រឿង អង្គញ់ស្នេហ៍

ស្នេហា! អ្នកណាក៏ថាស្គាល់ អ្នកណាក៏ថាដឹង អ្នកណាក៏ថាយល់ដែរ… តែបែរជាពិបាករកមនុស្សម្នាក់ ដែលអាចពន្យល់ឱ្យច្បាស់ពីអត្ថន័យស្នេហាទៅវិញ! ពេលខ្លះ វាក៏ធ្វើឱ្យយើងរីករាយដោយអត់មូលហេតុ។ ឯពេលខ្លះទៀត ក៏ធ្វើឱ្យយើងពិបាកចិត្ត ស្ទើរឆ្កួតស្ទើរជាម្នាក់ឯង… ហុឺម!!! ធ្មិចបើកៗ ច្រើនឆ្នាំហើយ ដែលខ្ញុំមិនព្រមសម្លឹងមើលបុរសណា បន្ទាប់ពីបានចែកផ្លូវជាមួយនឹងមនុស្សរុក្ខជាតិម្នាក់នោះ…

១១ មេសា ២០១១

វគ្គ សង្ក្រាន្តឆ្នាំថ្មី ផ្តើមស្នេហ៍

ដោយសារថ្ងៃនេះ ជាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខ្ញុំក៏បានទៅលេងម្តាយមីងនៅឯស្រុកកំណើតម៉ាក់របស់ខ្ញុំ ជាមួយនឹងក្រុមគ្រួសារ…

ជារៀងរាល់ឆ្នាំ ខ្ញុំមិនសូវជាបានទៅសម្រាកនៅផ្ទះម្តាយមីងបានយូរថ្ងៃប៉ុន្មានទេ ច្រើនណាស់! បានតែ ២យប់ ប៉ុណ្ណោះ គឺត្រូវត្រឡប់មកផ្ទះនៅឯភ្នំពេញវិញហើយ… តែដោយឡែកលើកនេះ ខ្ញុំបែរជាអាចស្នាក់នៅផ្ទះមីង រយៈពេល១សប្តាហ៍ពេញ ។
សម្រាប់ខ្ញុំ! វាពិតជារយៈពេលមួយដ៏យូរ ព្រោះជាទូទៅ ខ្ញុំពិបាកគេងកន្លែងប្លែក ម៉្យាងបន្ទប់ទឹកក៏នៅក្រៅផ្ទះ បូករួមគ្មានទឹកស្អាតប្រើប្រាស់ថែមទៀត…

ជាធម្មតា មុនថ្ងៃចូលឆ្នាំមកដល់ កំលោះក្រមុំទាំងអស់ តែងនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរតាមទីអារាម ឬក្នុងភូមិជាដើម ។ ឯខ្ញុំវិញ ដ្បិតអី មិនបានទៅចូលរួមលេងកម្សាន្តឯណាបាន ក្រៅពីផ្ទះរបស់ម្តាយមីងឡើយ… ដោយសារតែគាត់មិនអនុញ្ញាតឱ្យខ្ញុំទៅលេងជាមួយនឹងគេឯងឡើយ។ តែយ៉ាងណា ក៏មិនអផ្សុកអីដែរ! ហោចណាស់! មានបងប្អូនជីដូនមួយច្រើន ក្បែរ ១០នាក់ដែរតើ! មិនខ្វះគ្នាលេង។

ដូច្នេះហើយ ឱ្យតែរសៀលបន្តិច គ្រួសារនេះ តែងជួបជុំគ្នាលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ នៅបរិវេណមុខផ្ទះម្តាយមីងតែម្តង។​ក្រៅពីបងប្អូនពួកគេ ក៏មានកំលោះក្រមុំប៉ុន្មានអ្នក មកចូលរួមលេងជាមួយដែរ។ ហើយគ្រានោះហើយ ជាឱកាសសម្រាប់ឱ្យទេវបុត្ររបស់នាងបានបង្ហាញខ្លួន…

ថ្ងៃទី១ ទី២ បុរសម្នាក់នោះ មិនបានចូលរួមលេងជាមួយពួកនាងទេ គេត្រឹមតែឈរមើលពួកនាងលេងប៉ុណ្ណោះ ។ ដានិច្ច ពូកែណាស់! នាងបោះអង្គញ់ឈ្នះពួកប្រុសៗរហូត តែមិនមែនឈ្នះដោយយុត្តិធម៌អីទេ គឺឈ្នះដោយសារតែនាងលេងបន្លំគេតែប៉ុណ្ណោះ! នេះក៏មិនអាចបន្ទោសនាងបានដែរ… អ្នកណាប្រើឱ្យប្រុសៗ ឆ្លាតមិនដល់នាងធ្វើអី!

ទៀតហើយ!!! ស្រីៗជួសយើងរហូត…
នេះជាសំឡេងមិនសុខចិត្តរបស់ពួកប្រុសៗ! ឯក្រុម ដានិច្ច វិញ សប្បាយអរណាស់! កាលដែលបានជួសគេ ឥតទំនេរដៃបែបនេះ។

ក្រោយពីជួសជង្គង់ប្រុសៗហើយ ដោយសារតែការអាណិតដែលមានតិចតួចស្តួចស្តើង ដានិច្ច ក៏តឱ្យខាងប្រុសៗជាអ្នកបោះមុន តែមិនថាខាងស្រីៗតឱ្យយ៉ាងណា ក៏ខាងប្រុសៗ នៅតែបោះមិនត្រូវដដែលហ្នឹង! យ៉ាងច្រើនត្រូវបាន ១ បើមិនអ៊ីចឹងទេគឺចំកោយកណ្តាល។ លើកនេះពួកគេក៏ប្រហែលជាមិនអាចគេចផុត ពីឱ្យពួកស្រីៗជួសទៀតទេមើលទៅ!

