នៅឯសង្កាត់ជាយក្រុងមួយដ៏ស្ងាត់ជ្រងំ គ្របដណ្តប់ទៅដោយវាលនិងដើមឈើធំៗ ទិដ្ឋភាពគ្រប់យ៉ាងក្រៀមក្រំ ឯខ្យល់អាកាសក៏ក្តៅនិងស្ងួត។
ទីនេះជាសំណង់បាក់បែកនៃអតីតសារមន្ទីរមួយ អ្នកស្រុកគេហៅតៗគ្នាថា «សារមន្ទីរចិន»ទីនេះគេស្គាល់ថា ជាអតីតកម្មសិទ្ធិនៃដង្ខៅចិនម្នាក់ល្បីឈ្មោះ គឺកុងហៃ។
កាលពីឆ្នាំ១៩៣៤ កុងហៃជាឈ្មួញដ៏មានស្តុកស្តម្ភ។ គាត់បានសម្រេចចិត្តសង់ទីនេះ ដោយប្រមូលបណ្តាគំនូរចិន វត្ថុសិល្បៈចាស់ៗ និងអនុស្សាររត់លូនពីស្រុកចិនមកកកើតគ្រួសារនៅកម្ពុជា។ គាត់គ្រាន់តែសង្ឃឹមថានឹងមានការសិក្សាច្បាស់ទៅសម័យក្រោយៗ អំពើប្រវត្តិនៃការរត់មកផ្ញើវាសនាលើដីខ្មែរ ដោយជនជាតិចិនដែលគេចទុរ្ភិក្ស។
ទោះបីជាយ៉ាងណា មណ្ឌលសារមន្ទីនេះ ត្រូវបានគេបោះបង់ចោលអស់ប៉ុន្មានទសវត្សរ៍មកហើយ។ ប្រវត្តិសាស្រ្តពិតរបស់វា បានត្រូវលាក់បាំងដោយស្ងាត់ ព្រោះអ្នកពាក់ព័ន្ធស្លាប់អស់។ គ្រួសារជំនាន់ក្រោយរបស់កុងហៃ មិនមានតម្រុយនៅរស់រានវិលមករកកម្មសិទ្ធិដីធ្លីវិញទេ។
អាថ៌កំបាំង និងការពិតនៃសារមន្ទីរនេះ ក៏ត្រូវបានបំភ្លេចចោលដោយពេលវេលា។
ទោះយ៉ាងណា អ្នកស្រុកក្បែរៗបាននិយាយដោយខ្សឹបខ្សៀវថា គ្រួសារកុងហៃត្រូវរងនូវបណ្តាសា អប្រិយមួយក្រោយពេលសាងសង់សារមន្ទីរនេះ។ ដីនេះ ជាកន្លែងដែលមានស្រមោលខ្មៅ ហើយមានអ្នកនៅរស់សល់ ដឹងឮពីអតីតកាលដែលមានព្រលឹងវិលវល់វង្វេងអន្ទងនៅរក្សាយាមកាម មិនឱ្យអ្នកណាបៀតបៀនព្រោះពួកគេមិនអាចទៅចាប់កំណើតនិងស្ថិតក្នុងភាពអស់សង្ឃឹមអស់កលជានិច្ច។
មានការចងក្រងទុកនៅទីស្នាក់ការឃុំចាស់មកថា ជាច្រើនទស្សវត្សរ៍មុន សារមន្ទីរចិន គឺជាពន្លឺនៃការសិក្សារបស់សមាគមចិនជំនាន់ក្រោយក៏ ជាជម្រកសម្រាប់ក្មេងៗកំព្រាជាច្រើនរាប់ដែលមិនមានឪពុកម្តាយ។
កុងហៃ បានឱ្យស្រី្តម្នាក់ឈ្មោះ ម៉ីហួង ដែលមានដើមកំណើតចិន ចេះអក្សរចិនជ្រៅជ្រះ និងមានចិត្តសប្បុរស មកគ្រប់គ្រងទីនេះ។
ភ្ញៀវខ្មែរនិងបារាំងបានបណ្តាក់គ្នាមកទស្សនាទីនេះ ស្តាប់ប្រវត្តិចិនដែលរត់មកខ្មែរសាងទីលំនៅ តស៊ូបាតដៃទទេនិងទុកជាប្រាក់ អំណោយបរិច្ចាគជួយក្មេងៗផងដែរ។
ប៉ុន្តែនៅពេលស្រុកយើង ធ្លាក់ក្នុងសង្គ្រាមស៊ីវីល សារមន្ទីរចិននិង មណ្ឌលកុមារកំព្រាបានធ្លាក់ចុះទៅក្នុងវិបត្តិហិរញ្ញវត្ថុដូចគ្នា។ ក្នុងសភាពដ៏ទ្រុឌទ្រោម អតីតកាលដ៏លំបាករបស់វាបានត្រូវគេលបទម្លាយជាច្រើនរូបភាព។
