លុះពេលដែលអ្នកទាំងអស់គ្នាបរិភោគឆ្អែតស្កប់ស្កល់គ្រប់គ្រាន់ថែមទាំងស្រវឹងទន់ខ្លួនលែងមានកម្លាំងនឹងបានមាត់កោកកាកតទៅទៀតហើយ ទើបឈប់មានការលើកអាហារមកបន្ថែម។
ពេលនេះនោះខ្ញុំធ្វើពុតជាអង្គុយងោកងងុយដេក ក៏លបមើលឃើញពួកគេទទួលបានសញ្ញាយកខ្នើយនិងភួយមករៀបចំឱ្យភ្ញៀវសម្រាក។
រង់ចាំយូរណាស់ មិនឃើញអ្វីក្រៅពីភាពស្ងប់ស្ងាត់ ខ្ញុំក៏លក់មួយភាំងរហូតដល់ពេលព្រឹកឡើង។ ពួកយើងត្រូវបានគេរាក់ទាក់ទទួលឱ្យហូបចុកយ៉ាងប្រណីតទៀត។
បន្ទាប់មកគឺ ទាសករនាំយើងដើរលេងលម្ហែក្នុងចំណោមចម្ការហូបផ្លែ ហែលទឹក ឡើងភ្នំ ហើយហូបចុកបរិបូរណ៍ រួចមកវិញសម្រាកដេកលេងផឹកស្រាស្រែកច្រៀងតាមចិត្ត។
ម្នាក់ៗនៅតែប៉ុន្មានថ្ងៃសោះ ក៏ភ្លើតភ្លើនលែងមានបំណងវិលទៅផ្ទះ ចេះតែពន្យារពេល ឱ្យខ្លួនឯងសោយសុខលែងធ្វើការងារ រាងកាយលូតលាស់ធាត់ទ្រលុក។
លើកលែងតែខ្ញុំដែលមិនថមថយការចាប់អារម្មណ៍នឹងអាកប្បកិរិយារបស់ស្តេចនគរនេះ ចេះតែនឹកឆ្ងល់ថា ម្តេចបានជាគេមកខ្ជះខ្ជាយអាហារទំនុកបម្រុងពួកយើងមិនធុញទ្រាន់នឹងមនុស្សកម្ជិលអស់ទាំងនោះ។
ជាមួយនឹងការភ័យខ្លាចជាពិភាល់ចម្លែកៗ យប់មួយខ្ញុំសម្រេចចិត្តធ្វើពុតជាគុ្រនក្តៅ ហើយមិនទៅជប់លៀង។ ពេលនេះខ្ញុំបានឮភ្លេងនិងសម្រែកពួកគេសប្បាយពីចម្ងាយ ដូចធ្លាប់នឹងត្រចៀក។ ដោយដឹងថា វេលាងប់ងុលការរាំច្រៀងបានមកដល់ ខ្ញុំក៏មានឱកាសក្រោកពីគ្រែលបៗចេញព័ទ្ធទៅក្រោយវិមានស្វែងរកការពិត។
នៅទីនោះ ស្នូរសំលៀងកាំបិតលាន់ឡើងបន្លំនិងស្នូរភ្លេងខាងមុខសាល។ មនុស្សមានឌធំ ទឹកមុខកោងកាចបីបួននាក់កំពុងនិយាយគ្នាថា យប់នេះជាយប់បញ្ចប់ហើយ។
ពួកគេមនុស្សខាងមុខធាត់ល្មមនឹងចាត់ការពិតមែន។
ស្តាប់បន្តិចខ្ញុំព្រឺសម្បុរភ្ញាក់ខ្លួនដឹងថា ចេតនាពិតរបស់ម្ចាស់ផ្ទះគឺសម្លាប់យើងពេលស្រវឹងយប់នេះ។ កាំបិតនិងពូថៅយមបាលដែលបានសំលៀងមិនមែនសមជាមួយសត្វព្រៃធម្មតាទេ។
យើងតាមពិតទៅ យើងបានធ្លាក់មកក្នុងកណ្ដាប់ដៃក្រុមកុលសម្ព័ន្ធចាស់មួយ ដែលធ្លាប់មានសរសេរទុកក្នុងគម្ពីរថា ជាអម្បូរមនុស្សស៊ីសាច់។
ពួកនេះមានទឹកមុខរីករាយ សម្បុរជ្រះថ្លាបញ្ញាខ្ពស់ជាងយើងធម្មតា តែពូជពង្សពួកគេតមកជាអម្បូរយូរអង្វែងដែលនិយមឆីសាច់មនុស្សដូចគ្នា។
