មិត្តភ័ក្តិរបស់ខ្ញុំម្នាក់ ជាស្មៀននៅឃុំឧទ្ធរ។ ចំណែកខ្លួនខ្ញុំនេះ បានទៅលេងគេ ក្នុងនាមជាអ្នកថតរូបស្ម័គ្រចិត្តព្រោះគេមានពិធីបុណ្យសងគុណម្តាយ។
ខ្ញុំឈ្មោះ ផល្លា តែជាប្រុសទេ។ ខ្ញុំនៅកំលោះ និងមានចិត្តចង់បានប្រពន្ធម្នាក់ពីភូមិឧទ្ធរដែរ។
ខ្ញុំបានទៅដល់ជាមួយនឹងកាមេរ៉ាពាក់ក ហើយថតរូបជាច្រើនសម្រាប់ពីធីនោះ។ ពូម៉ាធឿន ជាមេឃុំរបស់មិត្តខ្ញុំគឺសម្លាញ់បុល ដែលជាស្មៀនគាត់។
នៅពេលពេញចិត្តចំពោះការថតរូបនេះ ពូម៉ាធឿនបានអញ្ជើញខ្ញុំទៅលេងនៅការិយាល័យរបស់គាត់នាព្រឹកបន្ទាប់ដើម្បីជួយថតរូបគ្រួសារគាត់ជុំគ្នា។
ម៉ោងប្រហែល៨ព្រឹកខ្ញុំត្រូវបានស្មៀនបុលដឹកម៉ូតូទៅដល់។ បន្តិចមក ក៏បានឃើញ ប្រពន្ធមេឃុំម៉ាធឿន គាត់ឈ្មោះមីង សោភក្រ្ត នាំស្រីក្រមុំពីរនាក់មកដល់។ គាត់ថាម្នាក់ជា ក្មួយគាត់ និងម្នាក់ជាប្អូនពៅគាត់។
ពួកគេមានរូបសម្រស់ល្អឥតខ្វះ តែមិនមានមាត់កជាមួយខ្ញុំទេហាក់អៀនអន់ច្រើន។
នាងម្នាក់ជាក្មួយ របស់គាត់ឈ្មោះស៊ីថា និងប្អូនពៅគាត់ឈ្មោះដានី។
ដានីស្លៀកពាក់ទំនើបតាមបែបអ្នកភ្នំពេញ។ នាងមានកំព្យូទ័រមួយមកតាមនិងអង្គុយក្បែរបង្អួច ធ្វើការជាមួយកំព្យូទ័រមិននិយាយរកអ្នកណាទេ។
ចិត្តខ្ញុំពេញចិត្តដានីខ្លាំងណាស់ ពិតជាចាប់អារម្មណ៍នាងមែនទែនតែនាងតោះតើយព្រោះខ្ញុំមិនសង្ហាមិនឡូយឆាយ។ គំនិតនៃការថតរូបជុំគ្នា គឺប្រពន្ធមេឃុំចង់ណែនាំពួកនាងមកឱ្យខ្ញុំសោះ ប្រហែលដឹង បុលថា ខ្ញុំចង់បានភរិយាស្រុកនេះ។
នៅម៉ោងប្រហែល១០ ការរៀបចំទាំងអស់ត្រូវបានបញ្ចប់សម្រាប់ការថត។ ស្ត្រីក្មេងទាំងពីរនាក់ គឺត្រូវបានដាក់ឱ្យឈរអមលោកនិងលោកស្រីមេឃុំដែលអង្គុយលើកៅអីវែងធ្វើពីគ្រញូង។
ខ្ញុំបានរំកិលខ្លួនជាមួយកាមេរ៉ាផ្តិតរូបជូនពួកគេដោយប្រិតប្រៀងបំផុត។ ពេលចប់ ពួកគេវិលទៅវិញ ខ្ញុំជាប់រវល់ត្រូវមេឃុំនាំដើរថតបរិវេណការិយាល័យនិងចម្ការម្រេចរបស់ប្រជាជន។
នៅល្ងាចនោះ ខ្ញុំបកមកភ្នំពេញវិញ។ មកដល់បន្ទប់ជួល ការងារមុនគេ គឺខ្ញុំឆែករូបថតដានី។
ខ្ញុំដកកាម៉េរ៉ាមកមើលតែអស់សំណើចបំផុត ក្នុងរូបមានតែប្តីប្រពន្ធមេឃុំនិងក្មួយគាត់ស៊ីថា ចំណែកនាងដានីមិនឃើញរូបទេ។
«ឆ្កួតអី?»
