រឿង៖ បទពិសោធព្រឺព្រួច (ភាគបញ្ចប់)

មែនហើយគឺជាគាត់! គឺជាគាត់ពិតមែន!! ពុទ្ធោ! ចុះហេតុអីក៏សាកសពរបស់គាត់មកនៅក្នុងស្រះទឹកនេះទៅវិញ?! ហើយចុះគាត់ស្លាប់ដោយសារអ្វី? ខ្ញុំធ្វើចិត្តមិនបានទេ ព្រោះវាដូចជាលឿនពេកហើយ។

ខ្ញុំទើបតែនិយាយជាមួយនឹងអ្នកគ្រូណីកាលពីព្រឹកមិញសោះថាបាត់មិនឃើញគាត់នៅឯសាលារៀន ប៉ុន្តែពេលនេះខ្ញុំបែរជាមកប្រទះនឹងសាកសពដ៏គួរឱ្យសង្វេគរបស់គាត់ដោយចៃដន្យ នៅក្នុងស្រះទឹកនេះទៅវិញ។

ស្រះទឹក?! មែនហើយ! ខ្ញុំមិនគួរភ្លេចស្នាមដានទំហំប៉ុនខ្លួនមនុស្សនិងសំឡេង “ក្ឌុង” មុនពេលដែលខ្ញុំស្ដាប់ឮសំឡេងទួញយំអង្វរកររបស់ស្រីយ៉ែនឡើយ។ ឬក៏មានអ្នកសម្លាប់គាត់ ហើយអូសសាកសពគាត់យកមកទម្លាក់ក្នុងស្រះទឹកនេះ?!

ខ្ញុំកំពុងតែញ័រខ្លួនដូចជាកូនសត្វ បានត្រឹមតែហូរទឹកភ្នែកសស្រាក់គ្រវីក្បាលតិចៗដូចមនុស្សវិកលចរិត ទាំងប្រឹងរកនឹកមួយរយហេតុផលដែលនាំឱ្យពូប្រមមកស្លាប់ដូចជាសត្វធាតុបែបនេះ។ កំពុងតែលង់ខ្លួនចូលជ្រៅទៅក្នុងការគិតក៏ស្រាប់តែម្រាមដៃមួយស្ទុះមកខ្ញាំសក់ខ្ញុំយ៉ាងរហ័ស រួចក៏ទាញផ្ដួលខ្លួនខ្ញុំចូលទៅក្នុងទឹក រុញផ្អឹបក្បាលខ្ញុំលិចចូលទៅក្នុងទឹកស្រះតែម្ដង។

ខ្ញុំប្រវេប្រវាដៃជើងប្រឹងស្រែករកជំនួយ ប៉ុន្តែបានតែត្រឹមបញ្ចេញខ្យល់មកក្រៅបែបពពុះទឹកខ្សុល។

ភ្លាមនោះម្ចាស់កម្លាំងដៃក៏ក្របួចទាញសក់ខ្ញុំឱ្យងើបពីទឹកឡើងមកវិញ…

«អ៊ឺ…ជួយ…»

ស្រែកបានតែត្រឹមនេះ ខ្ញុំក៏ត្រូវបានជននោះចាប់ជ្រមុជនៅក្នុងទឹកជាថ្មីម្ដងទៀត។ ខ្ញុំក៏ដង្ហក់ខ្យល់លេបទឹកចូលទៅក្នុងពោះមិនដឹងជាប៉ុន្មានក្អឹកឡើយ។ ប៉ុន្តែពេលនេះរឿងលេបទឹកស្រះគឺវាមិនសំខាន់ឡើយ ប៉ុន្តែរឿងដែលសំខាន់គឺខ្ញុំកំពុងឈ្លក់ទឹកជិតដាច់ដង្ហើមទៅហើយ។

ទោះបីជាយ៉ាងណាដៃរបស់ខ្ញុំនៅបន្តទាញដៃរបស់ជនមិនស្គាល់មុខពីក្បាលរបស់ខ្ញុំ  ដើម្បីនឹងអាចរកឱកាសបន្តដកដង្ហើមបានខ្លះៗ។ ប៉ុន្តែមិនអាចឡើយ!! ជននោះប្រើកម្លាំងដ៏ខ្លាំងជ្រមុជក្បាលខ្ញុំចូលទៅក្នុងទឹកឱ្យឱនងើបៗជាច្រើនដងរហូតដល់…

«ឈប់ឥឡូវនេះពូយ៉ន!!! ឆាប់លែងលោកគ្រូណាន់ភ្លាម!!»

ជាមួយនឹងសំឡេងល្វើយៗរបស់អ្នកគ្រូណីដែលខ្ញុំចាំបានមិនភ្លេច ម្ចាស់ដៃដ៏សាមាន្យក៏កន្ត្រាក់ទាញសក់ខ្ញុំឱ្យងើបក្បាលចេញពីទឹកជាថ្មីម្ដងទៀត។

«ហ៊ឺកកកក…អស់ៗៗ..ហ៊ឺ…អស់ៗៗ…»

ខ្ញុំក្អកដង្ហក់ដង្ហើយហៀរទឹកចេញពីច្រមុះនិងមាត់បីដូចជាឆ្កែឆ្កួត។ ក្រោយមកច្រមុះរបស់ខ្ញុំក៏ចាប់ដំណើរការដោយស្វ័យប្រវត្តិ ស្រូបយកនូវឧស្ម័នអុកស៊ីសែនខ្លាំងៗដើម្បីបំពេញទៅឱ្យសួត។ ភ្លាមនោះខ្ញុំក៏ស្ដាប់បាននូវសំឡេងក្ដុកក្ដួលរបស់អ្នកគ្រូណីបន្លឺមកល្វើយៗពីមាត់ស្រះសាជាថ្មី៖

«លោកគ្រូណាន់! លោកគ្រូយ៉ាងម៉េចហើយ? លោកគ្រូមិនអីទេអ្ហេស?»

ត្រចៀករបស់ខ្ញុំដូចជាចង់ហ៊ឹងអស់ ជើងដៃរបស់ខ្ញុំក៏ប្រែជាទន់ល្ហិតល្ហៃដូចជាគ្មានកម្លាំងកំហែងអ្វីបន្តិចសោះ ដូច្នេះគ្រាន់តែជនអន្យតិរ្ថិយដែលខ្ញុំដឹងថាជាពូយ៉នតាមរយៈសំឡេងស្រែករបស់អ្នកគ្រូណីនោះលែងដៃពីក្បាលខ្ញុំភ្លាម ខ្ញុំក៏ដួលដេកទៅលើចំណោតមាត់ស្រះនោះមួយរំពេច។ ម្ដងនេះសំឡេងតក់ស្លុតរបស់អ្នកគ្រូណីក៏លាន់ឡើងមកជាថ្មី៖

«លោកគ្រូណាន់! លោកគ្រូមិនអាចកើតអីជាដាច់ខាត!!…ខ្ញុំមិនឱ្យលោកគ្រូកើតអីជាដាច់ខាត!!»

ខ្ញុំនៅបន្តបើកភ្នែកប្រិមៗសម្លឹងរាងកាយពូយ៉ន ដែលកំពុងឈរមួយជំហរខ្លួនឈ្ងោកមុខចុះមកសម្លឹងខ្ញុំដោយកែវភ្នែកសាហាវឃោរឃៅ។ ទោះបីជាកែវភ្នែករបស់ខ្ញុំមើលឃើញនូវពូយ៉នក្នុងសភាពព្រាលៗក៏ដោយ ក៏ខួរក្បាលរបស់ខ្ញុំនៅតែអាចបកស្រាយប្រាប់ខ្ញុំបានថា ពូយ៉នដែលកំពុងតែឈរនៅពីមុខខ្ញុំនេះ គឺមិនមែនជាពូយ៉នស្លូតបូតម្នាក់ដែលខ្ញុំតែងតែឃើញនោះឡើយ។ ភ្លាមនោះពូយ៉នក៏ក្ដាប់ដៃយ៉ាងណែនបន្លឺសំឡេងទាំងសង្កៀតធ្មេញ៖

«ល្អ!! មកជុំគ្នាតែម្ដងបែបនេះក៏ល្អ!!…ហ៊ឹះ! ពួកឯងស្រឡាញ់ស្មោះស្ម័គ្រគ្នាណាស់មែនទេ? បាន!! ចាំយើងជាអ្នកបញ្ជូនពួកឯងឱ្យទៅរួមរស់ជាមួយគ្នានៅឯឋាននរកទៅចុះ!!»

«គឺពូទេដែលត្រូវចុះនរកនោះពូយ៉ន! ពូជាឃាតករសម្លាប់មនុស្ស…ពូហ៊ានលើកដៃសម្លាប់សូម្បីតែក្មេងជំទង់ម្នាក់…តើចិត្តរបស់ពូសាងពីស្អីទៅពូយ៉ន?!»