« ខ្ញុំសាកបោះម្តងមើល៎ »
បុរសវ័យ ២០ឆ្នាំ ស្ទាយល៍សក់ សុគន្ធថេរ៉ាយុ ស្បែកសរលោង ច្រមុះស្រួចធ្លូ ដូចតារា សំឡឹងមុខដានិច្ចបែបមុត ស្របនឹងស្នាមញញឹមខើចមាត់បន្តិច បែបជឿជាក់ថា ខ្លួនអាចផ្តួលអ្នកខ្លាំងនៅចំពោះមុខនេះបាន។

ហុឺស! ស្មានពីណា! ការពិតអាប៉ិមុខសដូចស្រី អត់មាយាទហ្នឹងសោះ! ធ្វើឯងសម្តែងឫកពារក្អេងក្អាងអីណា៎
ម្សៀរនេះ! ដូចជាអឺដល់ហើយ ចាំមើលណា៎ បើហ៊ានតែបោះខុស សើចឱ្យជ្រុះធ្មេញហ្មង!!!

ដៃគេចាប់កាន់អង្គញ់ ភ្នែកតម្រង់គោលដៅយ៉ាងហ្មត់ចត់ មើលទៅដូចជាអ្នកប៉ិនប្រសព្វអ៊ីចឹង!! ខ្ញុំកំពុងតែឈរភ្លឹកនឹងរូបរាងរបស់គេ…
« យេ!!!! » សំឡេងហ៊ោកញ្ជៀវរបស់ប្រុសៗ

ចុម! បោះឡូយរបស់គេមែនតើនៀក ខ្ញុំប្រញាប់និយាយកាត់សំឡេងហ៊ោក្រញ្ជាវរបស់ពួកគេ ។
« អេៗ កុំអាលអរពេកមើល៎ នៅមានអង្គញ់២ទៀត មិនទាន់ដួលឯណា៎ »

ម្សៀរនោះ ងាកមើលមុខខ្ញុំស្ញេញ ឆ្លៀតវៃចិញ្ចើមស្តាំម្ខាងដាក់ ធ្វើឱ្យចិត្តខ្ញុំផ្តើមឈួលភ្លាម រួចបន្តឱនរើសអង្គញ់គ្រាប់ទី២ បោះបន្ត…
« យេ!!!! » សំឡេងហ៊ោកញ្ចៀវរបស់ប្រុសៗសារជាថ្មី

គេនោះពិតជាពូកែមែន៎ គេអាចបោះត្រូវម្តងទាំងពីរ ធ្វើឱ្យអ្នកពូកែដូចជាខ្ញុំសើចលែងសមតែម្តង! ម្សៀរនោះឈរស្ញេញលើសដើម ហើយចាប់ផ្តើមធ្វើចរិតច្រឡឺមដាក់ខ្ញុំលើសដើម ធ្វើឱ្យខ្ញុំទ្រាំមិនបាន ក៏រហ័សកាត់ភាពរីករាយគេ៖
« នែ! កុំហ៊ោខ្លាំងពេក ខ្មោចឱ្យទេដឹង! »
« ល្អ! អ៊ីចឹងដល់វេន ដានិច្ចឯង បញ្ចេញស្នាដៃម្តងហើយ » ម្នាក់នោះឧទិសនាមខ្ញុំ
« ឆើស! ដែលខ្លាចហ្ហី!!! » ដោយទ្រាំមិនបាននឹងជ័យជំនះពួកគេ ខ្ញុំក៏សម្ញែងឬកក្អេងក្អាងចេញមក ។

អង្គញ់គ្រាប់ទី១របស់ខ្ញុំបោះយ៉ាងល្អ ឯគ្រាប់ទី២ក៏បោះត្រូវទៀត អីយ៉ា!!! ថាមិនចង់អួតទេ តែខ្ញុំពិតជាពូកែមែន… អង្គញ់បន្តបន្ទាប់ រហូតដល់ចុងក្រោយ ក៏ « ចប់!!! » សំឡេងលាន់មាត់ស្របពេលគ្នា… ដូច្នេះគួរតែយល់ហើយថាខាងស្រីៗចាញ់ពួកប្រុសៗ បាត់ទៅហើយ ដូច្នេះមានតែឱ្យគេជួសវិញប៉ុណ្ណឹងឯង ។ រសជាតិដែលត្រូវគេជួសក្បាលជង្គង់គឺ ឈឺណាស់!!

« ម៉េចហើយ! មេអួត? » អាបុិមុខស ឱនជួសខ្ញុំបណ្តើរ ឆ្លៀតសួរឌឺបណ្តើរ…
« អង្វរខ្ញុំទៅ! ប្រហែលខ្ញុំអាណិតខ្ជិលជួសណា៎ » ម្សៀរនោះសួរឌឺ
« ខ្ពើម! ហ៊ានលេង ហ៊ានចាញ់! »
គេផ្ទុះសំណើចនឹងចរិតចង់ឈ្នះខ្ញុំបន្តិច រួចក៏ឱនជួសជង្គង់ដ៏ស្រស់ស្អាតរបស់ខ្ញុំយ៉ាងមិនប្រណីដៃ។
ស៊ាំមែននិយាយលេងសោះ ជួសមែន៎អាប៉ិនេះ! ចាំមើលណា៎ឯង…

លេងចុះឡើងៗ មេឃកាន់តែរសៀលជ្រាលជ្រេហើយដែរ ពួកគេក៏ចែកជើងគ្នាទៅផ្ទះរៀងខ្លួន ឯខ្ញុំក៏ស្រូតទៅងូតទឹកអាលនឹងទទួលទាន អាហារពេលល្ងាចដែរ ឯជង្គង់វិញ មិនបាច់និយាយទេ ឡើងក្រហម និងផ្តើមហើមតិចៗហើយ។

