ទោះយ៉ាងណាបក្សីយក្សាដូចបានស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ថ្នឹក។ ភាពអស់សង្ឃឹមរបស់ខ្ញុំមិនទាន់បានបន្តិចផង វាក៏ត្រដាង ទទះនិងចាក់គួរចុះចត។
គោលដៅជាល្អាងជ្រោះជ្រៅមួយ។
គ្រប់យ៉ាងមានពណ៌បៃតងស្រស់ ខុសប្លែកពីតំបន់កម្អែលមុននេះ។
ភាពរស់រវើកនៃធម្មជាតិ បញ្ចេញថាមពលពេញទៅដោយមហិទ្ធិឫទ្ធិសាងកម្លាំងចិត្តនិងបានបណ្តាលឱ្យខ្ញុំរីករាយភ្លេចអស់បណ្តាទុក្ខព្រួយ ដោយគ្រាន់តែបានឮសូរទឹកជ្រោះនិងសព្ទសត្វបក្សីខ្ញៀវខ្ញា សប្បាយ។
ដោយបានត្រៀមខ្លួនជាស្រេច ខ្ញុំបានដោះខ្លួនយ៉ាងរហ័ស មិនទុកសញ្ញាអ្វីឱ្យបក្សីដឹងថាមានខ្ញុំមកជាមួយឡើយ។
រួចផុតពីជើងរបស់បក្សីហើយ ក៏ប្រញាប់មុជទៅពួននៅពីក្រោយផ្ទាំងថ្មធំមួយ បិទបាំងបំពួនរកឱកាស។
ពីទីនោះ ខ្ញុំបានក្រឡេកមើលជ្រលងដែលយើងបានមកដល់នេះ នៅផ្នែកម្ខាងៗជាជញ្ជាំងដ៏ចោត ដែលខ្ពស់ពេកណាស់សម្រាប់មនុស្សអច្ឆរិយៈណាអាចឡើងចុះតាមមាត្រដ្ឋាននេះបាន។
ប៉ុន្តែ ដីក្រោមជើងរបស់ខ្ញុំបានធ្វើឱ្យមានអារម្មណ៍ថា….ប្លែក….គ្រើមនិងត្រជាក់?
ភាពអស្ចារ្យខុសប្លែកពីគេដែលធ្វើឱ្យខ្ញុំសឹងស្រវាំងភ្នែក ពោលគឺពេលឱនទៅពិនិត្យ ទីនេះមិនមែនមានគ្រួសដូចបានស្មានពីដំបូងទេ ប៉ុន្តែជាពំនូកត្បូងពេជ្ររន្ទាល។
នៅក្រោមបាតជើងខ្ញុំជាដីដែលដុះមកសុទ្ធជាគ្រាប់ពេជ្រ។
ជារឿងមួយដែលស្ថិតក្នុងកាលៈទេសៈតឹងតែង ធ្វើឱ្យខ្ញុំអាចបំពេញចិត្តដោយម៉ឺនសែនអំណរ។ ថ្មទីនេះងាកទៅពិនិត្យទីណាក៏មានលាយឡំពន្លឺភ្លឺចែងចាំង ព្រោះវាត្រូវបានលាយជាមួយគ្រាប់ពេជ្រតូចធំ រាប់មិនអស់។ ឱ! កុំថាខ្ញុំជាគហិបតីជួញដូរថ្នឹកស្ទាត់ សមណាតែរាស្ត្រធម្មតាក៏ស្គាល់ថាជាកំណប់ត្បូងពេជ្ររន្ទាលដ៏មានតម្លៃសម្បើមកប្បការ។
គ្រាន់តែដីនេះមួយពំនូកដៃ ក៏អាចធ្វើឱ្យខ្ញុំត្រលប់ទៅវិញក្លាយជាបុរសមានទ្រព្យសម្បត្តិលើសពីក្តីស្រមៃមុនៗ១០ដង…ប៉ុន្តែតើអាចត្រលប់ទៅរស់នៅក្នុងអរិយធម៌មនុស្សវិញដែរទេ? នោះជាការកំណត់នៃព្រហ្មលិខិត។
ព្រះអល់ឡោះអើយ តើទ្រព្យសម្បត្តិនៅជ្រលងភ្នំមរណៈនេះបានអ្នកណាប្រើ?
ដោយស្រេកឃ្លាននិងរងា ខ្ញុំក៏រកឃើញរូងមួយងងឹតក្បែរៗ សសៀររត់ទៅជ្រក ហើយឱបដៃលក់មួយភាំងរហូតអ្វីមួយដែលរអិលៗបានហូរចេញមកពីទិសដៅខ្ពស់ជាងដាស់ខ្ញុំមកវិញ។
ពេលដឹងខ្លួនបានបន្តិចក្រោយមក ខ្ញុំពិនិត្យហើយភ្ញាក់ក្រញាងថា នៅក្នុងល្អាងនេះដែរ មានសត្វពស់យក្សមួយក្បាលកំពុងពង មិនដឹងវាមកដល់ពីពេលណា និងបានឃើញខ្ញុំទេ? វានៅសំងំពេនការពារកូនវានិងពងវាជុំវិញនោះ។
សាច់របស់ខ្ញុំញ័រ សក់របស់ខ្ញុំបះជ្រោង។ ពស់យក្សបាំងនៅច្រកចេញ តើខ្ញុំធ្វើបែបណា?
