រឿង៖ ដំណើរផ្សងព្រេងរបស់ស៊ីនបាដ ភាគបញ្ចប់

ពេល​​បាន​​​ឮ​​ហើយ​ ពួកយើងគ្រប់គ្នា​ពេញដោយការ​​ភ័យ​​ខ្លាចនិង​ចាប់​ផ្ដើម​ដាក់​ព្រលឹងព្រលះថ្វាយ​ចំពោះ​ព្រះអល់ឡោះ។ មិនយូរប៉ុន្មាន យើងបានឮសូរគ្រហឹមដូចផ្គរលាន់ ហើយត្រីដ៏ធំមួយក្បាលលេចឡើងមកនឹង​បានហែលស្លេវតម្រង់មករក​សំពៅ​យើង​។ វា​មាន​ខ្នង​ទូង​ធំ កម្ពស់​ដូច​កូន​ភ្នំ ហើយមានល្បឿនលឿនជាងសំពៅដប់ដង។ ពេលយើងកំពុងត្រៀមខ្លួនសម្រាប់ការស្លាប់ក្នុងពោះត្រីយក្ស ស្រាប់តែលេចសត្វពស់វែងធំ​ដ៏សាហាវមួយក្បាលហក់មកត្របាក់ត្រីជាអាហារ។

សត្វខ្នាតយក្ស​ទាំង​ពីរ ដ្បិតតែ​មិនទាន់​បាន​ធ្វើ​ចលនា​វាយ​ប្រហារមកលើសំពៅ​យើង ក៏ពួកយើង​នៅទីនេះ អាចនឹង​ស្លាប់​ដោយ​ការ​ភ័យ​ខ្លាចលេចនោម​។

​      មិនទាន់ចប់ទៀត ប្រទូសរ៉ាយ​បានបង្កជាសំឡេងនិងកំរោលរលក ផ្អើលហៅសត្វ​ទី​បី​​លេច​ចេញ​ពី​ក្នុងជម្រៅមហាសាគរ។ សត្វទីបីមាន​ខ្លួនជាមហាពស់ មាត់និងក្បាលជាតោ។ វាមិនរវល់នឹងសត្វទាំងពីរមុនទេ បែរជាបើកមាត់តម្រង់មកត្រងសំពៅរបស់យើង។ ពួកយើងស្រែកឱបគ្នា ក្រឡេកមើលទៅថ្គាមរបស់វា ដែលធំជាងទ្វារទីក្រុងទៅទៀតតើយើងអាចគេចផុតរបៀបណាបាន?

ខ្ញុំបានបួងសួង​​អង្វរ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ឱ្យ​ជួយជាចុងក្រោយមុនពេល​ខ្យល់​ពីមាត់សត្វបានបក់​បោក​មក​លើ​កប៉ាល់​ឱ្យប៉ើងងើប​ឡើង​ពីក្នុងវាល​ទឹក ហើយបោកខ្ជោល​ធ្លាក់ទៅ​លើឆ្នេរ​ថ្មប៉ប្រះ​ទឹកបំបែកកម្ចាយជាបំណែកៗ។

យើងគ្រប់គ្នានិងអ្វីៗទាំងអស់នៅលើសំពៅបានធ្លាក់ចូលទៅក្នុងសមុទ្រវិញ ខណៈខ្ញុំ​ជិះ​លើ​បន្ទះ​ក្តារ​ដោយ​ជើង​ទធាក់​ទៅ​មុខ​ដូច​សេះ។ ខ្យល់​និង​ទឹក​កំពុងប្រជែងស្ទង់កម្លាំងរបស់លេង​​ខ្ញុំដោយ​បាន​បោះរាងកាយ​​ខ្ញុំ​ឡើង​ចុះ ចុះឡើងឈ្លក់ទឹកង៉ាង។

ពេលនោះហើយ ខ្ញុំស្រែកយំតិះដៀល​ខ្លួនឯងថា៖

«អូ ស៊ីនបាដ អូស៊ាម៉ាន! ឯងមិនបានរៀនចាំពីមេរៀននៃការរងទុក្ខនិងការលំបាកមុនៗទេ! ឯង​បាន​ស្បថ​ថា​នឹង​បោះបង់​ការដើរសមុទ្រ​ ប៉ុន្តែ​ឯង​បានបំពាន​! ឯង​សម​នឹង​ទទួល​រង​ទុក្ខ​វេទនាសាដើម​​ដដែលជាដដែល! ការលោភលន់នេះឯង ជាហេតុនាំឱ្យឯងស្លាប់ទាំងមិនទាន់ដល់ពេល!»

