ថ្ងៃព្រហស្បតិ៍ ទី១៥កើត ដែលជាថ្ងៃបុណ្យព្រៃរបស់កុលសម្ព័ន្ធភាគតិចមួយជារៀងរាល់ឆ្នាំតែងតែមានគេមកយកក្មេងម្នាក់ជាដង្វាយដល់ខ្មោចជាថ្នូរនឹងការបង្កាគ្រោះភ័យ របស់ប្រជាជននៅក្នុងភូមិខ្មោច។
យប់១៥កើត ខែភ្លឺពេញដួងបានចោលរស្មីស្រោចស្រប់រាត្រីកាល។ ពពពដុំៗកំពុងតែមានចលនាប្រៀបដូចជាសំឡីកំពុងតែហោះនៅក្នុងលម្ហ។
តឹបៗៗ!
សំឡេងសម្រិបជើងជាន់លើព្រះធរណី បានបន្លឺឡើងទន្ទឹមគ្នាជាមួយសំឡេងបេះដូងលោតញាប់រន្ថាន់ដូចជាស្នូរនៃរបស់ធ្ងន់ដែលធ្លាក់ពីលើទីខ្ពស់ចុះមកដល់ទីទាបបំផុតនៃគល់ឈើ។
ពន្លឺលឿងៗនៃដុំភ្លើងកំពុងតែលេចរូបរាងឡើងនៅកណ្តាលព្រៃដែលគ្របដណ្តប់ដោយស្បៃអន្ធិកាយ៉ាងក្រាស់ឃ្មឹក មើលមិនឃើញសូម្បីតែស្រមោលរបស់ខ្លួនឯង។ ក្មេងប្រុសជំទង់ មុខមាត់ប្រឡាក់ប្រឡូកទៅដោយឈាមប្រៀបដូចជាត្រូវបានគេកាប់ដោយអាវុធមុតស្រួចយ៉ាងសុះសាច់ កំពុងតែសម្លឹងមើលពន្លឺលឿងៗជាច្រើនដុំដែលមកហ៊ុមជុំជិតរូបខ្លួន។
ប្រោក!!
សម្រិបជើងជាន់លើស្លឹកឈើដែលក្រៀមស្រពោន បន្ទាប់មកបុរសមាឌធំមាំវ័យប្រហែល៥០ផ្លាយក្នុងសម្លៀកបំពាក់សំពត់ធ្វើពីស្លឹកចេកមានស្លាបសត្វចងជាប់ក្បាលដែលទម្លាក់សក់រួញត្រឹមស្មា ក្នុងដៃមានកាន់ដុំចន្លុះធំមួយបានលេចចេញពីក្រោយខ្នងបុរសពីនាក់ទៀត ហើយមកឈរពីមុខក្មេងប្រុសដែលមានទឹកមុខភិតភ័យ។
តើនេះជាចុងបញ្ចប់នៃជីវិតក្មេងប្រុសនេះហើយមែនទេ?
ឆ្វាប់!!!
តំណក់លោហិតខ្ទាតចេញពីស្មារបស់ក្មេងជំទង់ដែលពេលនេះ លែងមានក្បាលនៅពីលើទៀតហើយគឺមានតែឈាមក្រហមច្រាលកំពុងតែជ្រួលជ្រើមធ្វើដំណើរចាកចោលរាងកាយដ៏កម្សត់ ឱ្យដេកក្នុងថ្លុកនៃសេចក្តីមរណា។
…
ឆ្នាំ២០០៤…
ព្រៃស្តុក…
“ខ្ញុំមិនដែលឮដែលថា សម័យនេះហើយ នៅមានក្រុមកុលសម្ព័ន្ធនៅស្រុកខ្មែរទៀត!!”
