រឿង៖ ស្នាម (ភាគបញ្ចប់)

វគ្គ៤ ស្នាមអតីត

ពុទ្ធោ! បងភេត្រានៅតែកុហកខ្ញុំ!

អ្នកស្រីកល្យាណនិយាយទាំងទឹកភ្នែកសស្រាក់។

មនុស្សស្រីដែលរឹងមាំ ស្រឡាញ់គ្រួសារ ស្រឡាញ់កិត្តិយស មិនដែលបង្ហាញភាពទន់ជ្រាយឱ្យអ្នកណាបានឃើញ ប៉ុន្តែពេលនេះ អ្នកស្រីកល្យាណបែរជាអង្គុយយំ ដោយមិនខ្វល់ពីអ្វីទាំងអស់។ អ្នកស្រីប្រាកដជាឈឺចាប់ខ្លាំងណាស់ ទើបមិនខ្វល់ពីក្រសែរបស់អ្នកណា។ ពីមុន អ្នកស្រីកល្យាណជាមនុស្សរៀបរយ ថ្លៃថ្នូរ ឆ្នាស់ឆ្នើម អ្នកដទៃតែងមើលមកអ្នកស្រីថាជាមនុស្សគ្មានចំណុចខ្សោយ ប៉ុន្តែគ្រប់គ្នាមិនបានដឹងនោះទេថា ក្ដីស្រឡាញ់ជាចំណុចខ្សោយរបស់អ្នកស្រីកល្យាណ។

ឯកសារមួយច្បាប់នេះ បានបញ្ជាក់រួចមកហើយថាជារបស់ពិត។ តើអ្នកស្រីមានអ្វីបកស្រាយដែរទេចំពោះវត្តមានរបស់លោកឧត្ដមនៅក្នុងថ្ងៃនោះ? ថ្ងៃដែលលោកឧត្តមទៅរកស្វាមីរបស់អ្នកស្រីនៅឯហាងកាហ្វេ។

អធិភូបន្លឺសំនួនជាសំណួរទៅកាន់អ្នកស្រីកល្យាណ។

មុននេះអ្នកស្រីកល្យាណបានមកដល់ទីស្នាក់ការ តាមការអញ្ជើញរបស់នាយឯករាជ្យដែលទទួលបញ្ជាពីនាយអធិភូ។

មកដល់បន្ទប់សាកសួរ អធិការអធិភូក៏ហុចលិខិតទិញលក់ភោជនីយដ្ឋានឱ្យអ្នកស្រីកល្យាណពិនិត្យមើល។ អានបណ្ដើរ ទឹកភ្នែកក៏ស្រក់មកជាបណ្ដើរៗ។ វាពិតជាឈឺចាប់ណាស់ នៅពេលមនុស្សដែលយើងស្រឡាញ់កុហកម្ដងហើយម្ដងទៀត តែព្រោះស្រឡាញ់ ទើបអត់ឱនឱ្យគ្រប់យ៉ាង។

អ្នកស្រីកល្យាណតបទាំងរអាក់រអួល៖

គឺខ្ញុំមិនដឹងថា…ខ្ញុំមិនដឹងថាត្រូវបកស្រាយបែបណានោះទេ។ វាច្រើនដងហើយ…ច្រើនដងពេកហើយដែលគេកុហកខ្ញុំ ដើម្បីតែក្មេងស្រីដែលគេធ្លាប់បោះបង់នោះ។ ​​​​​​​

ប្រយោគរបស់អ្នកស្រីមិញនេះ ធ្វើឱ្យអធិភូអន្ទះសារហើយនាយក៏សួរភ្លាម៖

ក្មេងស្រីម្នាក់នោះជាអ្នកណា? ហើយនាងពាក់ព័ន្ធអ្វីនៅក្នុងរឿងនេះ?

