វគ្គ១៖ ស្រអាប់គ្មានផ្សែង
បងភេត្រា!!!…
សំឡេងស្រែកឆ្វាចមួយទំហឹងរបស់ស្រ្តីវ័យកណ្តាលម្នាក់ ដែលកំពុងឈរគាំងថ្មឹងដោយឃើញស្វាមីរបស់ខ្លួនដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ដោយទទួលយកមិនបាន ភ្លាមៗស្រ្តីនោះក៏ដួលសន្លប់នៅក្បែរសាកសពបុរសដែលជាស្វាមី។
បន្ទប់សួរចម្លើយ…
ព្រះទិនករលាអស្ដង្គត។
នៅក្នុងបន្ទប់បួនជ្រុងដែលមានសភាពស្ងប់ស្ងាត់ បានបន្តិចក៏មានសំឡេងបន្លឺឡើង៖
តើពូទៅធ្វើអ្វីនៅកន្លែងកើតហេតុ?
សំណួរដំបូងដែលចេញពីបបូរមាត់ក្រាស់របស់នាយអធិការ ដ្បិតតែស្ដាប់ទៅទន់ភ្លន់ប៉ុន្ដែទឹកមុខនិងសម្ដីមួយៗច្បាស់ៗរបស់នាយអធិការធ្វើឱ្យអ្នកដែលកំពុងត្រូវបានសួរនោះ ភ័យសឹងតែគាំងបេះដូងទៅហើយ។
នាយអធិការវ័យក្មេងម្នាក់នេះ ដ្បិតតែអាយុមិនទាន់៣០ឆ្នាំ ប៉ុន្តែប្រវត្តិស្នាដៃមិនអន់នោះទេ។ នាយអធិការជាមនុស្សមានឆន្ទៈខ្ពស់ក្នុងការបូជាភក្ដីភាពជូនជាតិតាមរយៈការសាងស្នាដៃជាច្រើនកន្លងមក។ ហើយគ្រប់គ្នាតែងស្គាល់រហ័សនាមរបស់នាយថាជា កំពូលអ្នកប្រមាញ់ ឯឈ្មោះពិតរបស់នាយអធិការរូបសង្ហាម្នាក់នេះគឺ លោកវរសេនីយ៍ឯក ពន្លឺ អធិភូ ។
ខ្ញុំ…គឺខ្ញុំទៅជ្រកភ្លៀងនៅកន្លែងដាក់ម៉ូតូជាប់នោះ!
លោកពូម្នាក់នេះឆ្លើយទាំងរដាក់រដុប ព្រមជាទឹកមុខដ៏ស្លេកស្លាំង។
តើពូបានឃើញហេតុការអីខ្លះនៅទីនោះ?
អធិភូបន្តសួរដោយក្រសែរភ្នែកមុតស្រួច។
លោកពូឱនមុខគេចពីក្រសែភ្នែករបស់នាយអធិភូ រួចនិយាយទាំងតានតឹង ៖
ខ្ញុំមិនបានឃើញអ្វីនោះទេ។ ព្រោះខ្ញុំខ្លួនឯងក៏មិនដឹងថាដេកលក់នៅលើម៉ូតូរ៉ឺម៉កតាំងពីថ្មើរណាដែរ តែពេលឮសំឡេងស្រែក ខ្ញុំក៏ប្រញាប់រត់ទៅមើល។
ហើយបន្ទាប់មកទៀត?
ពេលនោះ ខ្ញុំឃើញលោកភេត្រានិងភរិយារបស់គាត់ដេកស្ដូកស្ដឹង។ ហើយលើខ្លួនរបស់លោកភេត្រាមានសុទ្ធតែឈាម! ក្លិនឆ្អាបឆាបឈួលយ៉ាងអាសោចរបស់លោកភេត្រាធ្វើឱ្យខ្ញុំគាំងសឹងតែដកដង្ហើមមិនចេញ។ ខ្ញុំឈរគាំងមួយភ្លែតក៏មានស្មារតីមកវិញ រួចក៏ទូរសព្ទទៅប៉ូលិសភ្លាម។
ទឹកមុខស្រពោនខ្មៅស្រអាប់លាយឡំនឹងអារម្មណ៍ច្របូកច្របល់របស់បុរសដែលជាអ្នកលក់លតឆា។
គ្រប់គ្នារក្សាភាពស្ងប់ស្ងាត់ គ្មានសូម្បីសំឡេងដង្ហើមនៅក្នុងបន្ទប់សួរចម្លើយ។ ស្ថានភាពតានតឹង គ្រប់គ្នាមិននិយាយអ្វីទាំងអស់ ចំណែកពូដែលជាអ្នកលក់លតឆាមិនហ៊ានសូម្បីកម្រើកខ្លួន។
បានបន្តិចនាយអធិភូក៏បន្លឺឡើង៖
តើពូមានសាក្សីបញ្ជាក់ថាអ្វីដែលពូបាននិយាយមកនេះជាការពិតដែរទេ?
អ្នកលក់លតឆាធ្លាក់ទឹកមុខ ព្រោះជាលើកទីមួយដែលគាត់មកអង្គុយទល់មុខប៉ូលិសក្នុងស្ថានភាពដ៏តានតឹងមួយនេះ។ ពេលនេះ ទឹកមុខរបស់គាត់ហាក់បង្ហាញក្ដីអស់សង្ឃឹមជាខ្លាំង។ គាត់បានលើកបន្តោងខ្សែកដែលមានរូបគ្រួសារបស់គាត់មកមើល ភ្លាមនោះគាត់ស្រាប់តែនឹកឃើញអ្វីមួយដែលធ្វើឱ្យគាត់មានស្នាមញញឹមតិច។
ភ្លាមៗអ្នកលក់លតឆាក៏និយាយទាំងតក់ក្រហល់៖
កាមេរ៉ា! នៅកន្លែងផ្ញើម៉ូតូមានកាមេរ៉ា!
គាត់ស្រែកខ្លាំងៗថា កាមេរ៉ា ទឹកមុខរបស់គាត់ហាក់ស្រស់ថ្លាជាមួយស្នាមញញឹមដែលពេញទៅដោយក្ដីសង្ឃឹមរបស់គាត់។
កាមេរ៉ាត្រូវបានជនដៃដល់វាយកម្ទេចគ្រប់គ្រឿង។
ម្ចាស់សំឡេងដែលស្ងប់ស្ងាត់មួយស្របក់ ស្រាប់តែបន្លឺភ្លាមៗពេលអ្នកលក់លតឆាបញ្ចប់ប្រយោគ។
អ្នកអានអាចនឹងគិតថានាយអធិភូម្នាក់នេះ មាត់ឆៅគ្មានមេត្តា មិនសូម្បីបន្សល់ក្ដីសង្ឃឹមចុងក្រោយដល់ពូអ្នកលក់លតឆា។ ប៉ុន្ដែនេះជាការពិតដែលគាត់ត្រូវទទួលស្គាល់។
នាយអធិភូថ្វីដ្បិតតែមាត់ឆៅ ផ្ដាច់ការ ប៉ុន្ដែនាយជាមនុស្សស្មោះត្រង់ និងយុត្តិធម៌បំផុត។
ទឹកមុខដែលទើបនឹងស្រស់ថ្លា ក៏ប្រែជាធ្លាក់ចូលសភាពមិនជ្រះស្រឡះដូចដើម។ ពូអ្នកលក់លតឆាឱនមុខចុះ រួចរអ៊ូតិចៗ តើនេះជាកម្មពៀរអ្វីរបស់ខ្ញុំ? ខ្ញុំទាល់តម្រិះហើយ!
តុ តុ
ស្ថានការណ៍កំពុងពិបាកដកដង្ហើម ក៏ស្រាប់តែមានសំឡេងគោះទ្វាបន្លឺឡើង។
ចូលមក!
អ្នកម្ខាងដែលបានគោះទ្វានោះបើកទ្វាចូលមកបន្ទាប់ពីមានការអនុញ្ញាតពីនាយអធិការអធិភូ។ នាយប៉ូលិសក្រោមបង្គាប់ដើរចូលមកយ៉ាងរហ័សរហួនរួចឱនខ្សឹបនឹងត្រចៀកនាយអធិភូ។
មួយសន្ទុះក្រោយមក នាយអធិការក៏បញ្ចប់ការសួរចម្លើយ។
…
អធិភូ ម៉េចក៏…
នាយឯករាជ្យមិនទាន់នឹងបានសួរផង នាយអធិភូក៏ឆ្លើយភ្លាមហាក់ដូចជាដឹងថាមិត្តសម្លាញ់ចង់សួរពីអ្វី។
គ្នាយើងបានរកឃើញកាមេរ៉ានៅក្នុងឡានរបស់លោកភេត្រា ដែលអាចបញ្ជាក់បានថាពូអ្នកលក់លតឆា មិនមែនជាអ្នកសម្លាប់លោកភេត្រានោះទេ។
ចុះជនល្មើស?!