ខ្នងធំលើកដៃដាក់ទៅអាំងជាមួយភ្នក់ភ្លើងដែលមានមនុស្ស៣នាក់អង្គុយដំកង់ជុំវិញក្នុងនោះក៏មានក្មេងប្រុសម្នាក់ប្រហែលត្រូវជាកូនរបស់ម្ចាស់សម្តីដែលកំពុងនិយាយកំពុងលក់កើយលើភ្លៅនាយ។
“ខ្ញុំក៏មិនដឹងដែរ តែយើងជាអ្នកធ្លាប់រៀនជាតិពន្ធុក៏ត្រូវតែសាកអង្កេតដល់ទីតាំងយ៉ាងហ្នឹងហើយក្រែងបានការណ៍ច្បាស់ជាងឮតែអ្នកភូមិនិយាយ!”
នាយម្នាក់មានរាងខ្ពស់និយាយចប់ក៏បែរមុខមករកភ្នក់ភ្លើង។
“នែៗ! ប្រពៃណីអ្នកស្រុកក៏នៅតែមានខ្លះតាមតំបន់ ថ្ងៃមុនយើងឃើញគេឡើងអ្នកតា លេងសុទ្ធតែចាប់ស្វាមកសម្លាប់ឆ្កាង ហើយមានអ្នកខ្លះអារកមាន់មួយយកឈាមសែនក៏មាន អ្វីក៏អាចទៅរួចដែរជាមួយរឿងជំនឿជីវចល!”
បុរសម្នាក់ទៀតថាចប់ក៏ធ្វើញ័រក្បាលតិចៗជាសញ្ញាប្រាប់ថាញញើត។
“អឺ!និយាយចឹងប្រពន្ធឯងទៅណា បានជាឯងយកកូនមកបោះតង់ជាមួយអ៊ីចឹង!”បុរសម្នាក់សួរ។
“នាងរវល់ធ្វើកំណាយនៅមេមត់!” ខ្នងធំថាចប់ក៏យកដៃមកអង្អែលក្បាលកូនថ្នមៗ។
“អើៗ! យកប្រពន្ធរៀនបុរាណវិទ្យាដូចគ្នាមានតែអ៊ីចឹងហើយ ហាសហា!”
មិត្តម្នាក់ទៀតបន្ថែម ហើយសើចតិចៗទាំងអស់គ្នា។
….
យប់កាន់តែជ្រៅ គ្រប់គ្នាក៏ចូលទៅដេកនៅក្នុងតង់ដែលបោះរៀងៗខ្លួនអស់ទុកតែភ្នក់ភ្លើងដែលកំពុងឆេះតិចៗនិងហុយផ្សេងទ្រលោមគ្រាន់នឹងការពារសត្វមិនឱ្យចូលមកជិតបាន។
“ប៉ាហ្អា?កូនឈឺនោម!”
កុមារាជាកូននិយាយតិចៗទៅកាន់ឪពុកដែលដេកក្បែរខ្លួន តែមិនមានការឆ្លើយតបសោះ។ ក្មេងតូចក៏ងើបមកស្រវាចាប់ស្មាឪពុកតិចៗដែលដេកផ្អៀងខ្លួនទៅម្ខាងស្រាប់តែរាងកាយធំចង្រ្គោងផ្តួលមកផឹងធ្វើឱ្យក្មេងតូចស្រែកវាស ព្រោះសភាពមុខឪពុកពេលនេះសុទ្ធតែដង្កូវរុកយ៉ាងសុសសាច់ និងរលួយចេញទឹករងៃគួរឱ្យចង់ក្អួតព្រោះតែខ្ពើម។
ក្មេងតូចប្រញាប់រត់ចេញមកខាងក្រៅតែម្នាក់ឯងដោយមិនដឹងទីតំបន់ក្នុងព្រៃដែលមានតែដើមឈើខ្ពស់ៗ និងសំឡេងសត្វព្រៃយំបណ្តាក់គ្នាឥតដាច់សូរ។
ផាំង!ព្រូស!
