ជាមួយភាពនឿយហត់និងស្រេកឃ្លាន បុរសអ្នកលីសែងកម្សត់ ក្រតោកយ៉ាងម្នាក់ ឈ្មោះ ស៊ីនបាដ បានទម្រេតមកលើយ៉ខាងក្រៅវិមានស្តុកស្តម្ភមួយ។ នៅពេលនោះ បង្អួចនៃវិមាន បានបើកចំហ ក្លិននំនិងគ្រឿងក្រអូបបានបណ្តាលចិត្តឱ្យគាត់នឹកចង់ដឹងថា តើខាងក្នុងម្ចាស់វិមានជាអ្នកណា។
ក្រឡេកមកលើទ្វារ ស្លាកមួយបានគូសថា ដង្ខៅដើរសំពៅ ស៊ីនបាដ។
ឃើញហើយ អ្នកលីសែងកើតតូចចិត្តណាស់ក៏ស្រែកត្អូញត្អែរចំពោះព្រះអល់ឡោះថា «ព្រះអើយ តើវាយុត្តិធម៌ទេ ដែលអ្នកខ្លះក្រពេក ហើយអ្នកខ្លះទៀតសែនប្រណីតពេក ក្នុងឈ្មោះតែមួយដូចគ្នា?»
ម្ចាស់ផ្ទះក៏ឈ្មោះ ស៊ីន បាដ ដូចអ្នកសុំទានដែរ ។ គាត់នៅអង្គុយអានសៀវភៅ ឮដូច្នេះ ក៏ឈោងទៅក្រៅរកមើលម្ចាស់សំឡេងតម្អូញ។ ភ្លាមនោះគាត់ឮមកទៀតថា «រាល់ព្រឹកព្រលឹម ខ្ញុំភ្ញាក់ឡើងដោយការឈឺចាប់និងវេទនា…ខ្ញុំរែកឥវ៉ាន់ធ្ងន់និងចេញទៅធ្វើការទៅ…ចំណែកស៊ីនបាដផ្សេងទៀតរស់នៅដោយភាពសប្បាយរីករាយ…ជាមួយបទចម្រៀងពីរោះៗម្ហូបឆ្ងាញ់ៗ និងសើចសប្បាយ…»។ ឮហើយកាលណាម្ចាស់ផ្ទះក៏សើចនិងសួរឡើងថា៖
«ហៃអ្នកនៅក្រៅ? តើអ្នកឈ្មោះអ្វីទៅ?»
ឮហើយកាលណា ជននៅខាងក្រៅក៏ក្រោកប្រញិបប្រញាប់មកឱនលំទោនឆ្លើយ៖
«ឱ! ម្ចាស់នៃទូលបង្គំ ទូលបង្គំគឺ ស៊ីនបាដ ជនជាតិហាំម៉ាល់ ហើយទូលបង្គំទទួលទានដោយលើករបស់របររបស់ជនានុជនដាក់ទូលលើក្បាលទាន!»
«ឱ! ពិតជាឈ្មោះដូចគ្នា! ខ្ញុំនឹងឱ្យអាហារ ថែមបរិច្ចាគសម្លៀកបំពាក់ខ្លះដល់អ្នក! តែនេះមិនមែនមកពីយើងមានឈ្មោះដូចគ្នាទេ តែមកពីខ្ញុំក៏ធ្លាប់កម្សត់ក្រីក្រជាច្រើនលើកមកហើយ!»
«ឱ! តើលោកម្ចាស់មានការតស៊ូដូចម្តេចខ្លះទៅទើបបានទទួលផលកម្រិតនេះ?!»
ទទួលបានសំណួរនេះពីអ្នកទុគ៌តកាលណា អ្នកជំនួញដើរសំពៅបានឆ្លើយតបវិញដោយដង្ហើមធំថា៖
«ខ្ញុំអាចនៅរស់ និងក្លាយជាអ្នកមានមកទល់ពេលនេះ ដោយសារវាសនាតែប៉ុណ្ណោះ!»
ក្រោយមក នារីទាសករម្នាក់ក៏បានលើកអាហារមកឱ្យហើយម្ចាស់ផ្ទះបានផ្តើមនិទានថា៖
«ចូរអ្នកបរិភោគឆ្អែតនិងស្តាប់បណ្តើរៗនូវបណ្តារឿងរ៉ាវនៃជីវិតតស៊ូរបស់ខ្ញុំ!»
