“មេតា!” វេវ!ផាំង! ខិះៗ ខ្ញុំភ្ញាក់មិងមាំងបន្ទាប់ពីត្រូវមួយកូនខ្នើយសម្រាប់លុបក្តារខៀន និងសំឡេងសើចរបស់មិត្តរួមថ្នាក់។ លោកគ្រូគណិតវិទ្យាសម្លឹងខ្ញុំមុខមាំ ឃើញគ្រប់គ្នាសើចច្រើនពេក ខ្ញុំចង់យំ។
“ម៉ោងរៀនមិនមែនម៉ោងដេកទេប្អូន!”
“ចាស ខ្ញុំសុំទោសលោកគ្រូ”
លោកគ្រូគ្រវីក្បាល ហើយងាកសរសេរលំហាត់បន្តទៀត។ ខ្ញុំបន់ក្នុងចិត្តឱ្យនរណាម្នាក់ជួយបញ្ឈប់សំណើចមិត្តរួមថ្នាក់ ហើយព្រះបានយល់ចិត្តទើបបណ្តាលឱ្យអ្នកគ្រូនាយិការដើរចូលថ្នាក់។ គាត់កាចហើយនរណាៗក៏ខ្លាចដែរ អ៊ីចឹងគ្រាន់តែអ្នកគ្រូដើរចូលភ្លាម ថ្នាក់ខ្ញុំស្ងាត់ដូចចោរលួចសេះ។
“ថ្ងៃនេះពួកយើងមានមិត្តរួមថ្នាក់ថ្មី”
គ្រប់គ្នាជាពិសេសប្រុសៗប្រឹងសម្លឹងមើលសិស្សថ្មី ដែលឈរជិតអ្នកគ្រូ។ នាងស្អាតដូចតួរឿង វាមិនចម្លែកឡើយ ដែលគ្រប់គ្នាចាប់អារម្មណ៍។
“ដន មុទិតា ជាសិស្សផ្ទេរមកពីភ្នំពេញ….”
ត្រចៀកទាំងពីររបស់ខ្ញុំមិនសូវស្តាប់បានប៉ុន្មានទេ ព្រោះងងុយដេកអង្គុយស្ងាបរហូត។ មិនដឹងជាអ្នកគ្រូនិយាយអ្វីខ្លះទេ ស្រាប់តែពេលគាត់ត្រលប់ទៅវិញ មុទិតា ស្អីគេនោះដើរមករកខ្ញុំ។
“សុំអង្គុយដែរ?” នាងនិយាយផងញញិមផង ខ្ញុំឡើងភាំង! ពេលដែលមានមនុស្សមកសុំអង្គុយជាមួយដូចចម្លែក ព្រោះរាល់ដងខ្ញុំដូចអមនុស្សអ៊ីចឹង។
“អង្គុយមក” មុទិតាញញិមអរគុណហើយអង្គុយចុះ។
ខ្ញុំចាប់អារម្មណ៍ថាខ្សែភ្នែកជាច្រើន កំពុងសម្លឹងមក ប្រហែលជាច្រណែនដែលខ្ញុំមានស្រីស្អាតមកអង្គុយជិត ទាំងដែលខ្ញុំជាស្រីរូបមិនស្អាតម្នាក់។ បាន២០នាទីម៉ោងគណិតបានកន្លងផុត ចេញលេងកន្លះម៉ោងខ្ញុំមិនទៅណា មិនមែនមិនចង់ចេញក្រៅថ្នាក់ទេ តែវាងងុយចង់ដេកក្នុងថ្នាក់បន្តទៀត។
ភឹប!ខ្ញុំក្រាបភ្លាម ស្រាប់តែមានចំហាយត្រជាក់ៗហើរមកប៉ះថ្ពាល់ខ្ញុំ។
“ប្អូនឈ្មោះអី?”
“សួរខ្ញុំ?” ខ្ញុំងើបឡើងសួរម្នាក់ស្បែកសទើបនឹងផ្ទេរសាលាមកពីភ្នំពេញ។
“ខ្ញុំឈ្មោះ ហឫទ័យ ហៅមេតា” មុទិតាញញិមលើកទឹកត្រជាក់ៗមកផឹក មនុស្សកំពុងគេងផងមកដាស់ ដេកលែងលក់ហើយ។ មុទិតាឈ្មោះនេះមិនសមមករំខានសោះ អត់សុជីវធម៌មែន។
“កុំសូវរាប់រកក្មេងសំរាមពេក មុទិតាស្អាតអ៊ីចឹងមកលេងជាមួយពួកយើងមក”
ឈុន! មិត្តរួមថ្នាក់ ឈរជ្រែងហោប៉ៅនៅជិតក្តារខៀនញាក់ចិញ្ចើមដាក់ខ្ញុំនិងមុទិតា។ ខ្ញុំសម្លក់គេតែមិនហ៊ានតវ៉ា ព្រោះបើតវ៉ាលទ្ធផលមានតែចាញ់គេ។
“ម៉េចក៏គ្រប់គ្នាធ្វើដូចអត់ពេញចិត្ត មេតាអ៊ីចឹង?” ខ្ញុំក្រាបលើតុស្តាប់សំណួរមុទិតា។ តើខ្ញុំគួរប្រាប់មុទិតាបែបណាទៅ? ប្រាប់ថាខ្ញុំជាក្មេងកំព្រា រស់នៅជាមួយមីងជាថៅកែទិញអេចចាយអ៊ីចឹងឬ?
“ឱ្យចូលចិត្តយ៉ាងម៉េច? បើម្នាក់ហ្នឹងរស់នៅជាមួយសំរាមហើយជាក្មេងគ្មានម្តាយឪពុក មករៀនដេកក្នុងថ្នាក់ទៀត” មុទិតាសួរខ្ញុំ ឈុនអ្នកឆ្លើយ ម្ចាស់សំណួរមុខមាំមើលឈុន ចំណែកខ្ញុំមិនខ្វល់ទេទម្លាប់ហើយ។
“ហើយវាយ៉ាងម៉េចទៀត?” មុទិតាសួរបកទៅឈុនវិញ ទំនងជាគេមិនហ៊ានតមាត់ជាមួយស្រីស្អាត ឈុនដើរទៅខាងក្រៅថ្នាក់ធ្វើព្រងើយ។ ក្នុងថ្នាក់ពេលនេះសល់តែខ្ញុំ មុទិតា ប្រធានថ្នាក់កំពុងអានមេរៀននិងមិត្តរួមថ្នាក់ស្រីពីរនាក់ទៀតកំពុងមើលចម្រៀង។
“ខ្ញុំក្មេងសំរាម គ្មានម្តាយឪពុក ចង់ប្តូរតុអត់? នៅសល់តុមួយទៀតគ្មាននរណាអង្គុយទេ”
“មេតាគិតថាខ្ញុំជាមនុស្សដូច…”
“គេឈ្មោះឈុន” ខ្ញុំប្រាប់ព្រោះដឹងថាមុទិតាចង់សំដៅដល់ឈុន។
“សុំធ្វើមិត្តផងបានទេ?”
“ចង់ធ្វើមិត្តជាមួយខ្ញុំ?” ខ្ញុំសួរទាំងភ្ញាក់ផ្អើលនិងរំភើបតិចៗ ដ្បិតមនុស្សស្រីគ្រប់គ្នាចាប់អារម្មណ៍ បែរមកសុំខ្ញុំធ្វើជាមិត្តដំបូងនៅសាលាថ្មី។
“ហ្នឹងហើយ!”