ឮតែពាក្យ ជនល្មើស នាយអធិភូក៏ងាកមករកនាយឯករាជ្យដែលកំពុងមានទឹកមុខឆ្ងល់ពេញទ្រូង។ អធិភូគ្រវីក្បាលបង្ហាញទឹកមុខសោះកក្រោះទៅកាន់នាយឯករាជ្យដែលឈរចំពោះមុខយ៉ាងអន្ទះសារ ថែមទាំងពោល៖
គ្មានតម្រុយទេ ឃាតករប្រាកដជាមានជំនាញណាស់ ទើបគ្មានបន្សល់ដានសោះ មិនថាជាស្លាកស្នាមក្រយៅដៃ ដានជើង ឬសូម្បីតែកាមេរ៉ាក៏ត្រូវវាបំផ្លាញគ្រប់គ្រឿងដែរ។ វាអាចទៅរួចដែលថាឃាតករជាអ្នកធ្លាប់ចេញចូលនៅទីនោះ បានជាស្គាល់ពីជ្រុងដាក់កាមេរ៉ាច្បាស់បែបហ្នឹង!…បន្សល់តែស្នាមមុខកាំបិតប្រាំចំណុចនៅលើខ្លួនរបស់ជនរងគ្រោះ។ ពេលនេះមនុស្សតែម្នាក់គត់ដែលយើងអាចរកតម្រុយបន្ថែមបាន គឺអ្នកស្រីកល្យាណដែលជាភរិយារបស់លោកភេត្រា និងជាអ្នកដែលនៅកន្លែងកើតហេតុផ្ទាល់ តែត្រូវរងចាំឱ្យគាត់ដឹងខ្លួនសិន ទើបដំណើរការសួរចម្លើយ។ នៅមានបុគ្គលិកបួននាក់ទៀត តាមព័ត៌មានដែលបានទទួលពីរបាយការណ៍ ហាងកាហ្វេរបស់ជនរងគ្រោះមានបុគ្គលិកសរុបចំនួនប្រាំនាក់ ប៉ុន្តែមានបុគ្គលិកម្នាក់បានលាឈប់តាំងពីខែមុនមកម្ល៉េះ ដូច្នេះនៅហាងមានបុគ្គលិកតែបួននាក់ប៉ុណ្ណោះ។ ហើយថ្ងៃនេះហាងកាហ្វេរបស់លោកភេត្រាបិទសម្រាកមួយថ្ងៃ ទើបមិនមាននរណាមកធ្វើការ ប៉ុន្តែពួកយើងនៅមិនទាន់បានទទួលព័ត៌មានណាមួយដែលកំណត់បានពីមូលហេតុទាក់ទងនឹងការបិទហាងនៅថ្ងៃនេះនោះទេ។ តែយ៉ាងណារឿងសួរនាំបុគ្គលិកក្នុងហាង គឺពឹងលើឯងហើយ។ ចំណែកខ្ញុំនឹងទៅកន្លែងកើតហេតុម្ដងទៀត រួចក៏ឈាងចូលមន្ទីរពេទ្យ។
ថាហើយនាយអធិភូដើរចេញទៅ។
បើនិយាយទៅនាយអធិភូ និងនាយឯករាជ្យជាមិត្តសម្លាញ់នឹងគ្នាតាំងពីណាពីណីមកម្ល៉េះ។ ប៉ុន្តែអ្នកទាំងពីរនាក់នេះ មិនដែលបង្ហាញភាពស្និទ្ធស្នាលបែបមិត្តភក្តិក្នុងពេលកំពុងបំពេញភារកិច្ចនោះទេ។ ឯករាជ្យក៏ជាប៉ូលិសដែលមានសមត្ថភាពនិងប្រជាប្រិយភាពណាស់ដែរ ហើយក៏ជាដៃគូប្រមាញ់ដ៏ល្អរបស់នាយអធិភូទៀតផង។ ហើយឈ្មោះពេញរបស់នាយគឺ លោកវរសេនីយ៍ត្រី ពិជ័យ ឯករាជ្យ។
បរិយាកាសតានតឹងត្រូវបានរសាយ ហើយក៏ត្រូវបានជំនួសដោយភាពស្ងប់ស្ងាត់គ្របដណ្ដប់នៅក្នុងការិយាល័យរបស់លោកអធិការអធិភូ។
…
បរិយាកាសនៅលើដងវិថីនាពេលរាត្រីលម្អទៅដោយអំពូល និងភ្លើងពណ៌ គួរជាទីគយគន់។ យប់នេះអាកាសធាតុត្រជាក់ធ្លាក់ខ្យល់ ប៉ុន្ដែក្នុងចិត្តរបស់ខ្ញុំបែរជាក្ដៅដោយភាពអន្ទះសារទៅវិញ។ ខ្ញុំចង់តែប្រាប់ឱ្យអ្នកនៅខាងឆ្វេងដៃ បន្ថែមល្បឿនឱ្យសមនឹងចិត្តក្ដៅរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានត្រឹមអង្គុយនៅម្ខាងយ៉ាងស្ងប់ស្ងាត់ ហើយសង្រួមអារម្មណ៍ខ្លួនឯង។ ដូចពាក្យគេថា ភាពស្ងប់ស្ងាត់ជាប្រភពអំណាចនៃថាមពល ប្រសិនបើយើងចេះច្នៃនិងដុសខាត់វា ។
ពេលនេះ អ្នកអានអាចនឹងគិតថាខ្ញុំជាមនុស្សឆេវឆាវ ខ្វះការអត់ធ្មត់។ ប៉ុន្តែនេះគ្រាន់តែជាចំណុចខ្វះខាតតូចមួយ មិនទាំងអស់នោះទេ។ ខ្ញុំទទួលស្គាល់ពេលខ្លះ ខ្ញុំពិតជាឆេវឆាវ ប៉ុន្ដែភាពឆេវឆាវរបស់ខ្ញុំតែងតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងស្ងប់ស្ងាត់របស់ខ្ញុំជានិច្ច។ អាចថាខ្ញុំជាមនុស្សពូកែអត់ធ្មត់ក៏ថាបាន ព្រោះខ្ញុំពិតជាបែបនោះពិតមែន។
គិតដល់រឿងក្ដីលើកនេះវាអាថ៍កំបាំងពេកហើយ។ ជាក្ដីឃាតកម្មពិតណាស់ តែបែរជាគ្មានស្លាកស្នាមរបស់ជនល្មើសបន្តិចសោះ។ ទំនងជាឃាករមានជំនាញណាស់ទើបមិនមានបន្សល់ដានដូច្នេះ! តើឃាតករមានគំនុំអ្វីជាមួយលោកភេត្រា? ឬមានអ្នកជួលមកសម្លាប់?! ហើយតើអ្នកណាជាឃាតករ? តែមិនថាជាអ្នកណាក៏ដោយ ខ្ញុំមិនឱ្យវារួចខ្លួនជាដាច់ខាត ទោះត្រូវជ្រែកដីក៏ត្រូវតែរកជនល្មើសឱ្យទាល់តែឃើញ។ ព្រោះខ្ញុំជឿលើសុទ្ធា ភាពស្មោះត្រង់ ការប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និយាយចំពោះអ្នកច្បាប់ដូចជាពួកខ្ញុំ ពិតជាកិត្តិយសនិងមោទនភាពណាស់ដែលបានប្រតិបត្តិច្បាប់បម្រើដល់ប្រជាជននិងរក្សាសន្តិភាពជូនសង្គមជាតិ។
មិនយូរប៉ុន្មានឡានក៏មកដល់កន្លែងកើតហេតុ ប៉ុន្តែភ្លាមៗស្រាប់តែមានគេទូរសព្ទមកប្រាប់ថាអ្នកស្រីកល្យាណដឹងខ្លួនហើយ។
ភ្លាមនោះអធិភូក៏សំដៅទៅមន្ទីរពេទ្យតែម្ដង។
…
ជម្រាបសួរអ្នស្រី ខ្ញុំឈ្មោះពន្លឺ អធិភូ ជាអធិការនៃអធិការដ្ឋានប្រចាំការនៅតំបន់នេះ។ អ្នកស្រីប្រាកដជាបានដឹងហើយ ថាខ្ញុំមកទីនេះក្នុងគោលបំណងសាកសួរពាក់ព័ន្ធនឹងការស្លាប់របស់លោក ផុស ភេត្រា។
ខ្ញុំក៏ទើបនឹងបានដឹងមុននេះដែរ។ លោកអធិការចង់ដឹងពីអ្វីក៏សួរមកចុះ ខ្ញុំសហការយ៉ាងពេញទំហឹង។
ថាហើយអធិការក៏លើកដៃជាសញ្ញាប្រាប់ដល់អ្នកកត់ត្រាត្រៀមខ្លួនឱ្យព្រម ព្រោះលោកនឹងចាប់ផ្ដើមសួរឥឡូវនេះ។
តើមានរឿងអីកើតឡើងចំពោះអ្នកស្រីនិងលោកភេត្រា?
