រឿង៖ សន្សើមព្រឹក (ភាគ៧)

ជារៀងរាល់ថ្ងៃនាងនៅតែចេញទៅធ្វើការដូចធម្មតា ផាត់ម៉្សៅទ្រនាប់ពណ៍ផ្កាឈូកបន្តិចនៅលើផ្ទៃមុខដ៏ស្លេកស្លាំងរបស់នាង បិទភ្ជាប់បបូរមាត់ដែលធ្លាប់ខាំបបូរមាត់នរណាម្នាក់នោះ បំភ្លេចចោលនូវក្លិនឆ្អាបឈាមទាំងនោះ។

មួយខែក្រោយមក បន្ទាប់ពីបើកប្រាក់រង្វាន់បំណាច់ឆ្នាំរួច សុីងលូក៏លាឈប់ចាកចេញ ហើយបានផ្លាស់ប្ដូរទៅធ្វើការនៅក្នុងហាងលក់សម្លៀកបំពាក់មួយកន្លែងនៅក្នុងមជ្ឈមណ្ឌលពាណិកជ្ជកម្ម “Landmark” ។

ទីកន្លែងនោះនៅតែជាសួនកម្សាន្តអារម្មណ៍របស់លំដាប់អ្នកអភិជនមួយផ្សេងទៀត។

បន្ទាប់ពីធ្វើការនៅទីនោះបានមួយឆ្នាំ នាងក៏បានចួបជាមួយនឹងមិត្តសម្លាញ់ចាស់របស់នាងកាលរៀននៅឯវិទ្យាល័យ លីមុីងជូ។ ភ្លាមៗនោះ នាងក៏ស្រាប់តែបានប្រទះឃើញថា មានតែមិត្តភាពពីកុមារភាពប៉ុណ្ណោះទើបបរិសុទ្ធ។ នាងបានរើចាកចេញពីផ្ទះមកជួលបន្ទប់ស្នាក់នៅតូចមួយរស់នៅជាមួយនឹងមុីងជូ។ ហើយនាងក៏មិនធ្លាប់រម្លឹកដល់រឿងអតីតកាលពីមុនជាមួយនឹងមុីងជូឡើយ ព្រោះតែចង់រកប្រាក់ នាងខិតខំសំងំនៅធ្វើការយ៉ាងស្ងាត់ស្ងៀម ហាក់បីដូចជាអ្វីៗជុំវិញខ្លួនមិនទាក់ទងនឹងនាង។

ដួងវិញ្ញាណរបស់នាងបានរសាត់រសាយចេញពីក្នុងរូបកាយទៅតាមក្ដីសុបិនដែលរលាយខ្ចាត់ខ្ចាយនោះជាយូរមកហើយ។

. . . . .

គេងនៅលើខ្នើយកើយ សុីងលូបែរមុខទៅម្ខាងសម្លឹងមើលទៅកាន់សុឺជឹងឈុន គេកំពុងគេងលក់យ៉ាងស្កប់ស្កល់។ ចង្កៀងភ្លើងបញ្ចេញពន្លឺពណ៌លឿងទុំស្រទន់នៅពីលើក្បាលរបស់ពួកគេ បំភ្លឺលើមុខមាត់ដ៏ស្រស់សង្ហារបស់គេ គេគឺប្រៀបបីដូចជាក្មេងម្នាក់ដែលគ្មានការបង្ការខ្លួនទុក មិនថាអ្នកណាក៏អាចធ្វើបាបគេបានដែរ។

ពេលកំពុងគេង ដៃម្ខាងរបស់សុឺជឹងឈុននៅតែកាន់ដៃនាងជាប់ណែន មើលទៅគេហាក់ដូចជាចង់កាន់ឱ្យជាប់បែបនេះជារៀងរហូត។

នៅសុខៗពេលនោះ សុីងលូក៏ស្រាប់តែមានអារម្មណ៍ថា មិនដែលធ្លាប់មានបុរសណាម្នាក់ប្រើដៃគេការពារស្នេហារបស់នាងបែបនេះឡើយ។ នាងអើតផ្ទៃមុខឡើងចង់ថើបទៅលើថ្ពាល់របស់គេ ប៉ុន្តែពេលដែលនាងហៀបបន្តិចទៀតនឹងថើបគេ នាងក៏ស្រាប់តែភិតភ័យខ្លបខ្លាចចំពោះអារម្មណ៍ខ្លួនឯង។ ផ្ទៃមុខនាងដកថយទៅក្រោយវិញ សន្សឹមៗរបេះដៃរបស់គេចេញ។

នាងទាញផួយឡើងថ្នមៗចុះចេញពីគ្រែ យកអាវឡែនរោមចៀមប្រផេះដែលព្យួរនៅក្បែរគ្រែម្ខាងមកពាក់ រួចដើរទាំងជើងទទេទៅកាន់ផ្ទះបាយចាក់ទឹកផឹក។ នាងហាក់បីស្រេកទឹកមកជាខ្លាំង ចាក់ទឹកពេញមួយកែវធំ ងើយក្បាលឡើងអកផឹកក្អឹកៗ ទឹកហៀរពីជ្រុងមាត់នាងហៀរចេញមកក្រៅ ហូរចុះមកក្រោមជើងចង្ការហូតទៅដល់ផ្ទៃកដ៏សខ្ចី។ នៅក្នុងចិត្តរបស់នាងនិយាយថា៖

«ឯងមិនអាចស្រលាញ់គេឡើយ…ធ្វើបែបហ្នឹងគឺខុសហើយ»

ប៉ុន្តែនៅក្បែរសុឺជឹងឈុន នាងពិតជាបានឆ្លងកាត់នូវពេលវេលាយ៉ាងរីករាយជាច្រើន។ ដូចជាក្នុងយប់នេះ នាងបានញ៊ាំអាហារពេលយប់ជាមួយនឹងមិត្តប៉ុន្មាននាក់របស់គេ៖ បុរសពីរនាក់គឺជាវិចិត្រករក្រីក្រដូចជាគេដែរ បុរសម្នាក់ជាអ្នកនិពន្ធដែលគ្មានក្ដីសង្ឃឹមចេញសៀវភៅនិងម្នាក់ទៀតជាអ្នកដឹកនាំរឿងដែលទន្ទឹងរង់ចាំល្បី។ មនុស្សទាំងនេះគឺរួសរាយនិងរាក់ទាក់ចំពោះនាងណាស់ ពួកគេនិយាយលេងសើចសប្បាយ ជជែកគ្នាពីឧត្តមគតិនិងជីវិតរស់នៅរបស់ពួកគេ។ ដោយមិនចាំបាច់ងឿងឆ្ងល់នោះឡើយ សុឺជឹងឈុនគឺជាមនុស្សល្អដាច់គេបំផុតនៅក្នុងចំណោមក្រុមមិត្តរបស់ពួកគេទាំងអស់ គេដាក់ខ្លួនយ៉ាងសុភាពរាបសារ សញ្ជឹងស្តាប់អ្នកដទៃនិយាយពីយោបល់និងគោលគំនិតឆន្ទៈមិនចេះចប់របស់មិត្តទាំងឡាយដោយយកចិត្តទុកដាក់។ គេគឺមានភាពទាក់ទាញដ៏ពិសេសមួយដែលពិបាករកពាក្យនឹងថ្លែង មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តគេ។

«ពួកគេមើលទៅមិនដឹងអ្វីទាល់តែសោះឡើយ! មិនដឹងថាគេគឺជាអ្នកណានោះឡើយ!»