នៅឆ្នាំ២០២៤នេះ ក្នុងយប់ថ្ងៃសុក្រ យុវវ័យដែលនិយមផ្សងព្រេងថតវីដេអូរកលុយលើអ៊ីនធើណេត បានយកសារមន្ទីរដែលមានអាថ៌កំបាំងព្រឺព្រួចនេះជាគោលដៅថតរកលុយ។
ក្នុងចំណោមនោះមានទាំងនារីវ័យក្មេងដែលព្រហើននិងចង់ល្បីផងដែរ នាងឈ្មោះនូណា។ នូណាជាម្ចាស់ Vlog ល្បីមួយឈ្មោះថា Your world។ នាងតែងនិទានរឿងបន្លាចក្មេង ឱ្យចង់ដឹងចង់ឮ ហើយរកលុយបានយ៉ាងច្រើនលើ Youtube ។
នូណា តែងតែមានការចាប់អារម្មណ៍នឹងរឿងខ្មោច ថតមកបន្លាច និងសើចចំអកលើបណ្តារឿងនិទាននៃអបិយជំនឿ។
យប់នេះនាងបានបបួល មិត្តស្រីស្រលាញ់ស្រីរបស់នាងគឺ ខឹះ និងប្រុសៗពីរនាក់គឺ នីអូ និង សុភៈ។ ពួកគេទាំងបួនជិះកូនឡានមួយមកដល់នៅម៉ោងជិត៧យប់ ប្រដាប់ដោយកាម៉េរានិងភ្លើងសម្រាប់ថត។
អ្នកស្រុកនៅមាត់ផ្លូវបានហាមប្រាមថា ចាំភ្លឺចាំទៅថត តែពួកគេបានត្រឹមសើចចំអកហើយឡើងឡានចាក់ភ្លេងញាក់ឮៗ បញ្ជាចង្កូតងូងៗទៅរកគោលដៅ។
ប្រមាណជា១០គីឡូម៉ែត្រពួកគេបត់ចូលផ្លូវលំ ដែលអមដោយរុក្ខជាតិចាស់ៗនិងងងឹតស្លុប។ នៅពេលពួកគេមើលឃើញទ្រង់ទ្រាយនៃអគារបាក់បែកដែលត្រូវបោះបង់នោះ ព្រោះពឹងលើផ្លេកបន្ទោរប៉ុណ្ណោះ។
«យើងឈប់ឡានសិន! ថតមួយប្លង់សិន ពីនេះទៅអេម! ធានាថាខ្លាច!»
នាងបញ្ជាហើយឈានចុះមុនគេដោយក្លាហាន។ ភាពត្រជាក់មួយវឹប បានបក់បោកមកប៉ះស្បែកនូណា។
«ស្អី? ព្រឺសម្បុរ?»
នូណាសើច ខណៈ នីអូស្ពាយកាម៉េរាមកក្បែរ ឯនាងខឹះកំពុងលេបទឹកសាបក្អឹកៗ។
«អញចង់នោម!»
សុភៈស្រែក តែគេមិនទៅឆ្ងាយទេព្រោះគ្រប់យ៉ាងងងឹត។
«នាំគ្នានោមឱ្យអស់ហើយទៅ! ប្រយ័ត្នទៅដល់ក្នុងសារមន្ទីរលេចមិនបាច់ប្រឹងវ៉ី!» ខឹះថាហើយសើចក្អាកក្អាយ។
ស្នាមបះមួយ ប្រេះនៅលើស្បែករបស់ខឹះ។ នាងឈប់សើចហើយឱនមកពិនិត្យស្បែកខ្លួនព្រឺដូចសម្បុរគីង្គក់។ បេះដូងរបស់ខឹះចេញសញ្ញាលោតព្រោះគេឃើញអ្វីម្យ៉ាង។
ទាំងញាប់ក្នុងទ្រូងដោយភាពរំជើបរំជួល ភាពភ័យខ្លាចបានបំពេញសពសរសៃឈាមរបស់នាងព្រោះនាងញីភ្នែកយ៉ាងណានៅតែមើលឃើញ។
នៅលើដំបូលនៃអាគារអតីតសារមន្ទីរនាងឃើញសង្សារខ្លួន គឺនូណាកំពុងតែឈរញញឹមមុនពេលលោតចុះក្រោម។
ខឹះងាកមកសម្លឹងខ្នងនូណាដែលកំពុងពិនិត្យកាម៉េរា។ ខឹះមួលដបទឹកទុក ហើយលែងមាត់កអ្វី។ នេះជាបេសកកម្មដំបូងមួយ ដែលនាងមានអារម្មណ៍ចម្លែក។
«តស់! ស្រូត!»
