រឿង៖ បងប្រុស (វគ្គ២)

ជីវិតមនុស្សធំ…

ពេលវេលាកន្លងទៅផុតជាច្រើនឆ្នាំ ពេលនេះគ្រប់យ៉ាងក៏ប្រែប្រួល បងប្រុសរបស់ខ្ញុំដាយុតគាត់ពេញកំលោះហើយមានគូស្រករជិតរៀបការឆាប់ៗដែរ។

ពេលនេះគាត់មានទំនួលខុសត្រូវកាន់តែច្រើនគាត់ប្ដូរពីបងយុតពូកែដើរលេងយប់ប្រែមកជាបងយុតចេះជួយការងារផ្ទះ ដំណាំ បាយទឹកម្ហូប គោមាន់ទាជ្រូកគាត់រ៉ាប់រងទាំងអស់ ហើយនៅពេលទំនេរយកផ្លែឈើនិងនំខ្លះទៅជូនយាយក្មេកគាត់ដែលនៅស្រុកសែនដី ឆ្ងាយពីភូមិខ្ញុំមែនទែន។

តែម៉ែនិងខ្ញុំតែងតែដាស់តឿនគាត់មិនឱ្យជិះម៉ូតូពេលយប់នោះទេ ផ្លូវទីនោះស្ងាត់ណាស់គួរបារម្ភ ហើយសម័យនេះក្មេងទំនើងពេញផ្លូវធ្លាប់ទៅលេងទីនោះម្ដងរាងមិនចង់ទៅទៀតទេ។ ដូចជាថ្ងៃនេះបងយុតទៅទៀតហើយ ខ្ញុំក៏បានរៀបចំកន្រ្ដកផ្លែឈើនំបញ្ចុកខ្លះដែលម៉ែលក់តែរំលែកទុកផ្ញើទៅដូនចាស់របស់បងថ្លៃខ្ញុំនិងបន្លែដែលដាំក្រោយផ្ទះមួយចំនួនផងដែរ។

  “បងយុតពេលទៅដល់ Call ប្រាប់ផងឮទេ?”

“អឺ! ដឹងហើយ!”

“ហើយទៅដេកនោះឬមកវិញកូន?”

“ប្រហែលជាមកវិញម៉ែ មិនចង់ដេកទីនោះទេ ខ្លាចមាត់ចាបមាត់ព្រាបណាស់ ដូចម៉ែដឹងស្រាប់ហើយភូមិហ្នឹងអ្នកណាក៏ល្បីនិយាយដើមផ្អើលស្រុកសែនដីឥឡូវហ្នឹង”

“ក៏ពិតដូចបងយុតនិយាយមែនណាម៉ែ ម្យ៉ាងបងថ្លៃអាចខូចឈ្មោះដោយសារមាត់អ្នកស្រុកហ្នឹងផងតែ…”

“តែស្អីឯងមិ្លះ?”

“តែយប់ធ្វើដំណើរក្មេងៗម្ដុំហ្នឹងក៏មិនមានសុវត្ថិភាពដែរ បងយុតខ្ញុំបារម្ភ”    

បងយុតសើចដាក់ខ្ញុំដូចរាល់ដងដែលខ្ញុំនិយាយទៅគាត់ពេលគាត់ទៅទីនោះម្ដងៗ។

“ម្លិះអើយម្លិះ បងធំហើយណា៎កុំគិតច្រើន ឯងគិតច្រើននិយាយច្រើនមិនខ្លាចឆាប់ចាស់ជាងម៉ែទេអី?”

ឮបងប្រុសខ្ញុំនិយាយផងសើចផងម៉ែគាត់ក៏សើចតិចៗ តែយ៉ាងណាក៏បារម្ភទោះបីមិនមែនការជិះទៅលើកទី១ក៏ដោយ។

“តែយ៉ាងណាក៏ដោយបងយុតត្រូវតែប្រយ័ត្ន បានហើយខ្ញុំទៅសាលាអង់គ្លេសហើយបើយឺតហ្នឹង គ្រូថាគេចទៀតឥឡូវហ្នឹង”

“អឺៗ! ឆាប់ទៅកូន ម៉ែភ្លេចដែរហ្នឹងណា៎”

បងយុតនិងម៉ែក៏រៀបចំទៅ ឯខ្ញុំត្រូវប្រញាប់ទៅសាលារៀនអង់គ្លេសហ៊ឹម! ម៉ោងរៀនភាសានិយាយពីថាចូលចិត្តចង់ចេះ តែអ្វីដែលជាឧបសគ្គគឺ….

“ម្លិះឡើងមកសន្ទនាជាមួយនឹងខេវីន”

សំឡេង​ Teacher របស់ខ្ញុំហៅហើយ។ តាមពិតមិនបានខ្លាចសមត្ថភាពខេវីនទេ តែគឺខ្ញុំខ្លាចព្រោះតែខ្ញុំអានមិនបាន ព្រោះមិនចេះហ្នឹងហើយ។ ម៉ោងគួរអង់គ្លេសហ្នឹងហា៎ មិនដែលឈ្នះគេទេ មករៀន២ខែហើយតែក្រៅពី ABCនិងពាក្យ Good bay Good Morning  Good night ហ្នឹង។

“គឺ…គឺ លោកគ្រូហៅអ្នកផ្សេងបានអត់?”

“យ៉ាងម៉េចទៀតហើយម្លិះ គ្រូថាឯងរកកន្លែងគេចទៀតហើយហ្នឹងហា៎? មករៀនមិនចង់អាន រៀនម៉េចចេះហា៎?  ហើយបើនៅតែបែបហ្នឹង ម៉ែឯងច្បាស់ជាឱ្យរង្វាន់ធំដល់ឯងមិនខានម្លិះអើយ…”

រអ៊ូចប់គាត់ក៏ហៅស្រីណាអានជាមួយខេវីនវិញ ហើយខេវីនក៏សម្លឹងមុខខ្ញុំដោយស្ងៀមស្ងាត់ហើយលេងទឹកមុខស្មើផង។

សល់តែ១៥នាទីទៀតទេ ដល់ម៉ោងចេញពីរៀនហើយខ្ញុំអង្គុយរៀនតែអារម្មណ៍មិនល្អសោះរសាប់រសល់ខុសធម្មតាបងយុតមិនដឹងថាដល់ឬនៅទេ?

“Call ទៅឬអត់ទេ? ហើយបើគាត់កំពុងតែជិះម៉ូតូពិបាកហើយ មិនអីទេៗ បងយុតអាចនឹងកំពុងតែត្រលប់មកវិញក៏ថាបានសង្ស័យតែខ្ញុំគិតច្រើនពេកហើយ” 

ជាមួយគ្នានោះដែរ ទូរសព្ទខ្ញុំក៏បានលេចសូរសំឡេងឡើងមក “ទឺត..ទឺត…” សំឡេងទូរសព្ទលាន់ឮហើយទាំងលោកគ្រូនិងសិស្សក្នុងថ្នាក់ក៏ងាកមកភ្លាមៗតែម្តង។

“របស់អ្នកណា?” ហ្នឹងហើយចរិតលោកគ្រូខ្ញុំវគ្គខ្លាចូលមិនមែនលំៗទេ។

“គឺ..គឺរបស់ខ្ញុំលោកគ្រូ”

“ម្លិះថ្ងៃនេះគ្រូមិនដឹងថាមានរឿងអ្វីទេ រៀនហាក់មិនចូលសោះ”

“សូមទោសលោកគ្រូ”

“ចុចទទួលបានហើយ លើកក្រោយៗបិទសំឡេងផង ម៉ោងរៀនមែនម៉ោងចេញលេងទេ”

“ចាស អរគុណលោកគ្រូ” ស្ដាប់ធម៌ទេសនាចប់ភ្លាមខ្ញុំក៏លូកយកទូរសព្ទមកចុចទទួល   ហើយលេខ

គឺលេខបងប្រុសខ្ញុំហ្នឹងហើយ។

“អាឡូ! អាឡូបងមកវិញនៅ?”

“ម្លិះៗ ឯងនៅឯណា?”​ ស្ដាប់សម្ដីរបស់បងយុតដូចជាមិនស្រួលទេ។

“បងយុតៗ បងកើតអ្វីឬអត់ទេ? សំឡេង សំឡេងបងម៉េចក៏និយាយដាច់ៗអ៊ីចឹង? “

“បងដួលម៉ូតូ”

“ដួលម៉ូតូ!” ខ្ញុំស្ទុះក្រោកពីតុរៀនដោយសារភ័យផងភ្លេចខ្លួនកំពុងស្ថិតក្នុងថ្នាក់ យ៉ាងម៉េចក៏យ៉ាងហ្នឹងទៅ ពេលនេះហើយ។

“លោកគ្រូសុំចេញមុនម៉ោង” ខ្ញុំនិយាយដោយដកទូរសព្ទពីត្រចៀកសិន។

“ម៉េចទៀតហើយម្លិះ?” ខេវីននៅក្បែរខ្ញុំទើបឮថាខ្ញុំនិយាយអ្វី គេក៏ចិត្តល្អជួយនិយាយ។

“គឺលោកគ្រូកុំខឹងម្លិះធ្វើអី! បងប្រុសរបស់នាងដួលម៉ូតូឱ្យនាងចេញទៅ”

“ដួលម៉ូតូ? ពេលនេះនៅឯណា? ម៉ែឯងដឹងឬនៅ?”

