រឿង៖ អាថ៌កំបាំងក្លិនផ្កាLavender (ភាគ៦)

ស្រីស្រស់វីយូឡាគិតថាខ្លួនឯងមានសុវត្ថិភាពហើយបន្ទាប់ពីបានចាត់ការអ្នកតាមនោះមក តែមិនដូចអ្វីដែលគិត កម្ចាត់ចេញមួយនៅសល់បីនាក់ដែលបន្តតាមនាងពីក្រោយជាប់នៅក្នុងឡានធំ។ បុរសទាំងបីស្លៀកពាក់ធម្មតាបែបអ្នកឡើងភ្នំ តែបំពាក់ដោយកាំភ្លើងខ្លី។ ពួកគេតាមឡានតូចរបស់នាងដោយភាពអត់ធ្មត់រហូតដល់ចេញក្រៅក្រុង ហើយផ្លូវក៏ស្ងាត់ជាងមុន មានឡានទៅមកមួយៗ កាន់តែងងឹត កាន់តែគួរឱ្យខ្លាច។

វីយូឡាដែលបើកឡានដោយស្ងប់ស្ងាត់ ស្រាប់តែសង្កេតឃើញឡានដែលតាមខ្លួនមករហូតនោះ។ ស្រីមើលទៅកញ្ចក់ជារឿយៗ ដឹងថាខ្លួនកំពុងនៅក្នុងស្ថានភាពគ្រោះថ្នាក់។ ភ្នែករបស់នាងក្រឡេកឆ្វេងស្ដាំរកផ្លូវគេច តែអ្វីៗងងឹតឈឹង មានតែដើមឈើ និងព្រៃអមសងខាងផ្លូវ។

ស្រីក៏ឆ្ងល់ បើគេចង់សម្លាប់នាង ពួកគេអាចធ្វើវាត្រឹមតែ៥នាទីក៏រួចជាការស្រេច នាងគ្មានអ្វីដែលអាចការពារខ្លួនស្រាប់ហើយ គ្រាប់បែកតែមួយគ្រាប់ក៏គ្រប់គ្រាន់ក្នុងការកម្ចាត់នាងទៅហើយ។ ពួកគេគ្រាន់តែគំរាម និងឱ្យសញ្ញាថានាងកំពុងនៅក្នុងការតាមដានគ្រប់ជំហាន ដូចជាចង់ប្រាប់ឱ្យនាងបញ្ឈប់សកម្មភាពអ្វីមួយ ហើយនេះជាអ្វីដែលនាងចង់បាន វាជាគោលដៅទី១របស់នាង។

ពួកគេកាន់តែក្ដៅក្រហាយ នាងកាន់តែពេញចិត្ត ហើយអ្នកដែលនាងចង់ចួបនឹងបង្ហាញខ្លួនកាន់តែឆាប់។  

មកដល់ផ្លូវស្ងាត់ វីយូឡាបន្ថែមល្បឿន ឡានរបស់ពួកគេក៏បន្ថែមល្បឿនតាមមកប្រកិត មិនឱ្យដាច់ក្រសែភ្នែក។ នាងដឹងថាមិនមានផ្លូវគេច តែក៏មិនបោះបង់ ស្រីមិនអាចបណ្ដោយឱ្យខ្លួនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេនោះទេ បើស្លាប់វាប្រសើរជាងឱ្យគេប្រើប្រាស់។

មេឃចាប់ផ្ដើមងងឹតទៅៗ ឡានពីក្រោយចូលកាន់តែកៀក តែនាងមិនអនុញ្ញាតឱ្យវ៉ាបាន។

ពន្លឺភ្នែករបស់ស្រីមិនថមថយ គ្មានពន្លឺនៃភាពភ័យខ្លាច តែពេញដោយភាពក្លាហាន នឹងនរ និងហ៊ានប្រឈមជាមួយស្ថានភាពចំពោះមុខ។

ឡានធំរុលមកមុខលឿនស្លេវ ក្នុងបំណងបុកឡានតូចរបស់វីយូឡាពីក្រោយ។ ស្រីទប់ចង្កូតជាប់ ទាំងដែលជើងញ័រតិចៗនៅលើឈ្នាន់។

អារម្មណ៍ពេលនេះមិនខុសពីថ្ងៃនោះ ថ្ងៃដែលនាងរត់គេចពីបុរសមាឌធំពីរនាក់ដែលតាមចាប់នាងកាលពីស្រីអាយុ១៥ឆ្នាំ។ ដោយជើងទទេរ នាងតូចរត់ចូលដុបចូលព្រៃ កាត់ថ្នល់គ្រោះ ពេលខ្លះពួនក្នុងធុងសំរាម ដេកលើដើមឈើ ហើយធ្វើបានសូម្បីរើសផ្លែឈើដែលជ្រុះលើដី ដើម្បីរស់មួយគ្រា។ ហេតុការណ៍នោះផុសឡើងក្នុងការចងចាំរបស់នាងដូចគេលេងរឿងសារជាថ្មី ច្បាស់ៗ។

វីយូឡាប្រញាប់ទាញខ្លួនឯងមកការពិតដែលនៅចំពោះមុខវិញនៅពេលដែលឡានធំបុកគូទឡានរបស់នាងពីក្រោយ ល្មមអាចធ្វើឱ្យឡានរបស់នាងធ្លាក់ពីផ្លូវ ក្បាលឡានកៀបជាប់ចន្លោះដើមឈើពីរដើម ទៅមុខលែងរួច។