អធិភូផ្ដើមសំណួរដំបូងទៅកាន់អ្នកស្រីកល្យាណដែលជាភរិយារបស់ជនរងគ្រោះ ឈ្មោះផុស ភេត្រា។
អ្នកស្រីកល្យាណឆ្លើយទាំងអួលដើមក៖
ខ្ញុំក៏មិនដឹងថាមានរឿងអីកើតឡើងនោះដែរ ដឹងត្រឹមពេលដែលខ្ញុំបើកទ្វាហាងមកក៏! ខ្ញុំក៏…ខ្ញុំក៏បានឃើញបងភេត្រាដេកស្ដូកផ្ទាល់នឹងឥដ្ធ ហើយខ្លួនគាត់សុទ្ធតែឈាមទាំងអស់! ពេលនោះ ខ្ញុំបានស្រែកមួយទំហឹងរួចក៏សន្លប់ទៅ។ ពេលដឹងខ្លួនម្ដងទៀត គឺមុនពេលដែលលោកអធិការមកដល់នេះហើយ។
ហើយចុះអ្នកស្រីនិងលោកភេត្រាទៅធ្វើអីនៅហាង? បើតាមដឹង ថ្ងៃនេះខាងមុខហាងមានបិទស្លាកសម្រាកមួយថ្ងៃទៀតផង។
បងភេត្រាបានទៅយកFlash វីដេអូអាពាហ៍ពិពាហ៍នៅឯហាង។ ខ្ញុំរងចាំគាត់ពីមួយម៉ោងទៅមួយម៉ោង ប៉ុន្តែមិនឃើញគាត់ត្រឡប់មកវិញសោះ! ទូរសព្ទទៅក៏មិនទទួល ទើបខ្ញុំសម្រេចចិត្តមករកគាត់នៅហាង តែមិននឹកស្មានថា…! ខ្ញុំបែរជាមកឃើញស្វាមីរបស់ខ្ញុំដេកស្លាប់មិនដឹងតាំងពីថ្មើរណា!
និយាយដល់ទិដ្ឋភាពក្នុងហាងនារសៀលនោះ អ្នកស្រីក៏ចាប់ផ្ដើមខ្សឹកខ្សួលអួលណែនពេញទ្រូងរកនិយាយអ្វីមិនចេញ។ ឯកែវភ្នែកមួយគូដែលមិនអាចស្ថិតក្រោមការគ្រប់គ្រងក្នុងពេលនេះ បានធ្វើឱ្យទឹកភ្នែកស្រក់ហូរដោយគ្មានដែនកំណត់ក្នុងសភាពយ៉ាងស្ងប់ស្ងាត់។
បរិយាកាសកំពុងតានតឹង ប៉ុន្តែគ្រប់គ្នាក៏ព្រមបណ្ដោយឱ្យពេលវេលាកន្លងទៅពីមួយនាទីទៅមួយនាទីដោយមិនជ្រៀតជ្រែកសភាពស្ងប់ស្ងាត់របស់អ្នកស្រីឡើយ។
បានបន្តិច អ្នកស្រីកល្យាណក៏បន្លឺព្រមជាមួយកែវភ្នែកដ៏ក្រហមឆ្អៅ៖
លោកអធិការ តើស្វាមីខ្ញុំស្លាប់ដោយសារឧប្បត្តិហេតុ ឬមានអ្នកណាធ្វើបាបគាត់?!
ការស្លាប់របស់លោកភេត្រាជាករណីឃាតកម្ម!
អ្នកណាសម្លាប់គាត់?!
អ្នកស្រីកល្យាណស្រែកសួរនាយអធិការទាំងទឹកភ្នែករលីងរលោង។
ដោយសារពាក្យថា ឃាតកម្ម ធ្វើឱ្យអ្នកស្រីរំជួលចិត្តជាខ្លាំង។
ពេលនេះពួកយើងកំពុងស៊ើបរកព័ស្តុតាងបន្ថែម។ ប៉ុន្តែ តើលោកភេត្រាធ្លាប់មានជម្លោះជាមួយអ្នកណាដែរទេ?
នាយអធិការសួរសំណួរដោយភាសារសាមញ្ញទៅកាន់អ្នកស្រីកល្យាណ។ ប៉ុន្តែកែវភ្នែកដែលនាយមើលមកអ្នកស្រីមិនមែនលំៗនោះទេ វាហាក់ដូចជានាយកំពុងសង្កេតមើលពិរុទ្ធរបស់ស្រ្តីដែលនៅចំពោះមុខនាយ។
តើនាយអធិភូកំពុងសង្ស័យទៅលើអ្នកស្រីកល្យាណមែនទេ?
តើអាចទៅរួចដែរទេថាអ្នកស្រីកល្យាណជាឃាតករ?!
អត់មានទេ។ បងភេត្រាជាមនុស្សមិនចូលចិត្តសាំញ៉ាំ ទើបមិនធ្លាប់មានវិវាទជាមួយអ្នកណា។ លើកលែងតែ…!
កំពុងផ្ចង់អារម្មណ៍ស្ដាប់ អ្នកស្រីស្រាប់តែបង្អាក់។ ទឹកមុខរបស់អ្នកស្រីហាក់កំពុងរកនឹករឿងអ្វីមួយ។
ក្រោយបង្អាក់សំនួនបានបន្តិច អ្នកស្រីក៏និយាយបន្ត៖
លើកលែងតែថ្ងៃនោះ។ ថ្ងៃដែលលោកឧត្ដមទៅរកបងភេត្រានៅហាង។ មានបុគ្គលិកទូរសព្ទមករកខ្ញុំប្រាប់ថា លោកឧត្ដមឡើងទៅនិយាយជាមួយបងភេត្រានៅក្នុងបន្ទប់ធ្វើការរបស់គាត់។ ហើយថែមទាំងមានសំឡេងប្រកែកគ្នាខ្លាំងៗទៀតផង។
អ្នកស្រីជ្រាបទេថាជារឿងអី? ហើយលោកឧត្ដមត្រូវជាអ្វីនឹងលោកភេត្រា?
លោកឧត្ដមគឺជាមិត្តស្និទស្នាលរបស់បងភេត្រា។ ថ្ងៃនោះបងភេត្រាប្រាប់ថា លោកឧត្ដមចង់លក់អាហារដ្ឋានរបស់គាត់ ព្រោះត្រូវការលុយបន្ទាន់។ លោកឧត្ដមក៏មកស្នើតម្លៃឱ្យបងភេត្រា ប៉ុន្តែតម្លៃខ្ពស់ពេកបងភេត្រាក៏បដិសេធ ទើបលោកឧត្ដមខឹងសម្បាហើយស្រែកគំហកដាក់គាត់។
ចុះបន្ទាប់ពីថ្ងៃនោះមក លោកឧត្ដមមានធ្លាប់ទាក់ទងមកលោកភេត្រានិងអ្នកស្រីឬអត់?
ចាសអត់ទេ!
វិភាគអធិភូ៖
មើលតាមសភាពសាកសពរបស់លោកភេត្រា មិនមែនគ្មានសត្រូវនោះទេ។ នៅត្រង់ចំណុចមុខរបួសរបស់ជនរងគ្រោះ ឃាតករហាក់មានចេតនាធ្វើទារុណកម្មដោយការបង្កើតភាពឈឺចាប់តាមរយៈការផ្ដាច់សរសៃឈាមកដៃនិងកជើងទាំងសងខាង រួចទើបបញ្ចប់ជីវិតជនរងគ្រោះដោយចាក់ទម្លុះបេះដូង។ ហើយបើដូច្នេះ ឃាតករនិងជនរងគ្រោះអាចជាអ្នកស្គាល់គ្នា! ឬជាឃាតករស៊ីឈ្នួល!
បើថាជាលោកឧត្ដមក៏ពិបាកទៅរួចដែរ ព្រោះបើគ្រាន់តែរឿងប៉ុណ្ណឹងមិនសមនឹងគុំកួនដល់ថ្នាក់នេះទេ។ តែក៏មិនប្រាកដនោះដែរ…!
…ស្លាកស្នាមបួនកាំបិតផ្ដាច់ចលនា មួយកាំបិតផ្ដាច់ជីវិត! …គំនុំ!!
ទារុណកម្ម! ឃាតកម្ម!… អ្នកណាជាឃាតករ?!
វគ្គ២៖ តម្រុយ
យ៉ាងម៉េចហើយឯករាជ្យ?
សំឡេងអ្នកកំលោះ ស្រែកសួរពីមាត់ទ្វាបន្ទប់សួរចម្លើយ។
អធិភូសួរដោយមិនបង្អក់ដំណើរ នាយដើរមកអង្គុយនៅម្ខាងទល់មុខឯករាជ្យរួចសួរបន្ត៖
ពួកគេទៅវិញតាំងពីថ្មើរណា?
ពួកគេដែលអធិភូសំដៅដល់នោះគឺជាបុគ្គលិកទាំងបួននាក់របស់លោកភេត្រា។ បន្ទាប់ពីសួរនាំរួច ឯករាជ្យក៏អនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះរៀងខ្លួន។
ពួកគេចេញទៅមួយសន្ទុះហើយ។ ពេលនេះយើងមានរឿងគួរឱ្យចាប់អារម្មណ៍ច្រើនណាស់!