សុីងលូក្រឡេកភ្នែកសម្លឹងមើលជុំវិញផ្ទះបាយដ៏សាមញ្ញនេះ បង្អួចតែមួយគត់ត្រូវបានបិទបាំងជិតដោយបន្ទះឈើពុកចាស់មួយ ក៏ដូចជាជម្រៅចិត្តខាងក្នុងរបស់នាងត្រូវបានបិទបាំងជិតជាយូរមកហើយ ដូច្នេះមិនគួរណាមានអារម្មណ៍អ្វីផ្សេងទៀតឡើយ។

នាងទម្លាក់កែវទទេដាក់ចុះទៅក្នុងឡាបូលាងដៃ នៅក្បែរនោះឃើញមានក្បាលជក់ប៉ែលមួយនិងថ្នាំប្រេងពណ៌នៅលើក្ដារបន្ទះលាយពណ៌ដែលនៅមិនទាន់បានប្រើប្រាស់។

នាងក្រឡេកមើលទៅកាន់បន្ទះឈើពុកចាស់ពណ៌សគ្របបង្អួចនៅម្ខាងនោះ ក៏មានអារម្មណ៍ថាវាហាក់គួរឱ្យកណ្ដោចកណ្ដែងខ្លាំងណាស់។ នឹកគិតដូច្នេះ នាងក៏កាន់ជក់ប៉ែលនិងបន្ទះក្ដារលាយថ្នាំពណ៌ឡើងមក នាងគូរទ្វារបង្អួចបើកចំហពាក់កណ្ដាលពីទ្វារខាងឆ្វេងគូរនៅជិតជញ្ជាំង ដែលនៅខាងលើនោះលាយឡំទៅដោយភ្លើងបំភ្លឺផ្លូវចម្រុះពណ៌ចែងចាំង នៅចន្លោះទ្វារបើកចំហរំលេចផ្លូវដែកមួយជួរ នៅពីលើគឺជាផ្ទៃមេឃពណ៌ខៀវស្រងាត់ដែលកំពុងតែរៀបលិចមកជាពេលរាត្រី។ រីឯនៅទ្វារខាងស្តាំព្យួរសំយុងដួងព្រះចន្ទមួយយ៉ាងសស្លេក។

ទេសភាពនេះប្រៀបដូចជាកំពុងតែសម្លឹងមើលចេញទៅក្រៅមាត់បង្អួច នាងសម្លឹងឃើញលម្ហមេឃដីដ៏សែនធំល្វឹងល្វើយមួយ។

ឋិតនៅក្នុងខណៈពេលនោះ សុីងលូមានអារម្មណ៍ថាដូចជាមានមនុស្សកំពុងតែសម្លឹងមើលមកនាងនៅពីក្រោយ។ នាងក៏បែរក្បាលទៅក្រោយមើល ក៏បានឃើញសុឺជឹងឈុនកំពុងឈរនៅក្រោយខ្នងនាង ឃ្លាតពីនាងតែប៉ុន្មានជំហានប៉ុណ្ណោះ ព្រោះតែទើបភ្ញាក់ពីគេង សក់ក្បាលរបស់គេឡើងរញ៉េរញ៉ៃ។

«បងភ្ញាក់ហើយហ្អេស!» នាងពោលឡើង។

ទឹកមុខរបស់សុឺជឹងឈុនបង្ហាញសេចក្ដីភ្ញាក់ផ្អើលឡើងយ៉ាងខ្លាំង និយាយថា៖

«អូនមិនដែលប្រាប់បងពីមុនមកទេថាអូនចេះគូរគំនូរ!»

«អូនគ្រាន់តែគូរផ្ដេសផ្ដាសប៉ុណ្ណោះ» សុីងលូក៏និយាយបន្តថា៖ «ហេតុអីបានជាគ្របបង្អួចនេះបិទជិតឈឹងយ៉ាងនេះ?»

«ពេលដែលបងរើមកដល់ បង្អួចនេះបិទជិតស្រាប់ទៅហើយ ម្ចាស់ផ្ទះនិយាយថា ដោយសារតែផ្ទះនៅក្បែរនេះជាកន្លែងធ្វើស្រាលក់ ទើបមានបំពង់បង្ហុយផ្សែង»

សុឺជឹងឈុនឈានចូលមកជិតបន្តិច ក្រឡេកមើលទេសភាពដែលសុីងលូបានគូរនៅលើបង្អួចនោះ ហើយលាន់មាត់ពោលដោយកោតសរសើរថា៖

«អូនគូរបានស្អាតខ្លាំងណាស់!»

សុីងលូយកជក់ប៉ែលនិងក្ដារលាយថ្នាំពណ៌ដាក់ចូលទៅក្នុងឡាបូលាងដៃ និយាយថា៖

«បងកំពុងចំអន់ឱ្យអូន!»

«អូនក៏ធ្លាប់រៀនគូរគំនូរដែរហ្អេស?»

«អូនហេ៎? កាលពីនៅតូច អូនធ្លាប់រៀននៅក្នុងម៉ោងរៀនគូរគំនូរបន្ថែម» សុីងលូឆ្លើយតបមកជាធម្មតា។

«អូនពិតជាមានទេពកោសល្យណាស់!»

សុីងលូរីកស្នាមញញឹមហើយនិយាយថា៖ «អូនក៏ដឹងដែរ ប៉ុន្តែប្រាកដណាស់អូនមិនអាចប្រៀបផ្ទឹមជាមួយនឹងបងបានទេ»

សុឺជឹងឈុននិយាយថា៖

«អូនគួរតែសាកល្បងផ្ដោតលើការគូរគំនូរឱ្យបានច្រើន»

សុីងលូនិយាយទាំងមិនរំជើបរំជួលចិត្តអ្វីបន្តិចថា៖

«មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើនូវរឿងដែលពួកគេចូលចិត្តបានទាំងអស់នោះទេ!»

សុឺជឹងឈុនទាញនាងចូលមកជិត ឱបក្រសោបចង្កេះរបស់នាង សម្លឹងមើលទៅកែវភ្នែកខ្មៅធំៗរបស់នាង ហើយនិយាយទាំងក្រៀមក្រំថា៖

«មានពេលខ្លះបងមានអារម្មណ៍ថាបងមិនដែលធ្លាប់ស្គាល់អូននោះទេ!»

សុីងលូប្រើម្រាមដៃច្បិចលើចុងច្រមុះរបស់គេថ្នមតិចៗ ដោយនិយាយថា៖

«ពីព្រោះ…អូនគឺមកពីពិភពមួយដ៏សែនឆ្ងាយ!»

សុឺជឹងឈុនថើបលើម្រាមដៃរបស់នាងហើយនិយាយថា:

«អូ៎! តាមពិត…អូនគឺជាមនុស្សក្រៅភពហ្អេស?»

សុីងលូងក់ក្បាលចុះធ្វើទឹកមុខមុឺងម៉ាត់ និយាយខ្សឹបខ្សួលថា៖ «អាថ៌កំបាំងនេះគឺមានតែបងម្នាក់ទេដែលដឹង»

«បើអ៊ីចឹងនោះ តើរូបរាងពិតរបស់អូនគឺយ៉ាងណាដែរទៅ?»

ឮសំនួរភ្លាមៗនេះរបស់សុឺជឹងឈុន ធ្វើឱ្យនាងលោតកែងជើងស្ទុះកញ្ឆោលឡើង។ នាងដកម្រាមដៃចេញពីគេទៅយ៉ាងរហ័ស ងាកមុខមកអង្អែលដៃលើសរសៃសក់រលោងវែងៗរបស់នាង និយាយយ៉ាងម៉ឺងម៉ាត់ថា៖

«គឺគ្មានសក់ទេ…»

បន្ទាប់មកសុីងលូចង្អុលម្រាមដៃមកជ្រុងកន្ទុយភ្នែករបស់នាងថា៖

«នៅត្រង់ភ្នែកគឺប្រហោងធ្លុងធំពីរ គ្មានប្រស្រីភ្នែក…»

ម្រាមដៃនាងបន្តចង្អុលចុះក្រោមបន្តិច៖

«ច្រមុះសំប៉ែត គ្មានធ្មេញនៅក្នុងមាត់ ស្បែកឡើងគគ្រើម»

ចុងក្រោយបង្អស់ សុីងលូលើកម្រាមដៃឡើងទៅពីមុខកែវភ្នែករបស់សុឺជឹងឈុន ហើយនិយាយថា៖

«ម្រាមដៃគឺមានតែម្រាមមួយប៉ុណ្ណោះ!»

សុឺជឹងឈុនក្ដោបក្រសោបម្រាមដៃរបស់សុីងលូ និយាយទាំងសើចញញឹមថា៖

«បងខ្លាចខ្លាំងណាស់!»

«បានហើយចុះណា៎!» សុីងលូគ្រវីដៃបក់ៗនៅចំពោះមុខរូបគេថា៖ «អូនសន្យានឹងបង អូននឹងមិនឱ្យបងឃើញរូបរាងពិតរបស់អូនឡើយ»

នៅក្នុងចិត្តរបស់នាងគិតថា៖ «មែនហើយ! បងនឹងមិនអាចឃើញវាទេ»

រំពេចនោះ សុឺជឹងឈុនក៏ស្រាប់តែសួរថា៖ «ចុះហេតុអ្វីបានជាអូនមករកបង?»