ការធ្វើដំណើរដំបូងរបស់ស៊ីនបាដជាអ្នកជំនួញតាមសំពៅ
ឪពុករបស់ខ្ញុំជាពាណិជ្ជករដ៏ជោគជ័យម្នាក់ ដែលបន្សល់ទុកខ្ញុំនូវទ្រព្យសម្បត្តិនិងគំរូលើកទឹកចិត្តសម្រាប់ការផ្សងព្រេងបង្កើតកេរ្តិ៍តំណែល។
ដោយខ្ញុំនៅក្មេង ក្បាលរឹង និងល្ងង់ខ្វះពិសោធន៍ ខ្ញុំចូលចិត្តពិធីជប់លៀងនិងដើរលេង ដោយគិតថា ជីវិតគ្មានអ្វីត្រូវព្រួយទេ ខ្ញុំនឹងបន្តវិធីដដែលៗនោះពេញមួយជីវិត។ តែមកដល់ថ្ងៃមួយ ពុកស្លាប់បាត់ ខ្ញុំភ្ញាក់ខ្លួនឡើង ឃើញថាលុយជិតអស់ហើយ។ ពេលនោះ ខ្ញុំនឹកឃើញពាក្យឪពុកខ្ញុំគាត់ធ្លាប់និយាយថា៖ «នៅក្នុងផ្នូរដូចល្អជាងនៅក្នុងភាពក្រីក្រ» ហើយខ្ញុំបានមកដល់អារម្មណ៍ប្រថុយប្រថានចេញជួញដូរ។ ខ្ញុំបានប្រកាសនិងប្រមូលលក់ចោលនូវសូត្រនិងសម្លៀកបំពាក់ដ៏ល្អទាងអស់ ប្រមូលយក ទ្រព្យសម្បត្តិរបស់ខ្ញុំ ទិញទំនិញសម្រាប់ការធ្វើដំណើររកពាណិជ្ជកម្ម ពនេចរតាមសមុទ្រ។
កាលណោះខ្ញុំឡើងលើកប៉ាល់ជាមួយអ្នកជំនួញមួយក្រុម។
យើងចេញដំណើរក្នុងគោលដៅឆ្ពោះទៅកាន់ទីក្រុងបាសា ជាក្រុងអ៊ូអរប្រមូលផ្តុំវត្តុមានតម្លៃ ខ្វាត់ខែងដោយទីប្រជុំជន កំពង់ផែធំ មនុស្សមកពីគ្រប់ប្រទេសចួបជុំគ្នារកស៊ីជួញប្រែ។ នៅលើកម្រាស់ទឹក យើងបានធ្វើដំណើរជាច្រើនថ្ងៃទាំងយប់ ដោយប៉ះសំចតតាមកំពង់ផែ និងបណ្តាកោះ។
គ្រប់ទីកន្លែងដែលយើងទៅដល់ដី យើងបានទិញនិងលក់ ផ្លាស់ប្តូរទំនិញ ជួញដូរចុះឡើងបង្កើនទ្រព្យសម្បត្តិបន្តិចម្តងៗដោយភ្ញាក់ផ្អើលនិងរីករាយ។
នៅទីបំផុត យើងបានមកដល់កោះដ៏ស្រស់ស្អាតបំផុតមួយ។ នៅទីនេះ មានដំណាំហូបផ្លែ និងពូជផ្កាចម្លែកៗធំៗរីកស្គុះស្គាយ ដូចជាគ្រាប់ពូជត្រូវបានទម្លាក់ចុះមកពីសួនច្បារនៃឋានសួគ៌។ ក្លិនក្រអូបនិងចម្រុះពណ៌ទាក់ទាញពីចម្ងាយ។
ប្រធាននាវិកទម្លាក់យុថ្កា ហើយដាក់បន្ទះចុះចត។ មនុស្សគ្រប់គ្នានៅលើយានបានឡើងស្រមកលើច្រាំងសមុទ្រក្នុងអារម្មណ៍ថា សូម្បីខ្សាច់ក៏ជាពំនូកមាសពិតៗនៅចន្លោះម្រាមជើងរបស់ពួកយើង។
គេនិងខ្ញុំសែនរំភើបរត់ត្របាញ់ ហើយរីករាយនឹងផ្ទៃដីដ៏ខៀវស្រងាត់ស្ងប់ស្ងាត់ក្រអូបលលៃ។ អ្នកដំណើរខ្លះ ផ្តើមដុតភ្លើងធ្វើម្ហូប អ្នកខ្លះទៀតបោកខោអាវ។ ពួកយើងមួយចំនួនទៀត បានផ្តើមរុករកជុំវិញកោះ ខណៈអ្នកខ្លះផឹកស្រានិងលេងតន្រ្តី។
រំពេចនោះ កណ្ដឹងរបស់កប៉ាល់លាន់មកយ៉ាងទ្រហឹង។
នៅពេលយើងផ្ចង់ស្តាប់ នាវិកម្នាក់ដែលយាមនៅលើកំពូលនៃនាវាព្យាយាមប្រកូកស្រែកថា៖
«គ្រប់គ្នារត់! រត់! រត់!»
សូមព្រះអល់ឡោះជួយ! ខ្ញុំស្រឡាំងកាំង ខណៈមេនាវិកស្រែកភ្លាត់សំឡេង៖
«ទម្លាក់ចោលឧបករណ៍គ្រប់យ៉ាង ហើយបកត្រលប់ឡើងកប៉ាល់វិញ! ឥឡូវ!»