ខ្ញុំស្រែក ឡើងបន្ទាប់មកអ្នកស្រមៃថា នាងនៅទីនោះឈរក្បែរបងស្រីនាង ហើយមិនញញឹម តែបានថតនិងបានពិនិត្យឃើញច្បាស់ណាស់ក្រោយថត។
ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងពេលចូលងូតទឹក ហើយគិតថានេះមកពីខ្ញុំហត់ពេក។ ចេញមកវិញ បើកមើល ក៏ដដែល។ មនុស្សថតបួននាក់ឃើញតែបីនាក់?
ដោយមិនអាចទ្រាំបាននឹងហេតុភេទចម្លែកនេះខ្ញុំបានខលទៅរកស្មៀនបុលជាមិត្តហើយសួរឡើងទាំងមិនសប្បាយចិត្តថា៖
«នែ៎! ឯងជឿដែរថា ខ្ញុំថតមេឯងឃើញមានមនុស្សតែបីនាក់! គាត់ប្រពន្ធគាត់និងក្មួយគាត់ ប្អូនពៅរបស់គាត់មិនឃើញទេរូបណាក៏មិនឃើញ!»
«លេងសើចម៉្លេះ?»បុលបានបន្ទរមកតាមទូរសព្ទ។
ពិតជាលេងសើចមែន ខ្ញុំបែកញើសជោកហើយប្រញាប់ភ្ជាប់កាមេរ៉ាទៅមើលក្នុងកំព្យូទ័រក្រែងបានច្បាស់ជាង?
ដំបូងខ្ញុំអរណាស់ ព្រោះឃើញនាងក្នុងសន្លឹករូបថតតែមួយក្រឡេកមកវិញនាងក៏បាត់ទៀត? ពេលដំបូងឃើញនាងឈរខាងស្តាំកៅអីយ៉ាងច្បាស់ ហើយពេលនេះម្តេចសល់តែបីនាក់?
ជាលទ្ធផលខ្ញុំមិនអាចផ្តោតអារម្មណ៍បានបន្តិចណាសោះ។ ពូមេឃុំឱ្យខ្ញុំផ្តិតធំតាំងជញ្ជាំងឱ្យគាត់ តើផ្តិតយ៉ាងម៉េចបើយ៉ាងនេះ?
ខ្ញុំបានយករឿងនេះពិភាក្សាជាមួយអ៊ំប្រុសម្នាក់ជាអ្នកជិតខាង ។ អ៊ំស្តាប់ដំណើរទំនងហើយក៏ស្លេកមុខ ពន្យល់ខ្ញុំថា នាងអាចជា«ខ្មោច»។
នេះជាគ្រាប់បែកធំពេកណាស់សម្រាប់ឱ្យខ្ញុំអាចលេបទទួលយកបាន។ ដូច្នេះ ខ្ញុំបានឈប់ជជែកហើយគិតទាំងហ្មងសៅ។
ខ្ញុំមិនជឿរឿងខ្មោចទេ ប៉ុន្តែ ពិតជាបានថតហើយមិនជាប់ពិតមែន។
ចុងក្រោយទៅ ខ្ញុំសម្រេចចិត្តខលទៅពូមេឃុំតែម្តងដោយសារភាពនូវរឿងចម្លែកអស់ទាំងនោះ។ ជាការពិតមេឃុំម៉ាធឿនមិនបានភ្ញាក់ផ្អើលអ្វីសោះទេ គាត់ថា នេះមិនមែនជារឿងថ្មីទេ គាត់ចួបបញ្ហានេះជានិច្ចហើយកើតទុក្ខឆ្ងល់ជាខ្លាំង នៅពេលដែលដានីថតមិនដែលជាប់ សូម្បីធ្វើអត្តសញ្ញាណអត្រានុកូលដ្ឋានផ្សេងៗបានជាគាត់ហៅខ្ញុំម្នាក់ទៀតទៅថត។
ប៉ុន្តែ…ការទទួលស្គាល់របស់គាត់ថានេះមិនមែនជាកំហុសខ្ញុំក៏នៅមិនអាចរម្ងាប់ភាពងឿងឆ្ងល់ទាំងអស់ពីទ្រូងខ្ញុំដាច់ខាត។
តើស្រីម្នាក់នេះនាងជានរណាហេតុអ្វីបានជាថតមិនជាប់។