អ្នកគ្រូណីខំតបតជាមួយនឹងពូយ៉ន ដោយសំឡេងអួលណែនលាយឡំនឹងភ្លើងទំហឹងខណៈដែលពូយ៉នឈរសើចដូចជាមនុស្សឆ្កួត៖

«ហាសហា…ឯងសួរថាចិត្តរបស់យើងសាងពីអ្វីអ៊ីចឹងអ្ហេស?! ចុះឯងមានដែលឆ្ងល់ថាចិត្តអាធាមនោះសាងឡើងមកពីអ្វីដែរទេ? អាឈាមថោកនោះវាចាប់រំលោភមីខ្យែនកូនយើង! ហ៊ឹះ! ក្មេងទំនើងបាតសង្គមម៉ែឪប្រដៅមិនស្ដាប់ដូចជាវា ស័ក្ដិសមហើយដែលវាត្រូវងាប់ទៅបែបហ្នឹង! មនុស្សដូចជាវារស់នៅនាំតែធ្ងន់ផែនដីឥតប្រយោជន៍ទេ!!»

ពូយ៉នសង្កត់កន្ទុយពាក្យមួយទំហឹងតែអ្នកគ្រូណីនៅតែមិនព្រមចុះចាញ់៖

«អ៊ីចឹងពូគិតថាផែនដីអាចទ្រនូវអំពើឃោរឃៅរបស់ពូបានដែរអ្ហេស?!!…សូម្បីតែពូប្រម…សូម្បីតែពូប្រមក៏ពូមិនលើកលែងឱ្យគាត់ដែរ! (អ្នកគ្រូណីក៏ប្រែជាខ្សឹកខ្សួល) គឺគ្រាន់តែមនុស្សវិកលចរិតម្នាក់…មនុស្សវិកលចរិតម្នាក់សោះក៏ពូមិនលើកលែងឱ្យដែរ!!»

«មិនបាច់បូរបាច់ច្រើនទេ!! ពួកឯងទាំងពីរចេះដឹងរឿងយើងខ្លាំងណាស់ អ៊ីចឹងត្រៀមខ្លួនក្លាយជាខ្មោចយាមទឹកស្រះរបស់យើងទៅ!!»

ជាមួយនឹងប្រយោគនេះ ពូយ៉នក៏បោះជំហានទៅរកអ្នកគ្រូណីនៅឯមាត់ស្រះ ខណៈខ្ញុំព្យាយាមស្រវាប្រទេញបំណងចាប់ជើងពូយ៉នឱ្យជាប់ តែកម្លាំងដ៏ស្ដួចស្ដើងរបស់ខ្ញុំបែរជាចាប់បានត្រឹមតែជើងខោរបស់ពូយ៉នទៅវិញ។

«កុំ…កុំអីពូ…កុំធ្វើអីអ្នកគ្រូណីអីពូ…!!»

ទោះបីជាយ៉ាងណា  ពូយ៉នក៏នៅតែបន្តបោះជំហានលឿនស្លេវឆ្ពោះទៅរកអ្នកគ្រូណី ខណៈខ្ញុំប្រឹងដាក់ភ្នែកដែលដិតដាមដោយទឹកភ្នែកហូរសស្រាក់សម្លឹងឃើញដោយព្រាលៗនូវរូបភាពរបស់អ្នកគ្រូណី ដែលកំពុងបោះជំហានខ្ញើចៗថយទៅក្រោយទាំងត្រដាបត្រដួស ប្រឹងនិយាយដោយសំឡេងញ័រៗ៖

«ពូប្រគល់ខ្លួនឱ្យប៉ូលិសទៅពូយ៉ន…ពូជឿខ្ញុំទៅ…ទោសធ្ងន់នឹងអាចក្លាយជាស្រាល!…តែបើពូនៅតែបន្តសម្លាប់មនុស្សបន្ថែមទៀត នោះទោសទណ្ឌរបស់ពូនឹងអាចឱ្យពូជាប់គុកអស់មួយជីវិតបាន!…ពូប្រគល់ខ្លួនឱ្យប៉ូលិសទៅ…ព្រមទទួលសារភាពគ្រប់យ៉ាងទៅពូមុននឹងអ្វីៗធ្ងន់ធ្ងរជាងនេះ…ហាស៎…អូយ…!!»

អ្នកគ្រូណីឈានថយក្រោយទាំងជើងខ្ញើចៗ មិនប្រយ័ត្នក៏រអិលជើងដួលព្រូសមួយរំពេច។ ភ្លាមនោះពូយ៉នដែលកំពុងតែបោះជំហានទៅរកអ្នកគ្រូណីស្រាប់នោះ ក៏ស្ទុះទៅច្របាច់កអ្នកគ្រូណីភ្លាមៗឥតបង្អង់។

«អ៊ឺ…លែង…លែង…!!»

«ទេ!!»

ខ្ញុំប្រឹងស្រែកញ័រអស់ទាំងខ្លួន ដំណាលគ្នានឹងអ្នកគ្រូណីបន្លឺសំឡេងផុតៗទាំងខំប្រឹងរើបម្រះពីកម្លាំងដៃរបស់ពូយ៉ន តែទោះជាយ៉ាងណា ពូយ៉នចិត្តសាមាន្យមិនប្រណីនាងឡើយ។ ឃើញបែបនេះខ្ញុំក៏ខំប្រឹងប្រមូលអស់កម្លាំងកាយចិត្ត ត្រដរច្រត់ដៃងើបខ្លួនទាំងត្រដាបត្រដួសដើម្បីទៅជួយអ្នកគ្រូណី។ បែរទៅរកពូយ៉នវិញ គាត់កំពុងតែច្របាច់កអ្នកគ្រូណីអស់ទំហឹង បំណងនឹងផ្ដាច់យកជីវិតរបស់នាងឱ្យទាល់តែបាន។

អ្នកគ្រូណីឯណោះកំពុងទធាក់ជើងទៅមក ប្រកាច់ប្រកិនត្រដរខ្យល់ ស្របពេលដែលពូយ៉នទាញកូនកាំបិតមួយចេញមក បម្រុងនឹងចាក់អ្នកគ្រូណីទៅហើយក៏ស្រាប់តែ…

«អ៊ឹះ!!…រត់…រត់ទៅអ្នកគ្រូណី!!»

ខ្ញុំដែលទើបនឹងបោះជំហានមកដល់ទាំងញញីញញ័រ ក៏ស្ទុះចាប់កដៃកាន់កាំបិតរបស់ពូយ៉នជាប់ទាំងស្រែកឱ្យអ្នកគ្រូណីរត់។

«អ៊ឺហ៊ឹះ! ស្រឡាញ់គ្នាណាស់អ្ហេស?!!»

ជាមួយនឹងសំឡេងគ្រហឹមនេះ ពូយ៉នក៏គ្រវាសខ្ញុំមួយដៃដួលដេកទៅជិតអ្នកគ្រូណីដែលកំពុងតែក្អកដង្ហក់នោះទាំងជំហរតែម្ដង។ ភ្លាមនោះពូយ៉នក៏ខាំមាត់យារកាំបិតបំណងនឹងចាក់សម្លាប់អ្នកគ្រូណីឱ្យខានតែបាន។ លុះឃើញបែបនេះខ្ញុំក៏ស្ទុះទៅទ្រោបពីលើរាងកាយអ្នកគ្រូណី ដើម្បីរងនូវមុខកាំបិតទាំងស្រែកសឹងតែភ្លាត់សំឡេង…

«ទេ!!!»

«លោកគ្រូ!!!»

«អូយ!!!»

ខ្ញុំទ្រោបពីលើអ្នកគ្រូណីចាំទទួលរងនូវមុខកាំបិតរបស់ពូយ៉ន ឥតមានខ្លាចក្រែងសេចក្ដីស្លាប់ឡើយ ព្រោះបើសិនជាខ្ញុំបណ្ដោយឱ្យនាងស្លាប់នៅចំពោះមុខខ្ញុំ នោះខ្ញុំនឹងមានវិប្បដិសារៈអស់មួយជីវិត។

ថ្វីដ្បិតតែខ្ញុំមិនដឹងថាស្នេហាគឺវាអ្វីឱ្យពិតប្រាកដក៏ដោយ ប៉ុន្តែខ្ញុំអាចដឹងថាជីវិតរបស់ខ្ញុំនឹងលែងមានន័យតទៅទៀតបើសិនជាគ្មានវត្តមានរបស់អ្នកគ្រូណីទេនោះ។ ជាសត្យានុម័តដែលថានៅពេលនេះខ្ញុំគួរតែមានភាពឈឺចាប់នៅត្រង់ខ្នងមុននឹងខ្ញុំបិទភ្នែកទៅជារៀងរហូត ប៉ុន្តែផ្ទុយទៅវិញត្រចៀករបស់ខ្ញុំ នៅតែអាចស្ដាប់ឮនូវសម្រែកតក់ស្លុតរបស់អ្នកគ្រូណីនិងសម្រែកឈឺចាប់របស់ពូយ៉នបន្តគ្នា ទាំងដែលខ្ញុំគ្មានអារម្មណ៍ថាកូនកាំបិតរបស់ពូយ៉នបានជ្រៀតចូលទៅក្នុងខ្លួនខ្ញុំឡើយ។  

បន្តមកខ្ញុំក៏បានស្ដាប់ឮនូវសំឡេងអណ្ដឺតអណ្ដករបស់មនុស្សម្នាក់ទៀត…

«ពុក! ពុកឈប់សម្លាប់មនុស្សទៅពុក!…វាបាបខ្លាំងណាស់ណ៎ាពុក…!»

