ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំនេះ កាន់តែប្លែកជាងឆ្នាំកន្លង ទាំងទីតាំង ពេលវេលា ការប្រគុំតន្ត្រី រួមនឹងកម្មវិធីពិសេសៗជាច្រើនពីម្ចាស់ស្តង់ទាំងអស់ផងដែរ។ មួយវិញទៀត ចំនួនស្តង់ឆ្នាំនេះ កើនឡើងដល់ទៅជាង ៣០០ស្តង់ លើសចំនួនឆ្នាំមុន ដែលមានតែត្រឹមតែ ជិត ២០០ស្តង់ប៉ុណ្ណោះ។
ភាពខុសប្លែកគ្នារវាង ពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ និងលើកទី១០៖
– ទីតាំងធំជាងមុន ៖ រាល់ឆ្នាំពិព័រណ៍សៀវភៅកម្ពុជា តែរៀបចំធ្វើនៅបណ្ណាល័យជាតិ តែឆ្នាំនេះ ផ្លាស់មកធ្វើនៅបរិវេណសួនច្បារ មុខអគារ City Hall កោះពេជ្រ វិញម្តង។
– ពេលវេលាយូរជាងមុន ៖ សម្រាប់ឆ្នាំនេះ ពិព័រណ៍សៀវភៅកម្ពុជា ធ្វើរយៈពេល ៤ថ្ងៃ ខុសបណ្តាឆ្នាំមុនៗ ដែលត្រឹមតែ ៣ថ្ងៃ និងប្តូរពីម៉ោង ៧ព្រឹក-៧យប់ មកម៉ោង ៨ព្រឹក-៨យប់ វិញ ដើម្បីសម្រួលដល់អ្នកចូលរួម អាចមកកម្សាន្តក្រោយបញ្ចប់ការងារ ឬការសិក្សា។
– ស្តង់ ៖ ចំនួនស្តង់សៀវភៅ កើនឡើងច្រើនជាងមុន បើបូករួមនឹងស្តង់ក្រុមហ៊ុនផលិតផលផ្សេងៗ សរុបជាង ៣០០ស្តង់។
– កម្មវិធីផ្សេងៗ ៖ ឆ្នាំមុន មានការសម្តែងទស្សនីភាពក្បាច់គុនបុរាណខ្មែរ និងសិល្បៈ ឯលើកនេះមានទាំងសិល្បៈ មានទាំងការប្រគុំតន្ត្រី។
អ្វីដែលកាន់តែពិសេសថែមទៀត គឺពិព័រណ៍សៀវភៅលើកនេះ ធ្វើឡើងដំណាលគ្នានឹងការតាំងពិព័រណ៍ផលិតផលខ្មែរ របស់ក្រសួងពាណិជ្ជកម្ម គ្រាន់តែចាប់ផ្តើម មុនក្រោយគ្នាមួយថ្ងៃប៉ុណ្ណោះ និងមានរយៈពេល ៤ថ្ងៃដូចគ្នា៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