មិនយូរប៉ុន្មាន ខ្ញុំប្រមូលអារម្មណ៍របស់ខ្ញុំមកវិញ ហើយគិតថា៖

«ប្រសិនលើកនេះ អាចឆ្លងផុត! ខ្ញុំប្រែចិត្តដោយស្មោះឥតវៀចវេចំពោះព្រះអល់ឡោះដ៏ខ្ពង់ខ្ពស់ទៀតទេ! តណ្ហារបស់ខ្ញុំសម្រាប់ការចំណេញនិងការបណ្តាក់ទុនខ្ញុំនឹងដាក់ចុះ មិនធ្វើដំណើរជួញប្រែតាមសមុទ្រទៀតជាដាច់ខាត សូម្បីតែគិតឬក្នុងសុបិន»។

ខ្ញុំ​បាន​បន្តបណ្តែតខ្លួន​ធ្វើ​បែប​នេះ​អស់​រយៈ​ពេលមួយយប់មួយ​​ថ្ងៃស្រេកឃ្លាននិងខ្សោះទឹក​​រហូត​​ដល់​​ចុង​​ក្រោយ​ខ្ញុំ​បានទើរ​ទៅ​ដល់​កោះ​មួយថ្មី​ដែល​ខ្ញុំមិនដែលស្គាល់​ឬធ្លាប់ឃើញ។

ទីនោះខ្ញុំបានឃើញឈើ​តម្រុយនៃសម្បក​ផ្លែ​ឈើ។ ជាការពិតណាស់​ ប្រសិនទីណាមាន​ឈើហូបផ្លែ ប្រាកដជាមានប្រភព​​ទឹក​សាបមិនខាន ពុំនោះទេដំណាំរស់មិនបានទេ។ ខ្ញុំបាន​ដើរ​រហូត​ដល់​​រក​ឃើញដើមពុទ្រាតូចៗ ខ្លះមានជាតិជូរ ខ្លះផ្អែមនិងខ្លះចត់។ ក្រោយពីចម្អែតហើយ​ ខ្ញុំក៏បន្តតាមសន្ធឹកខ្យល់រហូតដល់រកឃើញ​ដៃ​ទន្លេ​ដ៏ខៀវស្រងាត់មានទឹក​ស្អាតឆ្វាំងនិងរសជាតិ​ទឹក​ផ្អែម​។ ក្បែរនោះមានដើមឈើបែកមែកសាខាដែលផ្ទុកដោយ​​ផ្លែឈើធំៗ សាច់វា​ទន់ និងផ្អែមក្រអូបចាប់​មាត់​​ ដែល​​ខ្ញុំមិន​ធ្លាប់ស្គាល់ឬបានភ្លក់ពីមុនមកឡើយ។

​      ខ្ញុំបានចម្អែតនិងសម្រាកគួរសមរួចរាល់​ ក៏រកមធ្យោបាយ​ចង​ឈើ​ប្រណីត​មួយ​ចំនួន​ធ្វើ​ក្បូន​ដោយខ្លួន​ឯង។ ជាច្រើនថ្ងៃដែលខ្ញុំដេកនៅលើទូករបស់ខ្ញុំ រង់ចាំទម្រាំកម្លាំងខ្យល់មកដល់ខ្ញុំក៏ចាប់ផ្តើមរុញក្បូនតាមបណ្តោយនោះចាកចេញ។ ជាច្រើនថ្ងៃដែលផ្លែឈើខ្ញុំបេះមកតាម​បានហូបអស់ ខ្ញុំដេកលើនោះបណ្តែតកណ្តាលទន្លេល្ហល្ហេវគ្មាន​ទិសតំបន់ មិនឃើញភូមិករឬទូកនេសាទ សូម្បីតែមួយ ហើយអស់សង្ឃឹមយ៉ាងខ្លាំងនៅពេលដែលក្រពះទទេ។