យើងមានអារម្មណ៍ថាដីហុយទ្រលោម ឯសមុទ្រដ៏ស្ងប់ស្ងាត់ បានផ្តើមបោករំជួលវិលជារង្វង់ទឹកយក្សជុំវិញកោះ នាំមកនូវរលកធំៗបោកបក់សំដៅមកច្រាំង។
ពេលនោះ កណ្តាលកោះបានរួញឡើងជាពំនូក បណ្តាលឱ្យអ្នកដែលមិនបានត្រលប់ទៅលើកប៉ាល់ទាន់នោះចាប់ផ្ដើមរអិលចុះទៅក្នុងទឹកសមុទ្រ។
ខ្ញុំក៏នៅក្នុងចំណោមពួកគេ។
ពេលខ្ញុំដួលប្រូងទៅក្នុងទឹកងងឹតស្លុបភាន់ភាំងដៃរបស់ខ្ញុំស្រវាចាប់កាន់បានទ្រុងកំប្លោកឈើសម្រាប់បោកគក់ ហើយរបស់នេះបានជួយជីវិតខ្ញុំ ខ្ញុំក៏តោងទៅលើវា។ រលកបានបោកបក់ខ្ញុំទៅមក ពេលដែលនាវាបានបោលចោល ឯខ្ញុំនៅអណ្តែតតែលតោលម្នាក់ឯង។
ឥឡូវនេះមើលពីទឹកទៅ ខ្ញុំឃើញថា កោះដែលយើងបានចុះចត មុននេះ តាមពិតកំពុងទូងនៅលើ ខ្នងត្រីបាឡែនមហស្ចារ្យដ៏ធំសម្បើមបំផុតមួយ។ ខ្សាច់មាសបានគ្របស្រោចលើខ្នងវា ហើយដើមឈើនិងបន្លែដុះនៅលើខ្នងរបស់វាដែរ។
សត្វនេះត្រូវដេកនៅស្ងៀមអស់ជាច្រើនឆ្នាំ ប៉ុន្តែនៅពេលពួកយើងចុះមកលើខ្នងវាយើងខ្លះចាប់ផ្ដើមដុតសាច់និងបង្កាត់ភ្លើងដាំទឹក ច្បាស់ជាបានរំខានវា ហើយដាស់វាឡើងពីដំណេកយ៉ាងកំរោល។
មិនមែនក្រោកមកស្ងៀមទេ សត្វមិនធ្លាប់មាន បានបក់កន្ទុយវាយទឹក ហើយរលកដ៏ធំៗបំផុត បានបក់មកលើខ្ញុំ និងបោកបញ្ជូនខ្ញុំទៅឆ្ងាយឡើងៗពីច្រាំងនោះ។
ដោយគ្មានឱកាសបានចួបកប៉ាល់វិញ ខ្ញុំផ្តើមអស់សង្ឃឹម។ រហូតដល់យប់មកដល់ អាកាសចុះត្រជាក់ ហើយខ្ញុំបានស្រែកយំ តែត្រៀមរៀបចំខ្លួនដើម្បីសេចក្ដីវិនាសរបស់ឆាកជីវិតខ្ញុំ។
ប៉ុន្តែព្រឹកឡើងខ្ញុំឃើញខ្លួនឯងមិនបានស្លាប់ ត្រឹមសន្លប់ និងកំពុងអណ្តែតតម្រង់ទៅកាន់ទីច្រាំងកោះដ៏ខ្ពស់មួយ។ ខ្ញុំបានខ្វាយចែវសំដៅ និងប្រតោងឡើងទៅលើ ទាំងកម្លាំងជើងចង្អៀត ស្ពឹក។ ឡើងដល់កាលណា ខ្ញុំដួលទន់មកលើដីដូចមនុស្សស្លាប់ ហើយដេកបិទភ្នែកចោលរាងកាយយ៉ាងយូរ។
មិនយូរប៉ុន្មាន ភ្លៀងធ្លាក់មកស្រោចមុខនិងរាងកាយអត់អាហារ ធ្វើឱ្យការល្ហិតល្ហៃបានសម្រាលខ្លះ ខ្ញុំដឹងខ្លួនសន្សឹមៗរួចសម្គាល់បានថា នេះតំបន់ជាយព្រៃជាព្រោះឃើញមានគ្រាប់ផ្លែប៊ឺរី និងបឹងមួយស្រងាត់មានទឹកថ្លានៅមិនឆ្ងាយ។
និទាឃរដូវនេះ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ថា បានរស់ឡើងវិញហើយ។