ពួកខ្ញុំនៅខាងក្រៅដែលត្រូវបានគេចិញ្ចឹមឡើងធាត់មក តាមពិតដើម្បីបរិភោគលៀងសប្បាយអំណរ។ គេទាំងនេះទំនងជាខានបានអាហារសាច់មនុស្សជាយូរយារណាស់មកហើយ។ ខ្ញុំស្លន់ស្លោជាខ្លាំង ហើយរត់បំពួនក្បែរសាលខាងមុខបម្រុងនឹងឱ្យដំណឹងពួកមិត្តភក្តិរត់ជាមួយគ្នា ប៉ុន្តែយឺតពេលទៅហើយ ពួកគេកំពុងដេកដួលទន់ខ្លួនដោយជាតិស្រវឹង។
ពួកអ្នកគង្វាលបានបង្ហាញខ្លួនជាមួយកាំបិត ហើយចាប់ផ្តើមកាប់សម្លាប់រង្គាលលើបុរសទាំងនោះដូចសត្វ។ ខ្ញុំបានរត់វារជើងបីជើងបួនចេញទៅឆ្ងាយ តម្រង់ចូលព្រៃ ទីដែលប៉ុន្មានថ្ងៃមកនេះ បានលបសម្គាល់ឃើញផ្លូវលំមួយដែលមានការឆ្ការស្អាតទុក។
ខ្ញុំដើរតាមនោះពិតជាមិនចេះទាល់ ហើយរត់ចុះឡើងមួយយប់មួយថ្ងៃ ខ្ញុំរស់ជាមួយផ្លែប៊ឺរី ទីបំផុតខ្ញុំបានរកឃើញផ្លូវមួយទៀតនៅម្ខាងនៃបឹង។
ហែលឆ្លងបឹងនោះ ខ្ញុំរត់បន្ថែម រហូតបានច្រើនថ្ងៃមកទៀត ក៏ប្រទះឃើញជញ្ជាំងនៃកំផែងទីក្រុងដ៏ខ្ពស់អស្ចារ្យមួយ។
នៅពេលដែលខ្ញុំទៅជិតដល់ច្រកចូលទីក្រុង ខ្ញុំបានចួបជាមួយនឹងអ្នកដំណើរមួយចំនួន ដែលបររទេះធ្វើដំណើរ។ គេអាណិតសភាពទុគ៌តរបស់ខ្ញុំក៏បានឱ្យទឹកនិងចំណីហើយសួរឈ្មោះសួរទីកន្លែងដែលខ្ញុំមកពីណាទៅណា។
នៅពេលដែលពួកគេបានឮពីតំបន់កុលសម្ព័ន្ធកាចសាហាវនោះ ពួកគេបានងឿងឆ្ងល់ថាហេតុអ្វីខ្ញុំអាចរត់រួច។
តំបន់នោះច្រើនជំនាន់មកហើយ មិនដែលមានអ្នកណាហ៊ានទៅក្បែរទេ។ ឃើញរឿងរ៉ាវរួចជីវិតយ៉ាងកម្រនេះពួកគេវាយតម្លៃថា ខ្ញុំជាមនុស្សល្អ ដែលទទួលបាននូវកិច្ចការពារដ៏ភាពអស្ចារ្យពីព្រះអល់ឡោះ។ ដោយសារពួកគេងប់ជឿលើបុណ្យបាបនិងសាសនា មនុស្សទាំងនេះបានរាយការណ៍តគ្នាអំពីខ្ញុំនិងវាសនាគេចចេញពីអម្បូរឆីមនុស្ស ឮដល់ស្តេចរបស់ពួកគេ។ យប់នោះខ្ញុំស្នាក់ក្នុងកូនភូមិតូចមួយក្បែរជាយក្រុង លុះព្រឹកព្រហាមក៏ឃើញមានមន្ត្រីពីរបីនាក់បានបង្ហាញខ្លួនហើយកោះហៅខ្ញុំចូលទៅនិទានប្រាប់រឿងចិញ្ចឹមឱ្យធាត់ទុកឆី ទូលថ្វាយដល់ព្រះរាជា។
ពេលជិះរទេះសេះចូលនិងកាត់ទីក្រុង ទីប្រជុំជន ខ្ញុំនឹកស្ងើចសរសើរចំពោះផ្ទះសំណង់ល្អៗ ប្រជាជនដែលមានជីវភាពធូរធារនិងទីផ្សារដែលសំបូរទៅដោយអាហារ វត្ថុប្រណីតគ្រប់ប្រភេទ។
ខ្ញុំបានឃើញថាប្រជាពលរដ្ឋជិះសេះល្អ តម្លៃខ្ពស់ និងមានពូជសេះរឹងមាំ មានការរចនាហ្មត់ចត់ ប៉ុន្តែចម្លែកណាស់ពួកគេខ្វះកៅអី។