អ្នកស្រីកល្យាណតបដោយមិនស្ទាក់ស្ទើរ៖

គឺក្មេងឧមានោះ! មកដល់ដំណាក់កាលនេះហើយ ទោះបីខ្ញុំព្យាយាមលាក់បាំងទៀតក៏គ្មានប្រយោជន៍អ្វីដែរ។ ខ្ញុំប្រាប់លោកប៉ូលិសទៅចុះ ក្មេងស្រីដែលឈ្មោះឧមា នាងធ្លាប់ជាបុគ្គលិកនៅហាងកាហ្វេរបស់ខ្ញុំ ប៉ុន្តែពេលនេះ នាងបានលាឈប់ទៅហើយ។ ឧមាមិនមែនជាបុគ្គលិកធម្មតានោះទេ នាងជាកូនស្រីរបស់បងភេត្រា។ កូនស្រីដែលបងភេត្រាបោះបង់កាលពី១៧ឆ្នាំមុន ដើម្បីមករៀបការជាមួយខ្ញុំ។​ កាលនោះ បងភេត្រាជាបុគ្គលិកនៅហាងកាហ្វេរបស់ខ្ញុំ ហើយហាងនោះជាកាដូដែលប៉ាម៉ាក់បានជូនមកខ្ញុំនៅថ្ងៃកំណើត។ រយៈពេលជិត២ឆ្នាំ ដែលពួកយើងបានស្គាល់និងបានទាក់ទងគ្នាជាស្នេហា។ ដោយសារតែស្រឡាញ់ ចង់បានមកគ្រប់គ្រង ខ្ញុំក៏សុំឱ្យគាត់លែងលះជាមួយប្រពន្ធនៅស្រុកស្រែរបស់គាត់។ បន្ទាប់ពី លែងលះរួច ពួកយើងក៏រៀបការបានកូនប្រុសម្នាក់ ពេលនោះក៏ស្រាប់តែឮដំណឹងមកថា ម្ដាយរបស់ឧមាគាំងបេះដូងស្លាប់។ ភ្លាមនោះ បងភេត្រាក៏សុំទៅជួយចាត់ចែងបុណ្យសពរបស់ម្ដាយឧមា ប៉ុន្តែខ្ញុំបានសុំអង្វរមិនឱ្យគាត់ទៅនោះទេ។ ព្រោះពេលនោះ ខ្ញុំទើបតែសម្រាលកូនបានមួយសប្ដាហ៍ប៉ុណ្ណោះ ម្យ៉ាងនៅផ្ទះក៏មានតែខ្ញុំ កូន និងបងភេត្រា ចំណែកលោកប៉ាអ្នកម៉ាក់ក៏រវល់ចូលរួមពិធីមង្គលការក្មួយស្រីរបស់គាត់នៅឯទីក្រុងLondon នៃប្រទេសអង់គ្លេស។ ខ្ញុំខ្លាចណាស់! ខ្ញុំមិនដឹងថាត្រូវបរិយាយពីអារម្មណ៍របស់ខ្ញុំបែបណានោះទេ ខ្ញុំដឹងត្រឹមថា ខ្ញុំមិនអាចឱ្យបងភេត្រាទៅណាឆ្ងាយពីខ្ញុំនោះទេ។                                                                      ពេលវេលាពិតជាដើរលឿនណាស់ មួយប៉ប្រិចភ្នែកសោះកូនប្រុសរបស់ខ្ញុំមានអាយុ៥ឆ្នាំទៅហើយ។ មានថ្ងៃមួយនោះ ឧមាឈឺធ្ងន់រហូតចូលមន្ទីរពេទ្យ បងភេត្រាក៏លួចទៅរកឧមាដោយមិនប្រាប់ខ្ញុំមួយម៉ាត់។ ចំណែកតួនាទីទៅទទួលកូនពីសាលារាល់ម៉ោង១០និង៣០នាទី ជាតួនាទីរបស់បងភេត្រា ប៉ុន្តែម៉ោង១១ថ្ងៃត្រង់ទៅហើយ នៅតែមិនទាន់ឃើញស្វាមីនិងកូនប្រុសត្រឡប់មកផ្ទះទៀត។ ភ្លាមនោះស្រាប់តែឮសំឡេងទូរសព្ទរោទ៍ ខ្ញុំក៏ប្រញាប់លើកទទួលព្រោះជាលេខទូរសព្ទខាងសាលាទាក់ទងមក ហើយនាយកសាលាបានប្រាប់ថា កូនប្រុសរបស់ខ្ញុំត្រូវឡានបុកស្លាប់…។ ភ្លាមៗ ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ រហូតធ្លាក់ទូរសព្ទពីដៃបែកខ្ទេច។ ពេលហ្នឹង ខ្ញុំមិនបានគិតអ្វីច្រើនទេ សុំត្រឹមតែបានទៅចួបមុខកូនប្រុស បានឱបកូនប៉ុណ្ណោះ។ តាំងពីថ្ងៃនោះមក ខ្ញុំតែងតែបន្ទោសអ្នកនេះ បន្ទោសអ្នកនោះថាជាដើមហេតុធ្វើឱ្យកូនប្រុសរបស់ខ្ញុំត្រូវស្លាប់យ៉ាងអាណោចអាធ័ម។ ប៉ុន្តែវាអាចមកពីទង្វើអាក្រក់របស់ខ្ញុំក៏ថាបាន ព្រោះខ្ញុំបានធ្វើឱ្យគ្រួសាររបស់ឧមាព្រាត់ប្រាស់ពីគ្នា ទើបកម្មតាមមកពង្រាត់កូនពីទ្រូងរបស់ខ្ញុំបែបនេះ។ ចាប់តាំងពីថ្ងៃកើតហេតុនោះមក ខ្ញុំក៏ចាប់ផ្ដើមអគតិចំពោះឧមា ហើយខ្ញុំបានគំរាមលែងលះជាមួយបងភេត្រាបើគេមិនព្រមឈប់ពាក់ព័ន្ធជាមួយគ្រួសាររបស់ឧមា។ ចំណែកបងភេត្រាក៏ធ្វើតាមសន្យា គាត់ឈប់ទៅចួប ឈប់ពាក់ព័ន្ធ ប៉ុន្តែគាត់នៅតែលួចផ្ដល់លុយឱ្យឧមានិងយាយដើម្បីចិញ្ចឹមជីវិត តែខ្ញុំក៏មិនដេញដោលព្រោះឧមានៅក្មេង ឯយាយក៏ចាស់ហើយ ខ្ញុំក៏ចាត់ទុកថាជាការប៉ះប៉ូវដែលបំបែកបំបាក់គ្រួសាររបស់ឧមា។ ប៉ុន្តែ ខ្ញុំនៅតែមិនអាចលើកលែងឱ្យការខឹងស្អប់ដែលខ្ញុំមានចំពោះឧមាបានឡើយ។ រហូតនាងបានបញ្ចប់ថ្នាក់វិទ្យាល័យ ហើយក៏ត្រូវឡើងមករៀននៅទីក្រុង បងភេត្រាបានមកសុំអង្វរខ្ញុំឱ្យព្រមទទួលឧមាមកធ្វើការនៅក្នុងហាង ព្រោះនាងទើបតែមកទីក្រុងជាលើកដំបូង ខ្លាចក្រែងចួបមនុស្សមិនល្អ ទើបខ្ញុំព្រមឱ្យនាងមកធ្វើការជាមួយ។ ប៉ុន្តែខ្ញុំក៏មានលក្ខខណ្ឌមួយមកដោះដូរ គឺឧមាត្រូវមកធ្វើការក្នុងនាមជាបុគ្គលិកប៉ុណ្ណោះ ហាមមិនឱ្យអ្នកណាដឹងថាឧមាជាកូនរបស់បងភេត្រាជាដាច់ខាត។ បងភេត្រាជាមនុស្សសម្ដីស្រទន់ ចេះកុហកក៏ចេះលួង។ ជាច្រើនលើកច្រើនសារ ដែលបងភេត្រាផ្ដល់លុយក្រៅ និងទិញរបស់ថ្លៃៗឱ្យឧមាដោយលាក់បាំងពីខ្ញុំ។ ពេលចាប់បាន ខ្ញុំក៏ឡូឡាពីរឿងនេះ តែគាត់តែងនិយាយលួងលោម និងជួយនិយាយល្អពីឧមារហូត ពេលវេលាដើរទៅមុខជារឿយៗ ចិត្តខ្ញុំក៏លែងសូវប្រកាន់ខឹងនឹងឧមាដូចមុន។ រយៈក្រោយមកនេះ ពួកយើងក៏រស់នៅយ៉ាងល្អ ស្រឡាញ់និងយល់ចិត្តគ្នាខ្លាំងណាស់។ ហើយសម្ព័ន្ធភាពរវាងខ្ញុំនិងឧមា ក៏ប្រែជាល្អច្រើនឡើង។ ប៉ុន្តែរឿងល្អបែបនេះ បែរជាមិនអាចមានយូរអង្វែងទៅវិញ។ នៅសល់តែមួយខែទៀតក៏ដល់ពេលដែលឧមាត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ហើយខ្ញុំក៏បានតាំងចិត្តSurprise ឧមានិងបងភេត្រា នៅពេលដែលឧមារៀនចប់ ខ្ញុំនឹងទទួលឧមាមកធ្វើជាកូន ហើយទទួលលោកយាយរបស់ឧមាមកនៅជាមួយ។ ប៉ុន្តែគ្រប់យ៉ាងកើតឡើងលឿនណាស់ លឿនរហូតខ្ញុំមិនអាចទទួលយកបាន… គឺបងភេត្រា! កាលពីពីរខែមុខ បងភេត្រាបានមកពិភាក្សាជាមួយខ្ញុំ រឿងដាក់ទុនជាមួយអាជីវកម្មភាគហ៊ុន ហើយខ្ញុំក៏យល់ព្រមព្រោះជឿជាក់លើបងភេត្រា។ ប៉ុន្ដែមួយខែក្រោយមក គាត់ក៏មកប្រាប់ខ្ញុំថាការបណ្ដាក់ទុននោះក្ស័យធន់ហើយ ចំណែកលុយរបស់ពួកយើងក៏បាត់បង់ដែរ។ នៅពេលដែលពួកយើងបានខាតបង់លើជំនួញថ្មីនោះ ខ្ញុំតែងតែព្យាយាមលួងលោមបងភេត្រា ហើយថ្ងៃខ្លះខ្ញុំក៏លួចពិបាកចិត្តតែម្នាក់ឯង ប៉ុន្តែចុងក្រោយ… គេនៅតែកុហកខ្ញុំ!!

កំពុងនិយាយ អ្នកស្រីក៏បង្អក់ភ្លាមៗ។ ប្រយោគចុងក្រោយរបស់អ្នកស្រី ហាក់ភ្ញោចឱ្យដឹងបានថា អ្នកស្រីកំពុងឈឺដំបៅចាស់ដែលរ៉ាំរ៉ៃរាប់ឆ្នាំមកហើយ។ ក្នុងកាលទេសបែបនេះ អធិភូមិនបង្ខំសួរអ្នកស្រីភ្លាមៗ តែនាយក៏មិនបន្លាយពេលពេកដែរ។

បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលប្រាំនាទី អ្នកស្រីក៏សម្រួលអារម្មណ៍មកវិញ។ ភ្លាមនោះ អ្នកស្រីក៏បន្លឺឡើង៖

សុំទោស! ខ្ញុំធ្វើឱ្យខ្ជះខ្ជាយពេលហើយ​។ លោកអធិការមានអ្វីក៏សួរមកចុះ?

កំឡុងពេលដែលគ្រប់គ្នាស្ងប់ស្ងាត់ អធិភូក៏ត្រៀមសំណួរទៅកាន់អ្នកស្រីកល្យាណរួចទៅហើយ។                                 នាយអធិភូម្នាក់នេះមិនសូញសាញច្រើនទេ ត្រូវនិយាយក៏និយាយ មិនត្រូវនិយាយក៏ស្ងាត់។ ដល់ពេលដែលសមស្របនាយក៏សួរភ្លាម៖

តើលោកភេត្រាបានកុហកអ្វីដល់អ្នកស្រី? ហើយហេតុអីបានជាទំនាក់ទំនងរបស់អ្នកស្រីនិងឧមា ស្រាប់តែប្ដូរពីបាតដៃមកខ្នងដៃ ទាំងដែលអ្នកស្រីក៏ឈប់ប្រកាន់ស្អប់នឹងឧមាទៅហើយនោះ?

