រឿង៖ លង់ស្នេហ៍កញ្ញា Introvert

សាច់មុខរលោងស្អាត សម្បុរសណ្តែកបាយ ច្រមុះស្រួចធ្លូ សក់វែងត្រឹមខ្នងមូរទឹករលក ញញឹមស្រស់ មានកែវកាហ្វេនិងសៀវភៅនៅពីមុខ។ ខ្ញុំកំពុងភ្លឹកនឹងសម្រស់មិត្តភក្តិស្រីប្អូនជីដូនមួយខ្ញុំ។
កំពុងភ្លឹកនឹងសម្រស់ស្រី អាធា មិត្តចង្រៃ ស្រាប់តែទះខ្ញុំមួយដៃ និងនិយាយឡើង៖
« អ្ហេ៎! ហ្អែងមើលអីក៏មើលម៉េសអ្ហា៎? »

រៀងម៉ូវចិត្តដែរ ខ្ញុំងាកទៅសម្លក់វាត្មែរ មិនតបអ្វី ហើយងាកសម្លឹងម្នាក់ស្រីនោះបន្តទៀត។ តែអាមិត្តទុរយស វាហាក់មិនចប់មិនហើយសោះ!
« នែ! ក្រែងហ្អែងមិនទាន់ដាច់គ្នាស្រួលបួលនឹង កញ្ចនា ណា៎អ្ហី! »
សម្តីវា ដូចដាល់ខ្ញុំកណ្តាលមុខមួយដៃ។ ដោយសារតែខ្ញុំហ៊ានលួចចាប់ចិត្ត និងនារីដទៃ ខណៈខ្លួនឯងកំពុងមានសង្សារដែរ។ គ្រាន់តែឥឡូវនៅងង៉ក់នឹងគ្នា មិនចង់ស្តី តែក៏ច្រើនថ្ងៃហើយដែរ ទោះមិនទាន់និយាយថាបែក តែដូចតែបែកទៅហើយដែរ។

« ហើយវាម៉េចហ្អែង? » ខ្ញុំសួរ
« មានម៉េច! តែអញដឹងរឿងម្នាក់ហ្នឹង។ ចែហ្នឹង មិនដែលស្តីរកពីណា ក្រៅពីមិត្តស្និតស្នាលគេ ២-៣នាក់ហ្នឹងទេ។ ហ្អែង កុំស្រមៃថាងាយចូលទៅជិតអ្ហ៎រ! »

កុសលជ្រួញចិញ្ចើមឆ្ងល់ សុធាបន្ត៖
« អារក្ស ក៏ធ្លាប់ញ៉ែដែរ តែចូលកៀកមិនបានទេវើយ! មិនខ្ចីស្តីរកពីណាហ្មងក្រៅពីមិត្តគេ »

« ចុះបើអញញ៉ែបាន ហ្អែងគិតម៉េច? » កុសលសួរ
« អញ ភ្នាល់ដាក់ជីវិត! គ្មានផ្លូវទេអានាង! ប្រហែលអារក្ស វាអ្នកសិក្សា! កូនអ្នកមាន សង្ហាហើយ!ចរិតគ្រាន់បើជាងហ្អែងទៀត! នៅគេមិនស្តីរកផង! »
សុធា តបទាំងជឿជាក់ថា គ្មានថ្ងៃដែលមិត្តខ្លួនញ៉ែ កេសា បាននោះឡើយ។

« អើ!! ឱ្យច្បាស់ណាហ្អែង! បើអញញ៉ែមិនបាន ហ្អែងហៅអញអាសត្វទៅ »
អ្នកទាំងពីរវៃចិញ្ចើមដាក់គ្នា ហាក់ជឿជាក់រៀងខ្លួន។

(សូមបើករង្វង់ក្រចកបន្តិចចុះ! តាមពិតកំលោះស្បែកសមុខម៉ត់រលោងដូចស្រីនេះ មិនបានស្រលាញ់ កេសា ដែលត្រូវជាមិត្តប្អូនស្រីជូនដូនមួយគេឡើយ។ តែដោយសារឃើញនាងមានឫកពាគួរឱ្យស្រលាញ់ ស្របនឹងអារម្មណ៍ឯកាផង! ក៏បែកគំនិតញ៉ែមិត្តប្អូនខ្លួនឯង…)


ដើម្បីតែស្វែងរកការទាក់ទងជាមួយ កេសាបាន កុសល ស្វែងរកគ្រប់វិធី…
…មានពេលមួយ កុសល បានលួចយកទូរសព្ទប្អូនស្រីជីដូនមួយខ្លួន ដើម្បីស្វែងរកលេខទូរសព្ទ កេសា ហើយក៏បានព្យាយាមទំនាក់ទំនងទៅកេសា…

ខាងប្រុសកាន់ទូរសព្ទដាក់ត្រចៀកបណ្តើរ អន្ទះអន្ទែងដើរចុះឡើងបណ្តើរ រង់ចាំខាងស្រីលើកលេខខ្លួន រហូតបាត់សំឡេង តឺតៗ ក្នុងត្រចៀក។ ខាងប្រុសរហ័សសួរ៖

« កេសា មែនទេ? ខ្ញុំគឺបងប្រុស នីកា » កុសល ណែនាំខ្លួនជាមុន។
« អូ! មានការអីមែន៎? » សំឡេងស្រទន់ ស្មើរៗ តបឆ្លើយនឹងខាងប្រុស។
« Call ទៅលេងហ្នឹងណា៎ »
« អ្ហ៎រ!! តែខ្ញុំអត់ទំនេរផង បានហើយណា៎ » តូត! តូត!

ហុី! មើលគេធ្វើឫក! និយាយមិនទាន់ចប់ស្រួលបួលផងបិទបាត់។ មនុស្សស្អី ឫកឡូយម៉េស!
បែបគិតថា ខ្លួនឯងហ្នឹងស្អាតណាស់ហើយមើលទៅ!
ហើយគិតថា ខ្ញុំងាយបញ្ឈប់ស្រួលៗអ៊ីចឹងមែន៎!
ចាំមើលណា៎ ឱ្យកញ្ញាវាយឫកឯងស្គាល់អា សល ម្តង។


ចងគំនុំនឹង Crush

ខ្ញុំប្រើគ្រប់វិធីដើម្បីក្បែរនាង មិនថាមធ្យោបាយអ្វីក៏មិនសូវជាបានផលដែរ។ មានពេលខ្លះ ខ្ញុំក៏លួចសញ្ជឹងគិតថា តិច Lesbien ទៅ!

វាមិនដែលពីណា មនុស្សប្រុសទាំងសង្ហាក៏សង្ហា បើប្រៀបនឹងតួកុនកូរ៉េ មិនចាញ់គ្នាប៉ុន្មានទេ និយាយរួមទៅ មនុស្សស្រីពិបាកនឹងគេចផុត ដំណាក់កាលប្រុសស្អាតដូចជាខ្ញុំនេះណាស់! ខុសគេតែ យាយបុិហ្នឹងមួយ…

គុំណាស់! និយាយមែន! ឃើញឬកពាអឺកាយ៉យយាយបុិហ្នឹងម្តងៗ សឹងតែចង់ចាប់ចរិតមកទុកក្នុងបន្ទប់ទេ…
អ្ហេ៎ មួយឃ្លាហ្នឹង ថាតាមសេណារេយ៉ូកុនទេ កុំអាលផ្តេសផ្តាស បុរសដូចខ្ញុំត្រឹមត្រូវខ្លាំងណាស់។