ឯករាជ្យតបដោយមិនស្ទាក់ស្ទើរ ប៉ុន្តែសំឡេងនិងទឹកមុខរបស់នាយពោរពេញទៅដោយការសង្ស័យនិងចម្ងល់ជាច្រើនដែលបង្ហាញចេញនៅលើផ្ទៃមុខរបស់គេ។
នាយឯករាជ្យ បង្ហាញទឹកមុខស្មុគស្មាញទៅកាន់អធិភូ មិនដល់៥នាទីផងឯករាជ្យក៏ស្រាប់តែអស់សំណើច ហើយញញឹមទៅមាត់បង្អួចដោយមិនខ្វល់អំពីអ្នកដែលកំពុងអង្គុយយ៉ាងស្ងៀមស្ងាត់ ព្រោះទឹកមុខសោះកក្រោះរបស់នាយអម្បាញ់មិញនេះ។
ដោយមិនយល់ពីប្រតិកម្មប្រែប្រួលភ្លាមៗរបស់ឯករាជ្យ អធិភូក៏សួរភ្លាម៖
មុននេះដូចជាក្រៀមក្រំ ឥឡូវនេះក៏ដូចជាសប្បាយចិត្តណាស់ ឬមុននេះចួបស្នេហ៍ពិត?
ឯករាជ្យតបវឹងទៅនឹងការចំអន់របស់មិត្ត ៖
ស្នេហ៍ពិតក្បាលឯងអី! វាជាការរកតម្រុយ មិនមែនរកសង្សារទេវើយ។
ឯករាជ្យឈ្លក់សម្ដី ព្រោះស្ញើចនឹងសំណួររបស់អធិភូ។ បុរសដែលសម្ដីកាច ម៉ឺងម៉ាត់ក្នុងតួនាទី តែក្រៅឯកសណ្ឋាន ឬចំពោះមុខមិត្តស្និទ្ធស្នាលដូចជាអធិភូ ឯករាជ្យបែរជាចូលចិត្តលេងសើចច្រើន ហើយពូកែវោហារទៀតផង។ ប៉ុន្តែបើទោះជាឯករាជ្យពូកែសម្ដីពិតមែន តែនាយមិនដែលមានសង្សារនោះទេ ទើបពេលអធិភូចំអន់នាយក៏ឈ្លក់ទឹកមាត់ អៀនរហូតមុខក្រហម។ ឯករាជ្យបង្អក់បន្តិច រួចទើបនិយាយបន្ត៖
អឺ! ឯងមកក៏ល្អហើយ មុននេះឯងមានបានឮសំឡេងអីទេ?
សំឡេងអី?! អធិភូសួរ។
ឯងផ្ទៀងត្រចៀកស្តាប់បន្តិចទៅ។ ឯករាជ្យតប៖
គ្រូក…គ្រូក! មិនមែនសំឡេងផ្គរ ក៏មិនមែនជាសំឡេងប៉ះទង្គិចអ្វីដែរ ប៉ុន្តែជាសំឡេងកូរពោះរបស់ឯករាជ្យដែលមិនទាន់បានញ៉ាំអ្វីតាំងពីរសៀលមកម្ល៉េះ។
ហិហិ ខ្ញុំឃ្លានហើយ!
ហ៊ឹ! យើងខំតែផ្ទៀងស្ដាប់ មើលទៅឯងដូចជាឃ្លានខ្លាំងហើយ សំឡេងដូចផ្គរលាន់។ ហើយឯងមានទូរសព្ទទៅកុម្ម៉ង់គេហើយនៅ? កុម្ម៉ងឱ្យខ្ញុំមួយផង។ អធិភូផ្ទុះសំណើចនឹងកាយវិការរបស់ឯករាជ្យ។
ពុទ្ធោ! លោកអធិការ ធ្វើការរហូតដល់ភ្លេចមើលម៉ោងហើយ។ ពេលនេះម៉ោង១នឹង៣០នាទីយប់ហើយ គេមិនទទួលដឹកនោះទេ។
អធិភូតប ៖
លំបាកឯងហើយ មុននេះយើងឈាងចូលទៅពិនិត្យនៅកន្លែងកើតហេតុម្ដងទៀត។ ពិនិត្យរួចក៏ប្រញាប់ត្រឡប់មកវិញ។
រួចចុះ តើបានអីបន្ថែមទេ? ឯករាជ្យសួរ។
បាន ប៉ុន្តែ…
ឈប់សិន ឈប់! កុំទាន់អាលនិយាយអីទាំងអស់ សុំទៅទិញបាយមួយភ្លែតសិន។
អធិភូមិនទាន់បញ្ចប់ប្រយោគផង ឯករាជ្យក៏និយាយកាត់មុខមុន។
អធិភូសួរ៖
ហើយឯងបានអីជិះទៅ?
ម៉ូតូ!
ឯករាជ្យតប ទាំងកំពុងទាញមួកសុវត្ថិភាពមកពាក់។
អធិភូនិយាយទាំងមុខស្មើ៖
យប់ជ្រៅហើយ ម៉េចមិនបើកឡានទៅ?
ពិបាកចត ខាតសាំង ជិះម៉ូតូស្រួលជាង។
ម៉ូតូក៏ចាក់សាំងដែរ ជិះអំបោះទៅ។
ជិះអំបោះ?!
ឯងមិនធ្លាប់ឃើញក្នុងរឿងទេហី Harrypotterជិះអំបោះឡូយណាស់!
ពុទ្ធោ! ព្រះអើយ! មិននឹកស្មានថាលោកអធិការពូកែនិយាយយ៉ាងនេះ ខ្ញុំសុំចាញ់ហើយ ប្រញាប់ទៅទិញបាយ។
ហាហា!! អធិភូអស់សំណើចនឹងទឹកមុខកំប្លែងរបស់នាយឯករាជ្យ។
តុអាហារក្នុងការិយាល័យ…
នៅបន្ទប់ធ្វើការរបស់អធិភូ កន្លែងទទួលភ្ញៀវត្រូវបានរៀបជាតុអាហារដែលបំភ្លឺដោយពន្លឺអំពូលសចិញ្ចាច ផ្ទឹមនឹងពន្លឺអំពូលពណ៌ពងមាន់ព្រាលដែលនៅគម្លាតពីគ្នា។
ឯករាជ្យ មុននេះឯងថាមានរឿងគួរឱ្យចាប់អារម្មណ៍ច្រើនណាស់?
អធិភូសួរទៅកាន់នាយឯករាជ្យ ខណៈដែលអ្នកទាំងពីរកំពុងញ៉ាំបាយ។
បើថាប្លែកក៏មិនមែន ព្រោះនេះជាទម្លាប់របស់ពួកគេទៅហើយ ញ៉ាំបាយបណ្ដើរវិភាគរឿងក្ដីបណ្ដើរ។ ទាំងពីរនាក់នេះមានទស្សនៈមួយដែលដូចគ្នានោះគឺ ពេលវេលាគឺជាតួនាទីដែលជាភារកិច្ច ត្រូវប្រតិបត្តិទៅតាមច្បាប់ នេះហើយ នៅពេលមានក្ដីដែលត្រូវដោះស្រាយ ពួកគេធ្វើការទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីភាពនឿយហត់នោះឡើយ។ ហើយនេះជាចំណុចដែលគួរឱ្យកោតសរសើរចំពោះឆន្ទះរបស់នាយប៉ូលិសទាំងពីរនាក់។
ឯករាជ្យតប៖
មែនហើយ រឿងទីមួយនោះគឺមានបុគ្គលិកស្រីម្នាក់ឈ្មោះ វេទ្ត ឧមា អាយុប្រហែលខ្ទង់២១ឬ២២ឆ្នាំ នាងស្រាប់តែដាក់ពាក្យលាឈប់។ ហើយគ្មានអ្នកណាបានដឹងពីមូលហេតុដែលកញ្ញាឧមាសុំលាឈប់នោះដែរ ក្រៅពីលោកភេត្រា។ ហើយរឿងបន្ទាប់នោះគឺកាលពីប្រមាណជាមួយខែមុន មានបុរសម្នាក់មកសំអាងថាជាមិត្តនឹងលោកភេត្រា ថែមទាំងទទូចចង់ចួបនិយាយជាមួយលោកភេត្រាដោយផ្ទាល់។ ពួកគេនិយាយគ្នាបានបន្តិចក៏ឮសំឡេងប្រកែកគ្នាខ្លាំងៗ តែស្ដាប់ន័យមិនបាននោះទេ។ រឿងទីបីនោះគឺ មានបុគ្គលិកម្នាក់បានឃើញថាមួយរយៈក្រោយមកនេះ មុនពេលកញ្ញាឧមាដាក់ពាក្យលាឈប់ គឺអ្នកស្រីកល្យាណនិងកញ្ញាឧមាមានទំនាក់ទំនងមិនសូវចុះសម្រុងនឹងគ្នា ទាំងដែលពីមុនអ្នកទាំងពីរនៅនិយាយគ្នាធម្មតានៅឡើយ។ ហើយបុគ្គលិកម្នាក់នោះបាននិយាយទៀតថា …ខ្ញុំធ្លាប់បានសាកសួរឧមាជាច្រើនដងដែរ ថាតើឧមាទៅមានរឿងអ្វីជាមួយអ្នកស្រី ទើបមួយរយៈនេះគាត់ដូចមិនសូវពេញចិត្តនឹងនាងសោះ? ប៉ុន្តែនាងមិនបានឆ្លើយនោះទេ នាងបែរជាថា ខ្ញុំក៏មិនដឹងដែរ បើចង់ដឹងទៅសួរអ្នកស្រីដោយខ្លួនឯងទៅ។ លោកប៉ូលិសសាកគិតមើល ខ្ញុំឯណាទៅហ៊ានសួរអ្នកស្រីដោយផ្ទាល់ បើហ៊ានតែចេះដឹងរឿងផ្ទាល់ខ្លួនរបស់គាត់ គាត់ប្រាកដជានារទេះខ្ញុំចេញពីហាងរបស់គាត់មិនខាន។ ព្រោះអ្នកស្រីមិនចូលចិត្តឱ្យអ្នកណាមកជីកឫសជីកគល់រឿងក្នុងគ្រួសារ ឬរឿងផ្ទាល់ខ្លួនរបស់គាត់នោះទេ។
បន្ទាប់ពីញ៉ាំបាយរួចនាយអធិភូ និងនាយឯករាជ្យ ក៏បន្តវិភាគចម្លើយនិងព័ស្តុតាងបន្ថែមដែលអធិភូបានមកពីកន្លែងកើតហេតុ។
ខ្ញុំគិតថាការស្លាប់របស់លោកភេត្រា គឺជាការធ្វើឃាតដោយទារុណកម្មរយៈពេលខ្លី។
អធិភូឈរឱបដៃ រួចនិយាយដោយជឿជាក់។
តាមពិតរឿងក្ដីមួយនេះឯករាជ្យក៏បានដឹងដែរថាជាក្ដីឃាតកម្ម ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺពាក្យថា ទារុណកម្ម ដែលអធិភូទើបនឹងនិយាយអម្បាញ់មិញនេះ។
ដោយមិនអាចរងចាំការដកឃ្លាសំនួនរបស់អធិភូ ឯករាជ្យក៏សួរ៖
ហេតុអី?!