ខ្ញុំចូលចិត្តបរិយាកាសនៅទីនេះណាស់ កាលដែលបានហូបបាយល្ងាចក្រោមពន្លឺចន្ទ ធ្វើឱ្យខ្ញុំមានក្តីសុខបំផុត។
ខណៈពេលដែលខ្ញុំកំពុងតែរួមតុអាហារជាមួយនឹងគ្រួសារខ្ញុំ ក៏មានស្រមោលមនុស្សម្នាក់ស្ទង់ៗ ដើរមកពីចម្ងាយ ពេលចូលមកជិតទើបខ្ញុំដឹងថា ការពិតម្សៀរនោះសោះ! ហើយក្នុងដៃគេមានកាន់សម្លមួយចានមកជូនមីងខ្ញុំ… ក្រោយពីទទួលទានអាហារល្ងាចរួច គេក៏សំណេះសំណាលលេងជាមួយនឹងមីងខ្ញុំមួយសន្ទុះ ក្រោយមក…

« ដានិច្ច » អាបុិមុខស ហៅខ្ញុំ
« ម៉េច? » ចរិតខ្ញុំតែប៉ុណ្ណឹង! ចំពោះមនុស្សដែលខ្ញុំមិនពេញចិត្ត មិនដែលនិយាយល្អស្រាប់ទៅហើយ។
« លេងទៀតអត់? » ឌឺហ្មងអាប៉ិនេះ! ស្អប់ណាស់!
« ដែលខ្លាច! »
« អ៊ីចឹង! ស្អែកចាំខ្ញុំមកទៀតណា៎… »

អ្វីដែលខ្ញុំស្អប់បំផុត គឺស្នាមញញឹមដោយភាពជឿជាក់របស់អាប៉ិហ្នឹង ញញឹមជំទើញមាត់បន្តិច ហើយគេក៏ត្រលប់ទៅផ្ទះវិញ ឯខ្ញុំក៏ទៅគេងដែរ ដើម្បីត្រៀមកម្លាំងទុកលេងស្អែកជាមួយគេ​នោះអី…

_________________________________________________________________________________________
ថ្ងៃបន្ទាប់…

ថ្ងៃនេះ ដល់ពេល ដានិច្ច ប្រកួតប្រជែងជាមួយនឹងម្នាក់នោះទៀតហើយ តែម្តងនេះ ដានិច្ច មិនឆ្កួតលេងល្បែងដែលនាងធ្លាប់លេងចាញ់គេទៀតនោះទេ ពួកគេលេងឈូងវិញម្តង ពួកគេលេងតាមទម្លាប់ដែលបន្តវេណពីចាស់ជំនាន់មុន មានទាំងច្រៀង ទាំងរាំ មើលទៅសប្បាយខ្លាំងណាស់! ដ្បិតថាខាងស្រីៗ លេងមិនឈ្នះពួកប្រុសៗ ប៉ុន្តែពួកគេចាញ់ត្រឹមតែត្រូវរាំមកយកឈូងប៉ុណ្ណោះ បានសប្បាយហើយថែមទាំងមិនចាំបាច់ឈឺក្បាលជង្គង់ទៀតផង! តែទាស់ត្រង់ថា ដានិច្ច ត្រូវខ្មាសចំពោះអំនួតខ្លួនឯងបន្តិច! តែបន្តិចហ្នឹងឯង…

កំលោះក្រមុំទាំងអស់នេះ ពិតជាវក់នឹងការលេងខ្លាំងណាស់! ពួកគេចាប់ផ្តើមលេងតាំងពីថ្ងៃដល់រសៀល មិនឆ្អែតក៏បន្តដល់យប់ទៀត ។ ពួកគេម្នាក់ៗ មើលទៅដូចជាលេងមិនចេះហត់សោះ! ជាពិសេសដានិច្ច និងកំលោះរូបសង្ហា សុធី តែម្តង ។ ពួកគេព្យាយាមប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ម្នាក់ៗចង់ឈ្នះរៀងៗខ្លួន ក៏មិនយល់ថាពួកគេធ្វើអ៊ីចឹងដើម្បីអ្វីដែរ តែមើលទៅដូចជា Tom និង Jerry ។

_________________________________________________________________________________________ថ្ងៃទី៣…

ថ្ងៃវារៈឡើងស័ក្តិនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដានិច្ច និងអ៊ំស្រីដែលជាញាតិនាងម្នាក់ទៀត បាននាំគ្នាធ្វើនំខ្មែរមួយចំនួន ហើយកំលោះរូបសង្ហាសុធីក៏បានមកជួយវិចនំនាងនិងអ៊ំដែរ។ សង្ស័យតែសុធីចាប់អារម្មណ៍នឹង ដានិច្ច មែនទែនហើយ បានជាចេះតែរកឱកាសក្បែរនាងរហូតបែបនេះ… តែនារីរូបស្រស់យើងវិញ ដូចជាលេងចរិតដាក់គ្នាដល់ហើយ អាសូរតែគ្នាបានធ្វើអីខុសទៅ!!!