ខ្ញុំយល់ថាក្បូននេះឯងជាទីបញ្ចប់របស់ខ្ញុំ។ ទោះសល់ដង្ហើមមួយក៏ខ្ញុំនៅតែបួងសួង។ មិនយូរប៉ុន្មាន ខ្ញុំកត់សម្គាល់ឃើញអ្នកនេសាទ ទម្លាក់អួននៅកន្ទុយភ្នែកចម្ងាយឆ្ងាយ។

ត្រេកអរណាស់ បានស្រែកប្រកូករហូតគាត់ឃើញ​ខ្ញុំ​ ហើយចែវមកក្បែរជួយទាញ​ខ្ញុំចូល​ច្រាំង​។ បុរសនោះបានគ្រា​​ខ្ញុំឱ្យបរិភោគនំ​និងទឹកឃ្មុំរបស់គាត់ រហូតដល់ខ្ញុំមានកម្លាំង​​បាន​សម្រាក​រៀប​រាប់​គ្រប់​យ៉ាង​​ ហើយ​គាត់​បាន​សន្យា​ថា​នឹង​ជួយ​ខ្ញុំ​។

ស្អែកឡើងយើងបានចែវមកដល់ភូមិប្រជុំជនមួយប្របនឹងច្រាំង​ទន្លេ កំពង់ផែដូចជាកូនទីក្រុងដ៏អាថ៌កំបាំង​អស្ចារ្យមួយលាក់ខ្លួន។

​បុរស​វ័យ​ចំណាស់​ម្នាក់​ដែលជាថៅកែទិញត្រីបានដឹងបន្តនូវរឿងកម្សត់របស់ខ្ញុំក៏មករាក់ទាក់ ហើយ​នាំ​ខ្ញុំ​ទៅផ្សារ​រកសម្លៀកបំពាក់ដ៏ល្អមួយឈុតឱ្យខ្ញុំប្តូរ ហើយបានបង់ប្រាក់ឱ្យខ្ញុំទៅលេង​កន្លែង​ងូតទឹកស្ទីមក្តៅនិងចំហុយ។ បន្ទាប់​មកគាត់​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ផ្ទះ​របស់​គាត់ ហើយ​រៀបចំ​អាហារ​ដ៏​បរិបូរ​ណ៍ទទួលខ្ញុំ។

នៅ​ពេល​ល្ងាច ខ្ញុំ​ចូល​សម្រាកក្នុងបន្ទប់ហើយស្នាក់នៅទីនោះរយៈពេលបីថ្ងៃហូបឆ្ងាញ់និងបំប៉នថ្នាំ ធ្វើឱ្យសុខភាពកា​យនិងចិត្តរបស់ខ្ញុំបានប្រសើរឡើងសន្សឹមៗ។

នៅថ្ងៃទីបួនម្ចាស់ផ្ទះរបស់ខ្ញុំបានមករកខ្ញុំហើយបបួលខ្ញុំទៅលេងខាងក្រៅដើម្បីស្រូបយក​អាកាស​បរិសុទ្ធ។ ខ្ញុំងឿងឆ្ងល់ ព្រោះតាមការពិតគាត់យកខ្ញុំមកទីប្រជុំជនទៅវិញ។ ខ្ញុំបានបដិសេធថា ខ្ញុំមិនមានប្រាក់សូម្បីតែមួយសេនណានិងថែម​បាត់បង់ទំនិញទាំងអស់នៅក្នុងការលិចកប៉ាល់។

ទោះជាខ្ញុំប្រកែកយ៉ាងណាក៏គាត់នៅតែ​ប្រាប់​ខ្ញុំ​ថា​កុំ​បារម្ភ​អី។ ទៅដល់ផ្សារកាលណា ខ្ញុំ​បាន​ឃើញ​ទាសករ​របស់​គាត់ឈរពពាយនាយ​​លក់​ក្បូន​របស់​ខ្ញុំ ​ហើយនិទាន​លម្អិតអំពីរឿងរ៉ាវនៃដំណើរផ្សងព្រេងរបស់ខ្ញុំ។ ពួកគេទុកថា នេះជាក្បូនព្រះនាំសំណាងឱ្យបានរស់មិនចេះស្លាប់ម្តងហើយម្តងទៀតដល់ខ្ញុំ ក៏មានអ្នកផ្តើមចង់បាននិងដេញថ្លៃយកទុក។

