រឿង ព្រោះគេមិនអាចជ្រើស មិត្តភាព និង ស្នេហា

វគ្គ ហេតុផលដដែលៗ

ម៉ោង ៩:៣០ នាទីយប់

គ្រាន់តែឈានប៉ុន្មានជំហានចេញពីកន្លែងធ្វើការ រាងកាយខ្ញុំក៏ត្រូវខ្យល់បក់ប៉ះ ត្រជាក់សឹងទ្រាំមិនបាន។
ខ្ញុំរហ័សទាញអាវក្រៅមកពាក់ និងដើរសំដៅទៅរកកន្លែងផ្ញើរម៉ូតូ។ ដើរជិតតែនឹងដល់កន្លែងដាក់ម៉ូតូទៅហើយ ស្រាប់តែនឹកឃើញ “ចំមែន! ភ្លេចថាម៉ូតូខូច ទុកនៅផ្ទះជាងនៅឡើយ” ។

ក្នុងស្ថានភាពបែបនេះ មនុស្សទីមួយដែលខ្ញុំនឹកដល់ គឺស្នេហាបណ្តូលចិត្ត។
ភ្លាមៗ ខ្ញុំក៏ទាញទូរសព្ទទាក់ទងទៅគាត់៖

« សិដ្ឋ! បងនៅឯណា? ថ្ងៃនេះអាចមកយកអូននៅកន្លែងធ្វើការបន្តិចបានទេ? ព្រោះ »
មិនទាន់ទាំងបានបញ្ចប់ឃ្លាផង គេរហ័សឆ្លើយ៖
« សាលីតា បងរវល់ណា៎!​ អូនឯងរកកង់បី ឬ Taxi ជិះទៅ »
តូត! តូត!

និយាយចប់ភ្លាម គេក៏បិទទូរសព្ទតែម្តង ទាំងមិនបានចង់ដឹងថា ខ្ញុំចង់យ៉ាងម៉េចនោះទេ។
ខ្ញុំឈរភាំងមួយសន្ទុះ ត្រចៀកផ្តើមហឹង ទទួលដឹងត្រឹមតែអារម្មណ៍អន់ចិត្តរបស់ខ្លួនឯង…

“ហុឺម!” បានត្រឹមតែដកដង្ហើមធំ ព្រោះនេះមិនមែនជាលើកទី១ឡើយ។

សង្សារខ្ញុំ ជាកំពូលមនុស្សរវល់ គាត់តែងតែបែបនេះ។
រាល់ពេលដែលអន់ចិត្ត ខ្ញុំក៏បានត្រឹមតែលួងលោមខ្លួនឯងថា “កុំអន់ចិត្តណា៎! ព្រោះពេលជ្រើសគេ ឯងក៏ដឹងថាគេជាមនុស្សបែបណាដែរ…” ។

« មែនហើយ! នេះជាជម្រើសដែលខ្លួនឯងជ្រើស »
ខ្ញុំហាស្តីប្រយោគនេះចេញមក ទាំងទ្រូងអួលណែន មាត់ប្រឹងញញឹម ឯភ្នែកសម្លឹងឡើងលើដើម្បីឃាត់ដំណើរ ទឹកភ្នែក មុននឹងឱនមុខចុះម្តងទៀតដើម្បីរកមធ្យោបាយទៅផ្ទះតាម App ។

ខ្ញុំត្រលប់ទៅផ្ទះជាមួយនឹងអារម្មណ៍វិលវល់ គិតមិនយល់ ថាហេតុអ្វីគេតែងតែបែបនេះរាល់ពេល។ មិនចាប់ទោស អូសដំណើរអ្វីទេ។ គ្រាន់តែឆ្ងល់ថា រាល់ពេលដែលខ្ញុំត្រូវការជំនួយពីគេបំផុត គេក៏បាត់មុខ ហេតុអ្វី!!!