កម្លាំងបោកធ្វើឱ្យកស្រីស្ទើរគ្រេច ឯខ្លួនក៏ចុករោយ តែនាងក៏ព្យាយាមប្រមូលស្មារតីមិនឱ្យញាប់ញ័រខ្លាំង។ ដោយមានភ្លើងបញ្ចាំងចេញពីឡានរបស់ពួកគេ ធ្វើឱ្យនាងអាចមើលឃើញថាបុរសទាំងបួនកំពុងដើរសំដៅមករកឡានរបស់នាងដោយមានកាំភ្លើងនៅក្នុងដៃគ្រប់គ្នា។ ជាសំណាងដែលមេឃងងឹត វាមានភាពងាយស្រួលសម្រាប់នាងគេចខ្លួន។ ស្រីទាញទូរសព្ទ និងកាំភ្លើងដែលលាក់ទុកក្នុងឃ្លុបឡានមកកាន់ ហើយវារទៅបើកទ្វារម្ខាងទៀតដើម្បីប្រជ្រៀតខ្លួនចេញ។ គ្រាប់កាំភ្លើងដំបូងបានហោះក្បែរស្លឹកត្រចៀករបស់នាង បើកុំតែឱនទាន់ គ្រាប់កាំភ្លើងបានទម្លុះក្បាលរបស់នាងបាត់ទៅហើយ។

ពេលនេះរត់ចេញទៅផ្លូវធំមិនមែនជាជម្រើសល្អនោះទេ នាងប្រញាប់រត់ចូលព្រៃដើម្បីគេចពីពួកគេ យ៉ាងហោចណាស់ វាអាចឱ្យនាងមានភាពងាយស្រួលក្នុងការគេចពួនជាងផ្លូវធំទូលាយ។ បើចាំមិនខុស នៅខាងមុខប្រមាណមួយរយម៉ែត្រអាចជាមានស្ទឹងមួយ វាក៏ជាជម្រើសក្នុងការគេចខ្លួនទៅត្រើយម្ខាង។

អ្នកទាំងបួនតាមពីក្រោយប្រកិត គេដូចជាព្យាយាមចាប់នាងទាំងរស់ ដំបូងក៏ប្រហែស ប្រហែលជាគិតថានាងជានារីទន់ខ្សោយ មិនមានល្បិចការពារខ្លួន តែបន្ទាប់ពីបានដឹងពីសមត្ថភាពរបស់នាង ពួកគេប្រញាប់ធ្វើយ៉ាងណាចាប់នាងឱ្យបានឆាប់ជាទីបំផុត។

រត់មកដល់មាត់ទឹក ស្រីងាកទៅខាងស្ដាំ តែមិនរត់ចេញពីព្រៃនោះទេ ហើយគ្រាប់កាំភ្លើងទីពីរក៏បានបន្លឺឡើងក្នុងព្រៃស្ងាត់បង្អើលសត្វដែលកំពុងដេកលង់លក់ តែមិនអាចធ្វើឱ្យផ្អើលដល់មនុស្សម្នា។

ភាពងងឹតមានគុណសម្បត្តិក្នុងស្ថានភាពបែបនេះ ព្រោះវាធ្វើឱ្យនាងអាចគេចពីគ្រាប់កាំភ្លើងបានងាយស្រួលជាងមុន ប៉ុន្ដែវាក៏ធ្វើឱ្យការរត់របស់នាងយឺតជាងមុនទោះបីជាស្រីជំនាញក៏ដោយ។ តាមពីក្រោយជាប់ ពួកគេព្យាយាមធ្វើឱ្យនាងមានរបួស តែមិនហ៊ានសម្លាប់។

ព្រៃដែលមិនជាធំប៉ុន្មាននោះបែរជាមានអារម្មណ៍ថាវាស្រាប់ពង្រីកខ្លួនឱ្យវែងជាងមុន វីយូឡាដឹងថានាងនឹងចាញ់ តែបោះបង់ហើយព្រមប្រគល់ខ្លួនមិនមែនជាជម្រើសទីមួយនោះទេ។ នាងក្រមុំរកកន្លែងពួន ដោយហត់ស្ទើរផុតដង្ហើម។

នៅក្រោមគុម្ពឈើ នាងកាប់កាំភ្លើងជាប់ ឯដៃម្ខាងទៀត រាវចាប់មែកឈើងាប់មកកាន់ បំណងគប់វាទៅខាងមុខដើម្បីបង្វែងដាន។ បើមានឱកាស នាងក៏គម្រោងនឹងបាញ់តទៅពួកគេ តែក្នុងភាពងងឹតទោះនាងពូកែបាញ់កាំភ្លើងក៏បានតែខាតបង់គ្រាប់ចោលដែរ។

ស្រីរាប់ក្នុងចិត្ត ខណៈពួកវាចូលមកកាន់តែជិត។ នាងប្រមូលកម្លាំងទាំងអស់ គប់កំណាត់ឈើមួយទំហឹងទៅខាងមាត់ស្ទឹង មុននឹងរត់ចេញទៅផ្លូវម្ខាងទៀត។ ពួកគេទាំងបួនបានតម្រង់ទៅប្រភពសំឡេង ដោយដឹងថាត្រូវបញ្ឆោត ពួកគេចែកផ្លូវគ្នារកវីយូឡាវិញ។ ដឹងថាខ្លួនគេចមិនផុត នាងរកកន្លែងពួនចាំវាយបកទៅពួកគេវិញ។

សំឡេងកាំភ្លើងលាន់ម្ដងទៀត តែលើកនេះវាចេញពីកន្លែងដែលវីយូឡាកំពុងលាក់ខ្លួន នាងញញឹមពេញចិត្តពេលឮសំឡេងម្នាក់ក្នុងចំណោមគេស្រែកដោយក្ដីឈឺចាប់។ អាម្នាក់ទៀតបង្វិលខ្លួន មើលជុំវិញដោយប្រុងប្រយ័ត្ន ក្ដាប់កាំភ្លើងជាប់ចាំបាញ់បកទៅនាង។ 