សឹងមិនអាចដកដង្ហើម ខ្ញុំងើបមុខឡើងមើលទៅកាន់ឋានសួគ៌និងបួងសួងព្រះអល់ឡោះ សម្រេចចិត្ត លះបង់ខ្លួនឯង ទុកសម្រេចតាមជោគវាសនា ហើយបានចំណាយពេលពេញមួយយប់នោះ ដោយមិនបានដេក សំងំក្នុងជម្រកងងឹតមួយជាមួយសត្វអាសិរ្ពិសនិងធំមហាធំ។
ពេលថ្ងៃព្រលឹមមកដល់ វាមិនបានឃើញខ្ញុំដដែល តែបានវារចេញទៅលាក់ខ្លួន ទុកនូវពងមួយសំបុកធំ។ ខ្ញុំរង់ចាំដោយអំណរ ដល់វាចេញស្ងាត់យូរក្រែលទើបហ៊ានចាកចេញដោយលូននិងដើរដូចមនុស្សស្រវឹង ញ័រខ្លួន ដោយភ័យខ្លាចនិងការស្រេកឃ្លាន ស្រៀវជើងស្រៀវដៃ។
នៅក្រៅមិនឃើញមានសត្វកំណាចណាទាំងអស់ ខ្ញុំរូតរះចុះពីជ្រលងភ្នំសំដៅទំនាបវាល។ សង្ឃឹមបើមានសំបុកឃ្មុំធ្លាក់ឬផ្លែឈើទុំស្អុយណាខ្លះក៏គ្រាន់បើ។
ពេលខ្ញុំដើរមិនបានប៉ុន្មានរបស់ដែលជ្រុះធ្លាក់មកពីលើមេឃ បែរជាសាច់សត្វដ៏ធំខ្ពៀក! ខ្ញុំឈរភាំង។ ឱ! សាច់សត្វមកពីណាទៅហ្ន៎?
តើមានបក្សីយក្សណាមួយ រកសាច់បានហើយហើរមកធ្លាក់?
ពេលនេះ តើបានភ្លើងពីណាមកចម្អិន?
កំពុងផ្អៀងសាច់មើល ខ្ញុំឃើញគ្រាប់ពេជ្ររាប់រយជាប់ជុងដោតស្អិតក្នុងសាច់នោះភ្លឺផ្លេកៗ។ សាច់មួយដុំថ្មី និងដុំទីបីធ្លាក់ចុះមកដែរនូវកន្លែងផ្សេង ខាងមុខនិងពីក្រោយខ្ញុំ។
ស្នូរទទះស្លាបបានបំបែកអារម្មណ៍ភ្លឹករបស់ខ្ញុំ។
ខ្ញុំថយមកពួនក្រោយគុម្ពោតព្រៃ។ បក្សីធំៗពីរបីក្បាលបានហោះមកជាបន្តបន្ទាប់ រួចសណ្តោងយកដុំសាច់ដែលមានជាប់ពេជ្រនោះឡើងទៅ។
យល់ហើយ!
ខាងលើប្រាកដជាមានមនុស្ស! ពួកគេបោះដុំសាច់ធំៗចុះមកជ្រលងនេះ ក៏ដើម្បីតែមកយកពេជ្រសោះ។ បន្ទាប់មក ខ្ញុំនឹកឃើញរឿងរ៉ាវសរសេរទុកក្នុងតម្រារបស់អ្នកធ្វើដំណើរម្នាក់អំពីជួរភ្នំដ៏គ្រោះថ្នាក់តែពោរពេញទៅដោយត្បូងមានតម្លៃនិងទ្រព្យសម្បត្តិសួយសាអាករសល់ពីចោរបុរាណ។
រឿងនោះបានកើតឡើងដោយតំណាលថា ពួកឈ្មួញដែលមកប្រទះនឹងព្រលងមហាកំណប់ បានរកមធ្យោបាយទម្លាក់សាច់ទៅក្នុងជ្រលងភ្នំដោយសង្ឃឹមថា សម្បត្តិត្បូងឬពេជ្រនឹងដោតជាប់។ បន្ទាប់មក ពួកគេនឹងរង់ចាំដល់សត្វឥន្ទ្រី ហើរចុះមករើសសាច់នាំយកទៅកាន់សំបុករបស់វា ពេលនោះ ពួកឈ្មួញនាំគ្នាឡើងទៅលើសំបុក ហើយបន្លាចបក្សីដោយការស្រែកគប់ដំបងនិងថ្ម។ ដោយវិធីនេះ ពួកគេអាចរង់ចាំស្ទាក់បង្អើលយកត្បូងពេជ្របាន។
ពេលខ្ញុំញញឹមដូចមនុស្សវិកលចរិតព្រោះដឹងថា ច្បាស់ណាស់ខ្ញុំត្រូវធ្វើអ្វីដើម្បីរួចជីវិត។ ដំបូងបង្អស់ ខ្ញុំបានបំពេញហោប៉ៅទាំងឡាយរបស់ខ្ញុំដោយបណ្តាគ្រាប់ត្បូងពេជ្រធំៗ។ សូម្បីតែក្នុងចង្កេះខោក៏ដាក់ដែរ។ បន្ទាប់មកពេលសាច់ធ្លាក់ដល់ដីខ្ញុំរើសមកចងភ្ជាប់ពីលើទ្រូងដោយអាវរហែករបស់ខ្ញុំ។
