រឿង៖ ស្រលាញ់ទាំងអស់ស្មោះតែមួយ

ភាពយកអាសារអ្នកដទៃ និងឫកពាដែលចេះគោរពឱ្យតម្លៃមនុស្សជុំវិញខ្លួន ធ្វើឱ្យខ្ញុំកាន់តែចូលចិត្តគាត់ ខ្លាំងឡើងៗ រហូតលង់ចិត្តជ្រៅទៅៗ ដល់ថ្នាក់អាចប្រើពាក្យមកពណ៌នាបានថា “ងប់ងល់” ហើយចិត្តដ៏ងប់ងល់នេះ ក៏ជាដើមហេតុដែលបំផ្លាញគ្រប់យ៉ាងនៃជីវិតខ្ញុំ ហាក់ដូចធ្លាក់នរកទាំងរស់…


និលរ័ត្ន គ្រាន់តែជាយុវតីគួរឱ្យស្រលាញ់ម្នាក់ នៃបន្ទប់រៀន ១២A ប៉ុណ្ណោះ ប៉ុន្តែអ្នកណាៗក៏ស្គាល់នាងដែរ ក៏ព្រោះតែភាពរួសរាយ និងចិត្តល្អរបស់យុវតីរូបនេះ។
បើនិយាយពីទាក់ទាញរបស់នាង ក្នុងក្រសែភ្នែកក្មេងប្រុសជំទង់ៗ ស្របាលគ្នានោះ អាចនិយាយបានថា នាងជាមនុស្សជាទីចង់បានរបស់អ្នកបានស្គាល់ ហើយ អ្នកចោមស្រលាញ់ច្រើន ទោះបីមនុស្សស្រីនេះរៀងឆ្មើងឆ្មៃបន្តិចក៏ដោយ…

« ចា៎ស មិនមែនវាយឫកអីទេ គ្រាន់មិនចូលចិត្តមានស្នេហាបៀតខ្លួនអីឡើយ ព្រោះម៉ាក់ហាមថា ទាល់តែរៀនសាកលវិទ្យាល័យឆ្នាំទី២ ទើបមានស្នេហាបាន និយាយរួមទៅ កូនគេស្តាប់បង្គាប់ម្តាយនោះអី! អ៊ីចឹងមិនចង់ពាក់ព័ន្ធប្រូណាឡើយ។ »

« អ្ហើយ!!!!!!! » សំឡេងជ្រក់ជ្រេញព្រមគ្នា ពីកញ្ញាមិត្តទាំង២ នីសា និង សូដាណេតតា
« ស្អីទេអ្ហា៎! ធំប៉ុណ្ណឹងហើយ មិនចេះ break rules ខ្លះទេអី? » ណេតតា និយាយឡើង
« ហើយម៉េច? អត់មានសង្សារជារឿងរបស់ខ្ញុំ ទើសអីនឹងពួកយើងដែរ ចាស៎!? » ខ្ញុំឆ្លើយឌឺ មិនខ្ចីចុះញ៉មឡើយ

« អឺ!! ម៉េចក៏ម៉េចទៅ តែប្រយ័ត្នខកខានមនុស្សល្អ » នីតា បន្ត ដែលមានទាំង ណេតតា ចាំបុីទ្រដែរ។ កាលដែលមិត្តទាំងពីរនេះ ប្រឹងជំរុញខ្ញុំឱ្យមានស្នេហាខ្លាំងបែបនេះ ក៏ព្រោះតែចង់មិត្តភក្តិល្អរស់ពួកគេ ពឹងពាក់ឱ្យជួយសួរចិត្តខ្ញុំនោះអី!!!! តែយ៉ាងណា ខ្ញុំនៅតែយល់ថា វ័យប៉ុណ្ណេះ មិនទាន់អាចសំឡឹងឃើញអនាគតនៅឡើយទេ។ ក៏ព្រោះតែខ្ញុំចង់បានមនុស្សច្បាស់លាស់ មិនចង់ប្តូរសង្សារពីម្នាក់ទៅម្នាក់ ដូចមិត្តទាំងពីរនេះ ព្រោះខាតទាំងអារម្មណ៍ និងពេលវេលា។_________________________________________________________________________________________

ពេលវេលាជាច្រើនខែកន្លងផុតទៅ ការប្រលងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ក៏ត្រូវបញ្ចប់ ឯមិត្តស្និតស្នាលខ្ញុំទាំងពីរ ក៏ត្រូវឃ្លាតឆ្ងាយគ្នា ដើម្បីទៅស្វែងរកការសិក្សាជំនាញដែលខ្លួនចូលចិត្តរៀងខ្លួន តែ ណេតា និង នីសា គេស្រលាញ់ជំនាញដូចគ្នា ក៏ជ្រើសរៀនសាលាតែមួយ និងថ្នាក់តែមួយ។ លើកលែងតែខ្ញុំ ដែលត្រូវគ្រួសារបង្ខំចិត្តឱ្យសិក្សាជំនាញ «ឱសថ» ដែលខ្ញុំមិនចូលចិត្តទាល់​តែ​សោះ ក៏ព្រោះគាត់យល់ថា ការរៀនបែបនេះគឺស្នងរបរគ្រួសារ….