វីយូឡាក្ដោបមាត់របស់ខ្លួន នៅក្នុងភាពងងឹតនាងបានត្រឹមស្ដាប់សំឡេងដែលចេញពីការធ្វើចលនារបស់ពួកគេ និងបាញ់ព្រាវពេលដែលគេមកដល់ជិតកន្លែងដែលនាងពួន។ ខណៈម្នាក់ដើរអូសជើង បីនាក់ទៀតនៅបន្តរកនាង មិនទៅណាឆ្ងាយព្រោះដឹងថាវីយូឡាកំពុងពួនម្ដុំនោះនៅឡើយ។

សំឡេងជើងកាន់តែកៀក បេះដូងនាងលោតកាន់តែលឿន ដៃដែលកាន់កាំភ្លើងញ័រតិចៗ ជើងឈានថយក្រោយដោយស្វ័យប្រវត្តិ មិនប្រយ័ត្នបូករួមជាមួយភាពងងឹតនាងជាន់ប៉ះមែកឈើងាប់លាន់សំឡេងដូចគេកាច់ កាំភ្លើងក៏លាន់ឡើងម្ដងទៀត វីយូឡាដួលក្រឹបពេលគ្រាប់កាំភ្លើងទម្លុះជើងរបស់ស្រី នាងមិនព្រមចាញ់បាញ់តម្រង់ពួកគេវិញ ហើយប្រមូលកម្លាំងរត់ចេញយ៉ាងលឿនដោយមិនងាយក្រោយ។

នាងមិនច្បាស់ថាពួកគេត្រូវរបួសឬក៏អត់ នាងដឹងត្រឹមថាពួកគេមិនបានតាមមកទៀតនោះទេ។ រត់បានជាងមួយរយម៉ែត្រ នាងដួលចុះ ញើសជោកថ្ងាស ខាំមាត់បិទភ្នែកដោយភាពស្រវាំង។ ស្រីប្រឹងសម្លឹងមើលជុំវិញខ្លួន វារទៅរកគុម្ពស្មៅខ្ពស់ៗរួចសំងំមួយសន្ទុះ មុននឹងប្រឹងងើបអូសជើងចេញទៅផ្លូវធំ សង្ឃឹមថានឹងមានអ្នកឆ្លងកាត់។

លោកស្រីចូអានដែលបញ្ជាឡានយឺតៗនៅលើផ្លូវដោយប្រុងប្រយ័ត្ននោះក្រឡេកឃើញប្រអប់ដៃដែលលេចចេញពីគុម្ពោតព្រៃនៅខាងឆ្វេងផ្លូវ។ គាត់បង្អង់ល្បឿន មើលឆ្វេងស្ដាំ រាងស្ទាក់ស្ទើរ រំឭកដល់សម្ដីកូនប្រុសដែលតែងតែប្រាប់គាត់ឱ្យមានការប្រុងប្រយ័ត្នជនប្លែកមុខ ឬហេតុការណ៍ដែលមិនគួរឱ្យទុកចិត្ត។ តែគាត់មិនសូវខ្វល់នោះទេ ពេលដែលឃើញគេមានទុក្ខ ចិត្តមិនដាច់មិនជួយនោះទេ។

«ជួយផង…» សំឡេងរបស់នាងលាន់ស្ទើរមិនឮ តែលោកស្រីល្មមអាចអានមាត់ស្លេកស្លាំងរបស់នាងបាន គាត់អង្គុយចុះក្បែរនាងដើម្បីពិនិត្យរបួស។

គាត់មិនបង្អង់យូរ រត់ទៅយកក្រណាត់មករុំជើងរបួសរបស់នាងហើយជួយលើកខ្លួនរបស់នាងឡើងទៅរកឡានរបស់គាត់។ គាត់មិនខ្វល់ថានាងជាអ្នកទោសដែលរត់គេចពីប៉ូលិស ឬក៏ជាឧក្រិដ្ឋជនមកពីណានោះទេ តួនាទីរបស់គាត់គឺសង្គ្រោះអ្នកមានរបួសដែលនៅចំពោះមុខ។ វីយូឡានៅដឹងខ្លួននៅឡើយ ព្រោះនាងក៏មិនទាន់ប្រាកដថាខ្លួនឯងអាចមានសុវត្ថិភាពជាមួយជនប្លែកមុខ តែពេលនេះមិនមែនជាពេលប្រកាន់ទៀតនោះទេក្នុងស្ថានភាពគ្រោះថ្នាក់នេះ អ្នកណាក៏ដោយឱ្យតែជួយគឺជាអ្នកមានគុណរបស់នាងហើយ។

ខ្លួនស្រីត្រូវបានជួយឱ្យគេងផ្ដេកទៅលើកៅអីផ្នែកខាងក្រោយ នាងប្រឹងបញ្ចេញសំឡេងអង្វរកុំឱ្យលោកស្រីយកខ្លួនទៅមន្ទីពេទ្យព្រោះនាងដឹងថាខ្លួនមិនមានសុវត្ថិភាពទេនៅទីសាធារណៈ។ គាត់ព្យាយាមបន្ថែមល្បឿនដើម្បីអាចព្យាបាលនាងបានឆាប់ៗ លោកស្រីចូអានស្ងើចដែលវីយូឡាមិនថ្ងូរឈឺចាប់បន្តិចសោះ សូម្បីពេលដែលគាត់ចងរឹតជើងដែលរបួសដើម្បីឃាត់ឈាម នាងសុខចិត្តខាំមាត់ ទប់ទល់ជាមួយការឈឺចាប់ បែកញើសជោកថ្ងាស។