ប្រាប់ត្រង់ថាថាំចិត្តមែនណា៎ ធ្លាប់តែញ៉ែបានៗ ដល់ប៉ះម្នាក់នេះចង់គាំងគំនិត មិនដែលពីណាលេងគេចវេស មិនចង់ហាស្តីគ្រប់ពេលអ៊ីចឹងទេ។ ធ្វើចរិតអ៊ីចឹង! ពីណាញ៉ែបាន។ ម៉ូវដែរហ្នឹងអ៊ីចឹងៗអី! ធ្វើឱ្យបណ្ឌិតស្នេហាខ្ញុំនៀក ទាល់តែម្តង។

ប៉ុន្តែចង់ប្រាប់ដែរថា ដេកចាំទៅពៅអើយ បងឡូយម្នាក់នេះ មិនងាយចប់ស្រួលៗអ៊ីចឹងទេ។
ហុឺស! ល្បីថាពិបាកញ៉ែហ្ហេស៎! ចាំមើលអ្ហា៎… ឥឡូវដេកយកកម្លាំងសិន ស្អែកធ្វើតាមផែនការ។


វគ្គ ដាក់ផែនការញ៉ែ

លើគ្រែដ៏កក់ក្តៅ ក្នុងបន្ទប់ទំហំ ៣x៤ម៉ែត្រ ដែលរាយប៉ាយដោយខោអាវមិនទាន់គក់ ខ្ញុំកំពុងដេកចុចទូរសព្ទ មមៃគិត ធ្វើម៉េចទាក់ទាញម្នាក់ហ្នឹងបាន។

ក្រឡេកឆ្វេងក្រឡេកស្តាំ មើលឃើញតែធូលីដី និងរបស់របរដែលខ្ញុំទុកដាក់ យ៉ាងគ្មានរបៀបរៀបរយ ងើយទៅពិដាន យល់ឃើញតែសំណាញ់ពីងពាងមិនទាន់បោស ស្រាប់តែផុសចេញគំនិតមកឡើង។
អីយ៉ា! ពីងពាងជាអ្នកមានគុណហើយទេតើនៀក… នឹកឃើញហើយ ខ្ញុំស្ទុះភ្លែត វាចាប្រាប់ពួកអាដែង ពីងពាងថា “មិនអីទេពួកហ្ហែង បើញ៉ែម្នាក់ហ្នឹងបាន អញទុកឱ្យពួកឯងធ្វើប្លង់រឹងក្នុងបន្ទប់នេះហ្មង” ។
មិនបង្អង់យូរ ខ្ញុំប្រញាប់ទាញទូរសព្ទ ធ្វើសកម្មភាពហ្មង…

ដោយសារដឹងថា កេសា ជាមនុស្សដែលចូលចិត្តរៀន ខ្ញុំក៏ឆាតទៅរាល់ថ្ងៃ ឆ្ងល់នេះឆ្ងល់នោះ ឱ្យតែបានឆ្ងល់ ជារួមទៅ និយាយឱ្យតែបានបានទៅ ធ្វើម៉េចឱ្យតែមានប្រធានបទវែកញ៉ែកជាមួយគេ។
បើនិយាពីអារម្មណ៍វិញ ធុញណាស់លោកអើយ មនុស្សមិនចូលចិត្តរៀនផង បែរជាត្រូវមកឱ្យជជែកគ្នារឿងរៀន តែមិនថ្វីទេ ដើម្បីជ័យជំនះ ស៊ូៗអាឡូយ យកចិត្តនាងឱ្យបានណាហ្ហែង។

ជារៀងរាល់ថ្ងៃ ខ្ញុំចេះតែរកនឹកអីមកឆ្ងល់ ឆ្ងល់នេះឆ្ងល់នោះជាមួយយាយបុិហ្នឹង មិនហ៊ានស៊ូកសៀត ឃ្លាញ៉ែទេ ខ្លាចគេជ្រាប ហើយបែរជាដកថយវិញ។ ពេលខ្លះ ក៏គាំងខួរម្តងៗដែរ ដូចប្រាប់អ៊ីចឹង មនុស្សធុញនឹងរៀន។ រៀន វាមានសប្បាយដូចដើរលេងឯណា៎! មិនអ៊ីចឹង!


សប្តាហ៍ទី៥

ចុម និយាយលេងសើចអី ជាង១ខែហើយ ដូចមិនទៅមុខសោះ! បានត្រឹមអារម្មណ៍គ្រូនិងសិស្សហ្នឹង!
មិនកើតទេ ត្រូវតែមានសកម្មភាពថ្មីហើយបានបាន។

« កេសា »
« ចា៎ស! »
………
(គ្រាន់តែគេឆ្លើយចាស៎មួយម៉ាត់ ឯងឯណេះដូចត្រូវសណ្តំបាត់ ចុមអាសល មិញ៎ហ្ហែងប្រុងនិយាយអី!)
« ហ្ហាឡូ! ហ្គាឡូ! »
ខ្ញុំភ្លាំងភ្លឹកមួយសន្ទុះ មុននឹងឆ្លើយ៖
« អ្ហ៎ កំពុងស្តាប់តើ »
« ហៅមួយម៉ាត់ស្ងាត់ ខ្ញុំស្មានបញ្ហាប្រព័ន្ធ រកបិទហើយមិញ៎ »
យី! យាយាបុិនេះ វេទនានិយាយរកគ្នាណាស់អី! ស្អីក៏រកបិទ! ស្អីក៏រកបិទ!
« អត់ទេ កំពុងគិតថា… »
(ចុម ផ្តើមពីណាទៅណាអ៊ីចេសអញ គួរសួរថាម៉េច! គួរសួរថាម៉េច!)
« ម៉េចទៀតហើយ? » សំណួរកេសា កាត់ផ្តាច់ការគិតខ្ញុំ
(វឹបៗទៅអានេះ! ខាងស្រីតឿនសួរហើយ) ខ្ញុំសម្រួលអារម្មណ៍រួច ក៏វាចាដោយស្ទង់ស្ទាបអារម្មណ៍កញ្ញា Crush ទាំងសំឡេងបេះដូងរត់មកនៅត្រចៀកទាំងទ្វេ (អូខេ សម្រួលអារម្មណ៍ៗ មិនមែនលើកទី១ទេ)
« អឺ..!! កេសា »
…………
ចង់ថា..សួរមេរៀនមេសាតាមទូរសព្ទអ៊ីចឹង ពិបាកណាស់! ស្អែកបើមានពេល..អាចទៅរកកាហ្វេ មួយកែវរៀនជុំគ្នាបន្តិច ល្អទេ?
…………
យី! ម៉េចស្ងាត់ជ្រៀបអ៊ីចឹង ធ្វើឱ្យឯងឯណេះបុកពោះមិនឈប់ នឹកភ័យ នឹងអាធាហៅអាសត្វផង។ តែខ្ញុំរហ័សបន្ត៖
« សង្ឃឹមមិនបដិសេធទេណា៎! »
…………
(ចុម! ចែហ្នឹង ទម្លាប់អត់ឆ្លើយអ៊ីចឹងហ្មងហុី!)
មិនអែរអង់យូរ ខ្ញុំក៏ស្រូតបន្តឃ្លាដាក់សម្ពាធកញ្ញាកេសា៖
« ខ្ញុំបបួលនីកាទៅដែរណា៎ »
លើកនេះដូចរៀងហុចផល។
« ហុឺម!!! ក៏បានដែរអ៊ីចឹង »
បានឮវាចាខាងស្រី យល់ព្រមពេលណា អារម្មណ៍នៀក!!!! ក៏ដូចជាទម្លាក់ធំថ្មមួយផ្ទាំងធំ ពីលើទ្រូង

យេស! ឆ្លាតណាស់អាពៅ ទោះមិនបានពីរនាក់ ក៏បានគេព្រមទៅក្រៅជាមួយដែរហ្ហា៎ ដំបូង៣នាក់ យូរទៅ… ហិហិហិ
គ្រាន់តែគិតក្នុងចិត្ត ក៏ខ្លួនខ្ញុំនេះវារសាប់រសល់បាត់ទៅហើយ ចេះតែគិតបែកអូរហូរស្ទឹង គិតដល់ពេលដែលជាអីនឹងគ្នាពេញមុខ ហុហុ