វគ្គ ក្នុងបន្ទប់ឯកា

ដល់ផ្ទះ មិនដល់ ១០នាទីផង ខ្ញុំភ្លែតមើលទូរសព្ទមិនក្រោម ១០ដងឡើយ ព្រោះខ្លាចថាគ្មានសេវា ខ្លាចថាអស់ថ្ម ឬគ្មានអុីនធឺណិតអីអ៊ីចឹងទៅ ខ្លាចសិដ្ឋទាក់ទងមកមិនដឹង។ មើលហើយមើលទៀត គ្មានឈ្មោះគេ នៅលើអេក្រង់ទូរសព្ទខ្ញុំឡើយ សូម្បីតែសារមួយគ្មាន…

ខ្ញុំចំណាយពេលយ៉ាងយូររង់ចាំសាររបស់គេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា គេនឹងផ្ញើរសារត្រឹមមួយឃ្លាថា “អូនដល់ផ្ទះនៅ?” ប៉ុណ្ណឹងក៏អស់ចិត្ត ទោះគេមិនបានជូនខ្ញុំមកផ្ទះក៏ដោយ។ តើគេរវល់ដល់ថ្នាក់មិនអាច សូម្បីតែសារមួយ ដើម្បីដឹងពីសុខទុក្ខសង្សាររបស់ខ្លួនហ្ហេស!

ក្នុងបន្ទប់ភ្លើងស្ទុំៗ ខ្ញុំឈរមាត់បង្អួចសម្លឹងមើលដួងចន្ទដែលកំពុងបញ្ចេញរស្មី ប្រជែងនឹងពពកដែលរំកិលចូល មកបាំង។ ភ្លឹកនឹងគយគន់ផ្ទៃមេឃមួយសន្ទុះ ខ្ញុំក៏នឹកឃើញទូរសព្ទម្តងទៀត។ ដដែល មិនមានសារលោតមកទេ។ ខ្ញុំរេភ្នែកមើលម៉ោងម្តងទៀត ទើបខ្ញុំដឹងថា ពេលនេះម៉ោងជាង ១១យប់ទៅហើយ។
ភ្លាមនោះ ភ្នែកខ្ញុំផ្តើមស្រវាំងមួយខណៈ ទម្រាំទឹកភ្នែកស្រក់ចុះ អាចមើលឃើញគ្រប់យ៉ាងបានច្បាស់ម្តងទៀត។
ដើមទ្រូងក៏ចុក ដង្ហើមក៏ដកផុតៗ ខ្ញុំហាក់លែងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ក៏សសៀរអង្គុយចុះ ផ្អែកជញ្ជាំងយំខ្សឹកខ្សួល ហើយដៃទាំងគូរស្រវាខ្វែងឱបលួងខ្លួនឯង ទន្ទឹមនឹងចិត្តគំនិត បង្ហាញគ្រប់ទង្វើនៃការ
ព្រងើយកន្តើយរបស់បុរសរូបនេះ ជាង១ឆ្នាំមកនេះ…

ពេលនេះ ក្នុងចិត្តនិងគំនិត កំពុងតវ៉ាគ្នាឥតឈប់។ ចិត្តប្រាប់ថាស្រលាញ់ ត្រូវយោគយល់។ គំនិតប្រាប់ថា ខុសហើយ ត្រូវដើរចេញ។

គ្រប់ពេលដែលខ្ញុំអស់សង្ឃឹម បាក់ទឹកចិត្ត មនុស្សម្នាក់ដែលខ្ញុំចង់នៅក្បែរបំផុត ត្រូវការបំផុត គេមិនធ្លាប់បង្ហាញខ្លួននៅចំពោះមុខខ្ញុំនោះទេ។ គេតែងទុកខ្ញុំឱ្យនៅម្នាក់ឯងឯកា។

នៅក្បែរគេពេលណា ខ្ញុំតែងមានអារម្មណ៍ថា រងារកថាមិនត្រូវ…
មែនហើយ! ខ្ញុំតែងទទួលបានពាក្យថាស្រលាញ់ ប៉ុន្តែខ្ញុំមិនធា្លប់ទទួលបានទង្វើថាស្រលាញ់នោះទេ។
គេតែងទុកខ្ញុំឱ្យកំព្រាតែម្នាក់ឯង មិនថាខ្ញុំត្រូវការគេប៉ុណ្ណា គេតែងបញ្ជាក់តាមកាយវិការថា គេមិនបានខ្វល់ នឹងបញ្ហារបស់ខ្ញុំឡើយ។ នេះឬក្តីស្រលាញ់? តាមស្រលាញ់ខ្ញុំធ្វើអី?