“បើអាចរាប់អានជាមួយមនុស្សដូចខ្ញុំបាន ក៏រាប់ចុះ” មុទិតាញញិមពព្រាយ យល់អារម្មណ៍មួយនេះច្បាស់ ពេលយើងប្តូរសាលាហើយមានមនុស្សមករាប់រកគឺរំភើបជាងត្រូវឆ្នោតទៀត។
មុទិតានោះមិនដឹងនិយាយអីទៀតទេ បើខ្ញុំដេកលក់បាត់ហើយបានអីនឹងស្តាប់។ ដល់ម៉ោងនាងដាស់ខ្ញុំហើយពួកយើងបន្តរៀនដល់ចប់ម៉ោងក៏ទៅផ្ទះភ្លាមៗ។
សូមណែនាំខ្លួនបន្តិច ខ្ញុំឈ្មោះ ហឫទ័យ អាយុ១៦ឆ្នាំរៀនថ្នាក់ទី១២ ហិៗមិនចម្លែកទេណាដែលក្មេងអាយុ១៦ឆ្នាំរៀនថ្នាក់ទី១២ សម័យនេះមានច្រើនសឹងអី។ ខ្ញុំគ្មានម្តាយឪពុកទេ ហើយក៏មិនដឹងថាគាត់ជានរណាដែរ ខ្ញុំធំធាត់នៅកន្លែងចាក់សំរាមជាមួយក្មេងៗកំព្រាដទៃទៀត អាយុ១០ ថៅកែអេចចាយយកខ្ញុំមកចិញ្ចឹម។ ខ្ញុំតែងតែហៅម្តាយចិញ្ចឹមថាមីង ដ្បិតគាត់យកខ្ញុំមកចិញ្ចឹមមែន តែមិនដែលទុកខ្ញុំជាកូនទេ។
“ហើយអង្កាល់បានទៅផ្ទះ?” ឃើញមុទិតាឈរសម្លឹងខ្លោងទ្វារសាលា ក៏ចូលទៅនិយាយរាក់ទាក់បន្តិចទៅ យ៉ាងហោចណាស់ពួកយើងជាមិត្តរួមថ្នាក់ដែរ។
“ទីនេះមានតុកៗអត់?” ឮសំណួរនេះហើយចម្លែកចិត្ត នៅស្រុកស្រែឱ្យមានតុកៗយ៉ាងម៉េច? មុទិតាធ្វើមុខគួរឱ្យអាណិតរង់ចាំចម្លើយពីខ្ញុំ។
“គ្មានទេ មុខហ្នឹងខ្ញុំមើលក៏ដឹងថាគ្មានអីជិះដែរ” នាងងក់ក្បាល ខ្ញុំនិយាយបន្ត។
“ឡើងម៉ូតូមកចាំខ្ញុំជូនទៅផ្ទះ” ខ្ញុំញញិមស្ងួតដាក់មុទិតាបន្តិច ព្រោះម៉ូតូចាស់ណាស់ហើយ វាចាស់ដ្បិតខ្ញុំសន្សំលុយទិញបានតែប៉ុណ្ណឹង។
“ពិតមែន?” ខ្ញុំងក់ក្បាលវិញ មុទិតាញញិមដូចញញើតខ្លាចខ្ញុំយកទៅលក់ ខ្ញុំក៏ធ្វើជាបញ្ឆេះម៉ូតូនាង
ក៏ឡើងអង្គុយភ្លាម។
នៅតាមផ្លូវខ្ញុំជិះយឺតៗ មុទិតាចាំប្រាប់ថាផ្ទះនាងនៅម្តុំណា។ ទីនោះខ្ញុំស្គាល់ហើយ ជាពិសេសមុទិតាជាកូនអ្នកមានអ៊ីចឹងប្រាកដជាផ្ទះធំស្អាតដាច់គេឯងពុំខាន។
“ប៉ារវល់ជូនម៉ាក់ទៅចួបមិត្តចាស់ៗ ទើបមិនបានមកយកខ្ញុំ” មុទិតាឆ្លើយបន្ទាប់ពីខ្ញុំសួរថាហេតុអ្វី គ្មានអីជិះទៅផ្ទះ? កូនទោលអ៊ីចឹង ម៉ាក់ប៉ាស្រឡាញ់ខ្លាំង ទោះជារៀនទី១២ហើយក៏នៅតែជូនកូនមករៀនដែរ។
“ឈប់ហៅខ្ញុំប្អូនហើយ?”
“ឈប់ហើយ ដ្បិតមេតាអាយុតិចជាងខ្ញុំ តែខ្ញុំចង់ហៅមេតាស្មើ!”
ខ្ញុំមើលតាមកញ្ចក់ឃើញនាងញញិម ដៃមុទិតាសន្សឹមៗឱបចង្កេះខ្ញុំ រំភើបដល់ហើយនេះ មានស្រីស្អាតមកឱបចង្កេះ។ កូនអ្នកភ្នំពេញកាន់តែឱបរឹតជាងមុន ពេលផ្លូវរលាក់។
“ប៉ាជូនមករៀនរហូតឬ?”
“រហូត តាំងពីតូចៗ”
“អ៊ីចឹងមានន័យថាមិនធ្លាប់ជិះកង់ឬម៉ូតូទេ?”
“កង់ចេះជិះ ចំណែកម៉ូតូធ្លាប់ជិះកាលទី៦ហើយឈប់ដល់ឥឡូវ”
បើអាចខ្ញុំចង់យកដៃទះថ្ងាសខ្លួនឯង ហួសចិត្តនឹងមុទិតាម្នាក់នេះដល់ហើយ។ កើតជាកូនទោលប្រៀបបានគ្រាប់ពេជ្រ ម៉ាក់ប៉ាថ្នមដល់ហើយ។
“ម៉េចបានមិនជិះទៀត?”
“ខ្ញុំធ្លាប់ជិះម៉ូតូបុកទ្វាររបងផ្ទះខ្លួនឯង ទើបម៉ាក់បារម្ភឈប់ឱ្យជិះទៀត”
ខ្ញុំឃើញមុខមុទិតាជូរតាមកញ្ចក់ ទំនងជានឹកហួសចិត្តនឹងខ្លួនឯងហើយ។ ពួកយើងនិយាយគ្នាតាមផ្លូវរហូត ពីសាលាទៅផ្ទះមុទិតា១៥នាទីដល់ ផ្ទះនាងស្អាតជាវីឡាទោលដែលខ្ញុំអាចមើលឃើញត្រឹមជាន់ទី២ឡើងលើ ព្រោះមិនបានបិទបាំងដោយរបងដូចជាន់ទី១។
“អរគុណហើយណា” មុទិតាញញិមដាក់ខ្ញុំ បេះដូងចេះតែរំភើបពេលមាននរណាមកញញិមដាក់។
“មិនអីទេ លាសិនហើយ” ខ្ញុំបញ្ឆេះម៉ូតូ មុទិតាលើកដៃលាខ្ញុំហើយដើរចូលផ្ទះវីឡាបាត់។
ត្រលប់មកដល់ផ្ទះឈើមួយខ្នងធំដូចផ្ទះសេដ្ឋីស្រុកស្រែ ទេ!សេដ្ឋីស្រុកស្រែត្រូវហើយ ម្តាយមីងខ្ញុំនរណាៗក៏ស្គាល់ដែរ។ គាត់ឈ្មោះមុំ ប្តីគាត់ឈ្មោះឌឿន ជាថៅកែអេចចាយហើយក៏មានទ្រព្យច្រើន។ ខ្ញុំឈប់ម៉ូតូខាងក្រោយផ្ទះជាអតីតជង្រុកស្រូវ បច្ចុប្បន្នជាលំនៅឋានរបស់ខ្ញុំ។
“មេតាមកនេះ!”