ម្ដងនេះអ្នកគ្រូណីងើបអង្គុយ រួចក៏បែរមកទប់ទ្រខ្លួនខ្ញុំឱ្យងើបអង្គុយទាំងរន្ធត់ចិត្ត៖

«លោកគ្រូ!! លោកគ្រូមិនអីទេអ្ហេស?!»

ខ្ញុំមិនបានចាប់អារម្មណ៍ឆ្លើយនឹងអ្នកគ្រូណីឡើយ។ ផ្ទុយទៅវិញខ្ញុំក្រឡេកទៅម្ខាងឃើញពូយ៉នខំប្រឹងងើបឈរទាំងទ្រេតទ្រោត ខណៈនៅម្ខាងទៀតគឺជាស្រីយ៉ែនទាំងសាច់ទាំងឈាម ដែលកំពុងក្ដាប់ដំបងវែងមួយនៅក្នុងដៃយ៉ាងណែនទាំងយំយែកខ្សឹកខ្សួលដែលល្មមអាចឱ្យខ្ញុំស្មានដឹងបានថាមុននេះសម្រែកពូយ៉នគឺកើតឡើងដោយសារតែស្រីយ៉ែនវាយពុកនាងមួយដំបង។

មួយរំពេចនោះពូយ៉នក៏ងាកទៅសម្លឹងស្រីយ៉ែនដូចចង់ស៊ីសាច់ហុតឈាម រួចក៏យារកាំបិតចង្អុលកូនស្រីខ្លួនឯងទាំងនិយាយទ្រគោះបោះបោក៖

«មីកូនរមិលគុណ!! ហងឯងសុខចិត្តជួយគេក្បត់នឹងឪខ្លួនឯងអ៊ីចឹងអ្ហី?! ហងឯងគិតចង់ឱ្យអញទៅដេកគុកមែនទេអ្ហាស៎?! បាន!! មីកូនចង្រៃដូចជាហងឯងមិនចាំបាច់មានជីវិតរស់នៅតទៅទៀតទេ!!»

«ឈប់!! ឆាប់លើកដៃឡើងលើឥឡូវនេះភ្លាមអាយ៉ន!!»

ពូយ៉នមិនទាន់ទាំងបានស្ទុះចូលទៅជិតកូនគាត់ផង ក៏ស្រាប់តែពូប៉ែននិងសហការីរបស់គាត់បង្ហាញខ្លួនមកជ្រងោ ទាំងក្នុងដៃក្ដាប់កាំភ្លើងយ៉ាងណែនភ្ជង់តម្រង់មកពូយ៉នឱ្យគាត់ឈប់សកម្មភាព។ ម្ដងនេះពូយ៉នក៏ឈរធ្មឹងដូចជាមនុស្ស

យន្តប៉ុន្តែមាត់របស់គាត់នៅតែបន្លឺសំឡេងក្ដុកក្ដួលខ្សាវៗ៖

«មីខ្យែន!! នេះហងឯងហៅប៉ូលិសឱ្យមកចាប់ឪខ្លួនឯងពិតមែន!!»

ភ្លាមៗនោះស្រីយ៉ែនក៏ទម្លាក់ដំបងចុះក្ឌុក រួចក៏លត់ជង្គង់គ្រឹបដល់ដី ចាប់ស្រែកយំខ្លាំងៗទាំងពោលរៀបរាប់សឹងតែស្ដាប់មិនយល់៖

«ខ្ញុំ…ហ៊ឺ…ខ្ញុំសុំទោសពុក…ហ៊ឺ…ខ្ញុំសុំទោសពិតមែន…តែខ្ញុំ…ខ្ញុំមិនអាចឱ្យពុកសម្លាប់មនុស្សទៀតទេ…ហ៊ឺ…!!»

មកដល់ត្រឹមនេះទិដ្ឋភាពងងឹតព្រាលៗក៏ប្រែជាងងឹតស្លុប ខណៈឥន្ទ្រីយវិញ្ញាណទាំងប្រាំរបស់ខ្ញុំ លែងទទួលដឹងនូវអ្វីទាំងអស់ក្រៅតែពីសំឡេងស្រែកពោរពេញដោយក្ដីព្រួយបារម្ភរបស់អ្នកគ្រូណីលាន់ឮកាន់តែខ្សោយទៅៗនៅក្នុងត្រចៀករបស់ខ្ញុំ៖

«លោកគ្រូណាន់! លោកគ្រូណាន់!! ពូប៉ែនជួយលោកគ្រូណាន់ផង…!!»

……………………

ព្រះសុរិយារៀងរះនៅដើមថ្ងៃថ្មី…

នៅមណ្ឌលសុខភាពឃុំ…

«តិចៗលោកគ្រូ!!»

ទឹកដមសំឡេងផ្អែមពីរោះព្រមទាំងការយកចិត្តរបស់អ្នកគ្រូណីហាក់ធ្វើឱ្យខ្ញុំមានកម្លាំងងើបអង្គុយព្រឺសតែម្ដង។ ខ្ញុំចាប់ក្រឡេកទៅប្លោកសឺរ៉ូមដែលកំពុងហូរតក់ៗចូលមកក្នុងដៃរបស់ខ្ញុំ លុះងាកទៅសម្លឹងអ្នកគ្រូណីដែលអង្គុយលើកៅអីនៅក្បែរនោះ ស្រាប់តែស្លាបព្រាបបរនៅជិតមាត់ខ្ញុំបង្កើយ។ ខ្ញុំងើបមុខញញឹមដាក់ម្ចាស់ស្លាបព្រាទាំងគិតរវើរវាយរហូតដល់…

«លោកគ្រូណាន់! លោកគ្រូកំពុងភ្លឹកអីហ្នឹង?! ប្រញាប់ពិសាបបរទៅទាន់នៅក្ដៅៗន្អាលនឹងបានមានកម្លាំងដូចដើមឆាប់ៗ!!»

ខ្ញុំដូចជាអឹមអៀនរកថាមិនត្រូវ ព្រោះអីគ្រាន់តែខ្សោយកម្លាំងងើបពីសន្លប់សោះអ្នកគ្រូណីក៏យកចិត្តទុកដាក់នឹងខ្ញុំថ្នាក់នេះទៅហើយ ចុះទម្រាំតែបានគ្នាជាប្ដីប្រពន្ធទៀតនោះ?! ហេសហេ!!

គិតវែងឆ្ងាយពេកដឹងអាណាន់អឺយយ!! ប្រាកដណាស់បើបានគ្នាជាប្ដីប្រពន្ធពិតមែននោះ រាងស្គមកំព្រឹងខ្ពស់ចោងណោងសាច់ដុំកង្កែបខ្សោយកម្លាំងដូចជាខ្ញុំ មុខតែឱ្យអ្នកគ្រូណីមើលថែដូចជាម៉ែមើលថែកូនជាក់ជាមិនខាន។ ខ្ញុំលេបបបរបានបន្តិចក៏ធ្វើជាដកមាត់ចេញពីស្លាបព្រាយ៉ាងរហ័ស៖

«អូយក្ដៅណាស់អ្នកគ្រូ!!»

អ្នកគ្រូណីក៏ដកស្លាបព្រាចេញទាំងធ្វើមុខភ្ញាក់ផ្អើល៖

«អ៊ូស! ក្ដៅខ្លាំងអ្ហេស? ឱ្យខ្ញុំសុំទោស!!!»

«បាទអ្នកគ្រូ! បើចឹងអ្នកគ្រូជួយផ្លុំឱ្យខ្ញុំបន្តិចបានអត់?!»

ឮបែបនេះអ្នកគ្រូណីក៏លើកស្លាបព្រាបបរយកទៅផ្លុំយ៉ាងរហ័ស ឥតមានសង្ស័យថាខ្ញុំនេះកំពុងតែលួចញញឹម ព្រោះសប្បាយដែលបោកនាងបានសម្រេច។ បន្ទាប់ពីញ៉ាំបបរអស់មួយចាន អ្នកគ្រូណីក៏ប្រុងលើកទឹកបញ្ចុកខ្ញុំទៀត ឃើញបែបនេះខ្ញុំក៏ផ្ទុះសំណើចទប់លែងជាប់តែម្ដង។ បែរមកអ្នកគ្រូណី នាងកំពុងតែធ្វើភ្នែកឡិងឡង់ហាក់មិនយល់រឿង៖

«លោកគ្រូសើចអី?! មានអីកំប្លែងអ្ហេស?!»