ខ្ញុំដេករង់ចាំឥន្ទ្រីយក្ស។ មិនយូរទេ វាពិតជាបានមកដល់ហើយទាញខ្ញុំជាប់ នៅក្នុងក្រញាំរបស់វា។ ពេលវាយកសាច់ទៅដាក់ចោលមកលើសំបុកខ្ញុំបានឡើងទៅជាមួយ ដូច្នេះហើយ នេះជាវិធីដែលខ្ញុំត្រូវបានគេលើកយកចេញពីបាតជ្រលងភ្នំ។
នៅពេលមកសំបុកឥន្ទ្រីមានពេលតិចតួចក្នុងការហែកអាហារ ព្រោះភ្លាមៗនោះវាត្រូវបានរំខានដោយការស្រែកខ្លាំងៗពីក្រុមម្ចាស់សាច់ព្រៃ ជាមួយប្រដាប់ដំបង ព្រនង់គ្រប់ដៃនិងដុំថ្មផង។
ការយាយីនេះបណ្តាលឱ្យបក្សីស្លាបហើយហោះចេញចោលឋាន។ ក្រុមបុរសព្រៃ បានស្ទុះចូលមកជិត ហើយភ្ញាក់ផ្អើលជាខ្លាំងពេលឃើញខ្ញុំក្រោកឡើងពីក្រោមពំនូកសាច់។
ចិត្តខ្ញុំពោរពេញទៅដោយភាពរីករាយ ប៉ុន្តែដំបូងឡើយ ខាងពួកគេវិញពិតជាមានការខកចិត្ត និងខឹង។
«តើនេះជាល្បិចអ្វី?» ម្នាក់បានស្រែកឡើង។
ម្នាក់ទៀតបន្ទោរ៖
«យើងបានប្រថុយជីវិតដើម្បីរកទ្រព្យសម្បត្តិពីជ្រលងភ្នំ មិនមែនយកមនុស្សស្មូមមកធ្វើអ្វីទេ!»
«កុំព្រួយ»
ខ្ញុំស្រែកតបដោយសុភមង្គលហើយបើកហោប៉ៅបង្ហាញគ្រាប់ពេជ្រនិងទ្រព្យផ្សេងទៀត ចែកឱ្យពួកគេ។ ដោយសារយើងបានចំណែកស្មើគ្នា សន្តិភាពក៏កើតឡើង។
ពួកគេយល់ព្រមចែកទឹក អាហារនិងជួយខ្ញុំចុះទៅរកភូមិករ។
នៅពេលយើងកំពុងធ្វើដំណើរចេញទៅ ខ្ញុំបានបរិយាយប្រាប់ពួកអ្នកស្រុកទំាំងនោះអំពីដំណើរផ្សងព្រេងកម្សត់ខ្ចាត់ព្រាត់នេះ ហើយពួកគេពោរពេញទៅដោយការអាណិតនិងសរសើរនូវសំណាងដ៏អស្ចារ្យក្នុងជីវិតខ្ញុំ។
ក្រុមយើងត្រូវចំណាយពេលពីរថ្ងៃឯណោះទើបអាចដើរចុះពីជួរភ្នំ។
មិនយូរប៉ុន្មាន ទីបំផុតពួកយើងបានមកដល់ដីភូមិក្រោមស្រមោលដោយដើមឈើធំៗ។ តាមផ្លូវព្រានបានប្រាប់ថា នៅជើងភ្នំ គ្រោះថ្នាក់តែមួយគត់គឺសត្វរមាសយក្ស។ ពួកវាធំលើសរមាសធម្មតាដែលមានចរិតកំណាចខ្លាំងក្លា អាចជាន់ឈ្លីមនុស្សដល់ស្លាប់ប្រសិនបើវាឃើញយើង។
ខ្ញុំបានរកនឹកមធ្យោបាយសំខាន់មួយ គឺនៅពីក្រោមខ្យល់មិនឱ្យពួកវាធុំក្លិនយើងទេ ដូច្នេះទាំងភ័យខ្លាច យើងបានទៅដល់កប៉ាល់ព្រានដោយសុវត្ថិភាព ហើយបន្តធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ ជាកន្លែងដែលយើងបែកគ្នាទៅរកគោលដៅបន្តរៀងៗ។
ពេលនោះ ខ្ញុំមានទ្រព្យសម្បត្តិច្រើនជាងមុនដល់ទៅពីរដង ហើយក្នុងពេលឈានជើងមកដល់ផ្ទះ ខ្ញុំបានស្បថថា ខ្ញុំនឹងមិនដើរកប៉ាល់ទៀតឡើយ។
