រឿង៖ កុមារពេជ្រ

រំចាក ជាភូមិដាច់ស្រយាលមួយ ដែលក្មេងប្រុសឈ្មោះពេជ្ររស់នៅ។

អ្នកភូមិនិយាយថា ពេជ្រកើតមកមានវេទមន្តជាប់ខ្លួន  ប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់ថាពេជ្រអាចធ្វើអ្វីបានខ្លះទេ។

នៅពេលអាយុ៦ឆ្នាំ គេបានទៅសាលារៀនរំចាកសិក្សា ដើម្បីរៀនសូត្រ។ ពេជ្រជាក្មេង​មានចិត្តល្អចំពោះមិត្តរួមថ្នាក់ ប៉ុន្តែ ថន ដែលជាកូននាយកសាលាមិនពេញចិត្ត​ដែលពេជ្រមាន​ប្រជាប្រិយភាពនោះទេ។

ដោយជាក្មេងទំនើងមានចិត្តអាក្រក់ចំពោះក្មេងគ្រប់គ្នា រសៀលមួយ ថនបានបង្ខំ សំនិងរិទ្ធិឱ្យជួយស្កាត់វាយពេជ្រ។

នៅក្រោមគល់ជ្រៃក្រឹមស្ងាត់ពួកគេច្រាន​ពេជ្រនិងប្រាប់ឱ្យឈប់មកសាលា​។ ពេជ្រ​ដួលទៅលើដី រួចក៏ប្រើម្រាមដៃវេទមន្តរបស់គេ ចង្អុលរូបថន ហើយស្រែកថា «ក្លាយទៅជាកង្កែប»។

 រិទ្ធិហើយនិងសំ គាំងស្លុតស្មារតី។

ពេលនាយកសាលា​ដឹងដំណឹងនេះ ក៏ទៅហៅប៉ូលិសមកចាប់ពេជ្រ។

ប៉ូលិសបាននាំគ្នាមកដល់ផ្ទះពេជ្រនៅពេលព្រឹក ។ ពួកគេមាន​គ្នាបីនាក់ ហើយប្រកបដោយកំហឹង។  ពួកគេច្រានជីតា​ពេជ្រ និងម្តាយពេជ្រ។ ពុករបស់ពេជ្ររត់ឡើងពីស្រែមកក៏ត្រូវពួកគេ​ចាប់ចងដៃទៅក្រោយតាមរបៀបស្លាបសេក។ ដូច្នេះ ពេជ្រស្រែកខឹង នឹងបង្គាប់ឱ្យទៅពួកប៉ូលិសថា៖

«ចូរពូទាំងបីក្លាយទៅជាសត្វធំមួយ មានជើងនិងដៃជាមនុស្ស​តែខ្លួនមិនអាចក្រោកឈរត្រង់បាន​ ថែមមាន​ក្បាលបញ្ច្រាស»

ប៉ូលីស​ទាំងបីបានច្របល់ចូលគ្នា ក្លាយជាសត្វចំលែកដ៏ធំមួយ ហើយដើរដោយដៃមនុស្ស​និងជើង មានក្បាលបញ្ច្រាស។ ពួកគេ​រត់ទៅដល់ទីណា​ត្រូវ​អ្នកស្រុកទីនោះគប់ និងវាយ​ដោយការភ័យខ្លាច។

ចាប់ពីពេលនោះមក មាន​យាន​យន្តទំនើបជាច្រើនចោមព័ទ្ធផ្ទះកុមារពេជ្រ ចង់​មកប្រយុទ្ធនឹងកុមារពេជ្រ ថែម​ចង់យាយីនិង​ធ្វើបាបគួ្រសារទាំងមូលគេដោយចោទថាជាក្រុមគ្រួសារព្រាយ។

ទទួលបានសត្រូវ​កាន់តែច្រើន ពេជ្រ មានការខ្សោះថាមពលខ្លាំងព្រោះមិនបានដេក សម្រាកអ្វីទេ។  គេអង្គុយគិតចុះឡើង ក៏សម្រេចចិត្ត​ថា នឹងកសាងផែនដីមួយ​ដែលរឹងមាំមិនអាចឈ្លានពានបាន។

គេបាន​ក្តោបយកផ្ទះជីតាគេ ដោយព័ទ្ធថាមពលថ្លា អ្នកផងមើលពួកគេ​ឃើញតែមិនអាចចូលមកបានទេ។

គេអង្គុយសម្រាកលើគ្រែជាមួយគ្រួសារ ហើយចង្អុលសុំអណ្តូងទឹក ផ្លែ រុក្ខជាតិ និងមាន់ទា គោ​ជ្រូក សម្រាប់ជាចំណី។

ចាប់ពីពេលនោះមក​ពេជ្រមិនអាចមាន​អ្នកមកយាយី តែគេបានអផ្សុកជាខ្លាំង។

គេចង់ទៅសាលាណាស់ ហើយ​ក៏មិនដឹងត្រូវធ្វើយ៉ាងណា។

ព្រឹកមួយ គួរឱ្យអស់សំណើចណាស់ ពេជ្រសើចជាខ្លាំងព្រោះឃើញកង្កែបថន លោតមក ហើយយំយែកនៅមុខផ្ទះគេ។

ពិតជាល្អណាស់ដែលថន​រងទុក្ខ​ក្នុងការក្លាយជាកង្កែប លែងបានធ្វើបាបក្មេងដទៃ។

តែពេជ្រក៏មិនសប្បាយចិត្ត​ដែរ។ គេគិតថា គេចង់ឱ្យគ្រប់យ៉ាងល្អជាងនេះ។

ដោយដេកគងដៃគិត គេបានគិតយល់ហើយថា គេមានបញ្ហា​ដោយសារមានថាមពលអស់ទាំងនោះ។

ពេជ្រ​ក៏សម្រេចចិត្ត​ថា ប្រាថ្នាដោយវេទមន្តឱ្យមនុស្សគ្រប់គ្នា ភ្លេចរឿងចាស់នៅភូមិនេះ ហើយឱ្យគេបានទៅសាលាធម្មតាវិញ ថែមទាំងរម្លាយកម្លាំងថ្លាដែលស្រោបផ្ទះគេនេះផង​ គេចង់ក្លាយជាក្មេងធម្មតា មិនឯកោ ហើយបានទៅសាលា។

គេប្រាថ្នា​ទៀតថា ថននឹងស្លូតបូត​ក្លាយជាមិត្ត​ល្អម្នាក់ដែរ។ ជាថ្នូរមកវិញ គេសុំបោះចោលវេទមន្តទាំងអស់ហើយរស់នៅសាមញ្ញដូចអ្នកដទៃ។

នៅពេលអាយុបាន១២ឆ្នាំ ពេជ្របានសរសេរតែងសេចក្តីអំពីការរស់នៅសាមញ្ញ។  គេប្រាប់ក្នុងសំណេរនោះថា វេទមន្តឬអំណាចអ្វីផ្សេងមិនជួយដោះស្រាយអ្វីបានដូចជាចំណេះដឹងនិងទឹកចិត្ត​ល្អនោះទេ។ ពួកគេបានរស់នៅសុខសាន្តនៅភូមិរំចាកជាមួយគ្នារហូតតរៀងទៅ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*