កែវភ្នែកដ៏ស្រស់ស្អាតរបស់សុីងលូសម្លឹងមកកាន់គេដោយស្ងៀមស្ងាត់ ហើយនិយាយយ៉ាងទន់ភ្លន់គួរឱ្យស្រលាញ់ថា៖

«ពីព្រោះតែបងគឺជាមនុស្សដែលគួរឱ្យស្រលាញ់ជាទីបំផុតនៅលើភពផែនដីនេះ…បងគឺជាមនុស្សតែម្នាក់គត់!»

សុឺជឹងឈុនក្រឡេកមើលអាវឡែនរោមចៀមពណ៌ប្រផេះ ដែលមានមួកកបត់ឡើងរញ៉ិករញ៉ុកខ្ទក់ និយាយថា៖

«តែទោះយ៉ាងណាក៏អូនមិនគួរយកអាវឡែនរបស់បងពាក់អ៊ីចឹងដែរ?»

សុីងលូទះស្រាលលើថ្ងាសខ្លួនឯងបន្តិចនិយាយថា៖

«អូ៎… អ៊ីចឹងសោះ ទើបបានជាអូនមានអារម្មណ៍ថារាងធូររលុងបន្តិច»

«នេះគឺជាអាវដែលមិត្តស្រីរបស់បងចាក់ដោយផ្ទាល់ដៃណា៎ តាំងពីដើមមក មិនដែលមាននារីណាម្នាក់ចាក់អាវឱ្យបងទេ! សុំទោសផង! បងមិនអាចជូនវាឱ្យទៅអូនបានទេ»

នោះគឺជាអាវឡែនដែលសុីងលូមិនគេងមិនសម្រាកពេញមួយយប់ដើម្បីចាក់សម្រាប់ឱ្យសុឺជឹងឈុន។ នៅថ្ងៃដែលទទួលបានអំណោយនេះ សុឺជឹងឈុនត្រេកអរសប្បាយចិត្តដូចជាកូនក្មេង ហើយក៏រហ័សរហួនយកវាស៊កពាក់នៅលើខ្លួនភ្លាម។ សុីងលូយល់ថាដៃអាវរាងខ្លីបន្តិច ប៉ុន្តែសុឺជឹងឈុនចចេសថា វាមិនខ្លីទេ មិនថាទោះបីជាយ៉ាងណាក៏មិនព្រមដោះចេញ ហើយថែមទាំងនិយាយលេងសើចថា គេខ្លាចបើគេដោះវាចេញនោះ នាងនឹងដណ្ដើមយកវាត្រលប់ទៅវិញ។

អាវឡែននោះ ពេលដែលសុឺជឹងឈុនពាក់ចូលមើលទៅពិតជាស្អាតសង្ហាណាស់ នាងប្រើពេលមួយយប់មិនគេងមិនសម្រាកចាក់វាសម្រាប់គេ។ របស់នេះដើមឡើយគឺគ្រាន់តែជាចំណងរឹតមួយយកមកចងឃុំទុកគេ ក៏ប៉ុន្តែនាងមិននឹកស្មានថារូបរាងគេបែរជារំភើបចិត្តខ្លាំងអនេកយ៉ាងនេះ។

ដៃរបស់សុីងលូចាប់ក្ដាប់ចុងអាវឡែនចាក់នៅលើខ្លួនរបស់នាង ទាញហើបក្បាលពោះឡើង ហាក់បីដូចជាចង់ដោះវាចេញមក និយាយថា៖

«បងចង់ឱ្យអូនសងវាឱ្យបងវិញឥឡូវនេះហ្អេស?»

សុឺជឹងឈុនទាញសុីងលូខិតចូលមកជិត គេចាប់លើកមួកអាវឡែននៅពីក្រោយខ្នងឡើងផុតលើក្បាលរបស់នាង។ ក៏ដោយសារមួកអាវចាក់តាមសាយខ្លួនរបស់គេ វាធំជាងក្បាលនាងបន្តិច មួកអាវបាំងជិតឈឹងកែវភ្នែកមួយចំហៀងរបស់សុីងលូ។

នាងផ្ដេកផ្ដួលទៅលើដើមទ្រូងរបស់គេ សើចញញឹមសួរថា៖

«បងចង់ធ្វើអីហ្នឹង?»

«បងមានរបស់មួយចង់ជូនឱ្យអូន ដូច្នេះអូនមិនគួរមើលមុនទេ» នៅក្រៅគែមមួក ដៃរបស់សុឺជឹងឈុនបានបិទបាំងជិតភ្នែករបស់នាង។ ក្រោយពេលបញ្ជាក់ច្បាស់ថានាងមិនឃើញអ្វីសោះ ទើបគេក៏នាំផ្លូវនាងដើរចេញទៅក្រៅ។

ដើមទ្រូងរបស់សុឺជឹងឈុនផ្អែកផ្អឹបមកលើផែនខ្នងរបស់សុីងលូ នាំផ្លូវនាងឈានមួយជំហានៗដើរឆ្ពោះទៅមុខ។ សុីងលូចង់លួចក្រឡេកមើល ប៉ុន្តែដៃរបស់សុឺជឹងឈុនបិទបាំងភ្នែករបស់នាងយ៉ាងណែន នាងគ្រាន់តែឃើញភាពងងឹតសូន្យសុងនៅពីមុខភ្នែករបស់នាង ដោយមិនដឹងថាគេចង់នាំនាងទៅណា។

នាងចាប់តោងក្រសោបលើដៃទាំងពីររបស់សុឺជឹងឈុន ញញឹមហើយសួរថា៖

«តើនោះជាអ្វីទៅ?»

សុឺជឹងឈុនមិនឆ្លើយតបនឹងនាង នៅតែបន្តនាំនាងដើរទៅមុខ។ អ្វីៗនៅជុំវិញនោះហាក់ស្ងប់ស្ងាត់មកជាខ្លាំង នៅសុខៗសុីងលូស្រាប់តែមានអារម្មណ៍ភ័យខ្លាច នឹកគិតពីប្រយោគចុងក្រោយរបស់គេ គេបានសួរនាងថា «ចុះហេតុអ្វីបានជាអូនមករកបង?» ឬមួយថាគេបានដឹងអស់ទៅហើយ? តើគេចង់ធ្វើអ្វីដល់នាង?

បេះដូងរបស់នាងលោតឌឹបដាក់ៗ ចង់សាករបេះចេញពីដៃរបស់គេ។ ប៉ុន្តែគេរឹតតែក្តោបជាប់កាន់តែខ្លាំង ហាក់ដូចជាចង់កប់នាងទាំងរស់នៅក្នុងទីជ្រោះជ្រៅ។ នាងភិតភ័យស្លន់ស្លោចាប់ទាញដៃទាំងពីររបស់សុឺជឹងឈុនដែលកំពុងតែបិទបាំងភ្នែករបស់នាងចេញ ក្រចកដៃរបស់នាងខ្វាចជ្រៅចាក់ចូលទៅក្នុងស្បែករបស់គេ សំឡេងស្រែកខ្លាំងៗបន្លឺឡើងយ៉ាងភ័យខ្លាចថា៖

«លែងខ្ញុំទៅ!»