ថ្ងៃបន្ទាប់…
ជាធម្មតា ថ្ងៃសម្រាកអ៊ីចឹង ម៉ោង៩ជាងអីអ្ហោះបានខ្ញុំងើប តែថ្ងៃនេះជ្រួលច្របល់ក្នុងចិត្តមិនឈប់។ អារម្មណ៍ Pink Pink ដូចកំពុងរំកិលចូលជីវិតជាថ្មីម្តងទៀត។
កេសា! កេសា! ក្នុរខួរវិលវល់តែមុខកេសា។

តឺង! សំឡេងផ្ញើសារទាំងព្រឹក កុសល លូកដៃទាញទូរសព្ទមកមើល៖
« អេប្រូ! អី!ឥឡូវក្លាយជាអ្នកសិក្សាផង! សុទ្ធតែចង់ឱ្យកូនស្រីគេបង្រៀន។ ចង់អូសកាឡាពួកម៉ាកខ្ញុំមែន??? » នីកាផ្ញើសារជាសំឡេងមកកុសល។
« ស្អីឯងអ្ហា! មកដុតបងប្អូនឯងទាំងព្រឹក? »
« នែ! កុំស្មានខ្ញុំមិនដឹងចរិតបងឯង។ ខ្ញុំប្រាប់ឱ្យហើយណា៎ បើច្បាស់លាស់នឹងកេសា ចាំញ៉ែ។ »
កុសលបើកសារសំឡេងស្តាប់មិនទាំងទាន់តបផង សារពីនីកាមួយទៀតក៏លោតមក។
« ហើយបងឯងដាច់ស្រាច់នឹងសង្សារបងឯងនៅ? »
កុសល ស្ងៀមគិតមួយសន្ទុះ មុននឹងតប៖
« មិនបាននិយាយថាបែកគ្នាទេ! តែតាំងពីថ្ងៃឈ្លោះគ្នាខ្លាំហ្នឹងមក គេមិនតបស្តីនឹងបងទេ លែងនិយាយរកគ្នាឡើងរាប់អាទិត្យហើយ! អាចចាត់ទុកថាបែក »
« កុសល! ខ្ញុំប្រាប់បងឯងមុនណា៎ កេសាមនុស្សល្អ! កុំលេងសើចនាំបញ្ហាដោយទាំងខ្ញុំ។ ដោយសារបងឯងជាសាច់ញាតិទើបខ្ញុំហាមមុន។ យ៉ាងណាក៏ដោយ បើមិនទាន់ដាច់ស្រេចនឹងម្នាក់នោះទេ កុំពាក់ព័ន្ធមិត្តខ្ញុំម្នាក់នេះ។ »
អារម្មណ៍ល្អៗមិញនេះ ក៏រសាត់បាត់ភ្លាមក្រោយស្តាប់សារសំឡេងប្អូនជីដូនមួយហើយ។ កុសល ចុចreactលើសាររបស់នីកាដាក់រូបលើកដៃអូខេ រួចចាប់ផ្តើមសញ្ជឹងគិតដោយទឹកមុខស្មើរ។

ក្រោយឆ្លើយឆ្លងគ្នាមួយសន្ទុះ សាររបស់កេសាក៏លោតលើអេក្រង់ទូរសព្ទ កុសលម្តង៖
« ថ្ងៃហ្នឹង យើងទៅជួបគ្នានៅឯណា? »
សេដសុខៗសោះ! ស្រាប់តែស្នាមញញឹមមិនដឹងជប់មកពីណា កុសលបិទមាត់មិនជិតនឹងសំណួរខ្លីរបស់ខាងស្រី រួចតប៖
« Hidden Café! ស្គាល់អត់? ឬឱ្យខ្ញុំទៅយក?»

« ទេ! ផ្ញើតែ location មក សម័យនេះហើយមិនមែនជំនាន់ទូរសព្ទ Nចុចពិលទេ »
មួយប្រយោគនេះ​ ធ្វើឱ្យកុសលគ្រវីក្បាលតែម្តង ព្រោះរកឱកាសអូសក្រឡាមិនបាន។
កុសលក៏រេដៃចុចផ្ញើ location ឱ្យកេសា។ ផ្ញើរួច ក៏ឆ្លៀតផ្ញើសារឱ្យនីកា ប្អូនជីដូនមួយខ្លួនដែរ។

« បងនឹងធ្វើឱ្យបានល្អ កុំភ័យ! »
…………

ម៉ោង១០ព្រឹក នៅ Hidden Café

ខ្ញុំមកដល់ហាងកាហ្វេហើយ

មួយឃ្លាអមដោយរូបភាពបញ្ជាក់នេះ កុំបាច់ឆ្ងល់! ប្រាកដជាផ្ញើជម្រាបជូនកញ្ញា Crush ហើយ។ ឆាតទៅប្អូនខ្លួនឯងបានប្រយោជន៍អី! បើអ្នកដែលយើងចង់ Make close គឺចែ Introvert នោះហ្នឹង។

« អេ Brother! » សំឡេងហៅអមដោយមួយដៃលើខ្នង។ នេះជារបៀបដែលប្អូនជីដូនមួយខ្ញុំជួបមុខខ្ញុំ។
ខ្ញុំងាកសម្លឹងអ្នកវៃខ្ញុំមួយដៃអម្បាញ់មិញមុននឹងរេភ្នែករកអ្នកដែលឈរទន្ទឹមនីកា ។

« អ្ហេ! ភ្លឹកម៉េស! » សំឡេងដាស់ស្មារតី អមដោយមួយដៃជាថ្មី មុននឹងកញ្ញាប្អូន រួមនិងកេសា ចូលអង្គុយទល់មុខខ្ញុំ។

គ្រាន់តែពួកគេអង្គុយចុះភ្លាម ខ្ញុំក៏នឹកឃើញចង់ទៅឆ្លុះកញ្ចក់មើលរូបរាងខ្លួនឯងម្តងទៀត។ ក្លាយថាមុខប្រឡាក់អី ឬសក់មិនរៀបរយត្រង់ណា។ ព្រោះជួបមុខគ្នាលើកទីមួយផង ខ្ញុំចង់ឱ្យកេសាផ្តិតរូបដ៏សង្ហាខ្ញុំទុកក្នុងដួងចិត្តគេនោះអី!

« ពីរនាក់ហ្នឹងកុម្ម៉ង់ Drink សិនទៅ! សុំទៅបន្ទប់ទឹកមួយភ្លែត »

ខណៈស្រីៗកំពុងរង់ចាំភេសជ្ជៈរបស់ពួកគេ ខ្ញុំក៏ឆ្លៀតសារ៉េសក់ឱ្យកាន់តែរៀបរយ ទើបដើរទៅតុវិញ…

ពេលមកដល់តុវិញ ខ្ញុំដូចជារឹងខ្លួនរកនឹកពាក្យចាប់ផ្តើមមិនបានសោះ! ដូចជាអៀនៗគេយ៉ាងម៉េចមិនដឹងទេ។ រហូតដល់កញ្ញាប្អូន ហាស្តីផ្តើមដូចដឹងអារម្មណ៍បងជីដូនមួយខ្លួនឯង៖
« ខ្ញុំឮថាបងឯងអត់សូវយល់មុខវិជ្ជាគ្រប់គ្រងអាជីវកម្ម ត្រូវអត់? ខ្ញុំក៏អត់សូវច្បាស់អាហ្នឹងដែរ។ អ៊ីចឹង!ថ្ងៃហ្នឹង! ខ្ញុំសុំរៀនជាមួយសិស្សពូកែយើងនេះដែរ » នីកាបង្ហើយឃ្លាសិស្សពូកែ តំណាលនឹងដៃចង្អុលកេសា និងឆ្លៀតវៃចិញ្ចើមដាក់ខ្ញុំជាសញ្ញា។