នូណាបញ្ជា ក្រោយនីអូបានថតចប់ប្លង់ពីឆ្ងាយ។ ពួកគេចូលឡានវិញ បិទទ្វារគ្រឹបៗ ខណៈខឹះនៅស្ងៀមត្រិះរិះអ្វីម្នាក់ឯងលែងនិយាយស្តី។
«ម៉េច?» សុភៈយកកែងដៃអុកខឹះដែលធ្មឹង។
ខឹះមិនមាត់ មិនហ៊ានប្រាប់អារម្មណ៍ពិតទេ ខ្លាចបីនាក់ទៀតសើចចំអកឱ្យ ។ នាងធ្វើជាបែរទៅសួរនីអូ៖
«ថតមិញឡូយទេ?»
«កប់!» នីអូញញឹម។
«ធានាម៉ាញាក់សាច់!» គេបន្ថែម។
ខឹះមិនមាត់ព្រោះគេឃើញអ្វីម្យ៉ាងនៅលើដងផ្លូវ។ ទោះឡានបោលញាប់ តែគេជឿថា បានឃើញមនុស្សស្រីពោះធំរត់យំម្នាក់ឯងកណ្តាលយប់ស្ងាត់?
ស្អី?
គេបែរក្រោយតែងងឹតស្លុបមើលអ្វីមិនឃើញឡើយ។ អ្វីមួយចម្លែកកំពុងមានឥទ្ធិពលលើចិត្តគំនិតរបស់ខឹះដែលជាស្រីស្លៀកពាក់បែបប្រុស ហើយមិនដែលចុះញ៉មខ្លាចអ្វីឡើយ។
ឡានឈប់!
នូណាស្ទុះក្រោកចេញយ៉ាងញាប់ដដែល វាជាចរិតនាងជាមេដឹកនាំក្លៀវក្លា។ ខឹះសម្លឹងទ្វារឈើដ៏ធ្ងន់ដែលបានថ្ងូរគួរឱ្យេព្រឺនៅពេលនីអូនិងសុភៈរុញវារបើក។
ខឹះស្ពាយភ្លើង និងឃើងកាម៉េរា ឯនូណាកំពុងថតមិនសំច័យ។
ដោយបង្ហាញផ្ទៃខាងក្នុងងងឹត ដែលគ្រប់យ៉ាងហាក់ដូចជាបានកកគាំងតាមពេលវេលាខឹះចាប់ផ្តើមបាញ់ភ្លើង ដែលជាការងារធម្មតារបស់ខឹះ។ នៅខាងក្នុង នូណាកំពុងញញឹមស្រូបផ្តិតទិដ្ឋភាពគ្រឿងសង្ហារឹមបុរាណរចនាបទចិន ដែលខូចខាត និងរបស់របរសេះឈើដែលក្មេងជិះលេងត្រូវបានពុករោយ និងស្ថិតក្នុងសភាពបោះចោលរាយប៉ាយពេញឥដ្ឋ។ មានស្នាមកាកសំណល់នៃគំនូរ រហែក ពុក កខ្វក់ និងលេចឡើងស្រមោលនៃជីវិតចាស់ជំនាន់មុនសង្គ្រាមដែលទីនេះ ធ្លាប់មានមនុស្សជំនាន់ដើមរស់នៅ។
«ចាស៎! នេះឯងសារមន្ទីរចិនដែលគេល្បីថា ជាសារមន្ទីរ…ខាបវិញ្ញាណគ្មានអ្នកណាហ៊ានមកចាស៎ ឥឡូវបងនូណាមកហើយ មកដល់ពិតៗ ម៉ោង៧យប់ប្អូនៗ!»
«ចូល!»