ខ្ញុំគ្រវីក្បាលតិចៗទាំងយកដៃម្ខាងខ្ទប់មាត់។ ដល់ទៅពេលឃើញនាងសួរត្រង់ទៅត្រង់មកបែបនេះខ្ញុំក៏ដូចជាមិនដាច់ចិត្តបន្តបោកនាងទៀតសោះ។ សម្រេចសម្រួចខ្ញុំក៏និយាយសាច់ការ៖

«ខ្ញុំអរគុណអ្នកគ្រូច្រើនហើយ! ការពិតទៅខ្ញុំមិនបានឈឺអីធ្ងន់ធ្ងរដល់ថ្នាក់ញ៉ាំបបរញ៉ាំទឹកខ្លួនឯងមិនកើតនោះទេ!! ម៏!!»

ជាមួយនឹងពាក្យ “ម៏” ខ្ញុំក៏ឈោងដៃទៅយកទឹកពីអ្នកគ្រូណី ប៉ុន្តែនាងបែរជាដាក់ទឹកទៅលើតុវិញទាំងធ្វើមុខក្រញូវ៖

«បោកខ្ញុំបានណាស់!! បើអ៊ីចឹងអញ្ចើញឈោងយកទឹកញ៉ាំដោយខ្លួនឯងទៅលោកគ្រូ!!»

អីយ៉ា! ងរមិនធម្មតាដែរតើ។ មើលចុះ! នាងបំបែរខ្លួនទៅរៀបចំស្រាក់បបរយ៉ាងលឿនងរខ្ទើតដូចជាខ្ទួយយ៉ាងអ៊ីចឹង។

«ពុទ្ធោអ្នកគ្រូ!! ខ្ញុំលលេងទេតើ!»

«លលេងឱ្យខ្ញុំផ្លុំបញ្ចុកបបរលោកគ្រូអស់មួយចានហ្នឹងអ្ហេស?!»

«ហូយយយ! កុំខឹងអីណ៎ាអ្នកគ្រូ! សុំទោស! សុំទោស! ខ្ញុំសុំទោសពិតមែនណ៎ា! លើកក្រោយខ្ញុំឈប់លេងបែបហ្នឹងទៀតហើយ! ឥឡូវមកនិយាយរឿងសាច់ការល្អជាង! គឺខ្ញុំចង់និយាយរឿងពូយ៉ន!!»

ម្ដងនេះអ្នកគ្រូណីក៏អង្គុយចុះវិញ   ប៉ុន្តែមិនទាន់ស្រាយទឹកមុខភ្លាមៗនោះទេ។ ឃើញបែបនេះធ្វើឱ្យខ្ញុំភ័យណាស់ដែរ ព្រោះនាងខំដាក់ច្បាប់មិនទៅបង្រៀនសិស្ស ស៊ូក្រោកធ្វើបបរតាំងពីព្រឹកយកមកឱ្យខ្ញុំ មិនគួរណាខ្ញុំលលេងនឹងនាងបែបហ្នឹងទៅវិញ។ ភ្លាមៗអ្នកគ្រូណីក៏ផ្ទុះសំណើចធ្វើឱ្យខ្ញុំស្លឺភ្នែកតែម្ដង។

«ខ្ញុំprankលោកគ្រូលេងវិញតើ! លោកគ្រូចាំបាច់ធ្វើមុខស្អុយអ៊ីចឹងធ្វើអី? លោកគ្រូហ៊ានជួយជីវិតខ្ញុំ រឿងអីដែលខ្ញុំត្រូវខឹងលោកគ្រូនឹងរឿងប៉ុណ្ណឹងនោះ! បានហើយមកនិយាយពីរឿងពូយ៉នវិញ!»

និយាយដល់រឿងពូយ៉នអ្នកគ្រូណីក៏ប្ដូរទឹកមុខទៅជាប្រាកដប្រជា មុននឹងនិយាយរឿងគ្រប់យ៉ាងដែលកើតឡើងក្រោយពេលដែលខ្ញុំសន្លប់លែងដឹងខ្លួនប្រាប់មកខ្ញុំយ៉ាងដូច្នេះថា៖

«ពូយ៉នត្រូវបានពូប៉ែនឃាត់ខ្លួនយកទៅតាំងពីល្ងាចនោះម្ល៉េះ ហើយឥឡូវនេះពូយ៉នត្រូវបាននគរបាលនាំខ្លួនយកទៅឃុំឃាំងនៅឯទីរួមខេត្ត!!»

មកដល់ត្រឹមនេះអ្នកគ្រូណីក៏អាក់សម្ដីបន្តិច ស្របពេលដែលខ្ញុំកំពុងបន្ធូរដង្ហើមធំរំសាយអារម្មណ៍តានតឹង។ នាងហៀបនឹងបន្តប្រយោគជាថ្មីទៀតក៏ប៉ុន្តែ…

«អូ៎លោកគ្រូអ្នកគ្រូ! នៅជុំគ្នាតែម្ដងហើយហ្ន៎!»

ខ្ញុំនិងអ្នកគ្រូណីភ្ញាក់ព្រើត លុះក្រឡេកទៅក៏ប្រសព្វនឹងមីងឱកដែលកំពុងតែដើរយួរថង់ផ្លែឈើចូលមក។ គាត់ចាប់ញញឹមជាថ្មីទាំងស្រដីមួយៗ៖

«នេះមីងយកផ្លែឈើខ្លះមកឱ្យលោកគ្រូពិសា!!»

ឃើញដូច្នោះខ្ញុំនិងអ្នកគ្រូណីក៏ប្រញាប់ពោលរាក់ទាក់មីងឱកតាមទម្លាប់។ លុះក្រោយមកខ្ញុំក៏ជាប់មាត់ជជែកលេងជាមួយនឹងមីងឱកអស់ពីរឿងមួយចូលរឿងមួយរហូតឈានទៅដល់រឿងរ៉ាវពូយ៉ន ដែលជាប្រធានបទដ៏ក្ដៅគគុកប្រចាំក្នុងភូមិឋានជនបទមួយនេះ។

………………….

ពីរថ្ងៃកន្លងផុតទៅ…

ប៉ុន្មានថ្ងៃកន្លងផុត ខ្ញុំក៏ចាប់វិលទៅរកសភាពដើមវិញ។ នៅព្រឹកនេះខ្ញុំទៅបង្រៀនសិស្សធម្មតាបន្ទាប់ពីអវត្តមានពីរបីថ្ងៃកន្លងទៅនេះ។ ម៉ោងជាង៩ព្រឹកខ្ញុំចេញពីបង្រៀន ក៏ឆ្លៀតបង្ហួសទៅវត្តដើម្បីយកគ្រឿងភេសជ្ជៈ នំចំណីក្រៀមខ្លះៗនិងសម្ភារៈសិក្សាមួយចំនួនទៀតយកទៅប្រគេនព្រះសង្ឃ ដើម្បីបានធ្វើបុណ្យឱ្យចិត្តជ្រះស្រឡះពីរឿងឧបទ្រពចង្រៃទាំងឡាយទាំងពួង។

យ៉ាងណាក៏ដោយរឿងហេតុប្រថុយប្រថានអាយុជីវិតដែលខ្ញុំទើបនឹងឆ្លងកាត់មកនេះ ខ្ញុំមិនបានប្រាប់ពុកម៉ែខ្ញុំនៅឯស្រុកកំណើតឱ្យគាត់ដឹងឡើយ ព្រោះបើមិនអ៊ីចឹងទេនោះ ពុកម៉ែច្បាស់ជាបារម្ភពីខ្ញុំស្លន់ស្លោឡើងមកទីនេះជាក់ជាមិនខាន។

ខ្ញុំគិតថាចាំមើលដល់ខ្ញុំទៅលេងផ្ទះសិន យ៉ាងម៉េចយ៉ាងម៉ាសឹមប្រាប់ពួកគាត់នៅពេលហ្នឹងតែម្ដងទៅ។ ប៉ុន្តែបើសិនរឿងរ៉ាវនេះលាក់មិនជិតពីពួកគាត់ទេនោះ ខ្ញុំក៏មានតែគិតគូរដោះស្រាយទៅតាមហ្នឹងទៀតតែប៉ុណ្ណោះ។

ខ្ញុំចេញពីកុដ្ឋិលោកគ្រូសង្គ្រាជ ក៏ស្រាប់តែវ៉ាក់ជាមួយនឹងពូប៉ែនដែលឈប់ម៉ូតូចូលទៅអង្គុយនៅលើបង់ក្រោមទ្រើងផ្កាចេកទុំ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏ចូលទៅជជែកលេងជាមួយនឹងគាត់ ដើម្បីបានសួរនាំពីរឿងរ៉ាវពូយ៉ននិងស្រីយ៉ែនលម្អិតផងដែរ។