អ្នកស្រីតប៖

ការពិត ខ្ញុំក៏មិនយល់ពីខ្លួនឯងដែរ! បងភេត្រាជាអ្នកខុសសន្យា តែខ្ញុំបែរជាទម្លាក់កំហឹងលើឧមា ទាំងដែលនាងមិនដឹងអ្វីសោះ។ ថ្ងៃនោះ ខ្ញុំចាប់បានថាលុយដែលបងភេត្រាប្រាប់ថាក្ស័យធុននោះ តាមពិតគាត់បានយកទៅទិញផ្ទះវីឡាឱ្យឧមាជាកាដូរបញ្ចប់ការសិក្សារបស់នាង។ ពេលនោះ ខ្ញុំខឹងនឹងបងភេត្រាខ្លាំងណាស់ ហើយក៏ស្អប់ឧមាផងដែរ!… ទើបខ្ញុំគំរាមដេញឧមាចេញពីហាង ហើយធ្វើឱ្យគ្រប់គ្នាគ្រប់កន្លែងមិនហ៊ានទទួលយកឧមាឱ្យចូលធ្វើការ។ បងភេត្រាខ្លាចឧមាមានឈ្មោះមិនល្អ ខ្លាចគ្រប់គ្នាមើលមកនាងដោយក្រសែភ្នែកដែលឧមាទទួលយកមិនបាន ទើបគាត់ស្នើរសុំដោះដូរ ដោយប្រគល់ផ្ទេរឈ្មោះផ្ទះនោះមកឱ្យខ្ញុំ ប្ដូរជាមួយសេរីភាពរបស់ឧមា។ ខ្ញុំដឹងថាបងភេត្រាស្រឡាញ់កូនស្រីរបស់គាត់ណាស់ ហើយខ្ញុំក៏មិនអាចបាត់បង់គាត់ដូចគ្នា។ ដើម្បីរក្សាមនុស្សដែលខ្លួនស្រឡាញ់ពេញបេះដូង ខ្ញុំមានតែយល់ព្រមតាមការស្នើរសុំរបស់គាត់ប៉ុណ្ណោះ។ ប៉ុន្តែ ដោយសាររឿងរ៉ាវកើតឡើងភ្លាមៗពេក ទើបខ្ញុំធ្វើចិត្តមិនទាន់បាន រាល់ពេលដែលចួបឧមាម្ដងៗ ខ្ញុំតែងបង្ហាញការមិនពេញចិត្តចំពោះនាង។ ខ្ញុំសោកស្ដាយ ប៉ុន្តែខ្ញុំក៏ពិបាកទទួលយក!

នាយអធិការបន្តសួរ ៖

ចុះបន្ទាប់មក តើអ្នកស្រីនិងលោកភេត្រាមានទំនាស់អ្វីដែរទេ?

អ្នកស្រីកល្យាណតប៖

ចាសអត់ទេ ចាប់តាំងពីពេលនោះមក ពួកយើងមិនដែលឈ្លោះទាស់នឹងគ្នានោះទេ។ ប៉ុន្តែ ការរស់នៅរបស់ពួកយើងប្រែជាសោះកក្រោះ ខ្ញុំព្យាយាមធ្វើឱ្យគ្រួសារមានភាពរីករាយដូចពីមុន តែដូចដែលថា ទះដៃតែម្ខាង វាមិនឮនោះទេ។ រាល់ពេលទាស់សម្ដីតិចតួច បងភេត្រាតែងលួងលោមខ្ញុំដូចពីមុន ប៉ុន្ដែខ្ញុំហាក់ដូចជាមិនទទួលបានអារម្មណ៍កក់ក្ដៅពីគាត់ដូចមុនទៀតឡើយ។ ពីមុនខ្ញុំធ្លាប់គិតថា ខ្ញុំជាមនុស្សដែលសំណាងជាងគេក្នុងលោក ព្រោះមានស្វាមីដែលតែងតែស្រឡាញ់ និងមើលថែខ្ញុំរហូតមក។ ប៉ុន្តែចាប់តាំងពីថ្ងៃដែលខ្ញុំចាប់បានថាបងភេត្រាបានលួចទិញផ្ទះឱ្យឧមានៅថ្ងៃនោះមក ខ្ញុំក៏លែងប្រាកដចិត្តទៀតហើយថា កន្លងមកបងភេត្រាល្អចំពោះខ្ញុំព្រោះក្ដីស្រឡាញ់ ឬព្រោះហេតុផលផ្សេង? ខ្ញុំដឹងថាពេលនេះមនុស្សដែលខ្ញុំស្រឡាញ់បានប្រែប្រួលហើយ ប្រែប្រួលរហូតដល់ខ្ញុំស្មានមិនដល់ថាគាត់ហ៊ានធ្វើទង្វើរថោកទាប ហ៊ានសូម្បីតែកេងប្រវ័ញ្ចមិត្តភក្តិដែលគាត់និយាយពេញមាត់ថាស្រឡាញ់រាប់អានទុកដូចជាបងប្រុស។ ទោះបីខ្ញុំមិនចង់ជឿពេលលោកប៉ូលិសប្រាប់ពីដំបូងក៏ដោយ ប៉ុន្ដែក្រដាស់មួយសន្លឹកនេះបានបញ្ជាក់ឱ្យឃើញច្បាស់រួចទៅហើយថា បងភេត្រានៅតែកុហកខ្ញុំ។ ហើយលើកនេះ ខ្ញុំក៏អាចទាយបានហើយថា បងភេត្រាប្រាកដជាទុកភោជនីយដ្ឋាននោះឱ្យទៅឧមាមិនខាន។

មិននឹកស្មានថា មនុស្សឥតខ្ចោះដូចលោកភេត្រាក៏មានជ្រុងគួរឱ្យខ្លាចដែរ។

នាយឯករាជ្យនិយាយចំពោះមុខអធិភូ ដោយហួសចិត្តនឹងទង្វើមិនគប្បីរបស់លោកភេត្រា។

ឯករាជ្យបញ្ចប់ប្រយោគ អធិភូក៏បន្លឺឡើង៖

ឯងគិតថា រវាងអ្នកស្រីកល្យាណនិងលោកភេត្រា តើអ្នកណាគួរឱ្យខ្លាចជាង?

ឯករាជ្យតប​៖

​ក្រោយបានស្ដាប់អ្នកស្រីនិយាយមុននេះ ខ្ញុំយល់ថាលោកភេត្រាជាមនុស្សឈាមត្រជាក់ពិបាកស្មាន ពូកែលាក់មហិច្ឆតា រកទុកចិត្តមិនបាននោះទេ។ ប៉ុន្តែពេលបានឮសំណួររបស់ឯង…ខ្ញុំស្រាប់តែភ្ញាក់ដូចត្រូវវាយមួយដៃអ៊ីចឹង។ អ្នកស្រីកល្យាណដ្បិតតែមានមនោសញ្ចេតនាជ្រាលជ្រៅ ប៉ុន្តែអ្នកស្រីជាមនុស្សអាត្មានិយម កាចសាហាវអាចធ្វើបានគ្រប់យ៉ាងដើម្បីក្ដីសុខរបស់ខ្លួនឯង ដោយមិនខ្វល់ថាអ្នកណាត្រូវមកក្ដៅក្រហាយនោះឡើយ។ ដូច្នេះ រវាងអ្នកទាំងពីរសុទ្ធតែពិបាកស្មាន! ចុះឯងគិតបែបណា?

អធិភូតបភ្លាម ៖

មិនដឹង ព្រោះមិនបានគិតទើបសួរឯង។

នាយអធិភូម្នាក់នេះក៏មិនធម្មតាដែរ សូម្បីនាយឯករាជ្យក៏តាមមិនទាន់ផង។

អធិភូដ្បិតតែប្រើភាសាដូចមិនខ្វល់ ប៉ុន្តែវាគ្រាន់ជាលេសរបស់នាយ ដើម្បីទុកពេលឱ្យខ្លួនឯងបានលម្អិតអំពីរឿងក្ដីប៉ុណ្ណោះ។ ម្យ៉ាង អធិភូក៏មានចម្លើយក្នុងចិត្តរួចទៅហើយ…។

ថ្មីរហូត!