ខ្ញុំគិតថាជាឱកាសដ៏ល្អសម្រាប់សាងជំនួញរកលុយគឺធ្វើកែបសេះលក់។
ពេលខ្ញុំបានចូលគាល់ដល់ព្រះរាជា ខ្ញុំក៏បានទូលថ្វាយឥតលាក់លៀមនូវដំណើរដ៏គ្រោះថ្នាក់នេះពីដើមដល់ចប់ ហើយទ្រង់ក៏ទទួលលៀងអាហារដល់ខ្ញុំ ផ្តល់កន្លែងសម្រាក ដោយចិត្តសប្បុរស។ ក្រោយសណ្តាប់បណ្តារឿងរ៉ាវរបស់ខ្ញុំ ហើយព្រះអង្គចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិនយូរប៉ុន្មានទេ ខ្ញុំបានពិពណ៌នាអំពីកៅអីស្បែកដែលខ្ញុំមានតម្រិះរចនាឡើងសម្រាប់ទ្រង់។ ពេលឮខ្ញុំរៀបរាប់អំពីកៅអីស្បែកនិងឧបករណ៍ផ្សេងទៀតដែលយើងប្រើសម្រាប់ជិះសេះប្រកបដោយផាសុកភាព ព្រះមហាក្សត្រទ្រង់ចាប់អារម្មណ៍ឱ្យខ្ញុំអាចបង្កើតមួយភ្លាមទោះត្រូវការអ្វីក្តី។
ខ្ញុំបានស្វែងរកជាងឈើដ៏ឆ្លាតវៃម្នាក់ដើម្បីកុម្ម៉ង់ធ្វើស៊ុមកៅអីនិងជាងដេរ ស្បែកដែលមានលក្ខណៈទន់និងផ្ចិតផ្ចង់។ ជាងនេះទៅទៀត ខ្ញុំបានរើសអ្នកចិញ្ចឹមដង្កូវឱ្យយកមកនូវសរសៃសូត្រដ៏ស្រស់ស្អាតផុតលេខ។
ពីរថ្ងៃក្រោយមកខ្ញុំបានយកការងារដែលស្រេចបាច់នោះទៅថ្វាយព្រះមហាក្សត្រ ហើយបានបង្ហាញទ្រង់ពីរបៀបប្រើវាដាក់លើសេះដើម្បីជិះ។
ព្រះរាជាស្រែកឡើងថា ស្នាមជាំដោយការជិះលើខ្នងសេះសំគមដែលគ្មានទ្រនាប់នឹងលែងកើតមានទៀតហើយ។ ព្រះអង្គបានប្រទានរង្វាន់ខ្ញុំនឹងបានប្រើកែបនោះធ្វើដំណើរគ្រប់ច្រកល្ហកដោយព្រះទ័យសោមនស្សា។
ការនេះបានបណ្តាលឱ្យក្រុមមន្ត្រី អភិក្រមនិងពួកអភិជនទាំងអស់នៅក្នុងស្រុកចង់បានកែបនេះជាពន្លឹក។
មហាសេដ្ឋីមួយចំនួនធំបានបញ្ជាទិញឧបករណ៍ពីខ្ញុំដើម្បីស្តុកលក់ ហើយភ្លាមៗនោះកិច្ចព្រមព្រៀងជំនួញបានធ្វើឱ្យខ្ញុំក្លាយជាអ្នកមាន។
រស់នៅទីនេះប្រមាណ៨ខែដោយសន្សំបានទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសម្បែងនិងទាសករមកបម្រើឆ្វេងស្តាំ ស្រាប់តែថ្ងៃមួយព្រះរាជាទ្រង់ត្រាស់ហៅខ្ញុំទៅអង្គជំនុំដោយមានត្រាស់បន្ទូលថា៖
«ឈ្មួញឆ្លាតបំផុតអើយ! ឧស្សាហកម្មនិងអាជីវកម្មរបស់លោក បានកែលម្អគុណភាពជីវិតនៅក្នុងទីក្រុងរបស់យើង។ មនុស្សជាច្រើនបានយកវាទៅលក់ឆ្លងព្រំដែន នាំមកនូវមាសជាច្រើនចំណេញចូលព្រះរាជនគរនេះ! យើងរមែងគិតចង់ផ្តល់ជារង្វាន់ដល់អ្នក! នាងនឹងមកជាភរិយាដ៏ស្រស់ស្អាត ដើម្បីញ៉ាំងឱ្យអ្នកប្រាថ្នាចង់រស់ជារៀងដរាបនៅក្នុងរាជនគរដាច់សង្វែងនេះដើម្បីបន្តការងារពាណិជ្ជកម្មរបស់អ្នក»។