យី!!អឺ!! ព្រឹកមិញទើបព្រមានឯងសោះ! ឥឡូវចេះយល់ទុក្ខធុរៈ។ ហ៊ើស! គ្រាន់បើ!!! ចេះជួយបងប្អូនអ៊ីចឹងទៅ បានគេហៅថាប្អូនមានកំណើត។

ពេលកេសាចាប់ផ្តើមពន្យល់! ខ្ញុំស្តាប់មិនឮអ្វី ក្រៅពីសំឡេងបេះដូងដែលរន្ថើន ចង់ចេញមកជួបមុខមនុស្សស្រីដែលឆក់យកការចាប់អារម្មណ៍ពីម្ចាស់វានោះទេ។ ខ្ញុំភ្លឹកសំឡឹងមុខគេ អង្គុយស្ញេញស្ញាញម្នាក់ឯង លែងខ្វល់នឹងពិភពលោកខាងក្រៅ។ ព្រោះពិភពលោករបស់ខ្ញុំ កំពុងប្រែជាពណ៌សុីជម្ពូរ ដោយសារតែម្នាក់នៅចំពោះមុខនេះប៉ុណ្ណោះ។
រវល់តែភ្លឹក កេសា ទាញអារម្មណ៍ខ្ញុំមកពិភពពិតវិញភ្លែត៖
« អឺ! យើងយល់អត់? » កេសាសួរដោយរដិរដុប។
« អ្ហាស៎! »
…………
ចប់ហ្មង! មិញគ្មានបានស្តាប់អីមួយបៀកទេ រវល់តែភ្លឹកជាមួយគេ។ ភ្លាមៗ ខ្ញុំក៏រកនឹកដោះសារ៖
« អូ! សុំទោសផង។ យប់មិញខ្ញុំមានបញ្ហាផ្ទាល់ខ្លួនតិចតួច គេងអត់គ្រប់ម៉ោង។ អារម្មណ៍នៅមិនសូវល្អ ស្តាប់កេសាបានពាក់កណ្តាល ក៏ភ្នកគិតរឿងហ្នឹងជាថ្មី លែងចាប់អារម្មណ៍ស្តាប់ហ្មង។ សុំទោសណា៎!!! »

« អ្ហ៎!! អត់អីទេ ចាំអារម្មណ៍ល្អ ចាំយើងរៀនទៀតក៏បាន។ ហើយបើអត់សប្បាយចិត្ត ធ្វើអីដែលយល់ថា Relax តិចទៅ ម៉េចដែរ? ចាំខ្ញុំនិងនីកាកំដរ »

ខ្ញុំសំឡឹងមុខកេសាភ្លឹក! ភ្លេចឆ្លើយ។ កញ្ញាប្អូនជួយដាស់ស្មារតីជាថ្មី៖
« មែនហ្នឹងបងកុសល! ទៅណាល្អណ៎? …បងឯងចង់ទៅលេដ ice and snow ជិត Aeon II អត់? …ខ្ញុំគិតថាបើទៅហ្នឹង យើងលេងព្រិលបានហើយ យើងអាចឈៀងចូលមើលកុន និងញុំាអីបានទៀត! ម៉េចដែរ? »

ខ្ញុំរហ័សងក់ក្បាលហើយតប៖
« ល្អតើ! ទៅឥឡូវហ្មងទៅអ៊ីចឹង! »

យល់ស្របនឹងគ្នាហើយ ពួកយើងក៏រូតរះគិតលុយ នាំគ្នាដើរទៅរកម៉ូតូរៀងខ្លួន។ ខ្ញុំឃើញពីរនាក់មិត្តភក្តិគេ នៅខ្សឹបគ្នាឡើងមួយសន្ទុះ ហើយកេសាក៏ដើរមករកខ្ញុំ និងស្រដីឡើង៖
« ខ្ញុំសុំជិះទៅជាមួយផង! ព្រោះនីកា សុំបបួលសង្សារនីកាទៅដែរ។ ហើយគេឱ្យពួកយើងទៅមុន គេទៅតាមក្រោយ ព្រោះត្រូវឈៀងចូលយកសង្សារគេនៅជិតម្តុំផ្លូវទៅហ្នឹងដែរ »
« អ្ហ៎រល្អតើ បានគ្នាច្រើនសប្បាយ! »

Why not? ចាំឱកាសហ្នឹងយូរហើយ។ ចង់និយាយអ៊ីចឹងអ្ហា៎
ថ្ងៃនេះ ចង់និយាយថា កញ្ញាប្អូនជួយជ្រោមជ្រែងខ្លាំងហ្មង!!! សុំសរសើរ! ហេតុតែចេញពីសែស្រឡាយតែមួយ អារឿងល្បិចខូចហ្នឹង លេខ១ហ្មង។ ហ្គូត មានកំណើតណាស់ប្អូន ថ្ងៃ២៥ ចាប់ឱ្យកាដូ។

សន្ទនាចប់ កេសា ឡើងជិះម៉ូតូខ្ញុំ។ ទោះដៃមិនព្រមឱបចង្កេះ ខ្ញុំក៏ទទួលអារម្មណ៍ថា Pink Pink ។ ខ្ញុំចេះតែរកប្រធានបទសួរនេះសួរនោះ កុំឱ្យស្ងប់ស្ងាត់ពេក។ កម្រណាស់! មានឱកាសកៀកគ្នាបែបនេះ។

« កេសា ជិះម៉ូតូជាមួយខ្ញុំអ៊ីចឹង អត់ខ្លាចសង្សារឃើញហើយប្រចណ្ឌទេអ្ហ៎រ »​
ចេះតែសួរទៅ តែដឹងស្រាប់ហើយថាគេគ្មានសង្សារណ៎ាណីផង ហិហិហិ
« ខ្ញុំខ្លាចតែកុសលវិញទេ! ព្រោះខ្ញុំគ្មានមនុស្សប្រុសពាក់ព័ន្ធអីឡើយ។ »
ទទួលចម្លើយនេះ ធ្វើឱ្យបេះដូងខ្ញុំកក់ក្តៅដល់ហើយ។ ក្នុងគ្រានេះ ខ្ញុំពិតជាប្រាថ្នាចង់ឱ្យខ្លួនឯងជាសង្សារយាយបុិក្រោយខ្នងនេះខ្លាំងណាស់។

« ខ្ញុំក៏ទំនេរដែរ! គ្មានសង្សារទេ។ តែពេលខ្លះពិបាកដែរ មនុស្សយើងសង្ហា ដល់អ៊ីចឹង!​ ស្រីៗចេះតែចោមរោម »
« រោមដូចរុយតាមចោមអីម៉្យាងនោះហ្នឹងមែន៎!? » ខ្ញុំហាក់ភ្ញាក់នឹងស្រដី មនុស្សមិនចេះមាត់ស្តីរកមនុស្សប្លែកមុខណា តែបែរជាចេះបង្អាប់លេងសើចនឹងខ្ញុំទៅវិញ។
« ចុម! កេសាចេះអ៊ីចឹងទៀត? »
« អ៊ីចឹងម៉េចទៅ? »
« ចង់ថា បានសម្តីដែរតើ! តែម៉េចគេល្បីថា កេសា សុភាពអត់ដែលហ៊ានស្តីរកអ្នកណាអ៊ីចឹង? »

