នៅជនបទ…
ខ្ញុំឈ្មោះសុណាន់ គឺជាគ្រូបង្រៀនកម្រិតអនុវិទ្យាល័យមុខវិជ្ជារូបវិទ្យាដែលទើបនឹងចេញបង្រៀននៅឆ្នាំនេះ។
សាលាដែលខ្ញុំត្រូវចុះបង្រៀននោះគឺនៅជនបទដាច់ស្រយាលមួយកន្លែង។ នៅតំបន់នេះគឺជាតំបន់ថ្មីដែលចាប់ផ្ដើមមានប្រជាជនមករស់នៅជាបណ្ដើរៗ ហើយមុខរបរចម្បងរបស់ពួកគាត់នោះគឺជាការធ្វើចម្ការនិងចំណាកស្រុកឡើងទៅរកស៊ីនៅឯភ្នំពេញឬក៏នៅប្រទេសថៃ។
នៅក្នុងគ្រួសារភាគច្រើនមានជីវភាពក្រខ្សត់ហើយសាលារៀនដែលខ្ញុំទៅបង្រៀនទៀតសោត គឺសាងសង់ឡើងអំពីឈើរួមមានតែពីរខ្នងគត់ដែលជាថ្នាក់រៀនកម្រិតអនុវិទ្យាល័យ។ រីឯសាលាមួយខ្នងទៀតគឺថ្នាក់បឋមសិក្សាដែលសង់នៅលើទីធ្លាជាមួយគ្នានោះ។
ថ្ងៃសៅរ៍…អាកាសធាតុពេលព្រឹកត្រជាក់ល្ហឹម…
ខ្ញុំបញ្ជាម៉ូតូលើផ្លូវក្រួសក្រហមសំដៅទៅសាលារៀន។ ខ្ញុំវ៉ៃជន្ទល់ម៉ូតូចតនៅមុខល្វែងសាលា រួចហើយក៏ស្ពាយកាតាបឆ្ពោះទៅកាន់ថ្នាក់ខាងចុងគេ ដែលខ្ញុំប៉ះម៉ោងបង្រៀនជំនួសមួយម៉ោងនៅព្រឹកថ្ងៃសៅរ៍នេះ។
ថ្ងៃនេះនៅប៉ែកអគារថ្នាក់អនុវិទ្យាល័យដូចជាមានសភាពស្ងប់ស្ងាត់ប្លែក។ ខ្ញុំលើកនាឡិកាមើលម៉ោងឃើញម៉ោង៨ល្មម។ មកដល់មុខទ្វារបន្ទប់ថ្នាក់ខ្ញុំងើយមើលទៅលើឃើញស្លាក “៩ខ”។
បង្អួចបិទជិតតែខ្ញុំក្រឡេកទៅទ្វារអត់មានចាក់សោទេ។ ខ្ញុំចម្លែកចិត្តបន្តិចប្រុងនឹងដើរទៅបើកទ្វារថ្នាក់រៀនក៏ស្រាប់តែ…
ក្រាក!! ទ្វារក៏របើកមុខពេលដែលខ្ញុំបើកទៅទៀត។ ខ្ញុំក្រឡេកមើលទៅក្នុងថ្នាក់ឃើញមានសភាពងងឹតព្រាលៗ លុះខ្ញុំអើតកចូលទៅក្នុងថ្នាក់ ខ្ញុំក៏ភ្ញាក់ឱ្យព្រើតព្រោះតែសិស្សជាង១០នាក់អង្គុយចាំខ្ញុំរហង់នៅក្នុងថ្នាក់។
ខ្ញុំចាប់សម្រួលឫកពាដើរចូលទៅក្នុងថ្នាក់ទាំងមិនគិតអ្វីច្រើនព្រោះដល់ម៉ោងបង្រៀនហើយ។ កូនសិស្សក៏ងើបឈរគារវកិច្ចខ្ញុំស្របពេលដែលខ្ញុំបក់ដៃឱ្យពួកគេអង្គុយចុះ៖
«បាទអរគុណអង្គុយចុះ!»
ខ្ញុំប្រុងនឹងដាក់កាតាបនៅលើតុតែលើតុសុទ្ធតែធូលី?
ខ្ញុំជ្រួញចិញ្ចើមទាញក្រណាត់នៅជិតនោះជូតតុបន្តិចទើបដាក់កាតាបចុះ។ លុះបែរមករកសិស្សវិញខ្ញុំស្រាប់តែភ្ញាក់ក្រញាងព្រោះតែពួកគេបែរមកសម្លឹងខ្ញុំគ្រប់គ្នា។ ទឹកមុខពួកគេដូចជាសោះអង្គើយគ្មានព្រលឹងក្នុងខ្លួនយ៉ាងម៉េចក៏មិនដឹងទេ។ ខ្ញុំសម្រួលអារម្មណ៍ចាប់ដើរឆ្វែលទៅក្រោយមួយជុំទាំងស្រដីតិចៗ៖
«ពួកយើងអត់បើកបង្អួចទេ?»
ម្នាក់ៗគ្រវីក្បាលព្រមគ្នា។ ខ្ញុំក៏ដើរទៅបើកបង្អួចមួយនៅជិតកន្លែងខ្ញុំអង្គុយទាំងបន្តនិយាយបន្លប់ភាពស្ងប់ស្ងាត់៖
«ហើយងងឹតឈឹងហ្នឹងពួកយើងរៀនកើតដែរ?»
ពួកគេក៏ងក់ក្បាលព្រមៗគ្នាតែម្ដង។ ខ្ញុំមិនបានដេញដោលពួកគេទៀតទេព្រោះគិតថានៅខាងក្រៅអាកាសធាតុត្រជាក់ ទើបបានជាពួកគេមិនចង់បើកបង្អួច ប៉ុន្តែស្របពេលនោះដែរខ្ញុំក៏កំពុងតែចាប់នឹកចម្លែកក្នុងចិត្តជាថ្មី ព្រោះមិនយល់ថាហេតុអ្វីបានជាពួកគេមិននិយាយអ្វីសោះហើយគិតតែងក់ក្បាលអ៊ីចឹង។ ខ្ញុំក៏ដើរទៅឈរពិតនៅនឹងតុបន្លឺសំឡេងជាថ្មី៖
«បាទ!! អ៊ីចឹងលោកគ្រូសួស្ដីគ្នាយើងម្ដងទៀត! ថ្ងៃហ្នឹងពួកយើងទើបនឹងចួបគ្នាលើកទីមួយន៎? អ៊ីចឹងលោកគ្រូណែនាំខ្លួនប្រាប់ពួកយើងបន្តិចសិនមុននឹងលោកគ្រូបង្រៀនមេរៀនបន្តពីលោកគ្រូយើង!»
ខ្ញុំហូតយកដីសទាំងជ្រួញចិញ្ចើម ព្រោះនៅក្នុងបំពង់ដាក់ដីសមានសុទ្ធតែដីសពណ៌ក្រហម។ ខ្ញុំលើកយកដីសពណ៌ក្រហមមួយដើមឡើងមកទាំងនិយាយ៖
«ពួកយើងអត់មានដីសពណ៌សធម្មតាទេ?! ឥឡូវលោកគ្រូសរសេរដីសពណ៌សិន ប៉ុន្តែម៉ោងក្រោយពួកយើងត្រូវមានដីសពណ៌សណា ព្រោះសរសេរលើក្ដារខៀនវាងាយមើលជាង!»
ខ្ញុំចាប់សរសេរឈ្មោះខ្លួនឯងនៅលើក្ដារខៀនទាំងនិយាយទៅជាមួយផង៖
«អ៊ីចឹងពួកយើងដឹងហើយណា ថាលោកគ្រូមកបង្រៀនជំនួសលោកគ្រូកុសលដោយសារតែលោកគ្រូគាត់ត្រូវសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ! ឈ្មោះលោកគ្រូគឺ “សាង សុណាន់” ហើយឯកទេសលោកគ្រូគឺរូបវិទ្យាទេ ប៉ុន្តែម៉ោងហ្នឹងគ្រូមកជំនួសម៉ោងភាសាអង់គ្លេសលោកគ្រូកុសល!»
«ចាស!!»
រាប់ទុកថាម្ដងនេះមិនស្ងាត់ដូចមុនទេ ក៏ព្រោះថាមានសិស្សស្រីម្នាក់ដែលអង្គុយតុទីបីជាប់ជញ្ជាំងស្រដីតបមកខ្ញុំវិញ។ ខ្ញុំញញឹមតបសិស្សបន្តិចទើបសួរ៖
«គ្នាយើងសរុបមានប៉ុន្មាននាក់?»
សិស្សស្រីនោះក៏តបមកខ្ញុំជាថ្មី៖
«ចាស! ១៥នាក់លោកគ្រូ!»
ខ្ញុំងក់ក្បាលតបតិចៗ។ ខ្ញុំក៏បានដឹងព័ត៌មានខ្លះៗពីលោកគ្រូនាយកដែលគាត់មានប្រសាសន៍ប្រាប់ខ្ញុំថា នៅសាលានេះសិស្សថ្នាក់ទី៧ទី៨គ្រាន់មានចំនួនច្រើនតែពេលដល់ថ្នាក់ទី៩សិស្សនៅរៀនយ៉ាងច្រើនដប់ជាងនាក់ប៉ុណ្ណោះ ព្រោះថាពួកគេភាគច្រើនឈប់រៀនចេញទៅរកស៊ីនៅខេត្ត។ ខ្លះក៏ជួយធ្វើចម្ការឪពុកម្ដាយ ខ្លះទៀតក៏រៀបការមានប្រពន្ធប្ដីសីអ៊ីចឹងទៅ។
ខ្ញុំក៏ដើរទៅហូតសៀវភៅពុម្ពភាសាអង់គ្លេសថ្នាក់ទី៩ពីក្នុងកាតាបរួចក៏ចាប់សួរសិស្សជាថ្មី៖
«ម៉ោងមុនពួកយើងរៀនជាមួយលោកគ្រូកុសលដល់ណាហើយ?»