” គឺៗ កុំទាន់ឱ្យដឹងដល់ម៉ែធ្វើអ្វីលោកគ្រូ ខ្ញុំបារម្ភពេលម៉ែដឹងម៉ែរឹតតែភ័យទៀតហើយ បងយុតគាត់ថាមិនធ្ងន់ទេ យ៉ាងណាសុំទោសលោកគ្រូផងខ្ញុំសូមចេញមុនហើយ “

“អឺៗបានៗ ទៅចុះជិះកង់ស្រួលបួលឯង”

“ចាសៗលោកគ្រូ ខេវិនយើងអរគុណហើយ”

ខេវិននិងខ្ញុំមិនដែលនិយាយគ្នាទេ តាំងពីររឿងកាលពីមុននោះ។ ដោយសារគ្រួសារគេមានហើយប៉ាម៉ាក់គេមិនឱ្យនិយាយលេងជាមួយខ្ញុំទេ តាំងពីលើកហ្នឹងមកខ្ញុំមិនដែលនិយាយទេ ទើបថ្ងៃនេះដែលពួកខ្ញុំនិយាយគ្នា។

បងយុតបានមកដល់ផ្ទះដោយមានមិត្តគាត់ពូរៀមជូនមក ហើយម្នាក់ៗខំលាក់បាំងម៉ែខ្លាំងណាស់បងយុតប្រឹងដើរធម្មតាហើយដៃដែលរលោត់មានឈាមគាត់ក៏បានរុំរួចរាល់ ដោយសារចូលពេទ្យតាមផ្លូវ។ ខ្ញុំនិងបងយុតខុសដែលកុហកម៉ែ តែបើគាត់ដឹងម៉ែពិបាកចិត្តមិនខានទេ ម៉ែហត់នឿយពេកហើយពួកខ្ញុំមិនចង់ឱ្យគាត់មកពិបាកចិត្តទៀតទេ សំខាន់សល់តែប៉ុន្មានខែទៀតបងយុតរៀបការ ឥឡូវនេះមានស្នាមទៀតមិនដឹងថាពេលណាបាត់ស្នាមទេ? អាណិតគាត់ណាស់។

“បងយុត កុំគិតច្រើនចាំរកថ្នាំលាបទៅទម្រាំដល់ថ្ងៃអាចបាត់ស្នាមខ្លះក៏ថាបាន”

“បងមិនបានគិតរឿងស្នាមនោះទេ”

“អីចឹងបងគិតរឿងអ្វីទៅ? ឬខ្លាចម៉ែដឹងកុំបារម្ភខ្ញុំជួយលាក់ឱ្យហើយម៉ែមិនងាយដឹងទេ”

“ខូចណាស់ឯងហ្នឹង”

គាត់យកដៃអង្អែលក្បាលខ្ញុំបន្លំវៃផងហើយសើច។ ខ្ញុំក៏គ្រាន់ជាងមនុស្សមួយចំនួនដែលគ្នាកើតមកមានតែម្នាក់ឯងគ្មានបងប្អូនពេលពិបាកចិត្តឬចង់គិតអ្វីគ្មាននរណាជួយផ្ដល់យោបល់តែខ្ញុំទោះបីជាឈ្លោះគ្នាយ៉ាងណាក៏បងយុតចាញ់ខ្ញុំដែរ។

“ថ្ងៃនេះមេឃភ្លៀងហើយបងប្អូនគេនេះអង្គុយលេងជុំគ្នាហ្នឹង”

ម៉ែមកពីជ្រុងណាក៏មិនដឹងសង្ឃឹមថាគាត់មិនបានឮអ្វីដែលពួកខ្ញុំនិយាយផងចុះ។

“ម៉ែមកពីណា? ស្ងាត់ៗ”

“ម៉ែនៅក្រោយផ្ទះរើឧសរៀបចំឱ្យផុតពីដីក្រែងភ្លៀងមកដក់ទឹកសើមអស់ខានប្រើ អឺ! ហើយជុំគ្នាហ្នឹងនិយាយអ្វីគ្នា? ម៉ែខានឃើញពីរនាក់ឯងនៅជុំគ្នាបែបនឹងយូរហើយ “

“ចេះតែថាហើយម៉ែ ពួកខ្ញុំអង្គុយតែរហូតសោះហ្នឹងណា៎”

ខ្ញុំព្យាយាមនិយាយបន្លំៗគាត់កុំឱ្យសួរនាំអ្វីបងយុតច្រើន ក្រែងរបូតមាត់។

“យុតយ៉ាងម៉េចដែរ ម្សិលមិញ?  ទៅដល់ម៉ោងប៉ុន្មានកូនហើយយាយក្មេកកូនសុខសប្បាយឬទេ?”

“បាទ! យាយគាត់មិនអីទេម៉ែ ហើយគាត់ផ្ដាំអរគុណម៉ែផងដែរ”

“បងយុតៗ ឮពូរៀមថាស្អែកមកយកបងទៅមើលការងារថ្មីម្ដុំក្រោយភូមិយើងហ្អី?  អីចឹងឆាប់ទៅសម្រាកទៅប្រយ័ត្នខកម៉ោងជាមួយគាត់មិនល្អទេ!”

គាត់ចំហមាត់មើលមុខខ្ញុំនិងម៉ែដោយសារគាត់មិនយល់តែសំណាងប្រើសញ្ញាភ្នែកទាន់ ម៉ែក៏មិនដឹងខ្ញុំក៏នាំម៉ែទៅសម្រាកដែរ។

“ម៉ែតស់! យប់ហើយទៅសម្រាន្ដ ឆាប់សម្រាន្ដក្រោកឡើងមានកំម្លាំងជេរកូនបន្ដ”

ខ្ញុំនាំគាត់និយាយលេងសើចដើម្បីកុំឱ្យគាត់សង្ស័យ។

“យីមើលៗវានិយាយកូនស្រីនេះ! បានឯងមួយម៉ែគ្រាន់បានជេរដែរណាមិ្លះអើយ…” 

“បានតើម៉ែ ជេររហូតពេញមួយជិវិតរឹតតែល្អណា៎ ម៉ែជេរពីរោះសឹងអី”

ក្រយ៉ាងណាក៏ក្រទៅ តែអ្វីដែលខ្ញុំខ្លាចគឺក្រសេចក្ដីសុខ ក្រភាពកក់ក្ដៅពីមនុស្សក្នុងគ្រួសារ តែខ្ញុំទទួលបានមកពីបងប្រុសនិងម៉ែនៅតែមនុស្សម្នាក់ដែលពេលនេះមិនដឹងថាគាត់នៅឯណា? សុខទុក្ខយ៉ាងណា? ហូបឆ្ងាញ់ សម្រាន្តលក់ស្រួលឬទេ? ប៉ាសង្ឃឹមថាថ្ងៃណាមួយពួកយើងអាចចួបគ្នាម្ដងទៀតផងចុះ។

 “ម្លិះ! បងទៅធ្វើការតាមខេត្តមួយរយ:អីចឹង បងសង្ឃឹមថាឯងអាចមើលថែទាំម៉ែបានណា៎”

ខ្ញុំមិនចង់តបបងយុតទេ ពីព្រោះហាមមិនស្ដាប់ជិតដល់ថ្ងៃរៀបការហើយតែចុងក្រោយនៅតែទៅម៉ែនិយាយយ៉ាងណាក៏មិនព្រមហេតុអ្វីរឹងយ៉ាងហ្នឹងបងយុតអើយបងយុត!

“ម្លិះឮបងនិយាយឬក៏អត់ទេ? ឬគ ហើយថ្លង់ទៀតមែន?”

“អឺ! គ ថ្លង់! ព្រោះមិនចង់និយាយជាមនុស្សរឹងទទឹង! និយាយមិនតាម បងយុត! ឆ្ងល់ម៉េចក៏បងឯងមិនស្ដាប់ម៉ែនិងខ្ញុំអ៊ីចឹង? ជិតរៀបការហើយហាមកុំឱ្យទៅ ម៉េចក៏នៅតែរឹងទៅអីចឹង?”