ពេលមកដល់ផ្ទះ គាត់មើលឆ្វេងស្ដាំ ប្រាកដថាគ្មានអ្នកឃើញហើយគាត់ជួយគ្រាហ៍វីយូឡាចូលទៅក្នុងផ្ទះរបស់គាត់ ហើយដាក់នាងនៅលើគ្រែក្នុងបន្ទប់ទំហំធំល្មមមួយដែលជាបន្ទប់របស់មនុស្សប្រុស បន្ទប់របស់រិទ្ធ។ ឈាមរបស់នាងប្រឡាក់ពូករបស់គេ តែវាមិនមែនជាពេលព្រួយបារម្ភពីរឿងនោះទេ ស្រីស្រស់បានសន្លប់បាត់ស្មារតីទៅហើយពេលដែលលោកស្រីចាប់ផ្ដើមព្យាបាលនាង។

សំណាងល្អគ្រាប់កាំភ្លើងទម្លុះជើងរបស់នាង វាមិនបៀម តែគ្រាប់មួយទៀតនៅលើស្មារបស់នាងនៅត្រង់នោះនៅឡើយ ទោះបីមិនធ្ងន់ធ្ងរតែក៏ត្រូវព្យាបាលដោយការយកចិត្តទុកដាក់ គ្រាន់តែមិនចាំបាច់ទៅមន្ទីពេទ្យ។

បន្ទាប់ពីចំណាយពេលជាច្រើនម៉ោងក្នុងការព្យាបាលជើង និងស្មារបស់វីយូឡា លោកស្រីចូអានអង្គុយចុះលើកៅអីក្បែរគ្រែ សម្លឹងមុខរបស់នារីកម្សត់។ វាជាថ្ងៃសម្រាករបស់គាត់ តែជំនួសដោយការមើលថែអ្នកជំងឺនៅមន្ទីពេទ្យគាត់បែរជាមានអ្នកជំងឺនៅផ្ទះទៅវិញ។

មើលមួយសន្ទុះ គាត់មានអារម្មណ៍ថាមុខរបស់នាងតូចដូចជាស្រដៀងៗ កាន់តែមើលកាន់តែយល់ថាប្រហាក់ប្រហែល តែរកនឹកមិនឃើញ។ មុខដែលមានសាច់សម៉ដ្ដត្រូវបានតុបតែងដោយស្នាមឆូតជាអន្លើ ថ្ពាល់ ថ្ងាស និងចង្ការលាបដោយថ្នាំ និងបង់បិតរបួស។ លោកស្រីដកដង្ហើមធំ មុននឹងឈោងដៃទៅពិនិត្យកម្ដៅរបស់នាង ហើយចេញទៅក្រៅបន្ទប់ក្នុងដៃក្ដាប់ទូរសព្ទជាប់។

*******

រូបភាពបីសន្លឹករបស់បុរសជនជាតិអាស៊ីបានដាក់នៅលើតុប្រជុំរបស់ក្រុមភ្នាក់ងារ។ ពួកគេសម្លឹងមើលរូបថតដោយស្ងៀមស្ងាត់ ពិចារណារៀងខ្លួនទៅលើព័ត៌មានដែលទើបតែរកឃើញថ្មីៗ។

«ហេតុអីក៏សុខៗប៊សមកជាប់ពាក់ព័ទ្ធជាមួយរឿងក្ដីកាលពី១០ឆ្នាំមុនដែរ?»

រិទ្ធសួរសំណួរដែលអ្នកផ្សេងក៏កំពុងឆ្ងល់ដូចគ្នា។ ខៃដែនញាក់ស្មា គេក៏គ្មានចម្លើយទោះបីនោះជាអ្វីដែលគេជាអ្នកស៊ើបដឹងមក។ សិទ្ធមិននិយាយអ្វីទាំងអស់ គេគិតតែសម្លឹងរូបថត គិតតែឯង។

«មនុស្សទាំងនេះត្រូវបានប៊សជួលឱ្យទៅស៊ើបរឿងគ្រួសារលីជាច្រើនឆ្នាំមកហើយ មិនសួរក៏ដឹងថាប៊សបានដឹងរឿងនេះ និងអាថ៌កំបាំងនៃការស្លាប់របស់គាត់…»

ខៃដែនឈប់និយាយ ដៀងភ្នែកមើលទៅម៉ាកដែលនៅស្ងៀមមិនបញ្ចេញយោបល់ គេហាក់ដូចជាធម្មតា មិនបានខ្វល់ចិត្តទាំងដែលដឹងថាឪពុកចិញ្ចឹមរបស់ខ្លួនអាចនឹងមានពាក់ព័ន្ធរឿងក្ដីឃាតកម្មទៅលើគ្រួសារលី។ តែតម្រុយប៉ុណ្ណេះមិនអាចយកទៅចោទប្រកាន់ថាគាត់ជាឃាតករនោះទេ ហើយក៏មិនអាចសន្និដ្ឋានបានថាគាត់ដឹងរឿងគ្រប់យ៉ាងនោះដែរ។

«យើងមិនអាចសួរគាត់ដោយត្រង់ លួចតាមដានក៏មិនបាន…»

«បានតើ!» សិទ្ធស្រាប់តែនិយាយឡើងធ្វើឱ្យគេទាំងអស់ងាកទៅមើលមេក្រុមដែលពេលនេះមានទឹកមុខស្មើរ បញ្ជាក់ថាគេមិនបាននិយាយលេង។ សិទ្ធជាសមាជិកដែលស្មោះត្រង់ជាមួយប៊សរបស់គេជាងគេ ហើយក៏ជាមនុស្សដំបូងដែលគាំទ្រគ្រប់យ៉ាងដែលប៊សបញ្ជា សមាជិកដទៃមិននឹកស្មានមានថ្ងៃនេះនោះទេ។