ម្ដងនេះសិស្សគ្រប់គ្នាក៏ស្ងាត់ច្រៀបជាថ្មី។ ខ្ញុំជ្រួញចិញ្ចើមបន្តិច ខំងាកទៅសិស្សស្រីដែលតបជាមួយខ្ញុំមុននោះ តែនាងក៏ទម្លាក់មុខជ្រប់។ បែរមកគ្រប់គ្នាក៏ធ្វើភ្នែកឡិងឡង់ៗដូចគ្មានអារម្មណ៍ចង់រៀនសូត្រសោះ។
«ចប់មេរៀនទី១លោកគ្រូ!»
សិស្សស្រីដដែលនោះក៏តបមកខ្ញុំជាថ្មី។ ខ្ញុំក៏ចាប់សម្រួលទឹកមុខ៖
«Ok! អ៊ីចឹងយើងចូលមេរៀនទី២បន្តទៀត!»
និយាយរួច ខ្ញុំក៏ម្នីម្នាទាញដីសយកទៅសរសេរចំណងជើងមេរៀននៅលើក្ដារខៀន។ រៀបនឹងនិយាយរម្លឹកមេរៀនចាស់ ស្រាប់តែសំឡេងសើចបន្លឺឡើង៖
«ហ៊ឹកៗៗ!!»
ខ្ញុំអាក់សរសេរអក្សរ ងាកមុខមកកាន់សិស្សប្រសព្វគ្នានឹងពួកគេធ្វើស្មើបែរមកសម្លឹងខ្ញុំព្រមៗគ្នា។ ខ្ញុំជ្រួញចិញ្ចើមបន្តិចរួចក៏ងាកទៅសរសេរបន្ត។
«ហ៊ឹកៗៗៗ!!»
សំឡេងសើចក៏លាន់ឮជាថ្មីម្ដងទៀត។ ម្ដងនេះខ្ញុំក៏ងាកមុខយ៉ាងរហ័ស។ វឹប!! ខ្ញុំប៊ិះតែនឹងភ្លាត់មាត់ស្រែកនៅពេលដែលសិស្សប្រុសម្នាក់មកប្រាកដខ្លួននៅពីក្រោយខ្នងខ្ញុំតាំងពីពេលណាក៏មិនដឹង។
គេឈរស្ពាយកាតាបដូចប្រុងប្រៀបនឹងចេញទៅផ្ទះ។ ខ្ញុំបម្រុងនឹងសួរគេទៅហើយ តែគេក៏និយាយកាត់ខ្ញុំមុន៖
«លោកគ្រូខ្ញុំសុំចេញមុន!»
ខ្ញុំក៏ប្រញាប់សួររកហេតុផលពីក្មេងប្រុសជំទង់ម្នាក់នេះភ្លាម៖
«ប្អូនមានការរវល់អីអ្ហេស?»
ក្មេងជំទង់ម្នាក់នេះសម្លឹងមកខ្ញុំឥតប៉ប្រិច ខណៈដែលខ្យល់ត្រជាក់បក់មកពីក្រៅតាមមាត់ទ្វារធ្វើឱ្យខ្ញុំមានអារម្មណ៍ព្រឺរោមឡើងមក។ គេស្រដីមកកាន់ខ្ញុំ៖
«ខ្ញុំអត់ស្រួលខ្លួន!»
ខ្ញុំប្លែកចិត្តនឹងសំឡេងអូសៗយឺតៗរបស់គេណាស់ប្រហែលសភាពគេឈឺពិត ហើយឈឺខ្លាំងផង ប៉ុន្តែក៏ប្រឹងញញឹមងក់ក្បាលបន្តិចតបទៅកាន់គេ៖
«បាទអ៊ីចឹងប្អូនអាចចេញទៅមុនបាន!»
ក្មេងជំទង់នោះក៏ដើរចេញទៅវឹងទាំងមិនអរគុណខ្ញុំសូម្បីតែបន្តិច។ ខ្ញុំងាកទៅសរសេរអក្សរបន្តទៀត ទាំងញាណរបស់ខ្ញុំកំពុងតែប្រាប់ខ្ញុំថាកូនសិស្សថ្នាក់នេះដូចជាមានឫកពាចម្លែកៗយ៉ាងម៉េចមិនដឹងទេ។
ម្ដងនេះបម្រុងថានឹងសួរសំណួរសិស្សតែខ្ញុំក៏ហាក់ធុំក្លិនអ្វីឡើងមកភាយៗ។ ខ្ញុំចាប់ផ្ដើមធុំក្លិនបីដូចជាក្លិនគម្រង់សាកសពរកបរិយាយមិនត្រូវសោះ ប៉ុន្តែខ្ញុំធុំក្លិនរហូតដល់ថ្នាក់យកដៃញីច្រមុះទៅមក។ ទ្រាំមិនបានខ្ញុំក៏ដើរទៅតុទាំងសួរកូនសិស្ស៖
«ពួកយើងមានធុំក្លិនអីអត់?»
មិនបាច់ស្មានក៏ដឹងដែរ។ ពួកគេគ្រវីក្បាលដូចគោស្រាំងទិច។ ខ្ញុំចាប់បានថាក្លិនដូចជាភាយមកពីខាងក្រោយយ៉ាងម៉េចក៏មិនដឹង។ ដល់ពេលដែលខ្ញុំធុំក្លិនតែម្នាក់ឯងបែបនេះខ្ញុំក៏នឹកមិនយល់ខ្លួនឯងដូចគ្នា។
ទីបំផុតខ្ញុំក៏សម្រេចចិត្តបង្រៀនមេរៀនសិស្សវិញ។ ការបង្រៀនរបស់ខ្ញុំរយៈពេលមួយម៉ោងក៏កន្លងផុតទាំងដែលមានសិស្សស្រីតែម្នាក់គត់ដែលតបជាមួយខ្ញុំ។ ខ្ញុំលួចដកដង្ហើមធំ៖
«បើសិស្សស្ងាត់យ៉ាងៗហ្នឹងហើយបង្រៀនម៉េចទៅ?»
ប៉ុន្តែខ្ញុំព្យាយាមសម្រួលអារម្មណ៍មកធម្មតាវិញ ព្រោះខ្ញុំគិតថាប្រហែលជាពួកគេទើបនឹងស្គាល់ខ្ញុំដំបូងទើបមើលទៅមិនទាន់ទម្លាប់។ ចប់ម៉ោងខ្ញុំក៏ឱ្យសិស្សសម្រាក ប៉ុន្តែពួកគេបែរជានៅបន្តអង្គុយក្នុងតុស្ងាត់ឈឹង។
ខ្ញុំក៏មិនបានទៅសួរនាំអ្វីពួកគេទៀតដែរព្រោះគិតថាពួកគេប្រហែលជាប៉ះម៉ោងត្រូវរៀនបន្តទៀតទើបនៅអង្គុយចាំគ្រូតែម្ដង។ ខ្ញុំក៏ប្រញាប់រៀបសម្ភារៈដាក់កាតាបស្ពាយចេញមកយ៉ាងលឿនព្រោះថាខ្ញុំធុំក្លិនសឹងតែបែកច្រមុះទៅហើយ។
មកដល់ខាងក្រៅខ្ញុំដកដង្ហើមខ្លាំងៗឱ្យពេញសួតហើយក៏ចាប់មានអារម្មណ៍ប្រសើរឡើងមក។ ឈរមុខថ្នាក់មួយសន្ទុះវិញ្ញាណរបស់ខ្ញុំហាក់កំពុងប្រាប់ខ្ញុំថាមានកែវភ្នែកកំពុងតែសម្លឹងមកខ្ញុំពីបន្ទប់ខាងចុងគេនៃល្វែងសាលានេះ។
ខ្ញុំងាកមុខវឹប! គ្រប់យ៉ាងគឺធម្មតា! គ្មានសូម្បីតែស្រមោលមនុស្ស។ មិនត្រាំត្រែងយូរខ្ញុំក៏ម្នីម្នាឡើងម៉ូតូជិះចេញមក។
……………..
យប់នៅជនបទ….
ខ្ញុំមកបង្រៀននៅទីនេះ ដោយបានស្នាក់នៅក្នុងផ្ទះដែលគេធ្វើសម្រាប់គ្រូបង្រៀន។
ផ្ទះស្នាក់នេះធ្វើដូចជាផ្ទះជួលដែលមានពីរបន្ទប់។ បន្ទប់ដំបូងគេគឺជាបន្ទប់ដែលចាក់សោចោល។ ចំណែកឯបន្ទប់ទីពីរគឺជាបន្ទប់ដែលខ្ញុំស្នាក់នៅជាមួយនឹងបងប្រុស “ផាន់រ៉ា” ដែលត្រូវជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យាហើយចេញបង្រៀនមកទីនេះនៅឆ្នាំជាមួយខ្ញុំនេះឯង។
ខ្ញុំអង្គុយចុចកុំព្យូទ័រទាំងសក់នៅមិនទាន់ស្ងួតល្អព្រោះទើបតែងូតទឹករួចបានមួយសន្ទុះ។ បងផាន់រ៉ាដែលសម្រាន្ត scrollទូរសព្ទចុះឡើងនៅលើគ្រែស្រដីមកកាន់ខ្ញុំកាត់ផ្ដាច់នូវភាពស្ងប់ស្ងាត់នៅជនបទ៖
«ប្រឹងល្មមៗបានហើយសុណាន់អឺយ ស្អែកថ្ងៃអាទិត្យតើសម្រាកខ្លះទៅ!»
ខ្ញុំក៏ងាកទៅញញឹមដាក់បងផាន់រ៉ាបន្តិច៖
«ប្រឹងៗទៅបងដើម្បីអនាគតកូនស្រីគេ!»
បងផាន់រ៉ាក៏សើចរលាក់យ៉ាងពេញចិត្ត៖
«អីយ៉ា!!…លោកគ្រូ!! មកបង្រៀនទើបបានពីរអាទិត្យសោះ…បែបមើលឃើញកូនក្រមុំគេណាណីហើយដឹងហ្នឹងអ្ហាស៎?!»
«អត់ទេបង! ខ្ញុំនិយាយលេងតើ!»
«អ៊ឺម!…មិនយូរទេលោកគ្រូសង្ហាអ៊ីចេះ ប្រយ័ត្នបង្រៀនៗសុំម៉ែការប្រពន្ធអីចប់ហ្មង! ម៉េចៗនៅបង្រៀនបានជុំគ្នាជាមួយបងសិន! ហាសហា…!»