គេស្ងៀមមួយសន្ទុះ មុនតបសម្តីនឹងខ្ញុំ៖
« ខ្ញុំមិនមែនមនុស្សសុភាពរាបសារដូចពាក្យគេថាអីទេ។ គ្រាន់តែខ្ញុំអត់ចូលចិត្តរាប់អាន និងស្តីរកមនុស្សប្លែកមុខ »
« ម៉េចអ៊ីចឹង? » ខ្ញុំឆ្ងល់ចង់ដឹង
« មកពីធម្មជាតិខ្ញុំអ៊ីចឹង! ខ្ញុំអត់ទម្លាប់នឹងបរិយាកាសថ្មីទេ! មានមនុស្សស្និតស្នាលត្រឹម ២-៣នាក់ ល្អពេកហើយ »

ដោយចង់ស្គាល់គេកាន់តែច្បាស់ ខ្ញុំក៏ដេញដោលបន្តបន្ទាប់៖
« ចុះកេសា ធ្លាប់មានសង្សារអត់? »
« ធ្លាប់តើ » គេឆ្លើយដោយមិនស្ទាក់ស្ទើរ

ខ្ញុំហាក់នៅគាំងនឹងចម្លើយអម្បាញ់មិញ តែខាងស្រីឆ្លៀតបន្ត៖
« តែស្នេហាហ្នឹងដូចសុបិនអាក្រក់អ៊ីចឹង! ព្រោះខ្ញុំមិនធ្លាប់សូម្បីតែបានស្គាល់មុខគេ និងសូម្បីតែសំឡេងគេ។ ហើយអ្វីដែលបានទទួលដឹង គឺត្រឹមសាវតានិងទម្លាប់គេប៉ុណ្ណោះ »
ចម្លើយម្តងហ្នឹង ធ្វើឱ្យខ្ញុំក្រញាញ់ខួរ ហើយភ្ញាក់សួរភ្លាមហ្មង៖
« ចុម!​ អត់យល់! ហើយអ៊ីចឹងស្រលាញ់គ្នារបៀបម៉េចវិញ? »
អារម្មណ៍ចង់ដឹង កន្ត្រាក់ពេញវិញ្ញាណកាយ ចាំស្តាប់ដោយយកចិត្តទុកដាក់បំផុត។
« អ្ហើយ!! វែងឆ្ងាយណាស់!​ ចាំខ្ញុំប្រាប់ពេលក្រោយចុះ។ ឥឡូវយើងជិតដល់ហើយ។ »
កេសាឆ្លើយ កាត់ផ្តាច់ការចង់ដឹងរបស់ខ្ញុំ តែខ្ញុំនៅតែមន្ទិលក្នុងចិត្ត។ វិភាគម៉េច ក៏វិភាគមិនចេញ។​

ស្អីគេ! ចេះតែមាន? វាមិនដែលសង្សារឯណា មិនទាំងដែលឮសំឡេង មិនទាំងដែលជួបមុខ ស្រលាញ់គ្នាកើត! What? ចុម! ចែហ្នឹងនាំអាតឯងក្រញាច់ខួរហើយតើនៀក។

…………

មួយថ្ងៃពេញ ខ្ញុំបានចំណាយពេលជាមួយកេសា លេងព្រិល មើលកុន និងញុំាអី ទោះមិនមែនតែពីរនាក់ តែក៏យល់ថាមានក្តីសុខ។ សំខាន់! បានជួនក្រាសទៅផ្ទះទៀត។

« អរគុណហើយណ៎ា» ពួកយើងស្តីឃ្លានេះឡើងតំណាលគ្នា។ កេសា ក៏សើច ខ្ញុំក៏សើច។
« អរគុណហើយ ដែលកំដរខ្ញុំ។ លើកក្រោយបើអត់សប្បាយចិត្ត ខ្ញុំមករកកេសាហើយណា៎! » ខ្ញុំរហ័សអរគុណសណ្តំចិត្តគេ ព្រោះចង់មានឱកាសថ្មីទៀត។
« ចា៎ស » ឆ្លើយដោយញញឹម បូករួមនឹងសំឡេងដ៏ស្រទន់…. ឥឡូវនេះ ខ្ញុំហាក់មិនដឹងអ្នកណាសណ្តំអ្នកណាទេនេះ!

« អ៊ីចឹង! ខ្ញុំផ្ទះហើយណា៎ » កេសារហ័សលា ខ្ញុំក៏ងក់ក្បាលជំនួសឆ្លើយ និងឆ្លៀតថែមស្នាមញញឹមបន្តិចមុនឃ្លាតគ្នា ទាំងខ្ញុំអាល័យវេលាក្បែរគ្នាតែឯង… ប៉ុន្តែខ្ញុំស្រាប់តែនឹកឃើញរឿងមួយ ខ្ញុំក៏រហ័សហៅខាងស្រីដែលតើបឈានបាន ៣ជំហាន។

« កេសា! »
« ចា៎ស! » គេងាកមកដោយទឹកមុខឡេឡឺគួរឱ្យខ្នាញ់។
« កុំភ្លេចរឿងដែលកេសានិយាយលើម៉ូតូថ្ងៃនេះណា៎!! ខ្ញុំពិតជាចង់ដឹងមែន។ ចង់ដឹងខ្លាំងបំផុត! »
គេញញឹមជំនួសការឆ្លើយ ហើយងោកក្បាលបន្តិច មុននឹងលើកដៃ bye bye ដាក់ខ្ញុំ និងដើរទៅបើកទ្វារចូលផ្ទះ។

ម៉ោងដូចជាដើរធម្មតា តែម៉េចក៏ខ្ញុំយល់ថាពេលវេលាដើរលឿនម៉្លះណ៎។ ដូចជាទើបជួបមុខគ្នាមិញសោះ ឥឡូវដល់ម៉ោងទៅផ្ទះបាត់។ តែយ៉ាងណាថ្ងៃនេះ ពិភពលោកពោពេញដោយពណ៌សុីជម្ពូរ…

…………

ខ្ញុំមកដល់ផ្ទះវិញដោយអារម្មណ៍នៅចង់ដឹងរឿងសង្សារចាស់ កេសា មិនឈប់។ ក៏ទាញទូរសព្ទ Chat ទៅ…
« កេសា! កំពុងធ្វើអីហ្នឹង? »

តឺង! សំឡេងតបសារ
« លេងហ្គេមហ្នឹងណា៎ »
« ចុម!​ អ្នកសិក្សាចេះលេងហ្គេមទៀត? »

តឺង!
« ខ្ញុំក៏ជាមនុស្សដែរ ត្រូវការលំហែខួរក្បាលដូចគេឯងដែរ »
« ខ្ញុំ Call ទៅជជែកលេងបានអត់អ៊ីចឹង? »

ស្ងាត់មួយសន្ទុះ « emmm »
ទោះចម្លើយខ្លី តែអ្នកជំនាញទាក់ចិត្តមនុស្សស្រីដូចខ្ញុំក៏យល់ន័យថាចម្លើយនេះ ៥០/៥០ លក្ខណៈថា Call ក៏បាន អត់ក៏បាន។ អ៊ីចឹងមិនសុំាញុំាយូរ ខ្ញុំរហ័ស Call សន្ទនាគ្នាតែម្តង…

ខាងស្រីលើកភ្លាម ខ្ញុំមិនទាន់ចូលរឿងផ្ទាល់ខ្លួនគេភ្លាមទេ។ ខ្ញុំលើកប្រធានបទខ្លួនឯងមកមុនសិន។ ចេះតែនិយាយពីនេះពីនោះ រហូតចូលដល់រឿងមនោសញ្ចេតនាខ្លួនឯង។ មិនដឹងហេតុអី ខ្ញុំចង់ប្រាប់នារីម្នាក់នេះត្រង់ៗថា បច្ចុប្បន្នទំនាក់ទំនងស្នេហាខ្ញុំវាហាក់នៅស្រពិចស្រពិល។ ខ្ញុំឱ្យនាងជួយវិភាគ៖
« ពួកយើងឃ្លាតគ្នាដោយលែងទាក់ទងតែម្តង គេប្លុកហ្វេសប៊ុកខ្ញុំ ឯខ្ញុំប្លុកលេខគេ។ ហើយរយៈពេល១ខែជាងនេះ ខ្ញុំប្រាកដចិត្តខ្លួនឯងណាស់ថា មិននៅសេសសល់អារម្មណ៍ស្រលាញ់លើគេទៀតទេ » ខ្ញុំរ៉ាយរ៉ាប់ប្រាប់ កេសា