វគ្គ មិត្តភាព និងស្នេហា

ព្រឹកថ្ងៃថ្មី

« យប់មិញ បងរវល់រឿងអី?» នេះជាលើកទីមួយហើយ ដែលខ្ញុំចេះខលទៅដេញដោលសួរនាំគេ។
« យប់មិញ ភា មានបញ្ហាតិចតួច បងកំដរ ភា »
ចម្លើយនេះ ដូចចាក់សម្លាប់ខ្ញុំទាំងរស់ ច្រើនលើកច្រើនសារហើយ ដែលសង្សារសម្លាញ់ចិត្តខ្លួនឯង ប្រាប់ថារវល់ ក៏ព្រោះតែមនុស្សស្រីម្នាក់នេះ។

« មិត្តល្អបងឯងទៀតហើយ! »
« ម៉េចអូនឯងហ្នឹង! »
« គ្មានអីទេ គ្រាន់តែទទួលអារម្មណ៍ថា ខ្លួនឯងមិនសំខាន់ »
« កុំមករករឿងណា៎ អូនក៏ដឹងដែរថាពួកបងរាប់អានគ្នាយូរប៉ុណ្ណា »
« ចុះ.ខ្ញុំ.? » ខ្ញុំចាប់ផ្តើមអួលដើមក
« ថី? កុំធ្វើចរិតកូនក្មេង បងអត់ចូលចិត្ត » គេប្រើគំហកដាក់ខ្ញុំ
« …… »
តូត! តូត! តូត!

គួរតែខ្ញុំ ជាអ្នកចុចបិទមុន។ តែម្តងណា ក៏គេជាអ្នកច្រលោតបិទមុនដែរ។
នេះជាលើកទីមួយដែលខ្ញុំដេញដោលគេ ហើយក៏ជាលើកចុងក្រោយដែរ។
ខ្ញុំសង្ឃឹមថា ភាពស្ងៀមស្ងាត់របស់ខ្ញុំ នឹងធ្វើឱ្យគេយល់។


៣ថ្ងៃមកនេះ ពួកយើងមិនបានទាក់ទងគ្នាទេ។ អាចថា ទុកវេលាឱ្យម្ខាងៗស្ងប់រៀងខ្លួន។ តែលើកណាក៏ជាខ្ញុំ ដែលទ្រាំមិនបាន ផ្ញើរសារទៅគេមុនដែរ៖
« បងនៅឯណា? »
ផ្ញើរសារបណ្តើរ ចិត្តខ្ញុំមមៃគិតបណ្តើរ។ រំពឹងថា… គ្រប់យ៉ាងនឹងប្រសើរឡើងវិញ។
មួយសន្ទុះក្រោយ សារមួយក៏លោតលើអេក្រង់ទូរសព្ទខ្ញុំ៖
« បងនៅផ្ទះ ចុះអូន? »
ឃើញគេនៅចង់ដឹងពីខ្ញុំបែបនេះ ខ្ញុំក៏លួចរីករាយក្នុងអារម្មណ៍បន្តិច ហើយរហ័សឆ្លើយទៅគេ៖
« ឥលូវ អូននៅសាលា។ តែរៀនតែមួយព្រឹកទេ ថ្ងៃនេះ កន្លែងវឹកហាត់ការងារ គេអនុញ្ញាតឱ្យសម្រាក ១ថ្ងៃមុនអុំទូក បងទំនេរអត់? ថ្ងៃអូនចង់បបួលបងទៅមើលគេរៀបចំត្រៀមព្រះរាជពិធីបុណ្យបន្តិច »
« អ៊ីចឹងក៏បាន ចាំបងទៅយក»
« អូខេ »
ខ្ញុំតបទាំងទឹកមុខញញឹមពព្រាយ។ មិត្តៗដែលកំពុងអង្គុយក្បែរ ក៏នាំគ្នាបង្អាប់៖
« មាន date ហ្មង!!! »
ខ្ញុំញញឹមញញែមបញ្ជាក់ន័យ។