សុឺជឹងឈុនថ្ងូរភ្ញាក់បន្តិចហើយក៏ព្រលែងដៃចេញពីនាង។

សុីងលូខំប្រឹងរើបម្រាស់ខ្លួនចេញពីក្នុងដៃរបស់គេ សក់ក្បាលរបស់នាងឡើងរញ៉េរញ៉ៃ មួកអាវឡែនរលាត់ទៅពីក្រោយក្បាលអស់ ជើងសក់នៅលើកំពូលក្បាលរបស់នាងប៉ើងញ័របន្តិច ក៏ព្រោះតែភ័យខ្លាច ប្រហោងច្រមុះរបស់នាងបើកធំៗ ភ្នែកធំៗទាំងពីររបស់នាងបើកសម្លក់កាន់តែធំជាងហ្នឹងទៀត ក៏ប៉ុន្តែនៅខណៈពេលនោះ នាងបែរជាប្រទះឃើញថា សុឺជឹងឈុនកំពុងតែឈរសម្លឹងមើលទៅនាងដោយខ្សែភ្នែករន្ធត់ភ្ញាក់ផ្អើល។

សុឺជឹងឈុនត្រូវនាងបំភ័យឱ្យភ័យខ្លាច។ គេមិនដែលធ្លាប់ឃើញសុីងលូបែបនេះឡើយ ក្រឡេកមើលពីដំបូងទៅនាងគឺមើលទៅប្រៀបដូចជាកូនឆ្មាដែលកំពុងភ័យខ្លាច រោមទាំងអស់នៅលើខ្លួនប៉ើងឆ្កឺតឡើងទៅលើ មាត់ហាយ៉ាងធំញេញចង្កូមទាំងពីរស្រែកបន្លាចគេ សឹងតែចង់ហក់លោតមកក្រញ៉ាំខ្ញាំសាច់គេខាំសុីសាច់គេ។

សុឺជឹងឈុនអង្អែលលើដៃរបស់គេដែលត្រូវខ្វាចឱ្យរបួស សម្លឹងមើលទៅសុីងលូដែលឈរនៅពីក្រោយខ្នង និយាយថា៖

«បងគ្រាន់តែចង់ឱ្យអូនមើលរបស់នេះតែប៉ុណ្ណោះ!»

មួយប៉ប្រិចភ្នែកនោះ សុីងលូក៏ងាកក្បាលមកក្រោយ សម្លឹងមើលទៅរបស់នោះ។

នៅពេលដែលឃើញទិដ្ឋភាពបំផុសឡើងនៅចំពោះមុខនាងនោះ នាងភ្ញាក់ឱ្យព្រើត។ តាមពិត សុឺជឹងឈុនចង់បង្ហាញឱ្យនាងមើលរូបគំនូរនៅលើក្ដារគំនូរ។ តួអង្គដែលគូរនៅក្នុងរូបគំនូរនោះគឺជានាង។ នាងពាក់អាវសឺមីពណ៌សដែលជាឯកសណ្ឋានរបស់ហាងកាហ្វេ ចងក្រវាត់កពណ៌ខ្មៅ សក់ពណ៌ត្នោតចងបួងឡើងទៅខ្ពស់ ឈរនៅឯរបារឆុងកាហ្វេ កែងដៃទាំងពីរច្រត់ឡើងនៅលើតុ។

នៅក្បែរៗនោះថែមទាំងមានថូផ្កាមួយដោតបំពេញបាច់ផ្កាកុលាបក្រហមស្រស់ពេញ។ នាងហាក់ដូចជាព្រងើយកន្តើយអារម្មណ៍ភ្លឹកភ្នែកសម្លឹងមើលទៅកាន់ទេសភាពនៅលើទីដងផ្លូវផ្ការោយ នៅក្នុងក្រសែភ្នែករបស់នាងបង្ហាញឡើងមកនូវសេចក្ដីសៅហ្មងនិងទុក្ខកង្វល់យ៉ាងជ្រាលជ្រៅ។

សុីងលូភ្លឹកសម្លឹងមើលទៅកាន់រូបគំនូរនោះមិនដាក់ភ្នែក កន្លងផុតអស់ពេលជាយូរនាងនៅតែមិននិយាយស្ដីអ្វី។

«រូបគំនូរមួយនេះគឺពិតជាស្រស់ស្អាតអ្វីម៉្លេះទេ!»

ទោះសុបិនក៏សុីងលូមិននឹកស្មានឡើយថា សុឺជឹងឈុនបែរហាក់បីដូចជាមើលធ្លុះពីជម្រៅដួងចិត្តខាងក្នុងរបស់នាង។ នាងតែងតែគិតថានៅចំពោះមុខគេ នាងលាក់បាំងបានជិតយ៉ាងល្អ។ នាងតែងតែបង្ហាញឱ្យគេឃើញនូវរូបរាងដ៏សែនរីករាយនិងគ្មានទុក្ខកង្វល់របស់នាង ជារឿយៗតែងបង្ហាញជាប់ទឹកមុខសើចញញឹមដើម្បីលាក់អាថ៌កំបាំងនៅខាងក្នុងដួងចិត្តរបស់នាង។ ប៉ុន្តែសុឺជឹងឈុនបែរជាអាចមើលឃើញពីភាពឯកោនិងទុក្ខព្រួយរបស់នាង។ កែវភ្នែកដ៏ស្រស់ស្អាតរបស់នាងរំលេចពន្លឺរស្មីនៃរលកទឹកភ្នែក មិនដឹងថាចេញពីអារម្មណ៍ភ័យខ្លាច ឬចេញពីអារម្មណ៍រំជួលចិត្តនោះទេ។

សុឺជឹងឈុនមិនយល់ពីកែវភ្នែករបស់នាង គេសួរទៅនាងថា៖

«តើអូនយ៉ាងម៉េចហ្នឹង?»

សុីងលូបែរមុខទៅរកគេ ខាំចុងបបូរមាត់របស់នាងបន្តិច ហើយនិយាយថា៖

«អូនខ្លាចភាពងងឹតណាស់»

សុឺជឹងឈុនរំលេចស្នាមញញឹមយ៉ាងស្រទន់៖

«ម៉េចក៏អូនមិនឆាប់និយាយប្រាប់បង?»

សុីងលូញញឹមពេបមាត់ថា៖

«បងនឹងថាអូនប្រម៉ាត់តូច!»

សុឺជឹងឈុនក៏ឈានដើរចូលទៅជិត ឈ្ងោកខ្លួនចុះមកឱបនាងយ៉ាងទន់ភ្លន់ ប្រើបាតដៃរបស់គេជូតញើសចេញពីថ្ងាសរបស់នាង ហើយនិយាយថា៖

«អត់ទេ! បងនឹងការពារអូន»

សុីងលូងើយផ្ទៃមុខឡើងសម្លឹងមើលទៅគេសួរថា៖

«តើបងគូររូបនេះតាំងពីពេលណាហ្នឹង?»

សុឺជឹងឈុនសម្លឹងមើលមុខនាងញញឹមយ៉ាងស្រទន់ និយាយសង្កត់ធ្ងន់ថា៖

«អាថ៌កំបាំង!»

សុីងលូបូញមាត់ឡើងសួរថា៖

«តើបងត្រូវគូរយូរប៉ុនណា? ម៉េចបានជាអូនមិនធ្លាប់ឃើញបងគូរសោះអ៊ីចឹង?»

សុឺជឹងឈុននៅតែញញឹមយ៉ាងស្រទន់ថា៖

«គ្រប់យ៉ាងដំណើរការនៅក្នុងអាថ៌កំបាំង» សុីងលូសម្លឹងមើលទៅរូបគំនូរ ក៏ប្រទះនូវការចងចាំឃើញថាសុឺជឹងឈុនថ្មីៗនេះហាក់ដូចជាអាថ៌កំបាំងបន្តិចមែន នៅចំពោះមុខនាង គេហាក់ដូចជាចង់លាក់បាំងអ្វីមួយ។

ថ្ងៃមួយ នាងមិនបានប្រាប់គេទុកជាមុនក៏រត់មកផ្ទះរបស់គេ ប្រើកូនសោរដែលគេឱ្យនាងបើកទ្វារ។ ពេលដែលទ្វាររបើកភ្លាម គេហាក់ដូចជាតក់ក្រហល់មានចេតនាលាក់អ្វីមួយទៅខាងក្រោយខ្នងរបស់គេ។ នាងនៅមានមន្ទិលជាប់ជានិច្ច តាមពិតអ្វីដែលគេចង់លាក់បាំងនោះគឺជារូបគំនូរដែលនៅមិនទាន់គូរបញ្ចប់ គេចង់ផ្ដល់សេចក្ដីភ្ញាក់ផ្អើលមួយឱ្យទៅនាង។ នាងបានយល់ច្រឡំលើគេខុសទាំងស្រុងហើយ។

នាងលើកដៃរបស់គេឡើងមកមើល នៅលើកដៃម្ខាងនោះរំលេចចេញស្នាមខ្វាចដាច់សាច់ចេញពីស្នាដៃរបស់នាងយ៉ាងច្បាស់។ នាងរអៀសចិត្តសួរទាំងបារម្ភថា៖

«នៅឈឺទេ?»

សុឺជឹងឈុនគ្រវីក្បាល ឆ្លើយតបថា៖

«មិនឈឺទេ»

សុឺជឹងឈុនសួរទៅនាងថា៖

«តើអូនចូលចិត្តរូបគំនូរនេះទេ?»