គាត់មិនមាត់តែញញឹមបន្ដិច ចូលមកអង្គុយចុងគ្រែក្បែរខ្ញុំយកដៃដាក់លើក្បាលរបស់ខ្ញុំថ្នមៗអង្អែលទៅមកជារឿយៗនឹងសក់វែងរបស់ខ្ញុំ។

“ឯងនៅក្មេង ទើបឯងមិនយល់ ម្លិះដឹងទេបងជាបងប្រុសឯង ជាកូនច្បងហើយកូនប្រុសទៀត បងត្រូវរឹងមាំនិងរកចំណូល ដើម្បីទុកសម្រាប់ប្អូននិងម៉ែ មុននឹងបងទៅនៅខាងគេ។ បងមិនដឹងនៅឡើយថា រៀបការហើយ ជីវិតបងទៅជាយ៉ាងណា? មិនមែនបងជាប្រុសហើយស្រួលទេណា៎ បងត្រូវរ៉ាប់រងទាំងប្រពន្ធកូននិងប្អូនរួមទាំងម៉ែយើង បងដឹងថាឯងនិងម៉ែបារម្ភបងទើបហាមបងមិនឱ្យទៅតែ…បងសូមទោសតែបងសន្យាបងនឹងឆាប់មកវិញពេលការងាររួច ហើយនឹងយកលុយមកឱ្យម៉ែនិងទិញសម្ភារ​​​​​រៀនថ្មីៗ អាវថ្មី សំពត់ថ្មី ទុកឱ្យនាងល្អិតបងនោះអី ឬឯងមិនចង់បានទេ?”

ខ្ញុំស្ដាប់ហើយមិនយំមិនបាន។

“បងយុតសួរបន្តិច ម៉េចក៏ធ្វើជាមនុស្សធំពិបាកម្ល៉េះ? បើបែបហ្នឹងចាំបាច់ធំធ្វើអ្វីទៅ នៅជាកូនក្មេងក៏ល្អហើយ” បងយុតសើចបន្ដិចមុននឹងឆ្លើយ។

“ហ្ហើយ…ក្មេងអើយក្មេង មនុស្សកើតមកជាច្បាប់ធម្មជាតិកើតមកជាទារកតូចៗ ដល់មានការមើលទាំល្អក៏ក្លាយជាមនុស្សតាមដំណាក់កាលរហូតពេញរូបរាងក្រមុំកំលោះឬមនុស្សធំដូចជាបង ហើយការគិតនិងទំនួលខុសត្រូវឬការទទួលដឹងឮកាន់តែច្រើនទៅៗ តែមនុស្សយើងម្នាក់ៗមានសិទ្ធិរើសផ្លូវណាល្អផ្លូវណាមិនល្អ តាមការគិតថាត្រឹមត្រូវឬទេ? បើរើសខុស ជីវិតក៏ងងឹតឈឹង បើរើសត្រូវជីវិតក៏មានស្នាមញញឹមពន្លឺពេញមួយជីវិតបែបហ្នឹងណា៎”

“អ៊ីចឹងក៏បានន័យថា…ម៉ែរើសខុសឬបង?…” គាត់មិនមាត់នៅស្ងៀមស្ងាត់ ដៃឱបក្បាលខ្ញុំជាប់ទ្រូងហើយប្រាប់ថាកុំគិតច្រើន ក្រែងម៉ែឮម៉ែពិបាកចិត្ត ។

ស្អប់ព្រហ្មលិខិត…

ត្រពាំងទឹកក្រោយផ្ទះរបស់ខ្ញុំពេលនេះ មានផ្កាឈូកលាយផ្កាព្រលឹតស្អាតណាស់ បើបងយុតនៅខ្ញុំឱ្យបេះឱ្យមិនខានយកទៅថ្វាយព្រះ។ និយាយពីគាត់វិញពេលនេះការងារមិនដឹងថាជិតចប់ឬនៅទេ? សល់តែ១ខែកន្លះទៀតដល់ថ្ងៃរៀបការហើយ ហ្ហឹម…និយាយក៏អាណិតគាត់កើតមកជាបងគេមិនងាយស្រួលទេសំណាងហើយដែលខ្ញុំជាកូនពៅគ្មានប្អូនម្នាក់ទៀតកុំអីខ្ញុំក៏ត្រូវហត់ដែរ។

“មេ! អើយមេ!” មេ! អូហ៍ឈ្មោះនេះមានតែម្នាក់ទេ ហៅខ្ញុំមកទល់ពេលនេះ គឺយាយខាងប៉ារបស់ខ្ញុំ។ បានន័យថា យាយមកលេងខ្ញុំមែនហើយ ទោះបីប៉ាទៅចោល ម៉ែ បងប្រុសនិងខ្ញុំ តែបងប្អូនសាច់ញាតិគាត់នៅតែហៅរកពួកខ្ញុំម្ដងម្កាលដែរ។

“ចាសៗយាយ”

“មកពីណាហ្នឹងចៅ?”

“មកពីខាងក្រោយផ្ទះយាយ គឺឃើញផ្កាឈូករីកល្អនឹកថាបងយុតនៅប្រសើរណាស់ បានកាច់យកជូនយាយថ្វាយព្រះល្មម”

“ចុះយុតទៅណា?”

“បានន័យថាយាយអត់ដឹងទេ? បងយុតទៅធ្វើការនៅខេត្តព្រៃវែងបានមួយខែហើយយាយ ហាមមិនស្ដាប់ទើបម៉ែបណ្ដោយទៅ” យាយដកដង្ហើមធំមុននឹងអង្គុយចុះនិយាយជាមួយខ្ញុំ។

“ចុះម៉ែឯងគេទៅណាហើយ យាយមកមួយស្របក់ហើយមិនឃើញសោះ?”

“ចាសយាយ! ម៉ែគាត់ទៅព្រៃខាងក្រោយទូលឧសមកឱ្យខ្ញុំដាំបាយទឹក ម្យ៉ាងម៉ោង១១កន្លះខ្ញុំទៅសាលាផង”

“យុតវាថាទៅប៉ុន្មានខែ បានការងារហ្នឹងហើយ?”

“គាត់ថា២ខែយាយ តែយ៉ាងណាគាត់ត្រូវមកមុនកន្លះខែថ្ងៃការដែរយាយ យាយកុំបារម្ភអីណា៎ បងយុតគាត់ធំហើយ”

“អើ យាយមិនថាអ្វីទេមេអើយ តែតាមចាស់ទុំជំនាន់យាយណាមិនថាកូនប្រុសស្រីទេ មុនរៀបការហាមទៅស្រុកឆ្ងាយឬទៅព្រៃឬក៏ដើរផ្លូវទឹកអីអស់ហ្នឹង ចាស់ៗប្រកាន់ណាស់”

ខ្ញុំឆ្ងល់ ក៏សួរគាត់បន្ថែមពីរឿងនេះ ពីព្រោះក្មេងខ្ញុំនិងចង់ដឹងឮណាស់ ជាពិសេសរឿងពីដើមហ្នឹង។

“ហេតុអ្វីទៅយាយ? ម៉េចបានជាហាមបែបហ្នឹង?”

“មានឆ្នាំមួយ កាលសម័យយូរលង់មកហើយ ជំនាន់ម្ដាយរបស់យាយមានកូនក្រមុំកំលោះមួយគូសល់តែមួយអាទិត្យទៀតទេរៀបការ ហើយអ្នកទាំងពីរនោះក៏បានទៅស្រុកឆ្ងាយដោយជិះទូកទៅជាមួយអ្នកភូមិដទៃ តែជាអកុសលទូកនោះក៏លិចហើយអ្នកផ្សេងជួយសង្រ្គោះបានខ្លះអត់ខ្លះឯកូនក្រមុំកំលោះមួយគូនោះត្រូវលិចលង់ស្លាប់ដោយសារកូនស្រីមិនចេះហែលទឹក ឯកូនប្រុសចេះប្រឹងហែលទៅជួយដែរ តែមិនបានរួចផុត ប្រែជាស្លាប់ទាំងគូទៅវិញ”

“អូ…អាណិតពួកគាត់ណាស់យាយ តាមពិតបែបហ្នឹងសោះបានជាចាស់ៗហាមប្រាមយ៉ាងហ្នឹង”

“ប៉ុន្ដែវាជារឿងជំនឿកាលសម័យមុន ក្មេងៗសម័យនេះគ្មាននរណាជឿទេ ហើយក៏មើលរំលង ខ្លះក៏ទុំមុនស្រគាលដែរចៅអើយ..”