រាងខ្ពស់បន្តិច បង្ហាញរូបរាងឡើងនៅពីមុខក្មេងតូចដែលទើបតែរត់មុខមុននេះ។
“បង!ជួយខ្ញុំផង!” ក្មេងតូចចាប់ផ្តើមសុំជំនួយដោយចាប់ដៃនាយម្នាក់នោះអង្រួនតិចៗ។
នាយមិននិយាយ ហើយចាប់ដៃក្មេងតូចជាប់ឱ្យដើរតាមខ្លួនដោយស្ងប់ស្ងាត់។
“បងឈ្មោះអ្វី? ម៉េចបានមកនៅក្នុងព្រៃនេះទៅវិញ?” ក្មេងតូចនិយាយទាំងមើលជំហានរបស់នាយខ្ពស់នោះជាប់ជានិច្ច។
នាយខ្ពស់ស្រាប់តែឈប់ដើរភ្លាម រួចសម្លឹងមុខក្មេងតូចដូចជាចង់ស៊ីសាច់ ទើបចង្អុលដៃឡើងលើមេឃឈើទាំងនិយាយយឺតៗសំឡេងអន្លាយៗ៖
“ផ្ទះបងនៅទីនេះ! មកនៅជាមួយបងទេ?”
ក្មេងតូចសម្លឹងមើលតាមម្រាមដៃ ក៏បានឃើញថាមានដើមឈើខ្ពស់ៗហើយធំខ្លាំងណាស់ នៅលើមេឃឈើទាំងនោះមានសុទ្ធសឹងតែមឈូសដាក់ខ្មោចហើយមានខ្លះទៀត ជាសាកសពរុំជាមួយក្រណាត់ស ឬកន្ទេលក៏មាន ដោយមានទាំងទឹករងៃថ្លាៗស្រក់ចុះមកផងនៅលើផ្ទៃមុខក្មេងតូច។
“អា៎!!!”
ក្មេងតូចស្រែកយំ ដោយយកដៃមកខ្ទប់ភ្នែកជាប់មិនឱ្យឃើញអ្វីបន្តទៀត តែភ្លាមនោះដៃត្រជាក់ល្អូកមួយ បានស្រវាមកកាន់ដៃវាហើយនាំរត់យ៉ាងលឿនចូលទៅក្នុងគុម្ពោតព្រៃមួយ។
ក្មេងតូចបើកភ្នែកឡើងស្រាប់តែឃើញនៅចំពោះមុខរបស់ខ្លួនហាក់ដូចជាភូមិស្ថានមួយ ភ្លាមនោះក្មេងមានអាយុប្រហែល៤ខួបដើរតេតាស់ មកកាន់ដៃក្មេងតូចនាំចូលទៅលេងជាមួយពួកគេ តែស្រាប់តែត្រូវទច់ជើងវិញដោយសារតែត្រូវក្មេងប្រុសដែលនាំក្មេងតូចរត់មកនោះចាប់ទាញដៃជាប់។
“ឯងកុំទៅឱ្យសោះណា! បើឯងទៅ ឯងនឹងមិនអាចទៅវិញបានដូចជាយើង!”
ក្មេងប្រុស មានដៃត្រជាក់ល្អូក និងទឹកមុខស្លេកស្លាំងនិយាយទៅកាន់ក្មេងតូចទាំងសោកសៅ។
“នែចម! ឯងមានសិទ្ធិអីមកហាមមិត្តថ្មីរបស់យើងបែបនេះ!”
ក្មេងស្រី វ័យស្របាសជាមួយចម មានមុខមាត់កាចឆ្នាស នៅលើថ្ងាសមានលាបម៉្សៅ អ្វីម្យ៉ាងជាសញ្ញាជើងក្អែក និងស្លៀកសម្លៀកបំពាក់ពីស្លឹកឈើដូចក្រុមកុលសម្ព័ន្ធចេញមុខមកថាឱ្យចម។
ចម មិននៅតវ៉ា វាចាប់ដៃក្មេងតូចជាប់ហើយរត់យ៉ាងលឿនចូលទៅក្នុងព្រៃវិញភ្លែត។
“បងឈ្មោះចមហ្អេស? ម៉េចបានបងស្គាល់ពួកគេ?” ក្មេងតូចនិយាយឡើងនៅពេលដែលចមឈប់រត់ ហើយដើរធម្មតាវិញ។
“បងស្គាល់គេព្រោះបងធ្លាប់ជាមិត្តលេងរបស់គេនោះអី!”