«ប្រយ័ត្នបងឯងមុនខ្ញុំវិញណ៎ា…ដល់ហ្នឹងខ្ញុំនៅផ្ទះស្នាក់តែឯងបណ្តោយ!»
សំឡេងសើចក៏បន្លឺឡើងមក។ ខ្ញុំចុចកុំព្យូទ័របណ្ដើរសើចបណ្ដើរហើយក៏ឆ្លៀតយកដៃទះមូសដែលខាំជើងបណ្ដើរផង។ បងផាន់រ៉ាក៏ងើបទៅសារេធូបមូសកុំឱ្យរលត់ទាំងនិយាយ៖
«និយាយពីរឿងមូស! ដល់តាហ្មងហើយមូស…ធូបមូសពីរបីហើយទប់មិនចង់ឈ្នះទៀតណា! ស្រុកចម្ការចឹងមែន!»
ខ្ញុំសើចបងផាន់រ៉ាជាថ្មីទាំងផ្ដោតអារម្មណ៍ទៅលើសំឡេងចង្រិតយំ។
នៅជនបទគឺបែបហ្នឹងឯង…មិនមានទេរថយន្តល្អៗ ហាងទំនើបៗ អគារខ្ពស់ៗ ប៉ុន្តែជីវិតគឺត្រូវបានផ្សារភ្ជាប់ទៅនឹងធម្មជាតិយ៉ាងជិតស្និទ្ធិបំផុត។
ពីដំបូងនៅពេលដែលបានមកដល់ទីនេះ ខ្ញុំគិតថាខ្ញុំមិនចេះរស់នៅបង្រៀនសិស្សនៅទីនេះនោះទេ ព្រោះតែនៅតំបន់នេះស្ងាត់ក៏ស្ងាត់ ម្យ៉ាងដោយខ្លាចថាគ្មានអគ្គិសនីនិងអ៊ីនធើណេតប្រើប្រាស់ផង ប៉ុន្តែអ្វីៗមិនអាក្រក់ពេកនោះទេ។ នៅទីនេះមានអគ្គិសនីប្រើប្រាស់ សេវាអ៊ីនធើណេតអាចទទួលយកបាន ទោះបីជាសេវាកម្មមិនសូវល្អដូចជាភ្លើងឧស្សាហ៍ដាច់ អ៊ីនធើណេតក៏រអាក់រអួល ប៉ុន្តែក៏នៅគ្រាន់បើជាងអ្វីដែលខ្ញុំគិត។
រីឯកម្លាំងជម្រុញចិត្តដ៏ធំបំផុតឱ្យខ្ញុំពេញចិត្តស្ម័គ្រនៅបង្រៀននៅទីនេះ នោះគឺជាសិស្សរបស់ខ្ញុំហ្នឹងឯង។ ខ្ញុំអាណិតពួកគេដែលរស់នៅក្នុងតំបន់នេះ ទាំងមានជីវភាពយ៉ាប់យ៉ឺន ទាំងមិនទទួលបាននូវការអប់រំល្អប្រសើរ ទាំងមិនសូវទទួលបានការថែទាំផ្សេងៗ ផងទើបខ្ញុំតាំងចិត្តថានឹងបង្រៀនពួកគេឱ្យអស់ពីលទ្ធភាព។
ខ្ញុំគិតថាក្នុងនាមយើងជាគ្រូបង្រៀនម្នាក់មិនមែនត្រឹមតែបង្រៀនលំៗឱ្យតែបានៗនោះទេ ព្រោះថាយើងមានតួនាទីធំធេងណាស់ក្នុងការរួមចំណែកបណ្ដុះនូវធនធានមនុស្ស។ ខ្ញុំភ្ញាក់ពីការគិតម្នាក់ឯងរួចក៏បែរមកតបនឹងបងផារ៉ាន់៖
«មែនតើបង! កន្លែងយើងស្នាក់នេះស្ងាត់មនុស្សហើយនៅជិតចម្ការដំឡូងទៀតដល់ចឹងទៅមូសបានដៃដល់កហ្មង!»
បងផាន់រ៉ាសើចគ្រវីក្បាលបន្តិចទើបដាក់ទូរសព្ទចុះនិយាយមកកាន់ខ្ញុំ៖
«អ៊ីចឹងបងគេងមុនហើយណ៎ា!! ហើយសុណាន់ឯងខំល្មមៗបានហើយ…សម្រាកខ្លះអីខ្លះទៅ!!»
«បាទមិនអីទេបង!»
ខ្ញុំតបនឹងបងផាន់រ៉ាទាំងញឹមៗរួចក៏ងាកមកវ៉ៃកុំព្យូទ័របន្ត។ ពេលខ្លះខ្ញុំក៏នឹកក្រែងចិត្តបងផាន់រ៉ាដែរ ព្រោះតែនៅបន្ទប់យើងស្នាក់នេះមានអំពូលភ្លើងតែមួយ ដល់ពេលខ្ញុំធ្វើការងារដល់យប់ៗក៏ខ្លាចក្រែងចាំងភ្នែកគាត់សម្រាន្តមិនលក់។
ម្យ៉ាងទៀតខ្ញុំក្រចូលសម្រាកហើយក៏ក្រក្រោក ដូច្នេះហើយអាហារពេលព្រឹកគឺបងផាន់រ៉ាជាអ្នកធ្វើជានិច្ច។ សំណាងដែរដែលបងផាន់រ៉ាចិត្តទូលាយស្រឡាញ់រាប់អានខ្ញុំដូចជាបងប្អូនទោះបីជាយើងទើបនឹងស្គាល់គ្នាមកជាងមួយខែក៏ដោយ។ ខ្ញុំញោចស្មាយកដៃតប់ស្មាខាងស្ដាំតិចៗព្រោះមានអារម្មណ៍ថាចុករោយ។ លុះយូរៗទៅខ្ញុំក៏វ៉ៃកុំព្យូទ័រលែងចង់កើត ព្រោះស្មាចេះតែរោយខ្លាំងឡើងៗប្រហែលជាមកពីធ្វើការយូរពេកហើយ។
ម្យ៉ាងដោយទន់ភ្នែកណាស់ផង ខ្ញុំក៏រៀបចំរបស់របរចូលសម្រាក។ ខ្ញុំដើរទៅបិទភ្លើងរួចក៏ឡើងគេងនៅលើគ្រែ ដែលនៅមិនឆ្ងាយប៉ុន្មានពីគ្រែរបស់បងផាន់រ៉ាសម្រាកឡើយ។ សំឡេងសត្វចង្រិតក៏ចូលមកគ្របដណ្ដប់បរិយាកាសនារាត្រីកាល ផ្សំនឹងអាកាសធាតុចុះត្រជាក់បន្តិចផងខ្ញុំក៏ឃ្លុំផួយបិទភ្នែកយកតែម្ដង។
«ហ៊ើយៗៗ…!!»
ខ្ញុំកំពុងលក់រលីវៗ ក៏ស្ទុះក្រោកភ្លែតទាំងបេះដូងលោតញាប់ៗរកកល់ចង់ស្ទះព្រោះភ្ញាក់នឹងសំឡេងបងផាន់រ៉ាដែលកំពុងតែស្រែក។ ខ្ញុំស្រឹមភ្នែកងាកទៅបងផាន់រ៉ាឃើញគាត់ស្រែកទាំងឆ្កាដៃឆ្កាជើងនៅលើគ្រែម្នាក់ឯង៖
«ចេញ…ចេញទៅវើយ…ចេញ!!»
ខ្ញុំស្រឡាំងកាំងពេលឃើញគាត់មានកាយវិការ និងនិយាយស្ដីខុសប្រក្រតីបីដូចជាមនុស្សមមើ។ ខ្ញុំក៏ស្ទុះទៅបើកភ្លើងរួចក៏រត់មកអង្រួនបងផាន់រ៉ាដែលកំពុងស្រែកគ្រវាសដៃចុះឡើងទាំងបិទភ្នែកមិនព្រមឈប់៖
«បង…បងៗ!!»
ខ្ញុំអង្រួនបងផាន់រ៉ាខ្លាំងឡើងៗទាំងអារម្មណ៍ច្រាស់ច្រាល់ ព្រោះមិនធ្លាប់ឃើញគាត់បែបនេះនោះឡើយ។ លុះមួយសន្ទុះបងផាន់រ៉ាក៏ស្ទុះងើបភីងធ្វើឱ្យខ្ញុំលស់ព្រលឹងមិនស្ទើរទេ។
គាត់ដកដង្ហើមដង្ហក់សឹងតែដាច់ខ្យល់។ ថ្ងាសរបស់គាត់បែកញើសជោក ងាកមកខ្ញុំធ្វើមុខផ្អើលៗធ្វើឱ្យខ្ញុំឯណេះវិះតែផ្អើលតាមគាត់ដែរ។
«មានអីមែនបង?!»
គាត់ចាប់សម្រួលដង្ហើមបន្លឺសំឡេងទាំងគ្រវីក្បាលតិចៗ៖
«អត់មានអីទេសុណាន់! សម្រាកទៅ! បងគ្រាន់តែយល់សប្ដិអាក្រក់!»
ខ្ញុំញឹមៗបន្តិចរួចក៏ស្នើគាត់៖
«បងដាក់កង្ហារអត់ ខ្ញុំទៅដោតឱ្យ!» បងផាន់រ៉ាគ្រវីក្បាលតិចៗជាថ្មី៖
«មិនបាច់ទេសុណាន់! បងអរគុណច្រើន!»
ខ្ញុំក៏សសៀរមកសសរដាក់កុងតាក់ភ្លើងរួចក៏វាចា៖
«អ៊ីចឹងខ្ញុំបិទភ្លើងហើយណ៎ាបង?»