សុីងលូខ្សឹកខ្សួលតិចៗថា៖

«បងពិតជាគូរបានស្អាតខ្លាំងណាស់!»

សុីងលូក្រឡេកមើលទៅកាន់ផ្ទាំងរូបគំនូរនោះ តើនារីដ៏ស្រស់ស្អាតដែលមើលទៅត្រជាក់ល្អូកម្នាក់នោះគឺពិតជានាងមែនឬ? នាងមានអារម្មណ៍ថានាងហាក់ដូចមិនធ្លាប់ស្គាល់រូបខ្លួនឯងពិតទាល់តែសោះ នាងបានផ្លាស់ប្តូរច្រើនខ្លាំងណាស់។ នាងនៅចាំថានាងធ្លាប់មានក្ដីសុបិនចំពោះជីវិតមួយនេះ នាងជឿជាក់ថានាងនឹងអាចចាប់តោងក្ដាប់បាននូវសេចក្ដីសុភមង្គលនិងក្ដីសុខសាន្តរីករាយ នាងប៉ងប្រាថ្នាថ្ងៃថ្មីដែលពោរពេញដោយពណ៌ភ្លឺចម្រុះ ប៉ងប្រាថ្នាជីវិតរស់នៅសោយសុខនិងស្តុកស្តម្ភ ប៉ុន្តែអ្វីៗទាំងអស់នោះបានឃ្លាតទៅកាន់ទីកន្លែងដ៏សែនឆ្ងាយនិងកំពុងសើចចំអកឱ្យនាង។

នាងសន្សឹមៗងើយផ្ទៃមុខឡើងយឺតៗ ភ្នែកសម្លឹងមើលទៅកាន់សុឺជឹងឈុន ឋិតនៅក្នុងមួយចង្វាក់ខណៈពេលនោះ នាងនឹកគិតនៅក្នុងចិត្តថា៖

«គេស្រលាញ់ឯង!»

———

នៅថ្ងៃចុងសប្តាហ៍ក្នុងខែដប់មួយ ឋិតនៅក្រោមពន្លឺព្រះអាទិត្យនាពេលរសៀលល្ងាច សុីងលូនិងសុឺជឹងឈុនជិះទូកឆ្លងដងទន្លេទៅកាន់ “ម៉ៃហួរ” ។ មិត្តភកិ្តម្នាក់របស់សុឺជឹងឈុនរៀបចំការតាំងពិពណ៌នៅទីនោះ។

ផ្ទះតាំងពិពណ៌នោះមានទីតាំងឋិតនៅក្រោមជើងភ្នំ “TS” ត្រូវឆ្លងកាត់វាលស្រែមួយ ជ្រោះអូរមួយ បន្ទាប់មកបត់ទៅក្នុងច្រកផ្លូវកាត់តូចមួយ។ សំណង់ផ្ទះមានតែមួយជាន់តែប៉ុណ្ណោះ ដែលមើលទៅចំណាស់បុរាណណាស់ នៅសងខាងមាត់ទ្វារធំទាំងពីរមានព្យួរពាក្យស្លោកអបអររដូវផ្ការីកពីរជួរវែង ហើយនិងចងព្យួរចង្កៀងគោមក្រហមមួយគូ ឯទ្វារធំគឺធ្វើពីឈើ។

សុឺជឹងឈុនចាប់កាន់ដៃសុីងលូដើរចូលទៅក្នុងផ្ទះ ពេលដែលពួកគេដើរឆ្លងកាត់ទីធ្លាធំមួយ ឃើញមានពូជឆ្កែរោមពណ៌មាសប៉ុន្មានក្បាលកំពុងតែខ្ជិលច្រអូសដេកអាំងថ្ងៃចំតិត សម្លឹងឃើញមនុស្សចម្លែកហើយ ពួកវាមិនខ្ចីទាំងងើយក្បាលឡើងមើលផង។

មានមិត្តភក្តិជាច្រើនមកចូលរួម ជំនុំគ្នាមួយក្រុមប្រាំមួយក្រុមបីកំពុងតែអង្គុយជជែកគ្នាលេងអំពីរឿងរ៉ាវជីវិតរៀងៗខ្លួន នៅក្នុងចំណោមពួកគេ ក៏មានមនុស្សប៉ុន្មាននាក់សុីងលូធ្លាប់បានចួបពីមុន។

សុឺជឹងឈុនបានណែនាំសុីងលូទៅកាន់ម្ចាស់ផ្ទះ។ នារីម្នាក់នោះមានសម្បុរខ្មៅស្រអែម រូបរាងខ្ពស់ ស្លៀករ៉ូបពណ៌សក្បុសរលុង នៅលើជើងគ្មានពាក់ស្បែកជើង មានស្នាមអុចខ្មៅជាច្រើននៅជុំវិញរង្វង់ភ្នែក បបូរមាត់ក្រាស់ឃ្មឹកពេលដែលរីកស្នាមញញឹមឡើងមក សក់ដ៏វែងស្រិលចងក្របួចបួងឡើង នៅលើគុម្ពស្លឹកត្រចៀកដោតផ្កាអ័រគីដេមួយទង។ នោះគឺជារូបរាងមួយដ៏ចម្លែក មុខមាត់មិនជាស្រស់ស្អាតនោះទេ ប៉ុន្តែនៅពេលដែលការតុបតែងខ្លួនទាំងនេះដាក់បញ្ចូលគ្នាក៏បង្កើនទៅជាភាពទាក់ទាញមួយយ៉ាងបង្ខំចិត្ត។

នារីម្ចាស់ផ្ទះចាប់ក្រសោបដៃរបស់សុីងលូឡើង បបូរមាត់ដ៏មានមន្តស្នេហ៍របស់នាងសើចញញឹមនិយាយថា៖

«ខ្ញុំមិនដែលធ្លាប់ឃើញសុឺជឹងឈុននាំមិត្តស្រីរបស់គេមកជាមួយនោះទេ ខ្ញុំនៅនឹកស្មានថាគេមិនចូលចិត្តមនុស្សស្រីឡើយ! ប៉ុន្តែតាមពិតសំណូមពររបស់គេគឺខ្ពស់យ៉ាងនេះ!»

សុីងលូរំលេចស្នាមញញឹមយ៉ាងគួរសម។

នារីម្ចាស់ផ្ទះនោះក្រឡេកក្រសែភ្នែកសម្លឹងមើលទៅកាន់សុឺជឹងឈុនបន្តិច ហើយក៏ងាកមកនិយាយជាមួយនឹងសុីងលូថា៖

«គេគឺជាបុរសដ៏ល្អម្នាក់ បើសិនជាថ្ងៃណាមួយនាងមិនអាចរក្សាគេបានទៀតទេនោះ សូមប្រាប់ខ្ញុំឱ្យដឹងមួយម៉ាត់ផង! ពីព្រោះគេក៏ជាចំណីហ្វូងសត្វកំណាចមួយដែរ!»

នៅក្នុងដួងចិត្តរបស់សុីងលូនឹកគិតថា៖

«មនុស្សស្រីម្នាក់នេះ និយាយស្ដីគ្មានសុជីវធម៌ណាស់!»

ប៉ុន្តែនៅលើផ្ទៃមុខរបស់សុីងលូនៅតែរក្សាស្នាមញញឹមជានិច្ចដដែល។ បន្ទាប់មកទៀត ពួកគេបានដើរចូលទៅជិតក្រុមមនុស្សជំនុំគ្នាទាំងនោះ និយាយស្ដីសួរសុខទុក្ខមិត្តភក្តិ រីករាយនឹងការគយគន់លើស្នាដៃបង្ហាញឡើងរបស់នារីម្ចាស់ផ្ទះ ហើយក៏រួមគ្នាដើរទៅខាងក្រោយផ្ទះទស្សនាឡដុតឥដ្ឋដ៏ធំសម្បើម ដែលប្រើសម្រាប់ដុតស្នាដៃស្មូនដីឥដ្ឋទាំងនេះ។

នៅពេលរសៀលបាក់ល្ងាច មនុស្សម្នាក់ៗសុទ្ធតែហាក់បីខ្ជិលល្វើយបន្តិច អ្នកទាំងអស់គ្នាក៏នាំគ្នាអង្គុយញ៊ាំនំនែកនិងផឹកតែពេលរសៀល សំណេះសំណាលអំពីរឿងដែលមិនជាសំខាន់សម្រាប់គ្នា។

សុឺជឹងឈុនងាកខ្សឹបក្បែរត្រចៀករបស់សុីងលូ៖

«ពួកយើងចេញទៅក្រៅដើរលម្ហែបន្តិចទៅ!»