ឯករាជ្យអស់សំណើចជាមួយសម្ដីនិងទឹកមុខរបស់នាយអធិភូ។ នាយឯករាជ្យមិនត្រឹមតែមិនខឹងនឹងសម្ដីសោះកក្រោះរបស់អធិភូ ប៉ុន្តែនាយបែរជាយល់ថាអធិភូកំពុងលេងសើចជាមួយខ្លួនទៅវិញ។ តែមិនទាំងស្រុងនោះទេ ភ្លាមនោះឯករាជ្យក៏បន្តដោយសម្ដីម៉ឺងម៉ាត់ ៖

មានអ្វីក៏ប្រាប់មកចុះ!

ឯករាជ្យនិយាយស្របពេលនាយទះស្មាអធិភូថ្មមៗ។

អធិភូមិនបានតបអ្វីក្រៅពីអង្គុយស្ងៀម ដោយក្រសែរភ្នែកកំពុងភ្នក់គិតពីអ្វីមួយ។ ឯករាជ្យយល់ការ ឃើញដូច្នេះនាយក៏រកកន្លែងអង្គុយយ៉ាងស្ងប់ស្ងាត់ ដើម្បីស្វែងយល់អំពីរឿងក្ដីនេះបន្ថែមទៀត។

វាអាចទៅរួចដែលអ្នកស្រីជាឃាតករ! លោកភេត្រាជាមនុស្សដែលអ្នកស្រីស្រឡាញ់បំផុត ក៏ជាមនុស្សដែលធ្វើឱ្យអ្នកស្រីឈឺចាប់ខ្លាំងបំផុតដូចគ្នា។ លោកភេត្រាបានបោកប្រាស់ការទុកចិត្តរបស់អ្នកស្រីជាច្រើនដង អ្នកស្រីអាចនឹងប្រែការស្រឡាញ់មកជាការសងសឹងក៏ថាបាន។ ដូចពាក្យចាស់ថា ស្រឡាញ់ខ្លាំង ស្អប់ក៏ខ្លាំងដូចគ្នា។ មនុស្សដែលហួងហែងព្រោះស្រឡាញ់ ក៏អាចបំផ្លាញមនុស្សដែលខ្លួនស្រឡាញ់ព្រោះភាពប្រចណ្ឌដឹកមុខ ដូច្នេះភាគរយដែលអ្នកស្រីជាប់ពាក់ព័ន្ធអាចនឹងមានច្រើន។ ប៉ុន្តែតើអ្នកស្រីធ្វើបានដោយរបៀបណា? ហើយពាក់ព័ន្ធអ្វីហ្នឹងគំនូរលើជញ្ជាំងនោះ? ហើយក្រែមដែលឃាតករប្រើគូសនៅលើជញ្ជាំងនោះជារបស់អ្នកណា? ​                                                                                                  បើក្រែមនោះជាម៉ាកតែមួយពណ៌តែមួយ ដូចក្រែមរបស់អ្នកស្រីកល្យណពិតមែននោះ ឃាតករលាក់មុខប្រាដកជាអ្នកស្រីកល្យាណ។

ប៉ុន្តែក៏មិនគួររំលងលោកឧត្ដមដែរ។ ដ្បិតថាលោកឧត្ដមរាប់អានលោកភេត្រាដូចជាបងប្អូន ទោះបីលោកភេត្រាបោកប្រាស់ក៏ព្រមអត់ទោស សុខចិត្តទៅសម្របសម្រួលដោយចិត្តត្រជាក់ ប៉ុន្តែតើអ្នកណាទៅដឹងថាក្រោយពេលលោកភេត្រាបានបដិសេធនិងសំណើររបស់លោកឧត្ដមរួចហើយវានឹងមានអ្វីកើតឡើងនោះ…។

ឯករាជ្យ ឯងទៅចាំឃ្លាំមើលសកម្មភាពរបស់អ្នកស្រីកល្យាណក្រែងមានអ្វីខុសធម្មតា។ ចំណែកលោកឧត្ដម ខ្ញុំនឹងឱ្យថាណាដាវជាអ្នកស៊ើប។

និយាយចប់ អធិភូក៏ទាញទូរសព្ទពីហោប៉ៅខោរបស់នាយ។                                                                        អធិភូបម្រុងនឹងឆែករកលេខដើម្បីទូរសព្ទទៅរកថាណាដាវ​ ឯករាជ្យក៏បន្លឺភ្លាម៖

ថាណាដាវ? នេះប្អូននាយដុនព្រមធ្វើការជាមួយពួកយើងហើយហី!

អធិភូតប៖

មិនខុសទេ ប៉ុន្តែដែលដាវត្រឡប់មកលើកនេះ នាងនឹងមកធ្វើជាអ្នកស៊ើបឯកជន។

ឯករាជ្យតបទាំងភ្ញាក់ផ្អើល៖

អ្នកស៊ើបឯកជន?!

អធិភូតបដោយទឹកមុខស្មើ៖

ពិតមែន ជាអ្នកស៊ើបឯកជនដែលឯករាជ្យ។ ដំបូងនាយដុនមិនយល់ព្រមទេ ព្រោះការងារនេះវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងពេក ប៉ុន្តែថាណាដាវក៏រំឭកដល់រឿងកាលពីឆ្នាំនោះ ទើបនាយដុនយល់ព្រមឱ្យដាវមកធ្វើការងារនេះ។

ថាហើយ នាយអធិភូក៏ទូរសព្ទទៅរកថាណាដាវ។

ថាណាដាវ ជាប្អូនស្រីរបស់នាយថាណាដុន ដែលជាមិត្តរបស់នាយអធិភូនិងនាយឯករាជ្យ។

កាលពីប៉ុន្មានឆ្នាំមុន អធិភូបានទទួលភារកិច្ចក្នុងការសហការជាមួយប៉ូលិសអន្តរជាតិ ដើម្បីចាប់ខ្លួនជនបរទេសមួយក្រុមដែលជាពួកជួញដូរគ្រឿងញៀននិងជួញដូរមនុស្ស។ ពេលនោះហើយ ជាពេលដែលអធិភូបានចួបជាមួយថាណាដាវក្នុងនាមនាងជាប៉ូលិសអន្តរជាតិ។ ថាណាដាវត្រូវបានបញ្ជូនមកប្រទេសកម្ពុជាដើម្បីសហការជាមួយអធិភូ ក្នុងការចាប់ជនល្មើសដែលជាជនបរទេសហើយលួចភៀសខ្លួនពីប្រទេសមួយទៅប្រទេសមួយរហូតចូលមកដល់ស្រុកខ្មែរ។ ប៉ុន្ដែដោយមានការសហការរវាងថាណាដាវនិងអធិភូ គ្រប់យ៉ាងក៏បញ្ចប់ទៅដោយរលូន។ ភារកិច្ចក៏ត្រូវបានបញ្ចប់ ថាណាដាវក៏ត្រូវត្រឡប់ទៅវិញ ដោយនាំយកអ្នកទោសបរទេសនោះទៅដាក់ទោសតាមច្បាស់អន្តរជាតិ។ ប៉ុន្តែមុនពេលថាណាដាវត្រឡប់ទៅវិញ នាយដុនក៏មករកថាណាដាវដល់ទីស្នាក់ការ ដើម្បីនិយាយរឿងដែលថាណាដាវបានលាក់បាំងចំពោះគ្រួសារ។

នៅក្នុងការិយាល័យមានអធិភូ ឯករាជ្យ ថាណាដុន និងថាណាដាវ…

អូនដាវ ឯងកាន់តែព្រហើនថ្លើមធំហើយ! ឬមួយគិតថាអត់ពីម៉ាក់ប៉ាហើយ ប្អូនចង់ធ្វើអ្វីក៏បាន ខ្ញុំជាបងប្រុសរបស់ឯង ឬគ្មានសិទ្ធដឹងឮអ្វីពាក់ព័ន្ធនឹងប្អូនខ្លួនឯងហាស់!! កាលប៉ាម៉ាក់នៅរស់ គាត់ចង់ឱ្យឯងរៀនផ្នែកវិជ្ជបណ្ឌិតដើម្បីត្រឡប់មកបន្តតំណែងរបស់ពួកគាត់ តែនេះស្អី? ប្អូនបែរជាប្រឡងចូលធ្វើជាប៉ូលិសអន្តរជាតិ!