ឯករាជ្យសួរយ៉ាងខ្លី ទោះមិនបានបញ្ជាក់ន័យឱ្យច្បាស់ក៏ដោយ អធិភូក៏អាចយល់អំពីសំណួររបស់មិត្តម្នាក់នេះច្បាស់ថាចង់សំដៅពីអ្វី។
អធិភូតប៖
មើលតាមសភាពសពរបស់លោកភេត្រា គឺត្រូវបានឃាតករកាត់ផ្ដាច់សរសៃឈាមកដៃនិងកជើងទាំងសងខាង ដែលធ្វើឱ្យជនរងគ្រោះមិនអាចស្លាប់ភ្លាមៗ ប៉ុន្តែវេទនាជាងស្លាប់! មុននេះយើងបានទៅត្រួតពិនិត្យនៅកន្លែងកើតហេតុម្តងទៀត វាមិនមានអ្វីខុសប្លែកពីពេលរសៀលនោះទេ គ្រប់យ៉ាងនៅដូចដើម។ ប៉ុន្តែយើងនៅមិនអស់ចិត្តនឹងរូបគំនូរនៅទល់មុខតុធ្វើការរបស់លោកភេត្រាដែលគូសនៅចំកណ្ដាលជញ្ជាំងនោះសោះ។ ឃាតករមានចេតនាឱ្យជនរងគ្រោះបានឃើញ វាហាក់ដូចជាឈាមដាបតែមិនមែន ហើយរូបភាពក៏មិនអាចសន្និដ្ឋានបានថាជាអ្វី។ ទំហំរបស់វាមិនដល់មួយម៉ែត្រនោះទេ តែវាហាក់ដូចជាមានសិល្បៈរួមបញ្ចូល ខ្ញុំមិនប្រាកដចិត្តថាស្នាមគូសទាំងនោះជាក្រែមពណ៌ក្រហម ឬជាឈាម ប៉ុន្តែដែលឃើញជាក់ស្ដែងនោះគឺមានស្នាមហូរពណ៌ដូចដំណក់ឈាមនៅលើផ្ទៃគំនូរនោះបីបួនឆូតដែរ។ តើឃាតករគ្រាន់តែចង់បំភ័យជនរងគ្រោះ ឬមានអ្វីលើសពីហ្នឹង?!
ពីរសៀលខ្ញុំក៏បានឃើញដែរ តែមិនលម្អិតក៏យល់ថាជាទង្វើរបស់មនុស្សមានបញ្ហាផ្លូវចិត្ត។ ព្រោះមើលទៅផ្ទៃជញ្ជាំងមានស្នាមក្រវេមក្រវាមមិនសមជាសិល្បះគំនូរសោះ។ តែចម្លែក នៅក្នុងបរិវេនបន្ទប់ធ្វើការរបស់លោកភេត្រា មានតែស្នាមដានជើងរបស់គាត់ប៉ុណ្ណោះ។ ប៉ុន្តែស្ដាប់ឯងនិយាយហើយ ក៏ស្រាប់តែយល់ថា ឃាតករជាអ្នកអាជីព។ ព្រោះបើឃាតករគ្មានជំនាញ ម្ល៉េះប្រាកដជាមានបន្សល់ស្លាកស្នាមខ្លះហើយ តែនេះគ្មានបន្តិចសោះ។
ឯករាជ្យតបដោយងឿងឆ្ងល់ និងមិនអស់ចិត្តចំពោះភាពមិនប្រក្រតីនៃក្ដីឃាតកម្មនេះ។
អ្នកណាថាគ្មាន?
អធិភូតបដោយសំនួនពញាក់អារម្មណ៍នាយឯករាជ្យ។
អធិភូចោលជាសំណួរឆក់ការចាប់អារម្មណ៍ពីអ្នកដែលកំពុងធ្វើទឹកមុខឆ្ងល់ រួចបង្អន់បន្តិច ទើបនាយនិយាយបន្ត៖
ស្នាមក្រវេមក្រវាមនៅលើផ្ទៃជញ្ជាំងហ្នឹងហើយ ជាតម្រុយដែលពាក់ព័ន្ធនឹងឃាតករ។
និយាយដល់ចំណុចនេះ នាយអធិភូនិងឯករាជ្យក៏បំបែកគ្នាទៅម្នាក់មួយជ្រុងនៃបន្ទប់ធ្វើការរបស់អធិការអធិភូ។
អធិភូដើរសំដៅទៅមាត់បង្អួចនិងត្រិះរិះពិចារណាយ៉ាងស្ងប់ស្ងាត់។
…
យប់នេះព្រះចន្ទពេញវង់ រស្មីស្រទន់ស្រស់ថ្លាគួរជាទីគយគន់ តែគួរឱ្យស្ដាយអារម្មណ៍របស់ខ្ញុំមិនស្ងប់សោះ។ ពេលនេះ ខ្ញុំពិតជាមិនអាចសូម្បីតែបញ្ឈប់ការគិតទាំងឡាយ ដើម្បីចំណាយពេល៥នាទីក្នុងការគយគន់ព្រះចន្ទនោះឡើយ។
បើថាទៅនាយឯករាជ្យក៏តានតឹងមិនតិចជាងខ្ញុំដែរ ព្រោះបើមិនដូច្នោះគេប្រហែលជាមិនស្ងាត់ស្ងៀមបែបនេះទេ។
បរិយាកាសនៅមាត់បង្អួច ត្រជាក់និងមានខ្យល់បក់រវិចៗ បក់យកទាំងក្លិនក្រអូបផ្កាចំប៉ា ដែលនាយសក្ដិ១បានដាំនៅខាងជើងឈាងខាងកើតនៃអាគារនេះ។ យប់នេះជាយប់១៥កើត យប់ដែលព្រះចន្ទពេញបូណ៌មី ហើយក៏ជាពេលមួយដែលខ្ញុំអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្រទន់នៅខាងក្រៅបង្អួចនៃបន្ទប់ធ្វើការរបស់ខ្ញុំផងដែរ។ ទិដ្ឋភាពនៅទីលានខាងមុខនេះ មានសួនផ្កាអមជុំវិញដងទង់ជាតិ។
ពេលនេះក៏ពាក់កណ្ដាលអធ្រាត្រទៅហើយ។ ស្ថានភាពស្ងាត់ជ្រងំ មិនបានប៉ុន្មានសំឡេងឆ្កែលូក៏ផ្ដើមទ្រហឹងឡើង។ ភ្លាមៗបរិយាកាសក៏ផ្លាស់ប្ដូរទៅជាអធ្រាត្រដ៏ព្រឺព្រួច ព្រោះស្រាប់តែឮឆ្កែលូព្រមជាមួយសំឡេងខ្លែងស្រាកយ៉ាងគ្រលួច។
យប់នេះ ខ្ញុំប្រហែលជាមិនបានគេងនោះទេ ហើយបញ្ហាមិនមែនមកពីសំឡេងឆ្កែលូនិងសម្រែកខ្លែងស្រាកនោះដែរ។ តែមកពីហេតុការណ៍កាលពីរសៀល ធ្វើឱ្យខ្ញុំគ្មានអារម្មណ៍ងងុយគេង ឬភ័យខ្លាចក្នុងការអង្គុយវិភាគនៅមាត់បង្អួចនោះទេ។
តាំងពីបំបែករឿងក្ដីជាច្រើនមក ខ្ញុំមិនដែលតានតឹងខ្លាំងដូចពេលនេះ គ្រប់យ៉ាងវាហាក់ដូចជាអាថ៌កំបាំងពេកហើយ។ មើលទៅឃាតករប្រាកដជាអ្នកដែលមានជំនាញណាស់ ទើបអាចលុបដានបានយ៉ាងជិតឈឹង។ ស្នាមម្រាមដៃក៏គ្មាន ដានជើងក៏គ្មាន ហើយដែលកាន់តែចម្លែកនោះ ឃាតករបែរជាបន្សល់ទុកនូវស្នាមគូសនៅលើជញ្ជាំងទៅវិញ។
ស្នាមគូសនៅលើជញ្ជាំង ស្ដាប់ទៅវាហាក់ដូចជាធម្មតាណាស់ ប៉ុន្តែសភាពរបស់វាមើលមួយភ្លែត ខ្ញុំព្រឺសម្បុរខ្ញាកមានអារម្មណ៍ថារូបភាពនេះមានចលនាដូចក្នុងរឿងកុនអ៊ីចឹង ស្នាមគូរពណ៌ក្រហមថែមទាំងមានតំណក់ឈាមហូរកាត់ទៀត។
អារម្មណ៍របស់ខ្ញុំនៅពេលនេះហាក់មិនអាចចាកចេញអំពីការស្រមៃទៅដល់គំនូរនោះសោះ។
ពេលនេះ ខ្ញុំនៅមិនទាន់អាចកំណត់បាននៅឡើយទេថា អ្នកណាជាឃាតករ។