ខ្ញុំចាប់ផ្ដើមមានកម្លាំងលូនទៅរកទឹកលេប និងរើសបណ្តាផ្លែផល្លាសល់ពីសត្វមកហូបចម្អែត។ ផ្លែណាមិនមានស្នាមសត្វឆី ខ្ញុំមិនហ៊ានហូបឡើយ។
មិនយូរទេក្រោយមានកម្លាំងដើររុករកលើកោះក៏បានសម្គាល់ឃើញថា នេះជាកន្លែងដ៏រីករាយមានផ្លែឈើស្លូត ផ្អែម មានឱជារសច្រើនប្រភេទ។
បន្ទាប់ពីដើរចច្រប់មួយរយៈ ខ្ញុំចាប់បានគ្រោងនៃស្រមោលមានជីវិត។
ខ្ញុំប្រុងប្រយ័ត្នជាខ្លាំង ព្រោះបើជាសត្វចម្លែកទៀត ខ្ញុំមិនដឹងដោះស្រាយរបៀបណាទេ។ ពេល សំងំពួន ខ្ញុំបានឃើញស្រមោលនោះខិតមកជិត។
តាមពិតព្រះអើយ ខ្ញុំឃើញវាជាសេះដ៏ស្រស់ស្អាតនិងថ្លៃថ្នូរ ដែលត្រូវបានចងទុកក្បែរដើមឈើធំមួយនៅលើឆ្នេរ។ ខ្ញុំបានដើរទៅក្បែរដោយក្តីស្រលាញ់។
វាពិតជាសេះដ៏ប្រណីត។ ខ្ញុំប្រមូលរើសស្មៅវែងៗបែតងខ្ចីៗដែលនៅសំណើមដោយទឹកសន្សើមពេលព្រឹក យកបញ្ចុកវា។ សេះនេះជាមេដ៏ស្លូតបូតនិងគួរឱ្យស្រឡាញ់។ សត្វបានលេបស្មៅទាំងពួងពីលើបាតដៃរបស់ខ្ញុំ។
ខ្ញុំពិតជារីករាយនិងផ្គត់ផ្គង់សេះញី។
មិនយូរប៉ុន្មាន សេះស្រាប់តែលែងបរិភោគ ដូចជាមានអ្វីមួយធ្វើឱ្យវាភ្ញាក់ផ្អើល។ សេះមេ បានឈានមកពួនក្រោយគល់ឈើដោយទាញបន្តឹងខ្សែពួរ ក្រឡេកមើលជុំវិញកញ្ជ្រោលភ័យ។
ខ្ញុំក៏ភ័យស្លុត ព្រោះនៅឯឆ្នេរ សេះយក្សមួយក្បាលរាងជាពួកសេះសមុទ្រពណ៌សកំពុងបង្ហាញខ្លួនតម្រង់មកជាមួយភាពឃោរឃៅកំណាច។
ខ្ញុំភ័យស្លន់ស្លោដូចសត្វឈ្មោលប្រុងនាំសេះញីទៅ តែមិនមិនអាចទៅរួចនេះ ក៏រត់ត្រលប់ទៅរកគែមព្រៃពួនសម្ងំយកសុខ។ ពីទីនោះ ខ្ញុំបានឃើញថា មេសេះសមុទ្របានញ៉ុកខ្សែពួរនៅក្នុងមាត់របស់វា ហើយកំពុងអូសកូនសេះញីយកចូលទៅក្នុងសមុទ្រ ដែលប្រាកដជានឹងលង់ទឹកស្លាប់។
ទិដ្ឋភាពនេះ ពេញបេះដូងខ្ញុំផ្ទុកដោយសេចក្តីអាណិត។
ខ្ញុំទ្រាំមិនបានទេ ក៏រើសដំបងមួយធំគួរសម រត់ត្រលប់ទៅឆ្នេរវិញ ចាប់ផ្តើមវាយមេសេះសមុទ្រតម្រង់ក្បាល។ ប្រសិនភ្លាត់ វាច្បាស់ជាងាកមកទាត់ខ្ញុំរហូតដល់ស្លាប់ ប៉ុន្តែដោយខ្ញុំស្លន់ខ្លាំងណាស់ ខ្ញុំវាយមិនបើកភ្នែកមិនដកដៃរហូតដល់វាខ្លាចពេក ដកថយទុកសេះញីចោល។
ពេលសត្វកំណាចទៅបាត់ក្រោមទឹក សេះញីនៅតែភ័យតក់ស្លុតឈររញីរញ័រ ប៉ុន្តែខ្ញុំបានយកខ្សែពួរទាញវាមកក្បែរ ហើយវាក៏ធម្មតាវិញ។
ប៉ុន្មាននាទីក្រោយមកខ្ញុំបានឮសម្រែកបុរសម្នាក់ ដែលមើលមិនឃើញ ស្រែកពីមាត់សមុទ្រមកថា៖
«តើអ្នកជានរណា ហើយអ្នកមកពីណា?»