ការងារជាប៉ូលិសមិនល្អត្រង់ណា?!! បងអធិភូនិងបងឯករាជ្យក៏ជាប៉ូលិសដែរ ឬក៏បងភ្លេចហើយ?

ភ្លាមៗថាណាដាវក៏តបដោយស្រែកគំហកដាក់បងប្រុស ទាំងនាងហូរទឹកភ្នែកសស្រាក់។

ថាណាដុន ដ្បិតតែមុននេះនាយមកដោយកម្រោល តែពេលឃើញប្អូនស្រីជាទីស្រឡាញ់យំខូចចិត្តចំពោះសម្ដីរបស់ខ្លួន នាយដុនក៏ទម្លាក់ទឹកមុខដែលពោរពេញទៅដោយកំហឹងរបស់នាយ​ រួចនាយក៏ឱបលួងប្អូនស្រីតែម្នាក់គត់របស់នាយ។ ហើយនាយដុនក៏និយាយស្រទន់ទៅកានថាណាដាវ៖

បងសុំទោស មុននេះបងប្រើសម្ដីធ្ងន់ដាក់ដាវ តែបងគ្រាន់តែចង់ឱ្យឯងដឹងថាគ្មានបងប្រុសឯណាដែលអាចទ្រាំមើលប្អូនស្រីរបស់ខ្លួនទៅប្រឈមមុខនឹងគ្រោះថ្នាក់នោះទេ។ បងហាមព្រោះបងបារម្ភ ប៉ុន្តែបើប្អូនសម្រេចចិត្តច្បាស់ហើយ បងក៏ព្រមគាំទ្រប្អូនជានិច្ច។

បន្ទាប់ពីនាយដុន និងថាណាដាវនិយាយសម្រុះសម្រួលគ្នារួច នាយដុនក៏ឆ្លៀតនិយាយបញ្ចុះបញ្ចូលឱ្យថាណាដាវត្រឡប់មកធ្វើការនៅស្រុកខ្មែរ ប៉ុន្តែត្រូវបានថាណាដាវបដិសេដ។ ថាណាដាវនៅតែមិនទាន់ជឿជាក់បងប្រុសរបស់នាង ព្រោះនាងខ្លាចបងប្រុសកុហក ហើយរកវិធីបញ្ឈប់នាងពីការងារជាប៉ូលិស ហើយបង្ខំឱ្យចូលធ្វើជាវិជ្ជបណ្ឌិតដែលជាការងារបន្តវេនពីដូនតាមកម្ល៉េះ។

ថាណាដាវ បងចង់ឱ្យឯងស៊ើបពីជីវប្រវត្តិរបស់លោកវណ្ណៈឧត្ដម។ ព័ត៌មានខ្លះៗទាក់ទងនឹងលោកឧត្តម បងបានផ្ញើរទៅហើយ។

អធិភូដាក់បញ្ជាលើថាណាដាវក្នុងនាមជាអ្នកជួល។

ថាណាដាវបន្ទាប់ពីទទួលបញ្ជារួច នាងក៏ប្រតិបត្តិតាមតួនាទីរបស់ខ្លួនភ្លាម។ ចំណែកនាយឯករាជ្យ ក្រោយបញ្ចប់សន្ទនាជាមួយអធិភូ នាយក៏ចេញទៅប្រតិបត្តិតាមតួនាទីរបស់ខ្លួនដូចគ្នា។

រឿងក្ដីឃាតកម្មរបស់លោកភេត្រានឹងត្រូវបញ្ចប់ឆាប់ៗនេះហើយ។ ខ្ញុំក៏ចង់ដឹងដែរថាឃាតករលាក់មុខនោះជាអ្នកណា? ហើយមានទំនាក់ទំនងអ្វីជាមួយជនរងគ្រោះ?

បើឃាតករជាមនុស្សក្បែរខ្លួនរបស់លោកភេត្រា ឬជាអ្នកស្គាល់គ្នាមែននោះ ប្រាកដណាស់ថា លោកភេត្រាមិនមែនជាអ្នកជំនួញធម្មតានោះទេ។ ឃាតករមានបំណងគូសនៅលើជញ្ជាំង ដើម្បីប្រើភាសាសម្ងាត់ទាក់ទងជាមួយលោកភេត្រា។

តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេលនេះ ខ្ញុំនៅតែមិនអស់ចិត្តចំពោះតួលេខទាំងដប់ខ្ទង់នោះ។ តួលេខទាំងនោះ វាហាក់ដូចជាប្រស្នាដ៏អាថ៍កំបាំងមួយសម្រាប់ខ្ញុំអ៊ីចឹង។ ហើយវាក៏ជារឿងក្ដីថ្មីមួយ ជាករណីដែលខ្ញុំមិនធ្លាប់ចួបពីមុនមក។ ប៉ុន្តែមិនថាទោះជាយ៉ាងណា ខ្ញុំនៅតែជឿលើសទ្ធា សទ្ធាលើភាពត្រឹមត្រូវ សទ្ធាលើភាពយុត្តិធម៌ចំពោះមុខច្បាប់។

តួលេខ ២ ៣ ៧ ៨ ៣ ៧ ៤ ៣ ៦ ៣ តើអត្ថន័យវាបែបណា?!

រាល់ពេលដែលមើលតួលេខទាំងដប់ខ្ទង់នេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ដិតដាម វាហាក់ដូចជាធ្លាប់ឃើញធ្លាប់ស្គាល់ ប៉ុន្តែរូបភាពក្នុងការចងចាំរបស់ខ្ញុំចំពោះវាគឺស្រពេចស្រពិលណាស់។

…ពិតមែនហើយ ទូរសព្ទ! កាលពីមុនខ្ញុំធ្លាប់លេងផ្គុំពាក្យជាភាសាអង់គ្លេស ដោយយកតួលេខមកជំនួសតួអក្សរ។ ហើយតួលេខនោះមាននៅតំបន់ហៅចេញហៅចូលរបស់ទូរសព្ទដៃ។

២ ៣ ៧ ៨ ៣ ៧ ៤ ៣ ៦ ៣ ។

លេខ២មានតួអក្សរចំនួនបីខ្ទង់គឺ ABC

លេខ៣មានតួអក្សរចំនួនបីខ្ទង់គឺ DEF

លេខ៧មានតួអក្សរចំនួនបួនខ្ទង់គឺ PQRS

លេខ៨មានតួអក្សរចំនួនបីខ្ទង់គឺ TUV

លេខ៣មានតួអក្សរចំនួនបីខ្ទង់គឺ DEF

លេខ៧មានតួអក្សរចំនួនបួនខ្ទង់គឺ PQRS

លេខ៤មានតួអក្សរចំនួនបីខ្ទង់គឺ GHI

លេខ៣មានតួអក្សរចំនួនបីខ្ទង់គឺ DEF

លេខ៦មានតួអក្សរចំនួនបីខ្ទង់គឺ MNO

លេខ៣មានតួអក្សរចំនួនបីខ្ទង់គឺ DEF ។

ប្រសិនបើត្រូវផ្គុំពាក្យ វាប្រាកដជាពាក្យដែលបង្ហាញអំពីអត្តសញ្ញាណរបស់ឃាតករ ឬហេតុផលអ្វីមួយរវាងឃាតករនិងលោកភេត្រាមិនខាន។ ព្រោះបើតួលេខទាំងដប់គ្មានអត្ថន័យ វាក៏គ្មានហេតុផលអ្វីដែលឃាតករត្រូវចាំបាច់ចំណាយពេលលាក់តួលេខប្រកបដោយសិល្បៈបែបនេះនោះដែរ។ មើលតាមលំដាប់លំដោយនៃពាក្យដែលអាចផ្គុំជាអត្ថន័យបានមានមិនច្រើននោះ តែពាក្យដែល… BESTFRIEND!  ជាមិត្តល្អ! អ្នកណាជាមិត្តល្អ? ជនរងគ្រោះ មិត្តល្អ! មិត្តល្អរបស់ជនរងគ្រោះ! គឺលោកឧត្ដម!!