តែតាមទិន្នន័យដែលទទួលបាន ខ្ញុំបានដាក់ការសង្ស័យទៅលើបុគ្គលបីនាក់ទៅហើយ។ អ្នកស្រីកល្យាណ ជាមនុស្សដំបូងគេដែលខ្ញុំសង្ស័យ ព្រោះបើតាមការរាយការណ៍របស់ឯករាជ្យ អ្នកស្រីហាក់មានទំនាស់ជាមួយបុគ្គលិកស្រីម្នាក់ដែលឈ្មោះឧមា។ ហើយទំនាស់របស់ពួកនាងទាំងពីរអាចមកពីលោកភេត្រា។ មុននេះឯករាជ្យក៏បាននិយាយហើយថា កញ្ញាឧមាម្នាក់នេះជាបុគ្គលិកធម្មតា ឯជីវភាពគឺមធ្យម តែបែរជាមានសមត្ថភាពទិញរបស់ថ្លៃៗមកប្រើប្រាស់ វាអាចទៅរួចដែលការលាឈប់របស់កញ្ញាឧមា មានជាប់ពាក់ព័ន្ធរក្នុងទំនាក់ទំនងរវាងអ្នកស្រីកល្យាណ លោកភេត្រា និងកញ្ញាឧមា។ អ្នកស្រីកល្យាណព្យាយាមលាក់បាំងទំនាស់ដើម្បីបញ្ចប់បញ្ហាដោយស្ងៀមស្ងាត់ តែក៏មិនអាចបញ្ជាក់ថានៅក្នុងចិត្តរបស់អ្នកស្រីអាចជ្រះស្រឡះ ហើយលើកលែងចំពោះរឿងនេះនោះដែរ។
រីឯកញ្ញាឧមា នាងព្រមចាកចេញដោយធ្វើការលាឈប់តាមសម្រួល ប៉ុន្តែក្នុងចិត្តមិនប្រាកដថាគ្មានកំហឹងនោះទេ។ ម្នាក់នេះហើយ ជាជនសង្ស័យទីពីរ។
ចំណែកលោកឧត្តម បន្ទាប់ពីទទួលបានការបដិសេធពីលោកភេត្រា ដោយមិនព្រមតាមសំណើររបស់គាត់ លោកឧត្តមអាចនឹងចងគំនុំចំពោះលោកភេត្រា។ ហើយជនសង្ស័យទីបី ជាលោកឧត្ដមនេះហើយ។
ចំពោះលោកឧត្តម និងកញ្ញាឧមា ថ្ងៃស្អែកនេះខ្ញុំនឹងធ្វើការសាកសួរពួកគេដោយផ្ទាល់។
អធិភូ ឯងគិតថាអ្នកណាជាឃាតករ?
បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនម៉ោង នាយឯករាជ្យក៏បន្លឺឡើងមួយសំណួរទៅកាន់អធិភូ។
អធិភូបញ្ចប់ក្រសែរភ្នែកពីទិដ្ឋភាពខាងក្រៅដោយទាញបង្អួចបិទជិត រួចដើរទៅរកម្ចាស់សំឡេងដែលកំពុងអង្គុយនៅលើសាឡុងតូចពណ៌គគី។
អធិភូដាក់បង្គុយលើសាឡុងតូចពណ៌គគីដែលនៅខាងឆ្វេងដៃរបស់នាយឯករាជ្យ។
អធិភូតបដោយសំណួរបក៖
ចុះឯងគិតថាជាអ្នកណា?
ឯករាជ្យឆ្លើយ ៖
ពីដំបូងយើងសង្ស័យលោកឧត្តម ព្រោះគាត់និងលោកភេត្រាទើបនឹងមានបញ្ហាជាមួយគ្នាថ្មីៗ។ តែក្រោយមក យើងក៏យល់ថាអ្នកស្រីកល្យាណទើបគួរឱ្យសង្ស័យ! មុននេះ យើងបានអានរបាយការណ៍កត់ត្រាចម្លើយគ្រប់ម៉ាត់របស់អ្នកស្រីកល្យាណដែលនៅលើតុរបស់ឯង។ បើការស្លាប់របស់លោកភេត្រាជាការចាក់សម្លាប់ វាអាចទៅរួចក្នុងករណីមានចោរចូលលួចនៅក្នុងហាងចំពេលដែលលោកភេត្រាទៅដល់ ទើបបង្កជាក្ដីឃាតកម្ម។ ប៉ុន្តែនេះមិនមែន! ជនរងគ្រោះគឺត្រូវបានឃាតករធ្វើទារុណកម្ម រួចទើបសម្លាប់ នេះបញ្ជាក់បានថាឃាតករនិងជនរងគ្រោះជាអ្នកស្គាល់គ្នា។ ម្យ៉ាងទៀត ឃាតករហាក់មានគម្រោងទុកមុន សូម្បីកាមេរ៉ានិងប្រព័ន្ធភ្លើងនៅជាន់ក្រោមសុទ្ធតែត្រូវបានផ្ដាច់ តែបែរជាភ្លើងក្នុងបន្ទប់ធ្វើការរបស់លោកភេត្រានៅអាចប្រើបានធម្មតា។ ឃាតករបំណងចង់ឱ្យលោកភេត្រាមកឃើញគំនូរនៅលើជញ្ជាំង ហើយឆ្លៀតពេលលោកភេត្រាភិតភ័យរត់ចុះមកខាងក្រោម ឃាតករក៏ធ្វើសកម្មភាពភ្លាម។
តែមើលទៅជនល្មើសមានជំនាញណាស់ ម្ដេចនឹងអាចជាអ្នកស្រីកល្យាណ? ម្យ៉ាង អ្នកស្រីបានអះអាងថាអំឡុងពេលនោះ គាត់គឺកំពុងរង់ចាំលោកភេត្រានៅផ្ទះ។
មុននេះ អធិភូបានដាក់ការសង្ស័យទៅលើមនុស្សចំនួនបីនាក់រួចទៅហើយ ក្នុងនោះក៏មានអ្នកស្រីកល្យាណម្នាក់ដែរ។ ប៉ុន្តែអធិភូបានស្ដាប់ការវិភាគរបស់ឯករាជ្យមុននេះ ឃើញថាឯករាជ្យមានជំនឿជាក់លើការសង្ស័យចំពោះអ្នកស្រីកល្យាណ ទើបនាយអធិភូចង់ឱ្យមានការបញ្ជាក់ច្បាស់លាស់ជាងនេះ។
ឯករាជ្យតប៖
ឃាតករឯណាដែលសុខៗមកសារភាពថាខ្លួនឯងជាជនល្មើសនោះ។ បើសិនជាឃាតករត្រូវបានជួលឱ្យមកសម្លាប់លោកភេត្រា អ្នកដែលជួលនោះច្បាស់ជាធ្លាប់ចេញចូលនិងស្គាល់ច្បាស់គ្រប់ច្រកល្ហកមិនខាន ព្រោះកាមេរ៉ាសុវត្ថិភាពដែលនៅក្នុងបន្ទប់របស់លោកភេត្រាត្រូវផ្ដាច់ លើកលែងតែអំពូលភ្លើងប៉ុណ្ណោះ។
ថាហើយឯករាជ្យនិងអធិភូក៏អង្គុយស្ងៀមស្ងាត់រៀងខ្លួន។
មើលសភាពរបស់ពួកគេចុះ ម្នាក់ៗដូចមនុស្សភ្លឹកស្មារតីអ៊ីចឹង។
…
សម្ដីឯករាជ្យមានហេតុផល ប៉ុន្តែខ្ញុំនៅមិនទាន់ប្រាកដចិត្តនោះទេ។ ហើយថ្ងៃស្អែកនេះ ខ្ញុំត្រូវតែដឹងឱ្យបានថារវាងពួកគេទាំងបីមានទំនាក់ទំនងអ្វីជាមួយគ្នា។
បើទោះបីជាខ្ញុំគាំទ្រការលើកឡើងរបស់ឯករាជ្យពិតមែន ប៉ុន្ដែខ្ញុំនៅតែបន្តដាក់ការសង្ស័យទៅលើកញ្ញាឧមា អ្នកស្រីកល្យាណ និងលោកឧត្តមដដែល លុះត្រាតែមានព័ស្តុតាងដែលអាចបញ្ជាក់បានថាអ្នកណាជាឃាតករពិតប្រាកដ។ ប៉ុន្តែវាមិនមែនជារឿងធម្មតានោះទេ នៅមានគំនូរលើជញ្ជាំងទៀត។ តើក្រៅពីពួកគេទាំងបីនាក់ នៅមានអ្នកណាឱ្យសង្ស័យទៀត?!