«អ្ហេ៎ សំឡេងអ្នកណា? ខ្ញុំគឺជាអ្នកជំនួញស៊ីនបាដមកពីបាកដាដ! ព្រះអល់ឡោះបានថែរក្សានិងបញ្ជូនខ្ញុំមកទេ! ប្រាប់ខ្ញុំវិញមក អ្នកជាអ្នកណា?»
សំឡេងដដែលតបឆ្លើយថា៖
«ខ្ញុំជារាជបុត្រា ជាម្ចាស់សេះនេះ!»
ការបង្ហាញខ្លួនពីរាជទូកមួយលឹមៗបង្ហាញថា ជាសំណាងដ៏អស្ចារ្យរបស់ខ្ញុំហើយ។ ពិតដូច្នេះមែន ពេលបានមកយកសេះសំណព្វត្រលប់ទៅវិញហើយ រាជបុត្រាបានដឹងគុណដែលខ្ញុំសង្គ្រោះសត្វរបស់ទ្រង់។
ទ្រង់បាននាំខ្ញុំយកទៅរាជធានីនិងចូលព្រះបរមរាជវាំងគាល់ព្រះរាជាមីហ្រ្យាណ។
នៅពេលដែលស្តេចនគរនេះ បានសណ្តាប់សព្ទសាច់រឿងរបស់ខ្ញុំទ្រង់មានព្រះទ័យភ្ញាក់ផ្អើលហើយរាជតម្រិះក្រោយមកចេញបន្ទូលថា៖
«ស៊ីនបាដកម្សត់អើយ! ដោយគុណអល់ឡោះ អ្នកពិតជាត្រូវបានថែរក្សាដោយអព្ភូតហេតុ! ជោគវាសនា កំណត់អាយុវែងទៅមុខនិងសំណាងសម្រាប់អ្នក ដោយជឿថាអ្នកជាមនុស្សល្អ ដែលបានទទួលការអនុគ្រោះពីព្រះ ខ្ញុំនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស។ ពិតប្រាកដណាស់ យើងនឹងផ្តល់ការងារឱ្យខ្ញុំអ្នកគ្រប់គ្រងអ្នកជំនួញនៅកំពង់ផែ ចុះបញ្ជីនាវាទាំងអស់!»
ខ្ញុំទទួលបានការងារ កម្រៃនិងទីកន្លែងស្នាក់នៅយ៉ាងអឹកអធិក។
ជាងមួយឆ្នាំ ដំណើរការនៃជីវិតជាមេកំពង់ផែនេះផុតក្តីព្រួយអ្វីទាំងអស់។ រហូតដល់សម័យ ថ្ងៃមួយ កប៉ាល់ដែលខ្ញុំបានជិះមកពីផ្ទះ បានមកដល់និងសំចតចំផែរបស់ខ្ញុំ។ ប្រធានក្រុមនាវិក បានចំណាំស្គាល់ខ្ញុំភ្លាមៗ ហើយស្ទុះស្ទាមកឱបខ្ញុំនៅក្នុងរង្វង់ដៃរបស់គាត់។
គាត់បាននិយាយថា៖
«ទំនិញរបស់អ្នកនៅតែមានសុវត្ថិភាពនៅក្នុងកប៉ាល់របស់ខ្ញុំ»។
«នេះគឺជាដំណឹងល្អដែលមិននឹកស្មានដល់បំផុត សូមអរគុណដល់អល់ឡោះ»
ខ្ញុំបានថ្វាយទំនិញនោះ ជាអំណោយដល់ស្តេចបង្ហាញពីកតញ្ញូតាធម៌ ហើយភ្លាមៗនោះដែរដោយសារការពេញចិត្តភាពស្មោះត្រង់នេះ ព្រះអង្គបានប្រទានអំណោយជាទ្រព្យដែលមានតម្លៃម្ភៃដងនៃទំនិញខ្ញុំ។ ខ្ញុំបានលាអ្នករាល់គ្នាចេញមកដោយទឹកភ្នែក ហើយជិះបកត្រលប់ទៅក្រុងបាសា ជាកន្លែងដែលខ្ញុំបានបន្តជំនួញត្បូងនិងព្រំមានតម្លៃ ចំណេញជាងដប់ដងបន្ថែមទៀតពីទីផ្សារ។
ដូច្នេះហើយជាងមួយខែក្រោយ ខ្ញុំបានត្រលប់ទៅក្រុងបាកដាដវិញក្នុងនាមជាអ្នកមានស្តុកស្តមហើយ បានទិញមហាវិមាននេះ លោះយកមកនូវអ្នកបម្រើជាច្រើននាក់ ថែមបានបង្កើតឡើងនូវកន្លែងដ៏អស្ចារ្យមួយ ដូចអ្នកឃើញស្រាប់សម្រាប់រស់នៅ។
មិនយូរប៉ុន្មានក៏ចាប់ផ្តើមបំភ្លេចនូវអ្វីដែលខ្ញុំធ្លាប់បានរងទុក្ខកាលរសាត់ក្នុងព្រៃរហោដ្ឋាន។
នេះជារឿងអព្ភូតហេតុដំបូងរបស់ខ្ញុំ បើថ្ងៃស្អែកចួបអ្នក ខ្ញុំនឹងប្រាប់អ្នកពីដំណើររឿងទីពីរនៃការធ្វើដំណើរទាំងប្រាំពីរលើករបស់ខ្ញុំ។ ថាចប់ហើយ អ្នកជំនួញស៊ីនបាដ បានផ្តល់ឱ្យស៊ីនបាដជាអ្នកលីសែងនូវកាក់មាស១០០ សម្រាប់ពេលវេលាមិនបានធ្វើការងារពេញមួយព្រឹកនេះ។
ស្អែកឡើង…អ្នកលីសែងបានវិលមកវិញហើយសុំឡើងថា៖
«ឱ! ខ្ញុំពិតជាទន្ទេញចង់ដឹងនូវដំណើរជាបន្តបន្ទាប់ទៀតរបស់លោកម្ចាស់! ខ្ញុំគេងមិនលក់ពេញមួយយប់ដោយការចង់ដឹង!»