“ទុំមុនស្រគាល? អ្វីទៅជាទុំមុនស្រគាលនោះយាយ?” គាត់សើចខ្ញុំ តែគាត់ក៏រៀបរាប់តាមដំណាលជារឿយៗឱ្យខ្ញុំស្ដាប់ដែរ។

“ពាក្យថាទុំមុនស្រគាលជាពាក្យមួយឃ្លាដែលចាស់ៗ តែងតែប្រើលើគូអនាគតឬគូដណ្ដឹងដែលបានភ្ជាប់ពាក្យ ភ្ជាប់សម្ដីតែមិនទាន់រៀបការហើយពួកគេទាំងពីររួមរស់ជាមួយគ្នាហើយមានកូនឬហៅថា ពោះធំមុនរៀបការ មេបាប្រកាន់ណាស់ជារឿងអាក្រក់មិនល្អ ហើយបើអាចមានការមើលងាយប្រមាថដល់ពូជពង្សទៀតផង ហ្ហឹម..តែសម័យនេះគេមិនសូវជាខ្វល់ខ្វាយថែមទាំងយករឿងទាំងអស់នោះមកជារឿងសប្បាយរបស់ពួកគេទៅវិញ មេចៅចាំណាទោះបីជាប៉ាឯងទៅចោលពួកឯងក៏ពិតមែនតែប៉ាឯងស្រលាញ់បារម្ភឯងណាស់ យាយនិងប៉ាឯងរួមទាំងម៉ែឯងសង្ឃឹមថាចៅមិនធ្វើរឿងអាប់មុខនោះ ឱ្យប៉ះពាល់ឈ្មោះជាស្រីក្រមុំទេណាចៅ ទោះបីជាយើងក្រទ្រព្យ ប៉ុន្ដែកិត្តិយសជាតិជាស្រីសបរិសុទ្ធស្អាតសូមកុំឱ្យក្រណាចៅ”

ខ្ញុំស្ដាប់យាយនិយាយឡើងស្លុងពិតទេ អ្វីដែលគាត់និយាយទាំងអស់នោះ? តែប្រហែលជាពាក្យពិតច្រើនពីព្រោះយាយមិនដែលកុហក          យាយតែងតែដាស់តឿនណែនាំពួកខ្ញុំនិងចៅៗគាត់ដទៃទៀតបែបនេះ

ទាំងអស់។ ភ្លាមនោះខ្ញុំក៏ឮសំឡេងទូរសព្ទខ្ញុំរោទ៍ឡើង។

“អឺ អ្នកណា Call មកហើយចៅ ទៅលើកសិនទៅក្រៃងបងឯងទេដឹង?”

“ចាសយាយ” ខ្ញុំរត់ឡើងជណ្ដើរផ្ទះដើម្បីលើក តែភ្លាមនោះក៏មិនប្រយ័ត្នកាំជណ្ដើរទី៣បាក់ចំកណ្ដាលធ្វើឱ្យខ្ញុំអុកគូថហើយឈឺទាំងជើងទៀតផង។

 “អូយ! អូយៗ ឈឺណាស់យាយ ហិហិ” យាយប្រញាប់រត់មកលើកខ្ញុំទាំងគាត់មានវ័យចំណាស់ដែរហើយ។

“អឺៗអាមេអើយអាមេយ៉ាងម៉េចហើយចៅ? អូហ៍កុំយំណា ក្រមុំហើយយំគេដឹងខ្មាសគេ កុំយំៗ”

“យាយៗ ខ្ញុំឈឺជើងហើយ ហិហិ ” ភ្លាមនោះម៉ែក៏ទូលឧសមកល្មមហើយក៏ទម្លាក់បាច់អុសចុះ រួចប្រញាប់ងាកមកសម្លឹងសួរនាំខ្ញុំទាំងគាត់នៅហត់បែកញើសជោកថ្ងាសនៅឡើយ។

“ម៉ែៗហើយម្លិះវាកើតអីបានយំអីចឹង?”

“អើ…គឺចៅមេរត់ទៅលើកទូរសព្ទមិនប្រយ័ត្នជណ្ដើរក៏បាក់ចំកណ្ដាលធ្វើឱ្យឈឺថ្លោះ ថែមទាំងមានឈាមនៅកែងដៃនិងជង្គង់បន្ដិច”

“ម្លិះឯងយ៉ាងម៉េចហើយ មើលៗម៉ែមើលបន្ដិច”

ប្រហែលមួយស្របក់ ម៉ែលាបថ្នាំនិងពន្លៃឱ្យខ្ញុំរួចទូរសព្ទរោទ៍ម្ដងទៀតម៉ែក៏បានទៅយកក្រែងបងយុត Call មក គាត់ចុចទទួលព្រោះជាលេខប្លែក។

“អាឡូអ្នកណា?”

“ជម្រាបសួរ មីងជាម្ដាយយុតមែនឬអត់?” ម៉ែគាត់បើកសំឡេងចេញមកខាងក្រៅឮៗ ខ្ញុំនិងយាយក៏នៅទីនោះដែរ គាត់សម្លឹងមុខយាយនិងខ្ញុំមុននឹងតបទៅកាន់ខ្សែទូរសព្ទម្ខាងទៀត។ 

“ចាសៗ គឺមីងជាម៉ែរបស់យុតតើក្មួយមានការអ្វី? ហើយយុត..”

“ដំបូងខ្ញុំចង់ឱ្យមីងទប់អារម្មណ៍សិនមុននឹងខ្ញុំនិយាយ បានទេមីង?” គ្រាន់តែខ្ញុំឮតែប៉ុណ្ណឹងខ្ញុំក៏ងើបពីគ្រែហើយចុះមកទាំងឈឺជើងឈរក្បែរម៉ែ ពីព្រោះមានអារម្មណ៍ភ័យម៉េចក៏មិនដឹង។ សូមកុំឱ្យបងយុតមានរឿងអ្វីទាំងអស់ ខ្ញុំក៏ចាប់ទូរសព្ទពីដៃម៉ែនិយាយតបទៅខ្សែម្ខាងទៀត។

 “បងនិយាយមក បងប្រុសខ្ញុំគាត់កើតអ្វីទៅ និយាយមកបង”

“គឺកាលពីយប់មិញមានខ្យល់បោកបក់ខ្លាំងណាស់ ស្របពេលពួកខ្ញុំទាំងអស់គ្នាក៏កំពុងតែនាំគ្នាទៅសម្រាកពីការងារ ប៉ុន្ដែជាអកុសលអាគារដែលពួកខ្ញុំបានសាងសង់ហើយថ្មីៗនោះវាបាក់ធ្លាក់ចុះមកហើយក៏ចំកម្មករជាច្រើននាក់ក្នុងនោះមាន រៀម ដាយុតនិងអ្នកផ្សេងទៀតផងដែរ តែរៀមគ្រាន់ជាងយុត រៀមបាក់ជើង ឯដាយុត..យុត..គេស្លាប់ក្រោយនាំមកដល់ពេទ្យ”

ពេលដែលស្ដាប់ចប់ទូរសព្ទក៏ជ្រុះពីដៃរបស់ខ្ញុំ យាយទ្រហោយំ ឯម៉ែរបស់ខ្ញុំគាត់ពោលពាក្យដដែលៗមុននឹងសន្លប់។

“មិនពិតទេ មិនពិតទេម្លិះគេកុហកមែនទេកូន យុតៗ មិនពិតទេមែនទេកូនយុត! ទេ! ទេ!”

“ម៉ែៗ ម៉ែដឹងខ្លួនឡើង បងយុតៗហេតុអ្វីបងទៅចោលខ្ញុំនិងម៉ែបងយុត?”

ហេតុអ្វីវាទៅជាយ៉ាងហ្នឹង? ហេតុអ្វីព្រហ្មលិខិតដាច់ធម៌មេត្តាលើជីវិតបងប្រុសខ្ញុំយ៉ាងនេះ ខ្ញុំទទួលយកមិនបានទេ ហេតុអ្វីក៏អ្នកឃោរឃៅម្ល៉េះ? ពង្រាត់ប៉ាចេញពីខ្ញុំហើយមិនអស់ចិត្ត អ្នកមកពង្រាត់បងប្រុសតែម្នាក់របស់ខ្ញុំទៅចោលខ្ញុំនិងម៉ែទៀត ទេវតាអើយម្ដេចមិនសម្លាប់ពួកខ្ញុំទាំងគ្រួសារតែម្ដងទៅ បងយុត!