បន្តមកពូប៉ែនក៏បានរៀបរាប់ប្រាប់ខ្ញុំយ៉ាងក្បោះក្បាយនូវរឿងរ៉ាវគ្រប់យ៉ាង។ គាត់បានបញ្ជាក់ថា ស្រីយ៉ែនបានរៀបរាប់អំពីដើមហេតុនៃការសម្លាប់ប្អូនធាមរបស់ឪពុកនាងនៅចំពោះមុខនគរបាលយ៉ាងដូច្នេះថា…

ការពិតទៅនាងមិនទាន់ចង់ឈប់រៀននោះទេ ក៏ប៉ុន្តែដោយសារបញ្ហាជីវភាពខ្វះខាតនាងក៏បង្ខំចិត្តឈប់រៀន។ បើនិយាយទៅ នោះមិនមែនជាបញ្ហាតែមួយដែលបណ្ដាលឱ្យនាងបង្ខំចិត្តឈប់រៀននោះទេ ផ្ទុយទៅវិញឪពុករបស់នាងដែលជាបុរសពោះម៉ាយតែងតែរករឿងរញ៉ាំរញ៉ូវប្រាប់ឱ្យនាងឈប់រៀនទៅជួយធ្វើការគាត់ជារឿយៗ។ ដោយសារបញ្ហាខ្វះខាតនិងសម្ពាធពីគ្រួសារ នាងក៏បង្ខំចិត្តឈប់រៀនទាំងទឹកភ្នែក។

ក្រោយមកនាងក៏ឡើងទៅធ្វើការនៅភ្នំពេញ។ មិនទាន់បានកន្លះឆ្នាំស្រួលបួលផង នាងក៏ត្រលប់មកជួយធ្វើចម្ការពូយ៉ននៅឯស្រុកកំណើតវិញ។ ពេលនោះលោកគ្រូនាយកបានដឹងឮដំណឹង គាត់ក៏ទៅហៅនាងឱ្យត្រលប់មកចូលរៀនវិញ។ នាងពិតជាត្រេកអរចង់ចូលរៀនវិញណាស់ ប៉ុន្តែទីបំផុតក្ដីស្រមៃចង់ចូលរៀនសាជាថ្មីរបស់នាងក៏ត្រូវបានរលាយរលត់ ដោយសារតែឪពុករបស់នាងមិនយល់ព្រមហើយថែមទាំងបង្ខំឱ្យនាងឆ្លើយបដិសេធជាមួយនឹងលោកគ្រូនាយកថែមទៀត។

នៅល្ងាចថ្ងៃមួយ ដោយនាងនឹករឭកសាលារៀនខ្លាំងពេក នាងក៏លួចពូយ៉នទៅលេងនៅសាលា។ មិននឹកស្មានថានៅល្ងាចនោះឯង ដែលប្អូនធាមបង្ខំចាប់រំលោភនាងនៅក្នុងបន្ទប់ឃ្លាំងសាលារហូតបានសម្រេច។ ដោយភាពឈឺចាប់ទាំងកាយទាំងចិត្តដែលត្រូវបានគេរំលោភបំពានមិនអាចទ្រាំបាន ស្រីយ៉ែនក៏យំយែកប្រាប់រឿងគ្រប់យ៉ាងឱ្យពូយ៉នដឹង។

ចំណែកឯពូយ៉នវិញ គាត់ក៏ទទួលសារភាពគ្រប់យ៉ាងដែរថា ក្រោយពីពេលដែលដឹងថាកូនស្រីរបស់គាត់ត្រូវបានប្អូនធាមចាប់រំលោភ គាត់ក៏មានការខឹងសម្បានឹងប្អូនធាមយ៉ាងខ្លាំងដល់ថ្នាក់រៀបចំគម្រោងទុកជាមុនដើម្បីសម្លាប់ប្អូនធាមសងសឹកឱ្យកូនស្រីគាត់។ គាត់បានសារភាពបន្ថែមទៀតថា ការពិតទៅគាត់មិនមានបំណងកាប់ផ្ដាច់ក្បាលនិងដៃម្ខាងរបស់ប្អូនធាមហើយបំបែកសាកសពកប់នៅពីរកន្លែងផ្សេងគ្នាបែបហ្នឹងឡើយ។ ផ្ទុយទៅវិញគាត់មានបំណងសម្លាប់ប្អូនធាមហើយកប់សាកសពនៅក្នុងឃ្លាំងសាលា ដែលជាកន្លែងដែលប្អូនធាមចាប់រំលោភស្រីយ៉ែន ក្នុងគោលបំណងជេរស្ដីដាក់បណ្ដាសាឱ្យខ្មោចប្អូនធាមក្លាយទៅជាខ្មោចអនាថានៅក្នុងសាលា ទៅតាមកម្សួលចិត្តពោរពេញដោយភ្លើងទោសៈរបស់គាត់។

ដោយមិននឹកស្មានដល់ គាត់ក៏ជ្រុលដៃយកកាំបិតផ្គាក់កាប់ដាច់ក្បាលនិងដៃម្ខាងរបស់ប្អូនធាម។ នៅពេលនោះគាត់ហាក់ដូចជាស្លន់ស្លោណាស់ដែរ ប៉ុន្តែក្រោយមកគាត់ក៏ចាប់អនុវត្តទៅតាមផែនការដែលគាត់បានគ្រោងទុក ដោយយកសាកសពប្អូនធាមទៅកប់នៅក្នុងឃ្លាំងសាលារៀន។

ប៉ុន្តែអ្វីៗមិនដូចការគិត ព្រោះតែដីក្នុងឃ្លាំងមានសភាពហឹរខ្លាំង ចំណែកឯទំហំឃ្លាំងទៀតសោតក៏មានភាពតូចចង្អៀតណែនណាន់តាន់តាប់ដោយសម្ភារៈកៅអីតុទូចាស់ៗទើបធ្វើឱ្យគាត់អាចកប់បានតែក្បាលនិងដៃម្ខាងរបស់សាកសពតែប៉ុណ្ណោះ។

ចួនជាពេលនោះគាត់និងស្រីយ៉ែនកំពុងស៊ីឈ្នួលបោចវល្លិ៍ដំឡូងឱ្យចម្ការមីងឱកស្រាប់ ដូច្នេះទើបគាត់នឹកឃើញយកសាកសពប្អូនធាមមួយចំណែកទៀតទៅកប់នៅក្នុងចម្ការដំឡូងមីងឱកតែម្ដងទៅ។ ជាងមួយសប្ដាហ៍ក្រោយមកទៀត គាត់ក៏បានដឹងឮព័ត៌មានដែលគេបានរកឃើញកំណាត់ក្បាលនិងដៃប្អូនធាមនៅក្នុងឃ្លាំងសាលាពីស្រីយ៉ែនកូនស្រីគាត់ ដែលទៅលបលួចមើលគេ។

ម្ដងនេះខ្ញុំក៏ចាប់នឹកឃើញដល់ថ្ងៃដែលគេឯងចលាចលរកឃើញបំណែកសាកសពប្អូនធាមនៅក្នុងឃ្លាំងសាលារៀន ហើយចៃដន្យខ្ញុំក៏ក្រឡេកឃើញស្រីយ៉ែនលឹបលលួចមើលទៅឃ្លាំងសាលា ដែលអាចឱ្យខ្ញុំកាត់យល់បានថា នៅពេលនោះឯងដែលនាងបានដឹងរឿងរ៉ាវសាកសពប្អូនធាមត្រូវបានបែកធ្លាយទើបនាងប្រញាប់យករឿងនោះទៅប្រាប់ពូយ៉នពុករបស់នាង។

បន្ទាប់ពីដឹងឮព័ត៌មាននោះ   ពូយ៉នក៏កាន់តែមិនស្រួលក្នុងចិត្ត ទើបគាត់ក៏លួចទៅមើលកន្លែងដែលគាត់កប់សពប្អូនធាមជាលើកទីពីរ នៅចម្ការមីងឱកទាំងយប់ដើម្បីឱ្យប្រាកដចិត្តថាគ្រប់យ៉ាងគឺរៀបរយល្អហើយ។ និយាយមកដល់ត្រឹមនេះ ខ្ញុំក៏នឹកឃើញដល់បងផាន់រ៉ា ដែលបានប្រាប់ខ្ញុំថាគាត់បានឃើញពូយ៉នលឹបលចេញពីចម្ការដំឡូងមីងឱកទាំងយប់ នៅយប់ដែលគាត់ត្រលប់មកពីចួបជុំនៅផ្ទះលោកគ្រូនាយកវិញនោះ។ នេះបញ្ជាក់បានថា នៅយប់ដែលគាត់ឃើញពូយ៉ននោះទំនងជាយប់ដែលពូយ៉ន លួចទៅមើលកន្លែងដែលគាត់កប់សាកសពប្អូនធាមជាលើកទីមួយ។