មកដល់ពេលនេះហើយ ខ្ញុំនៅតែមិនទាន់អាចធ្វើការសន្និដ្ឋានបានថាគំនូសលើជញ្ជាំងនោះជាអ្វីឱ្យប្រាកដនៅឡើយទេ។ ប្រសិនបើឃាតករគ្រាន់តែគូសក្នុងន័យបំភ័យដល់ជនរងគ្រោះ ហេតុអីចាំបាច់រចនារូបភាពលាក់បង្កប់ធ្វើអ្វី? ម្យ៉ាងរូបភាពនោះមិនមែនអ្នកណាក៏អាចគូសបានដូច្នេះនោះទេ រូបភាពដែលសំបកក្រៅរញ៉េរញ៉ៃទាក់ទាញភាពភ័យខ្លាចរបស់អ្នកមើល តែបែរជាមានលាក់នូវអាថ៍កំបាំងប្រៀបដូចប្រស្នាក្នុងសិល្បៈនៃគំនូរនេះទៅវិញ។
រាប់ចាប់ពីវិនាទីដែលខ្ញុំនិងឯករាជ្យបានបញ្ឈប់ការសន្ទនា ដោយរក្សាភាពស្ងៀមស្ងាត់រៀងខ្លួនអស់ពេលជិតមួយម៉ោងទៅហើយ ខ្ញុំមិនអាចដកក្រសែភ្នែកពីរូបភាពលើជញ្ជាំងដែលខ្ញុំបានថតនៅក្នុងទូរសព្ទដៃរបស់ខ្ញុំកាលពីពេលរសៀលនោះសោះ។ ភ្នែកកាន់តែសម្លឹង ចិត្តកាន់តែជាប់ជំពាក់ អារម្មណ៍កាន់តែចង់ដឹងចង់ស្វែងយល់។
និយាយពីគំនូ ដ្បិតតែខ្ញុំមិនអាចកំណត់រូបភាពរបស់វាបាន ប៉ុន្តែខ្ញុំអាចប្រាប់បានថារូបគំនូដែលខ្ញុំកំពុងមើលនៅក្នុងទូរសព្ទដោយយកចិត្តទុកដាក់ពេលនេះ កាន់តែមើល កាន់តែយល់ថាវាជាប្រស្នា។ គ្រប់យ៉ាងនៃគំនូរនេះ ហាក់ដូចជាចង់បង្ហាញអ្វីមួយតែបែរជាដាក់លក្ខខណ្ឌអាថ៍កំបាំងទៅវិញ។ បែបនេះគួរតែហៅថាប្រស្នាបែបសិល្បៈគំនូរ។
ប៉ុន្តែ…ឈប់សិន! អេ! នៅត្រង់ចំណុចខាងស្ដាំដូចជាមានតួលេខ តែថា…
អធិភូកំពុងជក់នឹងការវិភាគលើគំនូសដែលនាយសន្និដ្ឋានថាជាប្រស្នាបែបសិល្បៈគំនូរ នាយសម្លឹងមើលហើយមើលទៀត ក្រសែភ្នែករបស់នាយសឹងតែគ្របដណ្ដប់រូបភាពទាំងមូលទៅហើយ។
ដោយឃើញអធិភូផ្ដោតអារម្មណ៍មើលទៅទូរសព្ទពេក ឯករាជ្យក៏សួរភ្លាម៖
ឯងធ្វើអីហ្នឹង? ដូចជាយកចិត្តទុកដាក់ម្ល៉េះ។
អធិភូតប ៖
អរ! ឃើញបរិយាកាសស្ងាត់ពេកចង់ចាក់ចម្រៀងកំដរអារម្មណ៍។
ល្អតើ កុំឱ្យឮសំឡេងឆ្កែលូពីខាងក្រៅ ព្រឺរសម្បុរណាស់!! ហើយឯងចង់ដាក់បទអី?
ទំនួញប្រែត។
អាឆ្កួត!!
ហាសហា លលេងទេ! យើងកំពុងមើលគំនូរលើជញ្ជាំងក្នុងបន្ទប់ធ្វើការរបស់លោកភេត្រា ដែលថតបានកាលពីរសៀល។
រួចចុះយ៉ាងម៉េចហើយ?
អធិភូតបដោយទឹកមុខស្មើ៖
ឯងគិតថាគំនូរនេះយ៉ាងម៉េចដែរ?
អធិភូនិយាយបណ្ដើរក៏ហុចទូរសព្ទដៃរបស់ខ្លួន ដែលមានរូបភាពលើជញ្ជាំងនោះឱ្យទៅនាយឯករាជ្យ។
ឯករាជ្យតប៖
យើងយល់ថាវារញ៉េរញ៉ៃតែចម្លែកគួរឱ្យស្វែងយល់ ទាស់ត្រង់ថា…
អ្វី?!
គឺទាស់ត្រង់ថាមើលរូបនេះស្របពេលឆ្កែលូ វាដូចជាព្រឺព្រួចព្រឺរម្បុរយ៉ាងមិចមិនដឹងទេវើយ និយាយភ្លាមបះរោមភ្លាម!
អធិភូតបដោយសំណួរ ៖
ឯងយល់ថាវាចម្លែកយ៉ាងម៉េច?
យើងក៏មិនច្បាស់ដែរ តែមានអារម្មណ៍ថាវាជាការលេងសើចរបស់ឃាតករច្រើនជាង។
នាយឯករាជ្យបញ្ចប់សំនួនរួចក៏លង់លក់ទៅ។ ប៉ុន្តែអ្នកដែលអង្គុយក្បែរនោះ ម៉ោងជិត៣ទៀបភ្លឺហើយនៅតែស្មិងស្មាធិ៍ចំពោះអេក្រង់ទូរសព្ទមិនឈប់សោះ។
…
វាមិនអាចទៅរួចនោះទេថាជាការលែងសើចរបស់ឃាតករ!
មែនហើយ! មុននេះខ្ញុំបានឃើញដូចជាមានតួលេខនៅត្រង់ចំណុចពណ៌ក្រហមបែកឈូកដែលស្ថិតចំចំណុចកណ្ដាលនៃគំនូរ។
លើកនេះ ខ្ញុំផ្ដើមពិនិត្យពីចំណុចក្រហមបែកឈូក។ ហើយមុននេះលេខដំបូងដែលប្រទះសឹងតែចែកមិនដាច់ពីខ្សែបន្ទាត់គឺលេខប្រាំបី។
ខ្សែបន្ទាត់ស៊ាំញ៉ាំណាស់! …អរ ខ្ញុំយល់ហើយ! ខ្សែបន្ទាត់ជាគំនូស គំនូរដែលកើតចេញពីខ្សែបន្ទាត់ខ្វែងខ្វាត់ជាច្រើនក៏បង្កើតបានជាសិល្បៈគំនូរ។
…វាស្មុគស្មាញពេកហើយ! ខ្ញុំពិនិត្យមើលច្រើនដងហើយនៅតែរកមិនឃើញចំណុចផ្ដើមនៃខ្សែសោះ!