ក្រោយពីទទួលសពបងប្រុសមកដល់ផ្ទះអ្នកភូមិស្រុក ទាំងជិតឆ្ងាយ ខាងបងថ្លៃខ្ញុំគាត់យំម្ដងជាពីរដងរហូតដួលសន្លប់ ម៉ែនិងយាយក្មេក គាត់គិតតែយំឱបសពបងខ្ញុំ។ ឯរូបខ្ញុំផ្ទាល់អង្គុយធ្មឹងនៅលើដីនិយាយអ្វីមិនចេញ បើគាត់ចិត្តដាច់យ៉ាងនេះ ខ្ញុំស្អប់បង បងយុតកុហកខ្ញុំ។

“បងយុតបងឯងក្រែងថាយកលុយមកទិញខោអាវថ្មីៗឱ្យខ្ញុំ រកលុយយកមកជួយម៉ែ មើលថែទាំបំពេញឈ្មោះបងប្រុសនោះអីចុះពេលនេះ…ពេលនេះបងឯងដេកធ្វើព្រងើយអីចឹងមែនហាស៎! បងយុត! បងយុត! បងឯងក្រោកមក ក្រោកមកភ្លាមៗ ហិហិ ហា..ហា…”

គ្រប់គ្នាចាប់ទាញខ្ញុំដោយឃើញខ្ញុំយំខ្លាំងហើយគក់ទ្រូងនៃសពរបស់បងប្រុសខ្ញុំយ៉ាងឈឺផ្សា។

 “ម្លិះឈប់ទៅក្មួយ ម្លិះៗ”

“ក្មួយ! បងឯងទៅបានសុខហើយកុំធ្វើអីចឹងអី”

“ម្លិះៗ តាំងស្មារតីឡើងឯង បងយុតគាត់គ្មានបំណងទៅចោលពួកយើងទេ ឯង”       

វត្តមានបងប្អូនញាតិមិត្តជិតឆ្ងាយចូលរួមបុណ្យសពបងប្រុសរបស់ខ្ញុំជាច្រើនដោយសារគាត់ជាមនុស្សល្អ។

បងថ្លៃស្រីខ្ញុំអង្គុយមុខរូបថតបងប្រុសខ្ញុំយំរហូត ងាកមកមើលម៉ែវិញយំសន្លប់ៗ គ្មានបានទទួលភ្ញៀវអ្វីទាំងអស់ ខ្ញុំក៏បានត្រឹមតែអង្គុយម្ដងឈរម្ដង រង់ចាំទទួលភ្ញៀវជាមួយមិត្តនិងបងប្អូនខាងប៉ារបស់ខ្ញុំ។

“ប៉ា…តើប៉ាដឹងទេថាពេលនេះប៉ាបាត់បង់កូនប្រុសប៉ាម្នាក់ហើយ ហិហិ ប៉ានៅឯណាឬចាំទាល់តែបាត់ពួកខ្ញុំម្ដងមួយៗរហូតអស់ បានប៉ាវិលមកហា៎…”

ខ្ញុំឈរលែងនឹងគិតតែយំ ឡើងហើមភ្នែកអស់ហើយ ហើយពេលនោះដៃដ៏កក់ក្ដៅបានចាប់ឱបខ្ញុំជាប់ទ្រូងទាំងខ្ញុំកំពុងតែយំគ្មានសតិ ខ្ញុំក៏ងើបមុខងើយមើលក៏ដឹងថា។

“ប៉ា! ប៉ា! ហា..ហា…” ប៉ាៗខ្ញុំមកពិតមែនឃើញគាត់ ខ្ញុំយំលើសដើម។ ប៉ាដឹងរឿងដោយសារយាយCall ប្រាប់ គាត់ក៏សុំប្រពន្ធគាត់ខាងនោះមកលាកូនជាលើកចុងក្រោយនៃជីវិត។

“មេៗ បានហើយកូន បានហើយបងយុតទៅបានសុខហើយ កំហុសមកពីប៉ា ប៉ាមិនល្អ ប៉ាចោលពួកឯងទើបបែបនេះចង់បន្ទោសមេបន្ទោសប៉ាមកចុះកូន”

ខ្ញុំគិតតែយំនិយាយអ្វីមិនចេញតែក៏ប្រឹងបោះប្រយោគទៅកាន់គាត់ទោះបីពាក្យខ្លះធ្វើឱ្យប៉ាឈឺក៏ដោយ។

“ប៉ា!​ ប្រសិនជាគ្មានកម្មវិធីបុណ្យសពបងយុតក៏គ្មានវត្តមានប៉ាដែរពិតទេ? ប៉ាមិនគិតថាកូនៗនឹកប៉ាប៉ុនណាទេឬ? ជាពិសេសបងយុត បងយុតតែងតែរឭកពីប៉ា គាត់លួងលោមខ្ញុំថាមិនយូរប៉ានឹងមក តែចាំបាត់ ចាំបាត់ រហូតពេលនេះបងយុតថាប៉ាមកៗមែន តែប៉ាមកជាថ្ងៃដែលបាត់បង់បងប្រុសខ្ញុំ!”

“មេ ប៉ាដឹងថាប៉ាខុស មេប៉ាសូមទោស” ការនិយាយតបតរវាងខ្ញុំនិងប៉ាឮៗរហូតគ្រប់គ្នាមើលមកហើយម៉ែនិងយាយបងប្អូន ទាំងអស់ចូលមកឃាត់ខ្ញុំ។

“បើប៉ាមកហើយបាត់បង់បងយុត! ប៉ាកុំមកអី! ហា..ហា..ប៉ាដឹងអត់បងយុតដើរតួរជាបងប្រុស ជាប៉ា ជាមេគ្រួសារ បងយុតលះបង់ខ្លាំងណាស់ គាត់ជិតរៀបការហើយឈុតក៏កាត់ហើយ រោង សម្អាង ចុងភៅក៏ជួលកក់ហើយដែរ! ឥឡូវ​នេះ ..តែឥឡូវ​នេះ បងយុត…បងយុត..ហា..ហា..ខ្ញុំស្អប់ប៉ា! ខ្ញុំស្អប់!”

ប៉ាបានត្រឹមយំ ឯអ្នកនៅទីនេះក្នុងកម្មវិធីបុណ្យក៏យំ ហើយខ្ញុំក៏អស់កំលាំងរួចភ្នែកក៏ទន់បាត់ទៅ។ ឮសំឡេងហៅជាច្រើននាក់ ហៅឈ្មោះខ្ញុំតែខ្ញុំបើកភ្នែកពុំរួច ។

កូនលលក…

ចាប់តាំងពីបងប្រុសខ្ញុំស្លាប់បាត់ទៅខ្ញុំប្រៀបបាននឹងកូនសត្វ ដែលហោះលើមេឃដ៏ធំល្វឹងល្វើយនោះអ៊ីចឹង។ ហើរតែឯងៗគ្មានគ្នា មិនដឹងថាថ្ងៃមុខទៅជាយ៉ាងណា? ហើយអនាគតទៅខ្ញុំនឹងចួបរឿងអ្វីខ្លះ? កាលមុនខ្ញុំអាងបងប្រុសជាអ្នកការពារពីក្រុមក្មេងកំហូចដែលតែងរករឿងខ្ញុំ ពេលចេញពីសាលាតែឥឡូវ​នេះ បាននរណាការពារខ្ញុំទៀត បើខ្ញុំទន់ជ្រាយច្បាស់ណាស់គេនឹងព្រួតគ្នាជាន់ខ្ញុំមិនខាន តែតើខ្ញុំនឹងអាចរឹងមាំបានដែរឬទេ? ពេលកំពុងតែអង្គុយលើគល់ឈើក្បែរត្រពាំងទឹកម៉ែក៏មកដល់ពីពេលណាក៏មិនដឹង។

“ម្លិះ ឯងមកធ្វើអ្វីនៅហ្នឹង?” ខ្ញុំងាកទៅរកម៉ែសិនមុននឹងនិយាយតបគាត់ តែបើមើលទៅទឹកមុខម៉ែក៏មិនល្អជាងខ្ញុំប៉ុន្មានទេ ពីព្រោះបាត់បង់មនុស្សយើងស្រលាញ់ទាំងមូល នរណាធ្វើចិត្តបានងាយៗនោះ។

“គឺគ្មានអ្វីទេម៉ែ កូនគ្រាន់តែធុញថប់ពេកក៏មកអង្គុយក្រែងបានធូរខ្លះ ចុះម៉ែមានអ្វីប្រើកូនឬអត់?”

“ម៉ែមានរឿងចង់ពិភាក្សានឹងឯងណាម្លិះ”

“រឿងអ្វីម៉ែនិយាយមកណា”

“គឺ…កូនដឹងហើយថាគ្រួសារយើងពីមុនបានបងឯងអ្នករកចំណូល ហើយទប់គ្នាខ្លះថ្លៃឯងរៀន តែពេលនេះ បងឯងទៅបាត់ហើយម៉ែគ្មានលទ្ធភាពទេកូន ម៉ែដឹងថាវាខុសដែលម៉ែធ្វើបែបនេះ តែម៉ែមិនមែនបង្ខំចិត្តឯងទេណាម្លិះ ប្រសិនជាកូនមិនព្រមក៏មិនអីម៉ែក៏គិតបន្ដតែ…”

“ម៉ែ កូនយល់ហើយម៉ែកុំបារម្ភ ម៉ែសប្បាយចិត្តចុះ កូននឹងឈប់រៀនដើម្បីជួយម៉ែ ម្យ៉ាងកូនរៀនបានច្រើនដែរ ឈប់ត្រឹមហ្នឹងក៏មិនអីដែរ យ៉ាងហោចណាស់សរសេរបានអានបានអាចរកការងារបានហើយម៉ែ”