ចមនិយាយហើយក៏នឹកគិតដល់គ្រាមួយនៅពេលដែលគេវង្វេងទៅដល់ទីនោះដំបូង៖
កាលនោះ ថ្ងៃពុធ ១៤កើត….
ចម ដើរតាមសំឡេងប្រាប់របស់ក្មេងស្រីប្រុសពីរនាក់រហូតទៅដល់ភូមិស្ថានមួយដែលនាយគិតថាដូចជាកន្លែងដែលមនុស្សរស់នៅ តែតាមការពិតទៅ នៅទីនោះ ជាកន្លែងដែលក្មេងខ្មោចដែលស្លាប់ដោយសារវង្វេងព្រៃនាំគ្នាមកនៅ ដល់យូរៗទៅកើតជាភូមិខ្មោច នៅកណ្តាលព្រៃតម្កល់សពដែលអ្នកភូមិសេះស្លាប់ ហៅទីនេះថាព្រៃខ្មោច។
នៅថ្ងៃដំបូងដែលចមមកដល់ទីនេះ វាប្រៀបដូចជាស្ថានសួគ៌របស់កុមារតូចៗដែលមិនធ្លាប់ទទួលបានភាពរីករាយពីមុនមក។ នៅទីនោះ មានរបស់សព្វបែបយ៉ាងដែលកុមារគ្រប់រូបត្រូវការ មានទាំងសម្លៀកបំពាក់ អាហារឆ្ងាញ់ៗ និងអ្វីៗជាច្រើនទៀតដែលធ្វើឱ្យកុមារដែលមកដល់ទីនេះហើយសប្បាយលេងរហូតភ្លេចផ្ទះសំបែង រហូតដឹងខ្លួនម្តងទៀត ចមក៏ស្រាប់តែជាប់នៅក្នុងព្រៃមួយនេះរហូតមក។
“ម៉េចបងមិនរកផ្លូវទៅវិញ?”
ចម បែរមកមើលមុខក្មេងតូចដែលកំពុងតែដើរតាមពីក្រោយខ្លួនស្លាប់រឿងដែលវាកំពុងតែនិទានប្រាប់ ទើបនិយាយបន្ត៖
“មិនមែនបងមិនខំទេ តែ….!”
ចមនិយាយបង្អូស ព្រោះវាទាក់ទងជាមួយកិច្ចពិធីដ៏ចម្លែករបស់ក្រុមកុលសម្ព័ន្ធមួយដែលមិនមានរូបរាងជាមនុស្សទេ គឺពួកគេជាវិញ្ញាណ មេកន្ទ្រាញដែលគ្របគ្រងភូមិខ្មោច បើសិនជាមានក្មេងណាចង់រត់ចេញ ខ្មោចមេកន្ទ្រាញនោះនឹងមកសម្លាប់ក្មេងនោះភ្លាមដើម្បីជាសំណែនដល់ខ្មោចម្ចាស់ភូមិជំនាន់មុនៗ។
យប់ថ្ងៃព្រហស្បត្តិ៍ ១៥កើត….
ចម លួចរត់ចេញពីក្នុងភូមិ តែម្នាក់ឯងស្ងាត់ៗ នាយដើរក្នុងព្រៃទាំងភាពភ័យខ្លាច។
ប្រោក!
សម្រិបស្លឹកឈើដូចត្រូវខ្យល់បក់ បានបន្លឺពីក្រោយខ្នងរបស់ចម ចមបែរក្រោយភ្លែតក៏ស្រាប់តែមើលឃើញរូបរាងមនុស្សប្រុសជំទង់ដែលនាយស្គាល់យ៉ាងច្បាស់ គឺជាម្ចាស់ឈ្នួល ដែលជួលនាយឱ្យចែវទូកឱ្យកាលនាយមិនទាន់ជាព្រលឹង។
“បង!នេះបងនៅទីនេះដែរ?”