ឱ! អ្នកលីសែងកម្សត់អើយ បើសិនជាខ្ញុំនេះ ពិតជាបានគោរពធ្វើតាមពាក្យសន្យា នោះទំនងជាខ្ញុំមិនអាចជួបរឿងយ៉ាងរន្ធត់បន្តជាខ្សែទៀតនោះឡើយ។
អ្នកលីសែង មានការភ្ញាក់ផ្អើលចំពោះអ្វីដែលគាត់បានឮ។ ស៊ីនបាដបានឱ្យមាស១០០កាក់ដល់គាត់ ហើយអញ្ជើញគាត់ថា បើចង់ដឹង ត្រលប់មកវិញនៅល្ងាចបន្ទាប់ដើម្បីស្តាប់រឿងពិតនៃដំណើរផ្សងព្រេងរបស់ខ្ញុំទៀត។
ដំណើររឿងលើកទីបីរបស់ខ្ញុំដែលអាក្រក់ជាងដំណើរមុនៗទៅទៀត
ច្រើនឆ្នាំក្រោយមក ខ្ញុំធុញទ្រាន់នឹងភាពប្រណីតនៅមួយកន្លែង។ ខ្ញុំមិនអាចសម្រាកបានស្រួលនៅលើគ្រែទន់ល្មៃនិងក្រោមភួយឬខ្នើយសូត្របានយូរ ទោះជាពោះពេញទៅដោយអាហារឆ្ងាញ់នៅតែខ្ញុំចង់ដើរកប៉ាល់។
ប្រហែលជាខ្ញុំញៀននឹងជីវិតផ្សងព្រេង ឬធុញឆាប់រហ័សក្នុងការរស់នៅសុខស្រួល ឬអាចនិយាយបានថា ខ្ញុំលោភលន់ចង់បានមាសប្រាក់បន្ថែមទៀត អ្វីក៏ដោយ អាចថាជីវិតនេះមិនមានន័យបើមិនបានធ្វើអ្វីប្រថុយប្រថាន។
ដូច្នេះហើយ ខ្ញុំបានទៅដើរសមុទ្រម្តងទៀត។ ដូចពីមុនដែរ ខ្ញុំមិនបានទៅឯកោទេ គឺចូលរួមជាមួយកប៉ាល់របស់ឈ្មួញជាច្រើនគ្នា ហើយយើងបានធ្វើដំណើរពីកំពង់ផែមួយទៅកាន់កំពង់ផែពាណិជ្ជកម្មមួយផ្សេងជួញដូរចុះឡើងបណ្តាសម្លៀកបំពាក់ ព្រំ ព្រែ ទឹកក្រអូប គ្រឿងទេស ផ្លែឈើ ដំណាប់ស្ងួតនិងមាសប្រាក់។
សម្រាប់រយៈពេលពីរសប្តាហ៍ដំបូង យើងរីករាយនឹងអាកាសធាតុល្អ ប៉ុន្តែនៅថ្ងៃទីដប់ប្រាំនៃការធ្វើដំណើររបស់យើង ខ្យល់ព្យុះបានឱ្យសញ្ញានៅជើងមេឃ។
កាពីទែនបានប្រមូលអ្នកដំណើរលើនាវា មកប្រជុំប្រាប់ថា៖
«ខ្យល់កំពុងជួយធ្វើឱ្យយើងទៅដល់ច្រាំងឆាប់ៗ មុនព្យុះមកដល់ តែវាជាកន្លែងយើងមិនធ្លាប់ស្គាល់ពីមុនមកសោះ ចូរប្រុងប្រៀបស្មារតីនិងសម្ភារៈចូលព្រៃហើយបែរបន់ផ្ញើជោគវាសនាក្នុងដៃអល់ឡោះទៅចុះ»។
ហើយគាត់និយាយត្រូវ។
ក្នុងរយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីពួកយើងបានចូលទៅជិតច្រាំង ការពិនិត្យបានធ្វើឱ្យយើងរកឃើញថា ទីនេះជាកុលសម្ព័ន្ធនៃសត្វស្វាដែលចម្លែក។
ភាគច្រើនស្វារស់នៅលើមែកឈើខ្ពស់ៗ ផ្ទុយទៅវិញពួកគេកាន់លំពែង ហើយមានសភាពកំណាចដូចមនុស្សដែលធ្វើអំពើអាក្រក់ប្លន់គ្នាលើគោក និងតាមជាយសមុទ្រ។
ពួកស្វាឃើញយើងកាលណា ក៏ព្រួតគ្នាចោលអាវុធមកប្រល័យទាំងកំរោល ធ្វើឱ្យយើងស្លាប់បីនាក់ភ្លាមៗ អ្នកនៅសល់ក៏បង្ខំចិត្តនាំគ្នាបកឡើងកប៉ាល់ចេញទៅរកសមុទ្រវិញទាំងមេឃខ្មៅស្រអាប់ កាំរស្មីពិមេឃព្រាកៗ។