ស៊ីនបាដញញញឹមហើយឆ្លើយថា៖
«មិត្តរបស់ខ្ញុំ! មនុស្សយើងធ្លាប់ធ្វើការងារ ខ្ញុំមិនអាចសម្រាកបានយូរទេ។ ខ្ញុំបានភ្លក់ខ្យល់អំបិល និងភាពរំភើបនៃការធ្វើដំណើរឆ្ងាយ ក៏ដូចជាជីវិតផ្សងព្រេង។ មិនយូរប៉ុន្មានខ្ញុំត្រូវបានទាញចិត្តដោយព្រះហឫទ័យរបស់អល់ឡោះឱ្យឃ្លាននឹកចង់ត្រលប់ទៅកំពង់ផែ ចង់ដើរសមុទ្រទៅបាសាទៀត!»
លើកនេះ ខ្ញុំបានទិញយកកប៉ាល់ធំមួយដែលទើបនឹងបង្កើតថ្មីជាមួយបច្ចេកវិទ្យាកែច្នៃដ៏រឹងមាំល្អ និងឧបករណ៍ត្រួតពិនិត្យអាកាសធាតុដែរ។
ប្រធាននាវិកដែលធ្វើការឱ្យខ្ញុំ បានជួយប្រមូលយកក្រុមឈ្មួញសម្រាប់ការចេញធ្វើដំណើរជាមួយគ្នាហើយខ្ញុំទទួលបានកម្រៃទ្វេ។
ទៅដល់បាសា ខ្ញុំបានចេញពីទូកឡើងទៅទីប្រជុំជននិងផ្សារទិញទំនិញសម្រាប់ដំណើរការលក់ដូរមួយរយៈ។ បន្ទាប់មកក្រុមយើង ឡើងជិះនាវាចល័តពីកោះមួយទៅកោះមួយ នគរមួយទៅនគរមួយក្នុងលក្ខខណ្ឌអាកាសធាតុល្អ។
គ្រប់ទីកន្លែងដែលយើងទៅដល់ យើងបានរកឃើញក្រុមឈ្មួញថ្មី និងដឹងពីអ្វីៗប្លែកៗគ្នាដែលអតិថិជនចង់បាន។
ចុងក្រោយទីបំផុត យើងបានមកដល់កោះដ៏សុខសាន្ត ដែលស្ងប់និងគ្មានសញ្ញានៃសំឡេងឬភូមិករអ្នកស្រុក។
វាសមជាទីកន្លែងដ៏គួរឱ្យស្រលាញ់វៀរចាកភាពអ៊ូអរ ពេញដោយដើមឈើពណ៌បៃតង សត្វស្លាបគ្រប់ប្រភេទសុខដុម មានស្លាបរោមពណ៌ភ្លឺ និងទឹកធ្លាក់ជាជ្រោះយ៉ាងត្រជាក់មនោរម្យ។
ខ្ញុំបានដើរជុំវិញកោះ សោយសុខនឹងធម្មជាតិកម្រ ហើយសំចតលើផ្ទាំងថ្មល្អាងមួយជាកន្លែងរីករាយញ៉ាំអាហារថ្ងៃត្រង់ដែលខ្ញុំបានស្ពាយយកមកជាមួយ។
បន្ទាប់ពីខ្ញុំបានពិសាអាហាររួចហើយក៏ទន់ភ្នែកបិទដេកលក់យ៉ាងស្លុងនិងសុខា។ ពេលភ្ញាក់ឡើងមិនដឹងថ្មើរណាទេ មេឃប្តូរងងឹតទៅហើយ។ ដោយមានអារម្មណ៍ថាមិនស្រួល ខ្ញុំប្រញាប់ត្រលប់ទៅរកឆ្នេរវិញ តែទម្រាំមកដល់ច្រាំងវិញអ្នករួមដំណើររបស់ខ្ញុំបានបាត់ទាំងអស់។
សំពៅរបស់ខ្ញុំបានចាកចេញពីទីចត សល់តែសំបកផ្លែឈើដែលពួកគេបានបរិភោគ ហើយសំណល់ផ្សែងដែលគេដុតសម្រាប់ធ្វើម្ហូប។
ដោយមិនដឹងថា គេចួបគ្រោះអ្វីបានជាចាកចេញដោយប្រថុចញ៉ុច ឥឡូវខ្ញុំអង្គុយកម្សត់នៅមាត់ច្រាំង ហើយមើលទៅសមុទ្រ។