មីងមុំឈរច្រត់ចង្កេះពីកន្លែងថ្លឹងគីឡូអេចចាយស្រែកហៅខ្ញុំ គាត់ជាអ្នកមានគុណ ជាអ្នកចិញ្ចឹមខ្ញុំ៦ឆ្នាំមកនេះ ឮសំឡេងគាត់ភ្លាមខ្ញុំទៅភ្លែត។
“ហែងគិតលុយមើល” គាត់ចង្អុលទៅសៀវភៅនិងប្រដាប់គិតលេខលើគំនរអេចចាយ។ ខ្ញុំរើសមកយកមើលគិតលេខបណ្តើរភ្នែកប្រឹងមើលជញ្ជីងបណ្តើរ។
បន្ទាប់ពីប្រគល់លុយឱ្យអ្នកមកលក់ហើយ ខ្ញុំប្រញាប់ទៅងូតទឹករួចទៅដាំបាយឱ្យមីងមុំ ពូឌឿននិងកូនស្រីអាយុ១០ឆ្នាំរបស់គាត់។ ពេលដាំបាយ ខ្ញុំឆ្លៀតហាន់បន្លែឱ្យហើយតែចៃដន្យអីមិនប្រយ័ត្នជ្រុលមុតដៃបន្តិច។
“ចង្រៃមែន!” ខ្ញុំរអ៊ូរួចទៅរកបង់មកបិទ ប៉ុន្តែនរណាស្មានថាពេលមកវិញបាយស្រាប់តែខ្លោច។ មីនា កូនមីងមុំសើចកខឹកមាត់ទ្វារផ្ទះបាយ ដឹងហើយថាជាស្នាដៃនរណាដែលបើកភ្លើងហ្គាសខ្លាំង។
“ម៉ាក់ៗ” មីនាស្រែកឮៗ ត្រឹមមួយភ្លែតមីងមុំនិងពូឌឿនមកដល់ភ្លាម មុខរបស់ខ្ញុំប្រែជាស្លេកស្លាំង។ មីងមុំសម្លក់ខ្ញុំថ្មែក្រោយឃើញឆ្នាំងបាយឡើងខ្មៅ ហើយធុំឈ្ងៀមពេញផ្ទះ។
“មីង! ខ្ញុំមិនបានធ្វើទេ” ខ្ញុំប្រកែកតែនរណានឹងជឿខ្ញុំ? រវាងកូនបង្កើតនិងក្មេងស្រីដែលគាត់គ្រាន់តែយកមកឱ្យបម្រើគ្រួសារគាត់ គាត់នឹងជឿម្នាក់ណា។
“ម៉ាក់ប៉ា! បងមេតាដាំបាយខ្លោចហើយគាត់គំរាមកូនមិនឱ្យប្រាប់ម៉ាក់ប៉ាទៀត”
“មីនាបងមិនបានធ្វើទេ” ខ្ញុំប្រឹងប្រកែក ដ្បិតគ្មានសង្ឃឹមប៉ុន្តែបើខ្ញុំមិនខុស ខ្ញុំមិនទទួលកំហុសដាច់ខាត។ មីងមុំសម្លក់ខ្ញុំ ពូឌឿនលើកមីនាបីខ្លាចកូនយំទៀត ប៉ិនសម្តែងដល់ហើយនាងល្អិត។
“នេះឯងចង់ថាកូនយើងកុហកមែនទេ?”
“ខ្ញុំមិនបានធ្វើពិតមែន”
“ប្រដៅវាទៅអូន ចិញ្ចឹមបំបង់បាយមែន” ពូឌឿននិយាយរួចបីមីនាត្រលប់ទៅក្នុងផ្ទះវិញ មីងមុំដើរទៅកាច់មែកឈើ ខ្ញុំស្លេកស្លាំងរកធ្វើអីមិនទាន់។ ផាច់!អូយ! ខ្ញុំស្រែកដូចរាល់ដងពេលត្រូវរំពាត់ ផាច់! ផាច់! ហិៗ មួយរំពាត់ហើយមួយរំពាត់ទៀត សាច់ខ្ញុំជាស្អី? ទើបចង់វាយដូចសត្វធាតុអ៊ីចឹង មីងមុំចិត្តអាក្រក់ណាស់ហិៗ។
“មីង ឈប់វាយខ្ញុំទៅ!”
“បើកុំតែអញខ្ជិលដាំបាយទេ កុំអីវាយហែងឱ្យសន្លប់ហើយ” មីងមុំបោះរំពាត់ចោលដើរទៅក្នុងផ្ទះវិញ ខ្ញុំអង្គុយយំឱបក្បាលជង្គង់ក្បែរជើងក្រាន។ ហិៗម៉ែពុក ហេតុអ្វីបោះបង់កូនចោល? ឃើញអត់កូននៅ
ជាមួយគេ គេធ្វើបាបប៉ុនណា?
ក្បាលខ្ញុំញ័រដោយការភ័យខ្លាច ភាពឈឺចាប់មិនស្មើនឹងអារម្មណ៍ខ្លាចត្រូវរំពាត់ម្តងទៀត។ ខ្ញុំប្រញាប់ជូតទឹកភ្នែកចេញ ៦ឆ្នាំហើយណាគួរតែទម្លាប់ហើយ ខ្ញុំដាំបាយនិងធ្វើម្ហូបម្តងទៀតហើយលើកនេះប្រយ័ត្នមិនឱ្យមីនាធ្វើបាបបានទៀតទេ។
ម៉ោង៨យប់ទៅហើយ ទើបខ្ញុំបានរួចពីការងារ ងូតទឹកញុំាបាយមើលមេរៀន។ សំណាងមីងមុំមិនចិត្តដាច់ពេកឱ្យគេតខ្សែភ្លើងមកបំភ្លឺផ្ទះខ្ញុំដែលជាអតីតជង្រុកដាក់ស្រូវរបស់គាត់កាលពី៦ឆ្នាំមុន។ អំពូលអគ្គិសនីភ្លឺបានដល់ម៉ោង១០ប៉ុណ្ណោះ បើលើសនេះមីងមុំជេរពុំខានព្រោះគាត់ខ្លាចអស់ភ្លើងច្រើន។
“ហ៊ឺយ!” ខ្ញុំអង្គុយមើលរៀនហើយសម្លឹងមើលព្រះចន្ទតាមបង្អួច ពិបាកណាស់រស់នៅជាមួយគេ ប៉ុន្តែយ៉ាងណាក៏ប្រសើរបន្តិច មានបាយញុំាមានលុយល្មមរៀនមានផ្ទះនៅ។
“បើខ្ញុំបានមួយចំណិត មុទិតា ប្រាកដជារស់នៅស្រួលជាងនេះ” សុខៗខ្ញុំស្រាប់តែនឹកដល់សិស្សថ្មី នាងមុខសស្អាតសមជាកូនអ្នកភ្នំពេញ ខ្ញុំចូលចិត្តនាងព្រោះនាងជាមនុស្សមិនរើសអើងខ្ញុំដូចឈុន។
“ហែង!បើកភ្លើងរកងាប់អីដល់ម៉ោង១១ហ្នឹង?” ពូឌឿនស្រែកពីក្នុងផ្ទះគាត់មក ខ្ញុំភ្ញាក់ពីដេក យី!