«មិនកើតទេដឹង…» ខៃដែនស្ទាក់ស្ទើរ។

រិទ្ធក្រឡេកមើលទូរសព្ទរបស់ខ្លួនដែលញ័រនៅក្បែរដៃ លេខម៉ាក់របស់គេនៅលើអេក្រង់ទូរសព្ទ។ គ្រប់ពេលដែលទទួលបានការខលពីម្ដាយនៅពេលយប់គេតែងតែមានអារម្មណ៍មិនស្រួល។ គេខ្លាចថាថ្ងៃណាមួយ គេនឹងទទួលបានដំណឹងដូចកាលពី១០ឆ្នាំមុនទៀត។

អ្នកកំលោះងើបចេញទៅនិយាយទូរសព្ទខាងក្រៅបន្ទប់ គេសម្រួលដង្ហើមធូរទ្រូងវិញពេលឮសំឡេងធម្មតារបស់ម្ដាយ។

«បាទម៉ាក់» គេឆ្លើយដោយសំឡេងស្រទន់តាមទម្លាប់។

«កូនរិទ្ធ! មកផ្ទះឥឡូវបានអត់?»

 «មានអីឬម៉ាក់?»

«គឺម៉ាក់បានជួយក្មេងស្រីម្នាក់ ឥឡូវនេះនាងកំពុងស្នាក់ព្យាបាលនៅផ្ទះ អ្វីដែលសំខាន់នាងមិនឱ្យម៉ាក់នាំទៅពេទ្យនោះទេ ម៉ាក់មិនដឹងថាធ្វើបែបនេះវាត្រឹមត្រូវឬអត់ ទើបម៉ាក់ចង់ឱ្យកូនជួយសម្រេច!»

«ម៉ាក់ជួយមនុស្សប្លែកមុខទៀតហើយ…»

«ម៉ាក់ដឹង! តែវាមិនមែនជាអ្វីដែលម៉ាក់កំពុងនិយាយនោះទេ»

«បាទ! ម៉ាក់ផ្ញើររូបក្មេងស្រីនោះមក ចាំខ្ញុំរកមើលថាគេជាអ្នកណា»

«បាន! ចាំបន្តិច!»

មិនទាន់បានមួយនាទីផង លោកស្រីចូអានផ្ញើរូបអ្នកជំងឺនៅផ្ទះរបស់គាត់ឱ្យកូនប្រុស។ បើគេចាំមិនខុស វាជាលើកទីមួយដែលគេមានអារម្មណ៍ថាខ្លួនមានអាការគាំងបេះដូងកម្រិតស្រាល ក្នុងពោះហាក់ដូចជាទទេស្អាតមួយរំពេចពេលដែលឃើញរូបរាង និងមុខមាត់ស្លេកស្លាំងរបស់នាងគេងនៅលើគ្រែក្នុងបន្ទប់របស់ខ្លួន។ ដោយមិនចាំបាច់ពន្យល់ច្រើន គេចាប់សោឡានហើយបើកតម្រង់ទៅផ្ទះរបស់គេយ៉ាងលឿន។

សម្រាប់គេផ្លូវស្រាប់តែវែងជាងធម្មតា ពេលវេលាដើរដូចជាយឺតជាងរាល់ដង ឃើញមុខតូចច្រមិចរបស់ស្រីស្រស់វីយូឡាហើយបេះដូងរបស់គេហាក់រួមតូចនៅក្នុងទ្រូងទូលាយ។

នៅពេលមកដល់ផ្ទះ គេធូរចិត្តដែលឃើញនាងមានសុវត្ថិភាពដោយសារជំនាញរបស់លោកស្រី។

«ម៉ាក់ចួបនាងនៅកន្លែងណា?»

រិទ្ធអង្គុយលើគែមតុ សួរដោយសំឡេងស្ងប់ ភ្នែករបស់គេសម្លឹងមុខរបស់នាង មុខដែលគេទើបតែឃើញលើកចុងក្រោយមិនប៉ុន្មានម៉ោងមុន។ 

«ម៉ាក់ឃើញក្មេងស្រីម្នាក់នេះសន្លប់នៅចិញ្ចើមផ្លូវពេលម៉ាក់ត្រឡប់មកពីផ្ទះមិត្តភក្តិរបស់ម៉ាក់»

គាត់ឆ្លើយ ពិនិត្យកម្ដៅរបស់នាងម្ដងទៀត មុននឹងអង្គុយចុះ។

«មានអ្នកឃើញហេតុការណ៍ក្រៅពីម៉ាក់អត់?»

«ដូចជាគ្មានទេ ផ្លូវនោះតាមធម្មតាស្ងាត់ណាស់ មើលទៅដូចជារត់គេចមកពីណា ម៉ាក់គិតថាប្រហែលជាមានអ្នកព្យាយាមធ្វើបាបហើយ តែកូនដូចជាស្គាល់ក្មេងម្នាក់នេះ?»

«បាទ…»

«បើអ៊ីចឹងយើងគួរទាក់ទងទៅក្រុមគ្រួសាររបស់នាងទៅ គេច្បាស់ជាបារម្ភស្លាប់ហើយ!»

«គួរតែចាំដល់ពេលនាងដឹងខ្លួនល្អជាង»

«ហេតុអី?»

«រឿងអាចនឹងវែងឆ្ងាយជាងនេះ»

«ម៉ាក់ទំនេរយប់នេះ ប្រាប់ម៉ាក់បានថាហេតុអីក៏វាវែងឆ្ងាយ?»