កប៉ាល់សត្វស្វាមួយគ្រឿង បានបើកប្រដេញតាមយើងយ៉ាងលឿនលយទៀត? ពួកវាមានសណ្ឋានដូចជា ចោរសមុទ្រដែលមានរោមវែងៗនិងដៃជើងរហ័ស កំណាចឃោរឃៅរ។
ពួកវាមកដល់កាលណាហក់ឡើងមកលុកលុយ ដោយខ្លះកាត់ខ្សែពួររបស់យើង ដើម្បីកុំឱ្យយើងទៅណាបានហើយ យើងមិនហ៊ានវាយតបទេ ព្រោះគ្មានអាវុធគ្រប់ ហើយខាងវាគ្នាច្រើនពេក។ ផ្ទុយទៅវិញ យើងបានលោតចុះទៅក្នុងសមុទ្រ ហើយហែលប្រាស់រាងៗ។
មានគ្នាយើងដែលរួចផុតពីការវាយប្រហារប្រមាណ១០នាក់ប៉ុណ្ណោះបានប្រមូលផ្តុំគ្នានៅលើឆ្នេរហើយជំនុំ។ ក្រោយមកយើងសម្រេចថា វាគ្រោះថ្នាក់ខ្លាំងពេកក្នុងការស្នាក់នៅទីនោះ ទើបប្រថុយផ្លាស់ទី រាវរកផ្លូវរុករកជម្រកនៅលើកំពូលភ្នំមួយ។ យើងគិតថា អ្វីក្តីដែលកំពុងរង់ចាំយើងនៅលើភ្នំ គឺវាឃោរឃៅ តិចជាងការត្រូវបានហែកស្លាប់ដោយហ្វូងសត្វស្វាកំណាច។ អ្នកផ្សេងទៀតយល់ស្រប ហើយតាមគ្នាសសៀរតោងឡើងតាមផ្លូវដ៏ចោតហត់នឿយនិងបាក់ស្បាត។
ប្រហែលជាមួយម៉ោងក្រោយ យើងបានមកដល់ផ្នែកខាងលើចង្កេះភ្នំដែលរាបស្មើធំទូលាយ។
យើងឃើញ ទីធ្លាមួយដូចជាធ្លាប់មានអ្នកភូមិរស់នៅ។ ទោះណាជាយើង មិនទាន់អាចមើលឃើញស្រមោលសត្វឬមនុស្សដែលមានជីវិត ក៏មានសញ្ញាថាធុំក្លិនសាច់អាំងអណ្តែតមកតាមខ្យល់។ យើងរត់រកតាមក្លិនពិតជា ពើបយ៉ាងអំណរទៅនឹងសំណល់សាច់ចៀមនៅជុំវិញភ្នក់ភ្លើង។
យើងសម្រេចចិត្តហូបចម្អែតរួចប្រះដេកសម្រាកអវយវៈដែលសែននឿយហត់ រន្ធត់និងបាក់កម្លាំង។
ការរញ្ជួយដីញ័រៗដាស់ខ្ញុំព្រើត។
ញីភ្នែកតិចៗ ខ្ញុំប្រទះឃើញជញ្ជាំងថ្មដ៏រឹងមាំនៃចង្កេះភ្នំ ហាក់ដូចជាកំពុងរំជួយញាប់ញ័រ។ ខ្ញុំស្ទុះក្រោក ហាមិនរួច លូកអង្រួនអ្នកណាមិនបាន ព្រោះរន្ធត់និងប្រថុចញ៉ុចហួសហេតុ។
មិនយូរប៉ុន្មានដូចគំនិតខ្ញុំគិត បិសាចក្នុងរូបរាងជាមនុស្ស ដែលមានកម្ពស់ដូចជាដើមឈើ មានភ្នែកសងខាងក្រហមដូចជាធ្យូងភ្លើង ធ្មេញរបស់វាដូចជាភ្លុកជ្រូក ក្រចកវែងធំសែនធំក្នងទម្រង់ដូចជាក្រញ៉ាំជើងតោ ហើយមាត់ប៉ុនអណ្ដូងទឹក។
ខ្ញុំធាក់ថយទន់ជើង ពេលឃើញអ្នកខ្លះក្រោករត់ ប៉ុន្តែត្រូវបិសាចឱនចុះហើយចាប់យកឡើង។ ម្នាក់នោះស្រែកទើបយើងដឹងថា គាត់ជា នាវិក។ បន្ទាប់នោះ យក្សបានឆីគាត់ ហើយខ្ញុំក៏សន្លប់បាត់ស្មារតី។
ក្នុងសុបិន ខ្ញុំសួរខ្លួនឯងថា តើវាសនាមួយណាដែលគួរខ្លាចជាងគេ?
ត្រូវយក្សស៊ី ឬហែកដោយសត្វស្វា?
