ពិព័រណ៍សៀវភៅឆ្នាំនេះ អ្នកនិពន្ធ រ៉េត សុភ័ក្រ នឹងនាំយកស្នាដៃតែងនិពន្ធរបស់ខ្លួន ដែលទាក់ទងនឹងរឿងអបិយជំនឿ អាគមស្នេហ៍ មនោសញ្ចេតនា និងអភិនីហារ ចូលរួមក្នុងឱកាសចូលរួមលក់ជាលើកដំបូងរបស់ខ្លួន ជាមួយនឹងអ្នកនិពន្ធដទៃទៀត នៅស្តង់លេខ ២៧៣ ។
លោក រ៉េត សុភ័ក្រ បានរៀបរាប់ថា លោកពិតជារំភើបរីករាយខ្លាំងណាស់ សម្រាប់ពិព័រណ៍សៀវភៅឆ្នាំនេះ ដោយតែឆ្នាំកន្លង លោកធ្លាប់តែជាអ្នកចូលរួមកម្មវិធីពិព័រណ៍ និងដើរទិញសៀវភៅអ្នកនិពន្ធផ្សេងៗ។ ប៉ុន្តែឆ្នាំនេះ លោកមានឱកាសបានក្លាយជាឈរលក់ស្នាដៃតែងនិពន្ធខ្លួនឯង ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
លោករំពឹងថា ស្នាដៃតែងនិពន្ធ ដែលលោកសម្រិតសម្រាំងត្រៀមសម្រាប់ពិព័រណ៌សៀវភៅកម្ពុជាលលើកទី១០ ឆ្នាំនេះ មិនត្រឹមតែផ្តល់ជាការកម្សាន្តអារម្មណ៍ដល់អ្នកអានប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកលើកស្ទួយអំណាននៅកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានថ្លែងអំណរគុណដល់អ្នកដែលតែងតែគាំទ្រស្នាដៃតែងនិពន្ធរបស់លោកកន្លងមក។ ក្នុងនាមជាអ្នកនិពន្ធ លោក រ៉េត សុភ័ក្រ ក៏បើកចិត្តទទួលយករាល់ការរិះគន់ស្ថាបនាពីសាធារណជនផងដែរ និងសន្យាធ្វើឱ្យស្នាដៃតែងនិពន្ធរបស់លោក កាន់តែរីកចម្រើនថែមទៀត។
គួរជម្រាបដែរថា យុវនិពន្ធរូបនេះ ធ្លាប់ជាអ្នកសរសេរជាអត្ថបទបែបលើកទឹកចិត្ត រឿងនិទានកុមារ ប្រលោមលោក និងអត្ថបទខ្លីៗបែបអប់រំជាច្រើនទៀត និងធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអ្នកនិពន្ធ មុីសន សុធារី ក្នុងឆ្នាំ២០២១ ។ ដោយការស្រលាញ់លើផ្នែកតែងនិពន្ធ លោក រ៉េត សុភ័ក្រ បានបោះជំហានជាបន្តបន្ទាប់ក្នុងវិស័យតែងនិពន្ធ រហូតបានសម្រេចក្តីស្រមៃរបស់ខ្លួនមួយទៀត ពីអ្នកដើរទិញសៀវភៅថ្ងៃពិរណ៍ ទៅជាអ្នកឈរលក់ តំណាងស្នាដៃខ្លួនឯងវិញម្តង។
ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣ ធ្វើនៅទីតាំងធំជាងមុន ក្នុងបរិវេណសួនច្បារទល់មុខអគារ City Hall កោះពេជ្រ ដែលមានរយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