ពេលដែល សុធី អង្គុយវិចនំជាមួយ ដានិច្ច គេមិនបណ្តោយឱ្យបរិយាកាសគ្របដណ្តប់ដោយភាពស្ងប់ស្ងាត់ទេ សុធី សួរដានិច្ច​ពីនេះ ពីនោះ សួរតាំងពីចំណូលចិត្ត និងការសិក្សាទៀត… ឯ ដានិច្ច ក៏ឆ្លើយទៅគេវិញទាំងមិនសូវពេញចិត្តខ្លះដែរ តែក៏ចេះតែតបវិញទៅ ព្រោះគ្រួសារ សុធី និងសាច់ញាតិរបស់ ដានិច្ច ជាមនុស្សស្និតស្នាលនឹងគ្នា។

សុធី តែងតែបន្តព្យាយាមរកគ្រប់មធ្យោបាយដើម្បីបាននៅក្បែរដានិច្ច និងបានផ្តោះផ្តងពាក្យសម្តីជាមួយនាង គ្មានខានមួយថ្ងៃឡើយ បើទោះជារូបគេដឹងថា ដានិច្ច មិនសូវជាពេញចិត្តនឹងរូបគេយ៉ាងណាក៏ដោយ…

មួយថ្ងៃមុនពេលដែល ដានិច្ច ត្រូវត្រលប់ទៅផ្ទះវិញ ក៏ជាថ្ងៃចុងក្រោយនៃពេលវេលាឈប់សម្រាករបស់ ដានិច្ច និង សុធី ដែរ ហាក់ដូចជាចម្លែក ព្រលឹមស្រាងៗ ដានិច្ចមិនទាន់ទាំងបានទទួលទានអាហារពេលព្រឹកផង សុធី ក៏មកដល់ផ្ទះម្តាយមីងនាងបាត់ទៅហើយ។ គេមកនេះ គឺមានបំណងសុំចិត្តម្តាយមីងនាង ដើម្បីបានអនុញ្ញាតឱ្យរូបគេ និងបងប្អូនជីដូនមួយ ដានិច្ច ព្រមទាំងនាងបានទៅលេងនៅរមណីយដ្ឋាន​មួយកន្លែង ដែលមិនឆ្ងាយពីផ្ទះម្តាយមីងនាងប៉ុន្មាននោះ។

សមដូចចិត្តសុធីណាស់! ម្តាយមីងនាងក៏យល់ព្រម ព្រោះគាត់មានទំនុកចិត្តលើសុធី។ ណាមួយ សុធី ជាក្មេងល្អដែលចាស់ៗក្នុងភូមិស្រលាញ់ចូលចិត្តថែមទៀតផង…

« ម៉េចដែរដានិច្ច! ទៅជាមួយពួកខ្ញុំឬអត់? » កំលោះ ធី បបួលខាងស្រីត្រង់ៗតែម្តង។ ដានិច្ច ភាំងមួយសន្ទុះមុននឹងឆ្លើយ៖
« ខ្ញុំតាមតែបងខ្ញុំទេ! បើគាត់ទៅខ្ញុំទៅដែរ » ចម្លើយត្រឹមប៉ុណ្ណេះ ពួកគេក៏ស្រុះស្រួលគ្នាទៅកម្សាន្តទីនោះ តែតម្រូវឱ្យមានមនុស្សប្រុសជិះម៉ូតូឌុប ព្រោះថា រដូវកាលចូលឆ្នាំបែបនេះ សម្បូរអ្នកស្ទាក់លេងម្សៅ និងជះទឹក ហូរហែរ មីងខ្លាចថាគេបន្លំប៉ះពាល់កូនក្មួយគាត់ ឯខ្ញុំ ត្រូវបានជិះជាមួយអាបុិមុខស។

តាមផ្លូវមានអ្នកលេងជះទឹក និងបាតម្សៅហូរហែរ ខ្ញុំក៏ទាមទារឱ្យគេឌុបទៅផ្ទះវិញ៖
« ចង់ទៅផ្ទះវិញ ខ្លាចគេលេងបាតមុខ!​ ព្រោះអត់ចូលចិត្ត »
គ្រាន់តែខ្ញុំនិយាយចប់ឃ្លានេះ គេក៏អែបម៉ូតូភ្លាម រួចងាកមកនិយាយនឹងខ្ញុំ៖
« កុំភ័យ នៅភូមិនេះ ទឹកដីខ្ញុំទេ! គ្មានអ្នកណាហ៊ានលេងប៉ះពាល់យើងទេ »

« ជឿជាក់ម៉េស? »
« បើទឹកដីខ្ញុំ! ម៉្យាងនៅនេះ គេលេងតែអ្នកបើកដៃឱ្យគេលេងទេ បើដូចយើង ជិះឌុបគ្នាអ៊ីចឹង គេមិនហ៊ានទេ »
« ថី បានមិនហ៊ាន​? »
« របស់អ្នកដទៃ គេមិនហ៊ានប៉ះទេ » គេនិយាយចប់ ងាកទៅមុខវិញ ខណៈខ្ញុំអង្គុយឆ្ងល់នៅឡើយ! ស្អី របស់ស្អី!

ពួកយើង ៤ ៥ម៉ូតូ ចេះតែជិះលេងមើលនាយអាយតាមជើងភ្នំ និងទីអារាមនានាអ៊ីចឹងទៅ។ លុះល្ងាចឡើង ក៏បន្តសប្បាយក្នុងភូមិបន្ត…

នៅទីនេះ មានមនុស្សម្នាច្រើនខ្លាំងណាស់! មានខ្លះជំនុំគ្នាហូបអី ខ្លះទៀតលេងល្បែងប្រជាប្រិយ ហើយក៏មានការរាំរែកផងដែរ ។ ទិដ្ឋភាពបែបនេះ ដានិច្ច មិនធ្លាប់បានចូលរួមពីមុននោះទេ នាងមិនបង្អង់យូរ ក៏ប្រញាប់ទៅចូលរួមជាមួយនឹងគេ។ នាងលេងផង រាំផង មើលទៅ នាងដូចជាសប្បាយរីករាយខ្លាំងណាស់។ បើក្រលេកមកមើលកំលោះរូបសង្ហាយើងវិញដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេ ព្រោះគេចង់មានឱកាស បានជជែកគ្នាលេងជាមួយ ដានិច្ច ច្រើនជាង…