បងផាន់រ៉ាក៏ងក់ក្បាលតបខ្ញុំតិចៗ ខ្ញុំក៏បិទភ្លើងហើយឡើងទៅសម្រាកដូចធម្មតា។ ខ្ញុំដៀងភ្នែកទៅបងផាន់រ៉ាឃើញគាត់យកដៃគងថ្ងាសសម្រាន្ត។ ខ្ញុំទៅជាប្លែកអារម្មណ៍នឹងទឹកមុខគាត់អម្បាញ់មិញ ដែលគាត់ធ្វើដូចជាឃើញអ្វីម្យ៉ាងគួរឱ្យខ្លាចយ៉ាងម៉េចមិនដឹងទេ។ ខ្ញុំប្រែខ្លួនទៅម្ខាងទាំងបន្ទោសខ្លួនឯង
«គិតច្រើនតែខ្លួនឯងហ្នឹងអាសុណាន់!» ខ្ញុំបិទភ្នែកសម្រាកទាំងពាំនាំនូវការគិតបែកអូរហូរស្ទឹងមិនចេះចប់រហូតដល់គេងលក់។
ព្រឹកព្រលឹម….
រយៈពេលមួយសប្ដាហ៍ដូចជាលឿនដល់ហើយ។ ខណៈនេះខ្ញុំកំពុងជិះម៉ូតូទៅបង្រៀនថ្នាក់ទី “៩ខ” ដូចកាលពីសប្ដាហ៍មុនដែរ។ ម្ដងនេះនៅសាលាដូចជាស្ងាត់ច្រៀប។
ខ្ញុំវ៉ៃជន្ទល់ម៉ូតូទាំងចោលភ្នែកទៅល្វែងសាលាបឋមហើយគ្រប់យ៉ាងក៏ស្ងាត់ឈឹងថែមទៀត។ ខ្ញុំមិនបន្តគិតច្រើនទេ តែក៏ដើរចូលទៅក្នុងថ្នាក់រៀនព្រោះកៀកម៉ោងណាស់ហើយ។
ថ្នាក់រៀនក៏មិនខុសពីមុនដែរ បង្អួចក៏បិទជិតចំណែកទ្វារក៏ផ្អោបជាប់គ្រាន់តែមិនចាក់សោប៉ុណ្ណោះ។ តាមស្មានមុខតែសិស្សនៅចាំក្នុងថ្នាក់ដូចថ្ងៃដែលខ្ញុំចូលបង្រៀនដំបូងហើយ។ ខ្ញុំបើកទ្វារក្រាក នៅខាងក្នុងគឺងងឹតឈឹងដូចមុន។
ខ្ញុំបោះជំហានចូលទៅខាងក្នុងថ្នាក់ ស្រាប់តែខ្ញុំភ្ញាក់ព្រើតព្រោះក្នុងថ្នាក់គ្មានមនុស្សសូម្បីតែម្នាក់។ ខ្ញុំដាក់កាតាបចុះទាំងជ្រួញចិញ្ចើម លុះងាកទៅតុសិស្សជាថ្មី ខ្ញុំប្រហោងពោះធ្លុងព្រោះម្ដងនេះឃើញមានសិស្សប្រុសម្នាក់គឺជាសិស្សដែលសុំខ្ញុំចេញទៅផ្ទះមុន កាលពីសប្ដាហ៍មុននោះកំពុងអង្គុយជាប់នឹងជញ្ជាំងទម្លាក់មុខជ្រប់។ ខ្ញុំក៏ទៅបើកបង្អួចកន្លែងខ្ញុំអង្គុយដូចមុនទាំងបន្លឺវាចា៖
«ប្អូន! ថ្ងៃហ្នឹងគ្នាយើងទៅណាអស់ហើយ?»
ខ្ញុំរង់ចាំចម្លើយតបតែមិនឮគេតបសោះ លុះខ្ញុំងាកទៅមុខមើលគេឃើញគេនៅតែទម្លាក់មុខជ្រប់គ្រវីក្បាលតតាត់។ ខ្ញុំឯណេះមិនជាខ្វល់ច្រើនទេគិតតែពីខំទាញគន្លឹះបង្អួចតែក៏ទាញមិនរួចសោះ។
«ចុះគន្លឹះនេះក៏ជាប់សម្បើមម្ល៉េះ?»
ខ្ញុំប្រឹងអស់កម្លាំងដៃតែគន្លឹះដូចជាមិនរង្គើឡើយ។ ភ្លាមនោះ ខ្ញុំក៏ធុំក្លិនស្អុយឡើងមក។ វាដូចគ្នានឹងក្លិនដែលខ្ញុំធុំកាលពីសប្ដាហ៍មុនខ្លាំងណាស់។ ក្លិនចាប់ស្អុយអសោចខ្លាំងឡើងៗសឹងតែបែកច្រមុះ។
ខ្ញុំងាកទៅប្រុងនឹងសួរសិស្ស ក៏ស្រាប់តែបាត់គេខណៈនោះដែរ។ ខ្ញុំប្រែជាស្រឡាំងកាំងដកដៃចេញពីគន្លឹះបង្អួចភ្លែត រួចក៏ចាប់គន់រំពៃមើលសិស្សប្រុសម្នាក់អម្បាញ់មិញ។ គ្រប់យ៉ាងគឺទទេសូន្យ បរិយាកាសត្រជាក់ស្រេងធ្វើឱ្យបេះដូងខ្ញុំលោតញាប់ឡើងៗដោយគ្មានមូលហេតុ។ ខ្ញុំខំស្រែកបន្លប់នូវអារម្មណ៍ភ័យខ្លាច៖
«ប្អូន!! ប្អូន!!»
ស្ងាត់ឈឹង!
ខ្ញុំមានអារម្មណ៍កាន់តែមិនស្រួលឡើងហើយ។ ខ្ញុំបោះជំហានយឺតៗតម្រង់ទៅទ្វារ នឹកចង់ទៅអើតមើលសិស្សខ្លាចគេចេញទៅក្រៅ ស្រាប់តែ…គ្រឹប!! ទ្វារស្រាប់តែបិទដោយស្វ័យប្រវត្តិ។
ខ្ញុំចាប់យកដៃអង្រួនទ្វារខ្លាំងៗតែទ្វារមិនសូម្បីតែរង្គើ។ នៅក្នុងសភាពងងឹតព្រាលៗ កាយវិញ្ញាណរបស់ខ្ញុំកំពុងចាប់យកនូវភាពត្រជាក់ស្រេង ខណៈដែលបេះដូងរបស់ខ្ញុំវិញកំពុងតែលោកក្ឌុកក្ដាក់ព្រោះយល់សភាពការណ៍មិនស្រួល។ ខ្ញុំស្ទុះបែរក្រោយទៅកញ្ឆក់យកកាតាបស្រាប់តែមានអ្វីម្យ៉ាងរមៀលមកចំជើងរបស់ខ្ញុំ។ ខ្ញុំឱនមើលភ្លែតឃើញជាក់ជាដីសគឺដីសពណ៌ក្រហម។
ខ្ញុំមិនបង្អង់យូរទេកញ្ឆក់កាតាបបាន ខណៈដែលសំឡេងកកិតនៅលើក្ដារខៀនរបៀបនរណាសរសេរដីសថ្មីនៅលើក្ដារខៀនចាប់លាន់ឮងឺតៗ។ ខ្ញុំបែរមុខយឺតៗទៅក្ដារខៀនទាំងជើងខ្ញុំចាប់ផ្ដើមញ័រ។
វឹប!! ខ្ញុំបើកភ្នែកធំៗ…បញ្ជាឱ្យខួរក្បាលអាននូវអ្វីដែលលេចត្រដែតនៅលើក្ដារខៀន។ អក្សរក្រហមឆេះសរសេរថាថ្នាក់ទី “៩ខ” …ទេ!…គឺថ្នាក់ទី៩ “ខ…ខ្មោច”។ ខ្ញុំទៅជាលើកជើងមិនរួចហាក់ដូចជាណឺរ៉ូនចលកររបស់ខ្ញុំមិនដំណើរការយ៉ាងដូច្នេះឯង។
«លោកគ្រូ!!»
ខ្ញុំបើកភ្នែកធំៗលេបទឹកមាត់ក្អឹក។ សោតវិញ្ញាណរបស់ខ្ញុំចាប់បានសំឡេងក្មេងជំទង់លាន់មកពីខាងលើ។ មួយរំពេចនោះតំណក់ទឹកអ្វីក៏មិនដឹងធ្លាក់មកពីខាងលើចំកណ្ដាលថ្ងាសខ្ញុំពេញៗ។ តក់ៗ!! ខ្ញុំខាំមាត់ពង្រឹងខ្លួនឯងងាកមើលទៅប្រភពតំណក់ទឹកយឺតៗ។ មិនទាន់ងើយបានស្រួលបួលផង…..
ក្ឌុក!! តំណក់ទឹកខ្ចាយពេញមុខរបស់ខ្ញុំ។ ខ្ញុំជូតតំណក់ទឹកខ្លាំងៗចេញពីមុខរបស់ខ្ញុំ ស្របពេល…គ្រាំង!! ទ្វារចាប់ផ្ដើមរបើក។ ខ្ញុំងាកមុខទៅទ្វាររួចលាដៃទាំងពីរមើលយ៉ាងរហ័ស។ ខ្ញុំញ័រដៃទទ្រើកព្រោះនោះមិនមែនជាទឹកនោះទេគឺសុទ្ធតែជាឈាម។
«ឈាម!…ឈាមៗ!»
ខ្ញុំស្រែកខ្លាំងៗទាំងដង្ហក់ខ្យល់។ ម្ដងនេះខ្ញុំប្រើកម្លាំងលើកជើងមួយទំហឹងបោះពួយតម្រង់មាត់ទ្វារ តែខុសពីការគិត ទ្វារក៏បិទគ្រាំងជាថ្មីលាន់ព្រមជាមួយនឹងសំឡេងបង្អូសៗយឺតៗបន្លឺឡើង៖
«លោកគ្រូ!!»
«ហ៊ើយ!!»
ខ្ញុំស្រែកខ្លាំងៗ ព្រោះអ្វីដែលខ្ញុំកំពុងឃើញនោះគឺជាក្មេងប្រុសពាក់អាវសប្រឡាក់សុទ្ធតែឈាម កំពុងតែងើបឈរកាច់កកាច់ដៃជើងហើយក៏សម្លឹងមកខ្ញុំទាំងសើចចេញធ្មេញខ្មៅកខ្វក់។
«ខ…ខ្មោច!!»