គ្រប់ពេលដែលខ្ញុំរំពឹងថានឹងឃើញកប៉ាល់បកត្រលប់មកវិញ មិនបានកើតឡើងទេ។ នាវិក និងពាណិជ្ជកររួមគ្នាបំភ្លេចខ្ញុំចោល។ ទឹកភ្នែកបានហូរចូលសស្រាក់នៅពេលដែលខ្ញុំត្រិះរិះគិត អំពីឆាកជីវិតស្តុកស្តមនៅក្រុងបាកដាដ។ ផ្ទះដ៏ល្អរបស់ខ្ញុំ ខ្នើយសូត្រនៅលើគ្រែរបស់ខ្ញុំ ទឹកហូរ ក្លិនបុស្បានៅក្នុងទីធ្លាសួនរបស់ខ្ញុំ ពេលនេះ ខ្ញុំបានស្គាល់វិញដែរទេ។
មួយថ្ងៃពេញមក ខ្ញុំស្រេកឃ្លានណាស់ ហើយនឹកដល់ក្លិនសាច់អាំងពីផ្ទះបាយរបស់ខ្ញុំ អ្នកបម្រើរបស់ខ្ញុំ មិត្តរបស់ខ្ញុំ គ្មានទៀតទេ ភាពប្រណីតដែលខ្ញុំធ្លាប់ក្តាប់ក្តោប។
ឥឡូវនេះខ្ញុំដេកយំកើយស្លឹកឈើ ពោះទទេនៅលើកោះ និងវាលខ្សាច់គ្មានមនុស្ស។ កំពុងស្រែកយំ ស្រក់ទឹកភ្នែករហាម មានអារម្មណ៍ថា អ្វីមួយបានបន្ទោសភាពកំសាករបស់ខ្ញុំ។ គំនិតចចេសបានលេចឡើងមកក្នុងក្បាល ធ្វើឱ្យខ្ញុំត្រូវបញ្ឈប់ការយំយែក ហួសចិត្តនឹងវាសនាទាំងអស់នេះ ហើយទាញខ្លួនឯងក្រោកដើរត្រលប់ទៅរកកន្លែងផ្ទាំងថ្ម និងដើមឈើខ្ពស់ដែលខ្ញុំបានស្លុងដេក។
ខ្ញុំចាប់កាន់មែកឈើមួយ ហើយទាញខ្លួនខ្ញុំយោងឡើងទៅលើសម្រាក។ បន្ទាប់មក ខ្ញុំក៏ឡើងចុះ ចុះឡើងជុំវិញដើមឈើរហូតដល់មានគំនិតថ្មី គឺឡើងឱ្យដល់កំពូល។
ពីទីនោះខ្ញុំបានស្ទង់មើលទិសតំបន់ជុំវិញកោះ។ ខ្ញុំមិនអាចមើលឃើញផ្សែងហុយ ឬសញ្ញាណាមួយនៃភូមិករឬជីវិតមនុស្សទេ។ ប៉ុន្តែខ្ញុំបានឃើញអ្វីមួយស ស្គុស និងធំយ៉ាងចម្លែក។
មើលហើយមើលទៀតគិតថា អាចជាប្រភេទអគារបុរាណរឹងមាំដ៏ធំរលោងនិងស។ ពេលខ្ញុំពិនិត្យឱ្យបានដិតដល់ជាងនេះ ចិត្តប្រាប់ថា វាដូចជារាជវាំង។
ខ្ញុំត្រេកអរ នឹកគុណព្រះ ហើយបានវារនិងលោតចុះទៅដីរត់រកផ្លូវវែកសំដៅទៅទិសដៅខាងលើ។ ប្រហែលមួយហត់ ខ្ញុំទៅដល់ទីនោះ។ តាមពិតវាមានកម្ពស់ទាល់តែងើយផុត ទើបអាចមើលសព្វ។ មិនអាចមើលដឹងថាជាប្រាសាទឬសំណង់ប្រភេទអ្វីទេ ខ្ញុំបានដើរនិងរត់ជុំវិញជិត៥០ ជំហាននៅតែមិនប្រទះឬរកឃើញទ្វារ។ មានអារម្មណ៍ថាវិមាននេះតាមពិតរាង ដូចជាសំបកស៊ុត?