ហើយដូច្នេះ ពួកគេក៏ក្រោកដើរចេញទៅដោយស្ងាត់ៗ។ ពួកគេដើរដោយគ្មានគោលដៅនៅលើផ្លូវដ៏តូចមួយឆ្ពោះទៅកាន់កំពូលភ្នំ។ សុីងលូសម្លឹងមើលទៅសុឺជឹងឈុនហើយនិយាយថា៖

«នារីម្ចាស់ផ្ទះមើលទៅហាក់ដូចជាចូលចិត្តបងណាស់!»

សុឺជឹងឈុនញញឹម ហើយនិយាយថា៖

«ម៉េចនឹងអាចទៅ?»

សុីងលូនិយាយថា៖

«អ្នករាល់គ្នាសុទ្ធតែអាចមើលដឹងបាន មានតែបងដែលមើលមិនដឹង!»

សុឺជឹងឈុននិយាយថា៖

«នាងគឺគ្រាន់តែលេងសើចប៉ុណ្ណោះ ចរិតលក្ខណៈរបស់នាងគឺដូចជាមនុស្សប្រុសអ៊ីចឹង!»

សុីងលូល្វើយចិត្តនិយាយថា៖

«ពិតមែនហ្អេស?»

នៅសុខៗនោះនាងក៏ស្រាប់តែមិននិយាយអ្វីទៀត បោះជំហានដើរឆ្ពោះទៅមុខដោយស្ងាត់ៗ។ ហេតុអ្វីនាងត្រូវប្រចណ្ឌ? ការប្រចណ្ឌគឺគ្រោះថ្នាក់ខ្លាំងណាស់ ដូចជាគ្រាប់ណូតភ្លេងពណ៌សនៅក្នុងភ្លេងតន្ត្រីមួយ បន្ទាប់ពីគ្រាប់ណូតភ្លេងពណ៌សនោះ ពិតណាស់ជាបន្តនឹងមានចង្វាក់ធ្វើឱ្យដួងអារម្មណ៍កាន់តែពុះកញ្ជ្រោលឡើងខ្លាំង។

សុឺជឹងឈុនចាប់កាន់ដៃរបស់នាង សួរយ៉ាងអន្ទះសារថា៖

«អូនយ៉ាងម៉េចហ្នឹង? បងពិតជាគ្មានអ្វីជាមួយនឹងនាងទេ!»

សុីងលូញញឹមតិចៗ ហើយនិយាយថា៖

«បងមើលខ្លួនឯងចុះ តើចាំបាច់ត្រូវស្លន់ស្លោបកស្រាយដល់ម្ល៉ឹងទេ? ខ្ញុំគ្រាន់តែលេងសើចជាមួយបងប៉ុណ្ណោះ!»

មួយរំពេចនោះ ពួកគេបានឡើងទៅដល់លើកំពូលភ្នំ ផ្ទះក្បឿងបែបអង់គ្លេសពណ៌សមួយបានរំលេចមកនៅចំពោះមុខពួកគេ។ ផ្ទះនោះគឺមានតែមួយជាន់ លើដំបូលមានប្រក់បំពង់បង្ហុយផ្សែង នេះគឺជាផ្ទះតែមួយគត់នៅលើកំពូលភ្នំ នៅជុំវិញផ្ទះមានហ៊ុមព័ទ្ធរបងឈើពណ៌ស ឯនៅខាងលើរបងមានផ្កាដុះចម្រុះពណ៌គ្រប់ប្រភេទ។

កូនឆ្កែខ្មៅមុខល្ងង់ៗតូចមួយក្បាលមិនដឹងជារត់ចេញមកពីកន្លែងណានោះទេ បក់គ្រវីៗកន្ទុយដាក់សុីងលូមិនឈប់។ សុីងលូរីករាយជាខ្លាំងសើចញញឹមឡើងលឹបភ្នែក។

នាងបញ្ឈប់ដំណើរហើយនិយាយថា៖

«ចម្លែកមែន! ហេតុអ្វីបានជាមានផ្ទះមួយនៅទីនេះ?»

សុឺជឹងឈុនឈរនៅក្បែរនាង និយាយថា៖

«អូនមើលន៎!»

សុីងលូបែរមុខទៅកាន់ទិសម្ខាងទៀត ឈរសម្លឹងពីទីនេះទៅនឹងអាចមើលឃើញគុម្ពព្រៃឈើដ៏ច្រើនសន្ធឹកនៅចម្រៀកជើងភ្នំ នៅឯជើងមេឃពីចម្ងាយរំលេចដួងព្រះអាទិត្យកំពុងសំយុងរៀបលិចចុះ សុីងលូឃើញផ្ទៃសមុទ្រនៅឯនាយសែនធំល្វឹងល្វើយ រលកសមុទ្រកំពុងបក់បោកទៅតាមជំនោរខ្យល់មិនឈប់។

ទីកន្លែងដែលនាងសំដៅឆ្ពោះទៅកាលពីមុនគឺជាផ្ទះវីឡាដ៏ធំឋិតនៅក្រោមពន្លឺព្រះចន្ទ មានច្រករបងថ្មម៉ាបកោងហើយនិងជីវិតរស់នៅស្តុកស្តម្ភនៅក្រោមភ្លើងចង្កៀងគ្រីស្តាល់ដ៏ស្រស់បំព្រង រហូតមកទល់ពេលនេះ នាងមិនដែលធ្លាប់កោតស្ញប់ស្ញែងជីវិតរស់នៅបែបទីជនបទទេ ទីភូមិដ៏ស្ងប់ស្ងាត់ស្រឡះកាយ និងសូរសំឡេងសត្វល្អិតស្រែកបន្ទរនៅក្នុងព្រៃប្រឹក្សា។ ផ្ទះដែលមានដំបូលប្រក់ក្បឿងពណ៌សនិងផ្ទាំងទេសភាពទាំងឡាយដែលនៅចំពោះមុខនេះបានធ្វើឱ្យនាងរំជួលចិត្តយ៉ាងភ្ញាក់ផ្អើល។

នៅពីក្រោយខ្នងពួកគេសុខៗស្រាប់តែមានសំឡេងមួយបន្លឺឡើង៖

«វាចូលចិត្តបំផុតគឺតាមប្រលែងលេងជាមួយនឹងមនុស្សស្រីដែលស្អាតៗ!»

សុីងលូនិងសុឺជឹងឈុនងាកក្បាលមកក្រោយទន្ទឹមគ្នា ស្រាប់តែឃើញមានលោកតាវ័យចំណាស់ម្នាក់ឈរនៅក្បែរមាត់របងផ្ទះ កាន់ធុងទឹកស្រោចផ្កានៅក្នុងដៃ មើលទៅគាត់គឺជាអ្នកមើលថែសួនចម្ការនៅទីនេះ។

សុឺជឹងឈុនជាមនុស្សដំបូងដែលផ្ដើមការសន្ទនា គេបានសួរថា៖

«លោកតា! តើនៅទីនេះមានមនុស្សរស់នៅដែរមែនទេ?»

លោកតាចំណាស់ឆ្លើយថា៖

«ម្ចាស់ផ្ទះនៅទីនេះគ្រាន់តែមកលេងតែក្នុងវិស្សមកាលរដូវក្តៅប៉ុណ្ណោះ ខ្យល់ព្រៃភ្នំនៅទីនេះត្រជាក់ល្ហើយល្អណាស់!»

បន្ទាប់មកលោកតាចំណាស់បាននិយាយបន្តទៀតថា៖

«តើអ្នកទាំងពីរចង់ចូលទៅក្នុងមើលលេងកម្សាន្តបន្តិចទេ?»

សុីងលូនិងសុឺជឹងឈុនសម្លឹងមើលមុខគ្នាហើយសើចញញឹម ស្ទើរតែឆ្លើយស្របដំណាលគ្នាថា៖

«ប្រាកដជាចង់!»