ចេញពីរៀន ខ្ញុំរូតរះមកផ្ទះ មិនខ្ចីនឹកនាបាយទឹក រត់ទៅបើកទូរសម្លៀកបំពាក់មុនគេ។ ក្នុងចិត្តអរកខិបកខុប ជីវិតដូច pink pink ម្តងទៀតអ៊ីចឹង។

ខ្ញុំចំណាយពេលឡើងរាប់ម៉ោង ដើម្បីលោសម្លៀកបំពាក់ ទម្រាំរើសរួចម៉ោង ៣ រសៀលល្មម។ ខ្ញុំរហ័សរៀបចំខ្លួន ហើយដើរទៅអង្គុយចាំគេនៅកន្លែងចាំឡានក្រុងសាធារណៈ ដែលមាន ចម្ងាយពីផ្ទះប្រហែល ១គីឡូម៉ែត្រ។ ហេតុផលដែលមកចាំត្រង់នេះ ក៏ព្រោះតែពួកយើង ចង់ឱ្យច្បាស់លាស់ជាង នេះសិន ទើបប្រាប់អ្នកផ្ទះ។ បើពួកគាត់ដឹងថាទាក់ទងគ្នា ប្រាកដជាពិបាកទៅណាមកណាមិនខាន។ ហើយធម្មតា ខ្ញុំតែងឱ្យ សិដ្ឋ មកយកខ្ញុំត្រឹមហ្នឹង ឬជូនដល់ត្រឹមហ្នឹង ជៀសវាងអ្នកផ្ទះខ្ញុំឃើញ។


ខ្ញុំអង្គុយចាំសង្សារសម្លាញ់ចិត្ត មួយសន្ទុះធំ នៅតែមិនឃើញគេមក។ ផ្ញើរសារទៅក៏មិនតប។ ខលទៅក៏មិនលើក។ ចាំដល់ម៉ោង ៦រសៀល ខ្ញុំក៏សម្រេចចិត្តដើរលេងៗ គ្មានទិសដៅ រហូតដល់ដល់សួនក្តាន់ពីរ។

ថ្មើរនេះ ចរាចរណ៍តាមដងផ្លូវហាក់មមារញឹកណាស់ ក៏ព្រោះតែមនុស្សម្នា ស្រូតទៅទស្សនាការរៀបចំ ព្រះរាជពិធីបុណ្យអុំទូក ទោះថ្ងៃកម្មវិធីបុណ្យជាតិនេះ ចាប់ផ្តើមនៅស្អែកក៏ដោយ។

ទីក្រុងអូអរ តែខ្ញុំបែរជាដើរតែលតោលម្នាក់ឯង តាមដងផ្លូវ។ ឯដៃនៅតែចុចខលទៅសង្សារមិនឈប់។

ដើរដល់ត្រង់ចំណុចផ្លូវបំបែកស្តុបក្តាន់ពីរ ខ្ញុំគិតថា គួររកកន្លែងអង្គុយលំហែចិត្តសិន ប្រសើរជាងដើរទៅមុខ ទៀត ដោយគ្មានទិសដៅ។ ឈរទ្រឹងមួយសន្ទុះ ខ្ញុំក៏សម្រេចចិត្តឆ្លងថ្នល់ ដើរបន្តសំដៅទៅប្លុកបឹងកក់ ព្រោះតែ ទីនោះមានផ្សារទំនើប មានហាងអាហារគ្រប់សព្វ ហ៊ោចណាស់អាចឱ្យខ្ញុំអង្គុយលេង និងញុាំអីផង។


វគ្គ វេលាបង្ខំជ្រើស

ក្រោមខ្យល់បក់ត្រជាក់ៗ ខ្ញុំដើរដូចមិនជាហត់សោះ។ មិនប៉ុន្មាននាទីផង ក៏ដើរមកដល់ Eden។

សមនឹងអាកាសធាតុត្រជាក់ បូករួមខ្លួនឯងកំពុងសេដផង ខ្ញុំក៏ដើរសំដៅទៅរកផឹក Cocktail ដែលនៅក្នុង Zone ទីតាំងនេះ។ ខ្វះតែប៉ុន្មានជំហានដល់កន្លែងដែលខ្លួនឯងបម្រុងទៅ ទៅហើយ ស្រាប់តែប្រទះឃើញអ្វី ដែលមិនចង់ឃើញបំផុត…