ចំពោះការសិក្សា ខ្ញុំចេះបង្ខំចិត្តរៀនយ៉ាងណាឱ្យតែចេះចាំ និងអាចប្រលងជាប់ទៅ ឯអនាគតយ៉ាងណា ក៏លែងហ៊ានគិតដូចគ្នា ព្រោះជំហានទី១នេះ ខុសក្តីស្រមៃបាត់ទៅហើយ។ រាល់ថ្ងៃតែងប្រាប់ខ្លួនឯងថា “ដើរមួយជំហាន គិតមួយជំហាន” ។

រាល់ល្ងាច ខ្ញុំនឹងមិត្តវិទ្យាល័យទាំងពីរ តែងតែឆ្លៀតពេលជួបគ្នាញុំាប្រហិតតាមចំណូលចិត្តពួកយើង មិនដែលខានមួយថ្ងៃឡើយ។ ទោះដឹងថា វាមិនល្អចំពោះសុខភាព តែហាមការឃ្លានមិនបានសោះឡើយ… បូករួមមិនចេះទ្រលាន់ទៀត។ ឯពីរនាក់នេះ តាំងពីវិទ្យាល័យ ដល់សាកលវិទ្យាល័យ គឺមិនប្តូរឡើយ នៅតែព្យាយាមធ្វើមេអណ្តើកឱ្យខ្ញុំ និងម្នាក់នោះ….

« អេ! ឯងចង់ខលហៅ សុវណ្ណ មកអាហារល្ងាចជុំគ្នា ម៉េចដែរ? »
ណេតតា សួរ នីតា ដោយមិនខ្ចីមើលទឹកមុខខ្ញុំយ៉ាងណា… តែខ្ញុំនិយាយកាត់ ដោយក្តីមិនពេញចិត្តជាខ្លាំង៖
« ហៅបាន!​ តែយើងសុំទៅផ្ទះវិញហើយ »
ខ្ញុំទាញកាតាប ប្រុងងើបចេញហើយ តែនីតាទាញដៃអង្គុយវិញ ស្របនឹងសម្តីលួងលោម។
« អូយ!!! គេញ៉ោះលេងសោះហ្នឹង! ណាហ៊ានឱ្យពួកម៉ាកខ្លួនឯងមិនសប្បាយចិត្តអ្ហ៎… »

សមនឹងខ្ញុំមិនចេះប្រកាន់ច្រើនផង ពួកយើងក៏អង្គុយហូបអីបន្ត រហូតដល់បំបែកគ្នាទៅផ្ទះរៀងខ្លួន។

_________________________________________________________________________________________១សប្តាហ៍ក្រោយ ថ្ងៃទី០៥ ខែមេសា ២០១៤

វគ្គ ជួបចៃដន្យ ក្លាយជាការយល់ច្រឡំ

ថ្ងៃនេះជាថ្ងៃប្រកាសលទ្ធផលប្រលងឆមាសទី១ លើជំនាញដែលខ្ញុំរៀន តែទម្រាំម៉ោងគេប្រកាស ដល់ម៉ោង ៥រសៀលឯណោះ មិនដឹងទៅណា ព្រោះមិត្តទាំងពីរ ក៏ជាប់រវល់ខួបកំណើតមិត្តគេ គឺប្រុសម្នាក់ដែលពួកគេតែងបង្អាប់ខ្ញុំមិនដាច់ពីមាត់នោះឯង… អ៊ីចឹងខ្ញុំក៏សម្រេចចិត្តថា ជិះលេងមើលគេមើលឯងក្រោមកំដៅថ្ងៃហ្មងទៅ។

ជិះសុខៗ​ ទូរសព្ទក្នុងហោប៉ៅក៏រោទិ៍!​ ខ្ញុំអែបគៀន ដើម្បីលើកទូរសព្ទ
[ Bestie Ta ] ឈ្មោះលើអេក្រង់បង្ហាញយ៉ាងច្បាស់ គឺមហាមិត្ត ខ្ញុំរហ័សលើកទាំងក្នុងចិត្តត្រេកអរថាពួកនេះ នឹងចប់កម្មវិធីគេ ហើយបបួលខ្ញុំទៅណា…