ម៉ែគាត់ស្ដាប់ខ្ញុំនិយាយដោយអួលដើមកទឹកភ្នែកគាត់ប្រុងហូរតែម៉ែប្រឹងទប់មិនចង់ឱ្យខ្ញុំឃើញនោះទេ។

ហើយទីបំផុតថ្ងៃនេះក៏មកដល់ ខ្ញុំបានគិតទុករួចហើយថាមិនយូរទេ ជីវិតវិទ្យាល័យរបស់ខ្ញុំនឹងត្រូវចប់ដោយសារតែភាពខ្វះខាតរបស់ខ្ញុំនៅពេលណាមួយហើយឥឡូវនេះមកដល់ហើយ។ ហ៊ឹម..យ៉ាងណាក៏ខ្ញុំបានត្រៀមផ្លូវចិត្តទុករួចហើយទើបមិនសូវជាឈឺ។

ក្រោយពីឈប់ទៅសាលារៀនបានមួយរយ: ខ្ញុំបានដាក់ CV ចូលបម្រើការងាររត់តុមួយកន្លែងនៅហាងបាយក្នុងផ្សារនៅពេលព្រឹក ហើយពេលយប់ខ្ញុំក៏ទៅបម្រើការងាររត់តុក្នុងហាងស្រាមួយកន្លែងម្ដុំផ្លូវ៤១ផងដែរ។ ការងាររត់តុហាងស្រាមិនស្រួលទេ រងការប្រមាថណាស់ តែខ្ញុំគ្មានជម្រើសទេ មានតែស្របសិន ព្រោះចាំបាច់ប្រើលុយពេលនេះ ខ្ញុំធំហើយនឹងស្គាល់អ្វីដែរហៅថាជីវិតមនុស្សធំដែលបងយុតធ្លាប់និយាយកាលគាត់នៅរស់ ត្រូវធ្លាក់លើខ្ញុំហើយពេលនេះគឺទទួលរ៉ាប់រងច្រើនយ៉ាងពិតមែន។

ហើយអ្វីដែលខ្ញុំស្អប់គឺការប្រមាថជីវិតជាបុគ្គលិករត់តុហាងស្រារបស់ខ្ញុំ ត្រូវប៉ះនឹងភ្ញៀវប្រុសៗមើលងាយតាមរយ:ពាក្យសម្ដីប្រមាថពេលខ្លះខ្ញុំស្ទើរតែទប់ស្មារតីមិនបានរហូតថ្ងៃមួយនោះមកដល់

ពិតណាស់ ខ្ញុំឆេវឆាវឆាប់ក្ដៅមិនព្រមឱ្យអ្នកណាមកនិយាយខ្សែលើខ្ញុំបាននោះទេ។ ពេលដែលខ្ញុំលើកស្រាយកឱ្យតុភ្ញៀវមួយក្រុមមានគ្នាប្រមាណ បីបួននាក់ក្នុងចំណោមពួកគេមាន២នាក់ពោលសម្ដីមិនសមរម្យមកលើខ្ញុំ។

“អេ៎ នាងតូចធ្វើការទីនេះបានប្រាក់ខែប៉ុន្មាន?”

ដោយសារខ្ញុំគិតថាពួកគាត់សួរលក្ខណ:ធម្មតាទើបឈរតបបែបសមរម្យទៅវិញ។

“ចាស គឺតិចតួចទេបងប្រុសគ្រាន់បង់ទឹកភ្លើងហ្នឹងណា៎”

“មកនេះៗ មក”

ភ្ញៀវម្នាក់បក់ដៃហៅឱ្យចូលជិតគេ ខ្ញុំក៏ចូលទៅជិតហើយដោយសារសំឡេងភ្លេងឮខ្លាំងៗ ទើបត្រូវឱនត្រចៀកទៅជិតគេតែភ្លាមនោះពាក្យដែលពួកគេនិយាយគឺប្រៀបបាននឹងយកសាំងមកចាក់ចូលភ្លើងដែលឆេះអ៊ីចឹង។

“បែបនេះណា គឺនាងតូចមកនៅជាមួយពួកបងៗទៅ ជឿថាបានប្រាក់ច្រើនណាស់ ហើយសប្បាយទៀតផង  ហាសហា៎”

សម្ដីនិងការសើចចំអកខ្ញុំបានប្រឹងទប់ណាស់ ខ្ញុំញញឹមតិចៗហើយក៏ឱនខ្លួនបម្រុងដើរចេញពីតុនោះតែគ្នាវាម្នាក់យកដៃមកប៉ះត្រគាករបស់ខ្ញុំ នរណាទ្រាំបាននោះខ្ញុំស្អប់ណាស់។

“ទ្រាំលែងបានហើយវ៉ើយ! ផាំង! ផាំង!” ខ្ញុំបានដាល់អាម្នាក់ដែលនិយាយប្រមាថនិងប៉ះពាល់ខ្ញុំនោះម្នាក់មួយដៃហើយក៏ផ្អើលពេញហាង ហើយពួកវាក៏រករឿងខ្ញុំឯខ្ញុំក៏បម្រុងទៅដាក់ពាក្យប្ដឹងតែគិតៗទៅប្ដឹងក៏មិនឈ្នះ។ គេអ្នកមានខ្ញុំប្ដឹងម៉េចបើគ្មានសាក្សីផងនោះ ទីនេះគ្នាវាទាំងអស់ ជម្រើសចុងក្រោយដោះឯកសណ្ឋានហើយដើរចេញពីទីនោះ វាជាជម្រើសល្អបើនៅ ពួកវានឹងនាំគ្នាមកចាប់ធ្វើបាបខ្ញុំថ្ងៃណាមួយក៏ថាមិនត្រូវ។ ពេលចួបរឿងបែបនេះក៏មិននឹកគិតដល់បងយុតមិនបាន។

“បើបងនៅប្រហែលគ្មាននរណាធ្វើបាបខ្ញុំបានទេ បងយុតបងដឹងទេ ថាប្អូនហត់..ហិហិ..ហត់ណាស់”

លក់សំនៀងមិនលក់កិត្តិយស…

តាំងពីថ្ងៃមានរឿងនៅហាងស្រានោះ ខ្ញុំបានសាកដាក់ពាក្យទៅរកការងារផ្សងតែមិនជាប់សោះរហូតមានមិត្តម្នាក់របស់ខ្ញុំហៅទៅតេស្តសំឡេងនៅវង់តន្រ្តីរបស់ប៉ាគេដែលគេក៏ច្រៀងទីនោះដែរ។ ទៅដល់កន្លែងហើយក៏តេស្តជាប់ រួចក៏ទទួលបានលទ្ធផលល្អដូច ខ្ញុំសប្បាយចិត្តដែលបានការងារថ្មីមួយទៀត។

យប់នេះជាយប់ដំបូងនៃការឡើងឆាករបស់ខ្ញុំ ហើយអារម្មណ៍ភ័យខ្លាចក៏មានជាពិសេស។ អ្វីដែលខ្ញុំមិនចូលចិត្តក៏វាចូលមកទៀត គឺខ្ញុំអត់ចូលចិត្តស្លៀកខ្លីទេ តែការសម្ដែងឬអាចនិយាយបានថាជីវិតអ្នកចម្រៀងអកកាដង់ឬអកកេះនេះ រើសមិនបានទេ ក្រុមស្លៀកអ្វីយើងក៏ស្លៀកដូចគ្នាខុសតែតិចតួចប៉ុណ្ណោះ។

យប់ដំបូងនេះខ្ញុំតាំងចិត្តធ្វើវាឱ្យបានល្អបំផុតនិងមិនឱ្យមានរឿងប៉ះពាល់ការងារដូចលើកមុនទេ មិនអីចឹងនឹងត្រូវបាត់បង់ការងារទៀតមិនខាន។

ប៉ុន្ដែមិនស្មានសោះថាទីណាក៏ដោយជីវិតរបស់ខ្ញុំចួបតែការប្រមាថមើលងាយពីមនុស្សដែលគិតអគតិមិនឈប់ វាសនាអ្នកក្រដូចជាខ្ញុំវាពិតជាពិបាករើរួចណាស់មែនទេ បានមានតែអ្នកមានលុយចាំតែប្រមាថមើលងាយរហូតអីចឹង? ខណៈពេលដែលខ្ញុំច្រៀងចប់ម្ចាស់វង់របស់ខ្ញុំគឺប៉ារបស់គីប៊ីមិត្តខ្ញុំនោះបាន មករកខ្ញុំជាមួយនឹងស្រោមសំបុត្រមួយសន្លឹកផងដែរ។

 “ម្លិះហា៎មានភ្ញៀវម្នាក់ពេញចិត្តឯងណា៎ ហើយគេផ្ញើសំបុត្រមកឱ្យដែរ នេះយកទៅហើយបើចង់អរគុណ គាត់នោះគាត់នៅតុក្បែរឆាកនិងពាក់អាវធំពណ៌ប្រផេះ”