សុខៗមកគេងលក់បានដែរ។ ខ្ញុំភ័យស្លន់ស្លោខ្លាចត្រូវរំពាត់ទៀត របួសមិនទាន់បាត់ស្នាមផង។ សំឡេង
ពូឌឿនក៏ស្ងាត់ទំនងគាត់ងងុយខ្ជិលជេរខ្ញុំទៀត។
ព្រឹកព្រលឹម ខ្ញុំក្រោកដាំបាយធ្វើម្ហូបផងរៀនផងរួចរត់ទៅងូតទឹកផ្លាស់សម្លៀកបំពាក់ទៅរៀន។ ខ្ញុំជិះម៉ូតូកញ្ចាស់ចូលសាលាហើយសំដៅទៅថ្នាក់រៀនដូចរាល់ដង ព្រោះខ្លាចខ្មាសគេទៀតនិងចង់តស៊ូឱ្យជីវិតនេះមិនងងឹតដូចរាល់ថ្ងៃ ខ្ញុំតាំងចិត្តរៀន។ ខ្ញុំឧស្សាហ៍ចម្លែក! មកពីអ្វី? ឬមួយមកពីខ្ញុំអង្គុយជិតសិស្សពូកែដូចមុទិតា ម្សិលណាខ្ញុំសួរដេញដោលនាងខ្លះៗ ទើបដឹងថាមុទិតាជាសិស្សពូកែខ្មែរ។
“ដៃកើតអី?” មុទិតាអង្គុយចុះភ្លាមសួរភ្លាម ពេលមីងមុំវាយខ្ញុំយកដៃរងហើយក៏មានស្នាមលើខ្នងដៃបាតដៃទៅ ខ្ញុំមិងមាំងមិនដឹងប្រាប់នាងបែបណា។
“មីងវាយ! ព្រោះដាំបាយខ្លោចហាសហា!” ឈុនចង្រៃ! ទៀតហើយ គេប្រាប់មុទិតាហើយសើចដើរចូលអង្គុយ គេដឹងព្រោះជាអ្នកភូមិជាមួយ។ មុទិតាប្រញាប់យកអ្វីម្យ៉ាងពីក្នុងកាតាបនាង វាជាប្រេងកូឡាតែមិនមែនប្រេងកូឡាប្រុសចាស់តាប៉ិទេ។
“ឈឺទេ?” នាងសួរផងហុចឱ្យផង ឃើញគេចិត្តល្អដាក់អ៊ីចឹងខ្ញុំញញិមយកប្រេងកូឡាមកលាប។
“មិនអីទេ ខ្ញុំទម្លាប់ហើយ”
“ទម្លាប់ហើយ?” មួយរំពេចនោះ ភារក្ស ជាប្រធានថ្នាក់របស់ខ្ញុំហើយជាមនុស្សម្នាក់ក្នុងចំណោម
មនុស្សតិចតួច ដែលមិនរើសអើងខ្ញុំ ដើរមករកពួកយើងដោយឈរកាន់ខ្សែកាតាបស្ពាយតែម្ខាង។
“ខ្ញុំជាអ្នកភូមិជាមួយមេតា មេតាត្រូវគ្រួសារមីងមុំធ្វើបាបសព្វគ្រប់ និយាយទៅយកមេតាមកចិញ្ចឹមគឺ
ដើម្បីតែបម្រើគ្រួសារគាត់ហ្នឹង” ភារក្ស និយាយហើយហូតសៀវភៅប្រវត្តិ តែងសេចក្តី ភូមិវិទ្យា ដាក់លើតុខ្ញុំ គេជាមនុស្សល្អហើយមិនសូវចេះនិយាយច្រើនប៉ុន្មានឡើយ។
“ខ្ញុំឱ្យមេតា”
“អរគុណច្រើន” ភារក្សដើរទៅវិញថែមទាំងឆ្លៀតចោលស្នាមញញិមដាក់មុទិតា។ អត់ចម្លែកទេ
មុទិតា ជាស្រីស្អាតរៀនក៏ពូកែនរណាមិនពេញចិត្ត? សូម្បីតែខ្ញុំ។
“គេចិត្តល្អដល់ហើយ” ឮមុទិតាសរសើរភារក្ស ខ្ញុំមិនសប្បាយចិត្តមួយរំពេច តែប្រឹងគិតថាជាសេរីភាពរបស់នាងហើយវាមិនទាក់ទងអីខ្ញុំទេ។
“ខ្ញុំគ្មានលុយរៀនគួរបន្ថែមទេ មានតែប្រធានថ្នាក់និងមិត្តរួមថ្នាក់ពីរបីនាក់ជួយបង្រៀនខ្ញុំបន្ថែមពេលពួកគេទំនេរ ហើយក៏ឱ្យសៀវភៅខ្លះដូចភារក្សធ្វើអម្បាញ់មិញអ៊ីចឹង”
“ជីវិតមេតាស្តាប់ទៅកំសត់ដល់ហើយ”
“ខ្ញុំជាក្មេងអនាថា កើតនៅគំនរសំរាម បានចាស់ៗនៅទីនោះមើលថែទើបធំធាត់ដល់អាយុ១០ឆ្នាំ
បានមីងមុំយកមកចិញ្ចឹម ខ្ញុំត្រូវធ្វើការសព្វគ្រប់បែបយ៉ាង ដើម្បីដោះដូរកន្លែងនៅ បាយ លុយនិងបានមករៀន” សុខៗខ្ញុំក៏ចង់និយាយរឿងទាំងប៉ុន្មានប្រាប់មុទិតា មិនដឹងនាងធុញឬអត់ទេ? មុខរបស់នាងស្លូតបូតហើយប្រឹងញញិមផ្តល់កម្លាំងចិត្តឱ្យខ្ញុំ។ ទេ!បេះដូងនេះវាយ៉ាងម៉េចទើបនឹងចួបគេបាន២ដងសោះ ហើយមុទិតាជាមនុស្សស្រីទៀត ម៉េចបានមកលោតញាប់ចង់លង់សម្រស់នាងអ៊ីចឹង?
“ពេលរៀនចប់ទី១២ ចង់ចាកចេញពីទីនេះអត់?”
“ខ្ញុំចង់មានស្លាបដូចយន្តហោះអាចហោះហើរទៅឆ្ងាយ គេចពីបញ្ហា ប៉ុន្តែខ្ញុំអាចធ្វើបានទេ? រាល់ថ្ងៃខ្ញុំរស់នៅជាមួយមីងមុំ ពេលខ្លះត្រូវសន្សំលុយទិញខោអាវខ្លួនឯង សៀវភៅរៀនក៏អ៊ីចឹងដែរ កុំរំពឹងដល់លុយមីងមុំឱ្យខ្ញុំរៀនបន្ត”
“យន្តហោះនរណាអ្នកបង្កើត?”
“មនុស្ស!” ខ្ញុំឆ្លើយនឹងសំណួរមុទិតា នាងប្រហែលចង់ឃើញខ្ញុំសើចទេដឹង បានសួរសំណួរប្លែក។ ចាប់ផ្តើមចូលចិត្តម្នាក់នេះបន្តិចម្តងៗហើយ។
“មនុស្សបានព្យាយាមបង្កើតយន្តហោះ ច្រើនដង បរាជ័យរាប់ដងទម្រាំអាចឱ្យយន្តហោះ ហោះបាន ចុះមេតាក៏អាចបង្កើតស្លាបខ្លួនឯងបាន ដ្បិតពេលខ្លះវាពិបាកតែថ្ងៃណាមួយវានឹងក្លាយជាស្លាបពេញលេញហើយមេតាអាចហោះហើរបានទៅកន្លែងណាដែលមេតាចង់ទៅ” ខ្ញុំងើបឡើងសម្លឹងចំកែវភ្នែកមុទិតា នាងនិយាយត្រូវបើចង់ដូចយន្តហោះហេតុអ្វីយើងមិនព្យាយាមដូចអ្នកបង្កើតយន្តហោះ។ បើវាហោះមិនបាន គឺយើងត្រូវរកវិធីដោះស្រាយឱ្យវាហោះបាន វាមិនមែនជារឿងហួសពីសមត្ថភាពយើងឯណា។
“សិស្សពូកែ ពូកែនិយាយដល់ហើយ” មុទិតាលើកដៃទះក្បាលខ្ញុំតិចៗ នាងយកប្រអប់អ្វីម្យ៉ាងចេញមក។ ពួកយើងមកដល់សាលាលឿនអ៊ីចឹងនិយាយគ្នាក៏បានយូរដែរ។
“ខ្ញុំចូលចិត្តញុំាផ្លែឈើជំនួយខួរក្បាល ជាធម្មតាម៉ាក់តែងតែចិតផ្លែឈើដាក់ប្រអប់ឱ្យខ្ញុំយកមករៀនរហូត តែថ្ងៃនេះម៉ាក់ដាក់មកច្រើនព្រោះចង់ឱ្យមេតាញុំាដែរ”
“គាត់ស្គាល់ខ្ញុំដែរ?”
“ខ្ញុំប្រាប់គាត់ថាមេតាជូនខ្ញុំទៅផ្ទះ”
“ខ្ញុំជួយមុទិតា ក្នុងនាមជាមិត្តមិនចង់បានអ្វីតបស្នងទេ” មុទិតាមុខស្មើធ្វើជាងរ យី!កូនទោលក្នុងគ្រួសារម៉ាក់ប៉ាទម្រើសចិត្តរហូតមានអ្វីមិនពេញចិត្តក៏ងរភ្លាមៗ។
“ប៉ុណ្ណឹងក៏ងរដែរ” ខ្ញុំរអ៊ូហើយយកប៉ោមមកញុំា មុទិតាញញិមមួយរំពេច ខ្ញុំដកដង្ហើមធំហើយគិតពីខ្លួនឯង។ វាចេះតែយ៉ាងម៉េចបានចូលចិត្តមើលនាងញញិម ហើយខ្លាចនាងងរខ្លាចនាងលែងនិយាយរកទៀតទាំងដែលពួកយើងទើបស្គាល់គ្នាបានពីរថ្ងៃ។
“គ្រូ!មកហើយ” ឈុនស្រែកស្លន់ស្លោ ប្រឹងញាត់នំចូលមាត់ខ្លាចគ្រូមកញុំាមិនអស់ហើយអាចនឹងត្រូវគ្រូពិន័យ។ ខ្ញុំសើចកខឹក គេងាកមកសម្លក់ ជួយមិនបានទេនរណាប្រើឯងឱ្យចំអកយើង។
ម៉ោងចេញលេងខ្ញុំយកសៀវភៅប្រវត្តិដែល ភារក្សឱ្យទៅអង្គុយអានលើបង់ក្រោមដើមចន្ទគិរីឆ្ងាយពី
ថ្នាក់រៀន ប្រហែល១០០ម៉ែត្រ។ ខ្យល់បក់ត្រជាក់ៗសមនឹងគ្មាននរណាមករំខានផង ជាក្តីសុខរបស់ខ្ញុំ សង្ឃឹមថាការខិតខំប្រឹងប្រែង១២ឆ្នាំមកនេះ អាចជួយចម្លងខ្ញុំឱ្យបានរៀនសាកលវិទ្យាល័យដូចគេផងចុះ។
“កាហ្វេ!” ខ្ញុំងើបមុខឡើង មុទិតារុញកាហ្វេមួយកែវមកជិតដៃខ្ញុំ តើនាងយ៉ាងម៉េចបានមកក្បែរខ្ញុំរហូត ហើយឱ្យនេះឱ្យនោះ ដឹងអត់អ្នកទទួលរអៀសខ្លួនណា។
“ខ្ញុំ!”