ថាហើយអធិភូក៏ស្ទុះចេញពីបន្ទប់ធ្វើការរបស់នាយ។ អធិភូបម្រុងនឹងទាញទ្វាទៅហើយក៏ស្រាប់តែទទួលបានការទូរសព្ទចូលមក។ ភ្លាមនោះ អធិភូក៏ទាញទូរសព្ទពីហោប៉ៅ នាយមើលលេខនៅលើកញ្ចក់ទូរសព្ទ ប្រាកដណាស់នេះជាលេខទូរសព្ទរបស់កញ្ញាថាណាដាវ។

វគ្គ៥   ពន្លឺច្បាប់

លោកឧត្ដមធ្លាប់ជាមេបញ្ជាការអ្នកស៊ើបឯកជន!!…

សំនួនភ្ញាក់ផ្អើលរបស់អធិភូបន្លឺឡើងភ្លាមៗ បន្ទាប់ពីនាយទទួលបានរបាយការណ៍ពីថាណាដាវ។

ដោយឃើញប្រតិកម្មរបស់អធិភូ ថាណាដាវក៏នឹកឆ្ងល់ក្នុងចិត្តតែមិនហ៊ានសួរ ព្រោះមិនមែនជាតួនាទីដែលនាងត្រូវមកសួរដេញដោលនោះទេ។

រំពេចនោះ ថាណាដាវក៏បន្ទរដោយបន្តសំនួនរបស់ចាហ្វាយ៖

ចាសពិតមែន! លោកឧត្ដមធ្លាប់ជាមេបញ្ជាការអ្នកស៊ើបឯកជនមួយក្រុម ហើយរហ័សនាមរបស់ពួកគេគឺ ក្រុមព្យុះពពក។ ប៉ុន្តែដោយសារលោកឧត្ដមមានបញ្ហាសុខភាព ទើបពួកគេត្រូវរំសាយក្រុម។ ចំណែកសមាជិកដែលស្ថិតក្រោមការគ្រប់គ្រង់របស់លោកឧត្ដម នៅមិនទាន់អាចបញ្ជាក់ពីចំនួនច្បាស់លាស់នៅឡើយទេ ប៉ុន្តែក្នុងចំណោមនោះ មានកូនចៅម្នាក់ដែលជំនិតជាមួយលោកឧត្ដម នោះគឺលោក ផុស ភេត្រា។

លោកភេត្រា!! អធិភូបន្លឺឡើងម្ដងទៀត។

មិនគួរឱ្យជឿសោះថា លោកឧត្ដមនិងលោកភេត្រាធ្លាប់មានអាជីពជាអ្នកស៊ើបពីមុនមក។ បើបែបនេះមិនបាច់រង់ចាំទៀតនោះទេ ទាំងពាក្យផ្គុំពីតួលេខក្នុងគំនូរ និងសមត្ថភាពក្នុងការបំបាត់ព័ស្តុតាងដែលជាប់ពាក់ព័ន្ធ គ្រប់យ៉ាងសុទ្ធតែត្រូវបានរៀបចំឡើងមកយ៉ាងល្អ បែបនេះបើគ្មានជំនាញក៏មិនអាចធ្វើបានដែរ។ ដូច្នេះគ្មានអ្វីត្រូវស្ទាក់ស្ទើរនោះទេ ខ្ញុំប្រាកដចិត្តថាលោកឧត្ដមជាឃាតករ!

មិនចាំយូរ អធិភូក៏នាំកងកម្លាំងសម្រុកទៅផ្ទះរបស់លោកឧត្ដម។

កំពុងធ្វើដំណើរតាមផ្លូវ អធិភូក៏ឆ្លៀតទូរសព្ទផ្ដល់ដំណឹងទៅនាយឯករាជ្យ និងបានបញ្ជាឱ្យឯករាជ្យប្រញាប់តាមទៅផ្ទះរបស់លោកឧត្ដម។

បន្ទប់បួនជ្រុង…

ហេតុអីលោកសម្លាប់លោកភេត្រា?

សំនួរដំបូងដែលអធិភូសួរទៅកាន់លោកឧត្ដម។

លោកឧត្ដមតបដោយទឹកមុខភ្ញាក់ផ្អើល៖

លោកប៉ូលិសនិយាយពីរឿងអី? ខ្ញុំមិនយល់នោះទេ!

អធិភូបានបោះឯកសារព័ស្តុតាងទាំងអស់ទៅលើតុ រួចស្រែកគំហកមួយទំហឹង៖

លោកឈប់ធ្វើពើទៀតទៅ!! ទាំងនេះជាព័ស្តុតាងដែលបញ្ជាក់បានថាលោកជាអ្នកសម្លាប់លោកភេត្រា។

ដោយលោកឧត្ដមមិនព្រមទទួលសារភាព ទើបអធិភូក្ដៅចិត្តនឹងការសម្ដែងរបស់លោកឧត្ដមដែលធ្វើដូចជាគ្មានអ្វីកើតឡើង។

លោកឧត្ដមគំហកសំណើច រួចនិយាយទាំងមុខស្មើ៖

ហ៊ឺស!! បើបានជាដឹងទៅហើយ យើងក៏គ្មានអ្វីត្រូវបកស្រាយដែរ។

អធិភូឈរដាក់ដៃទាំងពីរច្រតលើតុ រួចនិយាយទាំងមុខមាំ៖

ហេតុអីលោកសម្លាប់លោកភេត្រា?