ខ្ញុំស្រែកសឹងតែមិនរួច ភ្នែកទាំងគូរត់មកនៅកញ្ចឹងក ខណៈដែលរាងកាយរបស់ក្មេងនោះកំពុងតែលូនចូលមករកខ្ញុំសន្សឹមៗ។ ខ្ញុំចាប់បង្វែរទិសដៅមកអង្រួនទ្វារខ្លាំងៗជាថ្មីតែនៅតែមិនបានផល។ ខ្ញុំងាកទៅវិញក៏ស្រាប់តែ…មុខទល់មុខ…ធ្មេញខ្មៅកខ្វក់ញញឹមចេញមកជាមួយនឹងកែវភ្នែកដិតដាមទៅដោយឈាម….
«លោកគ្រូបង្រៀនខ្ញុំទេ…?!»
ស្របជាមួយនឹងពាក្យនេះ វាក៏កន្ត្រាក់ទាញដៃម្ខាងខ្លួនឯងដាច់បាញ់ឈាមក្រហមឆ្អៅ។ ខ្ញុំបើកភ្នែកប៉ុនៗពងមាន់ទាំងញ័រខ្លួនចំប្រប់ ប្រឹងស្រែកអស់ៗ៖
«អត់ទេ! អត់ទេ…ជួយផង…ជួយផង!!»
ខ្មោចក្មេងជំទង់ញញឹមមករកខ្លួនយ៉ាងគឃ្លើនរួចក៏បង្វិលក្បាលរបស់វាទៅក្រោយដាច់ជ្រុះពីលើកមួយរំពេច។
ក្បាលនោះធ្លាក់ទៅដល់ដីមែនពិត តែកែវភ្នែកនៅបន្តសម្លឹងខ្ញុំជាប់ មុននឹងបបូរមាត់ប្រេះក្រហែងរបស់វារលាស់សម្ដីបង្អូសៗគួរឱ្យភ័យខ្លាចព្រឺក្បាលឥតឧបមា៖
«លោកគ្រូបង្រៀនខ្ញុំទេ…?! បង្រៀនទេ?!…»
ខ្ញុំសឹងតែគាំងបេះដូងនៅនឹងកន្លែង តែប្រឹងបញ្ចេញកម្លាំងស្រែកជាថ្មីម្ដងទៀត បើទោះបីជាគ្មានសង្ឃឹមថាមានអ្នកមកជួយក៏ដោយ៖
«ជួយផង…ជួយខ្ញុំផង…នរណាក៏បានដែរជួយផង!!»
«សុណាសុងគីៗមករកេងនោះកំពុងតែលើរអូសថឌងខ្ន់!! សុណាន់!!»
«ហ៊ឺកកកក!!!»
ខ្ញុំភ្ញាក់មកទាំងសើងមម៉ើង ហើយម្ដងនេះគឺបងផាន់រ៉ាជាអ្នកអង្រួនខ្ញុំញាប់ដៃវិញម្ដង។ ខ្ញុំបែកញើសស្អិតតតាត់ពេញខ្លួន ដកដង្ហើមសឹងតែមិនដល់គ្នា។ បងផាន់រ៉ាសម្លឹងមកខ្ញុំទាំងឆ្លេឆ្លា៖
«សុណាន់យល់សប្ដិអាក្រក់អ្ហេស?»
ខ្ញុំព្យាយាមសម្រួលអារម្មណ៍ រៀបថានឹងឆ្លើយតែសំឡេងមួយក៏បន្លឺចេញមកពីខាងក្រៅល្មម៖
«លោកគ្រូ! លោកគ្រូ!!»
ខ្ញុំភ្ញាក់ក្រញាងពេលឮគេហៅលោកគ្រូ។ ខ្ញុំនឹកឃើញដល់យល់សប្ដិដែលប្រៀបដូចជារឿងកើតឡើងនឹងភ្នែកស្រស់។ ឯបងផាន់រ៉ាក៏ប្រញាប់តប៖
«បាទមីង!!»
តបរួចបងផាន់រ៉ាក៏ប្រញាប់ចេញទៅក្រៅ ទៅទទួលបបរពីមីងក្នុងភូមិដែលជាម្ចាស់ដីចម្ការដំឡូងជាប់ផ្ទះស្នាក់របស់ពួកយើង ហើយជារឿយៗគាត់តែងយកបបរមកជូនពួកយើងរៀងរាល់ថ្ងៃអាទិត្យមិនដែលខានឡើយ។ បទសន្ទនារបស់មីងឱកនិងបងផាន់រ៉ាក៏លាន់ឮមកដល់កន្លែងខ្ញុំដេក៖
«មីងយកបបរមកជូនលោកគ្រូ!»
សំឡេងបងផាន់រ៉ាតបទៅមីងឱកវិញ៖
«បាទអរគុណច្រើនមីង! ក្រែងចិត្តមីងដល់ហើយខំយកមកជូនពួកខ្ញុំរាល់អាទិត្យបែបនេះ!»
«ហ៊ឺ…ដឹងជាក្រែងចិត្តអីទេលោកគ្រូ! លោកគ្រូខំមកបង្រៀនដល់នេះមីងសប្បាយចិត្តណាស់ហើយ ព្រោះមិនហត់ឱ្យកូនឡើងទៅរៀននៅឯទីរួមស្រុក! អឺ…បើអ៊ីចឹងមីងទៅវិញសិនហើយណ៎ា ដោយសារបន្តិចទៀតហ្នឹងមីងប្រញាប់ទៅបើកអំណោយនៅសាលា!»
«បាទមីង! អរគុណម្ដងទៀតមីង!!»
«ចាសលោកគ្រូ!!»
មួយសន្ទុះបងផាន់រ៉ាក៏ដើរចូលមកក្នុងវិញ ទាំងយកស្រាក់បបរដាក់លើតុ រួចក៏ងាកមកខ្ញុំដែលកំពុងតែអង្គុយលើគ្រែដេក យកដៃជ្រោងសក់ទាំងទឹកមុខស្លេកស្លាំងនៅឡើយ៖
«ម៉េចហើយសុណាន់?»
ខ្ញុំគ្រវីក្បាលតិចៗ៖
«អត់អីទេបង! គ្រាន់តែយល់សប្ដិអត់ល្អ!!»
បងផាន់រ៉ាក៏ងក់ក្បាលតបតិចៗ៖
«ដូចតែបងយប់មិញដែរ!!…អ៎មែន! បើអត់អីទេប្រញាប់ទៅងូតទឹករៀបចំខ្លួនទៅចឹង ន្អាលនឹងមកញ៉ាំបបរហើយទៅសាលារៀន ព្រោះយើងត្រូវទៅធ្វើជំនួយការបើកអំណោយជូនអ្នកភូមិ!!»
ខ្ញុំចាប់ជ្រួញចិញ្ចើមបន្តិច៖
«ម៉េច…ខ្ញុំដូចអត់ដឹងអីសោះចឹងបង?!»
«លោកគ្រូនាយកទើបនឹងទូរសព្ទមកប្រាប់មិញហ្នឹង! និយាយទៅការចែកអំណោយហ្នឹងធ្វើឡើងភ្លាមៗចឹងណ៎ះដោយសារគេទើបឧបត្ថម្ភមកភ្លាមៗដែរហ្ន៎!»
ខ្ញុំញញឹមស្រាលតបបងផាន់រ៉ារួចក៏ប្រញាប់ងើបរៀបចំផួយមុងហើយក៏ទៅងូតទឹករៀបចំខ្លួនទៅសាលា។
សាលារៀន….
ខ្ញុំអង្គុយនៅកន្លែងមួយ ជួយប្រាប់បងប្អូនពូមីងកន្លែងដែលពួកគាត់ត្រូវផ្ដិតមេដៃដើម្បីបើកអំណោយ។ ចំណែកបងផាន់រ៉ាគឺជួយរៀបចំការបើកអំណោយនេះឱ្យមើលទៅមានសណ្ដាប់ធ្នាប់។ ព្រោះយល់សប្ដិកាលពីយប់មិញធ្វើឱ្យមកដល់សាលា ខ្ញុំដូចជាមានអារម្មណ៍ភ័យៗចេះតែមិនស្រួលក្នុងចិត្តយ៉ាងម៉េចក៏មិនដឹង។
ខ្ញុំសារភាពទោះបីជាខ្ញុំអាយុជាង២២ឆ្នាំហើយក៏ពិតមែន តែរឿងខ្មោចអីនោះគឺខ្ញុំអ្នកកំពូលខ្លាចហើយ។ ត្រឹមក្នុងយល់សប្ដិខ្ញុំភ័យស្លន់ដល់ម្ល៉ឹង ចុះទម្រាំតែចួបពិតទៀត ធានាថាខ្ញុំសន្លប់ឬស្លាប់នៅមួយកន្លែងមិនខានទេ។
«លោកគ្រូផ្ដិតមេដៃតានេះអ្ហេស?…លោកគ្រូ! លោកគ្រូ!»
ខ្ញុំភ្ញាក់ព្រើតប្រញាប់បង្វែរអារម្មណ៍មកតបនឹងពូយ៉ន ពោះម៉ាយកូនមួយដែលខ្ញុំទើបនឹងស្គាល់គាត់ថ្មោងថ្មីនេះដែរ។
«បាទពូបាទ!…ត្រង់នេះពូ!!»
គាត់ផ្ដិតមេដៃរួចហើយក៏ញញឹមអរគុណខ្ញុំ។ ខ្ញុំក៏ញញឹមតបគាត់វិញជាការគួរសមទៅតាមចរិតមិនចេះឆ្មើងឆ្មៃរបស់ខ្ញុំ។
«ចាសមីង! ត្រង់នេះមីង!»
សំឡេងស្រួយស្រែសមួយបន្លឺឡើងនៅមិនឆ្ងាយប៉ុន្មានពីខ្ញុំឡើយ។ ខ្ញុំងាកទៅប្រភពសំឡេង។ ខ្ញុំក៏ចាប់ស្រឡាំងកាំង…រោមភ្នែកងរខ្ទើតគ្របលើកែវភ្នែកខ្មៅយង់។ ស្នាមញញឹមមានមន្តស្នេហ៍សើចខួចទាញថ្ពាល់ទាំងសងដិតក្រឡៅ។ សក់ចងទៅក្រោយវែងហួសត្រគាកត្រង់ខ្មៅក្រិបដូចកេសាភូមរី។
ល្អអីក៏ល្អម្ល៉េះ!? ស្អាតអីក៏ស្អាតយ៉ាងនេះ!? នៅចុងកាត់មាត់ញកមានផ្កាក្រពុំមួយទងលាក់ខ្លួនអ្ហេស? ខ្ញុំនៅសុខៗក៏ញញឹមឡើងមកដោយស្វ័យប្រវត្តិ។ នាងកំពុងចង្អុលបង្ហាញកន្លែងផ្ដិតមេដៃដោយកាយវិការរហ័សរហួននិងយកចិត្តទុកដាក់ខ្ពស់។
«លោកគ្រូ! លោកគ្រូ!»