ខណៈពេលដែល ដានិច្ច កំពុងតែនៅក្នងវង់រាំ សុធី ក៏ចូលទៅហៅ ដានិច្ច ចេញមកក្រៅ៖
« មិនហត់ខ្លះទេហ៊ី? » ដានិច្ចជ្រួញចិញ្ចើមឆ្ងល់ មុននឹងសួរតប « បើហត់ថី? »
« គ្មានអីទេ តែខ្ញុំអផ្សុក » ធី ឆ្លើយ
« ហើយចុះពាក់ព័ន្ធអីនឹងខ្ញុំដែរ? » មួយម៉ាត់ៗ របស់ដានិច្ច ធ្វើឱ្យកំលោះ ធី សឹងមិនហ៊ានប្រឹងប្រែងតាមញ៉ែ។
« ខ្ញុំចង់មានពេលជាមួយយើងឱ្យបានច្រើនជាងនេះ »
ឡប់មិចទេអាប៉ិនេះ! មនុស្សមិនដែលត្រូវគ្នាផង សុទ្ធតែថាចង់មានពេលក្បែរគ្នាឱ្យច្រើនណា៎ណោះវិញ! អុញ! សង្ស័យខ្យល់ចាប់ខួរក្បាលទេដឹង!

« ហើយយើងស្និតស្នាលនឹងគ្នាពីកាលដែរចាស៎? » ដានិច្ច ចោទសួរ តែខាងប្រុសយើងក៏មិនណយដែរ ហ៊ានឆ្លើយផាំងភ្លាម៖
« អម្បាញ់មិញហ្នឹង! »
« What? »
ដានិច្ច គ្រវីក្បាលរួចដើរចេញមិនខ្វល់នឹងកំលោះធី។

គ្រាន់តែងាកខ្លួនចេញពីគេបន្តិច ភ្លាមៗគេក៏ចាប់ដៃខ្ញុំជាប់ ចំពោះមុខជីដូនមួយខ្ញុំដែលអង្គុយថតរូបលេងក្បែរនេះដែរ រួចនិយាយឡើង៖
« សុំអង្វរណា៎ អង្គុយកំដរខ្ញុំបន្តិចទៅណា៎ ណា៎»

ខ្ញុំហាក់គាំងនឹងភាពក្លាហានជ្រុលរបស់គេបន្តិច ដែលហ៊ានមកកាន់ដៃខ្ញុំ! ព្រោះកន្លងមក ខ្ញុំមិនធ្លាប់ស្និតស្នាលនឹងភេទផ្ទុយគ្នាណាឡើយ សូម្បីតែបងប្អូនប្រុស។ ខ្ញុំក៏មានប្រតិកម្មរហ័សតបវិញ ទាញដៃគេចេញភ្លាមៗ ឯគេក៏ហាក់ដឹងខុស៖

« អ្ហស៎! សុំទោស ខ្ញុំភ្លេចខ្លួន »

ខ្ញុំនៅតែចងចិញ្ចើមជាប់ រួចដើរទៅទាញដៃជីដូនមួយខ្ញុំ ចូលវង់រាំបន្ត ដែលមានម្សៀរនោះតោងទាមទៅដែរ។

ខ្ញុំនិងបងប្អូនជីដូនមួយរបស់ខ្ញុំរាំលេងយ៉ាងសប្បាយ ដែលមានម្សៀរនោះ រាំក្បែរខ្ញុំរហូតមិនរបូតទៅណាសោះ! តែក៏ល្អម៉្យាងដែរ គ្រាន់មានមនុស្សប្រុសម្នាក់ការពារពីពួកស្ទាវៗដែលចូលចិត្តរាំបន្លំប៉ះគេឯងនោះអី!!!

ម៉ោងប្រហែលជា ១១រំលងអាធាត្រ ចាស់ៗក្នុងភូមិក៏ចាប់ផ្តើមចែកផ្លូវគ្នាទៅផ្ទះអស់ខ្លះ តែក្មេងៗ នៅតែបន្តការសប្បាយនៅឡើយ។ ដំបូងខ្ញុំគិតថាចង់រាំទល់ភ្លឺ ប៉ុន្តែពេលនេះអត់ទេ ព្រោះខ្ញុំឃើញសភាពការណ៍ ដូចជាមិនសូវស្រួលហើយ… បងខ្ញុំប្រាប់ថា នៅក្នុងភូមិនេះ ឱ្យតែរៀងយប់បន្តិចគឺមានបញ្ហាឈ្លោះគ្នាមិនខាន ដូច្នេះនៅពេលនេះដូចជាមិនស្រួលហើយ អាបុិធី ក៏បបួលខ្ញុំទៅផ្ទះវិញ ដោយដើរមកខ្សឹបហ្មង៖

« តោះពួកយើងទៅផ្ទះវិញហ៊ី! ខ្ញុំមានអារម្មណ៍ថាប៉ុន្មានអ្នកនោះចង់បង្កបញ្ហាជាមួយខ្ញុំហើយ »
ឃើញបាត់ចាស់ៗ ឯប្រជាការពារភូមិ ក៏ស្រវឹងអស់ដែរ ខ្ញុំក៏ព្រមត្រលប់ទៅវិញ ឯគេក៏បក់ដៃហៅបងប្អូនខ្ញុំផ្សេងទៀត និងមិត្តភក្តិគេប៉ុន្មានអ្នកទៀតត្រលប់ទៅវិញទាំងអស់គ្នាតែម្តង។