បុរសម្នាក់បានផ្តល់តម្លៃ១០០តម្លឹងមាស ហើយក្រោយមកការដេញថ្លៃឡើងដល់៣៥០​តម្លឹង​ធ្វើឱ្យខ្ញុំស្រឡាំងកាំងស្ងើចនឹងគំនិតជ្រោមជ្រែងរបស់ព្រះអល់ឡោះ។

ក្បូននេះមិនមានតម្លៃសោះទេក្នុងគំនិតរបស់ខ្ញុំ។ ដូច្នេះហើយបានថា មនុស្ស​យើងគិតបែបណា​ គ្រប់យ៉ាងបានប្រែប្រួលទៅជាបែបនោះមែន។

ពេលគេគិតថា វាជារបស់សំណាង វាក៏ក្លាយជាមាន​តម្លៃជាងរតនៈវត្ថុ។

​យើង​ត្រលប់​មក​ផ្ទះ​វិញ គាត់​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖

«ខ្ញុំ​ចាស់​ណាស់​ហើយ​គ្មាន​កូន​ប្រុស​ទេ ប៉ុន្តែ​ខ្ញុំ​មាន​កូន​ស្រី​ម្នាក់​ដែល​នៅ​ក្មេង ហើយខ្ញុំ​ត្រៀមរកមនុស្ស​ល្អមានសំណាងម្នាក់មក​រៀប​ការឱ្យនាង​។ ក្នុងជីវិតដ៏វែងឆ្ងាយរបស់ខ្ញុំ ខ្ញុំមិនដែលឮពីបុរសណាម្នាក់ ដែលតែងតែ​បានរួចរស់ជីវិតលើសពីការលិចកប៉ាល់ច្រើនលើកទេ​ តើអ្នកនឹងផ្តល់កិត្តិយសឱ្យខ្ញុំក្នុងការធ្វើជាកូនប្រសាខ្ញុំដែរ?​»

ខ្ញុំ​នៅ​ស្ងៀមហើយ​មិន​ឆ្លើយ​តប​ទេ ព្រោះ​ចិត្ត​សប្បុរស​របស់​គាត់​អស្ចារ្យ​ណាស់។ ប៉ុន្តែ​គាត់​បាន​បន្ត​ច្បាស់លាស់​ហើយ​និយាយ​ថា គាត់មិន​ប្រាថ្នា​អ្វី​ធំ​ជាង​នេះ​ទេមុន ពេលស្លាប់ទៅតាមធម្មជាតិ​។

​ចុងក្រោយ​ខ្ញុំ​ក៏​ទទួល​យកសំណើរនោះ។ ខ្ញុំ​បានព្រម​​រៀប​ការ​ជាមួយ​កូន​ស្រី​តែមួយគត់របស់គាត់ តាម​ពិធី​មង្គល​ការ​ដ៏​ថ្លៃ​ថ្នូរមួយ។

ថ្ងៃនោះ ខ្ញុំ​បាន​​ឃើញនាងជាលើកដំបូងទើបដឹងថា តាមពិត​​នាងជានារីមាន​សម្រស់និងចរិយាសម្បត្តិ​ល្អ​ឥត​ខ្ចោះ។ ពេល​នាង​តុបតែងជាមួយ​សម្លៀក​បំពាក់មង្គល​ដ៏​សម្បូរ​បែប គ្រប​ដណ្ដប់​ដោយ​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃនិង​ត្បូង​ពេជ្រ នាងបានក្លាយជាទេពអប្សររបស់ខ្ញុំ។

យើង​រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល រយៈពេលជាច្រើនឆ្នាំ រហូតដល់ឪពុករបស់នាងបានឆ្លងផុតទៅកាន់ពិភពលោកមួយទៀត…។