“មិនយកក៏ទុកចោលទៅ” មុទិតាដើរទៅបាត់ ធ្វើបែបនេះទោះជាមិនចង់យកក៏ត្រូវយកដែរ បើមិនយកទុកកាហ្វេចោលស្តាយ។ ខ្ញុំដកដង្ហើមធំយកកាហ្វេមកផឹក នៅសាលារៀនខ្ញុំមិនសូវមានលុយចាយទេ យូរៗមីងមុំសប្បាយចិត្តទើបបានលុយមកទិញអីញុំានៅសាលា។
ពេលថ្ងៃខ្ញុំត្រូវទៅផ្ទះវិញដាំបាយធ្វើម្ហូបឱ្យគ្រួសារមីងមុំ និងប្រញាប់ត្រលប់មកសាលាឱ្យលឿនតាមដែលអាចធ្វើបាន ក្រែងមាននរណាទំនេរគេជួយបង្រៀនបន្ថែម។ ខ្ញុំជាសិស្សថ្នាក់សង្គមហើយពួកយើងរៀនគួរមិនច្រើនដូចអ្នករៀនថ្នាក់វិទ្យាសាស្ត្រទេ អ៊ីចឹងមានពេលទំនេរច្រើន។
ខ្ញុំដើរទៅថ្នាក់ដោយញញិម ដ្បិតនៅចាំប្រយោគដែលមុទិតាប្រាប់ព្រឹកមិញ។ នាងថានាងនឹងបង្រៀនខ្ញុំបន្ថែមពិសេសតែងសេចក្តី នៅក្នុងថ្នាក់រៀនមានតែសិស្សបីបួននាក់ ស្ងាត់ជ្រងំ ភារក្សកំពុងសើចយ៉ាងសង្ហា នៅក្បែរប្រធានថ្នាក់មានមុទិតា!
“មកនេះមក!”
មុទិតាឃើញខ្ញុំនាងហៅភ្លាម ឈឺឆៀបៗអ្វីម្ល៉េះពេលឃើញនាងស្និទ្ធជាមួយអ្នកផ្សេង។ ខ្ញុំទៅអង្គុយជិតនាងធម្មតា ធ្វើដូចគ្មានអ្វីកើតឡើង។
“ពួកយើងជាមិត្តរួមថ្នាក់នឹងគ្នា ត្រូវចេះជួយគ្នា”
ភារក្សនិយាយផងក្រោកទៅឈរមុខក្តារខៀនផង គាត់ជាសិស្សប្តូរសាលាដែរ គ្រាន់តែភារក្សប្តូរមកតាំងពីថ្នាក់ទី១១ហើយរៀនថ្នាក់ផ្សេងខ្ញុំ។
“គ្រប់គ្នាខ្ញុំនិងមុទិតា បានបង្កើតក្លឹបសិក្សាមួយហើយពួកយើងនឹងជួយបង្រៀនគ្នាទៅវិញទៅមកតាមមុខវិជ្ជាដែលយើងពូកែ ក្លឹបសិក្សាមួយនេះប្រើថ្នាក់នេះជាកន្លែងបង្រៀន ដោយចាប់ផ្តើមម៉ោង១២ថ្ងៃត្រង់”
ភារក្សនិយាយបន្តទៀត ខ្ញុំចាប់អារម្មណ៍ទឹកមុខញញិមរបស់មុទិតាជាង។ នាងក្លាយជាបវរកញ្ញាប្រចាំថ្នាក់មួយរំពេច ថែមទាំងធ្វើឱ្យខ្ញុំមានអារម្មណ៍ចម្លែកទៀតផង។
រំលងបានប៉ុន្មានថ្ងៃ ព្រោះគេងមិនគ្រប់និងធ្វើការច្រើនខ្ញុំអស់កម្លាំងទៅរៀនមួយរួចសុំច្បាប់មួយថ្ងៃ។ នៅផ្ទះសូម្បីតែទៅឈរគិតបញ្ជីដូចរាល់ដងក៏ពិបាកដែរ ខ្ញុំគិតតែសំងំក្នុងផ្ទះតូចលេបថ្នាំពីរបីគ្រាប់សង្ឃឹមថាស្អែកនឹងជាបានទៅរៀនវិញ។ ក្រាក!ក្តុក! សំឡេងបើកទ្វារមីនាបោះឆ្នាំងមកជិតជើងខ្ញុំ នាងឈរច្រត់ចង្កេះដូចមីងមុំដែរហើយស្រែកចំទាលឮៗ។
“មកនៅផ្ទះគេហើយកុំខ្ជិលពេក ឆាប់ក្រោកឡើងដាំបាយ”
“បងក្តៅខ្លួន! មីនាដាំបន្តិចទៅ” នាងសម្លក់ថ្មែ ចរិតមិនខុសពីមីងមុំទេ តែនាងក៏មិនខុសដ្បិតខ្ញុំរស់នៅរាល់ថ្ងៃពឹងលើម្តាយឪពុករបស់នាង។
“កុំមកប្រើខ្ញុំ បើមិនចង់ត្រូវរំពាត់”
នាងដើរទៅវិញ ខ្ញុំមានជម្រើសទេ? ហ៊ឹម! មានតែបង្ខំចិត្តក្រោកទៅដាំបាយធ្វើម្ហូបសម្រាប់គ្រួសារមីងមុំ
ល្ងាចឡើងម៉ោងបាយហើយខ្ញុំត្រូវយកចានឆ្នាំងទៅលាង។ ប៉ុន្តែដោយសារខ្ញុំឈឺមិនសូវមានកម្លាំងទើបជ្រុលធ្វើបែកចានអស់៣ គ្រាន់តែឮសូរប្រាវ!ភ្លាម មីងមុំ ពូឌឿននិងមីនាមកដល់ភ្លែត។ មីនាញញិមពិសពុល ពូឌឿនយករំពាត់មកចង្អុលមុខខ្ញុំ ធ្វើដូចខ្ញុំនឹងខុសធ្ងន់ណាស់។
“បំផ្លាញណាស់”
ពូឌឿនមុខក្រហមទំនងជាគាត់ស្រវឹង ផាច់!ផាច់! គាត់វាត់ម្តងហើយម្តងទៀតមិនអាសូរក្មេងអាយុ១៦ឆ្នាំដូចជាខ្ញុំ។ ខ្ញុំយំដោយតូចចិត្តមិនដឹងធ្វើអ្វីបន្តទៀត វាយបាន៥រំពាត់គាត់ឈប់ហើយនាំប្រពន្ធកូនទៅក្នុងផ្ទះ។
ខ្ញុំយំផងប្រមូលចានបែកផង រួចរាល់ហើយទៅអង្គុយកើតទុក្ខនៅផ្ទះតូច។ ខ្ញុំឱបក្បាលជង្គង់សម្លឹងមើលមេឃតាមបង្អួច តើជីវិតខ្ញុំគួររស់នៅបន្តទៀតដោយរបៀបណា? ក្រោយប្រឡងបាក់ឌុបហើយ។ ពិតណាស់ មីងមុំប្រាកដជាមិនឱ្យខ្ញុំរៀនបន្តនៅសាកលវិទ្យាល័យឡើយ។ មុទិតាប្រាប់ខ្ញុំថា ត្រូវធ្វើស្លាបឱ្យខ្លួនឯងរហូតជោគជ័យអាចហោះបាន សុខៗពេលនឹកដល់មុទិតាខ្ញុំស្រាប់តែចង់រត់ចេញពីផ្ទះ ទាំងដែលមកនៅ៦ឆ្នាំមកនេះ មិនធ្លាប់គិតថានឹងរត់ចេញសូម្បីម្តង។
“អត់ទេ! ត្រូវតែស៊ូបន្តចាំចប់ទី១២ចាំរត់ចេញ”
ខ្ញុំញញិមលួងខ្លួនឯង យ៉ាងហោចណាស់ខ្ញុំមានកាយសម្បទាគ្រប់គ្រាន់លក្ខណៈមនុស្សជាច្រើនពិការ ខ្ញុំមានឱកាសសាងអនាគតដោយបាតដៃនិងចំណេះបានទេតើ។ ចុងក្រោយខ្ញុំតាំងចិត្តថានឹងរត់ចេញពីផ្ទះបើមីងមុំមិនឱ្យខ្ញុំរៀនបន្ត។
ព្រឹកឡើងខ្ញុំទៅរៀន ហើយគ្រាន់តែដើរដល់មុខថ្នាក់ភ្លាមសម្រិបជើងនិងសំឡេងមុទិតាទាញនេត្រាខ្ញុំឱ្យងាកយ៉ាងលឿន។ មុទិតាញញិមស្រស់ស្រាយ មកដល់ភ្លាមនាងចាប់ដៃខ្ញុំ ធ្វើឱ្យបេះដូងខ្ញុំលោតញាប់ដូចរាល់ដងពេលនៅក្បែរនាង។
“ពីម្សិលម៉េចបានអត់មករៀន?”