ថ្វីបើការសប្បាយរបស់យើងបញ្ចប់ទាំងចិត្តយើងមិនទាន់ចង់ចប់ ក្រោយពីមកដល់ផ្ទះម្តាយមីងខ្ញុំវិញភ្លាម អាបុិធី និងជីដូនដូនមួយរបស់ខ្ញុំ ក៏បបួលខ្ញុំជជែកគ្នាលេង ពួកយើងសម្រេចចិត្តថាយប់នេះមិនគេងទេ យើងនឹងនៅជជែកគ្នាលេងទល់ភ្លឺតែម្តងមុននឹងខ្ញុំត្រូវចេញដំណើរត្រលប់ទៅភ្នំពេញវិញ ព្រឹកស្អែក…

យប់នេះរៀងចម្លែកបន្តិចហើយ អាបុិធី និងបងជីដូនមួយខ្ញុំ សុខៗស្រាប់តែនាំគ្នាលើកយកប្រធានបទ រឿងខ្មោចមកនិយាយ ធ្វើឱ្យខ្ញុំឯណេះស្វាងចែសតែម្តង…

« ដូរប្រធានទៅបានហ្ហេ? » ដានិច្ចនិយាយឡើង
« ដានិច្ចខ្លាចមែន? » សុធី សួរ
យី!!! ស៊ាំមែនម្សៀរនេះ! បើគេឱ្យប្តូរប្រធានបទហើយ នៅសួរច្រើនទៀត អត់មិនបានឥឡូវហ្នឹងហើយ! និយាយមិនខ្លាចមិច! បើនៅស្រុកស្រែចំការអ៊ីចឹងផង ហើយសំខាន់ នាំគ្នានិយាយនៅទីធ្លាមុខផ្ទះធំល្វឹងល្វើយ ដែលស្ងាត់ជ្រៀបអ៊ីចឹងទៀត។ តែយ៉ាងណា ខ្ញុំមិនអាចឱ្យគេដឹងថាខ្ញុំខ្លាចបានទេ។

« ដែលខ្លាច! គ្រាន់តែធុញទេតើ »
« អត់ខ្លាចល្អហើយអ៊ីចឹង! ដានិច្ច នៅតែភ្នំពេញមិនដែលដឹងជីវិតស្រុកស្រែចំការទេ អ៊ីចឹងហើយ ទើបពួកខ្ញុំនិយាយឱ្យយើងដឹងហ្នឹងណា៎ »

« ចុះខ្វះរឿងនិយាយមែន៎? និយាយរឿងផ្សេងអត់បានមែន៎ចុះ? »
ខ្ញុំធ្វើជារករឿងដើម្បីឱ្យពួកគេឈប់និយាយរឿងខ្មោចទៀត តែសុខៗម្សៀរនោះស្រាប់តែសើចឡើយ ខ្ញុំក៏ប្រតិកម្មរហ័សភ្លាម៖
« ហើយសើចស្អី? »
« ខ្ញុំសើចចោលតើ៎! ប៉ុណ្ណឹងក៏ឆ្ងល់ដែរ » កំលោះធី ឆ្លើយ
« មិនឱ្យសើចទេ! ព្រោះកំពុងនិយាយជាមួយខ្ញុំសុខៗស្រាប់តែសើច អ៊ីចឹងមានន័យថាចំអកឱ្យខ្ញុំ »
« អ៊ីចឹង! »
« អ៊ីចឹងហើយ »

« អេ! យើងទាំងពីរនាក់ហ្នឹង បើមិនបានប្រកែកគ្នា១ថ្ងៃមិនអស់ចិត្តហ្មងអី? »
បងជីដូនមួយខ្ញុំកាត់ចង្វាក់ ហើយពួកយើងក៏បញ្ចប់ការជជែកគ្នាភ្លាម។ ឯខ្ញុំក៏ទុកឱ្យគ្រប់គ្នានៅជជែកគ្នាបន្ត ដើម្បីសុំពេលទៅរៀបចំឥវ៉ាន់ ព្រោះជិតដល់ពេលត្រូវត្រលប់ទៅវិញហើយ…

មិនយូរប៉ុន្មានមេឃក៏ភ្លឺល្មម បងស្រីជីដូនមួយនិងខ្ញុំក៏ដល់ពេលឡើងឡានឈ្នួលត្រលប់ទៅផ្ទះវិញ។ នេះជាលើកទីមួយហើយដែលខ្ញុំបានស្គាល់រសជាតិជិះឡានប្រជ្រៀតគ្នា វាពិបាកបន្តិចមែន តែខ្ញុំក៏រីករាយដែលបានត្រលប់ទៅផ្ទះដ៏កក់ក្តៅរបស់ខ្ញុំវិញ…

_________________________________________________________________________________________

ភាពរីករាយពិតជាលឿនមែន តែក៏គ្មានអ្វីសប្បាយជាងបានត្រលប់មករកពូកដ៏កក់ក្តៅ និងញុំាបាយម៉ាក់ធ្វើដែរ…

ក្រោយពីថ្ងៃឈប់សម្រាកបានបញ្ចប់ ខ្ញុំក៏ត្រូវត្រលប់ទៅរកទម្លាប់ធម្មតារបស់ខ្ញុំវិញ ហ៊ឺម!! គ្មានអីក្រៅពីទៅរៀន មកផ្ទះ នៅផ្ទះហើយក៏រៀននោះទេ។

Ring! Ring! សុខៗទូរសព្ទខ្ញុំក៏ផ្តើមរោទិ៍
ខ្ញុំនៅសម្លក់សម្លឹងលេខដែលខ្ញុំមិនធ្លាប់ស្គាល់មួយសន្ទុះ ក៏ដាច់ចិត្តលើក…
« ដានិច្ច! សុខសប្បាយជាតិទេ » ម្ចាស់សំឡេងកំពុងសន្ទនាមកកាន់ខ្ញុំនោះ សំឡេងដូចប្រហែលៗ
« អ្នកណាគេហ្នឹង? »
« មិនស្គាល់ខ្ញុំទេ! មិចក៏ឆាប់ភ្លេចគ្នាម៉្លេះ? »

ត្រឹមតែពីរឃ្លា ខ្ញុំក៏ចាប់សំឡេងគេបានថាជាអ្នកណា តាមពិតគឺអាគាត់ហ្នឹងសោះ!