រិទ្ធងាកទៅរកម៉ាក់របស់គេ ភ្ញាក់ផ្អើល។ លោកស្រីមិនមែនជាមនុស្សដែលចង់ដឹងចង់ឮរឿងរបស់អ្នកដទៃ ហើយក៏មិនចំណាយពេលអត់ប្រយោជន៍ស្ដាប់រឿងការងាររបស់គេដែរ គាត់ចូលចិត្តជួយគេ ហើយក៏មិនបានខ្វល់ពីដើមហេតុនោះដែរ។ តែពេលនេះវាប្លែក។

«ម៉េចក៏មើលមកម៉ាក់បែបហ្នឹង? ម៉ាក់គ្រាន់តែយល់ថាក្មេងម្នាក់នេះដូចជាធ្លាប់ស្គាល់ ម៉ាក់ក៏មិនដឹងដែរថាហេតុអីតែមានអារម្មណ៍ថាធ្លាប់ឃើញ យ៉ាចហោចណាស់ក៏ធ្លាប់ចួបម្ដងមកពីមុនដែរ…»

អ្វីដែលគាត់និយាយធ្វើឱ្យរិទ្ធលើកចិញ្ចើម។ គេងើបឈរត្រង់ខ្លួន ដឹងថាគេនឹងរកឃើញការពិតពីនាងកាន់តែច្រើនជាងមុន ជាពិសេសគេកំពុងតែនឹងដឹងការពិតមួយដែលគេតែងតែសង្ស័យរហូតមក នាងអាចជាមនុស្សម្នាក់នោះ មនុស្សដែលគេកំពុងតាមរក។

«វាអាចគ្រាន់ជាអារម្មណ៍ រិទ្ធ តែម៉ាក់…»

«ម៉ាក់ ខ្ញុំមានរូបមួយឱ្យម៉ាក់មើល»

គេដើរចេញពីបន្ទប់ទៅមុន ហើយម្ដាយ និងកូនរកកន្លែងសមរម្យនៅក្នុងបន្ទប់ទទួលភ្ញៀវ។ រិទ្ធហុចទូរសព្ទរបស់ខ្លួនឱ្យម្ដាយ លើអេក្រង់គឺជារូបរបស់គ្រួសារលី។ ភ្នែករបស់លោកស្រីសម្លឹងមុខស្រស់ស្អាតរបស់នាងតូច ហើយគាត់ដឹងថាហេតុអ្វីក៏គេឱ្យគាត់មើលរូបនោះ។

«ម៉ាក់គិតដូចខ្ញុំអត់? គឺជានាងមែនអត់?»

សំណួររបស់គេមិនបានទាញកែវភ្នែករបស់លោកស្រីចេញពីរូបនោះទេ គាត់ពិនិត្យមើលសមាជិកគ្រួសារតូចមួយដែលគាត់ធ្លាប់ស្គាល់ដោយយកចិត្តទុកដាក់។ ទម្រង់មុខ និងកែវភ្នែកពិតជាស្រដៀងគ្នា។ អ៊ីចឹងវាជាហេតុដែលគាត់មានអារម្មណ៍ថាធ្លាប់ស្គាល់វីយូឡា។ កាលមុន គាត់បានចួបនាងមិនលើសពីប្រាំដងនោះទេ នាងតូចជាក្មេងស្លូតបូត និងរួសរាយ មានសក់ខ្មៅរលោង វែងគ្របចង្កេះតូច ចូលចិត្តពាក់រ៉ូបស ពេលញញឹមម្ដងៗភ្នែកធំទាញចេញជាទម្រង់ដងធ្នូ ស្រស់ស្អាត និងបរិសុទ្ធ។

កែវភ្នែកភ្លឺថ្លាដូចជាឪពុក ទម្រង់មុខតូចដូចម្ដាយ តែងតែមើលមកគាត់ដោយភាពខ្មាសអៀន តែនាងតូចមានភាពចាស់ទុំជាងអាយុ ទាំងការគិត ទាំងឥរិយាបថ។

«ពិតជាស្រដៀងមែន…»

«ម៉ាក់! បើសិនជាទាំងពីរនាក់នេះជាមនុស្សតែមួយមែន ខ្ញុំសុំឱ្យម៉ាក់ជួយរឿងមួយ»

រិទ្ធចាប់ផ្ដើម ត្រង់ៗ និងច្បាស់ៗ ដោយមិនពន្យារពេលតទៀត។ លោកស្រីងាកមើលទៅកូនប្រុស ជ្រួញចិញ្ចើម គេស្គាល់ច្បាស់ជាងអ្នកណាទាំងអស់ថាគាត់មិនធ្លាប់ចង់បានសំណង ឬធ្វើអ្វីមួយដោយសម្លឹងឃើញពីផលប្រយោជន៍នោះទេ មិនថាជារឿងការងារ ឬផ្ទាល់ខ្លួននោះទេ ហើយពេលនេះគាត់ដឹងថាកូនប្រុសតែមួយរបស់គាត់កំពុងនាំគាត់ឱ្យទាញប្រយោជន៍ពីវា។

«រិទ្ធ កូនក៏ដឹងថាម៉ាក់…»

«ម៉ាក់ សុំអង្វរ! ពេលនេះមិនមែនជាពេលដែលម៉ាក់ត្រូវប្រកាន់គោលសីលធម៌របស់ខ្លួននោះទេ ខ្ញុំដឹងថាម៉ាក់ជួយមនុស្សដោយសុទ្ធចិត្ត តែនេះវាពាក់ព័ន្ធជាមួយរឿងផ្លូវច្បាប់»

«អ៊ីចឹង…ប្រាប់ហេតុផលមក ម៉ាក់នឹងពិចារណា»