ដោយមិនមានអ្វីត្រូវបដិសេធ ព្រះរាជាបានកោះហៅរដ្ឋមន្ត្រីនិងសាក្សី រៀបចំមង្គលការខ្ញុំភ្លាមៗជាមួយស្ត្រីក្មេងស្រស់បំផុតមកពីគ្រួសារដ៏ថ្លៃថ្នូរ គ្រប់គ្រងអចលនទ្រព្យនិងជំនួញជាច្រើន។ ឃើញនាងភ្លាម ខ្ញុំពិតជាលង់ក្នុងស្នេហា ហើយបាននិយាយម៉ឺងម៉ាត់ចំពោះខ្លួនឯងថាពេលខ្ញុំមានឱកាសត្រលប់ទៅស្រុកកំណើតវិញ ខ្ញុំនឹងយកនាងទៅជាមួយ។
ចាប់ពីពេលនោះមក ភាពងាយស្រួលនិងវិបុលភាពរបស់ខ្ញុំដែលអស្ចារ្យរួចទៅហើយ បានបន្តកើនឡើងជានិច្ចជាកាលរហូតដល់ពេលមួយ សំណាងអាក្រក់បានវាយលុកផ្ទះអ្នកជិតខាងខ្ញុំ។ មិត្តភក្តិរបស់ខ្ញុំដែលរស់នៅក្បែរនោះបានបាត់បង់ប្រពន្ធដោយជំងឺឆ្លង។
គាត់នៅក្បែរសពជាមួយមហាទុក្ខព្រួយ។ ខ្ញុំបាននិយាយទៅលួងលោមគាត់ថា៖
«កុំយំសោកយូរពេក! ប្រពន្ធរបស់អ្នកបានរកឃើញសេចក្តីមេត្តាករុណារបស់អល់ឡោះទៅគាល់ទ្រង់ហើយ ព្រះជាម្ចាស់នឹងផ្តល់ឱ្យអ្នកដែលនៅរស់នូវអ្វីដែលប្រសើរថ្មី នេះហើយជីវិត!»
ខុសពីការស្មាន បុរសនោះស្រាប់តែស្រែកទ្រហោខ្លាំងឡើង ដល់ខ្ញុំគិតថាមិនអាចលួងលោមគាត់អ្វីទៀតបានឡើយ។ គាត់បាននិយាយជំទាលឡើងថា៖
«មកតែពីអ្នកមកពីស្រុកឆ្ងាយបានជានិយាយធូរស្រាលមិនដឹងអ្វី! ថ្ងៃនេះគេបញ្ចុះប្រពន្ធខ្ញុំ គេនឹងបញ្ចុះខ្ញុំជាមួយនាងក្នុងផ្នូរតែមួយ។ វាជាទម្លាប់របស់នគរយើង!»
ដោយភ្ញាក់ផ្អើលហួសហេតុ ខ្ញុំលែងនិយាយអ្វីចេញទៀតហើយ។
នៅថ្ងៃដដែល គេបានតុបតែងសពប្រពន្ធរបស់បុរសកំសត់នោះក្នុងសម្លៀកបំពាក់ដ៏ល្អបំផុត គ្រឿងអលង្ការ មាសនិងពេជ្រ ហើយនៅថ្ងៃបន្ទាប់មក ពួកទាហានបាននាំគ្នារៀបធ្វើដំណើរចុងក្រោយបញ្ជូនប្តីប្រពន្ធនេះទៅកាន់ផ្នូរហើយបញ្ចុះ។
គេបានដាក់ថ្មមួយយ៉ាងធំសណ្តូនសពទម្លាក់នាងចុះទៅក្នុងថ្មជ្រោះជ្រៅ បន្ទាប់មកគេយកខ្សែសរសៃវល្លិ៍មាំមកដាក់ចងក្រោមក្លៀកប្តី រួចទម្លាក់សម្រូតចុះចូលក្នុងនោះតាមពីក្រោយដោយមានទឹកសាបមួយស្បោងស្បែកសត្វនិងនំប៉័ងប្រាំពីរដុំអមទៅជាមួយ។
វិលមកផ្ទះវិញ ខ្ញុំពិតជាដេកមិនលក់ទេ។ ទីបំផុតខ្ញុំបានលបសួរអ្នកដែលនៅស្គាល់ៗថា បើប្រពន្ធជនបរទេសដូចជាខ្ញុំត្រូវស្លាប់ តើគេនឹងធ្វើចំពោះខ្ញុំដូច្នេះដែរទេ?