ខ្ញុំភ្ញាក់ក្រញាងជាថ្មី។ នេះខ្ញុំភ្លឹកទៀតហើយអ្ហេស?! យ៉ាងម៉េចឯងហ្នឹងអាសុណាន់? ខ្ញុំប្រញាប់បង្ហាញកន្លែងផ្ដិតមេដៃទៅលោកយាយរួចក៏លួចងាកទៅមើលនារីល្អឯកតំណាលគ្នានិងនាងងាកមកសម្លឹងខ្ញុំដែរ។
ពុទ្ធោ!! កែវភ្នែករបស់នាងបាញ់ទម្លុះបេះដូងខ្ញុំដូចគ្រាប់ព្រួញកាមទេព។ នាងមិនសើចមិនញញឹមអ្វីទាំងអស់តែបែរជាងាកទៅវិញក្រូស។ ខ្ញុំឯណេះទៅជាមានកម្លាំងព្រឺសលួចញញឹមម្នាក់ឯង។ ខ្ញុំប្រាប់ត្រង់ណាខ្ញុំមិនធ្លាប់មានស្នេហាទេ។
រហូតមករៀនដល់វិទ្យាស្ថានគរុកោសល្យក៏ធ្លាប់តែដឹងថាមានសិស្សប្អូនលួចស្រឡាញ់ខ្ញុំតែប៉ុណ្ណឹងឯង។ សានេះក្នុងខ្លួនខ្ញុំដូចជាយ៉ាងម៉េចក៏មិនដឹង។ អង្គុយដូចមិនចង់ជាប់សោះ។ ខំទប់ចិត្តកុំឱ្យច្រាស់ច្រាល់តែចិត្តកុំភ្នែកនៅតែមិនសហការគិតតែចង់ងាកទៅមើលនាង។ នាងជាគ្រូបង្រៀនដែរអ្ហេស? ឬជាអ្នកធ្វើការស្ម័គ្រចិត្ត? នាងជាកូនចៅនរណា? ឬនាងមកពីស្រុកផ្សេងដូចខ្ញុំដែរទេដឹង? សុខៗខ្ញុំក៏ដាក់សំណួរសួរខ្លួនឯងយ៉ាងច្រើន។
ខ្ញុំគ្រវីក្បាលសើចតិចៗ “បើឯងចង់ដឹងសួរនាងទៅអាសុណាន់!” “អត់ទេ! ឱ្យសួរយ៉ាងម៉េច?! បើនាងមិនតបមិនខ្មាសគេពេញហ្នឹងទៅហើយទេអ្ហី?”
«លោកគ្រូ! លោកគ្រូ!»
ខ្ញុំភ្ញាក់ព្រើតប្រញាប់តបញាប់មាត់ដោយស្វ័យប្រវត្តិ៖
«បាទៗផ្ដិតមេដៃត្រង់នេះ!!»
សំឡេងសើចកក្អឹកក៏បន្លឺឡើងមក។ ខ្ញុំស្ទុះងើបមុខមើលទើបដឹងថាជាបងផាន់រ៉ាសោះ។ គាត់ឈរឱបដៃសម្លឹងមកខ្ញុំឆ្វេងស្ដាំរួចក៏ចូលមកនិយាយខ្សឹបៗ៖
«ថីហ្នុង? ភ្លឹកដល់ណាដល់ណីហើយ? ម៉េចបានអ្នកគ្រូស្អាតអង្គុយធ្វើការជិតអារម្មណ៍លែងនៅនឹងខ្លួនហើយអ្ហីលោកគ្រូ?»
ខ្ញុំសើចញឹមៗតែក៏ព្យាយាមនិយាយបន្លប់៖
«មានណាបង! និយាយចឹងអស់មនុស្សហើយតើអ្ហីបង?»
បងផាន់រ៉ាមិនទាន់ទាំងតបផង សំឡេងមួយក៏បន្លឺមកបង្អាក់៖
«អូ៎! លោកគ្រូៗនៅនេះស្រេច! ខ្ញុំសុំពឹងលោកគ្រូទាំងពីរជួយឌុបអង្ករទៅវត្តប្រគេនព្រះសង្ឃបានពីរការ៉ុងផងលោកគ្រូ!»
ពូប៉ែនដែលជាមន្ត្រីនគរបាលនៅទីនេះសុំពឹងពាក់ពួកខ្ញុំ។ ខ្ញុំនិងបងផាន់រ៉ាក៏ទទួលជួយយ៉ាងរីករាយ។
ការពិតខ្ញុំនិងបងផាន់រ៉ាបានស្គាល់ពូប៉ែនតាំងពីមកដល់ទីនេះដំបូងម្ល៉េះ។ ម៉ែមានប្រសាសន៍ផ្ដាំខ្ញុំពីផ្ទះថា ពេលមកនៅទីនេះត្រូវស្គាល់មន្ត្រីនគរបាលខ្លះក្រែងលោមានការអាសន្នអីនឹងបានពឹងពាក់។
បងផាន់រ៉ានិងខ្ញុំក៏ដើរទៅតាមពូប៉ែនទាំងខ្ញុំឆ្លៀតក្រឡេកភ្នែករកមកនារីសោភាអម្បាញ់មិញ តែដូចជាមិនឃើញនាងសោះ។ ផ្ទុយទៅវិញខ្ញុំបែរជាឃើញពូយ៉នកំពុងតែលើកអង្ករមួយការ៉ុងដាក់លើម៉ូតូកញ្ចាស់របស់គាត់ ខណៈដែលខ្ញុំដូចជាប្រហែលមុខនឹងក្មេងស្រីជំទង់ម្នាក់ដែលកំពុងតែឈរជួយទប់ដៃម៉ូតូពូយ៉ននោះ។
«ហ្នឹងកូនស្រីពូយ៉នឈ្មោះយ៉ែន!! ឮគ្រូនាយកប្រាប់ថាយ៉ែនទើបនឹងឈប់រៀនកាលពីឆ្នាំមុនហ្នឹងឯង! នាងឈប់រៀនចំណាកស្រុកទៅធ្វើការនៅភ្នំពេញ តែមិនទាន់បានកន្លះឆ្នាំស្រួលបួលផងក៏ត្រលប់មកស្រុកវិញ! ពេលគ្រូនាយកទៅហៅឱ្យយ៉ែនមកចូលរៀនវិញ នាងក៏ប្រកែកប្រាប់ថាជាប់ស៊ីឈ្មួលធ្វើស្មៅដំឡូងឱ្យគេហើយណាមួយទោះនាងចូលរៀនវិញក៏រៀនមិនទាន់គេដែរ!!»
ស្ដាប់សម្ដីបងផាន់រ៉ា ខ្ញុំគួរតែអាណិតនាងព្រួច ប៉ុន្តែពេលនេះខ្ញុំស្រាប់តែភ្ញាក់ផ្អើលឡើងមក ក៏ព្រោះតែយ៉ែននេះហើយដែលជាក្មេងស្រីនិយាយឆ្លើយឆ្លងជាមួយខ្ញុំនៅក្នុងថ្នាក់ទី “៩ខ” នោះ។
ចុះហេតុអីក៏បងផាន់រ៉ានិយាយថានាងឈប់រៀនទៅវិញស៊ីឈ្មួលដកដំឡូងគេទៅវិញ។ ក្រែងថ្ងៃនោះនាងមកអង្គុយរៀនជាមួយខ្ញុំទេតើ។ ខ្ញុំចាប់ផ្ដើមច្រាស់ច្រាល់តាមសម្លឹងពូយ៉នឌុបអង្ករនិងស្រីយ៉ែនចេញទៅរហូតដល់ថ្នាក់បងផាន់រ៉ាស៊ីផ្លេម៉ូតូហៅខ្ញុំទើបខ្ញុំភ្ងាក់ខ្លួនស្ទុះទៅឌុបអង្ករទៅវត្ត។
ពូប៉ែន បងផាន់រ៉ា និងខ្ញុំនាំគ្នាឌុបអង្ករយកទៅវត្តដែលនៅឆ្ងាយពីសាលារៀនគួរសម។
ទិដ្ឋភាពនៅវត្តដែលខ្ញុំបានឃើញក៏មានសភាពខ្វះខាតច្រើនមិនខុសពីសាលានោះទេ។ នៅក្រោយវត្តគឺជាកូនភ្នំមួយដែលមានទេសភាពខៀវស្រងាត់។ ព្រះអាទិត្យបញ្ចេញរស្មីលាយនឹងអាកាសធាតុត្រជាក់ ភាពស្ងប់ស្ងាត់ឮតែសំឡេងរ៉ៃយំល្វើយៗ ខ្យល់បក់មកត្រសៀកៗលាយនឹងពិដោរក្លិនផ្កាក្រអូបឈ្ងុយឈ្ងប់ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាជីវិតរស់នៅទីនេះគឺសាមញ្ញតែមានក្ដីសុខណាស់។
បន្ទាប់ពីយកអង្ករទៅទុករួចខ្ញុំនិងបងផាន់រ៉ានាំគ្នាដើរមើលបរិវេណវត្តបន្តិចទាំងថតរូបខ្លះៗផង។ លុះមួយសន្ទុះក្រោយមក ពូប៉ែនក៏ហៅខ្ញុំនិងបងផាន់រ៉ាទៅចួបជាមួយនឹងលោកគ្រូសង្គ្រាជ។ លោកគ្រូសង្គ្រាជមានសង្ឈដីកាសុំឱ្យខ្ញុំនិងបងផាន់រ៉ាឆ្លៀតពេលទំនេរល្ងាចៗថ្ងៃសៅរ៍អាទិត្យមកជួយបង្រៀនអង់គ្លេសព្រះសង្ឃក្មេងៗនៅក្នុងវត្តព្រោះវត្តនៅដាច់ឆ្ងាយពីភូមិស្រុក ម្យ៉ាងព្រះសង្ឃក៏ខ្វះមធ្យោបាយធ្វើដំណើរដើម្បីទៅរៀនអង់គ្លេសជាមួយក្មេងៗក្នុងភូមិផង។
ទីបំផុតខ្ញុំក៏យល់ព្រមតាមសង្ឈដីការបស់លោកគ្រូសង្គ្រាជវត្ត ព្រោះខ្ញុំក៏ចេះភាសាអង់គ្លេសខ្លះៗល្មមអាចចែករំលែកទៅកាន់សេមណេរក្នុងវត្តដែរ។ ចំណែកបងផាន់រ៉ាវិញគាត់ពិតជាសោកស្ដាយណាស់ដែលមិនអាចជួយបង្រៀនភិក្ខុសាមណេរបាន ព្រោះតែគាត់ត្រូវឡើងទៅរៀននៅសកលឯខេត្តដោយសាលាគាត់ចាប់ផ្ដើមបង្រៀនឆមាសថ្មីនៅសប្ដាហ៍ក្រោយនេះហើយ។
………………….
