អ្នកនិពន្ធគ្រប់រូប តែងមានក្តីស្រមៃនិងឆន្ទៈរៀងខ្លួន ប៉ុន្តែទិសដៅតែមួយក្នុងវិស័យតែងនិពន្ធ គឺដើម្បីរួមចំណែក លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ ដើរទន្ទឹមនឹងការចែករំលែក និងបង្ហាញសមត្ថភាពទៅកាន់សាធារណជន។ ចំណែកឯជោគជ័យរបស់ លោក ទៀង ធន ម្ចាស់ពានសំរឹទ្ធ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៣ ផ្នែកកំណាព្យរឿង ឆ្នាំនេះ អាចចាត់ទុកថាជាការចាប់ផ្តើមដ៏ពិតប្រាកដមួយរបស់លោក ក្នុងវិស័យតែងនិពន្ធ។
បើនិយាយមូលហេតុចម្បង នៃការប្រលូកក្នុងវិស័យតែងនិពន្ធ យុវជនរូបនេះ អាចមានការចាប់ផ្តើមខុសគ្នាបន្តិច ពីអ្នកនិពន្ធរៀមច្បង។ ផ្ទុយពីចំណង់ចំណូលចិត្ត លោកបញ្ជាក់ថា ហេតុផលដែលធ្វើឱ្យលោកមានទំនោរ លើការតែងនិពន្ធ អាចទាក់ទងខ្លាំងនឹងកុមារភាពរបស់លោក។
លោកថា “មកពីជីវិតរបស់ខ្ញុំមានរបត់ច្រើន ទាំងការផ្លាស់ប្ដូរទីលំនៅ បាក់បែកគ្រួសារ និងការតស៊ូរស់នៅ ជាមួយតាយាយ-ពូមីង ដោយនឿយហត់ ហើយក៏ចួបរឿងរ៉ាវច្រើនគ្រប់រសជាតិ ទើបរំញោចដល់អារម្មណ៍ របស់ខ្ញុំ ធ្វើឱ្យខ្ញុំចាប់ផ្តើមកាន់ប៊ិកសរសេរតាមលំហូរអារម្មណ៍ជារឿយៗ”។
លោកបន្តថា ដោយសារតែខ្លួនឯងមានលំនាំជីវិតបែបនេះ លោកក៏សម្លឹងឃើញថាវាជាទន់មួយដែរ ក្នុងវិស័យនេះ ហើយគួបផ្សំនឹងមានការប្រលងប្រជែងស្នាដៃតែងនិពន្ធផងនោះ លោកក៏សម្រេចចិត្តសាកល្បង ប្រឡងស្នាដៃនៅ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ដោយលើកទី១ នៅឆ្នាំ២០២២ មិនទទួលបាន ជោគជ័យនោះទេ និងលើកទី២ នៅឆ្នាំ២០២៣ ហើយក៏ទទួលបានជោគជ័យ។
ម្ចាស់ពានសំរឹទ្ធរូបនេះ បញ្ជាក់ថា លទ្ធផលដែលលោកធ្វើបាននៅឆ្នាំនេះ ពោលជាប់ជយលាភីលេខ៣ លើផ្នែកកំណាព្យរឿង នៃពានរង្វាន់ព្រះនាងឥន្រ្ទទេវី ២០២៣ លោកពិតជា រំភើបក្រៃលែង និងមិននឹកស្មានថា លោកអាចយកបានលទ្ធផលមួយនេះទាល់តែសោះ ព្រោះបើប្រៀបធៀបនឹងអ្នកនិពន្ធរៀមច្បងដទៃទៀត សមត្ថភាពខ្លួននៅមានកម្រិត ទាំងចុងជួន និងរណ្ដំជាដើម។
ជាមួយគ្នានេះ លោកបញ្ជាក់ដែរថា គោលបំណងរបស់លោកនៅក្នុងវិស័យតែងនិពន្ធ មិនត្រឹមតែជាការចែក រំលែក និងបង្ហាញសមត្ថភាព តែលោកក៏មានបំំណង រួមចំណែកលើកកម្ពស់តម្លៃវប្បធម៌អរិយធម៌ខ្មែរ តាមរយៈការតែនិពន្ធផងដែរ។
ក្នុងនាមជាអ្នកជំនាន់ក្រោយនៃអ្នកនិពន្ធ ជយលាភីរូបនេះ និយាយទៀតថា “ខ្ញុំមានគំនិតថានឹងខិតខំប្រឹងប្រែង សរសេរស្នាដៃនិពន្ធ ហើយបើមានឱកាស នឹងចេញផ្សព្វផ្សាយ ១ ឬ ២ស្នាដៃ ដើម្បីឱ្យមានភាពទូលំទូលាយ នៃអំណាន ផ្នែកតែងនិពន្ធ និងបន្តចែករំលែកចំណេះដឹងនិពន្ធដើម្បី ឱ្យអ្នកជំនាន់ក្រោយកាន់តែជ្រួតជ្រាប នៃវិជ្ជាផ្នែកនិពន្ធនេះ”។
ទន្ទឹមនេះ លោកក៏លើកទឹកចិត្តដល់អ្នកដែលមានក្តីស្រមៃជាអ្នកនិពន្ធ ត្រូវតែសាកល្បងបង្កើតស្នាដៃនិពន្ធ ដែលមានគុណភាព ហើយហ៊ានសាកល្បងប្រឡងប្រជែង បើទោះបីជាបានលទ្ធផលមិនបានតាមប្រាថ្នា ក៏កុំបោះបង់ ពោលគឺត្រូវតែខំប្រឹងទាល់តែបានទទួលជយលាភី។
គួរបញ្ជាក់ថា យុវជន ទៀង ធន កើតនៅអំឡុងឆ្នាំ២០០២ ជាកូនទី២ ក្នុងចំណោមបងប្អូន ៣នាក់ និងជាក្មេងកំព្រាឪពុក។ បច្ចុប្បន្ន លោកកំពុងបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកទេស NTTI ។ ដោយឡែក នៅក្នុងវិស័យតែងនិពន្ធវិញ លោកក៏បានចូលរួមដាក់ស្នាដៃប្រលោមលោកនៅប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ផងដែរ៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