« មានការអី? »
« ខលទៅលេងហ្នឹងណា »
« ហើយបានលេខខ្ញុំពីណា? »
គ្រាន់តែខ្ញុំចោទសួរប៉ុណ្ណេះ គេសើចភ្លាម ដូចរឿងត្រូវឆ្នោតអ៊ីចឹង!

« ទាញទៅ »
« ហើយការងារអីដែលខ្ញុំត្រូវទាយ? បានលុយអត់? »
« ឆ្នាសម៉េស!!!! » គេនិយាយបង្អូស ធ្វើឱ្យអ្នកស្តាប់ឯណេះចង់ដាល់មួយដៃ បើនៅចំពោះមុខ។

« ……….. »
« ទៅគេប្រាប់ក៏បាន! បានលេខតាំងពីពេលខ្ចីទូរសព្ទយើងតេ រកទូរសព្ទខ្ញុំពេលនៅរមណីយដ្ឋាននោះអ្ហ៎…. » បង្ហើបប៉ុណ្ណេះ ខ្ញុំក៏នឹកឃើញថ្ងៃនោះ… ណ្ហើយ!

(ចាប់តាំងពីបានលេខទាក់ទង ដានិច្ច មក កំលោះធី តែងតែខល និងផ្ញើសារទៅនាងមិនលស់ថ្ងៃ រហូតហ៊ានសារភាពប្រាប់នាង និងគ្រួសារនាងថា ខ្លួនមានចិត្តយ៉ាងជ្រាលជ្រៅលើនារីឆ្នាសឆ្នើមម្នាក់នេះ និងប្រាថ្នានាងជាភរិយា)

ខ្ញុំមិនអាចបដិសេធនឹងគេបានទេ ថ្វីបើឆ្នាំនេះ ខ្ញុំទើបតែអាយុ១៨ឆ្នាំ ឯគេទើបតែ ២០ឆ្នាំ តែគេក្លាហានច្បាស់លាស់នឹងខ្ញុំ ហើយហ៊ានទាំងសួរចិត្តម៉ាក់ខ្ញុំ និងសាច់ញាតិខ្ញុំទៀត និងស្នើរកុំឱ្យពួកគាត់រារាំងមនោសញ្ចេតនានេះ ដោយសន្យាថា នឹងខិតខំរកលុយ កសាងអនាគតនឹងខ្ញុំ នៅ ៥ឆ្នាំខាងមុខ មិនមែនពេលនេះ…

តែថា… មនោសញ្ចេតនានេះ ពិតជាទៅមិនបានឆ្ងាយមែន!

ធី រៀនមិនចប់ទេ ដោយសារគ្រួសារលំបាក ត្រូវបង្ខំចិត្តចាកចេញពីកម្ពុជាទៅធ្វើការឯប្រទេសកូរ៉េ តាំងពីខ្ញុំទើបតែត្រលប់មកភ្នំពេញបាន ១សប្តាហ៍ម្ល៉េះ…

ធី ជាបុរសសង្ហា និងស្មោះស្ម័គ្រជាមួយដៃគូណាស់! មនុស្សស្រីគ្រប់គ្នា តែងប្រាថ្នាចង់បានមនុស្សម្នាក់នេះ ព្រោះយល់ថាសំណាង។ ឯសំណាងនេះ បានធ្លាក់មកលើខ្ញុំ។ មិនត្រឹមតែស្រលាញ់ គាត់តែងតែផ្តល់ការយកចិត្តទុកដាក់ ឱ្យតម្លៃខ្ញុំលើសការស្មាន ទាំងដែលចិត្តខ្ញុំ មិនធ្លាប់ជឿជាក់លើស្នេហារបស់គាត់ចំពោះខ្ញុំម្តងណាឡើយ។ ខ្ញុំតែងយល់ថា គាត់នឹងអាចសាវ៉ានៅថ្ងៃណាមួយ ហេតុនេះ ខ្ញុំបានធ្វើរឿងមិនគប្បីចំពោះគាត់មួយ ខ្ញុំបានក្បត់ពាក្យសន្យាដែលថា « នឹងនៅចាំគាត់មកស្តីដណ្តឹងខ្ញុំ » ទាំងដែលគាត់ក៏បានស្នើចិត្តម៉ាក់ខ្ញុំរួចទៅហើយ។

គ្រានោះ ប្រហែលជាខ្ញុំល្ងីល្ងើ និងក្មេងខ្ចីពេកហើយ ទើបអាចគិតចេញរឿងស្លុយបែបនេះកើត…
អ្វីដែលពិបាកទទួលយកបំផុតសម្រាប់ ធី ពេលនោះ! គឺគាត់ដឹងថាខ្ញុំបានលួចលាក់មានស្នេហាថ្មីទាំងដែលនៅមានគាត់នៅឡើយ ។ ក្រោយពីគាត់បានដឹងរឿងនោះហើយ គាត់មិនបានប្រកាន់ទោសខ្ញុំអ្វីនោះឡើយ តែគាត់ក៏សុំចម្លើយចេញពីបេះដូងខ្ញុំ៖

« ម៉េចបានអូនឯងស្រលាញ់គេ? »