« អ៊ីចឹង! សួរបេះដូងខ្លួនឯងទៅ នៅក្បែរគ្នាសប្បាយចិត្តជាង ឬឃ្លាតគ្នាមានក្តីសុខជាង? »

មួយប្រយោគនេះស្រាល តែហាក់មានទម្ងន់ក្នុងចិត្តខ្ញុំខ្លាំង។ កេសា កាន់តែធ្វើឱ្យខ្ញុំប្រាកដចិត្តឡើងថា ចរណៃ លែងជាមនោសញ្ចេតនាដែលខ្ញុំត្រូវការទៀតហើយ។ ហើយពេលនេះ អារម្មណ៍ខ្ញុំកាន់តែជ្រះស្រឡះ ប្រាកដយ៉ាងច្បាស់ថា ចរណៃ គ្រាន់តែជាអ្នកចាស់ដែលខ្ញុំធ្លាប់ស្រលាញ់ប៉ុណ្ណោះ។ ជាក់ស្តែង ទាំងនាងនិងខ្ញុំ សុទ្ធតែច្បាស់ក្នុងចិត្តរៀងខ្លួនហើយថា អស់អារម្មណ៍ល្អៗនឹងគ្នាយូរមកហើយ មុននឹងការបែកបាក់នេះ…

« ចុះកេសាវិញ? ខ្ញុំនៅឆ្ងល់មិនអស់ចិត្តនឹងរឿងដែល កេសា ប្រាប់ពីថ្ងៃសោះ! អាចប្រាប់ខ្ញុំបានអត់ ថាទំនាក់ទំនងហ្នឹង ផ្តើមដោយរបៀបណា? »
« រឿងវែងឆ្ងាយណាស់ ចង់ដឹងធ្វើអី? »
« ព្រោះសំខាន់! ទើបខ្ញុំចង់ដឹង »

គេស្ងាត់មាត់មួយសន្ទុះ មុននឹងព្រមប្រាប់៖
« ខ្ញុំមិនដែលប្រាប់រឿងផ្ទាល់ខ្លួននេះទៅអ្នកណាទេ សូម្បីនីកា។ អ្វីដែលនីកាដឹង ត្រឹមខ្ញុំធ្លាប់មានស្នេហា តែរឿងសុីជម្រៅ ខ្ញុំក៏មិនចង់ប្រាប់អ្នកណាដែរ មកពីវាពិបាកឱ្យគេជឿ។ សូម្បីខ្ញុំខ្លួនឯង ក៏សឹងមិនជឿថាខ្លួនឯង អាចងប់ស្រលាញ់ មនុស្សដែលគេតាក់តែងឡើងបែបនេះដែរ…អ៊ីចឹង! ខ្ញុំសង្ឃឹមថា កុសល នឹងលាក់ការណ៍រឿងនេះ មិនប្រាប់អ្នកណាទេណា៎? »

គេក៏ឆ្លៀតសួរបញ្ជាក់ខ្ញុំ មុននឹងបន្តសាច់រឿង៖
« ស្នេហានោះ! ផ្តើមឡើងដោយសារតែមិត្តស្និតស្នាលនឹងខ្ញុំ។ ខ្ញុំបានទុកនាងជាចំណែកសំខាន់មួយក្នុងជីវិត និងមិនធ្លាប់អនុញ្ញាតឱ្យអ្នកណាធ្វើអាក្រក់លើនាងបានឡើយ។ »
និយាយដល់ចំណុចនេះ កេសាសើចបន្តិចនិងប្រាប់ខ្ញុំថា គ្រប់គ្នាតែងយល់ថា កេសា និងម្នាក់នោះ ជាស្រីស្រលាញ់ស្រីទៀតផង។

នាងបន្ត៖
« ថ្ងៃមួយ មិត្តខ្ញុំមកប្រាប់ថា គេមានបងប្រុសជីដូនមួយម្នាក់ ចាប់អារម្មណ៍នឹងខ្ញុំ ដោយសារតែចៃដន្យឃើញខ្ញុំនិងគេ អង្គុយញុាំអីនៅក្រោយសាលារៀន។ កាលណោះ អាចនិយាយបានថា ដូចមានកម្លាំងកម្មអ្វីម៉្យាង នាំខ្ញុំអាចងប់ជឿសម្តីមិត្ត។ គេប្រាប់ថា បងប្រុសគេជាមនុស្សពូកែអៀន មិនហ៊ាននិយាយផ្ទាល់ជាមួយខ្ញុំទេ។ សុខចិត្តផ្ញើ message មិនមែនឆាតតាមហ្វេសប៊ុកឡើយ។ ហើយរាល់សារដែលគេផ្ញើរមក មានតែពាក្យដដែលៗ ដូចជាកំពុងធ្វើអី នឹក ចង់ជួបក្នុងសុបិន រាត្រីសួស្តីអីអ៊ីចឹងទៅ។ »
និយាយអាក់សំដីបន្តិច ពេលនិយាយដល់ត្រឹមនេះ និងឆ្លៀតសួរខ្ញុំ ដែលកំពុងត្រង់ត្រាប់ស្តាប់យ៉ាងស្ងៀមស្ងាត់៖
« ស្តាប់ទៅ ខ្ញុំល្ងីល្ងើណាស់មែនទេ? »
ខ្ញុំក៏រហ័សឆ្លើយលោមចិត្តខាងស្រី៖
« អត់ទេ! ខ្ញុំគ្រាន់តែឆ្ងល់ថា កេសា មិនមានការសង្ស័យលើមនុស្សម្នាក់នោះទេ? »
នាងបន្ត៖
« ព្រោះនោះជាស្នេហាដំបូងក្នុងជីវិតខ្ញុំ! ខ្ញុំមិនដឹងទេថារបៀបមនុស្សស្រលាញ់គ្នាយ៉ាងណា។ ខ្ញុំគ្រាន់តែគិតថា បើស្រលាញ់គ្នា ប្រាកដជាចង់ឱ្យគ្នាល្អ មិនមែនការទាមទារឱ្យដើរលេងជាមួយ ឬអ្វីផ្សេងឡើយ។ កាលណោះ មិត្តភក្តិខ្ញុំប្រាប់ខ្ញុំថា មូលហេតុដែលបងប្រុសរបស់គេមិនជួបមុខខ្ញុំ ព្រោះអ្នកផ្ទះគាត់តឹងតែង និងតាមដានគាត់ជាប់ ខ្លាចគាត់មានសង្សារមិនខ្នះខ្នែងនឹងការសិក្សា និងមិនចង់ឱ្យខ្ញុំខូចខាតឈ្មោះផង។ គេថា ព្រោះពេលវេលានៅរៀន ម្នាក់ៗសុទ្ធមិនច្បាស់ថាថ្ងៃក្រោយយ៉ាងណា ទើបមិនចង់បង្ហាញគេឯង… »