សំណាងអាក្រក់ ពួកគេបានឆ្លើយថា ប្រាកដណាស់ថា! ពុំនោះទេ នគរនឹងមានគ្រោះថ្នាក់។
ខ្ញុំភ័យខ្លាចជាខ្លាំងក្រោយច្បាស់លាស់នូវទំនៀមទម្លាប់ដ៏ឃោរឃៅរនេះ ប៉ុន្តែពេលវេលាចេះតែកន្លង ប្តីប្រពន្ធខ្ញុំមិនមានអ្នកណាមានបញ្ហាសុខភាពទេ។
រហូតដល់ប៉ុន្មានខែក្រោយមកទៀត នាងបានចាប់ផ្តើមមានសញ្ញាឈឺ ហើយចូលទៅគេង។ ខ្ញុំបានបួងសួងដល់អល់ឡោះ ដែលមានព្រះហឫទ័យមេត្តាប្រោសឱ្យនាងឆាប់ជាឡើងវិញ ប៉ុន្តែជំងឺរបស់នាងកាន់តែអាក្រក់ទៅៗ ហើយនាងបានលាចាកលោកទៅពិតមែន។ លុះពេទ្យឱ្យដឹងថា ប្រពន្ធខ្ញុំបានទៅពិភពលោកខាងមុខមុនទៅហើយ ទាហានបានមករៀបចំយកទាំងនាងទាំងខ្ញុំចេញបញ្ចុះ។ ខ្ញុំស្រែកឡើងថា៖
«អល់ឡោះដ៏មានមហិទ្ធិឫទ្ធិមិនដែលបានកំណត់ឱ្យមានច្បាប់បញ្ចុះសពអ្នករស់នៅជាមួយនឹងអ្នកស្លាប់ឡើយ!»។ ពួកគេមិនបានខ្វល់ឬកត់សម្គាល់អ្វីអំពីការតវ៉ារបស់ខ្ញុំទេ ប៉ុន្តែបានចាប់ខ្ញុំដោយបង្ខំ ហើយចងសម្រូតខ្ញុំចុះទៅក្នុងរូងភ្នំងងឹតជ្រៅសន្លឹមជាមួយស្បោងទឹកធំមួយនំបុ័ងប្រាំពីរដុំ តាមទំនៀមទម្លាប់របស់ពួកគេទាំងអស់ឥតប្រាសចាកអ្វី។
ពេលចុះមកដល់រហោឋាននៃបាតរណ្តៅងងឹតនោះ ខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថាតើមានបណ្តាសាអ្វីមកលើខ្ញុំដែលត្រូវមកយកប្រពន្ធនៅទីក្រុងនេះ?
គ្មានមហាក្សត្រណាមួយជួយខ្ញុំបានទេមានតែមហិទ្ធិឫទ្ធិអល់ឡោះដ៏រុងរឿងអស្ចារ្យក្នុងបេះដូងខ្ញុំដែលប្រាប់ថា ខ្ញុំត្រូវតែរកផ្លូវរស់។
ប៉ុន្តែនៅពេលដែលខ្ញុំមើលជុំវិញខ្លួន នេះជាផ្នូរដ៏ក្រៀមក្រំ ស្អុយនិងត្រជាក់។ មិនដឹងប៉ុន្មានគូមកហើយទេដែលត្រូវបង្ខំឱ្យមកស្លាប់តាមគ្នាយ៉ាងឥតខ្លឹមសារនិងក្រៀមក្រំវេទនាក្នុងរបៀបរបបជំនឿឥតន័យនេះ។
សូម្បីតែនៅកន្លែងដ៏អាក្រក់នេះក៏ដោយ ក៏ឆន្ទៈរស់នៅ នៅតែរឹងមាំក្នុងចិត្តខ្ញុំ។ ព្រះតែងតែនៅជាមួយខ្ញុំ។ ខ្ញុំគិតហើយក៏បានសម្រេចចិត្តញ៉ាំនិងផឹកតិចៗ សន្សំសំចៃ ពង្រឹងស្មារតីតាមតែអាចធ្វើទៅបាន ដើម្បីពន្យារអាយុជីវិតនិងពេលវេលាស្វែងរកឱកាសរត់ចេញពីទីនេះ។
ដូច្នេះហើយខ្ញុំបានទ្រាំរស់នៅក្នុងភាពងងឹតនិងក្នុងចំណោមសាកសព មិនដឹងថាប៉ុន្មានថ្ងៃ យប់បានកន្លងផុតទៅនោះទេ។
ដោយចច្រប់ដើរក្នុងទីងងឹត ខ្ញុំបានរកឃើញកអាវ ខ្សែក គជ់ គ្រឿងអលង្ការ និងឈុតមាស ប្រាក់ ដែលបំពាក់ដោយត្បូងមានតម្លៃ គ្រឿងលម្អ ផ្សេងទៀតរបស់អ្នកស្លាប់។ ខ្ញុំបានប្រមូលទ្រព្យសម្បត្តិនេះហើយដាក់ក្នុងឆ្នួតក្បាលរបស់ខ្ញុំទុក។ ឱ្យតែមានឱកាសរបស់នេះនឹងទៅជាមួយខ្ញុំ វាជាជំនួយឱ្យខ្ញុំរត់បានឆ្ងាយឬអាចជួលទូកគេផង។