នៅទីបញ្ចប់ទស្សនៈរបស់ខ្ញុំបានយកឈ្នះ ខ្ញុំគិតថាមិនអាចគ្រាន់តែអង្គុយរង់ចាំស្លាប់ទេ។ ខ្ញុំដឹងខ្លួន ហើយរៀបចំផែនការខណៈយក្សានៅតែដេកលក់ក្រោយឆីមនុស្សពីរនាក់។
យើងខ្សឹបគ្នាបំបែកជាពីរក្រុមរួចបង្កើតអាវុធរបស់យើងពីក្នុងព្រៃ បន្ទាប់មកក្រោយបានគិតគ្នាល្អិតល្អន់ យើងដើរទៅជិតយក្សដែលកំពុងដេក ហើយចាក់លំពែងចូលភ្នែកវាទាំងសងខាង។
ការឈឺចាប់ ដាស់វាឱ្យភ្ញាក់ឡើងជាមួយសំឡេងគ្រហឹម ស្រែកដោយឈឺចាប់ ហើយស្រវេស្រវាច្បាមរកប្រហែលសង្ឃឹមថានឹងរកពួកយើងឃើញទាំងភ្នែកខ្វាក់ងងឹត។ ចុងក្រោយអម្បូរកំណាចក៏ជំពប់ដួលត្រលប់ត្រឡិនពីមុខរូងភ្នំ បន្ទាប់មករមៀលធ្លាក់យ៉ាងអណោចអធម៌ទៅក្នុងស្រះផុតសំឡេងយ៉ាងគ្រលួច។
យើងមិនខ្ជះខ្ជាយពេលវេលាក្នុងការរត់ចុះចេញពីចង្កេះភ្នំឱ្យលឿនតាមដែលអាចធ្វើបានក្នុងទិសដៅចុះត្រលប់ទៅឆ្នេរ។ សូមអរគុណដល់ព្រះហឫទ័យរបស់ទ្រង់អល់ឡោះ ដែលបានដឹកនាំអ្វីៗទាំងអស់នេះរួចពួក យើងនៅសល់៨នាក់ បានមកដល់ទូករបស់យើងដោយសុវត្ថិភាព ហើយមិនឃើញទ័ពស្វាទេ ។ មិនបង្អង់ពួកយើងបានចេញដំណើរ។ ពីលើចង្កេះភ្នំ យើងឃើញយក្សបីទៀតបង្ហាញខ្លួនឈរ ហើយបោះនៅថ្មធំៗសំដៅមក។
ពួកវាប្រហែលទើបនឹងមកដល់ក្រោយពីបានឮសម្រែកឈឺចាប់របស់អាមួយមុនគេនោះ។ ពួកយក្សបន្តគប់និងបោះថ្មភ្នំធំៗ ចុះទៅក្នុងសមុទ្រតែមិនអាចត្រូវកប៉ាល់របស់យើង គ្រាន់តែបង្កជារលកដ៏ខ្លាំង ប៉ុន្តែយើងបានចេញលឿនលយនិងសុវត្ថិភាព។
នៅពាក់កណ្តាលព្រឹកនាថ្ងៃបន្ទាប់ ពួកយើងបានឃើញច្រាំងថ្មីមួយ។ ទីនោះក៏មិនមានសញ្ញាជាផែឬភូមិអ្វីដែរ។ តែដោយអត់ឃ្លានពេក ក៏សម្រេចថាប្រថុយឡើងរកមើលទឹកសាបនិងផ្លែឈើ ។ ដោយស្មារតីប្រុងប្រយត្ន័ខ្ពស់ ពួកយើងពិតជាឃើញស្រះហើយស្រូតនាំគ្នាផឹកទឹក និងគប់រើសផ្លែក្បែរៗនោះ មិនហ៊ាននៅអែអង់ទេ។
កំពុងជញ្ជូនទឹកសាបនិងផល្លាឡើងទូក សត្វពស់ដ៏ធំមួយបានទម្លាក់ខ្លួន ពីលើដើមឈើហើយព័ទ្ធជុំវិញគ្នាយើងម្នាក់។ យើងនាំគ្នា វាយប្រហារសត្វចម្លែកដោយកាំបិតនិងថ្ម ប៉ុន្តែគួរឱ្យស្តាយ សំឡេងប្រទូស្តរាយមិនបានជួយអ្វីក្រៅពីបង្អើលប្រកូកប្រកាសឱ្យឮផ្អើលដល់សត្វពស់យក្សជាច្រើនទៀត លូននិងវាររសាត់ចេញពីគុម្ពោតមកតម្រង់ពួកយើង។
គ្នាខ្ញុំប្រាសអាយូសក្នុងទិសដៅខុសគ្នា ហើយខ្ញុំវិញរត់យ៉ាងតក់ស្លុតមិនដឹងទីណាជាទីណារហូតភាពងងឹតបានធ្លាក់ចុះ មកគ្របដណ្តប់ទាំងស្រុងហើយខ្ញុំមិនអាចរកផ្លូវត្រលប់ទៅឆ្នេរបានទេ។
ដោយសារគិតថា ការសម្រាកនៅទីចំហខ្លាចត្រូវពស់ចឹក ខ្ញុំបានសម្រេចចិត្តសង់ទីជម្រក ហើយចាប់ផ្ដើមកាប់មែកឈើ។ ខ្ញុំបានប្រើឈើដើម្បីសង់ទ្រុងមួយនៅជុំវិញខ្លួនខ្ញុំ យ៉ាងល្អិតមិនឱ្យសត្វលូនចូលមកបាន ហើយនៅក្នុងនេះ ខ្ញុំបានល្វើយសន្លប់ពេញមួយយប់។ លុះព្រឹកឡើង ខ្ញុំលើកទ្រុងឡើងដើរទៅជាមួយ។ តាមផ្លូវខ្ញុំមានសុវត្ថិភាពពីសត្វពស់នៅក្នុងឈុតពាសជាទ្រុងឈើរបស់ខ្ញុំនេះហើយរហូតដល់ឆ្នេរ ដែលអស់សង្ឃឹម ព្រោះសំពៅបានចេញចោលខ្ញុំតាំងពីយប់ទៅហើយ។
