយើងអាចជួយឱ្យខ្លួនយើងព្រមទទួលយកវិបត្តិទាំងនោះបាន ហើយមិនបន្ទោសខ្លួនឯង ទុក ឱ្យអ្វីៗសាបរលាបបន្តិចម្តងៗ»
ខ្ញុំនៅស្ងៀម។ តាមពិតខ្ញុំគិត ណាស់។ កន្លងមកមិនមែនអ្នកគ្រូលីហ្សាជាមនុស្សទីមួយដែលនិយាយរឿងនេះទេ តែពេលនេះគាត់ក៏ធ្លាប់ជាជនរងគ្រោះដូចខ្ញុំ បានជាគាត់និយាយខ្ញុំយកចិត្តទុកដាក់ពិចារណា។
គាត់មានប្រសាសន៍បន្ថែមទៀតថា៖
«ថារី! មានក្មេងជំទង់ច្រើនមកហើយ បានចួបប្រទះការប៉ះទង្គិចផ្លូវចិត្ត ដែលអាចបណ្តាលឱ្យមានរលកនៃភាពស្ពឹកស្រពន់ ខ្លះគេហៅថា ជំងឺផ្តាច់ទំនាក់ទំនងពីគ្រួសារ និងសង្គម។ នេះជាការធ្វើបាបខ្លួនព្រោះចង់សាបរលាបពីការមានអារម្មណ៍ ព្រោះខ្លាចការឈឺចាប់។»
«…ខ្ញុំចង់មានអារម្មណ៍ធូរស្បើយ…ពីអ្វីមួយដែលគ្មានរូបរាងក្នុងចិត្តខ្ញុំអ្នកគ្រូ! ខ្ញុំមិនដឹងថាវាជាអ្វីទេ ខ្ញុំហត់ណាស់!»
«មើលចុះ! មើលតាមបង្អួចនេះទៅ ម៉ាក់ក្មួយក៏ហត់ដែរតែកាត់មិនព្រមស្ពឹកទេ គាត់មិនខ្លាចនឹងទទួលយកឬប្រឈមទេ!»
ខ្ញុំសម្លឹងតាមដែលគាត់ប្រាប់។
ម៉ាក់កំពុងធ្វើកិច្ចតែងការ យ៉ាងប្រញឹក ។ ខ្ញុំដឹងថា ម៉ាក់មានការងារច្រើន គាត់នឹងដាំបបរទៀត ព្រោះមួយរយៈនេះ គាត់ថា ក្រពះខ្ញុំមិនល្អ ញ៉ាំស៊ុបនិងបបរល្អជាងបាយ។
«ខ្ញុំចង់ជួយម៉ាក់!»
ខ្ញុំសារភាពខ្សាវៗ តែចិត្តនេះគ្មានសង្ឃឹមទេ។ សំឡេងមួយស្រែកដាក់ខ្ញុំថា ខ្ញុំជួយខ្លួនឯងមិនទាន់បានផង បានអីជួយម៉ាក់ខ្ញុំ?
អ្នកគ្រូញញឹម។ គាត់និយាយមកកាន់ខ្ញុំថា៖
«មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តច្រើនតែមិនចង់ស្វែងរកជំនួយទេ! តែគេអាចជួយខ្លួនគេបានប្រសិនគេដឹងថា គេស្រលាញ់អ្នកណាម្នាក់ពិតប្រាកដ!»
«បងខ្ញុំ!…ម៉ាក់…និង…ប៉ា!»
ខ្ញុំនិយាយទាំងស្ងួតបំពង់ក ហើយផ្តើមឈឺតិចៗ ណែនៗ ក្តុកក្នុងទ្រូង។
ខ្ញុំញី និងឈ្លីសម្រាលនៅត្រង់នុះ ធ្វើឱ្យអ្នកគ្រូតាមមើល។ វាជាការបាក់បែកមួយ…យូរមកហើយ…រវាងយើងបួននាក់ តែ…ហេតុអ្វីខ្ញុំនៅតែចង់បានអតីតកាលត្រលប់មកវិញ?
«បើពេលនេះ នៅមានម្នាក់នៅក្បែរ កូនចង់រស់នៅជាថ្មីដើម្បីគាត់ទេ?!»
«ចាស៎ចង់!» ខ្ញុំនិយាយហើយលបសម្លឹងម៉ាក់ខ្ញុំ។
«ដំបូងត្រូវទទួលស្គាល់ថា កូនមិនឯកោទេ កូននៅមានគាត់!»