ទីបំផុតព្រឹកមួយភ្ញាក់រលីវៗ ខ្ញុំបានឮសូរគ្រហឹមនិងសំឡេងរញ៉េរញ៉ៃ។ ខ្ញុំបានដឹងថាសត្វមួយចំនួន ប្រហែលជាកញ្ជ្រោងឬឆ្កែ បានរកឃើញផ្លូវចុះមកក្នុងកន្លែងដ៏អាក្រក់នេះ។ ហើយបើវាអាចចូលបាន វាច្បាស់ជាអាចចេញវិញបាន។
សេចក្តីសង្ឃឹមបានរុញខ្ញុំឱ្យក្លាហានក្រោកហើយរំពៃតាមសត្វកំណាច។ ដោយសំងំសឹងមិនហ៊ានដកដង្ហើម ខ្ញុំរកឃើញកន្លៀតតូចចង្អៀតមួយដែលទាល់តែវារនិងគ្រវីក្បាលដូចដង្កូវទើបអាចធ្វើដំណើរបាន។
តាមផ្លូវរូងក្រោមដីនោះ ទីបំផុតខ្ញុំបានឃើញតម្រុយនៃពន្លឺ។ ព្រះពិតជានៅជាមួយខ្ញុំ។ ខ្ញុំបានចាកចេញពីគោលដៅនគរនោះ រត់រហូតបានជួបនឹងឈ្មួញមានអូដ្ឋ។ ពួកគេទទួលយកអលង្ការពីខ្ញុំហើយឱ្យជំនិះមកខ្ញុំព្រមទាំងបង្ហាញផ្លូវដល់ខ្ញុំទៅរកទីក្រុងមាត់សមុទ្រ។
ជាង១០ថ្ងៃឯណោះដែលខ្ញុំបានរកឃើញភូមិកំពង់ផែ ហើយបីខែក្រោយមក ខ្ញុំបានវិលមកដល់ស្រុកកំណើតវិញ។ ជាមួយគ្រឿងមាសពេជ្រក្រោមរូងភ្នំ ខ្ញុំអាចលក់បានយ៉ាងមហាសាល។ តមក ខ្ញុំតាំងចិត្តតាមរបៀបចាស់ពីមុន គឺឈប់ផ្សងព្រេង រៀនរស់នៅមួយកន្លែង ជប់លៀងនិងលួងលោមជីវិតជាមួយការបរិច្ចាគទាន។
ប៉ុន្តែច្រើនឆ្នាំក្រោយមក ភាពរំភើបនៃការធ្វើដំណើរនិងអាជីវកម្មដែលផ្លាស់ប្តូរតាមសម័យកាលបានចូលមកជំរុញឱ្យខ្ញុំបំភ្លេចចោលនូវទុក្ខលំបាកដ៏ឃោរឃៅនានា ហើយដុតរោលថា ប្រសិនមិនផ្សងព្រេងយ៉ាងក្លាហាន ខ្ញុំមិនមែនជាកូនប្រុសពិតប្រាកដម្នាក់ឡើយ។
ដូច្នេះវាបានកើតឡើងជាលើកទីប្រាំសម្រាប់ការចេញដំណើរចាកភូមិស្រុកសាជាថ្មីទៀត។ លើកនេះនៅកំពង់ផែ Basrah ខ្ញុំបានសន្សំគំនិតរកមើលកប៉ាល់ដែលមានកម្ពស់និងរូបរាងល្អ។ បើរកមិនឃើញខ្ញុំមិនចេញដំណើរទេ រហូតដល់រកឃើញសំពៅគ្រឿងចក្រទំនើបផុតសម័យកាលមួយជាទីទុកចិត្ត ពេញភ្នែករបស់ខ្ញុំ ខ្ញុំក៏ពុះកញ្ជ្រោលជាមួយវា។
កាលខ្ញុំជាអ្នកមានស្រាប់ ខ្ញុំអាចទិញវាបានភ្លាមៗមិនលំបាកទេ។ បន្ទាប់មកខ្ញុំបានជួលប្រធានក្រុមនិងនាវិកមាឌធំមានសមត្ថភាពខ្ពស់។
ទាសករបានផ្ទុកទំនិញរបស់ខ្ញុំនៅលើកប៉ាល់ ហើយឈ្មួញផ្សេងទៀតបានបង់ប្រាក់ឱ្យខ្ញុំ ដើម្បីចេញដំណើរជាមួយគ្នា។ តាមវិធីនេះ ខ្ញុំរកលុយបានចំណេញសូម្បីតែមិនទាន់ទាំងដល់ពេលចេញដំណើរផង។