ពេលនោះដែរ ខ្ញុំក៏បើកមើលឃើញថាមានលុយក្នុងនោះច្រើនខ្ទង់។ ១០០ដុល្លាខ្ញុំមើលក៏អាចកាត់ន័យបានថាវាជាលុយអ្វី ខ្ញុំមិនបានថាអ្វីទេហើយក៏ព្រមដើរទៅតុភ្ញៀវម្នាក់នោះជាមួយម្ចាស់វង់របស់ខ្ញុំតាមការគួរ តែពេលទៅដល់ខ្ញុំក៏និយាយទៅកាន់គាត់បែបទុកមុខខ្លះដែរ។

“ជម្រាបសួរលោកពូ អរគុណចំពោះសំបុត្ររបស់ពូ នេះជាលុយរបស់ពូខ្ញុំសុំមិនទទួល ខ្ញុំចង់ប្រាប់លោកពូថាខ្ញុំមកច្រៀងដើម្បីលុយមែនពីព្រោះខ្ញុំខ្វះខាត តែខ្ញុំទទួលលុយនេះបានប្រសិនជាវាជាលុយស្អាតស្អំ មិនមែនព្រោះតែចង់បានអ្វីពីខ្ញុំ បើពូពិតជាចង់ប្រគល់លុយនេះឱ្យក្មួយតាមការអាណិតអាសូរ ពូឱ្យខ្ញុំធម្មតាដូចដែលភ្ញៀវៗឱ្យខ្ញុំទូទៅ តែពូកំពុងតែចង់មើលងាយខ្ញុំនិងមើលស្រាលជីវិតស្រីៗអ្នកចម្រៀងផ្សេងទៀតផងដែរ”  ពោលចប់ខ្ញុំក៏ដើរចេញហើយប៉ាគីប៊ីគាត់ខឹងខ្ញុំណាស់ ឯពូនោះក៏ខ្មាសគេដែរ អ្វីសំខាន់គាត់មានប្រពន្ធអ៊ីចឹងទាយទៅថាប្រពន្ធគាត់ចាត់ការប្ដីគាត់យ៉ាងណាវិញ?

ខ្ញុំហត់នឿយណាស់ រឿងរ៉ាវជាច្រើនបានចូលមកក្នុងជីវិតរបស់ខ្ញុំវាញាប់កាន់តែខ្លាំងក្រោយពីបាត់បងប្រុសម្នាក់នោះ។

ដើមទ្រូងម៉ែ…

ប៉ុន្មានថ្ងៃមកនេះហត់ពេកខ្ញុំមិនបានទៅណាទេ ម្យ៉ាងជាងមួយខែនេះរកប្រាក់បានគួរសមទុកគ្រាន់ម៉ែប្រើការទើបខ្ញុំចង់សម្រាក២ ៣ថ្ងៃសិន ពីព្រោះអស់កម្លាំងរលីងហើយ។ ខ្ញុំទម្លាក់ខ្លួនដេកលើកន្ទេលក្រហមដែលម៉ែនិងខ្ញុំរួមទាំងបងយុតតែងតែដេកលេងជាប្រចាំ។       

កែវភ្នែករបស់ខ្ញុំសម្លឹងខ្ពស់ផុតទៅលើសសរទ្រូងកណ្ដាលនៃផ្ទះសម្លឹងយូរៗខ្ញុំក៏ដូចជាងងុយទៅៗ រហូតលង់លក់ពេលណាមិនដឹង។ ភ្លាមនោះខ្ញុំក៏មានអារម្មណ៍ថាលក់ស្រួលមានក្ដីសុខយ៉ាងម៉េចក៏មិនដឹងហើយក៏មានសំឡេងនរណាហៅខ្ញុំ។

“មិ្លះ! ម្លិះ…” ខ្ញុំក៏ស្ទុះងាករកម្ចាស់សំឡេងក៏ឃើញថា។

“បងយុត! បងយុតមកវិញហើយ បងដឹងថាខ្ញុំនឹកបងប៉ុនណាទេ? ម៉ែនឹកបងយំរហូតភ្លេចបាយទឹកអស់ហើយ” រាងកាយបងប្រុសខ្ញុំពេលដែលឱបគឺត្រជាក់ណាស់។

“បងយុតម៉េចក៏បងត្រជាក់ម្ល៉េះ? បងរងាអត់?”

“បងមិនអីទេ មិនរងាទេ តែបងសង្ឃឹមថាប្អូនអាចរឹងមាំជាងនេះម្លិះ អូនកុំយំកុំគិតពីបងទៀតអី ត្រូវប្រឹងប្រែងដើម្បីអនាគតណាប្អូន”

ភ្លាមនោះខ្ញុំបានលែងរាងកាយបងយុតហើយឈរនិយាយដោយអារម្មណ៍សោកសៅ តែលុះងាកមកវិញក៏បានបាត់វត្តមានបងយុតបាត់មិនឃើញសោះ។

“បងយុត! បងយុត! កុំទៅៗ..កុំទៅ..” ខ្ញុំក៏ស្ទុះក្រោកដង្ហក់ដោយសារតែម៉ែបានដាស់ខ្ញុំតាមពិតមុនហ្នឹងជាការយល់សប្តិទេ?

“ម្លិះកូនមមើទៀតហើយ” ខ្ញុំស្ទុះឱបម៉ែយ៉ាងណែនជាប់ដើមទ្រូងរបស់គាត់។

“ម៉ែ កូនឃើញបងយុត បងគាត់មកផ្ដាំខ្ញុំកុំគិតកុំនឹកហើយឱ្យរឹងមាំនិងមើលថែទាំម៉ែដែរ ម៉ែ..ហិហិ..”

ម៉ែយកដៃទាំងពីរឱបក្បាលខ្ញុំយ៉ាងណែនហើយនិយាយដោយការលួងលោម។

“ពុទ្ធោ កូនស្រីម៉ែ កូនកុំយំអីណា៎ បងឯងទៅសុខហើយឈប់គិតឬយំទៀត បើឯងឈឺម្នាក់ទៀតតើម៉ែរំពឹងអ្នកណាទៅកូន?”

“ម៉ែកូនសូមសន្យាថាទោះជាមានរឿងអ្វីក៏ដោយពិបាកយ៉ាងណាក៏ដោយ កូននឹងមិនឱ្យម៉ែស្រក់ទឹកភ្នែកដោយសារកូនស្រីម្នាក់នេះដាច់ខាត តែប្រសិនជាស្រក់ គឺស្រក់ដោយក្ដីស្រលាញ់និងក្ដីសុខ”

ក្រោយបានក្រាបសំពះសន្យាមុខម៉ែរួចខ្ញុំនិងម៉ែក៏បាននាំគ្នាទៅហូបបាយដើម្បីមានកម្លាំងបន្ដដំណើរទៅមុខ ទៀត។

ច្រើនឆ្នាំកន្លងផុតទៅ…

ពេលវេលាកន្លងទៅជាច្រើនឆ្នាំ ពេលនេះខ្ញុំអាចមានសមត្ថភាពរកលុយជូនម៉ែដោយខ្លួនឯង មានផ្ទះធំមួយ ឡានមួយនិងបានឱ្យម៉ែរស់នៅផ្ទះតាមបំណងរបស់បងយុតហើយ រួចក៏បានសាងសង់ចេតិយសមល្មមតម្កល់ធាតុបងយុតនៅជ្រុងម្ខាងនៃមុខផ្ទះ នាទិសនារតី តាមបំណងម៉ែ។ ហើយមានថ្ងៃនេះបានដោយសារតែខ្ញុំបានចួបនឹងជនជាតិបរទេសម្នាក់គាត់ឈ្មោះ។

“ចន ហេនរី” ជាប្រធានអង្គការមួយនៃកុមារកម្ពុជាជួយទំនុកបម្រុងខ្ញុំរហូតខ្ញុំក្លាយជាអ្នកសម្របសម្រួល។ គាត់ជួយខ្ញុំរៀនបន្ដរហូតចប់ឆ្នាំហើយក៏បម្រើការងារក្នុងស្នាក់ការតែម្ដង។

ពេលនេះខ្ញុំក៏មានអ្នកចូលចែចូវតាមរយ:ចាស់ទុំ ក៏ប៉ុន្ដែខ្ញុំមិនទាន់ពេញចិត្តឬចង់រៀបការសោះពីព្រោះនឹកពេលរៀបការលើកណាក៏ខ្លាច អតីតកាលពេលនោះនៅដក់ជាប់ខួរក្បាលរបស់ខ្ញុំមកទល់សព្វថ្ងៃនេះ។

ប៉ុន្ដែដូចពាក្យចាស់ពោលថា “គេចយ៉ាងណាក៏មិនផុតប្រសិនជាគូព្រេង” ខ្ញុំបានចួបនឹងគូណាត់ដែលចាស់ៗហៅមកមើលមុខគ្នាទាំងសងខាងគេគឺ “រ៉ាឌី” ជានិស្សិតផ្នែកពេទ្យ គេពេញចិត្តខ្ញុំយូរហើយតែថាខ្ញុំប្រកែករហូតថ្ងៃនេះចាស់ទុំហៅស្គាល់គ្នា។

“ម្លិះ អូនមិនស្អប់ខ្ពើមបងតែហេតុអ្វីប្រកែករាល់ពេលចាស់ទុំណាត់ថ្ងៃកំណត់ថ្ងៃមង្គលបែបនេះ?”