ចមនិយាយដោយភ្ញាក់ផ្អើល ព្រោះនាយគិតថា កាលដែលលិចទូកនៅម្តុំព្រៃខ្មោចនោះ នាយប្រហែលជាបានរួចជីវិតទៅហើយ តែពេលនេះបែរជាទាំងវា និងម្ចាស់ឈ្នូលសុទ្ធតែវង្វេងនៅក្នុងព្រៃនេះសោះ។
ប្រុសជំទង់នោះគ្រាន់តែឃើញចមភ្លាមក៏ហក់មកច្របាច់កវាភ្លាមថែមទាំងនិយាយដោយភាពខឹងសម្បា៖
“ដោយសារតែឯង ទើបយើងទៅជាបែបនេះ!”
ប្រុសជំទង់ ប្រឹងកម្លាំងដៃកាន់តែខ្លាំងដល់ថ្នាក់ចមហើបជើងផុតដីហើយសឹងតែប្រកាច់នឹងកន្លែង។
ឆ្វាច់!
សំឡេងអាវុធមុខស្រួចបានបន្លឺឡើងពីក្រោយខ្នងប្រុសជំទង់ធ្វើឱ្យនាយនោះ ទម្លាក់ចមចុះវិញលាន់ដឹបនៅលើដី ទើបចមប្រញាប់ត្បុលចូលគុម្ពព្រៃដើម្បីគេចខ្លួនផង និងលបមើលផងថាមានអ្វីកើតឡើង។
រាងកាយប្រុសជំទង់ដួលទៅក្រោយទាំងជំហរធ្វើឱ្យចមបានឃើញបុរសជាមេកន្ទ្រាញខ្មោច មានមាឌធំមាំ មានសម្លៀកបំពាក់ពីស្លឹកចេក និងមានរោមសត្វស្លាបចងជាប់នឹងក្បាលដែលទម្លាក់សក់រួញត្រឹមស្មា។
ដៃមេកន្ទ្រាញកាន់ដាវវែងដែលមានឈាមដាបស្រក់តក់ៗមកលើធរណី មុនពេលដែលលើកដាវនោះកាប់បន្ថែមឆ្វាប់ផ្តាច់ក្បាលចេញពីប្រាណយ៉ាងអាណោចអាធ័មបំផុត។
“ទីបំផុត យើងរកបានក្បាលប្រុសជំទង់សម្រាប់យប់បុណ្យព្រៃយើងហើយ ហាហា…”
មេកន្ទ្រាញនិយាយ និងសើចឮៗដោយកាន់ក្បាលដែលកាប់បាននោះជាប់ក្នុងដៃ ហើយរលាយរូបជាផ្សែងភ្លាមៗ នៅចំពោះមុខចមដែលក្រាបពួនក្បែរគុម្ពព្រៃនោះ។
“ព្រៃនេះគួរឱ្យខ្លាចណាស់ ខ្ញុំចង់ទៅរកប៉ាខ្ញុំវិញ!ហ៊ឹៗ…”
ក្មេងតូចចាប់ផ្តើមយំសសឹក ទារទៅរកឪពុកវិញបន្ទាប់ពីបានស្តាប់រឿងដែលចមនិទានចប់។
ចមស្ងាត់មាត់រួចក៏ដើរចេញត្រឡប់ចូលទៅក្នុងព្រៃវិញ ដោយទុកឱ្យក្មេងតូចឈរយំតែម្នាក់ឯងក្បែរតង់ដែលមានភ្នក់ភ្លើងហុយតិចៗដោយវាឆ្លៀតបែរមកនិយាយតិចៗផង ៖
“ទោះជាខ្ញុំមិនអាចត្រឡប់ចូលក្នុងរូបវិញបាន តែខ្ញុំនឹងធ្វើជាព្រលឹងតាមការពារក្មេងដែលវង្វេងព្រៃនេះ មិនឱ្យដូចជាខ្ញុំឡើយ!!”
កម្លាំងខ្យល់បក់មួយឆាវមកប៉ះចម រូបរាងរបស់វាក៏ រសាត់បាត់ក្លាយជាផ្សែងនៅក្នុងភាពងងឹតបាត់ទៅ។ “អ្នកល្មើសនិងមេកន្ទា្រញកុំសង្ឃឹមថារួចខ្លួនឱ្យសោះ!”
1 Comment
ចមមិនមែនមនុស្សទេ?
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