យប់នៅផ្ទះស្នាក់សម្រាប់គ្រូបង្រៀន…
ម៉ោងប្រាំបួនយប់…
ខ្ញុំបិទភ្នែកចូលសម្រាកលឿនខុសពីសព្វមួយដង ប៉ុន្តែខ្ញុំនៅបើកភ្លើងខាងមុខផ្ទះស្នាក់ចោល ព្រោះទុកចាំបងផាន់រ៉ាដែលគាត់ទៅចួបជុំជាមួយនឹងលោកគ្រូនាយកនៅឯផ្ទះលោកគ្រូនាយកតាំងពីម៉ោងជិត៧ល្ងាចម្ល៉េះ។
ខ្ញុំបដិសេធមិនទៅចូលរួមនោះទេព្រោះថាខ្ញុំដូចជាល្វើយប្លែក។ អ្វីដែលសំខាន់គឺខ្ញុំមានអារម្មណ៍ថារោយស្មាខាងស្ដាំមួយចំហៀងទៀតហើយ។ ខ្ញុំប្រះដេកទាំងយកដៃគងថ្ងាស។ យប់នេះខ្ញុំប្រុងទូរសព្ទទៅម៉ែតែទូរសព្ទគ្មានសេវាសោះ។
ចង់យកមក scroll Facebook លេងតែក៏គ្មានអ៊ីនធើណេត។ ខ្ញុំបន្ធូរដង្ហើមធំ ចិត្តក៏ចាប់រវើរវាយទៅដល់មនុស្សស្រីដែលខ្ញុំបានឃើញកាលពីព្រឹកមិញ។ ខ្ញុំស្រាប់តែញញឹមឡើងមក។ គ្រូបង្រៀនខ្ញុំនេះនៅបរិសុទ្ធទាំងកាយទាំងចិត្តតែម្ដង ព្រោះកន្លងមកក៏គិតតែពីខំរៀនមិនបានគិតគូររឿងស្នេហាអីអស់ហ្នឹងទេ។
ខ្ញុំមិនស្គាល់ថាអ្វីជាស្នេហាទេ ដឹងត្រឹមតែខ្ញុំចង់ឃើញមុខនាងទៀត។ កំពុងតែគិតបណ្ដើរដេកសើចម្នាក់ឯងបណ្ដើរស្រាប់តែសំឡេងក្រិកក្រុកលាន់ឮនៅមុខទ្វារ។ ខ្ញុំប្រែទឹកមុខជ្រួញចិញ្ចើមស្ទុះងើបយកដៃច្រត់គ្រែសម្លឹងទៅទ្វាររួចក៏ចាប់ស្រែកហៅ៖
«បងផាន់រ៉ា! បងចូលមកខ្ញុំអត់ចាក់គន្លឹះទ្វារទេបង!»
ស្ងាត់ឈឹង! ខ្ញុំទ្រឹងបន្តិច ឬក៏គិតច្រើនខ្លួនឯងទេដឹង? បងផាន់រ៉ាត្រូវដងត្រូវផ្លែជាមួយនឹងលោកគ្រូនាយកណាស់ បើបានព្រោកប្រាជ្ញផងមិនក្រោមពីរទៅបីម៉ោងទេ។ មើលទៅគាត់មិនទាន់ត្រលប់មកវិញទេ។
ខ្ញុំផ្ដេកក្បាលចុះវិញតែក៏…ក្រាក!! ខ្ញុំស្ទុះងើបភីងសម្លឹងទៅទ្វារដែលរបើកអម្បាញ់មិញ។ ភ្លឹប!! ភ្លើងដាច់!! ខ្ញុំចាប់មានអារម្មណ៍មិនស្រួល៖
«បងផាន់រ៉ា!! បង!!»
ទ្វាររបើកតែគ្មានមនុស្សនោះទេ។ ម្យ៉ាងទៀតបើជាបងផាន់រ៉ាមែនខ្ញុំច្បាស់ជាឮសំឡេងម៉ូតូរបស់គាត់មិនខាន។ ភាពងងឹតនៅតែពន្លឺព្រាលៗនៅកន្លែងខ្ញុំដេកបែរជាត្រូវពន្លឺឆ្វាចចុះឡើងចុចចូលមក របៀបដូចមាននរណាបញ្ចាំងពិលចូលមកមួយភ្លែតហើយក៏បាត់ទៅវិញ។ ខ្ញុំឆ្ងល់ហួសពីឆ្ងល់។
«នរណាមកបញ្ចាំងអីយប់ថ្មើរណេះ?»
ឬក៏គេដើរចាប់សត្វនៅតាមរងដំឡូងព្រោះនៅម្ខាងផ្ទះស្នាក់របស់ខ្ញុំគឺជាចម្ការដំឡូងដែលមានដើមដំឡូងដុះផុតក្បាល។ ខ្ញុំសន្សឹមៗដើរចេញទៅក្រៅដែលមានពន្លឺព្រះចន្ទជះចេញមកព្រាលៗល្មមអាចសម្គាល់អ្វីជុំវិញខ្លួនបានតិចតួច។ ខ្ញុំមកដល់មុខទ្វារ ស្របពេលដែលពន្លឺពិលចាំងចេញពីចម្ការដំឡូងមកមួយភ្លែតទៀតហើយក៏បាត់ទៅវិញ។ ខ្ញុំឈរធ្មឹងបន្តិចស្រាប់តែ…ប្រោក!! សំឡេងអូសអ្វីក៏មិនដឹងលាន់ឡើងមកនៅម្ដុំភ្លើងពិលមុននេះ។
ដោយការចង់ដឹងខ្ញុំក៏ដើរលបៗទៅជិតរបងលួសដែលនៅជាប់នឹងចម្ការដំឡូងនោះ។ ខ្ញុំក្រឡេកភ្នែកឆ្វេងស្ដាំរកមើលមនុស្សតាមប្រភពសំឡេងដែលឮមក ទាំងដែលដឹងថាក្នុងរងដំឡូងងងឹតឈឹងក៏ដោយ។
មួយរំពេចនោះខ្ញុំក៏ស្រាប់តែកំណត់បានស្រមោលស្ទុងៗហាក់ដូចកំពុងធ្វើអ្វីម្យ៉ាង។ កំពុងព្យាយាមស្យង់មើលសឹងតែភ្លេចដកដង្ហើម អារម្មណ៍របស់ខ្ញុំបែរជាកំពុងប្រាប់ខ្ញុំថាមាននរណាដើរចូលទៅក្នុងផ្ទះស្នាក់របស់ខ្ញុំទៅវិញ។
ខ្ញុំចាប់ងាកទៅមើលផ្ទះស្នាក់ភ្លាមៗតែគ្រប់យ៉ាងគឺស្ងប់ស្ងាត់ល្អណាស់។ លុះងាកត្រលប់មកវិញស្រមោលស្ទុងៗមុននេះក៏បាត់ទៅណាក៏មិនដឹង។ ក្ឌាំង!! សំឡេងធ្លាក់របស់លាន់មកពីក្នុងផ្ទះស្នាក់របស់ខ្ញុំ។ ខ្ញុំស្រឡាំងកាំងលបៗទៅផ្ទះស្នាក់វិញមកពួនក្បែរទ្វារព្រោះខ្ញុំគិតថាដូចមានអ្វីម្យ៉ាងខុសប្រក្រតីហើយ។
ឬជាចោរ?? នឹកដល់ពាក្យចោរ ខ្ញុំទៅជាបុកពោះប៊ឹបខំតាំងជំហរនៅជិតទ្វារលួចមើលតាមប្រឡោះជញ្ជាំង។ ខាងក្នុងងងឹតដល់ថ្នាក់ខ្ញុំចាក់ភ្នែកមិនធ្លុះ។ កំពុងស្យង់ស្មារតីលបលួចមើល ស្រាប់តែស្អីក៏មិនដឹងទម្លាក់មកលើស្មាខ្ញុំពឹប! ខ្ញុំភ្ញាក់ក្រញាងស្ទុះងាកអស់ទំហឹង៖
«សុណាន់! មកអើតឡឺមស្អីនៅទីនេះទៅវិញ?»
ខ្ញុំបន្ធូរដង្ហើមលាន់សូរឃូរ កាលបើនៅចំពោះមុខខ្ញុំនេះគឺជាបងផាន់រ៉ាទាំងសាច់ទាំងឈាម។ ខ្ញុំជ្រួញចិញ្ចើមក្រឡេកឆ្វេងស្ដាំបន្តិចទើបសួរគាត់៖
«បងផាន់រ៉ា! ចុះឯណាម៉ូតូបង?»
«ចូលទៅក្នុងសិនទៅចាំនិយាយគ្នា!»