ខ្ញុំមើលឃើញ សិដ្ខ កំពុងអង្គុយទល់មុខនឹង ភា មនុស្សស្រីដែលគេតែងយកចិត្តទុកដាក់។
ទ្រូងខ្ញុំចុកណែនខ្លាំងណាស់។ ឈឺចាប់រកប្រាប់មិនត្រូវ។ តែទឹកភ្នែក ដូចជារាំងស្ងួតហើយ ខ្ញុំមិនអាចស្រក់ ទឹកភ្នែកសូម្បីមួយតំណក់។ ភ្លាមនោះ! ខ្ញុំរហ័សទាញទូរសព្ទខលទៅ សិដ្ឋ ម្តងទៀត។ ខ្ញុំពិតជាចង់ដឹងថា គេមិនដឹង ឬមិនចង់លើក។ (ទឺតៗៗ… ទូរសព្ទដែលលោកអ្នកហៅ មិនមានការឆ្លើយតបទេ)

កំហឹងខ្ញុំឈួលឆាបឡើង ពេលដឹងថា គេពិតជាមិនលើកទូរសព្ទខ្ញុំមែន។ ខ្ញុំដើរសំដៅទៅពួកគេ ទាំងកំហឹង ទៅឈរនៅចំពោះមុខគេទាំងពីរ ដោយមិននិយាយស្តីអ្វីទាំងអស់។ ខ្ញុំក៏កំពុងព្យាយាមទប់កំហឹងខ្លះដែរ ព្រោះមិនចង់ខ្មាសគេ។
« សាលីតា! ម៉េចអូនឯងមកហ្នឹងអ៊ីចឹង? »
សិដ្ឋ សួរមកខ្ញុំបែបធម្មតាៗ ដូចមិនមានអីកើតឡើងអ៊ីចឹង។ ធ្វើឱ្យខ្ញុំកាន់តែហួសចិត្ត គិតមិនយល់ថា គេភ្លេចបានឬយ៉ាងម៉េច ថាថ្ងៃនេះត្រូវណាត់នឹងខ្ញុំ?
« ខ្ញុំមករកការបញ្ជាក់ »
« …… »
ពួកគេទាំងពីរសម្លឹងមុខគ្នា ធ្វើមុខឆ្ងល់ៗ​។ ធ្វើឱ្យកំហឹងក្នុងអារម្មណ៍ខ្ញុំកាន់តែឈួលឆេះ។ ខ្ញុំប្រឹងបន្តសំណួរ ដោយប្រឹងទប់កំហឹង មិនបណ្តោយឱ្យខ្លួនស្រែកឡូឡាឡើយ៖
« ម៉េចបានបងមិនលើកទូរសព្ទ? ដឹងថាអូនចាំយូរប៉ុណ្ណាទេ? »
« សុំទោស! បងភ្លេច »
« ឆឺស! ភ្លេច? »
« …… » គេឱនមុខចុះ បែបមិនដឹងតបអ្វី។ តែមិត្តភក្តីស្រីរបស់គេ រហ័សឆ្លើយជួស៖
« លីតា! កុំខឹងសិដ្ឋអី មកពីខ្ញុំទេ ខ្ញុំ.ខ្ញុំមិនសប្បាយចិត្ត ក៏ហៅ »
« ត្រូវតែជាម្នាក់ហ្នឹងរហូតមែន៎! » ភា មិនទាន់បញ្ចប់ឃ្លាផង ខ្ញុំដំឡើងសំឡេងបន្តិចដាក់ ភា ។
« ម៉េចអូនឯងថាឱ្យមិត្តភក្តិបងអ៊ីចឹង? បងធ្លាប់ប្រាប់ហើយ ថាភាកម្សត់ប៉ុនណា។ ភា ត្រូវការអ្នកនៅក្បែរ មិនអ៊ីចឹងទេ ភា. »
« អ៊ីចឹង បញ្ចប់ជីវិតជាមួយគ្នាហ្មងទៅ »
ខ្ញុំរហ័សកាត់សម្តីសង្សារ ព្រោះដឹង ថាគេនឹងនិយាយអ្វី។ គេតែបារម្ភពីមនុស្សស្រីម្នាក់នេះ ព្រោះតែនាង មានវិបត្តិគ្រួសារ និងធ្លាប់ព្យាយាមសម្លាប់ខ្លួន ២ដងរួចមកហើយ តែបានសិដ្ឋជួយទាន់រាល់ពេល។