វាជាសំណួរមួយដែលខ្ញុំឆ្លើយមិនចេញសោះឡើយ! ក៏បានត្រឹមតែនិយាយពាក្យ សុំទោស ទៅកាន់គាត់…។ គ្រានោះ! ខ្ញុំក៏មិនបានដឹងថា ក្នុងចិត្តគាត់អស់សង្ឃឹមចំពោះខ្ញុំយ៉ាងណាដែរ តែខ្ញុំក៏បានមើលឃើញសារដែលគាត់ឆ្លើយឆ្លងគ្នា ក្នុងគណនីហ្វេសប៊ុកគាត់មួយទៀត ទៅមករកគ្នា ដោយសួរខ្លួនឯងឆ្លើយខ្លួនឯងថា « ម៉េចហើយ? » « មិនអីទេ » ។

ខ្ញុំមានអារម្មណ៍ខុសធ្ងន់ មិនដឹងរកពាក្យអីមកបរិយាយទេ គាត់នៅតែព្យាយាមផ្តល់ឱកាសឱ្យខ្ញុំ៖
« បងឱ្យពេលអូនសុំបែកពីគេ ហើយបងនឹងមិនបែកពីអូនទេ »

ប្រយោគនេះ មិនត្រឹមតែធ្វើឱ្យខ្ញុំយល់ថាខុសចំពោះគាត់ខ្លាំងនោះទេ ខ្ញុំសឹងមិនហ៊ានជឿថា បុរសម្នាក់ដែលខ្ញុំមិន ធ្លាប់ជឿជាក់លើស្នេហាគាត់ចំពោះខ្ញុំសោះ បែរជាអាចធ្វើបែបនេះចំពោះខ្ញុំទៅវិញ។

មិនខុសទេ! ខ្ញុំសុខចិត្តជ្រើសបងធី ក៏មិនរវល់នឹងសង្សារថ្មីម្នាក់នោះទៀតដែរ ព្រោះថាម្នាក់នោះគ្រាន់ជាស្នេហាភ្លើងចំបើងប៉ុណ្ណោះ មិនមានមនោសញ្ចេតនាអីសុីជម្រៅឡើយ ហើយចាប់ពីនោះមក ខ្ញុំក៏ព្យាយាមធ្វើជាមនុស្សស្រីល្អបំផុតសម្រាប់គាត់…

ពេលវេលា ចេះតែកន្លងផុតទៅ…
ខ្ញុំគិតខុសម្តងទៀតហើយ! ខ្ញុំស្មានថាស្នេហានេះអាចគង់វង្ស តែធី មិនដែលភ្លេចរឿងនោះម្តងណាឡើយ ស្នេហា ពួកយើងក៏ចាប់ផ្តើមប្រេះឆាបន្តិចម្តងៗ ទៅតាមពេលវេលា។ ការឈ្លោះប្រកែកគ្នា និងភាពព្រងើយកន្តើយរបស់គេ ដែលខ្ញុំមិនធ្លាប់បានជ្រាប ក៏ផ្តើមមាន…

ស្របពេលដែលខ្ញុំកាន់តែស្រលាញ់គេ គេកាន់តែណាយចិត្ត បើទោះជាខ្ញុំធ្វើអ្វីក៏ដោយ ក៏គេមិនដែលខ្វល់នឹងខ្ញុំទៀតដែរ ចុងក្រោយគេក៏ព្រមសារភាពថា គេទាក់ទងស្នេហាថ្មី…

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ ~ ស្នេហាឆ្លងប្រទេសមួយនេះ ក៏ត្រូវបានបញ្ចប់ជាផ្លូវការ។

ក្រោយបែកគ្នា ខ្ញុំដូចមនុស្សកើតឆ្កួតអ៊ីចឹង វិលវល់ លែងខ្វល់នឹងរឿងដំណេក បាយក៏មិននឹក ទឹកក៏មិនស្រែក បានត្រឹមតែអង្គុយយំស្តាយនឹងកំហុសខ្លួនឯងពីមុន ហើយក៏មិនហ៊ានខឹងស្អប់គេនោះដែរ…

(ទោះបីបែកគ្នា តែកំលោះ ធី នៅតែដិតដាមនឹងស្នេហានេះ មិនអាចភ្លេច ម្តងម្កាល គេលួចទាក់ទងមករក ដានិច្ច នៅចង់ដឹងសុខទុក្ខ នោចង់ស្តាប់សំឡេង ដោយមិនខ្វល់នឹងអ្នកថ្មីថាមានអារម្មណ៍បែបណាឡើយ រហូតហ៊ានសរសើរភាពទាក់ទាញម៉្យាងរបស់ ដានិច្ច ដែលគេនៅតែដក់ជាប់ក្នុងអារម្មណ៍ដ៏ជ្រៅ មិនអាចភ្លេច គឺភាពកំណាច់ខ្លួនរបស់នាង…។ មនុស្សប្រុសម្នាក់នេះ អាចថាបុរាណបន្តិចក៏ថាបាន តែគេប្រកាន់ណាស់ថា មនុស្សស្រីដែលគេនឹងរើស ជាមនុស្សបែបណា។ ដានិច្ច ថ្វីបើធ្វើខុសចំពោះ ធី តែតាមចរិតឆ្នាសឆ្នើម មិនចាញ់អ្នកណារបស់នាង គឺមិនព្រមឱ្យអ្នកណាខ្សែលើ ឬពាល់តាមចិត្តឡើយ ទោះបីជាស្នេហាក៏ដោយ ហើយក៏ព្រោះតែធ្លាប់ក្បែរ ទើបល្បង ទើបមនុស្សប្រុសនេះ ជឿជាក់ច្បាស់។ ម៉្យាង បើទោះជានៅអាល័យ ស្នេហានេះមិនអាចវិលទៅរកអារម្មណ៍ល្អៗដូចមុនបានឡើយ…៕

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*