“ឈឺ!” មុទិតាមើលដៃខ្ញុំហើយឃើញស្នាមដូចរាល់ដង នាងមុខក្រញូវរួចអូសដៃខ្ញុំទៅអង្គុយលើបង់មុខថ្នាក់។ មុទិតាយកប្រេងកូឡាមកលាបបណ្តើរ រអ៊ូបណ្តើរ។
“ឱ្យគេវាយទៀតហើយមែនទេ? ចង់ប្តឹងប៉ូលិសអត់ពីបទប្រើប្រាស់អំពើហិង្សា”
“គាត់ជាអ្នកចិញ្ចឹមខ្ញុំហើយឱ្យខ្ញុំមករៀនដល់ថ្នាក់ទី១២ ខ្ញុំប្តឹងអ្នកមានគុណបានយ៉ាងម៉េច?”
“យើងហ្នឹងទ្រាំណាស់”
នាងយកដៃរុញចិញ្ចើមខ្ញុំ ខ្ញុំសើចតាមបែបលេងជាមួយមិត្ត មាននាងក្បែរខ្ញុំសប្បាយចិត្តច្រើនខុសធម្មតា។ មុទិតាល្អដូចឈ្មោះអ៊ីចឹង នាងតែងតែលើកទឹកចិត្តខ្ញុំនិងព្យាយាមជួយខ្ញុំតាមដែលនាងអាចធ្វើបាន។
“Facebook ឈ្មោះអី?”
សុខៗនាងសួររក Facebook សំណាងដែរ បានលុយសន្សំខ្លះៗរាប់ខែទម្រាំទិញបានទូរស័ព្ទមួយ កុំអីមិនដឹងមានអីតបនឹងមុទិតាទេ។
“មេតា ហឫទ័យ ប្រូហ្វាល់រូបខ្ញុំ”
“ហេតុអ្វីដាក់ឈ្មោះខ្លួនឯងទាំងពិតទាំងឈ្មោះក្រៅអ៊ីចឹង?”
“មិនដឹងដាក់ម៉េច?”
“ដាក់ មេតា កូកូ អីទៅ” ខ្ញុំសម្លក់នាងថ្មែ មុទិតាដឹងខ្លួនប្រញាប់រត់ចេញពីខ្ញុំ ខ្ញុំរត់ដេញវាយនាងប៉ុន្តែរត់ដល់ថ្នាក់មុទិតាទៅជល់ជាមួយភារក្សគេក៏ទ្រនាងជាប់កុំឱ្យដួល។
“សុំទោស” មុទិតាសុំទោសភារក្សដើរទៅអង្គុយនៅតុ ខ្ញុំឈឺបេះដូងឆៀបៗ តើខ្ញុំស្រឡាញ់មុទិតាហើយមែនទេ? ភារក្សថ្ពាល់ក្រហមទៅតុរបស់ខ្លួនដែរ។ ឈុនក៏ស្រែកតាមបែបមនុស្សឈ្លើយដូចរាល់ដង។
“នែ!រៀនចប់ទី១២សិនទៅចាំមានសង្សារ” ខ្ញុំពេបមាត់ជ្រេញនឹងសម្តីត្រឹមត្រូវរបស់ឈុន ទើបម្តងនេះទេឮគេនិយាយមកត្រឹមត្រូវ អូហ៍!ភ្លេចថាថ្ងៃនេះថ្ងៃសីល។
ត្រលប់មកផ្ទះវិញក៏មានសារមុទិតាឈែតមកសួរ សុខទុក្ខហើយយប់ឡើងក៏មានសាររាត្រីសួស្តី។ ខ្ញុំគេងញញិមម្នាក់ឯងរហូតដល់ព្រឹកបើកទូរស័ព្ទមកក៏ឃើញសារអរុណសួស្តី។
ពួកយើងចេះតែបែបនេះអស់ជាច្រើនថ្ងៃច្រើនខែ ខ្ញុំក៏នៅតែត្រូវគ្រួសារមីងមុំធ្វើបាបដដែល គ្រាន់តែមិនញឹកញាប់ដូចមុនដ្បិតពូឌឿនឧស្សាហ៍ឈ្លោះជាមួយមីងមុំច្រើនជាងរករឿងខ្ញុំ។ ពេលវេលាប្រឡងបាក់ឌុបក៏ខិតជិតមកដល់ ក្រោយប្រឡងឆមាសហើយពួកយើងមានកម្មវិធីជប់លៀងតិចតួចនៅតូបលក់ប្រហិតមុខសាលា។
“កាដូរបន្តិចបន្តួច” មុទិតាញញិមហើយហុចប្រអប់អ្វីម្យ៉ាងឱ្យខ្ញុំ មួយរយៈក្រោយមកនេះនាងឧស្សាហ៍ញញិមដាក់ខ្ញុំចម្លែក និងអឹមអៀនម្តងម្កាលដែរ។
“ស្អីហ្នឹង?” ឈុនចង់ដណ្តើមកាដូរយកទៅមើល តែភារក្សវាយដើមដៃទើបគេដកដៃវិញទាំងមុខស្អុយ មានប្រធានថ្នាក់ឈុនមិនហ៊ានមើលងាយខ្ញុំទេ។
“អរគុណច្រើន” ព្រោះគិតថាជាកាដូរ សម្រាប់ឆ្នាំចុងក្រោយក្នុងឈ្មោះជាសិស្សវិទ្យាល័យខ្ញុំទទួលយកដោយឥតប្រកែក។ ខ្ញុំញញិមមានក្តីសុខ ព្រោះខ្ញុំព្រមចាញ់ហើយ ព្រមចាញ់ចិត្តខ្លួនឯងថាខ្ញុំពិតជាស្រឡាញ់មុទិតាមិត្តរួមថ្នាក់ពិតមែន។
“បើកទៅ” ខ្ញុំអង្គុយចន្លោះមុទិតានិងភារក្ស ពីរនាក់នេះប្រឹងជំរុញឱ្យខ្ញុំបើក ខ្ញុំក៏បើកមើលឃើញនាឡិកាដ៏ស្រស់ស្អាត។ អ្នកផ្សេងក៏ជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក តាមមនុស្សដែលគេចង់ឱ្យ ហើយខ្ញុំក៏ទទួលបានកាដូរពីមនុស្សដែលធ្លាប់មើលងាយខ្ញុំកន្លងមក។
“ឈុន!” ខ្ញុំហៅគេ ឈុនហុចប្រអប់កាដូពណ៌ត្រាវមួយ មុខមាំជាងរូបចម្លាក់ទៀត គ្រប់គ្នាគាំងមួយរំពេចដ្បិតកន្លងមកឈុនស្អប់ខ្ញុំជាងស្អីទៀត ហើយសុខៗមកឱ្យកាដូរនេះ ចម្លែកណាស់។
“ឱ្យថ្ងៃចុងក្រោយ” គេដើរទៅអង្គុយជិតអ្នកផ្សេងបាត់ ខ្ញុំមិងមាំងរកថាមិនត្រូវ។
“ឈុនស្រឡាញ់មេតា?”