ខ្ញុំចង់ចួបនាងផ្ទាល់ដើម្បីបានពិភាក្សាអំពីរឿងនេះប៉ុន្តែត្រូវបានបុលបដិសេធថា ប្រពន្ធមេឃុំមិនអនុញ្ញាតដោយហេតុផលផ្សេងៗ។
ក្រោយមកពីរសប្តាហ៍ ខ្ញុំទាក់ទងបាននិងបញ្ជូនរូបភាពមួយច្បាប់ ទៅអាមេរិកដែលមានពូម្នាក់ស្គាល់គ្នាជាមួយមិត្តខ្ញុំ ហើយបានសុំឱ្យគាត់ជួយសិក្សាស្វែងរកការពន្យល់បែបវិទ្យាសាស្ត្រអំពីបាតុភូតនេះ។
មិនយូរទេមានអាចារ្យគ្រិស្តម្នាក់ពន្យល់ខ្ញុំវិញតាមអ៊ីម៉ែលថា៖
«ក្មេងស្រីនៅក្នុងរូបជាទាយាទនៃត្រកូលបុរាណដែលមានមហិទ្ធិឫទ្ធិ! រូបភាពរបស់នាងអាចបន្លំបាត់ បោះចោលនៅលើលម្ហដោយសាររាងកាយនាងរងឥទ្ធិពលពីវិញ្ញាណដ៏ភ្លឺមួយ សមនឹងភពផ្សេងៗទើបមើលឃើញច្បាស់។»
ខ្ញុំឡេឡឺមិនយល់ថែមទាំងគ្រុន។ នៅសាលាខ្ញុំបានអានមេរៀនវិទ្យាសាស្ត្រ និងគីមីវិទ្យាតិចតួច ហើយអាចធ្វើការវិភាគអំពីប្រភេទចំណាំងផ្លាតនៃគ្រាប់អំបិលស្ងួត ប៉ុន្តែ ការបាត់រូបមនុស្សទាំងមូលក្នុងឌីជីថល នេះគឺជាធាតុធំពេកសម្រាប់ការយល់ដឹងដ៏មានកម្រិតរបស់ខ្ញុំ។
មិនយូរប៉ុន្មាន បុលបានមករកខ្ញុំ ហើយសារភាពថា ដានីបានស្លាប់ហើយ ព្រោះនាងធ្វើអត្តឃាត។ អ្នកស្រុកអះអាងថា នាងជាអម្បូរព្រាហ្មដែលមិនសមនឹងឋានមនុស្សលោកទេ នាងមកសងកម្ម និងមិនដែលនិយាយជាមួយអ្នកណាឡើយចាប់តាំងពីកើតមក។ ខ្ញុំបានសម្រេចចិត្តលុបរូបទាំងអស់នោះចេញពីម៉ាស៊ីនរបស់ខ្ញុំ។
យប់មួយ ខ្ញុំភ្ញាក់ឡើងក្រញាងព្រោះសុបិនឃើញដានីអង្គុយនៅបន្ទប់ចុងគេមួយនៃផ្ទះជួលក្បែរៗនេះ។
ផ្ទះនោះមានស្ត្រីមានពោះគ្រប់ខែម្នាក់ គាត់ជាកម្មកររោងចក្រ។
ស្អែកឡើង ខ្ញុំបានដំណឹងថា គាត់ប្រសូតបានកូនស្រី ថែមដាក់ឈ្មោះថាដានី។
ខ្ញុំចម្លែកនិងផ្ទុកអាថ៌កំបាំងនៃចម្ងល់នេះម្នាក់ឯងរហូតដល់៥ឆ្នាំក្រោយមក ខ្ញុំបានរៀបការមានកូនប្រពន្ធ ចេញមកនៅឆ្ងាយពីម្តុំនោះ។
ពេលកូនមីងម្ចាស់ផ្ទះជួលរៀបការ គាត់អញ្ជើញអ្នកធ្លាប់ជួលផ្ទះគាត់ទាំងអស់មកជុំគ្នា។ ខ្ញុំបានឃើញកុមារីដានីជាលើកដំបូង។ នាងមានទឹកមុខ ឫកពារនិងរបៀបអង្គុយដូចដានីក្មួយពូមេឃុំទាំងស្រុង ហើយអ្នកជុំវិញតុខ្សឹបប្រាប់ខ្ញុំថា នាងវ័យ៥ឆ្នាំហើយ មិនចេះនិយាយទេ៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