លោកតាចំណាស់បាននាំពួកគេឆ្លងកាត់សួនផ្កាចូលទៅក្នុងផ្ទះ។ នៅខាងក្នុងផ្ទះរៀបចំតុបតែងយ៉ាងសាមញ្ញ នៅលើពិដានព្យួរស្លាបកង្ហារពណ៌សពីរបីគ្រឿង កម្រាលឥដ្ឋធ្វើពីឈើគ្រឿងសង្ហារឹមទាំងអស់នៅក្នុងផ្ទះធ្វើពីឈើឬស្សី នៅលើជញ្ជាំងមានភ្ជាប់ជើងក្រានផ្ដល់កំដៅបុរាណមួយ។

ដើរឆ្លងកាត់ចូលទៅក្នុងបន្ទប់ទទួលភ្ញៀវមានទ្វារកញ្ចក់រាបដល់ដីយ៉ាងប្រណីតគួរឱ្យគន់ភ្នែក ដើរចេញមកដល់ក្រោមសំយ៉ាបផ្ទះតូច មានព្យួរកៅអីទោងយោលធ្វើពីឬស្សី។ នៅចំពោះមុខរបស់ពួកគេគឺជាទេពភាពព្រៃភ្នំនិងសមុទ្រ។

សុីងលូទម្លាក់ខ្លួនអង្គុយចុះនៅលើកៅអីទោងយោលឬស្សីនោះយ៉ាងរំភើបរីករាយ យោលទោងទៅមកដកដង្ហើមស្រស់ថ្លា លាន់មាត់ពោលថា៖

«ទីនេះគឺពិតជាស្អាតខ្លាំងណាស់!»

សម្លឹងឃើញសុីងលូសប្បាយរីករាយខ្លាំងយ៉ាងនេះ សុឺជឹងឈុនក៏បាននិយាយថា៖

«ចាំថ្ងៃក្រោយពេលដែលបងល្បី បងនឹងទិញផ្ទះនេះជូនឱ្យអូន! ពួកយើងមកកាន់ទីនេះជាមួយគ្នា! ស្នាក់នៅកម្សាន្តអារម្មណ៍និងគូរគំនូរ!»

សុីងលូងើយផ្ទៃមុខឡើងសម្លឹងមើលសុឺជឹងឈុនហើយនិយាយថា៖

«តើបងធ្លាប់ឮរឿងតំណាលរបស់វិចិត្រករក្រីក្រនិងផ្ទះសម្បែងហើយឬនៅ?»

សុឺជឹងឈុនចងចិញ្ចើមបន្តិច ឫកពារដូចជាមិនដែលធ្លាប់បានឮពីមុនមកសោះ។ សុីងលូអង្អែលរោមកូនឆ្កែតូចដែលដេកក្រាបននៀលនៅលើភ្លៅរបស់នាង ម្រាមជើងសំយុងចុះទៅលើផ្ទៃដី និយាយថា៖

«កាលដ៏យូរលង់ណាស់មកហើយ មានវិចិត្រករក្រីក្រម្នាក់។ នៅថ្ងៃមួយ វិចិត្រករដ៏ក្រីក្រកម្សត់ម្នាក់នោះនិងប្រពន្ធរបស់គេបានទៅកាន់ទីដីកោះល្ហល្ហេវតូចមួយ ប្រទះភ្នែកឃើញផ្ទះតូចមួយខ្នងដែលអ្នកទាំងពីរសុទ្ធតែស្រលាញ់ពេញចិត្តយ៉ាងខ្លាំង។

វិចិត្រករក្រីក្រម្នាក់នោះបាននិយាយប្រាប់ទៅកាន់ប្រពន្ធរបស់គេថា៖ «ចាំថ្ងៃក្រោយបងល្បី មានប្រាក់ច្រើន បងនឹងទិញផ្ទះមួយនេះ ពួកយើងនឹងរស់នៅទីនេះរហូតដល់ចាស់សក់ស្កូវ»

ជាច្រើនឆ្នាំក្រោយមក វិចិត្រករក្រីក្រម្នាក់នោះក៏ពិតជាបានល្បីល្បាញ រកប្រាក់បានយ៉ាងច្រើន។ គេនិងប្រពន្ធរបស់គេរស់នៅក្នុងផ្ទះវីឡាធំដ៏ប្រណីតមួយនៅចំកណ្តាលក្រុង ដែលពេលខ្លះមានការមមាញឹកជាខ្លាំង។

នៅថ្ងៃមួយ ស្ត្រីជាប្រពន្ធបានសួរទៅកាន់វិចិត្រករម្នាក់នោះថា«ក្រែងពួកយើងបាននិយាយគ្នាហើយថាពួកយើងនឹងទិញផ្ទះតូចនៅលើកោះនោះហ្អេស?» វិចិត្រករនោះក៏និយាយថា«ក្រែងពួកយើងឥឡូវនេះរស់នៅបានសុខស្រួលហើយទេតើ អ្នកណាទៅចង់រស់នៅលើដីកោះតូចដែលគ្មានអ្វីៗទាំងអស់នោះ!?»

សុឺជឹងឈុនដាក់ដៃលើខ្សែទោង ឱនខ្លួនចុះបន្តិចសម្លឹងទៅកាន់សុីងលូ និយាយថា៖

«ហេតុអីក៏អូនមិនជឿបង?»

សុីងលូនិយាយថា៖

«រហូតមកទល់ពេលនេះ បងពិតជាមិនដែលធ្លាប់ឮរឿងតំណាលនេះទេហ្អេស? មនុស្សយើងម្នាក់ៗគង់នឹងផ្លាស់ប្តូរចិត្ត!»

សុឺជឹងឈុនសម្លឹងមើលសុីងលូ និយាយមុឺងម៉ាត់ថា៖

«បងនិយាយបានប្រាកដជាធ្វើបាន!»

កែវភ្នែកធំៗរបស់សុីងលូស្រពិចស្រពិលសម្លឹងកាត់ពីលើក្បាលរបស់គេ សម្លឹងមើលទៅកាន់ដុំពពកពណ៌ទឹកក្រូចដាំខ្លួនចុះនៅឯជើងមេឃ មានអារម្មណ៍ថាមេឃរឹតតែស្រឡះល្អបក់ល្ហើយកាយបន្តិច។ ដូច្នេះហើយ នាងព្រលែងកូនឆ្កែតូចនៅក្នុងដៃរបស់នាង ដើម្បីឱ្យវារត់ចេញទៅ រួចក្រោកឈរឡើងមកនិយាយថា៖

«ព្រះអាទិត្យលិចហើយ! ពួកយើងត្រលប់ទៅវិញទៅ!»

នៅពេលដែលចាកចេញពីក្នុងផ្ទះដំបូលប្រក់ក្បឿងពណ៌សនោះ កូនឆ្កែខ្មៅតូចរត់ដេញតាមពីក្រោយនាងមិនឈប់ឈរ ប៉ុន្តែសុីងលូមិនខ្ចីងាកក្រោកក្រឡេកមើលសូម្បីតែបន្តិច។

នៅថ្ងៃបន្ទាប់ សុីងលូឈឺធ្ងន់។ ការឈឺចុកចាប់បែបនេះតែងតែជារៀងរាល់ខែម្ដងមកធ្វើទារុណកម្មនាងពីរបីថ្ងៃ ប៉ុន្តែលើកនេះវិញបែរជាធ្ងន់ធ្ងរខ្លាំងខុសពីសព្វដង។ តាំងតែពីព្រឹកព្រលឹមមក នាងមានអារម្មណ៍ថាឈឺចុកពោះជាខ្លាំង ញាក់ញ័រកន្ត្រាក់ពេញខ្លួន។ នាងក្ដោបខ្លួនគេងឃ្លុំនៅក្នុងផួយ នៅពីលើថ្ងាសនាងបែកគ្រាប់ញើសធំៗ។

នាងបានទូរសព្ទទៅ Coffee Shop ដើម្បីសុំច្បាប់សម្រាក នាងគិតថាគេងមួយស្របក់ហើយនឹងគ្រាន់បើឡើងមិនខាន។ ប៉ុន្តែនាងគេងលើគ្រែរមៀលចុះរមៀលឡើង ខាំមាត់ថ្ងួចថ្ងូរមិនដាច់ ការឈឺចុកចាប់បុកម្នេញនោះកាន់តែឈឺខ្លាំងឡើងៗទៅ។ នាងស្រាប់តែចងចាំមកថានាងធ្លាប់អានសៀវភៅមួយក្បាលនិយាយថា សត្វឆ្កែអាចហិតធុំក្លិនចំអាបឈាម ក្លិនអ្នកជំងឺ និងក្លិនមនុស្សស្លាប់ នៅទីបំផុតនោះនាងក៏បានយល់ថាហេតុអ្វីបានជាកាលពីម្សិលមិញ កូនឆ្កែខ្មៅតូចនោះចេះតែដេញតាមនាងជាប់រហូត។