មិត្តរួមថ្នាក់បង្អាប់ មុទិតាក៏ចូលរួមដែរ ខ្ញុំមុខស្មើមួយរំពេច មិនសប្បាយចិត្តទេមនុស្សយើងស្រឡាញ់បង្អាប់យើងជាមួយអ្នកផ្សេង។
ចេញពីជប់លៀងខ្ញុំខឹងមុទិតា ជិះទៅផ្ទះវិញដោយមិនលានាងមួយម៉ាត់។ មុទិតាប្រហែលជាឆ្ងល់ហើយទើបឈែតមកតែខ្ញុំមិនតប ខ្ញុំសំងំដេកសំងំគិត ហើយសួរខ្លួនឯងថាបើកន្លងមកទង្វើល្អៗរបស់មុទិតាគ្រាន់តែជាមិត្តភាពហើយខ្ញុំយល់ច្រឡំខ្លួនឯង ខ្ញុំស្អប់ខឹងនាងត្រូវទេ? គិតសុខៗ ខ្ញុំគ្មានហេតុផលអ្វីត្រូវខឹងនាងទេ ទើបទាញទូរសព្ទឈែតទៅនាងវិញ។
ពេលវេលាដើរលឿនណាស់ ការប្រឡងបាក់ឌុបបានចប់អស់៣សប្តាហ៍ហើយ ព្រឹកនេះជាព្រឹកដែលគ្រប់គ្នាភ័យរន្ធត់រង់ចាំស្តាប់លទ្ធផល។ ខ្ញុំអង្គុយរង់ចាំលទ្ធផលទាំងរំភើបផងភ័យផង ម្នាក់ឯងក្នុងផ្ទះតូច សុខៗខេត្តរបស់ខ្ញុំក៏មានឈ្មោះលើ Page ក្រសួង ខ្ញុំបើកមើលអូសទាំងញ័រដៃ។
“យេ! ខ្ញុំជាប់ហើយ” ខ្ញុំស្រែកដោយសប្បាយចិត្តពេលឃើញឈ្មោះខ្លួនឯងក្នុង Page ក្រសួងទាំងភ្លេចមើលនិទ្ទេស។ ក្រាក!ទ្វារបើកឡើង ខ្ញុំស្រែកឮពេកមែនទេ ទើបពូឌឿនមកជេរទៀត។ ប៉ុន្តែខ្ញុំធុំក្លិនស្រា គាត់ញញិមចម្លែកហើយកាន់ស្រាមួយដប នឹងដៃទៀតផង។
“ពូ!” ខ្ញុំដឹងថាគាត់មកធ្វើអី ខ្ញុំចាប់ផ្តើមភ័យហើយរត់បំបុកគាត់រកផ្លូវគេច មីងមុំនិងមីនាមិននៅទេ មាននរណាឃាត់គាត់?
“ទៅណា!” ពូឌឿនចាប់ស្មាខ្ញុំជាប់ គាត់ស្រវឹងហើយគាត់ចង់ធ្វើអីមិនល្អដាក់ក្មួយចិញ្ចឹម ដូចខ្ញុំបានឃើញព័ត៌មានផ្សាយរាល់ដង។ ខ្ញុំយំខ្ញុំភ័យហើយស្រែក តែពូឌឿនខ្ទប់មាត់ជាប់រួចទះខ្ញុំ៣ដៃ។
“យើងមកយកថ្លៃដែលយើងចិញ្ចឹមនាងឯង៦ឆ្នាំមកនេះ”
“អត់ទេ! ពូអាណិតខ្ញុំកុំធ្វើបាបខ្ញុំ”
“ឯងស្អាតហើយក្មេងបែបនេះ គិតថារួចខ្លួន?”
“ជួយ!” ផាច់!គាត់ទះថែមរហូតខ្ញុំមិនអាចស្រែកបន្តទៀតបាន ខ្ញុំមានអារម្មណ៍ពិភពលោកនឹងរលាយបន្តិចទៀតនេះ បេះដូងក៏ឈឺយ៉ាងខ្លាំង ទឹកចិត្តនៃការស្រែកសុំជំនួយក៏ហូរមកសស្រាក់។ តើមាននរណាជួយខ្ញុំបាន? ពូឌឿនចាប់ផ្តើមថើបខ្ញុំ ខ្ញុំរុញគាត់ចេញ ផាំង! ពូឌឿន លើកដៃស្ទាបក្បាលហើយឃើញឈាមចេញពីក្បាលគាត់យ៉ាងច្រើន។
មួយខែកន្លងទៅ ខ្ញុំអង្គុយឱបក្បាលជង្គង់សម្លឹងវាលស្រែ។ ខួរក្បាលខ្ញុំនៅតែរន្ធត់នឹងហេតុការណ៍ថ្ងៃនោះ ហើយបើថ្ងៃនោះគ្មានពូរើសអេចចាយទៅជួយទេ ម្ល៉េះពេលនេះខ្ញុំមិនដឹងទៅជាយ៉ាងណាទេ។
មែនហើយថ្ងៃនោះ ពូរើសអេចចាយយកអេចចាយទៅលក់ រាល់ដងខ្ញុំជាអ្នកគិតបញ្ជី មើលការខុសត្រូវពេលគេមកលក់អេតចាយឬឡានធំៗមកយកអេចចាយម្តងៗ។ ពេលគាត់មិនឃើញនរណានៅផ្ទះទើបដើរទៅផ្ទះខ្ញុំក្រែងខ្ញុំនៅ នឹងបានលក់ តែគាត់ឃើញពូឌឿនកំពុងចាប់រំលោភខ្ញុំទើបគាត់យកដបថ្ម វាយក្បាលពូឌឿន។ ពីថ្ងៃនោះមេភូមិបានជួយប្តឹងខ្ញុំនិងយកខ្ញុំមកនៅផ្ទះគាត់ ទម្រាំខ្ញុំអាចទទួលអាហាររូបករណ៍ទៅរៀនបន្តនៅភ្នំពេញ។
“អង្គុយកើតទុក្ខរឿងអី?” នាយឈុនក៏អង្គុយចុះក្បែរខ្ញុំ ភ្លេចប្រាប់! ឈុនជាក្មួយ អ៊ំមេភូមិ។ គេតែងតែមកលេងខ្ញុំរហូត ខុសកាលពីនៅរៀនឆ្ងាយ ខ្ញុំចម្លែកចិត្តដល់ហើយ។
“យើងនៅគិតរឿងនោះ” តាំងពីមានថ្ងៃនោះមកខ្ញុំមិនហ៊ានចួបមុខនរណាទៀតទេ ជាពិសេសមុទិតា។ ខ្ញុំស្រឡាញ់នាងហើយរឹតតែខ្មាសពេលខ្លួនឯងធ្លាក់ក្នុងសភាពបែបនេះ។
“មេតាឈប់គិតទៅ មេតាលែងរស់នៅជាមួយគ្រួសារនោះទៀតហើយ ពូឌឿនក៏ទទួលទោសតាមដែលគាត់ប្រព្រឹត្តដែរ”
“ហេតុអីឯងល្អជាមួយយើង? ក្រែងកាលមុនឯងស្អប់យើងណាស់មិនអ៊ីចឹង?” ឈុនស្រាប់តែគេចមុខ គេដូចជាខ្លាចនឹងមើលមុខខ្ញុំឱ្យចំ។ តើគិតអីហ្នឹង? កុំប្រាប់ថាឯងគិតដូចគ្រប់គ្នានិយាយណា។ សុខៗខ្ញុំស្រាប់តែខ្លាចបាត់បង់មិត្តភាពជាមួយឈុន ដ្បិតពួកយើងនឹងល្អជាមួយគ្នាក្រោយប្រឡងឆមាសទី២រួច។
“យើងសុំទោសដែលធ្លាប់មើលងាយឯង”
“មិនអីទេ”
“យើងស្រឡាញ់ឯង” គេងើបមុខឡើងសម្លឹងខ្ញុំចំ ខ្ញុំភាំងមួយរំពេច ថាម៉េចឈុនស្រឡាញ់ខ្ញុំ? ស្របពេលខ្ញុំស្រឡាញ់មុទិតា។ គេប្រើខ្សែភ្នែកស្រទន់បញ្ជាក់ថាគេពិតជាស្រឡាញ់ខ្ញុំពិតមែន។
“កុំមកនិយាយលេង ពួកយើងធំៗអស់ហើយ”
“យើងមិនបានកុហកទេ ចាស់ៗលោកថាស្អប់ជំពប់លើ ឥឡូវវាក្លាយជាការពិតហើយ”
“សុំទោស! យើងមានមនុស្សដែលយើងស្រឡាញ់ហើយ”
“ហឫទ័យ!”