បន្ថែមពីនេះពូយ៉នក៏ព្រមទទួលសារភាពថែមទៀតថា បន្ទាប់ពីគេរកឃើញសាកសពមួយចំណែកទៀតនៅក្នុងចម្ការដំឡូងនោះ គាត់ក៏មានការស្លន់ស្លោហើយក៏គិតថាខ្ញុំនិងបងផាន់រ៉ា ដែលស្នាក់នៅក្នុងផ្ទះស្នាក់ជិតចម្ការដំឡូងមីងឱកហ្នឹងឯង ដែលជាអ្នកធ្វើឱ្យបែកធ្លាយរឿងនោះ។ ក្រោយមកគាត់ក៏ក្លែងមកនិយាយលេងជាមួយខ្ញុំ លុះគិតថាខ្ញុំប្រហែលជាសង្ស័យគាត់ជាឃាតករ គាត់ក៏រៀបចំគម្រោងដើម្បីចាត់ការខ្ញុំ ដោយលើកដំបូងគឺគាត់បានលួចចម្លងស្លាកលេខម៉ូតូរបស់ខ្ញុំ យកទៅប្រាប់ម្ចាស់ឡានកុងតាន័រមួយហើយក៏ជួលគេម្នាក់នោះ ឱ្យបើកបំបុកខ្ញុំ ដែលជាម្ចាស់ស្លាកលេខម៉ូតូឱ្យស្លាប់តែម្ដង។ ត្រង់នេះមិនមានអ្វីចម្លែកឡើយដែលអ្នកគ្រូណីឃើញពូយ៉នធ្វើឫកពារគួរឱ្យសង្ស័យនៅជិតម៉ូតូរបស់ខ្ញុំ។

ប៉ុន្តែមិនស្មានថារឿងអកុសលនោះ បានធ្លាក់ទៅលើបងផាន់រ៉ានិងគ្រូនាយក ដែលខ្ចីម៉ូតូខ្ញុំជិះទៅការិយាល័យអប់រំស្រុកទៅវិញ។ ផែនការទីមួយមិនបានសម្រេច គាត់ក៏រៀបចំគម្រោងសម្លាប់ខ្ញុំជាលើកទីពីរ ដោយឱ្យស្រីយ៉ែនបោកបញ្ឆោតខ្ញុំចូលទៅក្នុងចម្ការដំឡូងនៅតាមផ្លូវ ដើម្បីឱ្យគាត់អាចសម្លាប់ខ្ញុំហើយនិងបំបិទព័ស្តុតាងនៅទីនោះតែម្ដង។ ប៉ុន្តែកម្មពៀរមានពិត ដោយឡានកុងតាន័រមួយបានបើកទៅកៀរស្រីយ៉ែន ធ្វើឱ្យនាងដួលរលូតកូន ដែលទើបនឹងដឹងខ្លួនថាទម្ងន់ជាមួយនឹងប្អូនធាមមិនទាន់បានមួយខែស្រួលបួលផងនោះ។

នៅពេលនោះឯងដែលពូយ៉នស្លន់ស្លោស្ទុះទៅមើលកូនស្រីរបស់គាត់ បន្ទាប់ពីគាត់បានវាយខ្ញុំមួយដំបងហើយបន្ទាប់មកក៏បានអ្នកគ្រូណីចូលទៅជួយសង្គ្រោះខ្ញុំទៅ។

ពូប៉ែនក៏បានយកក្រណាត់ការ៉ូប៉ុនបាតដៃ និងក្រណាត់អាវមួយទៀតដែលគាត់ទទួលបានពីខ្ញុំនិងអ្នកគ្រូណី ហើយគាត់សង្ស័យថាជារបស់ពូយ៉ននោះយកទៅសាកសួរពូយ៉នផងដែរ។ នៅទីបំផុតពូយ៉នក៏ទទួលសារភាពថាក្រណាត់អាវនោះគឺជារបស់គាត់ពិតមែន។ វាគឺជាក្រណាត់អាវដែលគាត់ពាក់នៅថ្ងៃកើតហេតុ ដោយបន្ទាប់ពីគាត់សម្លាប់ហើយកប់សាកសពប្អូនធាមរួចរាល់ គាត់ក៏ប្រញាប់ស្រូតចុះទៅលាងខ្លួននិងកាំបិតផ្គាក់របស់គាត់នៅក្នុងស្រះទឹក នៅឯចម្ការរបស់គាត់ទាំងយប់។

នៅពេលនោះឯងដែលគាត់កត់សម្គាល់ឃើញនូវស្នាមរហែកទំហំប៉ុនបាតដៃនៅលើដៃអាវរបស់គាត់ ដែលគាត់មិនបានចាប់ភ្លឹកទាល់សោះថាវាបានដាច់រហែកមកតាំងពីពេលណា។ លុះគិតចុះគិតឡើង គាត់ក៏សង្ស័យថាអាវរបស់គាត់អាចនឹងដាច់រហែកនៅពេលដែលគាត់ប្រទាញប្រទង់វាយតប់គ្នាជាមួយប្អូននឹងធាម មុននឹងគាត់កាប់វាប៉ុន្មានផ្គាក់។ គិតឃើញបែបនេះគាត់ក៏ប្រញាប់ដោះអាវនោះទុកនៅលើមាត់ស្រះដើម្បីយកទៅដុតចោលបំផ្លាញព័ស្តុតាងឱ្យអស់តែម្ដង។ មិននឹកស្មានថាពេលគាត់ឡើងពីមុជទឹកស្រះវិញ ក៏ស្រាប់តែបាត់មិនឃើញអាវរបស់គាត់ទើបគាត់ឆោឡោតាមរកអាវគាត់ជាបន្ទាន់ ព្រោះគាត់គិតថាប្រហែលជាមានឆ្កែពាំអាវរបស់គាត់យកទៅជាក់ជាមិនខាន។ ក្រោយមកគាត់ក៏បានឃើញអាវរបស់គាត់នៅនឹងពូប្រមទើបគាត់គិតថាពូប្រមនេះឯង ដែលជាអ្នកប្រមូលយកអាវរបស់គាត់នៅយប់នោះ។ ដូច្នេះគាត់ក៏ដណ្ដើមអាវនោះពីពូប្រមមកវិញ ប៉ុន្តែពេលរត់ប្រដេញប្រទាញប្រទង់គ្នាដល់ក្រោយសាលាក៏បាត់មិនឃើញអាវនោះ មិនដឹងជាពូប្រមគ្រវែងចោលនៅឯណានោះឡើយ។

ខ្ញុំក៏ចាប់ផ្ដើមផ្គុំសាច់រឿងជាថ្មី។ ប្រាកដណាស់ថាអ្នកគ្រូណីបានឃើញពួកគាត់រត់ប្រដេញដណ្ដើមក្រណាត់អាវគ្នានៅល្ងាចនោះ ហើយនៅថ្ងៃបន្ទាប់ខ្ញុំក៏រើសបានអាវពូយ៉នដោយចៃដន្យនៅព្រំរបងសាលារៀន។ គិតមកដល់ត្រង់នេះ ខ្ញុំក៏ដូចជាមិនយល់ដែរដែលពូយ៉នថារកមិនឃើញក្រណាត់អាវរបស់គាត់ទាំងដែលក្រណាត់អាវក៏នៅជ្រងោៗនឹងព្រំរបងសោះ។ បើផ្អែកលើរឿងអបិយជំនឿ អាចទេដែលថាខ្មោចប្អូនធាមបានតាមទៅបំបាំងភ្នែកគាត់នោះ?!

បន្តមកទៀតដោយភាពខឹងសម្បាខ្លាំងពេក ពូយ៉នក៏ចាត់ការសម្លាប់ពូប្រមហើយក៏យកសពពូប្រមទៅកប់ចោលក្នុងចម្ការដំឡូងរបស់គាត់វិញម្ដង ប៉ុន្តែដោយគិតថាគេអាចនឹងរកឃើញសាកសពពូប្រម ដូចជាសាកសពប្អូនធាមដែលគាត់កប់នៅក្នុងចម្ការមីងឱកទៀត ទើបនៅល្ងាចដែលខ្ញុំនិងអ្នកគ្រូណីទៅសួរសុខទុក្ខស្រីយ៉ែននោះ គាត់ក៏បានទៅគាស់យកសពពូប្រមដែលហើមប៉ោងនោះមកវិញ រួចក៏អូសសពពូប្រមកាត់តាមរងដំឡូងយកទៅចងនឹងដុំថ្មហើយបោះទម្លាក់ចូលទៅក្នុងស្រះទឹកនៅចម្ការរបស់គាត់ឱ្យត្រីស៊ីវិញម្ដង។ ពូយ៉នបានបញ្ជាក់ថាគាត់មិនបានធ្វើរឿងនេះនៅពេលយប់ទេ ព្រោះគាត់គិតថាពេលយប់នៅចម្ការដំឡូងគឺងងឹតស្លុបហើយសម្បូរសត្វអាសិរ្ពិសពិបាកចាត់ការសាកសពពូប្រមណាស់ ហើយម្យ៉ាងទៀតចម្ការរបស់គាត់ក៏នៅដាច់ឆ្ងាយពីគេ ដូច្នេះពេលល្ងាចបែបនោះពិតជាគ្មាននរណាមកឃើញគាត់នោះទេ។

