ពិព័រណ៍សៀវភៅលើកទី១០ ឆ្នាំ២០២៣ ធ្វើឡើងក្នុងបំណងទី១ គឺផ្សព្វផ្សាយការបោះពុម្ពស្នាដៃគ្រប់ប្រភេទ ទាំងចាស់-ថ្មី ដើម្បីឱ្យមានទីផ្សារ។ ទី២ គឺជំរុញឱ្យប្រជាជនកម្ពុជា មានទម្លាប់អានសៀវភៅ និងដើម្បីបណ្តុះទឹកចិត្តកុមារ ឱ្យស្រលាញ់ចូលចិត្តសៀវភៅពីតូចៗមក និងទី៣ គឺដើម្បីលើកទឹកចិត្តដល់កវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីស្រាវជ្រាវស្នាដៃថ្មីៗបន្ថែមទៀតផងដែរ។
លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ពិព័រណ៍សៀវភៅលើកទី១០ នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ នេះ។
ទន្ទឹមនេះ លោក ហុក សិទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា និងនាយកអង្គការស៊ីប៉ា មានប្រសាសន៍ថា ពិព័រណ៍សៀវភៅនៅឆ្នាំនេះ គឺសំដៅធ្វើយ៉ាងណាធ្វើឱ្យការអានមានការកើនឡើងខ្ពស់ ទន្ទឹមនឹងការជំរុញទឹកចិត្តអ្នកនិពន្ធ អ្នកស្រាវជ្រាវ ចងក្រងសៀវភៅផ្សេងៗ តាមរយៈស្នាដៃរបស់ខ្លួនផងដែរ។ លើសពីនេះ គឺចង់ឱ្យយុវជន សិស្ស-និស្សិត យល់ពីតម្លៃនៃការអានសៀវភៅ អាចបណ្ដុះគំនិតស្មារតី ចាប់យកចំណេះផ្សេងៗតាមរយៈសៀវភៅ។
សប្តាហ៍ក្រោយនេះ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ នឹងប្រព្រឹត្តធ្វើឡើងហើយ ដោយឆ្នាំនេះមានការខុសប្លែកពីឆ្នាំកន្លងបន្តិច ដោយប្តូរទៅធ្វើនៅទីតាំងមុខអគារ City Hall កោះពេជ្រ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ឯម៉ោងពេលពិព័រណ៌ក៏មានការផ្លាស់ប្តូរផងដែរ។
សម្រាប់ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះ មានការចូលរួមពី សមាគម ម្ចាស់ក្រុមហ៊ុន និងអ្នកនិពន្ធជាច្រើន មានដល់ទៅជាង ៣០០ស្តង់។ ក្នុងនោះ ក៏មានការចូលរួមរបស់ក្រុមអ្នកនិពន្ធ មុីសន សុធារី ផងដែរ ដែលស្តិតនៅទីតាំងស្តង់តម្រាលេខ « ២៦ » ច្រកចូលទី១ ទល់មុខអគារ City Hall តែម្តង។ បើតាមអ្នករៀបចំរបស់តម្រា បញ្ជាក់ថា ស្តង់តម្រាឆ្នាំនេះ នឹងមានការផ្តល់ជូនពិសេសសម្រាប់អ្នកគាំទ្ររបស់ខ្លួនទៀតផង៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