នូណាងាកមកបញ្ជាអ្នកបាញ់ភ្លើង ធ្វើឱ្យខឹះឈានចូល ដោយមាននីអូមកជួយទទួលជើងភ្លើងមួយសម្រាលទម្ងន់ខឹះ។
សន្សឹមៗអ្នកផ្សងព្រេងបានរុលកាន់តែជ្រៅទៅក្នុងអតីតមណ្ឌលកុមារកំព្រានិងសារមន្ទីរ។ ជំហានរបស់ពួកគេលាន់ស្នូរឆឹបៗ បន្លឺបន្តផ្ទួនព្រោះសាលទទេ។
សន្ធឹក ខ្យល់ក្រាស់បោលមកបំប៉ើងសក់នូណា បង្ហាញអារម្មណ៍នៃការសៅហ្មង ដែលមិនចង់ស្វាគមន៍ពួកគេមករុករានមណ្ឌលនេះ។
«វាជាសន្ធឹកខ្យល់មកតវ៉ានឹងការឈ្លានពានរបស់យើង»
សុភៈចំអក ខណៈសាច់អាវស្តើងរបស់គេប៉ោងឡើងដូចសប់។
«ឈប់លេងទៅ!» ខឹះកម្លា។
នូណាងាកមកសម្លឹងសង្សារព្រោះចម្លែកនឹងចរិតប្រុងប្រៀបរបស់ខឹះ។ ទាំងបីនាក់ទ្រាំមិនបានសើចខឹកចំអកឱ្យខឹះ។
«មេឱ្យស្ងាត់ ស្ងាត់ទៅវ៉ី!»
នីអូបុកដៃសុភៈ។
នៅពេលដែលពួកគេកំពុងចំអន់គ្នាលេង នូណារកជញ្ជាំងអាក្រក់បំផុតមកឈរថត ហេតុការណ៍ចម្លែកបានចាប់ផ្តើមកើតឡើងក្នុងគំនិតខឹះព្រោះទ្វារជាន់លើដែលជះមកចំពីមុខពួកគេហាក់របើកយឺតៗដោយខ្លួនឯង។
«ខ្យល់!» នូណាពន្យល់ប្រាប់ខឹះពេលសម្លឹងទៅលើ។
នីអូសម្លឹងដែរខណៈសុភៈសើចចំអកឮៗ។ បន្តពីសុភៈ…ជាសំឡេងសើចចំអកលាន់មករំពងពីចម្ងាយអន្លាយៗ និងខ្ទរ។
នូណាងាកមកសុភៈ ឃើញបីនាក់នេះចំហមាត់មើលមុខគ្នាព្រោះពួកគេបានឮដូចៗគ្នាហើយនូវស្នូរសើចរបស់ក្មេងៗបានបន្លឺឡើងតាមច្រករបៀងស្តាំនិងឆ្វេង អុកឡុក ខ្ទរឡើងៗ។
ខ្មោច…លង!
ខឹះបន្លឺញ័រមាត់។
នូណាស្លេកបន្តិច ព្រោះវាមិនសមថាមានក្មេងមកលេងសើចលងពួកគេ? ដើម្បីយកឈ្នះលើការសង្ស័យនិងការភ័យខ្លាចខឹះនាងធ្វើជាកម្លា៖
«ថតសំឡេងហ្នឹងមក! ពីរោះ !!!ព្រឺ! ធ្វើបានល្អ!»
ថាហើយ នាងឈានដើរឡើង សំដៅខាងលើ តែត្រូវខឹះទាញដៃឃាត់។
«ថតក្រោមបានហើយ!»
នូណាងាកមកសង្សារហើយផ្ទុះសំណើចខឹក។
«កុំប្រមាថ!» ខឹះបញ្ជា។
នូណាទម្លាក់ទឹកមុខហើយងក់ក្បាល។
«ខ្ញុំមើលបន្ទប់នោះ!»
សុភៈចង្អុលទៅបន្ទប់ខាងស្តាំពោរពេញដោយគំនូរសត្វពាហនៈ និងតុក្កតាដែលបាក់បែក។
គេដើរទៅ ខណៈខឹះរេសម្លឹងតាមព្រោះនូណាដើរទៅរ៉ុយតាមសុភៈ។
ខឹះញ័រជើង ពេលឃើញ កែវភ្នែករបស់សត្វទាំងនោះរេតាមនូណាគ្រប់ចលនា។
«ស្អី?»ខឹះសួរខ្លួនឯងតែគាំងមិនចេញសំឡេងទេ។
«មើលនៀក!»