ខ្ញុំដើរចេញបានបន្តិចក៏ងាកមើលគេ ជាធម្មតាកម្រមាននរណាហៅឈ្មោះពិតរបស់ខ្ញុំ សូម្បីតែមុទិតា។ តែលើកនេះក្រោយបដិសេធស្នេហ៍ ខ្ញុំក៏បានឮឈ្មោះ ហឫទ័យ ដែលចាស់ៗនៅគំនរសំរាមដាក់ឱ្យ។
“អរគុណដែលស្រឡាញ់ក្មេងស្រីកំព្រាម្នាក់នេះ ពួកយើងនៅតែជាមិត្ត” ខ្ញុំដឹងថាគេឈឺចាប់និងខកចិត្តប៉ុនណា ប៉ុន្តែក្រោយខ្ញុំអាចផ្តល់ឱ្យគេត្រឹមពាក្យអរគុណនិងស្នាមញញិមក្នុងជានាមជាមិត្តប៉ុណ្ណោះ។
៣ថ្ងៃក្រោយមកខាងសាលាបានផ្តល់ដំណឹងថាខ្ញុំ ទទួលបានអាហាររូបករណ៍សម្រាប់ក្មេងកំព្រាទៅរៀននៅភ្នំពេញ និងទទួលបានកន្លែងស្នាក់នៅដោយឥតថ្លៃទៀតផង។ មុននឹងទៅខ្ញុំដាច់ចិត្តសារភាពប្រាប់មុទិតានិងចង់ចួបមុខនាងម្តងទៀត។
ខ្ញុំជិះម៉ូតូចាស់ទៅចួបមុទិតានៅសាលា សាលាជាកន្លែងផ្តល់ចំណេះដឹង ជាកន្លែងផ្តល់អនុស្សាវរីយ៍ល្អៗជាច្រើនដល់ខ្ញុំ។ ខ្ញុំញញិមផង ស្លុតផង បើមុទិតាដឹងហើយតើនាងនឹងឆ្លើយយ៉ាងណា?
“មកដល់ល្មម!” ខ្ញុំឈប់ម៉ូតូក្រោមដើមស្វាយ មុទិតាក៏និយាយភ្លាម មើលមុខនាងចុះញញិមស្រស់ណាស់។
“ខានចួបយូរហើយ” នាងឱបខ្ញុំហើយទះខ្នងថ្នមៗ ខ្ញុំសប្បាយចិត្តប្លែកហើយគិតថានាងគិតដូចខ្ញុំដែរ។ បន្ទាប់ពីឱបហើយពួកយើងនាំគ្នាអង្គុយលើបង់សម្លឹងកន្លែងធ្លាប់រៀន។
“ខ្ញុំមានរឿងចង់ប្រាប់!” ពួកយើងសម្លឹងមុខគ្នាទាំងភ្ញាក់ផ្អើលដ្បិតនិយាយដំណាលគ្នា។
“មុទិតានិយាយមុនទៅ” មុទិតាញញិមលូកយកអ្វីម្យ៉ាងចេញ
ពីកាបូបរបស់នាង។ នាងហុចឱ្យខ្ញុំទាំងញញិម ដៃខ្ញុំញ័រ បេះដូងខ្ញុំរន្ធត់ចង់យំប៉ុន្តែចំពោះមុខមនុស្សម្នាក់នេះ ខ្ញុំមិនអាចយំបានទេ។ រឹងមាំណា ហឫទ័យ ឯងរឹងមាំរហូតហើយ រឹងមាំលើកនេះម្តងទៀតមិនអីទេ។
“អញ្ជើញទៅភ្ជាប់ពាក្យខ្ញុំផង” ខ្ញុំញញិមរលីងរលោងទឹកភ្នែក ទីបំផុតមុទិតា ភ្ជាប់ពាក្យហើយ។ កន្លងមកគ្រាន់តែជាការគិតតែម្នាក់ឯង នាងគ្រាន់តែធ្វើល្អដាក់ខ្ញុំ ក្នុងនាមជាមិត្តម្នាក់មិនមែននាងស្រឡាញ់ខ្ញុំដូចខ្ញុំស្រឡាញ់នាងទេ។
“មេតាកើតអី?”
“អត់អីទេ!គ្រាន់រំភើបជំនួស ហើយថ្ងៃភ្ជាប់ពាក្យមិត្តខ្ញុំបែរជាចូលរួមមិនបាន ហើយក៏អន់ចិត្តនឹងវាសនាខ្លួនឯងដែលគ្មាននរណាស្រឡាញ់ដូចមុទិតា” នាងលើកដៃអង្អែលក្បាលខ្ញុំដូចរាល់ដង។
“កុំគិតអ៊ីចឹងអី មេតានៅមានពួកយើង”
“ជូនពរមុទិតានិងភារក្ស ស្រឡាញ់គ្នាដល់ចាស់កោងខ្នងណា” ខ្ញុំញញិមទាំងឈឺចាប់ ក្នុងចិត្តចង់យំណាស់។ សំបុត្រមួយនេះមានឥទ្ធិលមែនទែន មិនត្រឹមតែអញ្ជើញខ្ញុំចូលរួមពិធីភ្ជាប់ពាក្យមុទិតាទេ ថែមទាំងអញ្ជើញភាពឈឺចាប់និងទឹកភ្នែកមកទៀតផង។
“អរគុណ ចុះរឿងដែលមេតាចង់ប្រាប់ខ្ញុំ?”
“ខ្ញុំទទួលបានអាហាររូបករណ៍១០០%ហើយ” នាងញញិមបម្រុងនិយាយតែម៉ូតូមួយគ្រឿងមកឈប់មុខពួកយើង ខ្ញុំទើបចាប់អារម្មណ៍ថាមុទិតាមិនបានជិះម៉ូតូមក។
“ខ្ញុំលាសិនហើយ ប្រញាប់បន្តិច”
មុទិតានិយាយរួចឡើងជិះម៉ូតូពីក្រោយភារក្ស កន្លងមកពួកគេមានចិត្តលើគ្នា ហេតុអ្វីខ្ញុំមិនដឹង? គូដណ្តឹងដ៏ស័ក្តិសម បានងាកមកញញិមដាក់ខ្ញុំទាំងពីរនាក់រួចបើកម៉ូតូចេញទៅ។ ខ្ញុំញញិមទាំងហូរទឹកភ្នែកពេលពួកគេចេញផុត ខ្ញុំស្រឡាញ់មុទិតាហើយចុងក្រោយមិនអាចនិយាយពាក្យថាស្រឡាញ់បាន ព្រោះនាងបានហុចសំបុត្រអញ្ជើញទៅភ្ជាប់ពាក្យ។
ចុងក្រោយខ្ញុំបានត្រឹមយកសំបុត្រទៅផ្ទះវិញទាំងឈឺចាប់ ខកចិត្តដែលមុទិតាស្រឡាញ់អ្នកផ្សេង។ សភាពខ្ញុំដូចជាឈុនអ៊ីចឹងឈឺចាប់ខ្លាំង ប៉ុន្តែមិនបានស្អប់មនុស្សដែលយើងស្រឡាញ់ដ្បិតយើងមានសិទ្ធិស្រឡាញ់គេ ហើយគេក៏មានសិទ្ធិបដិសេធយើង គេមិនបានខុសទេ៕
ចប់
1 Comment
Well done!
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