ក្រោយពីគាត់បញ្ចប់កិច្ចការនោះរួច គាត់ក៏ទៅប្រមូលអីវ៉ែអីវ៉ាន់ក្នុងខ្ទមចម្ការដើម្បីរត់គេចខ្លួនទៅនៅស្រុកផ្សេងមុនពេលដែលគេសង្ស័យគាត់កាន់តែច្រើន ក៏ប៉ុន្តែនៅទីបំផុតគ្រប់យ៉ាងក៏ត្រូវបែកការណ៍ហើយប្រព្រឹត្តទៅខុសពីគម្រោងការរបស់គាត់ដោយសារតែខ្ញុំនិងអ្នកគ្រូណីនោះឯង។

មួយវិញទៀត តាងរយៈការស្រាវជ្រាវរាវរករបស់ពូប៉ែន គាត់បានប្រាប់ខ្ញុំឱ្យដឹងថា មិត្តភក្ដិរបស់ប្អូនធាមបានអះអាងថា កាលពីរសៀលក្នុងថ្ងៃតែមួយដែលប្អូនធាមចាប់រំលោភស្រីយ៉ែននោះ ពួកវាប៉ុន្មាននាក់បានចួបជុំនាំគ្នាមើលរឿងអាសអាភាស។ លុះល្ងាចបន្តិចប្អូនធាមក៏លាពួកវាត្រលប់ទៅផ្ទះវិញដោយប្អូនធាមបានបញ្ជាក់ថាខ្លួនបានគេចមុខពីពុកម៉ែមកនៅជាមួយពួកវាជាច្រើនថ្ងៃហើយដែរ ដូច្នេះខ្លាចថាពុកម៉ែបារម្ភ។

តាមរយៈការបំភ្លឺនេះ ពូប៉ែនក៏សន្និដ្ឋានថា នៅពេលប្អូនធាមដើរត្រលប់ទៅផ្ទះវិញ គេក៏បានប្រទះឃើញស្រីយ៉ែនតែម្នាក់ឯងនៅក្នុងសាលា។ ដោយខ្លួនទើបនឹងមានរឿងអាសអាភាសហើយផង គេក៏កើតមានអារម្មណ៍ហើយចាប់រំលោភស្រីយ៉ែនតែម្ដងទៅ។ ខ្ញុំស្ដាប់ពូប៉ែនហើយក៏ស្លុតចិត្តមិនស្ទើរនោះទេ។

នេះហើយជាឥទ្ធិពលបច្ចេកវិទ្យាទៅលើក្មេងជំទង់។ តើមានក្មេងៗនិងជំទង់ប៉ុន្មាននាក់ទៅដែលក្លាយទៅជាជនរងគ្រោះរបស់បច្ចេកវិទ្យា?!

ខ្ញុំជិះម៉ូតូត្រលប់មកផ្ទះ ទាំងអារម្មណ៍ហោះហើរវិះតែនឹងជិះធ្លាក់ផ្លូវម្ដងៗទៅហើយ។ លុះមកដល់ផ្ទះស្នាក់ខ្ញុំក៏ទាក់ទងទៅសួរសុខទុក្ខបងផាន់រ៉ាព្រមទាំងរៀបរាប់ពីរឿងគ្រប់យ៉ាងប្រាប់គាត់ផងដែរ។ នៅពេលនេះឯងដែលគាត់ប្រាប់ខ្ញុំថា ការណ៍ដែលសោជន្ទល់ម៉ូតូទៅនៅក្នុងកាតាបរបស់គាត់ ហើយបំណែកឯក្រណាត់ការ៉ូទំហំប៉ុនបាតដៃទៅនៅក្នុងតាកាបខ្ញុំវិញនោះ គឺមិនមែនជារឿងយល់ច្រឡំឬជាអានុភាពរបស់ខ្មោចស្អីនោះទេ។ ផ្ទុយទៅវិញមិនមែនតែអ្នកគ្រូណីទេដែលបានឃើញពូយ៉នធ្វើឫកពាលឹបលជិតម៉ូតូរបស់ខ្ញុំ ក៏ប៉ុន្តែបងផាន់រ៉ាក៏បានឃើញហេតុការណ៍នោះដោយចៃដន្យដូចគ្នា។ ដូច្នេះហើយទើបគាត់លួចយកសោជន្ទល់ម៉ូតូរបស់ខ្ញុំប្ដូរគ្នាជាមួយនឹងបំណែកក្រណាត់ការ៉ូដែលគាត់បានមកពីដៃសព ព្រោះគាត់ក៏ចិញ្ចឹមចិត្តសង្ស័យពូយ៉នតាំងពីពេលដែលគាត់ឃើញពូយ៉នលឹបល ចេញពីចម្ការដំឡូងទាំងយប់នោះម្ល៉េះ។

ដោយគិតថាបើពូយ៉នអាចនឹងធ្វើអ្វីមួយទៅលើម៉ូតូរបស់ខ្ញុំ ឬក៏ចង់ធ្វើបាបខ្ញុំដោយប្រើម៉ូតូរបស់ខ្ញុំទើបបងផាន់រ៉ាធ្វើជាខ្ចីម៉ូតូរបស់ខ្ញុំជិះទៅការិយាល័យអប់រំស្រុក ព្រោះគាត់គិតថាយ៉ាងណាក៏គាត់បានដឹងឮរឿងឫកពារខុសប្រក្រតីរបស់ពូយ៉នដើរគ្រវែលម៉ូតូខ្ញុំ ដូច្នេះបើសិនជាមានរឿងអីកើតឡើងគាត់ក៏បានត្រៀមខ្លួនទុកជាមុនដែរ។ បន្ថែមពីនោះគាត់ក៏បានរាយការណ៍ពីរឿងគ្រប់យ៉ាងទាក់ទងនឹងពូយ៉នប្រាប់ទៅពូប៉ែន មុនពេលដែលគាត់ឡើងទៅការិយាល័យអប់រំស្រុកជាមួយនឹងគ្រូនាយកដែរ។

នៅទីបំផុតដោយមិននឹកស្មានដល់គាត់និងគ្រូនាយកក៏ត្រូវបានឡានកុងតាន័រ ដែលពូយ៉នជួលនោះមានបំណងបើកបំបុកដើម្បីសម្លាប់គាត់ព្រោះគិតថាគាត់ជាម្ចាស់ម៉ូតូ ប៉ុន្តែសំណាងល្អដែលគាត់បានគេចទាន់ទើបត្រូវរបួសត្រឹមតែបាក់ជើងតែប៉ុណ្ណឹង។

………………..

រឿងរ៉ាវគ្រប់យ៉ាងបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍ទាំងអស់បានដក់ជាប់នៅក្នុងខួរក្បាលខ្ញុំគ្មានថ្ងៃនឹងបំភ្លេចបាននោះទេ។ វាគឺជាបទពិសោធដ៏ព្រឺព្រួចមួយដែលក្នុងមួយជីវិតរបស់ខ្ញុំមិនធ្លាប់បានឆ្លងកាត់ទាល់តែសោះ។

នេះឬជីវិតគ្រូបង្រៀននៅជនបទ?! ខ្ញុំត្រូវចួបប្រទះនូវរឿងរ៉ាវនឹកស្មានមិនដល់ជាច្រើន ប៉ុន្តែទោះបីជាយ៉ាងណា ខ្ញុំក៏រីករាយនឹងទទួលយកនូវបទពិសោធជីវិតដែលមិនមានលក់នៅលើទីផ្សារនោះដាក់ចូលទៅក្នុងអង្គចងចាំរបស់ខ្ញុំជារៀងរហូតដែរ។

ថ្វីដ្បិតតែរឿងក្ដីឃាតកម្មត្រូវបានបិទបញ្ចប់ជាច្រើនថ្ងៃទៅហើយក្ដី ក៏ប៉ុន្តែរឿងរ៉ាវរបស់ខ្ញុំនិងអ្នកគ្រូណី ក៏ស្រាប់តែក្លាយទៅជាប្រធានបទដ៏មានប្រជាប្រិយភាពចំពោះមាត់អ្នកភូមិអ្នកស្រុកទៅវិញ។ នៅថ្ងៃដែលស្រីយ៉ែនត្រូវឡានកៀរ អ្នកភូមិប៉ុន្មាននាក់ដែលមកជួយយកអាសារស្រីយ៉ែន បានឃើញម៉ូតូខ្ញុំនិងម៉ូតូអ្នកគ្រូណីចតចោលនៅលើចិញ្ចើមផ្លូវមិនជាឆ្ងាយពីកន្លែងឡានកៀរស្រីយ៉ែនប៉ុន្មាន ទើបពួកគេនាំគ្នានិយាយបង្កាច់បង្ខូចថាខ្ញុំនិងអ្នកគ្រូណីចូលទៅធ្វើរឿងមិនល្អជាមួយគ្នានៅក្នុងចម្ការដំឡូងទៅវិញ។