«ក្មេងស្រីដែលម៉ាក់ជួយនោះឈ្មោះ វីយូឡា សាន់ដ្រា ជាអ្នកគ្រប់គ្រងសណ្ឋាគារH&R ជាកន្លែងដែលករណីមនុស្សបាត់ខ្លួនកើតឡើង ហើយក្រុមប៉ូលិសកំពុងរកការពិត ម៉ាក់ប្រាកដជាបានមើលព័ត៌មានពីករណីមនុស្សបាត់ខ្លួនជាច្រើននាក់ ហើយក៏មានអ្នកស្លាប់បន្តបន្ទាប់ផងដែរ ហើយអ្វីដែលយើងរកឃើញពេលនេះ វីយូឡា សាន់ដ្រា ស្ថិតនៅក្នុងការសង្ស័យ ជាប់ពាក់ព័ទ្ធលើការចាប់ជំរិតអ្នកដែលបាត់ខ្លួន…មួយទៀត…»

គេឈប់បន្តិច ដកដង្ហើមធំបន្ធូរអារម្មណ៍តានតឹងមុននឹងប្រាប់ម្ដាយរបស់គេពីការសង្ស័យរបស់ខ្លួនទៅលើសមាសភាពរបស់វីយូឡា និងការស្លាប់របស់គ្រួសារលី និងឪពុករបស់គេ។

«លើសពីនេះ…នាងក៏អាចជាតម្រុយមួយដែលអាចឱ្យយើងរកឃើញពីឃាតកម្មនៅយប់នោះ ពេលនេះយើងបានរកឃើញការពិតខ្លះៗពីគម្រោងដែលវេជ្ជបណ្ឌិតលី និងភរិយារបស់គាត់បានរកឃើញ ហើយវាក៏អាចជាគម្រោងមួយដែលធ្វើឱ្យមានឃាតកម្មកើតឡើង បើសិនវីយូឡា សាន់ដ្រា ជាលី បូរ៉ា កូនវេជ្ជបណ្ឌិតលីនោះ ករណីមនុស្សបាត់ខ្លួនលើកនេះ ក៏នឹងមានជាប់ពាក់ព័ន្ធគ្នាមិនខាន»

គេពិនិត្យប្រតិកម្មរបស់លោកស្រីដោយប្រុងប្រយ័ត្ន ធ្វើឱ្យលោកស្រីងាកមុខចេញ។

«សរុបមក…វីយូឡា សាន់ដ្រា ស្ថិតនៅក្រោមការតាមដានរបស់យើង»

លោកស្រីមិនទាន់បញ្ចេញមតិព្រោះកំពុងគិតពីអ្វីដែលខ្លួនបានឮពីមាត់កូនប្រុស។

«ប៉ុន្ដែ…វាយ៉ាងម៉េចបើក្មេងម្នាក់នេះជាកូនស្រីរបស់វេជ្ជបណ្ឌិតលី? នាងមានអ្វីជាប់ទាក់ទងទៅនឹងករណីមនុស្សបាត់ខ្លួននោះ?»

គាត់នៅស្រពេចស្រពិល មិនទាន់ច្បាស់។

«ទីមួយ វីយូឡាជាជនសង្ស័យចាប់ជំរិតមនុស្ស យើងនៅមិនទាន់ដឹងនៅឡើយពីមូលហេតុដែលគេចាប់ក្រុមមនុស្សទាំងនោះ ទីពីរបើសិននាងជាលី បូរ៉ា យើងនឹងអាចដឹងពីហេតុការណ៍យប់នោះព្រោះនាងក៏នៅទីនោះពេលដែលឃាតករសម្លាប់ឪពុកម្ដាយរបស់នាង និងប៉ា…ហើយយើងក៏អាចវែករកមុខឃាតករបាន…»

«វារំលងទៅដប់ឆ្នាំហើយ រិទ្ធ…ម៉ាក់គិតថាកូនបានភ្លេចវាហើយ»

អ្នកស្រីសម្លឹងចំកែវភ្នែកកូនប្រុស គាត់មិនគិតទេថាគេរក្សាគំនុំមួយនោះរហូតមក។

«មិនអាចទេម៉ាក់ ខ្ញុំធ្វើម៉េចអាចនឹងភ្លេចទៅ ខ្ញុំមិនអាចឱ្យប៉ាស្លាប់ទៅដោយបិទភ្នែកមិនជិតបែបនេះនោះទេ…គ្មានយប់ណាដែលខ្ញុំមិនយប់សប្ដិឃើញប៉ានោះទេ…»

«នោះមិនមែនជាអ្វីដែលប៉ាកូនចង់បាននោះទេ រិទ្ធ! នោះជាអ្វីដែលកូនចង់បាន…ដោះលែងការគុំគួនដែលមានក្នុងចិត្តរបស់កូនចោលសិនទើបកូនបានសុខ…ម៉ាក់ស្មានខុសរហូតមកថាកូនម៉ាក់ធ្វើការមួយនេះព្រោះជួយសង្គម តែថ្ងៃនេះទើបម៉ាក់ដឹងថាកូនធ្វើព្រោះតែចង់រកមុខឃាតករម្នាក់នោះទៅវិញ»

រិទ្ធខ្លួនឯងក៏ភាំងនឹងសម្ដីរបស់លោកស្រី ភ្នែករបស់គាត់ដក់ដោយទឹកភ្នែក បង្ហាញក្ដីព្រួយបារម្ភដែលបន្ថែមទម្ងន់មួយទៀតពេលដឹងការឈឺចាប់របស់អ្នកកំលោះដែលគេលាក់ទុក មិនព្រមលែងវាតាំងពីថ្ងៃឪពុកស្លាប់។ ទោះវាបង្ហាញភាពកត្តញូ តែគាត់មិនចង់បាននោះទេ ព្រោះវាមិនធ្វើឱ្យគេមានក្ដីសុខ។ គេមិនធ្លាប់ប្រាប់គាត់នោះទេថាគេតែងតែយល់សប្ដិឃើញឪពុក មានតែឈាម ដង្ហោយឱ្យជួយរកយុត្តិធម៌។