ក្រោយខ្ញុំនិយាយពាក្យនេះ សិដ្ឋ ក៏អូសដៃខ្ញុំទៅកន្លែងស្ងាត់ ដើម្បីដោះស្រាយគ្នា។ ដើរបណ្តើរ ខ្ញុំគិតបណ្តើរ ខ្ញុំនៅតែលួចសង្ឃឹមថា គេភ្ញាក់ខ្លួន គេយល់ពីទំហំចិត្តស្រលាញ់ខ្ញុំចំពោះគេ…

មកដល់ខាងក្រៅ គេព្រលែងដៃខ្ញុំ យកដៃច្រត់ចង្កេះ ចិញ្ចើមចងជាប់ និងវាចាសម្តីផ្ទុយស្រឡះពីការគិតខ្ញុំ៖
« អូនឯងធ្វើជាមនុស្សដឹងអីតិចបានទេ! បងពិតជាធុញ »
ឮប្រយោគនេះ ចិត្តខ្ញុំស្រាប់តែស្ងប់ដូចទឹក។ ស្រូបខ្យល់ដង្ហើមវែង រួចក៏វាចាទៅគេវិញថា៖
« យើងចប់គ្នាត្រឹមហ្នឹងទៅ »
« …… »
« ខ្ញុំស្លាប់ចិត្តចំពោះបងហើយ។ ខ្ញុំហត់ណាស់! បើំមាន ដូចគ្មានបែបនេះ ខ្ញុំនៅម្នាក់ឯងប្រសើរជាង ម៉្យាង បងក៏បាននៅកំដរគេដោយពេញមុខដែរ »
« …… »
គេមិននិយាយអ្វីទាំងអស់ គ្រាន់តែខាំមាត់ ងក់ក្បាលហើយដើរចេញ…

ចិត្តខ្ញុំពេលនេះ ឈឺចាប់រកពាក្យអ្វីមកថ្លែងពុំបានទេ តែអារម្មណ៍មួយទៀត ហាក់ជ្រះស្រឡះច្រើន។


ស្នេហាមួយដែលជួបតែក្តីទុក្ខ ស្នេហាមួយដែលយល់តែភាពឯកា តើមាននរណាម្នាក់ចង់នៅបន្តជាមួយ នឹងមនោសញ្ចេតនាបែបនេះបន្តទៀតនោះ!

ស្នេហា! មានសើច មានយំ ជួបស្មោះក៏មានក្តីសុខ ជួបក្បត់ក៏ត្រូវគ្រាំគ្រាចិត្ត នេះជារសជាតិនៃស្នេហា…

ចុះសម្រាប់ជីវិតស្នេហាខ្ញុំ យ៉ាងណាដែរ? គ្មានការផិតក្បត់ តែក៏ដូចគ្មានក្តីសុខ ស្រលាញ់ដូចមិនស្រលាញ់! មានសង្សារដូចគ្មាន! ខ្វះការយល់ចិត្ត ខ្វះភាពកក់ក្តៅ ចុះឡើងៗ ក៏មិនយល់ថាស្រលាញ់គ្នាដើម្បីអ្វី? ទោះស្មោះភក្តី បានត្រឹមតែកំព្រារងាឯកាបែបនេះ! អ៊ីចឹង! សុខចិត្តបញ្ចប់ មិនល្អជាង!

1 Comment

  • Sokhalai mean Posted May 9, 2024 11:49 am

    បញ្ចប់គឺជាជម្រើសល្អបំផុត តែខ្ញុំគិតថាយើងគិតត្រូវម្ខាងតែខ្លួនឯង គួរឱ្យឱកាសគេបកស្រាយសិនទៅ បើពិតជាទទួលយកមិនបានមែន នោះដើរផ្លូវរៀងដោយអស់អាល័យ😍 ចង់អានវគ្គបន្ត🙏

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*