មកស្គាល់ជយលាភី​ព្រះ​នាង​ឥន្ទ្រទេវី ឆ្នាំ​២០២៣ ទាំង១០រូប ដែលយកឈ្នះស្នាដៃនិពន្ធបេក្ខភាពចូលរួម ជាង១០០ស្នាដៃ

នៅ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​នេះ ​ក្រសួង​វប្បធម៌​ និងវិចិត្រ​សិល្បៈ​ បានរៀប​ចំពិធី​ប្រកាស​ម្ចាស់ជយលាភី ​ព្រះ​នាង​ឥន្ទ្រទេវី ទាំង១០រូប លើផ្នែកប្រលោមលោកខ្លី និងផ្នែក​កំណាព្យ ដោយក្នុងនោះ សម្រាប់ម្ចាស់ជយលាភី ពីលេខ១ ដល់លេខ៣ ទាំងពីរផ្នែក គឺទទួលបានពានមាស ពានប្រាក់ និងពានសំរិទ្ធ។

ក្នុងចំណោមម្ចាស់ជយលាភីទាំង៥រូប លើផ្នែក​​​ប្រលោម​លោ​កខ្លី មានបុរសចំនួន៣នាក់ និងស្រីចំនួន ២នាក់៖
– ជយលាភី​លេខ​១​ ពាន​មាស បាន​ទៅ​លើ​រឿង “ព្រលឹង​គុហនគរ” និពន្ធ​ដោយ​លោក ផាត ភឿក មក​ពី​ខេត្ត​កំពង់​ចាម​។
– ជយ​លាភី​លេខ​២​​ ពាន​ប្រាក់​ បាន​ទៅ​លើ​រឿង “រចនា” និពន្ធ​ដោយ​អ្នក​ស្រី ធា សុភី មក​ពី​រាជធានី​ភ្នំពេញ​។
– ជយ​លាភី​លេខ​៣ ពាន​សំរឹទ្ធ បាន​ទៅ​លើ​រឿង​ “​រាជិនីល្បុក្កតោ” និពន្ធ​ដោយ​លោក​ វង្ស សុភាជ​ មក​ពី​ខេត្ត​​ព្រៃ​វែង​។
– ជយ​លាភី​លេខ​៤ បាន​ទៅ​លើ​រឿង “​ភ្លើង​ឆេះ​រោង​របាំ​” និពន្ធ​ដោយ​លោក ចាន់ ថា​ភារុន​ មក​ពី​ខេត្តកំពង់​ចាម​។
– ជយ​លាភី​លេខ​៥ បាន​ទៅ​លើ​រឿង​ “មេ” និពន្ធ​ដោយ​កញ្ញា ជា សុលីនី មក​ពី​រាជធានី​ភ្នំពេញ​។

ចំណែក​ផ្នែក​កំណាព្យ​រឿងវិញ​ មានបុរសចំនួន៤នាក់ និងស្រីចំនួន ១នាក់៖
– ជយលាភី​លេខ​១​ ពាន​មាស បាន​ទៅ​លើកំណាព្យ​រឿង “វណ្ណៈស្នេហ៍​ប្រែពណ៌” និពន្ធ​ដោយ​លោក ចំរើន សុភ័ក្រ្ត​ មក​ពី​ខេត្ត​កំពត។
– ជយ​លាភី​លេខ​២ ពាន​ប្រាក់​ បាន​ទៅ​លើ​កំណាព្យ​រឿង “រំដួលវតី” និពន្ធ​ដោយ​លោក សុវណ្ណ សិរីវុឌ្ឍ មក​ពី​រាជធានី​ភ្នំពេញ​​។
– ជយ​លាភី​លេខ​៣ ពាន​សំរឹទ្ធ​ បាន​ទៅ​លើ​កំណាព្យ​រឿង​ “សម្បាច់​នារី​” និពន្ធ​ដោយ​លោក ទៀង ធន មក​ពី​ខេត្ត​ព្រៃ​វែង​​។
– ជយ​លាភី​លេខ​៤​ បាន​ទៅ​លើ​កំណាព្យ​រឿង “​វិមាន​ម៉ារ៉ានី” និពន្ធ​ដោយ​លោ​ក ស៊ឹម​ គឹម​សាត មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​។ ​
– ជយ​លាភី​លេខ​៥ បាន​ទៅ​លើ​កំណាព្យ​រឿង​ “​មាស​ទឹក​ដប់” និពន្ធ​ដោយ​កញ្ញា កាន​ ស្រី​នីត​ មក​ពី​ខេត្ត​ព្រៃ​វែង​។

ក្រៅ​ពី​ជយ​លាភី​ទាំង​១០​រូបខាង​លើ ក៏​មាន​​ការផ្ដល់​បណ្ណ​កិត្តិយស ​​ដល់​​បេក្ខ​ជន​​ បេក្ខ​នារី​ចំនួន​៥​រូប​ បន្ថែម​ទៀត ​​ផ្នែក​ប្រលោម​លោក​ខ្លី និង​៥​រូប​ ផ្នែក​កំណាព្យ​រឿង​ផងដែរ។

បើតាមនាយដ្ឋានសៀវភៅនិងការអានបញ្ជាក់ថា សម្រាប់ការដាក់ប្រកួតស្នាដៃតែងនិពន្ធឆ្នាំ២០២៣ មានបេក្ខជនចូលរួមដាក់ស្នាដៃប្រលង ចំនួន១១៤ស្នាដៃ ក្នុងនោះ មានប្រលោមលោកខ្នាតខ្លីចំនួន ៨៦ស្នាដៃ និងកំណាព្យរឿងចំនួន ២៨ស្នាដៃ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*