ហត់ពេក ខ្ញុំបានអង្គុយចុះមួយសន្ទុះ។
មិនយូរប៉ុន្មាន ល្ងាចចូលមកដល់ មេឃប្រែជាងងឹត។ ដំបូងខ្ញុំគិតថា ប្រហែលជាមានពពកព្យុះធំមួយបក់មកលើកោះនេះ ប៉ុន្តែពេលខ្ញុំមើលឡើងលើក៏ស្លុតស្មារតីដឹងថា តាមពិតពពកគ្របងងឹតនេះ គឺជាសត្វស្លាបធំខ្នាតយក្សមួយសឹងធំជាងសំពៅទៀត។
កាលខ្ញុំដេក ប្រហែលជានាវិកយើងឃើញវាបានជាពួកគេចាកចេញចោលខ្ញុំប្រាស់យកជីវិត។
ឥឡូវនេះ ស្លាបរបស់មាហាបក្សីបានបក់បោក នាំមកជាកម្លាំងខ្យល់រង្គើអស់សព្វមែកឈើ និងស្លឹកធំតូច។ ខ្ញុំរត់ផាស់ក្រញាំទៅពួនក្នុងព្រៃ ព្រោះសត្វចម្លែកឆ្វែកចុះមកលើដីហើយ។
ខ្ញុំដឹងហើយថា កន្លែងសខ្ពស់មិនមានច្រកចូលនោះ តាមពិត មិនមែនជាសំណង់តែជាស៊ុតរបស់វា។
ខ្ញុំអស់សង្ឃឹមក្នុងការមានជីវិតចាកចេញពីកោះដែលស្ងាត់ជ្រងំនេះ។ តែបំណាច់នឹងស្លាប់ ខ្ញុំសុខចិត្តព្យាយាមជាមួយ គំនិតដ៏ឆ្កួតលីលាបំផុតមួយគឺ លូនចេញពីកន្លែងលាក់ខ្លួនសំដៅទៅរកបក្សីដែលកំពុងសម្រាក។
ពេលខ្ញុំទៅដល់ហើយ ខ្ញុំបានលបសសៀរឡើងទៅលើក្រញាំជើងដ៏ធំរបស់វា ដោយប្រើក្រណាត់ជួតពីលើក្បាលខ្ញុំចងខ្លួនឯងនឹងជើងវា។
វាមិនដឹងខ្លួនទេ។ នៅទីនោះខ្ញុំបានចំណាយពេលពេញមួយយប់ដែលវាមិនហើរទៅណាហើយដេកសំងំដោយអារម្មណ៍លំបាកបំផុតមិនធ្លាប់ចួបប្រទះក្នុងជីវិតរបស់ខ្ញុំ។ លុះព្រឹកឡើង បក្សីភ្ញាក់ពីដំណេក ហើយចាប់ផ្តើមលាតស្លាបយ៉ាងមហិមាផ្អើលអស់ធម្មជាតិ។
បន្ទាប់មកវាចាប់ផ្តើមផ្លុំទទះស្លាបបណ្តាលឱ្យមានខ្យល់បក់ខ្លាំងមុនពេលត្រដាងស្លាបហោះឡើងខ្ពស់ទៅលើអាកាស។ ខ្ញុំអាចមើលឃើញកោះនៅពីក្រោមនិងសមុទ្រខៀវស្រងាត់។ យើងហោះឆ្លងកាត់រលក រហូតដល់ដីភ្នំមួយជួរ។
មិនយូរប៉ុន្មាន ខ្ញុំអាចមើលឃើញយ៉ាងតក់ស្លុតនូវបន្ទះភ្នំភ្លើងមួយធំ ដែលចង្អុលឡើងមកលើដោយមានផ្សែងហ៊ុយនិងកម្អែលក្តៅគគុក។ ជុំវិញនោះជាវាលរហោដ្ឋាន ថ្មភ្លើងកម្អែលបន្ទុះ គ្មានទេវត្ថុមានជីវិត។ សត្វស្លាបយក្សានេះហោះយូរហើយ នៅតែឆ្លងមិនទាន់អស់ បញ្ជាក់ថាវាលនេះ ធំធេងណាស់។ សម្លឹងយូរៗទៅ ខ្ញុំចាប់ផ្តើមយំស្តាយ។
ប្រសិនណាជាខ្ញុំមុននេះមិនចេញមកតាមក្រញាំបក្សី ដោយបន្តសំងំស្នាក់នៅលើកោះ យ៉ាងហោចណាស់ក៏មានដើមឈើជ្រក ទឹកធ្លាក់សម្រាប់ងូត មិនលែងអីមានផ្លែព្រៃឬសត្វព្រៃសម្រាប់ចម្អែត ពេលនេះខ្ញុំឃើញតែកំអែលភ្នំភ្លើងនិងរហោដ្ឋាន ឯណាពិភពលោក ឯណាមនុស្ស?
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