នាងសែនទន់ខ្សោយព្យាយាមក្រោកចុះពីគ្រែ ដើម្បីរកមើលថ្នាំផឹក។ ក៏ប៉ុន្តែថ្នាំដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជាមកឱ្យនាងកាលពីលើកមុននោះ នាងបានលេបអស់ទៅហើយ ។ នាងចូលទៅក្នុងបន្ទប់របស់មុីងជូ ចង់សុំពឹងមិត្តឱ្យជូននាងទៅមន្ទីរពេទ្យ។ តែនៅលើគ្រែគ្មានមនុស្សនៅឡើយ សុីងលូសម្លឹងមើលទៅកាន់នាឡិកាដាក់ម៉ោងរោទ៍នៅលើក្បាលគ្រែ ស្រាប់តែឃើញតាមពិតម៉ោងមួយរសៀលទៅហើយ មុីងជូបានចេញទៅធ្វើការបាត់ហើយ។

ដើមឡើយនាងរកចង់ផ្លាស់សម្លៀកបំពាក់ចេញទៅមន្ទីរពេទ្យ ប៉ុន្តែនឹកគិតថានាងត្រូវវារចុះទៅក្រោមបួនជាន់ ហើយនៅពេលដែលនាងត្រលប់មកវិញ នាងត្រូវតោងវារឡើងទៅលើបួនជាន់ទៀត ស្ថានភាពរបស់នាងពេលនេះគឺធ្វើទៅមិនរួចទេ។

នាងវិលត្រលប់ទៅគេងលើគ្រែវិញ ខំអត់ទ្រាំនូវការឈឺចាប់ផ្នែកពោះខាងក្រោម ក្ដោបភ្លៅទាំងពីរយ៉ាងណែន គេងញ័រទទ្រើកនៅក្នុងផួយដូចជាកូនសត្វតូចរងរបួស។

ខណៈពេលដែលស្មារតីនាងហាក់ស្រពិចស្រពិល ទូរសព្ទនៅក្បែរគ្រែរបស់នាងក៏បន្លឺសំឡេងរោទ៍ឡើងមក នាងឈោងដៃចេញទៅចុចលើកទទួល និយាយទន់ខ្សោយថា៖

«អាឡូ?»

«តើអូនយ៉ាងម៉េចហ្នឹង? ម៉េចបានជាថ្ងៃនេះមិនចេញទៅធ្វើការ?» នោះគឺជាសំឡេងរបស់សុឺជឹងឈុន។

សុីងលូឆ្លើយតបថា៖

«អូន…មិន…ស្រួលខ្លួន…»

សុឺជឹងឈុននិយាយយ៉ាងព្រួយអន្ទះសាថា៖

«អូនមិនស្រួលខ្លួននៅត្រង់ណា? តើមានធ្ងន់ធ្ងរទេ?»

សុីងលូឆ្លើយតបដោយសំឡេងខ្សោយៗ៖

«អូនគេងមួយភ្លែតនឹងលែងអីហើយ»

សុឺជឹងឈុននិយាយថា៖

«ចាំបងនឹងឆាប់ទៅជូនអូនទៅមន្ទីរពេទ្យ!»

សុីងលូនិយាយទាំងស្មារតីរវីរវាយថា៖

«មិន…ចាំបាច់ទេ…»

ប៉ុន្តែប្រហែលជាជាងដប់នាទីក្រោយមក កណ្ដឹងទ្វារផ្ទះរបស់នាងក៏បន្លឺសូររំពងឡើង។

សុីងលូបែរក្បាលចេញទៅឯម្ខាងគ្រែ។ នៅជុំវិញផ្ទៃមុខរបស់នាងសុទ្ធតែសរសៃសក់សើមញើសជោក នៅលើដងខ្លួននាងស្លៀកឈុតរាត្រីរ៉ូបស្បៃពណ៌ស នៅពីខាងក្រោយខ្នងនាងរ៉ូបស្បៃជ្រាបញើសជោកស្អិតជាប់នឹងខ្នង។ នាងរញីរញ័រខំក្រោកឡើងមកអង្គុយ យកដៃទាំងពីរជូតញើសច្បូតសក់នៅលើផ្ទៃមុខ ដោយនៅក្នុងចិត្តនឹកគិតថា

«មិនអាចឱ្យគេមើលឃើញរូបរាងរបស់ឯងបែបនេះជាដាច់ខាត គេនឹងឈប់ស្រលាញ់ឯងទៀតមិនខាន!»

នាងចង់លាបក្រែមបបូរមាត់ឱ្យស្រស់បស់បន្តិច ប៉ុន្តែនាងពិតជាគ្មានកម្លាំងកំហែងអ្វីទាល់តែសោះ។

សំឡេងកណ្ដឹងទ្វារបន្លឺផ្ទួនៗឡើងម្តងហើយម្ដងទៀតយ៉ាងរហន់ នាងក៏រហ័សស៊កស្បែកជើងព្រុយនៅក្នុងផ្ទះពណ៌ផ្កាឈូកដែលដាក់នៅក្បែរគ្រែ ទប់ខ្លួនតោងដៃលើជញ្ជាំងឈានដើរទៅមុខយឺតៗ។ នៅពេលដែលទ្វាររបើកចេញ នាងសម្លឹងឃើញសុឺជឹងឈុនឈរនៅខាងក្រៅមាត់ទ្វារ គេដកដង្ហើមយ៉ាងដង្ហក់ ផ្ទៃមុខឡើងក្រហមងាំង ច្បាស់ណាស់គេគឺបានរត់មួយវឹងពីជាន់ក្រោមឆ្ពោះឡើងមកលើនេះ។

សុឺជឹងឈុនស្ទុះចូលទៅជួយគ្រានាង សួរថា៖

«អូនយ៉ាងម៉េចទៅហើយ?»

នាងស្តីបន្ទោសទៅគេ៖

«ក្រែងអូនប្រាប់បងហើយកុំឱ្យមកហ្អេស? អូនគ្រាន់តែឈឺចុកពោះពេលមករដូវប៉ុណ្ណោះ គេងតែមួយភ្លែតនឹងលែងថ្វី!»

នាងសែនទន់ខ្សោយឈានវិលត្រលប់ទៅរកគ្រែគេងចុះទៅវិញ សុឺជឹងឈុនអង្គុយចុះនៅក្បែរគ្រែ អង្អែលដៃទាំងពីររបស់នាង ដៃទាំងគូនោះសស្លេកត្រជាក់ដូចជាផ្ទាំងទឹកកក ធ្វើឱ្យគេភិតភ័យស្លន់ស្លោកាន់តែខ្លាំង។ សក់របស់នាងឡើងរញ៉េរញ៉ៃ ទន់ខ្សោយគេងស្ងៀមថ្មឹងមួយកន្លែងនៅត្រង់នោះ ខ្លាចថាគេឃើញផ្ទៃមុខសស្លាំងរបស់នាង នាងក៏គេងបែរខ្នងដាក់ទៅគេ ខ្លួនប្រាណក្ដោបកោងដូចជាកូនបង្គា។ គេក៏ស្រាប់តែសម្លឹងឃើញនៅពីក្រោយរ៉ូបស្បៃពណ៌សនោះមានប្រឡាក់ឈាម។

គេលាន់មាត់ថា៖

«អូនហូរឈាមហើយ»

សុីងលូស្ទាបដៃទៅលើរ៉ូបស្បៃរាត្រីនៅពីក្រោយខ្នងរបស់នាង ជាក់ស្ដែងពិតនៅជុំវិញផ្ទៃនោះសើមទឹកមួយថ្លុក។ នាងក៏បែរខ្លួនមកវិញទាញក្រសោបផួយឡើងគ្របក្បាលជិត ស្រែកច្រលោតឡើងខ្លាំងៗថា៖

«ចេញទៅ! បងឆាប់ចេញទៅ!»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*