“រ៉ាឌី អូនមិនស្អប់តែអូនសុំពេលវេលា ពួកយើងមិនទាន់ស្គាល់ចិត្តគ្នាច្បាស់ទេ បងអាចស្រលាញ់ពេលនេះតែថ្ងៃណាមួយបងអាចជាធុញឬលែងចង់រៀបការក៏ថាបាន”

គាត់ដើរមកជិតខ្ញុំរួចចាប់ដៃហើយពោលពាក្យយ៉ាងពីរោះសង្កត់ចិត្តខ្ញុំបានយ៉ាងល្អ។

“បងស្រលាញ់គឺស្រលាញ់ក្ដីស្រលាញ់ពុំមែនមួយថ្ងៃ មួយខែ ឬមួយឆ្នាំតែចំពោះបងមានលើម្លិះមួយជីវិត ពេញដង្ហើមចេញចូល”

ស្នាមញញឹមនិងតំណក់ទឹកភ្នែកម៉ែ…

ទីបំផុតថ្ងៃដែលម៉ែរង់ចាំបានមកដល់ ម៉ែរបស់ខ្ញុំតែងតែប្រាថ្នាអុជធូបរាល់ថ្ងៃសីលសូមឱ្យខ្ញុំព្រមរៀបការ

ពេលណាមួយមុនគាត់បិទភ្នែក។ គាត់ខ្លាចមិនបានពចៅ គាត់ចង់បានអ្នកដែលអាចមើលថែទាំខ្ញុំបានពេលគ្មានគាត់។

ពេលក្រាបផ្ទឹមសំឡេងភ្លេងការលាន់រំពងពេញរោងជ័យ ញាតិស្រីប្រុសឡើងមកចងដៃខ្ញុំនិងរ៉ាឌីហើយភ្លាមនោះខ្ញុំក៏ហូរទឹកភ្នែករាប់រយតំណក់ស្របពេលកំពុងផ្ទឹម គឺវត្តមានវីរ:បុរសរបស់ខ្ញុំបានលេចមកជាថ្មីក្រោយបាត់រាប់ឆ្នាំ តាំងពីថ្ងៃដែលខ្ញុំដេញគាត់ចេញពីបុណ្យសពបងយុត។ គាត់ដើរចូលមកជាមួយយាយនិងម៉ែឈរក្បែរនោះដោយស្នាមញញឹមលាយទឹកភ្នែក។

“ប៉ា…” ខ្ញុំរំជួលចិត្តខ្លាំងខុសធម្មតារហូតចង់ខ្យល់ ថាជាអារម្មណ៍រំភើបក៏បាន សប្បាយពេកក៏បានពីព្រោះគិតថាគាត់ខឹងហើយនឹងឈប់មកជាន់ទីនេះទៀត តែថ្ងៃនេះគាត់មក។

“បានប្ដីទាំងមូលកូនស្រីប៉ាមិនចង់ប្រាប់ប៉ាម្នាក់នេះបន្ដិចទេឬ?”

“ប៉ាៗ…ហិហិ” ខ្ញុំគិតតែយំមុខញាតិមិត្តនិងចាស់ៗ តាអាចារ្យគាត់រំភើបតាមខ្ញុំរហូតហុចមេក្រូមកឱ្យខ្ញុំ គាត់ដឹងថាខ្ញុំប្រហែលជាមានអ្វីចង់និយាយ។ ដៃទទួលយកមេក្រូមកនិយាយតែមុននិយាយខ្ញុំបានក្រាបសំពះម៉ែប៉ាបីដងដូចៗគ្នា។

“ប៉ា! កូនសូមទោសដែលកូនបានប្រើពាក្យសម្ដីមិនសមលើប៉ាកាលថ្ងៃបុណ្យបងយុត កូនខូចចិត្តពេក កូនគិតមិនដល់ ប៉ាអត់ទោសកូនស្រីម្នាក់នេះផង ហើយកូនអរគុណប្រសិនជាគ្មានអ្នកទាំងពីរកូនក៏គ្មានថ្ងៃមង្គលនេះដែរ កូនសូមប្រាថ្នាជាតិណាឬមានប៉ុន្មានជាតិកូនស្រីសុំកើតមកជាកូនប៉ានិងម៉ែទៀត”

និយាយចប់ប៉ារបស់ខ្ញុំយំផងលើកដៃខ្ញុំឡើងមកកាន់យ៉ាងណែនផង ម៉ែដឹងថាប៉ាស្រលាញ់ខ្ញុំខ្លាំងប៉ុនណាតែគាត់ដើរខុសមួយជំហាន តែក៏អរគុណប្រពន្ធទី២របស់ប៉ាខ្ញុំដែលអនុញ្ញាតឱ្យប៉ាមកកម្មវិធីរបស់ខ្ញុំនៅថ្ងៃនេះដូចគ្នា។

ម៉ែឱបរាងកាយរបស់ខ្ញុំយ៉ាងណែនមុននឹងវាចាមកកាន់កូនប្រសាគាត់។

“រ៉ាឌី ម៉ែផ្ញើកូនស្រីតែម្នាក់របស់ម៉ែទៅកូនហើយ មើលថែទាំនាងផង ម្លិះកាចឆ្នាសបន្ដិច រឹងរូសបន្ដិច ខ្ជិលបន្ដិចតែនាងពូកែតាំងពីគ្មានបងប្រុសនាង ម្លិះមើលថែទាំម៉ែបានយ៉ាងល្អ ម្លិះពូកែគ្រប់យ៉ាងការងារអ្វីក៏ចេះដែរ តែអ្វីដែលនាងអន់បំផុតគឺម្លិះខ្លាច តុកកែ កន្លាត សត្វថ្លែន បើមានយកចេញទៅ ហើយរឿងមួយទៀតម្លិះពូកែទាំងអស់មែនតែម្ហូបប្រសិនអាចធ្វើខ្លួនឯងល្អជាងកូនព្រោះកូនម្លិះមិនពូកែទេ អាចជាប្រៃឬផ្អែមជ្រុលក៏ថាបាន”

“ម៉ែហ៎..” សំឡេងសើចពេញរោងជ័យ ទីបំផុតអារម្មណ៍កក់ក្ដៅនិងរីករាយដែលខ្ញុំចង់ឃើញពេលនេះបានទទួលហើយ ខ្ញុំក៏មិនភ្លេចទៅអុចធូកកន្លែងបងយុតដែរ និងបាននាំយកម្ហូបបងយុតចូលចិត្តទៅជាមួយផង ។

“បងប្រុសថ្ងៃនេះប្អូនបាននាំប្អូនថ្លៃមកចួបហើយណា៎ និងបានយកម្ហូបដែលបងចូលចិត្តមកជាមួយដែរ”

“បងប្រុសខ្ញុំរ៉ាឌីសូមសន្យាមុខបងថានឹងមើលថែអូនម្លិះឱ្យបានល្អមានសុភមង្គលមានតែស្នាមញញឹម នឹងមិនឱ្យអ្នកណាមកមើលងាយឬធ្វើបាបនាងបានដាច់ខាត”

ស្នាមញញឹមដែលគេបានបង្ហាញនៅមុខបងយុត ធ្វើឱ្យខ្ញុំមានក្ដីសុខណាស់ តែពេលវេលាជាអ្នកកំណត់ថាថ្ងៃមុខនឹងប្រែប្រួលឬទេ? ទោះយ៉ាងណាយើងម្នាក់ៗ ក៏ខំប្រឹងអស់ពីសមត្ថភាពបំផុតតាមដែលអាចធ្វើបាន។ ជីវិតយើងគ្មាននរណាអ្នកកំណត់ទេ គឺស្ថិតលើយើងខ្លួនឯងជាអ្នកកំណត់ហើយគិតថារើសយកបែបណាល្អ ត្រឹមត្រូវនិងមានក្ដីសុខ។ ក្ដីស្រលាញ់ពិតមិនចាំបាច់ត្រូវការពីមនុស្សច្រើនគ្នានោះទេ ត្រឹមតែមនុស្ស២ទៅ៣នាក់ដែលយល់ពីយើង អាចការពារយើង និងទទួលយកបានទាំងចំណុចអាក្រក់និងល្អរបស់យើងម្នាក់ៗបានន័យថាគ្រប់គ្រាន់សមរម្យហើយ ៕

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*