លោកឧត្ដមតប៖

ឯងនេះសម្ដីគ្រាន់បើសមនឹងឈ្មោះពិតមែន! ណាស់ហើយ យ៉ាងណាយើងក៏គ្មានសល់អ្នកណាទៀតដែរ គ្មានអ្វីដែលត្រូវខ្វាយខ្វល់ឡើយ។ យើងប្រាប់ឯងទៅចុះ នាយភេត្រាសុភាពបុរសដ៏សែនល្អ ដែលអ្នកណាក៏លើកសរសើរ តាមពិតវាជាមនុស្សលាក់ពុត។​ ខ្ញុំមិនស្មាននោះទេថាមិត្តភាពដប់ឆ្នាំជាង ត្រូវមករលត់ព្រោះគំនុំ ដោយសារតែកំហុសអចេតនាកាលពីអតីតទៅវិញ!                                                                                                       លោកដឹងទេ នៅថ្ងៃដែលខ្ញុំតាំងចិត្តទៅចរចាជាមួយភេត្រា តើមានរឿងអ្វីកើតឡើង? ភេត្រាបាននិយាយពីគំនុំក្នុងចិត្តតាំងពី២៥ឆ្នាំមុន។ កាលនោះ ភេត្រាមានម្ដាយដែលកំពុងដេកឈឺធ្ងន់នៅឯផ្ទះ ដោយសារខ្វះលុយព្យាបាល ភេត្រាបានទៅសុំការងារពីភរិយារបស់ខ្ញុំ។ ប៉ុន្តែត្រូវបានភរិយារបស់ខ្ញុំបដិសេធព្រោះមានបុគ្គលិកច្រើនហើយ ម្យ៉ាងពួកយើងទើបហ្នឹងចាប់ផ្ដើមរកស៊ីដំបូង ទើបត្រូវរិះថាំហើយចំណាយតែអ្វីដែលចាំបាច់ប៉ុណ្ណោះ។                                                                                            ដោយសារតែពិបាករកការងារ កុំថាឡើយលុយព្យាបាល សូម្បីតែលុយទិញបាយហូបក៏គ្មានផង ក្នុងនាមជាកូនប្រុសទោះអត់បាយឱ្យតែម្ដាយបានឆ្អែតក្រពះ។ ពេលនោះ ទោះចង់មិនចង់ភេត្រាក៏ត្រូវសម្រេចចិត្តឡើងមកទីក្រុងដើម្បីរកការងារធ្វើនឹងអាលបានលុយយកទៅព្យាបាលម្ដាយដែលកំពុងដេកឈឺសឹងតែផុតដង្ហើមម្ដងៗទៅហើយ។ ភេត្រាបានពឹងអ្នកជិតខាងឱ្យជួយមើលម្ដាយនៅពេលគេមិននៅ ព្រោះគ្មានញាតិឯណាឱ្យពឹងនោះទេ មានតែអ្នកជិតខាងក្នុងភូមិហ្នឹងហើយដែលជាទីពឹង។ អំឡុងពេលដែលឡើងមកភ្នំពេញ ភេត្រាបានចូលធ្វើការជាអ្នករត់តុនៅហាងកាហ្វេមួយកន្លែង នោះគឺជាហាងលោកប៉ារបស់កល្យាណដែលជាភរិយារបស់ភេត្រាសព្វថ្ងៃ។ ពេលវេលាចេះតែដើរទៅពីមួយថ្ងៃទៅមួយថ្ងៃ រយៈពេលមួយខែដែលភេត្រាបានសន្សំលុយល្មមនឹងព្យាបាលម្ដាយ ប៉ុន្តែជាអកុសលម្ដាយរបស់ភេត្រាបានផុតដង្ហើមមុនពេលដែលគេមកដល់តែបន្តិចប៉ុណ្ណោះ។ គ្រាន់តែបន្តិចប៉ុណ្ណោះ សូម្បីតែព្រហ្មលិខិតក៏គ្មានមេត្តាដល់មនោសញ្ចេតនាម្ដាយកូនទាំងពីរនេះដែរ។ ត្រឹមពាក្យលាមួយម៉ាត់ក៏ពួកគេមិនបាននិយាយចេញមកផង។ ព្រោះរឿងនេះហើយ ដែលធ្វើឱ្យភេត្រាចងគំនុំជាមួយភរិយារបស់ខ្ញុំអស់រយៈពេល២៥ឆ្នាំ។

និយាយចំពោះខ្ញុំ ភរិយារបស់ខ្ញុំជាមនុស្សដែលមានទឹកចិត្តល្អប្រពៃណាស់ ហើយពេលនោះបើភរិយារបស់ខ្ញុំបានដឹងថាភេត្រាត្រូវការលុយដើម្បីព្យាបាលម្ដាយដែលកំពុងឈឺធ្ងន់នោះ ភរិយារបស់ខ្ញុំនឹងជួយគេមិនខានឡើយ។ ខ្ញុំសោកស្ដាយចំពោះរឿងដែលកើតឡើងចំពោះភេត្រាកាលពី២៥ឆ្នាំមុន ប៉ុន្តែខ្ញុំក៏មិនបន្ទោសភរិយារបស់ខ្ញុំដែរ ព្រោះនាងមិនបានធ្វើអ្វីខុសសោះឡើយ។ ភេត្រាជាមនុស្សឈាមត្រជាក់ណាស់។ កាលនោះ បើទោះជាពួកយើងរស់នៅក្នុងស្រុកភូមិជាមួយគ្នា ប៉ុន្តែខ្ញុំនិងភរិយាមិនដែលស្គាល់ ហើយក៏មិនបានចំណាំមុខមាត់របស់គេនោះដែរ។ ភេត្រាបាននិយាយទៀតថា ប៉ុន្មានឆ្នាំដែលគេត្រឡប់មកពីភ្នំពេញវិញ គេក៏រៀបការជាមនុស្សស្រីដែលគេស្រឡាញ់ ប៉ុន្តែដោយសារជីវភាពមិនសូវល្អ ទើបត្រូវចាកចេញពីគ្រួសារមករកការងារធ្វើនៅឯភំ្នពេញ។ ក្រោយមកភេត្រាក៏បានដំណឹងមកថាខ្ញុំនឹងភរិយាបានប្ដូរមករស់នៅនិងរកស៊ីលក់បាយនៅភ្នំពេញ ភេត្រាដឹងថាភរិយារបស់ខ្ញុំមិនបានចំណាំមុខរបស់គេ ទើបគេព្យាយាមមកស្និទ្ធស្នាលព្រមទាំងបានមកសុំការងារធ្វើទៀតផង។ នៅពេលភេត្រាបានចូលមកធ្វើការនៅហាងបាយភរិយារបស់ខ្ញុំ ខ្ញុំក៏បានឃើញការអត់ធ្មត់ធ្វើការឧស្សាហ៍ព្យាយាមរបស់ភេត្រា។ ហើយដោយសារពេលនោះក្នុងក្រុមព្យុះពពករបស់ពួកយើងកំពុងខ្វះមនុស្សស្រាប់ ខ្ញុំក៏អនុញ្ញាតឱ្យភេត្រាចូលក្រុមនិងបានបណ្ដុះការហ្វឹកហាត់ដល់គេយ៉ាងស្ទាត់ជំនាញ។ បន្ទាប់ពីអស់រយៈពេលប៉ុន្មានឆ្នាំក្រោយមក សុខភាពរបស់ខ្ញុំក៏ស្រុតចុះយ៉ាងគំហុកហើយខ្ញុំក៏សម្រេចចិត្តរំសាយក្រុម ចាប់តាំងពីពេលនោះមកឈ្មោះក្រុមព្យុះពពកក៏រលាយបាត់សូន្យ។ ប៉ុន្តែមិនស្មានថាប៉ូលិសវ័យក្មេងដូចជាឯងអាចស្រាវជ្រាវមកបានសោះ!

ក្រុមព្យុះពពកមិនមែនខ្ញុំជាអ្នករកឃើញនោះទេ ប៉ុន្តែក៏គ្មានអ្វីអាចលាក់បាំងពីភ្នែករបស់ខ្ញុំបានឡើយ។ សូម្បីតែសិល្បៈគំនូររបស់លោក!

អធិភូនិយាយដល់គំនូរ ធ្វើឱ្យលោកឧត្ដមភ្ញាក់ផ្អើលយ៉ាងខ្លាំង! លោកឧត្ដមញញឹមចុងមាត់រួចតបភ្លាម៖