បន្ទាប់​ពី​ខ្ញុំ​ក្លាយ​ជា​មេ​គ្រួសារ ខ្ញុំ​ចាប់​ផ្ដើមទាក់ទង​ស្គាល់​គ្នា​ជាមួយអ្នកជំនួញ​ថ្មីៗមកពីទី​ក្រុង​ផ្សេង​ៗ​​ទៀត​ឱ្យ​កាន់​តែ​ជិត​​ស្និទ្ធ។

រយៈពេលនោះ​ខ្ញុំ​សេពគប់ជាមួយអ្នកចំណូលថ្មីម្នាក់។ ក្រោយយប់មួយដែលខ្ញុំនិងគេផឹកស្រាស្រវឹងខ្ញុំដឹងខ្លួនពាក់កណ្តាលក៏លបមើល​ឃើញ​ថា ម្នាក់នោះ​គេ​មាន​អាថ៌កំបាំង។

នៅពេលគេស្រែកបាលី ទម្រង់រាងកាយបស់គេបានផ្លាស់ប្តូរ ទៅជាបក្សីធំមួយអាចហោះបាន​។ ខ្ញុំស្រឡាំងកាំងជាខ្លាំង​ដំបូងស្មានថាគេជាគ្រូធ្មប់ តែក្រោយមកគេបានសារភាពប្រាប់ថា នេះជាបណ្តសានិងជាតំណនៃត្រកូលគេ។

​      ខ្ញុំដេកមិនសុខ ចេះតេគិតថា​ប្រសិន​ថ្ងៃណាមួយខ្ញុំអាចចេះបាលីនោះ ខ្ញុំប្រាកដជាអាចហោះហើរបានគ្រប់ទីកន្លែងមិនខាន?

ថ្ងៃមួយ​ខ្ញុំចិញ្ចឹមចិត្ត​តាមសួរគាត់ថា៖

«ស្រែក​ឡើងមិត្ត​ហើយ សូម​យក​ខ្ញុំ​ដាក់​លើ​ខ្នង​ទៅជាមួយផង​ ដើម្បី​ឱ្យ​ខ្ញុំ​ដឹង​ថា​វា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ហោះខ្ពស់!»

មិត្តម្នាក់នោះ​បានប្រកែកញ៉ាញ​ហើយ​​ឆ្លើយ​ថា៖

«សំណូមពរនេះ មិន​អាច​ទៅ​រួច​ទេ ព្រោះយើងមាន​តំណមតឹងដែលមិត្ត​មិនអាចតមបាន!​»

គេបានចាកចេញមិននិយាយដល់រឿងនោះ ប៉ុន្តែ​ចិត្ត​ចង់ចេះនេះ ខ្ញុំ​មិនព្រម​​ឈប់ត្រឹមនោះ​ឡើយ​។​ ខ្ញុំ​តែងតែជឿថា ថ្ងៃណាមួយខ្ញុំនឹង​សួរ​គាត់ដល់តែចេញ។

​យប់មួយខ្ញុំបានបង្អកគាត់ ហើយ​ចុង​ក្រោយ​គាត់​ក៏​ព្រមប្រាប់ពាក្យនោះ។

​      ខ្ញុំសូត្របែបណាក៏មិនកែប្រែរូបរាងទៅជាបក្សីសត្វបានដដែល អ៊ីចឹងហើយ​ ខ្ញុំ​បាន​ឡើង​លើ​ខ្នង​គាត់ ហើយបញ្ជាថា ​គាត់​ត្រូវ​យក​ខ្ញុំ​ទៅ​ខ្ពស់​រហូត​ដល់​ខ្ញុំ​បានឃើញផែនដីនៅក្រោម។

ពេលនោះមិត្តខ្ញុំពិតជាចងបង្អួតណាស់នូវសមត្ថភាពរបស់គាត់ ក៏យល់ព្រមនាំខ្ញុំហោះឡើងទៅ​លើ​មេឃ តែបានដាក់បម្រាម​តឹងរឹងមិនឱ្យខ្ញុំនិយាយសូម្បីមួយពាក្យណាឡើយពេលយើងកំពុងហោះ។