ខ្ញុំនៅសំងំយំក្នុងទ្រុង ហើយបានបោះចោលទ្រុងវិញក្រោយពេលរកឃើញសេចក្ដីរស់រានមួយថ្មី គឺវត្តមានសំពៅមួយទៀតអណ្តែតមកលឹមៗ។
ខ្ញុំលោតហ៊ោម្នាក់ឯងដោយភាពរីករាយ គ្រវីដៃ ហើយស្រែករហូតដល់ទីបំផុតពួកគេបានប្រទះឃើញខ្ញុំមែន។ នោះជាទូកមួយតូចជាងរបស់ពួកខ្ញុំ។ នាវិកពីរនាក់បានបង្កើនល្បឿនមកច្រាំង ហើយបានជួយសង្គ្រោះខ្ញុំឡើង។
សូមអរគុណដល់ព្រះអល់ឡោះ។ នៅលើដំណើរចាកចេញពីកោះពស់ ខ្ញុំបានតំណាលប្រាប់រឿងរ៉ាវខ្មៅងងឹតរបស់ខ្ញុំនិងដំណើរផ្សងព្រេងដ៏អស្ចារ្យទាំងអស់ទៅកាន់ប្រធានក្រុមនាវិក។ នៅចុងបញ្ចប់នៃរឿងនិទាន គាត់បានមើលមកខ្ញុំ ហើយនិយាយថា៖
«ពិតប្រាកដណាស់ រឿងរបស់អ្នកបង្ហាញអំពីវិធីកំណត់វាសនាអស្ចារ្យរបស់ព្រះអល់ឡោះ។ ដំបូងខ្ញុំមិនស្គាល់អ្នកទេ។ សភាពដ៏សោកសៅដៃលអ្នកកំពុងស្ថិតនៅក្នុងទុក្ខ ឃើញថាខ្ញុំត្រូវបានអល់ឡោះប្រគល់នាទីជាអ្នកសង្គ្រោះដល់អ្នក»
ចាប់ពីថ្ងៃនោះមកការធ្វើដំណើររបស់ខ្ញុំនិងជំនួញរបស់ខ្ញុំបានដំណើរការសាជាថ្មីជាមួយអលង្ការខ្លះៗដែលខ្ញុំមានជាប់ខ្លួនហើយគ្រប់យ៉ាងកាក់កបយ៉ាងល្អ។ យើងទិញលក់នៅកន្លែងណាដែលយើងទៅដល់ ខ្ញុំបានតស៊ូបង្កើតទ្រព្យឡើងវិញ លក់ដូរសូម្បីស្លឹកខ្ទឹមនិងខ្ញី មិនថាអ្វីសូម្បីគ្រឿងទេសគ្រប់ប្រភេទ។ ហើយបន្ទាប់មកយើងបានធ្វើដំណើរទៅកាន់ស្រុកស៊ីនឌឹម ជាកន្លែងដែលខ្ញុំបានរកឃើញឈ្មួញសូត្រ ហើយបានចូលហ៊ុនរកស៊ីពេញមួយឆ្នាំជាមួយពួកគេដោយទទួលបានប្រាក់ចំណេញច្រើនស្តុកស្តម្ភ។
បន្ទាប់មកការរង់ចាំរបស់យើងបានសម្រេចពិត។ ពេលវេលាចេញសំពៅល្អសមុទ្រស្ងប់ខ្ញុំបានវិលមកដល់ក្រុងបាស៉ូរ៉ា ដោយសុវត្ថិភាពហើយរៀនបានយ៉ាងលើសលុបអំពីគុណនិងធម៌។
ខ្ញុំបានសម្រេចចិត្តបរិច្ចាគជូនស្ត្រីមេម៉ាយនិងកុមារកំព្រានូវប្រាក់សុទ្ធ ធញ្ញជាតិនិងខោអាវ។ វិលមកផ្ទះ ខ្ញុំបានជប់លៀងសប្បាយជាមួយមិត្តភក្ដិ ហើយភ្លេចចោលសន្សឹមៗរាល់ការលំបាកដែលខ្ញុំបានរងទុក្ខ។
ថ្ងៃស្អែក អ្នកនឹងបានស្តាប់រឿងកណ្តាលនៃការធ្វើដំណើរទាំងប្រាំពីរលើករបស់ខ្ញុំ។ កុំភ្លេចមកឱ្យសោះអ្នកលីសែងព្រោះនោះគឺជារឿងដ៏ស៊ីជម្រៅបំផុតមួយ។
នៅយប់បន្ទាប់មកពិតជាមានពិធីជប់លៀងនិងភាពសប្បាយរីករាយម្ដងទៀតនៅក្នុងផ្ទះរបស់ឈ្មួញស៊ីនបាដ។ គាត់និយាយទៅកាន់ឈ្មោះអ្នកលីសែងថា៖
«ឃើញ? នៅជុំវិញផ្ទះខ្ញុំភ្លឺស្វាងពោរពេញទៅដោយភាពសប្បាយរីករាយនិងសំណើចតែវាមិនដូចគ្នាទេ នៅពេលដែលអ្នកបានឮរឿងរ៉ាវនៃការធ្វើដំណើរទីបួនរបស់ខ្ញុំ។ គ្រប់គ្នានឹងដឹងថា ដើម្បីឈានដល់ស្ថានភាពដ៏រីករាយពេលនេះ ខ្ញុំបានវារ លូននិងឆ្លងកាត់កន្លែងដ៏ក្រៀមក្រំដែលមានភាគរយនៃការស្លាប់ច្រើនជាងនៅរស់។