ដំបូងរឿងនេះមិនសូវជាល្បីល្បាញប៉ុន្មានឡើយ ប៉ុន្តែបន្ទាប់ពីឃើញខ្ញុំនិងអ្នកគ្រូណីកាន់តែស្និទ្ធិស្នាលជាមួយគ្នា ពួកគាត់ទាំងអស់នោះក៏តាំងស្កៀបរមាស់ យករឿងនោះទៅនិយាយបញ្ចេញបញ្ចូលពីមាត់មួយទៅមាត់មួយធ្វើឱ្យក្អែកមួយក្លាយទៅជាក្អែកដប់ រហូតដល់ថ្នាក់ធ្វើឱ្យអ្នកគ្រូណីខ្មាសគេសឹងតែលែងហ៊ានចេញពីផ្ទះថែមទៀតផង។

ថ្វីដ្បិតតែខ្ញុំបានបកស្រាយរឿងគ្រប់យ៉ាងប្រាប់ទៅឪពុកម្ដាយអ្នកគ្រូណីហើយក៏ដោយ ក៏ខ្ញុំនិងឪពុកម្ដាយរបស់នាងប្រែជាមើលមុខគ្នាលែងសូវចំដូចមុន ចំណែកឯអ្នកគ្រូណីទៀតសោតក៏ផ្ដាច់ទំនាក់ទំនងពីខ្ញុំថែមទៀត។ យ៉ាងណាក៏ដោយសាវលីកូនសិស្សសំណព្វរបស់ខ្ញុំដែលបានដឹងឮរឿងគ្រប់យ៉ាងដែរនោះ បានព្យាយាមចូលខ្លួនធ្វើសាក្សីបញ្ជាក់ថាខ្ញុំនិងអ្នកគ្រូណីគឺស្អាតស្អំទេ។ លុះក្រោយមកនាងក៏មកពន្យុះឱ្យខ្ញុំទៅដណ្ដឹងបងស្រីនាងដើម្បីដោះស្រាយបញ្ចប់ពាក្យចចាមអារាមបង្ខូចកេរ្ដិ៍ឈ្មោះបងស្រីនាងតែម្ដង។

ដំបូងៗខ្ញុំក៏ស្ទាក់ស្ទើរព្រោះគិតថាបើធ្វើបែបហ្នឹង ច្បាស់ជាអ្នកភូមិអ្នកស្រុកកាន់តែសង្ស័យលើខ្ញុំនិងអ្នកគ្រូណីជាក់ជាមិនខាន។ ប៉ុន្តែបន្ទាប់ពីទទួលបានយោបល់ពីបងផាន់រ៉ានិងលោកគ្រូអ្នកគ្រូមួយចំនួនទៀតនៅឯសាលារៀន ខ្ញុំក៏ប្រថុយទូរសព្ទប្រាប់ម៉ែពីរឿងនោះតែម្ដងទៅ។ ពេលនោះម៉ែក៏ស្ដីបន្ទោសខ្ញុំណាស់ដែរ ព្រោះតែគាត់មិនបានដឹងរឿងរ៉ាវដែលខ្ញុំឆ្លងកាត់មក ទើបគាត់និយាយថាឱ្យខ្ញុំទៅបង្រៀនសិស្សតែបែរជាទៅស្រឡាញ់កូនស្រីគេទៅវិញ។ ទោះបីជាយ៉ាងណាក្រោមការអះអាងរបស់បងផាន់រ៉ា ម៉ែក៏គាត់មិនដាច់អហង្ការពេកដែរ។

ចំណែកឯពុក គាត់ក៏មិនបានស្ដីថាអ្វីដែរព្រោះតែគាត់តាមចិត្តខ្ញុំមកតែរហូតហើយ។ មួយសប្ដាហ៍ក្រោយមកម៉ែនិងពុកក៏ពឹងពរបងប្អូននិងអ្នកភូមិអ្នកស្រុកនៅទីនេះប៉ុន្មានឱ្យចូលទៅចែចូវអ្នកគ្រូណី។ មិនស្មានថាឪពុកម្ដាយអ្នកគ្រូណីមិនបានជំទាស់អ្វីទេ គ្រាន់តែគាត់និយាយថាចាំសួរចិត្តកូនស្រីគាត់តែប៉ុណ្ណោះ។ ខ្ញុំភ័យបុកពោះមិនស្ទើរទេព្រោះខ្ញុំក៏មិនដឹងថាកន្លងមកនេះអ្នកគ្រូណីគិតបែបណាចំពោះខ្ញុំដែរ។ ម្យ៉ាងវិញទៀតខ្ញុំក៏ជាដើមហេតុដែលធ្វើឱ្យនាងអាម៉ាស់មុខដូច្នេះនាងមុខតែប្រកែកមិនព្រមទទួលយកខ្ញុំផងក៏ថាបាន។ លុះសម្រេចសម្រួចអ្នកគ្រូណីក៏ព្រមទទួលខ្ញុំដោយសុទ្ធចិត្ត ហើយពួកយើងក៏ភ្ជាប់ពាក្យជាមួយគ្នារង់ចាំដល់ប៉ុន្មានឆ្នាំទៀតដែលខ្ញុំសន្សំលុយបានគ្រប់ ទើបពួកយើងសម្រេចរៀបការតែម្ដង។

គិតឱ្យសព្វៗទៅនៅក្នុងគ្រោះតែងតែមានលាភ រីឯក្នុងបញ្ហាក៏តែងតែមានឱកាសដែរ។ ដ្បិតតែខ្ញុំបានចួបប្រសព្វនូវរឿងរ៉ាវប្រថុយប្រថានដល់អាយុជីវិតក៏ពិតមែន ប៉ុន្តែខ្ញុំក៏បានចួបប្រសព្វនូវរឿងរ៉ាវសមបំណងមួយទៀតដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ហើយ។

នេះហើយជាជីវិតមនុស្សយើង! ជីវិតយើងតែងមានសុខមានទុក្ខ ចួនក៏ខកចិត្តចួនក៏គាប់ចិត្ត ចួនក៏លិចចួនក៏អណ្ដែតទៅតាមក្រសែជីវិត ប៉ុន្តែទោះចួបបញ្ហាយ៉ាងណា យើងមិនត្រូវបោះបង់ខ្លួនឯងនោះឡើយ ព្រោះថាយើងជាម្ចាស់ជោគវាសនានៃជីវិតរបស់យើង។ ម្យ៉ាងទៀតបើយើងបានចួបរឿងសមបំណងដែលធ្វើឱ្យសប្បាយរីករាយចិត្ត យើងក៏មិនគួរសប្បាយដាច់បង្ហៀរនោះដែរ ព្រោះថាជីវិតនេះគឺមិនទៀងទាត់នោះឡើយ។

មិនយូរប៉ុន្មានរឿងរ៉ាវភ្ជាប់ពាក្យរវាងខ្ញុំនិងអ្នកគ្រូណីក៏ដឹងឮដល់មិត្តរួមថ្នាក់និងមិត្តភក្ដិផ្សេងទៀតដែលខ្ញុំស្គាល់ កាលពីខ្ញុំនៅរៀនក្នុងវិទ្យាស្ថានគរុកោសល្យ។ ពួកគេហាក់ដូចជាណាត់គ្នា លើកទ័ពមកសួរខ្ញុំសឹងតែគាំងChatទៅហើយ។

ខ្លះក៏ចូលរួមអបអរសាទរខ្ញុំ ឯខ្លះទៀតក៏ខឹងដែលខ្ញុំមិនបានហៅគេឱ្យមកចូលរួមក្នុងពិធីភ្ជាប់ពាក្យ ជាពិសេសគឺមិត្តរួមថ្នាក់របស់ខ្ញុំតែម្ដង។ ខ្ញុំក៏សុំទោសពួកវា ហើយបញ្ជាក់ប្រាប់ថា ដល់ពេលខ្ញុំការខ្ញុំនឹងហៅពួកវាមិនឱ្យបាត់ម្នាក់នោះទេ ប៉ុន្តែពេលនេះខ្ញុំសុំស្រែកប្រាប់ទៅមិត្តអត់លិឍមួយចំនួនរបស់ខ្ញុំថា “អញជិតបានប្រពន្ធហើយវើយអាពួកម៉ាក! ហាសហា!!”។

អេស៎! ចុះអ្នកអានហ្នុងមានគូមានគាប់ហើយនៅ?! ហិហិ!! ចង់ប្រាប់ថាអ្នកនិពន្ធហ្នឹងក៏អត់គូដែរ អាណិតគាត់ខ្លោចចិត្ត។

ហាសហា!!

ចប់ដោយបរិបូណ៌

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*