នាងងាកទៅនីអូដែលភ័យនិងភ្លាត់។ នីអូកំពុងបញ្ចាំងលើជញ្ជាំងនៅជ្រុងម្ខាងឆ្វេងនៃបន្ទប់ធំ។
រូបថតចាស់ៗជាច្រើននៅសល់។ ភាគច្រើនជារូបភាពក្រុមកុមារដែលគូរដូចសម្តែងល្ខោនហ៊ីចិន។
នីអូធាក់ថយ…ព្រោះក្នុងចំណោមពួកគេមានក្មេងស្រីម្នាក់ ដែលមានកែវភ្នែកខ្មៅគ្មានប្រស្រីកំពុងកាន់ផ្លិតមូល ដែលរហែកធ្លាយ។ មុខនាងគឺនូណា។
ពីនេះទៅ ខឹះបានញ័រខ្លួន គាំងចលនា ព្រោះក្មេងស្រីបានញញឹមហើយលូកដៃមកមានម្រាមវែងស្រួច ទាញច្របាច់ក អូសនាំនីអូចូលទៅក្នុងភាពងងឹត។
ខឹះចំហមាត់សម្លក់ភ្លើងដែលដួលធ្លាក់មកលើឥដ្ឋ។
ភ្លើងបែក លាន់សូរស្រួយស្រឹប តែពន្លឺមិនបានរលត់ទេ។
ភាពព្រឺសម្បុររត់ចុះមកតាមចង្អូរឆ្អឹងខ្នងរបស់ខឹះ ហើយឈានទីណាមិនបានព្រោះបន្ទប់ទាំងមូលហាក់បីដូចជា រងថាមពលពីពិភពផ្សេង កក ត្រជាក់និងគាំង។
ជួយផង! នូណា ភៈ!
នាងស្រែកឡើងតែមិនឮអ្វីចេញពីមាត់ខ្លួនទេ។ ត្រចៀកនេះឮតែសំលេងខ្សឹបៗរបស់ក្មេងៗដែលចោមព័ទ្ធ៖
«អ្នកគ្រូអើយ! ឃ្លានណាស់!»
ពួកគេវេទនានិងត្រូវបានគេបំភ្លេចចោល ពួកគេរស់ក្នុងសេចក្តីប្រាថ្នាឱ្យពិភពលោកចងចាំពួកគេផង។
នៅពេលដែលខឹះខំងាកទៅរក ទ្វារស្តាំដែលនូណានិងសុភៈកំពុងថត គេហាក់ដូចជាឮស្នូរគោះទ្វារ និងសម្រែកនូណា៖
«ទេ!!! ជួយ!!! »
ភ្លើងពួកគេធ្លាក់មកលើឥដ្ឋដូចគ្នា ចាំងជះមកក្រៅ ចំមុខរបស់ខឹះ។ ខឹះមិនអាចមើលពួកគេឃើញទេ។
«ជួយផង!»
ជាសំឡេងនារីចិនម្នាក់ មានផ្ទៃពោះ ឈរលើជណ្តើរ។ ខឹះទម្លាក់គ្រប់យ៉ាង ទៅលើឥដ្ឋព្រោះរាងកាយគេខ្សោយ។
គេទន់ជើងនិងដួល។
គេនៅមើលឃើញ…ពួកចិនជាទាហាន ចាប់ក្រៀកស្ត្រីមានផ្ទៃពោះ ដាក់ទៅក្នុងកញ្ច្រែងដែលគេទុកក្រុងសត្វជ្រូក។
«ជួយផង!»
គ្រប់យ៉ាង ហាក់បីដូចជា គន្លឹះនៃអាថ៌កំបាំងដែលកប់ទុកយូរមកហើយរបស់មណ្ឌលកុមារកំព្រានិងសារមន្ទីរនេះបានអណ្តែតមកឱ្យខឹះមើលឃើញ។
គេឃើញបុរសចំណាស់ស្តុកស្តម គ្រងព្រែខ្មៅពីលើដល់ចុងជើង និងមានអមដោយប្រពន្ធជាច្រើនឈរធ្មឹងពីក្រោយខ្នង។ ក្នុងចិត្តខឹះ បុរសនោះគឺកុងហៃ។
សំឡេងបុរសនោះនិយាយជាភាសាប៉ៃឡាំៗថា៖
«គ្រប់គ្នាគិតថា វាជាសារមន្ទីរ តែតាមពិតវាជាទីដែលមានវិញាណពួកយើង នៅជាមួយគ្នាអស់កប្ប»
ពីថ្ងៃនោះមកគ្មានអ្នកណាបានឃើញនូណានិងក្រុមរបស់នាងទៀតទេ៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