រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី៧ ធ្នូ ជាទិវាជាតិអ្នកនិពន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាជាតិអ្នកនិពន្ធ ក្នុងបំណងបង្កើនគុណតម្លៃនៃការតែងនិពន្ធ ដែលរួមចំណែកដល់ការអប់រំ ក៏ដូចជាលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា ព្រមទាំងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពី «ទិវាជាតិអ្នកនិពន្ធ» ។

ពាក់ព័ន្ធនឹងគោលបំណងនេះដែរ រាជរដ្ឋាភិបាល បានស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា និងសមាគមអ្នកនិពន្ធ ចូលរួមបំផុសគោលបំណងនេះ ដល់មន្ត្រីរាជការ សិស្ស-និស្សិត កម្មករ និយោជិក និយោជក កងកម្លាំងប្រដាប់អាវុធ រួមនឹងប្រជាពលរដ្ឋទូទៅ ឱ្យបានផុសផុលបំផុត ដើម្បីបង្កើតស្មារតីចូលរួមប្រឡងប្រណាំងស្នាដៃតែងនិពន្ធ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរៀបចំ ទិវាជាតិអ្នកនិពន្ធ ដោយសហការជាមួយនឹង ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា និង សមាគមអ្នកនិពន្ធ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*