ដំណើរលើកទីបួនឆ្លងកាត់ច្រកសមុទ្រ Hormuz
ដូចពីមុនដែរ យើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ធ្វើអាជីវកម្មទិញលក់ ហើយចំណេញ។ ធ្វើបែបនេះបានប្រមាណជាបួនខែ យើងវិលមកលើសមុទ្រវិញហើយបកក្រោយ។ ដំបូងសមុទ្រស្វាគមន៍យើងយ៉ាងសុភាព តែបានត្រឹម៦ថ្ងៃ ខ្យល់បានឱ្យតម្រុយបក់ប្តូរទិស។ ប្រធានក្រុមនាវិកបានបោះយុថ្កា ដាក់កប៉ាល់ឈប់ស្ងៀមដោយពេលនោះ យើងទាំងអស់គ្នាក៏បានលុតជង្គង់អធិស្ឋាន ហើយបន្ទាបខ្លួននៅចំពោះព្រះដ៏ខ្ពង់ខ្ពស់ ប៉ុន្តែយប់បន្តិច យើងត្រូវបានខ្យល់ព្យុះដ៏ខ្លាំងមួយរហែកមេឃ បានហែកកម្ទេចកប៉ាល់ឲ្យបាក់បែកខ្ទេច ខ្សែយុថ្កាបានខ្ទាស់ប៉ើង ហើយគ្រប់យ៉ាងត្រូវបានបោះចូលក្នុងសមុទ្រ ទំនិញនិងអ្វីៗគ្រប់យ៉ាង។
រលកបានបោកបក់ក្រុមយើងខ្លះមកទើរនៅលើមាត់ច្រាំង។
ខ្ញុំក្រោកឡើងមក មានអារម្មណ៍ស្ទើរតែស្លាប់ដោយភាពនឿយហត់និងត្រជាក់ ស្រេកឃ្លាន ខះកគ្មានជាតិទឹក និងការភ័យខ្លាច។
ទោះយ៉ាងណាពេលវេលារំលងទៅ ពួកយើងមិនអាចសំងំរង់ចាំដាច់ពោះមានតែបបួលគ្នាបង្កើនសេចក្តីក្លាហានដើរជុំវិញកោះ។
ទីនេះមានតម្រុយមានមនុស្សនៅនិងធ្លាប់ឆ្លងកាត់តាមរយៈស្នាមដានលើស្មៅ។ យើងអរណាស់ ដើរតាមដាននោះ រហូតដល់មាត់ច្រកចូលវិមានដ៏ល្អប្រណីតមួយ។
គ្នាយើងសម្រេចិត្តគោះទ្វាររកជំនួយ។
បុរសមួយចំនួនបានចេញមកមែន ពួកគេមិននិយាយភាសារបស់យើងទេ ប៉ុន្តែពួកគេបានឱនចុះមកគំនាប់ ហើយស្វាគមន៍យើងក្នុងរបៀបដែលមានអរិយធម៌។
ភ្លាមៗនោះ យើងជឿថា ក្រុមយើងមានសំណាងខ្ពស់ណាស់យ៉ាងហោចណាស់នឹងបានចម្អែតពោះហើយ។ ក្រុមយើងត្រូវបានពួកគេបាននាំផ្លូវ ដើរកាត់តាមសួនច្បារនិងទីធ្លា ហើយចូលឆ្ពោះទៅក្នុងសាលធំមួយ ទីដែលស្ដេចរបស់ពួកគេបង្ហាញព្រះកាយនៅលើបល្ល័ង្ក។
ពេលយើងខ្ញុំឱនមកគោរពគួរសម ទ្រង់បានទទួលយើងដោយរាក់ទាក់បំផុត ហើយបានផ្តល់សញ្ញាឱ្យយើងអង្គុយនៅតុវែង ដែលអ្នកបម្រើបានយកចានដែលពេញទៅដោយផ្លែឈើនិងនំបុ័ងដុតដ៏ឈ្ងុយឈ្ងប់មកដាក់ទទួល។
បន្ទាប់មកមានបង្អែម ដំណាប់និងទឹកឃ្មុំ។ ក្រុមយើងចាប់ផ្ដើមញ៉ាំអាហារយ៉ាងភ្លើតភ្លើនភ្លេចសុជីវធម៌។ អាកប្បកិរិយាដ៏ឈ្លើយនេះគឺមិនធម្មតាបំផុតសម្រាប់ចិត្តសម្ងាត់របស់ខ្ញុំ មានអារម្មណ៍ម្យ៉ាងថា ដូចជាពួកគេត្រូវបានចូលសណ្ឋិតដោយវិញ្ញាណអាក្រក់ៗ។ ក្រឡេកទៅម្ចាស់ផ្ទះ គេហាក់ដូចជាមិនខ្វល់អ្វីទេ។ គេយកទឹកដូងលាយសុរាមកឱ្យផឹកក៏គ្នាយើងផឹក។
ហើយពេលគ្នាយើងទាំងនោះស្រវឹង ក៏កាន់តែបង្ហាញសភាពច្រលោមខាងណាស់ទៅទៀត។
ខ្ញុំមានគំនិតសង្ស័យ។
ពិតណាស់យើងមិនដែលស្គាល់ទីនេះទេ តើយើងមានសិទ្ធិអ្វីឱ្យគេបម្រើ ហើយហូបចុករបៀបនេះ? ខ្ញុំសម្គាល់និងមិនហ៊ានលើកមកហូបនូវអ្វីមួយដែលចម្លែកក្រៅតែពីផ្លែឈើធម្មជាតិឡើយ។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