ខ្ញុំដូចជាចង់ឃាត់បងផាន់រ៉ាកុំឱ្យចូលទៅក្នុង តែបងផាន់រ៉ាក៏ដើរចូលទៅក្នុងយ៉ាងរហ័ស។ ខ្ញុំសន្សឹមៗដើរតាមពីក្រោយគាត់ទៅ។ គាត់ចុចបើកភ្លើងភ្លឺរន្ធាលឡើងមក។ ខ្ញុំបើកភ្នែកធំៗ…ក្រែងមុននេះភ្លើងដាច់អ្ហេស?? ម៉េចបានទៅជាអ៊ីចឹងកើត? ឬក៏ភ្លើងដាច់មួយភ្លែតហើយក៏មកវិញ?! បងផាន់រ៉ាងាកមកខ្ញុំធ្វើមុខឆ្ងល់៖
«ម៉េចមិនបើកភ្លើងក្រៅចាំបង? ហើយចេះទៅអើតឡឺមនៅក្រៅទៅកើត…បងស្មានថាជាចោរតើវិះតែវាយទៅហើយ! ចុះម៉េចបានជាសុណាន់ទៅធ្វើអីនៅក្រៅអ៊ីចឹង?»
ខ្ញុំសម្រួលទឹកមុខស្លន់ស្លោរួចក៏និយាយតិចៗរាងខ្សឹបៗ៖
«គឺអឺ…ខ្ញុំចេញទៅយកខ្យល់អាកាសមួយភ្លែតទើបខ្ជិលបើកភ្លើង តែពេលត្រលប់មកវិញក៏ឮសំឡេងក្ឌុងក្ឌាំងក្នុងបន្ទប់ ទើបគិតស្មានថាមាននរណាចូលក្នុងបន្ទប់ណ៎ាបង!»
ខ្ញុំប្រតិដ្ឋរឿងឡើងមក។ ប្រាកដណាស់! តាំងពីមកបង្រៀននៅទីនេះខ្ញុំចួបរឿងប្លែកៗច្រើនណាស់ មិនថាតែរឿងពិតដូចជាសិស្សក្នុងថ្នាក់ទី “៩ខ” ការឮសំឡេងក្ឌុកក្ឌាំងប្លែកៗ ឬសូម្បីតែរឿងយល់សប្ដិចម្លែកៗកាលពីយប់មិញដែលខ្ញុំនៅតែលាក់ជាមួយនឹងបងផាន់រ៉ាដដែល។
មែនហើយ! បងផាន់រ៉ាប្រាកដជាថាខ្ញុំគិតច្រើនដោយខ្លួនឯងបើសិនជាខ្ញុំនិយាយរឿងគ្រប់យ៉ាងប្រាប់គាត់ ហើយខ្ញុំផ្ទាល់ក៏មានអារម្មណ៍ថាខ្លួនឯងបែបហ្នឹងដែរ។ បងផាន់រ៉ាចាស់ចិត្តចាស់គំនិតជាងខ្ញុំមិនផ្អើលៗដូចខ្ញុំដែលទើបតែអាយុ២០ស្ដើង នៅមិនទាន់ចាស់គំនិតដូចគាត់នោះទេ។ ខ្ញុំប្រញាប់សួរបងផាន់រ៉ាមិនឱ្យគាត់សួរបកខ្ញុំទាន់ទេ៖
«ចុះបងវិញ…ឯណាម៉ូតូ?»
បងផាន់រ៉ាដែលស្រវឹងស្រឿងៗផង ហូតយកកន្សែងពោះគោរៀបចំទៅងូតទឹកបណ្ដើរទាំងនិយាយតិចៗបណ្ដើរ៖
«ម៉ូតូបងធ្លាយកង់នៅផ្ទះគ្រូនាយកហ្នឹងឯង ទើបគាត់ជូនបងមកទៅ!»
ខ្ញុំភ្ញាក់បន្តិច…ថាម៉េច គ្រូនាយកជូនមក? ម៉េចបានជាខ្ញុំមិនឮសំឡេងម៉ូតូគ្រូនាយក? ឬពេលនោះខ្ញុំកំពុងផ្ចង់រកមើលមនុស្សនៅក្នុងបន្ទប់ទេដឹង?
«ចឹងបងរកទៅងូតទឹកសិនហើយ…ក្ដៅស្អុះណាស់! បើសុណាន់ងុយគេងបិទភ្លើងក្នុងទុកតែភ្លើងក្រោយទៅបានហើយ!»
«បាទបង!!»
បងផាន់រ៉ាញញឹមតបខ្ញុំបន្តិចទើបដើរចេញតាមទ្វារក្រោយទៅបន្ទប់ទឹក។
…………………………
នៅសាលារៀន….
ថ្នាក់ទី៨ “ក”
ខ្ញុំកំពុងសរសេរចំណងជើងមេរៀននៅលើក្ដារខៀន ខណៈដែលកូនសិស្សស្រីម្នាក់ដែលបានសម្ដីជាងគេនៅក្នុងថ្នាក់ មិនសូវជាខ្លាចនរណានោះបន្លឺសំឡេងស្រួយស្រែសឡើងមក៖
«កាលពីព្រលប់ថ្ងៃសៅរ៍ខ្ញុំចេញពីចម្ការឃើញលោកគ្រូជិះម៉ូតូដែរតើតែអត់ហ៊ានហៅលោកគ្រូ!»
ខ្ញុំសើចបន្តិចទាំងនៅបន្តសរសេរអក្សរ តែក៏ឆ្លៀតតបទៅកូនសិស្សវិញកុំឱ្យស្ងាត់ថ្នាក់ដែលមានគ្នាត្រឹមតែជិត២០នាក់ប៉ុណ្ណោះ៖
«អ៎…ព្រលប់ថ្ងៃសៅរ៍ហ្នឹងគ្រូជិះម៉ូតូទៅទិញពងទា! គ្រូអត់សូវចេះធ្វើម្ហូប ចឹងញ៉ាំតែពងហ្នឹងឯងព្រឹកៗឡើង!»
ខ្ញុំបញ្ចប់ឃ្លាទាំងសើចបន្តិចផង។ សាវលីក៏សើចតិចៗជាមួយខ្ញុំដែរ៖
«ចាសលោកគ្រូ! តែខ្ញុំឃើញលោកគ្រូឌុបណាគេអ្ហ៎…ចឹងទៅខ្ញុំក៏អត់ហ៊ានហៅលោកគ្រូហ្មងទៅ!»
ខ្ញុំអាក់សកម្មភាពមួយរំពេច។ ឌុបនរណាគេអ៊ីចឹងអ្ហេស? ខ្ញុំដូចជារកនឹកមិនឃើញសោះថាកាលពីព្រលប់ថ្ងៃសៅរ៍ខ្ញុំឌុបនរណាគេនោះ ព្រោះខ្ញុំជិះទៅទិញពងទាទុកគ្រាន់ញ៉ាំបាយព្រឹកៗតែម្នាក់ឯងប៉ុណ្ណោះ គ្មានឌុបនរណាទេ។
ឃើញខ្ញុំស្ងាត់យូរសាវលីក៏បន្ត៖
«ហើយកាលព្រលប់ថ្ងៃអាទិត្យក៏ខ្ញុំឃើញលោកគ្រូដែរ! លោកគ្រូជិះកាត់មុខផ្ទះខ្ញុំ…ឃើញឌុបណាគេដែរ…ឃើញដូចក្មេងប្រុសជំទង់ពាក់អាវស!»
ម្ដងនេះខ្ញុំស្រឡាំងកាំងទ្វេដង។ អត់ទេ! ឌុបយ៉ាងម៉េច? កាលពីព្រលប់ថ្ងៃអាទិត្យខ្ញុំជិះត្រលប់មកពីវត្តវិញតែម្នាក់ឯងតាមពីក្រោយម៉ូតូបងផាន់រ៉ាហ្នឹង។ ខ្ញុំបែរមុខទៅកូនសិស្សទាំងធ្វើមុខមិនត្រូវ តែខ្ញុំកគ្រលឹមដើមករបៀបលេងសើច៖
«អ៊ឺ…អត់ទេ! គ្រូមានបានឌុបពីណាទេ! សាវលីច្រឡំហើយ!»
សាវលីធ្វើភ្នែកម៉ក់ៗតាមរបៀបមិនសូវចេះខ្លាចគ្រូរបស់នាង៖
«អត់ទេលោកគ្រូ! ខ្ញុំឃើញមែនតើ…ឃើញឡើងច្បាស់ចែស!»
ខ្ញុំដើរទៅឈ្ងោកមើលចំណងជើងរងក្នុងសៀវភៅពុម្ពនៅលើតុ ទាំងផ្ចង់ស្ដាប់សាវលីរ៉ាយរ៉ាប់ផង។
សម្ដីរបស់សាវលីហាក់ធ្វើឱ្យខ្ញុំនឹកឃើញដល់លោកគ្រូសង្គ្រាជវត្ត ដែលលោកមានសង្ឃដីកាប្លែកៗមកកាន់ខ្ញុំកាលពីល្ងាចថ្ងៃអាទិត្យនោះ
«គេតាមលោកគ្រូមកហើយ បើលោកគ្រូជួយគេបានគឺល្អណាស់!»
ខ្ញុំសម្រួលអារម្មណ៍រៀបនឹងតបទៅសាវលីវិញ ស្រាប់តែឃើញកូនសិស្សថ្នាក់បឋមរត់កាត់មុខថ្នាក់ខ្ញុំវូ។ ទាំងខ្ញុំទាំងកូនសិស្សគឺសុទ្ធតែភាន់ភាំងក្រឡេកទៅក្រៅថ្នាក់គ្រប់ៗគ្នា។ ភ្លាមៗនោះ សិស្សថ្នាក់ទី៧ “ក” ជាប់ថ្នាក់ខ្ញុំបង្រៀននោះក៏នាំគ្នារត់ចេញពីក្នុងថ្នាក់កាត់តាមមុខថ្នាក់របស់ខ្ញុំទៅដែរ។ ខ្ញុំកាន់តែស្រឡាំងកាំងទ្វេដង លុះងាកមកកូនសិស្សខ្លួនឯងវិញ ពួកគេក៏ជ្រួលច្របល់ស្ទុះចេញមកក្រៅតាមគេតាមឯងដែរ រកតែខ្ញុំឃាត់មិនទាន់ឡើយ។ «មានរឿងអីហ្នឹង?» ខ្ញុំមិនបង្អង់យូរ ក៏រត់ចេញទៅក្រៅតាមគេតាមឯងភ្លាមដែរ…
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