ខ្ញុំបានស្បថនឹងយល់ព្រមតាមគាត់គ្រប់យ៉ាង ទន្ទេញបម្រាម​ជានិច្ច​លុះណាមិត្ត​ខ្ញុំទុកចិត្ត​នឹងព្រមហោះឡើង។

មកដល់លើអាកាស ខ្ញុំ​រំភើប​ចិត្ត​ជា​ខ្លាំង។ ខ្ញុំនឹកស្រុកកំណើត នឹកផ្ទះ ហើយ​បាន​ស្រែក​ឡើង​ថា៖

«សូម​សរសើរ​ដល់​ព្រះអល់ឡោះ​ក្នុងកិច្ច​កសាង​​ភាព​ល្អ​ឥត​ខ្ចោះ​នេះ!​»

រំពេចនោះ ភ្លើងដ៏ធំមួយបានធ្លាក់មកពីស្ថានសួគ៌ ហើយដុតសត្វស្លាបឱ្យអន្តរធាន ធ្លាក់បាត់ខ្ចាត់ខ្ចាយនិងទម្លាក់​ខ្ញុំទៅ​​លើជួរ​ភ្នំមួយ។

នៅទីនោះ ខ្ញុំបានធ្លាក់លើផ្ទៃបឹងហើយស្រវាហែលឡើងមក ក៏ជួបនឹង​អាមាត្រពីរនាក់ មុខក្រម៉ូវ ដៃកាន់ក្តាប់ដំបងមាសធំដូចគ្នា។

ខ្ញុំ​បាន​សំពះពួកគេហើយ​សួរ​ថា ទីនេះ​ជាកន្លែងណា​ ហើយ​ពួក​គេទាំងពីរ​ជា​នរណា។

«យើងជាអ្នកបំរើរបស់ព្រះអល់ឡោះដ៏ខ្ពង់ខ្ពស់!»

ឆ្លើយតបរួចម្នាក់ក្នុងចំណោមនោះ​បាន​ឱ្យ​ដំបង​មាស​មួយ​មក​ខ្ញុំ ហើយ​ដើរបណ្តើរ​​ខ្ញុំ​តាម​ជួរ​ភ្នំសំដៅ​​មាត់​ល្អាងធំនិងជ្រៅ។ នៅកន្លែងនោះ យើង​បាន​ឮ​សម្រែក​របស់​បុរស​ម្នាក់ឡូឡាចេញមកពីជម្រៅឆ្ងាយថា៖

«អ្នកណានៅខាងក្រៅ! សូមជួយសង្រ្គោះខ្ញុំផងចុះ! ព្រះអល់ឡោះនឹងជួយសង្គ្រោះអ្នកពីគ្រប់បញ្ហាទាំងអស់!»

ពេលនោះ យើងបានឃើញ​រឿងរន្ធត់មួយ​ គឺសត្វ​ពស់​ធំ​មួយ​ដែនរីកមាឌចម្លែកកំពុងលេបមនុស្សពាក់កណ្តាលទៅហើយ។ ក្បាល​និង​ផ្នែក​ខាង​លើ​នៃ​ខ្លួន​គាត់​នៅលៀន​​ចេញ​ពី​មាត់វា បានជា​​គាត់​ ​ស្រែក​រក​ខ្ញុំឱ្យជួយ។

ខ្ញុំ​ប្រញាប់​ចុះ​ទៅ​វាយ​ក្បាល​ពស់នោះ​ដោយ​ដំបង​មាស​របស់​ខ្ញុំ វាយហើយវាយទៀតមិនដាក់ដៃ​រហូត​ដល់​វាទ្រាំ​លែង​បាន​ក៏ព្រមខ្ជាក់ជន​រង​គ្រោះ​ហើយ​រត់​គេច​ខ្លួនទៅក្នុងទីងងឹតបាត់។

ដោយខ្ញុំបានជួយស្អំគាត់និងមើលគាត់​ឱ្យសម្រាកបន្តិច​បានធូរស្បើយ ពួកយើងក៏បានបន្តដំណើរជាមួយគ្នាទៅមុខ​ជាមួយគ្នាស្វែងរកទីប្រជុំជន។ ទីបំផុតយើងបានប្រទះឃើញមិត្តខ្ញុំដែលចេះបាលីហោះ កំពុងដេកសន្លប់ពេលធ្លាក់ពីលើមេឃ។