ហ៊ឺស! អស្ចារ្យណាស់ ខ្ញុំមិននឹកស្មានថានឹងមានមនុស្សដែលអាចដឹងពីអាថ៍កំបាំងនៃគំនូររបស់ខ្ញុំសោះ។ ក្រៅពីខ្ញុំនិងភេត្រាគ្មានអ្នកដឹងអំពីអត្ថន័យរបស់វានោះទេ ព្រោះជាភាសាទំនាក់ទំនងរបស់អ្នកស៊ើបដូចជាពួកយើង។ ចំណែកកូនចៅផ្សេងទៀត ខ្ញុំបានបង្កើតភាសាទំនាក់ទំនងខុសៗគ្នា ហើយមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលដឹងអំពីអត្ថន័យភាសារបស់ពួកគេ។ កាលនោះដោយសារតែរំសាយក្រុម ម្នាក់ៗក៏ទៅរកផ្លូវរស់រៀងៗខ្លួនហើយក៏ស្ងាត់បាត់ដំណឹងសូន្យ មានតែភេត្រាទេដែលតែងតែមកសួរសុខទុក្ខរហូតក្លាយជាមិត្តល្អនឹងគ្នា។ ការរាប់អានរបស់ពួកយើងយូរទៅប្រៀបដូចជាមនុស្សក្នុងគ្រួសារអ៊ីចឹង។ ចំណែកកល្យាណពីមុនជាមនុស្សរួសរាយណាស់ តែតាំងពីកូនប្រុសរបស់នាងបានស្លាប់ដោយសារចួបគ្រោះថ្នាក់ចរាចរណ៍នោះមក នាងក៏ក្លាយជាមនុស្សស្ងប់ស្ងាត់ ហើយឆេវឆាវ មិនសូវចូលចិត្តភាពអ៊ូអរដូចមុន ប៉ុន្តែចំពោះភេត្រាគឺនៅដូចដើម គេនៅតែជាភេត្រាដូចកាលពីមុន។                                                                                                                                                 រយៈពេលកន្លងផុតទៅជាច្រើនឆ្នាំ សម្បកកាយក៏ប្រែប្រួលប៉ុន្តែចិត្តដែលចងជាគំនុំនៅក្នុងចិត្តរបស់ភេត្រាមិនបានរលុប​ ឬប្រែប្រួលនោះទេ គេនៅតែចង់សងសឹកពួកយើង។ ហើយរឿងបន្តមកទៀតដូចដែលលោកប៉ូលិសបានដឹង ភេត្រាបានបោកបញ្ឆោតឱ្យភរិយារបស់ខ្ញុំចុះហត្ថលេខាលើលិខិតទិញលក់ភោជនីយដ្ឋានដែលជាដង្ហើមញើសឈាមរបស់ខ្ញុំនិងភរិយា។ បន្ទាប់ពីពួកយើងចាកចេញពីភ្នំពេញ ពេលមកដល់ផ្ទះនៅឯជនបទ ខ្ញុំក៏និយាយប្រាប់ភរិយារបស់ខ្ញុំអំពីរឿងដែលភេត្រាបាននិយាយជាមួយខ្ញុំនៅហាងកាហ្វេរបស់គេ។ ភរិយារបស់ខ្ញុំស្ដាប់ហើយស្លុតចិត្តរហូតដល់គាំងបេះដូងស្លាប់ភ្លាមៗនៅថ្ងៃនោះ។ ខ្ញុំឈឺចាប់ណាស់ដែលភរិយាជាទីស្រឡាញ់ត្រូវមកស្លាប់ទាំងដែលខ្ញុំមិនអាចជួយអ្វីនាងបានសោះ។ នៅពេលចាត់ចែងបុណ្យសពភរិយារបស់ខ្ញុំរួច ខ្ញុំក៏សច្ចាចងអាឃាតនឹងនាយភេត្រា។                            នាយភេត្រាទម្រាំតែបានទទួលកម្មដែលគេបានសាងឡើងវាយូរណាស់ ដូច្នេះទុកឱ្យម្ចាស់កម្មពារដូចជាខ្ញុំជាអ្នកដាក់ទោសគេទៅចុះ។

លោកសោកស្ដាយនូវអ្វីដែលលោកបានធ្វើដែរទេ?

អធិភូសួរទៅលោកឧត្ដម។

…បន្ទាប់ពីលោកឧត្ដមសារភាពកំហុសគ្រប់យ៉ាង លោកឧត្ដមក៏ត្រូវបានតុលាការកាត់ទោសដាក់ពន្ធធនាគារតាមកម្រិតនៃទោសទៅតាមផ្លូវច្បាប់។

ចំណែកអ្នកស្រីកល្យាណក៏ព្រមបើកចិត្តទទួលយកឧមាជាកូន ថែមទាំងរ៉ាប់រងមើលថែលោកយាយរបស់ឧមាទៀតផង។ ពេលនេះ ឧមាក្លាយជាកូនស្រីរបស់អ្នកស្រីកល្យាណដោយស្របទៅតាមច្បាប់។ អ្នកស្រីកល្យាណបានប្រកាសឱ្យឧមាជាអ្នកគ្រប់គ្រងហាងកាហ្វេចាប់ពីពេលនេះតទៅ។ រីឯភោជនីយដ្ឋានដែលលោកភេត្រាបានបោកបញ្ឆោតមកនោះ ត្រូវបានអ្នកស្រីកល្យាណប្រគល់ឱ្យទៅម្ចាស់គេវិញ ដោយមិនទាមទារយកលុយដែលទិញនោះមកវិញឡើយ។

មួយឆ្នាំកន្លងផុតទៅ…

ពេលវេលាពិតជាដើរលឿនណាស់ និយាយចំពោះនាយឯករាជ្យមិត្តសម្លាញ់របស់ខ្ញុំ ពេលនេះគេមានគូរដណ្ដឹងហើយ។ ខ្ញុំមិនដឹងថាពួកគេចាប់ផ្ដើមតាំងពីពេលណានោះទេ តែពេលមកដឹងម្ដងទៀត ឯករាជ្យនិងថាណាដាវ ពួកគេជិតរៀបការទៅហើយ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ម្នាក់ជាមិត្ត ឯម្នាក់ទៀតក៏ដូចជាប្អូនស្រី ពួកគេនឹងមានសុភមង្គល។ អ! មែនហើយ ខ្ញុំភ្លេចប្រាប់ នៅថ្ងៃនោះខ្ញុំបានសួរលោកឧត្ដមថា លោកសោកស្ដាយនៅអ្វីដែលលោកបានធ្វើដែរទេ? ។                                                                                                                                ពេលនោះ លោកឧត្ដមឱនមុខចុះរួចនិយាយទាំងខ្សឹកខ្សួល៖

ខ្ញុំពិតជាសោកស្ដាយណាស់! បើអាច…ខ្ញុំមិនចង់ឱ្យរឿងអាក្រក់ទាំងនោះកើតឡើងនោះទេ! ខ្ញុំមិនចង់បាត់បង់នរណាម្នាក់ឡើយ! ភរិយាជាទីស្រឡាញ់របស់ខ្ញុំ មិត្តសម្លាញ់របស់ខ្ញុំ ពួកគេសុទ្ធតែសំខាន់សម្រាប់ខ្ញុំ។ ខ្ញុំសុំទោស! ខ្ញុំដឹងថា ពាក្យសុំទោសរបស់ខ្ញុំមិនអាចជួយឱ្យភរិយានិងមិត្តរបស់ខ្ញុំត្រឡប់មករកខ្ញុំវិញបានទេ ប៉ុន្តែខ្ញុំចង់ឱ្យជីវិតចុងក្រោយរបស់ខ្ញុំ បានធ្វើដើម្បីពួកគេជាលើកចុងក្រោយ។ បើខ្ញុំមានឱកាសនៅមានជីវិត បើអាចបានចេញពីពន្ធធនាគារខ្ញុំនឹងបួសរហូតដល់ដង្ហើមចុងក្រោយ។

មេឃស្រអាប់ពេញដោយពពកខ្មៅងងឹត បន្តិចក្រោយខ្យល់ក៏បក់បោកផាត់យកពពកខ្មៅចាកចេញពីផ្ទៃមេឃ ហើយព្រះអាទិត្យក៏ចាំងជះរះពន្លឺភ្លឺដល់បាតនៃមហាសាគរ។

ពេលនេះ បញ្ហាគ្រប់យ៉ាងក៏ត្រូវបានដោះស្រាយ បន្ទាប់មកក៏ត្រូវមានរឿងល្អៗដើម្បីជាកម្លាំងចិត្ត។                                នៅថ្ងៃដំបូងដែលខ្ញុំបានចួបឧមាគឺជាតួនាទី។ ប៉ុន្តែថ្ងៃនេះ ពួកយើងក៏បានចួបគ្នាម្ដងទៀតក្នុងនាមមនុស្សស្និទ្ធស្នាល។                                                                                                                                                               ខ្ញុំមិនដែលដឹងនោះទេថាអ្នកស្រីកល្យាណជាមិត្តរបស់អ្នកម៉ាក់ខ្ញុំ។ អ្នកស្រីកល្យាណមិនត្រឹមតែជាមិត្តរបស់អ្នកម៉ាក់ប៉ុណ្ណោះទេ គាត់ថែមទាំងជាអតិថិជនប្រចាំហាងគ្រឿងពេជ្ររបស់ម៉ាក់ខ្ញុំទៀតផង។ វាមិនចម្លែកទេ ដែលខ្ញុំនិងឧមាឧស្សាហ៍ចួបគ្នា។

តើរវាងពួកយើងអាចថាជានិស្ស័យដែរទេ?…

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*