មិនយូរប៉ុន្មានយើងជិះទូកលើស្រះរបស់អល់ឡោះ ពីទីក្រុងមួយទៅទីក្រុងមួយ ពីកោះមួយទៅកោះមួយ ពីសមុទ្រមួយទៅសមុទ្រ។ គ្រប់មធ្យោបាយទាំងអស់ ពួកយើងបានសប្បាយរីករាយ ដោយប្រមូលប្រាក់ចំណេញដែលយើងរកបាន។
គ្មានកីឡាណាអស្ចារ្យជាងការលេងសើចរកប្រាក់ដោយបញ្ញានៅលើទីផ្សារនោះទេ។ ទំនិញនិងលុយផ្លាស់ប្តូរដៃមនុស្ស គ្រប់ទីកន្លែងដែលមនុស្សអាចធ្វើបានដោយពឹងលើខួរក្បាលរបស់ពួកគេ។
ដូច្នេះហើយ ដំណើររបស់យើងក៏រីកចម្រើនរហូតដល់ថ្ងៃមួយ យើងបានទៅដល់កោះតូចមួយអណ្តែតក្នុងសមុទ្រ។
ខ្ញុំមិនមានចំណាប់អារម្មណ៍អ្វីពិសេសនៅកន្លែងស្ងាត់ជ្រងំនោះទេ តែនៅលើសំពៅគេពិភាក្សាគ្នាស្រួចស្រាល់អំពីថា ឈ្មួញខ្លះធ្លាប់ឮអំពីកោះនេះនិងអាថ៌កំបាំងរបស់វា គេថាចង់ស៊ើបអង្កេតរកថ្មចម្លែកមួយប្រភេទនៅច្រាំងសមុទ្រនៃកោះនោះដែលជាសិលាកម្រត្រូវបានរាជវង្សនានាប៉ុនប៉ងប្រាថ្នា។ ព័ត៌មានទាំងនេះដូចជាទាក់ចិត្តខ្ញុំដែរ ក្នុងនាមជាអភិជនម្នាក់ ខ្ញុំពិតជាចង់ឃើញរបស់អស្ចារ្យដូចគេដូចឯង ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តទៅលើកោះនោះ។
នៅពេលដែលសំពៅអែបឆ្នេរ ពួកគេរត់ទៅរកផ្ទៃថ្មសស្គុសរលោងនិងចំកោងយ៉ាងប្រណីត។ ខ្ញុំវិញពិតជាសង្ស័យខ្លាំង ខ្ញុំថយមកឆ្ងាយហើយគិតថាផ្ទៃរលោងរបស់វា មានអារម្មណ៍ដូចជាស៊ុតសត្វមិនមែនសិលាកម្រអ្វីទាំងអស់។
ដូច្នេះពេលពួកឈ្មួញឱ្យទាសករពួកគេគប់ថ្មនោះផូង ក៏វាត្រូវប្រេះហើយមានផ្នូកទឹកហូរចេញមកពីចំណុចរហែក។
ពីខាងក្នុង ខ្ញុំរន្ធត់ព្រោះឃើញកូនមាន់ដ៏ធំមួយនៅមិនទាន់ដុះរោមជិត។
ឈ្មួញទាំងនោះបានមូលគំនិតគ្នាសម្រាកចតទីនេះមួយយប់ នឹងយកមាន់ខ្ចីធ្វើអាហារពេលល្ងាចស្រស់ៗដែលយើងខានហូបជាយូរមកហើយ។
ខ្ញុំដែលធ្លាប់ឆ្លងកាត់ជីវិតចម្លែកមួយអន្លើ ពេលនេះផុសចេញអារម្មណ៍មិនល្អភ្លាមៗដូចកាលពីមុនវិញ។ នៅពេលក្លិនសាច់អាំងបានប៉ះរន្ធច្រមុះខ្ញុំ ខ្ញុំទ្រាំប្រឆាំងនឹងការស្រេកឃ្លានដោយបន្តដេកក្នុងបន្ទប់ឃ្លុបផ្ទាល់ខ្លួនដដែល ខណៈត្រចៀកនេះបានលបផ្ទៀងស្តាប់ឮថាពួកឈ្មួញសប្បាយចិត្តកម្រិតណាពេលធ្វើពិធីជប់លៀងលើកោះ។
អ្វីមួយបានរត់ឡើងក្នុងគំនិតខ្ញុំគឺថា នៅក្នុងព្រះនាមនៃអល់ឡោះដ៏មានព្រះហឫទ័យ ព្រះទ័យមេត្តាករុណានិងមហិទ្ធិឫទ្ធិ ពួកនេះនឹងត្រូវវិនាសដែលបានសម្លាប់កូនរបស់សត្វមេធំផុតលោកមួយក្បាល។ រាងកូនគេបង្ហាញថាម្តាយគេអាចជាបក្សីដ៏មហិមា ដែលនឹងត្រលប់វិលមកវិញឆាប់ៗ ហើយសងសឹក។
