ថ្ងៃអាទិត្យទី ០៣ ខែមីនា ឆ្នាំ២០២៤នេះ ជាថ្ងៃចុងក្រោយហើយនៃកម្មវិធី “រាត្រីសមោសរសំពត់បត់ខ្មែរ” ដែលប្រព្រឹត្តិធ្វើឡើងនៅសាលសន្និសីទចតុម្មុខ ដែលចាប់ផ្តើមតាំងពីថ្ងៃសុក្រទី ០១ ខែមីនា ឆ្នាំ២០២៤នេះ (រយៈពេល ៣ថ្ងៃពេញ) ហើយត្រៀមនឹងបិទបញ្ចប់នៅថ្ងៃអាទិត្យនេះ។


គួរជម្រាបថា កម្មវិធី “រាត្រីសមោសរសំពត់បត់ខ្មែរ” ក្រោមការរៀបចំរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺបានអនុញ្ញាតដល់សាធារណជនទាំងអស់ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ អាចចូលរួមទស្សនាដោយសេរី នូវការតាំងបង្ហាញ “ពិព័រណ៍សិប្បកម្មយើង” តម្បាញសូត្រ ហូល ផាមួង ក្រមា ដែលផលិតពីពណ៌ធម្មជាតិ រួមនិងវត្ថុសិល្បៈ សិប្បកម្មស្នាដៃកូនខ្មែរ ព្រមទាំងទស្សនីយភាពសិល្បៈជាច្រើនផងដែរ ។


នៅថ្ងៃចុងក្រោយនេះ ក៏នៅតែបន្តដំណើរការកម្មវិធី “ពិព័រណ៍សិប្បកម្មយើង” ដោយបើកឱ្យចូលទស្សនាសាធារណជន ចូលរួមដោយសេរី ចាប់ពីម៉ោង ៩:០០ ព្រឹកទៅ ។
គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធី “រាត្រីសមោសរសំពត់បត់ខ្មែរ” នេះឡើង ក្នុងបំណង ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ កេរដំណែលដូនតា ក៏ដូចជារួមចំណែកអភិរក្ស និងលើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរ។ ពិសេស ជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរ ក្នុងសង្គមខ្មែរ ក៏ដូចជាបណ្តុះស្មារតីយុវវ័យជំនាន់ក្រោយ ឱ្យចូលរួមថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ឱ្យបានគង់វង្សតរៀងទៅ៕


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