ទ្រាំស្តាប់ទៀតមិនបាន ខ្ញុំក៏ឧទានសួរភ្លាម៖
« ហើយ កេសា ក៏ជឿដោយមិនសង្ស័យសោះ? »
« អុឹម! » ចម្លើយដែលមានន័យថាមែនហើយ
ខ្ញុំពិតជាមិននឹកស្មានថា មនុស្សរៀនពូកែដែរ ម៉េចក៏ល្ងង់ម៉្លេះ។ តែមុននឹងនិយាយអ្វី ខ្ញុំបានពិចារណារាប់សិបដង ព្រោះខ្លាចថានាងមានអារម្មណ៍មិនល្អនឹងសំណួរខ្ញុំ និងអាចយល់ច្រឡំថាខ្ញុំកំពុងមើលងាយនាងក៏ថាបាន។

កេសា ក៏បន្តរឿងនាងទៀត៖
« ខ្ញុំជឿរាល់សម្តីដែលមិត្តខ្ញុំប្រាប់! អ្វីក៏ដោយ…រហូតដល់ពេលមួយ ដែលខ្ញុំកាន់ទូរសព្ទនាងផ្សេងទៀតដោយចៃដន្យ ទើបខ្ញុំដឹងថា លេខទូរសព្ទបុរសដែលខ្ញុំទុកជាសង្សារនោះ ជាលេខទូរសព្ទដៃមួយទៀតដែលនាងកំពុងកាន់។ ពេលហ្នឹង!​ ខ្ញុំក៏ផ្តើមធ្វើការបញ្ជាក់រឿងមួយ… ហើយទីបំផុត ខ្ញុំក៏ច្បាស់ក្នុងចិត្ត ១០០ភាគរយថា រាល់ដង អ្នកដែលផ្ញើរសារមកខ្ញុំគឺនាង »

« ម្នាក់ហ្នឹង Lesbian មែន៎? »
ខ្ញុំសួរកាត់ នាងក៏រហ័សឆ្លើយ៖
« អត់ទេ! ខ្ញុំក៏មិនច្បាស់ពីទង្វើហ្នឹងដែរ។ ខ្ញុំគ្រាន់តែយល់ថាអាចមកពីហេតុផលអីមួយ។ អាចថាដំបូងចង់លេងសើចនឹងខ្ញុំ តែដល់ខ្ញុំរៀង serious នឹងមនោសញ្ចេតនាហ្នឹងដែរ ក៏បន្តប្រឌិតពាក្យកុហកអ៊ីចឹងទៅ! »

« តិចលោ ម្នាក់ហ្នឹងស្រលាញ់បងជីដូនមួយខ្លួនឯងទៅ! »
ខ្ញុំចាប់វិភាគវែកញ៉ែកនឹងរឿងនេះមិនឈប់ ព្រោះមិនទាន់រកហេតុផលពិតឃើញ ខណៈសាមុីខ្លួន គ្មានចង់ដឹងការពិតពីក្រោយរឿងនេះសូម្បីបន្តិច។

« កេសា មានធ្លាប់សួរម្នាក់ហ្នឹងអត់ ថាថីបានធ្វើអ៊ីចឹងដាក់ កេសា? »
« អត់ទេ ព្រោះខ្ញុំខ្លាចការពិតធ្វើឱ្យបាត់បង់មិត្តភាពនេះជាង »

ចម្លើយ កេសា ធ្វើឱ្យខ្ញុំយល់ហើយ ថាហេតុអ្វីកេសាប្រឹងគេចវេសពីការពិតនេះ។
ពេលដែលនាងប្រាប់ខ្ញុំថា យប់នាងក៏នាងសំងំយំនឹងរឿងនេះដែរ តែនាងបានត្រឹមតែកំដរមិត្តនាងសម្តែង ឱ្យចប់សាច់រឿង គឺរហូតដល់ថ្ងៃដែលនាងទ្រាំលែងបាន ហើយក៏រកមនុស្សម្នាក់មកណែនាំថា នាងអស់ចិត្តនឹងបងប្រុសគេនោះហើយ។

ខ្ញុំពិតហួសចិត្ត និងអាណិតកេសាខ្លាំងណាស់។ កេសា បែរជាសុខចិត្តដើរតួជាមនុស្សអាក្រក់ខ្លួនឯងទៅវិញ…

« ចុះឥឡូវ! កេសា នៅរាប់អានគេទៀតមែន? »
« ចាស៎ »
គ្រាន់តែនាងឆ្លើយចាស៎ ខ្ញុំឯណេះឡើងក្តៅស្លឹកត្រចៀកងុំ តែនាងក៏បន្តឱ្យខ្ញុំស្ងប់អារម្មណ៍បន្តិច៖
« តែខ្ញុំមិនបានស្និតស្នាលនឹងមិត្តនោះទៀតទេ។ អាចថាដូចស្នេហារបស់យើងអ៊ីចឹង! មិនបាច់និយាយពាក្យបែកទេ តែអារម្មណ៍ម្នាក់ៗ សុទ្ធតែដឹងថា លែងមានគ្នាហើយ »

នាងនិយាយចប់ ខ្ញុំក៏នឹកឃើញថា ខ្ញុំក៏ជាបងប្រុសជីដូនមួយនីកាដែរ ឯកញ្ញាប្អូនខ្ញុំក៏កំពុងជួយធ្វើមេអណ្តើកដូចគ្នា។ គិតត្រឹមណេះ ខ្ញុំក៏បុកពោះភ័យ ខ្លាចថាដំបៅចាស់កេសាមិនទាន់ជាសះ។ ខ្លាចថានាងមិនព្រមបើកចិត្តទទួលយកខ្ញុំ…

« កេសា នៅឈឺចាប់នឹងរឿងហ្នឹងអត់? » ខ្ញុំសួរ
« …គួរតែនិយាយថា ធ្វើចិត្តបានហើយ » នាងឆ្លើយ
« កេសា! » ខ្ញុំហៅនាងដោយថ្នមសម្តី
« ចាស៎! »
« កុំ មើលមកខ្ញុំនិងនីកា ដូចជាពួកគេអីណា៎ »

នាងក៏អស់សំណើចមួយរំពេច និងនិយាយឡើង៖
« មនុស្សខ្ញុំ ចេះបែងចែកណាស់! មនុស្សម្នាក់ៗខុសគ្នា។ យ៉ាងណាខ្ញុំមានបទពិសោធរឿងនោះស្រាប់ហើយ ម៉េចនឹងអាចកើតឡើងម្តងទៀត! ណាមួយ… យើងជាមនុស្សពិត មិនមែនជាការប្រឌិតឯណា »

អីយ៉ាស!​ បើយោងតាមបទពិសោធស្នេហាច្រើនឆ្នាំមកនេះ ខ្ញុំច្បាស់ណាស់ថា ជាតម្រុយភ្លើងខៀវឱ្យច្បាស់ក្រឡែត។ ដោយរៀងអៀនដែរ ពួកយើងក៏ស្ងាត់មួយសន្ទុះរៀងខ្លួន ទម្រាំខ្ញុំហ៊ានជជីកសួរទម្លាប់ និងចំណង់ចំណូលចិត្តមនុស្សស្រីម្នាក់នេះបន្ត…


ភាពស្និតស្នាលរបស់ពួកយើង ចេះតែបន្តពីមួយថ្ងៃទៅមួយថ្ងៃ។ ឯអារម្មណ៍ល្អៗចំពោះគ្នា ក៏កើនឡើងជាលំដាប់ តែចំពោះទំនាក់ទំនងវិញ! ខ្ញុំនៅមិនទាន់ហ៊ានសារភាពត្រង់ៗចេញពីមាត់នៅឡើយទេ ព្រោះយល់ថា ខ្លួនឯងមានរឿងខ្លះ មិនទាន់ធ្វើឱ្យដាច់ស្រេចនៅឡើយ… ទី១ គឺស្នេហាដែលឃ្លាតឆ្ងាយ ហើយមិនទាន់និយាយឱ្យដាច់ស្រេចថាបែក ទី២ គឺរឿងភ្នាល់គ្នានឹងពួកអាដែង។