ខ្ញុំរត់ចេញមកប្រកូកព្រមានអំពីភាពល្ងង់ខ្លៅនេះ ធ្វើឱ្យអ្នកខ្លះព្រមបោះបង់ចោលការសប្បាយ ហែលឆ្លងមកលើកប៉ាល់ឡើងវិញ ហើយអ្នកនៅសល់យើងក៏សម្រេចចិត្តចេញចោលព្រោះសន្ធឹកខ្យល់លាន់មកពីចម្ងាយ។
ពិតណាស់ ពេលសំពៅមិនទាន់បានលូនចេញណាឆ្ងាយផង យើងបានឃើញស្រមោលទទះស្លាបនៃបក្សីយក្ស។
វាបានហោះមកដល់កោះហើយបោះពួយចឹកឆីមនុស្សទាំងអស់ជុំវិញសពអាំងឆ្អើរនៃកូនវា។
យើងនៅទីនេះ តក់ស្លុតព្រោះសត្វនោះមិនត្រឹមមិនព្រមបញ្ចប់ ថែមទាំងស្រែកខ្លោចផ្សាងាកក្បាលមករកសំពៅយើង។
វាបានឱបផ្ទាំងថ្មភ្នំដ៏ធំមួយនៅក្នុងដៃក្រញាំហើយហោះបោះពួយសំដៅមក។
ខ្ញុំបានយំបួងសួង។
កម្លាំងហោះរបស់វាអាចត្រួត១០០ដងរហ័សជាងសំពៅយើង។ រីឯស្លាបវា បើបក់ដល់ឯណា រលកទឹកសមុទ្រក៏បោកទង្គិចងងឹតងងល់ជុំវិញនោះអស់លែងមើលឃើញអ្វីជាទិស។ មិនយូរទេ វាសំកាំងចំពីលើយើង ហើយទម្លាក់បន្ទុកថ្មភ្នំមួយទំហឹងពីមុខយើង។
កម្លាំងផ្ទាំងថ្មបានពង្រាបទឹកនិងបានបើកបង្ហាញបាតសមុទ្ររូងចុះក្រោម។ សំពៅនេះមិនអាចទប់ជំហរបានទេ។
យើងទាំងអស់គ្នាបានរអិលចូលទៅក្នុងរណ្ដៅដ៏ធំ មុនពេលត្រូវបានបោះឡើងមកអាកាសម្តងទៀតហើយធ្លាក់ចុះទង្គិចនឹងកម្លាំងរលកយក្ស។
កប៉ាល់របស់យើងមិនលិច តែវាបានខ្ទេចយង់ទៅជាបំណែកមើលលែងឃើញក្នុងមហាសាគរ។ ខ្ញុំបានហែលអស់ដៃជើង ក្នុងចំណោមកម្រាលទឹកដែលហក់ឡើង ហើយចាប់បានបំណែកមួយមកបណ្តែតខ្លួន។ ដោយមានការទ្រទ្រង់ពីព្រះ ខ្ញុំបានត្រូវបានអណ្តែតទាំងសន្លប់ឈឹងនិងដឹងខ្លួនមកវិញនៅលើឆ្នេរនៃកោះមួយទៀត។
នេះជារបៀបដែលជីវិតផ្សងព្រេងសែនខ្លាចរអា បានកើតមានសាជាថ្មី។
អម្បូរយក្សឬសត្វចម្លែក ឬកុលសម្ព័ន្ធឆីសាច់បានលេចឡើងមកក្នុងការគិតរបស់ខ្ញុំ។ ខ្ញុំឱបដៃ កណ្តាលភាពឯកោរងា គ្មានអ្នកណាម្នាក់មានជីវិតនៅក្បែរទេ។
ព្រះអល់ឡោះអើយ! ខ្ញុំស្រែកថ្ងូររកទ្រង់ទាំងអស់សង្ឃឹម។ ទោះយ៉ាងណា នៅពេលក្រពះទារ ខ្ញុំបានក្រោកដើរហើយស្វែងរកចំណីអាហារ។
ការត្រាច់ចរម្នាក់ឯងសំដៅស្រមោលធម្មជាតិ បានជំរុញខ្លួនខ្ញុំធ្លាក់ទៅដល់ឋានមួយប្រភេទ ដែលជាចម្ការគ្របក្រាលដោយបុស្បា ផ្កាដែលមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ មានកម្លាំង និងបណ្តាដើមរុក្ខាពេញដោយផ្លែឈើព្យួរទាបខ្ពស់គួរឱ្យឈ្ងុយឆ្ងាញ់ មិនអាចកាត់ចិត្តបាន។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