គាត់ជឿជាក់ថាវាមិនមែនជាព្រលឹង ឬជាអ្វីដែលស្វាមីរបស់គាត់ចង់បាននោះទេ តែវាជាអ្វីដែលរិទ្ធយល់ឃើញដោយខ្លួនឯងទៅវិញ។

គេឱនមុខចុះបន្តិច លោកស្រីទាញក្រដាសមកជូតទឹកភ្នែកមុននឹងប្រាប់គេថាគាត់នឹងព្រមជួយតាមដែលអាចធ្វើបាន តែគេត្រូវសន្យាជាមួយគាត់ថានិងជួយការពារនាង មិនឱ្យមានគ្រោះថ្នាក់អ្វី។

រិទ្ធចូលទៅបន្ទប់វិញ ហើយប្រមូលរូបថតរបស់ខ្លួនចេញពីបន្ទប់ មិនឱ្យនាងដឹងថាខ្លួនជាកូនលោកស្រីចូអាន។ ឯលោកស្រីចូលទៅធ្វើស៊ុបឱ្យនាងក្រមុំ សំណាងហើយគាត់បានសម្រាកដោយសារវិស្សមកាលតូច មិនអ៊ីចឹងគាត់នឹងគ្មានពេលមើលថែនាងនោះទេ។

«ម៉ាក់…កុំឱ្យគេឃើញថានាងនៅជាមួយម៉ាក់ឱ្យសោះ ព្រោះវាអាចនាំគ្រោះថ្នាក់ឱ្យម៉ាក់បាន បើនាងដឹងខ្លួនប្រាប់ខ្ញុំភ្លាម» រិទ្ធរំឭករួចហើយ រត់ទៅបាត់ជាមួយសោឡាននៅក្នុងដៃ។

ពន្លឺពណ៌សរុំព័ទ្ធខ្លួនតូចមួយរបស់ក្មេងស្រីឈុតពណ៌ស្វាយដែលដើរយឺតៗនៅកន្លែងដែលមានទៅដោយពណ៌សស្អាតគ្មានអ្វីដែលអាចសម្គាល់ពីទិសដៅ។

ខ្យល់មិនដឹងបក់ពីខាងណា ពាំនាំស្រទាប់ផ្កាឡាវែនដឺល្អិតៗមកកន្លែងដែលនាងឈរ ផាត់ប៉ប្រះជើងទទេគ្មានសូម្បីស្រោមជើង។ សក់ខ្មៅវែងរសត់ពេញស្មា និងខ្នងតូចស្រឡូន។

នាងឃើញសួនផ្កាឡាវែនដឺ គុម្ពផ្កាធំៗ និងជួររបស់ផ្កាដាច់កន្ទុយភ្នែក និងស្រមោលមនុស្សពីរនាក់ពីចម្ងាយ។ សំឡេងកាំភ្លើងលាន់យ៉ាងខ្លាំងពីខាងក្រោយខ្នងនាងតូច ធ្វើឱ្យនាងបែរខ្លួនទៅមើលយ៉ាងរហ័ស ដំណក់ឈាមក្រហមឆ្អៅស្រក់ពីណាក៏មិនដឹងទៅលើកម្រាលឥដ្ឋពណ៌ស។ កែវភ្នែកធំៗបើកក្រលោត សម្លេងចំភ្នែកមួយគូដូចភ្នែកបិសាចនៅលើជញ្ជាំង។ បេះដូងរបស់នាងលោតស្ទើរធ្លាយនៅក្នុងទ្រូង ដង្ហើមធ្ងន់ទៅៗ ដូចជាចង់ដាច់ខ្យល់ម្ដងៗ។ ខ្លួនរបស់នាងទន់ចុះទៅលើឥដ្ឋ ដៃក្ដាប់ជាប់នៅលើទ្រូង ពេលបើកភ្នែកម្ដងទៀតក៏ឃើញខ្លួនឯងនៅក្រោមតុធ្វើការ ហើយនៅចំពោះមុខនាងគឺសាកសពពីរ ដេកស្តូកស្ដឹង ឈាមហូរចេញពីរាងកាយទាំងពីរមិនឈប់ វាហូរតម្រង់ទៅកន្លែងដែលនាងកំពុងពួន។

ភ្នែកបិសាចនោះនៅតែសម្លឹងមើលទៅនាង ហាក់បីដូចជានាងគឺជាសត្វមួយក្បាលដែលរង់ចាំការសង្គ្រប់របស់ព្រានព្រៃ។ នាងតូចរុញខ្លួនដែលញ័រទទ្រើកគេចពីឈាមដែលកំពុងជ្រាបទៅដល់ចុងជើង រំពេចនោះខ្លួនរបស់នាងក៏មានអ្វីមួយទាញថយក្រោយ ហើយនាងមានអារម្មណ៍ថារាងកាយរបស់នាងស្រាលដូចសំឡី ហើយធ្លាក់ពីទីខ្ពស់។

រោមភ្នែកវែងកោងរបស់វីយូឡាញ័រដោយសារការប្រឹងកម្រើករបស់ត្របកភ្នែកទាំងគូដែលហាក់ធ្ងន់ជាខ្លាំង តំណក់ញើសតូចៗដក់តាមជើងសក់។ នាងព្យាយាមចាកចេញពីសុបិនដ៏អាក្រក់ ត្រឡប់មករកការពិតដែលមិនខុសគ្នា ការពិតដែលមិនមានន័យអ្វីទាំងអស់។

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*