បច្ចុប្បន្ន ក្រសួង សមាគមអ្នកនិពន្ធ និងស្ថាប័នជាច្រើន កំពុងរួមចំណែកលើកស្ទួយវិស័យតែងនិពន្ធគ្រប់រូបភាព ទាំងការរៀបចំឱ្យមានការប្រលងប្រជែងស្នាដៃអក្សរសិល្ប៍ និងកំណាព្យ ជាហូរហែរ ដើម្បីបើកឱកាសអ្នកមានសមត្ថភាពបានចូលរួមផងដែរ។
ស្របនឹងទិសដៅនេះ លោក ស៊ុន វិជ័យចិត្រា នាមប៉ាកកា រ៉ាហ្សុី ដែលជាបេក្ខភាពដ៏សកម្មមួយរូប ក្នុងការចូលរួមកម្មវិធីមហោស្រពអក្សរសីល្ប៍ជាច្រើនលើក និងបានជាប់ជយលាភីប៉ុន្មានលើករួចមកហើយនោះ បានលើកឡើងថា អ្វីដែលលោកកំពុងធ្វើដើម្បីជាការរួមចំណែកដល់វិស័យតែងនិពន្ធ គឺផ្តោតសំខាន់លើ ការរក្សាអត្តសញ្ញាណអ្វីដែលជាខ្មែរ មិនបំភ្លៃ ឬធ្វើឱ្យខូចប្រយោជន៍រួមនោះ។
បន្ថែមជុំវិញការលើកឡើងនេះ លោកថា ក្នុងនាមជាអ្នកនិពន្ធ ក្រៅពីសរសេរអ្វីដែលជាការស្រលាញ់ ចូលចិត្ត ហើយនោះ គប្បីផ្សារភ្ជាប់និងផលវិជ្ជមានដល់អ្នកអានផងដែរ។ ត្រង់ចំណុចនេះ ព្រោះលោកយល់ថា រាល់ស្នាដៃនិពន្ធនីមួយៗ ដែលអ្នកអានយកទៅអាន វានឹងអាចផ្តល់ផលវិជ្ជមាន ឬអវិជ្ជមាន ទៅតាមអ្វីដែលអ្នកនិពន្ធតាក់តែងឡើង។
ហេតុនេះ ដើម្បីផ្តល់ផលល្អដល់អ្នកអាន លោក វិជ័យចិត្រា លើកទឹកចិត្តឱ្យអ្នកនិពន្ធគ្រប់រូប គប្បីកុំភ្លេចផ្សារភ្ជាប់បញ្ហា និងដំណោះស្រាយដែលសមហេតុផល សម្រាប់អ្នកអានអាចស្វែងយល់និងពិចារណាផង។ មួយវិញទៀត មិនថាស្នាដៃនោះជារឿងប្រឌិត ឬផ្អែកលើរឿងពិតក៏ដោយ គប្បីធ្វើយ៉ាងណាកុំអនុញ្ញាតឱ្យស្នាដៃនោះ ជះផលអវិជ្ជមានដែលនាំខាតប្រយោជន៍បុគ្គលណាម្នាក់ ឬសង្គម។
សម្រាប់លោក ស៊ុន វិជ័យចិត្រា ការតែងនិពន្ធជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់លោក ថ្វីបើមិនបានចាប់ កិច្ចការនេះជាអាជីព ប៉ុន្តែអ្នកនិពន្ធរូបនេះ បានចូលរួមសកម្មភាពច្រើនក្នុងវិស័យតែងនិពន្ធ ទាំងការចូលរួមប្រលងប្រជែង និងដាក់បង្ហាញស្នាដៃជាមួយប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ។ ឯស្នាដៃដែលលោកបានចូលរួម ក្នុងរដូវកាលនីមួយៗរបស់ប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com រួមមាន៖
_ ស្នាដៃក្នុងរដូវកាលទី១ ៖ សន្យា១០០ឆ្នាំ; ទូរសព្ទចាស់; មនុស្សក្នុងចិត្ត; បើក្លាយជាប្តីគេ និងមនុស្សសំខាន់។
_ ស្នាដៃក្នុរដូវកាលទី២ ៖ អនុស្សាវរីយលើផ្ទៃជលសា ។
_ ស្នាដៃក្នុរដូវកាលទី៣ ៖ អ្នករត់បញ្ញើខ្មោច; ដានស្នេហ៍មាត់ឆ្នេរ និង មនុស្សទីងមោង ។
_ ស្នាដៃក្នុរដូវកាលទី៤ ៖ បើចួបម្តងទៀត ។
បើតាមលោក ស៊ុន វិជ័យចិត្រា កម្លាំងជំរុញធំបំផុតក្នុងវិស័យតែងនិពន្ធរបស់លោក ទី១ គឺផ្តើមចេញពីចំណង់ ចំណូលចិត្តនៃការអានពីកំណើត ដែលភាគច្រើន ជាសៀវភៅប្រលោមលោកតែម្តង ហើយលោក តែងកោត ស្ញប់ស្ញែងស្នាដៃលោកគ្រូអ្នកគ្រូ និងរៀមច្បងពីមុនណាស់។ លោកថា “ពួកគាត់ក៏ជាចំណែកមួយដែល ធ្វើឱ្យខ្ញុំក្លាយជាអ្នកនិពន្ធម្នាក់នៅថ្ងៃនេះដែរ”។
ទន្ទឹមនេះ លោកក៏ណែនាំដល់អ្នកដែលចង់ក្លាយជាអ្នកនិពន្ធ គប្បីត្រូវអានហើយ អានទៀត អានកុំឈប់ ពិសេស សូមកុំរំលងស្នាដៃរៀមច្បង គប្បីស្វែងរកអានសៀវភៅរបស់ពួកគាត់ ហើយសិក្សាពីសិល្ប៍វិធី នៃការសរសេរ ការប្រើប្រាស់ឃ្លាសន្ទនា ឬឈុតឆាករឿង ដែលគាត់បានដំឡើងក្នុងសៀវភៅ មកវិភាគនិងច្នៃធ្វើជាការសរសេររបស់ខ្លួនឯង។ ម៉្យាង បច្ចុប្បន្នមានកន្លែងជាច្រើន ដែលផ្តល់ឱកាសឱ្យយើងបានបង្ហាញស្នាដៃបានកាន់តែទូលាយ ដូចជាវេបសាយរបស់អ្នកគ្រូម៉ីសន សុធារី ឬប្រព័ន្ធបណ្ដាញសង្គមផ្ទាល់ខ្លួនជាដើម៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