យើងបានជួយសង្គ្រោះគាត់មួយយប់មួយថ្ងៃទម្រាំសះរបួស។ បុរសបក្សីយល់ព្រម​ដឹកពួកខ្ញុំវិលទៅវិញ។ ប្រពន្ធខ្ញុំបានចេញមកទទួលខ្ញុំដោយអំណររីករាយនឹងសុវត្ថិភាពរបស់ខ្ញុំនេះ។

ទោះបីជាយ៉ាងណា យប់នោះពេលចូលនិន្ទ្រាភរិយា​ខ្ញុំបានខ្សឹបប្រាប់ខ្ញុំឱ្យប្រយ័ត្ននឹងការហោះហើរជាមួយមនុស្សបក្សី ព្រោះពួកគេមានទំនាក់ទំនងនឹងអារក្ស ហើយមិនដឹងថា អាចហោះឡើងនិងធ្លាក់មកវិញ​ពេលណាទេ។ គ្មានអ្នកណាអាចបិទមាត់មិននិយាយអ្វីរហូតលើមេឃពេលកំពុងរំភើបឡើយ។

ដូច្នេះ​ ដោយដឹងថាខ្លួនឯងតែងតែមានចរិតរឹងរូស ចិញ្ចឹមចិត្ត​ប៉ុនប៉ងយ៉ាងមានះ ខ្ញុំមិនមានបំណងចង់ស្នាក់នៅក្នុងទីក្រុងនេះទៀតទេ ដូច្នេះហើយពួកយើងបានសម្រេចចិត្ត​ថា នឹង​លក់ទ្រព្យសម្បត្តិរបស់យើងទាំងអស់ហើយបានឡើងជិះកប៉ាល់ត្រលប់ទៅទីក្រុង Baghdad វិញ។

យើងធ្វើដំណើរដោយសុវត្ថិភាពទៅកាន់ទីក្រុង Baghdad ហើយត្រូវបាន​មកទទួលនិងចោមព័ទ្ធ ដោយមិត្តភក្តិនិងក្រុមគ្រួសាររបស់ខ្ញុំ។

ខ្ញុំបានសន្យាចំពោះព្រះអល់ឡោះដ៏ខ្ពង់ខ្ពស់បំផុត ថានឹងមិនធ្វើដំណើរទៀតទេ ក្រោយការធ្វើដំណើរលើកទីប្រាំពីរនិងជាលើក​ចុងក្រោយនេះ បានបង្ហាញឱ្យខ្ញុំឃើញពីផែនដីនិងអាថ៌កំបាំងលើលោកគ្រប់គ្រាន់ហើយ។

សេដ្ឋី Sinbad the Sailor បាននិយាយទៅកាន់ Sinbad ជាអ្នកលីសែងជាចុងក្រោយថា៖

«ឥឡូវនេះអ្នកបានឮពីគ្រោះថ្នាក់និងការលំបាកដែលខ្ញុំបានឆ្លងកាត់ហើយ!»

បុរសអ្នកលីសែងបានជូតទឹកភ្នែកហើយ និយាយតបវិញថា៖

«អល់ឡោះប្រទានពរដល់អ្នក! ឱ! លោកម្ចាស់របស់ខ្ញុំអត់ទោសឱ្យខ្ញុំចំពោះពាក្យដែលលើកឡើងដោយក្តីច្រណែន​ពីមុននោះផង!»

សេដ្ឋីបានទទួលឱ្យស៊ីនបាដលីសែងមករស់នៅជាមួយគាត់ហើយយល់ព្រមជួយឱ្យគាត់រស់នៅមិនខ្វល់ខ្វាយអ្វីទៀត។

Sinbads ទាំងពីរបានក្លាយជាមិត្តនឹងគ្នា ហើយតែងតែ​រីករាយនឹងជីវិតចែករំលែកសាច់រឿង​ដ៏រីករាយរហូតដល់ថ្ងៃចុងក្រោយរបស់ពួកគេ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*