មិនអែរអង់យូរ ខ្ញុំក៏ទាញទូរសព្ទ Chat ទៅ កញ្ចនា
« សុខសប្បាយទេ? »
« សុខទុក្ខធម្មតាទេ មានការអីអ្ហ៎? » តបភ្លាមទាន់ចិត្ត ព្រោះអតីតសង្សារខ្ញុំម្នាក់នេះ ទម្លាប់នាង ដៃជាប់នឹងទូរសព្ទស្រាប់ទៅហើយ។

« ចង់និយាយរឿងយើង » ខ្ញុំស្នើរ
« បានតើ »

សន្ទនាគ្នាត្រឹមនេះ ខ្ញុំរឹតតែច្បាស់ក្នុងចិត្តថា កញ្ចនា លែងធ្វើឱ្យបេះដូងខ្ញុំប្រតិកម្មអីទៀតហើយ ខ្ញុំក៏រៀបរាប់ប្រាប់នាងតាមអារម្មណ៍ដែលខ្ញុំមាននៅពេលនេះ ថាខ្ញុំ ពិតជាអស់ចិត្តស្រលាញ់លើនាងហើយ និងចង់បញ្ជាក់ថា ពួកយើងលែងជាអ្វីនឹងគ្នាហើយ។

« យើងលែងជាអីនឹងគ្នាយូរហើយតើ » កញ្ចនា ឆ្លើយបែបស្មើរៗ
« អ្ហឺម!!! ខ្ញុំគ្រាន់តែចង់ clear រឿងយើងប៉ុណ្ណឹង ដើម្បីមានការចាប់ផ្តើមថ្មី ល្អរៀងខ្លួន អ៊ីចឹងប៉ុណ្ណឹងចុះណា៎ »
ខ្ញុំរហ័សលានាង ទាំងអារម្មណ៍ហាក់ដូចរួចផុតពីទីងងឹតមួយដូច្នេះដែរ ហើយក៏មិននឹកគិតថា វាស្រួលបែបនេះសោះ។ និយាយជាមួយ កញ្ចនា ចប់ ខ្ញុំក៏បន្តទៅសារភាពក្នុងគ្រុបពួកអាមិត្តចរិតបាន ដើម្បីបញ្ជាក់ថា កេសា មិនមែនជាអារម្មណ៍មួយគ្រាឡើយ លើកនេះ ជារឿងច្បាស់លាស់ និងជារឿងអនាគត…

« ស្អីអ្ហា៎! ប្រាកដអត់! ថាមិនវិលទៅរកអ្នកចាស់ទៀត? » លើកនេះ អាភី សួរម្តង។ មិនបង្អង់យូរ ខ្ញុំ Screenshot Chat មុននេះ ជាមួយនឹងកញ្ចនាឱ្យពួកវាបានមើល។

« ពួកម៉ាកយើង មានអ្នកច្បាស់លាស់ហើយវើយ » អាធា និយាយបែបនេះ ធ្វើឱ្យអាពីរនាក់ផ្សេងទៀត នាំគ្នាផ្ញើរ sticker emoji ពេញគ្រុប ហើយក៏ណាត់គ្នាទៅក្រៅដើម្បីជប់លៀងអបអរខ្ញុំ។ ម៉្យាងដែរ! មានពួកម៉ាកមួយក្រុម ឆាប់យល់ការណ៍អ៊ីចឹង។ តែយ៉ាងណា មុននឹងអាចទៅរីករាយនឹងពួកវាបាន ខ្ញុំសម្រេចចិត្តថា ធ្វើរឿងមួយសិន…

[ កេសា! ថ្មើរនេះ ប្រហែលជាយើងកំពុងគេងលក់យ៉ាងស្កប់ស្កល់ ខ្ញុំមិនគួរ Chat រំខានទេ! តែកាលដែលខ្ញុំផ្ញើរសារកាត់សុបិនយើងនៅពេលនេះ ព្រោះតែខ្ញុំហាក់គេងមិនលក់ រសាប់រសល់ ចង់ស្រាយចំណងចិត្ត។

ខ្ញុំសារភាពថា ខ្ញុំជាមនុស្សប្រុសមិនល្អទេ ហើយក៏ធ្លាប់លេងសើចនឹងមនោសញ្ចេតនា តែមិនដឹងយ៉ាងម៉េច ជួបយើង ធ្វើឱ្យខ្ញុំផ្លាស់ប្តូរ ៣៦០ដឺក្រេ ប្រែជាចាស់ទុំចេះគិតជាងមុន! ប្តូរពីមនុស្សមិនចេះខ្វល់អ្នកណា មកខ្វល់នឹងអារម្មណ៍យើងគ្រប់វិនាទី។ មុននេះ ក៏ព្រោះតែនៅមិនសុខ ខ្លាចថាយើងទទួលយកអតីតកាលខ្ញុំមិនបាន ខ្ញុំក៏រូតរះទៅជម្រះមន្ទិលជូនយើង ជាមួយនឹងមនុស្សអតីត ទាំងដែលយើងមិនទាមទារ… ដូចឆ្កួតអ៊ីចឹង! បែបមកពីយើងល្អពេក ខ្លាចថាខ្លួូនមិនស្អាតស្អំ ខ្លាចយើងដឹងរឿងអតីតខ្ញុំហើយ មានគំនិតអវិជ្ជមានលើខ្ញុំ ទើបខ្ញុំធ្វើរឿងឆ្កួតៗមុននេះ។

អាចទេ? បើខ្ញុំសុំចិត្ត កេសា សុំស្រលាញ់ដោយបើកចំហរ? ក្លាយជាអីនឹងគ្នាពីពេលនេះ? ជាស្នេហា? ]

៥នាទីកន្លងផុត ម៉ោង ១២រំលងអធ្រាត្រទៅហើយ ខ្ញុំមិនគិតថានាងបានមើលទេ តែថា…

« Why not? »

ជាទង្វើអ្វីនេះ? គេព្រមនឹងសំណើរខ្ញុំមែន? ខ្ញុំឡើងជ្រួលច្របល់ ទះមុខខ្លួនឯងចង់ស្ពឹកមុខ មុននឹងចុចខលទៅគេ ដើម្បីបញ្ជាក់៖
« បានន័យថាម៉េច? ប្រាប់ច្បាស់ៗមក » ខ្ញុំសួររន្ថើននាង នាងប្រែជាសើចទៅវិញ

យីស! ដល់ដំណាក់កាលហ្នឹងហើយ មួយម៉ាត់ឱ្យបាច់ៗមក ស្រួលគ្នាជប់លៀង…

« …..ខ្ញុំទទួលយកសំណើរនេះ!​ តែកុំសួរខ្ញុំថាស្រលាញ់យើងវិញអត់! ព្រោះចិត្តខ្ញុំពេលនេះ ច្បាស់ត្រឹមថា មានអារម្មណ៍ល្អនឹងយើងដែរ តែបើថាស្រលាញ់ជ្រាលជ្រៅឬអត់នោះ! ១០០% គឺមិនទាន់ទេណា៎ »

« អូខេៗៗៗៗ មិនអីទេ! យើងនៅមានពេលមើលចិត្តគ្នាយូរទៀតនោះអី »

ដូចពាក្យចាស់ថា មនុស្សស្រីស្រលាញ់មនុស្សប្រុស ពី ០ ដល់ ១០០! ថ្មដា រឹងយ៉ាងណា នៅចាញ់ដំណក់ទឹកមួយៗដែលស្រក់លើរាប់សិបដង! អ៊ីចឹង រឿងអី ខ្ញុំធ្វើឱ្យបេះដូងនាងទទួលយកខ្ញុំ ពេញទីមិនបាននោះ!៕

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*