ពេលនេះ ខ្ញុំលែងដកភ្នែកចេញពីម្តាយខ្ញុំហើយ ខ្ញុំឃើញគាត់ម្តងម្កាលងាកមកសម្លឹងខ្ញុំដូចគ្នា។ ខ្ញុំចង់ញញឹមតែញញឹមមិនចេញ ប៉ុន្តែថ្ងៃណាមួយខ្ញុំនឹងញញឹម។
«នេះ វាដូចជា ជំងឺផ្ដាសាយ និងជំងឺផ្សេងទៀតដែរ យើងហៅវាថាជំងឺល្វើយបានទេ? ដែលធ្វើឱ្យ មានអារម្មណ៍នឿយហត់ ឬឈឺក្បាល ខកចិត្ត ខឹង ឬភ័យខ្លាចមិនច្បាស់!»
«ខ្ញុំបែបនេះមែន!»
«គ្រូមិនដឹងច្បាស់ទេ លើកលែងតែថារីខ្លួនឯង!»
ខ្ញុំនៅស្ងៀមទម្លាក់ទឹកមុខ។
ច្រើនថ្ងៃមកនេះ មិនចង់សម្លឹងខ្លួនខ្ញុំក្នុងកញ្ចក់ទេ។ ខ្ញុំមិនពេញចិត្តចំពោះខ្លួនឯង ថែមទាំងមិនចូលចិត្តគ្រប់យ៉ាងដែលជីវិតនេះបានធ្វើមកលើខ្ញុំ។
អ្នកគ្រូនៅតែព្យាយាមនិយាយ៖
«ការព្យាយាមស្គាល់ខ្លួនយើង មិនមានអ្វីគួរឱ្យខ្លាចទេតែវាមានប្រយោជន៍ក្នុងការផ្តល់ឱ្យយើងនូវគំនិតខ្លះៗអំពីផែនការព្យាបាលចិត្ត ក៏ដូចជារកឃើញមូលហេតុដែលមានសារៈសំខាន់សម្រាប់ការជួយខ្លួនយើង!»
អ្នកគ្រូបានលាទៅវិញ ហើយខ្ញុំនៅតែនឹកឃើញគាត់។ ខ្ញុំបានធ្វើតាមគាត់ ហើយលេបថ្នាំ ជារៀងរាល់ថ្ងៃ និងទៅស្តាប់អ្នកប្រឹក្សាចិត្តម្តងក្នុងមួយសប្តាហ៍។
អ្នកគ្រូក៏មកលេងទៀតក្រោយបាន៨ថ្ងៃ។
«មានអារម្មណ៍ធូរស្រាល?» គាត់សួរខ្ញុំ។
«ចាស៎!»
ខ្ញុំញញឹមហើយញ៉ាំអាហារបានខ្លះឡើងវិញ។ ខ្ញុំប្រាប់គាត់អំពីរឿងនេះ ហើយប្រាប់ទៀតថា អារម្មណ៍អស់កម្លាំង ឬវិលមុខនៅសល់ តែសង្ឃឹមថានឹងបាត់ទៅវិញក្នុងពេលឆាប់ៗ ក្រោយខ្ញុំខំញ៉ាំ។
«ខ្ញុំយល់សប្តិល្អអ្នកគ្រូ!»
គាត់ងក់ក្បាល។
«ហើយខ្ញុំសម្រេចចិត្តថាទោះបងខ្ញុំមកវិញឬអត់ ខ្ញុំនឹងរស់ឱ្យបានល្អដើម្បថែទាំម្តាយខ្ញុំ !គាត់ចាស់ហើយ!»
«គ្រូគាំទ្រ! តែត្រូវចាំផងដែរថា ខ្លួនឯងឱ្យមានសុខភាពល្អ ព្រោះចង់ស្រលាញ់អ្នកណា ថែទាំអ្នកណា យើងត្រូវរឹងមាំសិន!»
នេះជាស្នាដៃខ្ញុំព្យាយាមសរសេរដំបូង តើអ្នកជឿថា យើងធ្លាប់ឆ្លងកាត់ការធ្លាក់ទឹកចិត្តមកដូចៗគ្នាហើយត្រូវជួយគ្នាពិតដែរទេ?
បើមែនសូមសរសេររឿងរបស់អ្នកផ្ញើមក ឬបញ្ចេញយោបល់ខាងក្រោមនេះមកណា៎!
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