គំនូរប្រកបដោយសិល្បៈ វាអាចទៅរួចដែលថាចំណុចចាប់ផ្ដើមនិងចំណុចបញ្ចប់ជាខ្សែតែមួយ។ បើដូច្នេះ ចំណុចផ្ដើមនៃគំនូស វាអាចជាចំណុចចាប់ផ្ដើមនៃអាថ៍កំបាំងទាំងមូលក៏ថាបាន។ ហើយបើបែបហ្នឹងពិតមែន នៅតាមខ្សែបន្ទាត់អាចនឹងមានបង្កប់តួលេខផ្សេងទៀត។
គំនូរក្រហមលើជញ្ជាំង ទាំងខ្សែបន្ទាត់ទាំងតួលេខសុទ្ធតែពណ៌ក្រហម ចំណែកពណ៌ក្រហមបែកឈូកសឹងតែមិនអាចកំណត់បាន ព្រោះវាស្រដៀងគ្នាដល់ទៅកៅសិបភាគរយ(៩០%)ទៅហើយ។ វាមិនងាយក្នុងការកត់សម្គាល់នោះទេ បើទោះជាយកកែវពង្រីកជាជំនួយក៏ពិបាកក្នុងការញែកពណ៌ដែរ។
តើខ្ញុំគួររកតួលេខផ្សេងទៀតដោយរបៀបណា?
…ពិតមែនហើយ! ក្រហមបែកឈូក ចំណុចដំបូងដែលខ្ញុំប្រទះភ្នែកឃើញលេខប្រាំបីគឺនៅត្រង់ចំណុចដែលមានពណ៌ក្រហមបែកឈូក។
នាយអធិភូម្នាក់នេះ បើថាចាប់អារម្មណ៍ឬសង្ស័យអ្វីមួយហើយ គេនឹងរិះរកគ្រប់វិធីដើម្បីបញ្ជាក់ការពិតឱ្យបាន។ ម្យ៉ាងវិញទៀត អធិភូមានចិត្តអំណត់ណាស់ បើគេតាំងចិត្តធ្វើអ្វីហើយ ទោះត្រូវឡើងភ្នំភ្លើង ឬត្រូវហែលសមុទ្រទឹកកកក៏អធិភូនឹងស៊ូមិនថយដាច់ខាត។ ប៉ុន្តែ តើគ្រប់គ្នាដឹងទេថាមានកម្លាំងបណ្ដាលចិត្តអ្វីធ្វើឱ្យអធិភូខ្លាំងក្លានិងមានឧត្ដមគតិបែបនេះ?
និយាយចំពោះអធិភូ នាយជាមនុស្សដែលងាយនឹងចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែមិនងាយឱ្យបញ្ហាជុំវិញខ្លួនមកបំផ្លាញនាយនោះទេ។ គ្រប់បញ្ហាតែងមានដំណោះស្រាយ មើលលើស្ថានភាពជាក់ស្ដែង ពឹងលើការថ្លឹងថ្លែងជាយុទ្ធសាស្រ្ត។ មួយប្រយោគនេះហើយ ដែលអធិភូទទួលបានកម្លាំងជំរុញចិត្តដ៏មហិមាពីប៉ាម៉ាក់របស់នាយ។
រយះពេលមិនប៉ុន្មានម៉ោងទៀតក៏ភ្លឺហើយ ប៉ុន្តែមើលទៅអ្នកកំលោះម្នាក់នេះ ហាក់ដូចជាមិនហត់នឿយក្នុងការតាមប្រមាញ់រឿងក្ដីឃាតកម្មនេះសោះ។ អធិភូមិនត្រឹមតែមិនសម្រាក ថែមទាំងកាន់តែផ្ដោតទៅលើការងារខ្លាំងឡើង។ តាមពិតមិនមែនមានតែអធិភូដែលកំពុងធ្វើការនៅក្នុងការិយាល័យនោះទេ នាយឯករាជ្យក៏នៅដែរ តែមិនដឹងថាឯករាជ្យគេងលង់លក់តាំងពីថ្មើរណា។
…
ខ្ញុំកាន់តែប្រាកដចិត្តថា ជនល្មើសមិនមែនជាឃាតករធម្មតានោះទេ។ មើលទៅតាមខ្សែបន្ទាត់ដ៏ខ្វែងខ្វាត់ តែនៅអាចកំណត់បានថា ឃាតករចាប់ផ្ដើមគូសពីចំណុចកណ្ដាល ហើយបង្កើតជាខ្សែបន្ទត់មួយយ៉ាងស្មុគស្មាញ រួចក៏បញ្ចប់គំនូសនោះទៅផ្ទៃខាងស្ដាំនៃគំនូរនេះ។ ហើយការសន្និដ្ឋាននេះ ខ្ញុំប្រាកដចិត្តច្បាស់ណាស់ ព្រោះទៅត្រង់ចំណុចនោះមានសញ្ញាខណ្ឌដែលឃាតករបានសរសេរនៅខាងស្ដាំនៃចំណុចបន្ទាត់នោះ ដូច្នេះទើបខ្ញុំគិតថាវាជាចំណុចបញ្ចប់នៃខ្សែបន្ទាត់ហើយ។
លេខប្រាំបីជាលេខដែលខ្ញុំបានរកឃើញពីដំបូងដ្បិតតែវានៅចំចំណុចកណ្ដាល ប៉ុន្តែវាមិនមែនជាលេខដំបូងដែលឃាតករបានគូសនោះទេ។ មើលតាមលំដាប់នៃខ្សែបន្ទាត់ តួលេខមាន ២ ៣ ៧ ៨ ៣ ៧ ៤ ៣ ៦ ៣ ។ បានសម្រេចមួយដំណាក់កាលហើយ បន្ទាប់មកទៀតគឺអាថ៌កំបាំងនៃតួលេខទាំងដប់ខ្ទង់នេះ។
តើតួលេខទាំងនេះជាអ្វី?…ជាលេខកូដ! ប្រស្នា! ឬជាលេខសម្ងាត់នៅក្នុងអង្គភាពណាមួយ?
បើជាលេខកូដ វាជាកូដអ្វី? ចាំបាច់អីត្រូវបង្កប់ក្នុងរូបភាពបែបហ្នឹង។ ប៉ុន្តែប្រសិនបើជាប្រស្នា វាក៏ល្មមមានហេតុផល ព្រោះតួលេខត្រូវបានបង្កប់ តែក៏នៅមានវិធីរកឃើញ មួយវិញទៀតតួលេខទាំងនេះអាចនឹងមានអត្ថន័យអ្វីម្យ៉ាងដែលជាប់ពាក់ព័ន្ធ ឬអាចជាអ្វីដែលខ្ញុំកំពុងតាមរកនៅពេលនេះក៏ថាបាន។ រួចចុះបើមិនមែនជាប្រស្នា?! តើវាអាចហ្នឹងទៅជាអ្វី?
បើជាលេខសម្ងាត់នៅក្នុងអង្គភាពណាមួយនោះ បញ្ជាក់ថាឃាតករមិនមែនធ្វើតែម្នាក់ឯងនោះទេ ពួកវាអាចនឹងទុកលេខសម្ងាត់នោះដើម្បីទាក់ទងគ្នា។ ប៉ុន្តែ បើជាកូតសម្ងាត់របស់អង្គភាពណាមួយ សញ្ញាសម្គាល់មានតែមនុស្សក្នុងអង្គភាពទេដែលដឹង ហើយចុះហេតុអីចាំបាច់បង្កើតភាពភ័យខ្លាចនៅលើគំនូរធ្វើអី? ព្រោះបើមើលទៅសភាពគំនូរនេះ ឃាតករគឺមានបំណងចង់សំដៅមករកជនរងគ្រោះច្រើនជាងធ្វើសញ្ញាទុកឱ្យបក្សពួក។
…ឬមួយឃាតករមិនមែនធ្វើការជាក្រុម ប៉ុន្តែឃាតករនិងជនរងគ្រោះជា…ក្រុមតែមួយ! បើវាជាការពិតមែននោះ តើមានអាថ៍កំបាំងអ្វីរវាងពួកគេ? ហើយពួកគេជាអ្នកណា? តើវាអាចទៅរួចដែរទេ?!
ពឹងលើការវិភាគចំពោះសភាពសាកសពរបស់លោកភេត្រា អាចសន្និដ្ឋានបានថា ឃាតករចងគំនុំសងសឹកជាមួយជនរងគ្រោះ។ វាអាចទៅរួចដែលជនល្មើស និងជនរងគ្រោះជាអ្នកស្គាល់គ្នា។ ប៉ុន្តែបើដូច្នេះ មានន័យថាជនរងគ្រោះមិនមែនជាអ្នករកស៊ីធម្មតានោះទេ។ ត្រង់នេះត្រូវតែមានការបញ្ជាក់ពីអ្នកស្រីលក្យាណឱ្យច្បាស់ថា លោកភេត្រាពិតជាមានរបរតែមួយគត់គឺជាថៅកែហាងកាហ្វេ ឬមានអាជីពអ្វីផ្សេងទៀត។
រឿងតួលេខទាំងដប់ បើទោះជាខ្ញុំមានហេតុផលដើម្បីដាក់បន្ទុកលើការសង្ស័យ ប៉ុន្តែក៏ត្រូវទាមទារឱ្យមានការបញ្ជាក់ ព្រមទាំងភាពច្បាស់លាស់ផងដែរ។ មិនអាចវិនិច្ឆ័យ ដោយគ្រាន់តែការមើលឃើញនោះទេ គ្រប់យ៉ាងត្រូវតែលម្អិតទើបគ្មានការថ្លោះធ្លោយកើតឡើង។
មានភាគបន្ត…
1 Comment
🤯🤯
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