« អាឡូ ហ្ហែងនៅណា៎ ជួយទិញខេកដាក់ឈ្មោះ សុវណ្ណ មួយមក! ពួកអញចាំនៅ Sweet Time KTV » ( តូតៗៗ )

ខ្ញុំគាំងមួយសន្ទុះ ព្រោះមុននេះ ខ្ញុំអត់ទាន់បាននិយាយឆ្លងឆ្លើយសម្តីនឹងកញ្ញាមិត្តមួយម៉ាត់ទេ…
យ៉ាហ៊ី!! មិនទាន់ទាំងបានតវ៉ាអីផង ដាក់ទូរសព្ទចុះបាត់! ហើយឱ្យទិញនំទៅ Surprise ម្នាក់នោះយ៉ាងម៉េច!! អើយ!!! តិចលោគេថាយើងបើកភ្លើងខៀវឱ្យគេទៅ! ស៊ាំបេះដូងណាស់! តែយ៉ាងណាវាពឹងទៅហើយ ណ្ហើយចុះ…

១៥នាទីក្រោយ… សំឡេងទូរសព្ទខ្ញុំរោទិ៍ជាថ្មី អេក្រង់បង្ហាញឈ្មោះដដែល

   « ទិញបានឬនៅអ្ហា៎? » ណេតតាសួររន្ថើន
   « អឺ!!!»
   « អ៊ីចឹង! ពឹងជួយកាន់ឡើងមកផង »
   « ចុម! ឡប់មែនហ្ហា៎? ត្រូវជាស្អីនឹងគ្នា ឱ្យទិញខេកទៅ surprise គេហ្នឹង?
ខ្ញុំប្រតិកម្មតបភ្លាមមិនចាំយូរ។ 
   
   « អូយ!! ទិញមក អញអង្វរ ព្រោះលើកហ្នឹងលើកចុងក្រោយហើយ គាត់ត្រូវជិតទៅធ្វើការនៅកំពង់សោមហើយ អញមិនដឹងទេ ទិញមកអញចាំ » (តូតៗៗ)

យី!! ស្អីវាទៀតហើយ មិនទាន់ចរចាត្រូវរូវគ្នាផង បិទទៀតបាត់! ខ្ញុំរេរាមួយសន្ទុះ តែនឹកគិតក្នុងចិត្ត បើយើងខ្លាចនឹងជួបគេ បានន័យថាយើងមានចិត្តលើគេ ដូចមាត់គេបង្អាប់មែនហើយ! អើយ!ទិញក៏ទិញទៅ វាមិនខ្មេសទេ យើងមិនបានស្រលាញ់គេផង។
មិនអែរអង់យូរ ខ្ញុំក៏យកខេកដែលទិញខេកពីហាងតែមួយគត់នៅផ្លូវកែង ក្រោយសាលាសន្ធរម៉ុកអាតំលៃត្រឹម ៣ដុល្លារ ស្រូតជិះ icon លឿងចាំងយ៉ាងសមសួនអស្ចារ្យ ទៅ Sweet Time ក្រោយសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជូន Crush មិនផ្លូវការតែម្តងទៅ។
(អ្ហើយ មីអូននេះរៀបរាប់សម្បើមណាស់!)

ចេញពីហាងនំមិនដល់ ៥នាទីផង ខ្ញុំនិងម៉ូតូខ្ញុំក៏ធ្វើដំណើរមកដល់មុខទីតាំង ហើយផ្ញើសារប្រាប់មិត្តសម្លាញ់ ដើម្បីរៀបចំ surprise bro នោះទាំងអារម្មណ៍នៅស្ទើរស្ទាក់មិនចង់ចូល តែទីបំផុតនៅតែបញ្ចប់សំណើរកញ្ញាមិត្តតាមការគួរ… តែមិនចប់ត្រឹមហ្នឹងទេ គ្រប់គ្នាដែលនៅជួបជុំកម្មវិធីតូចនេះ នាំគ្នាទទូចសុំខ្ញុំឱ្យនៅចូលរួម ពិេសសអ្នកនាងមិត្តទាំងអស់ ដែលរងូវៗរំខានប្រសាទ ទាល់តែខ្ញុំព្រមនៅ….

ក្នុងបន្ទប់ KTV ១ម៉ោង ៣ដុល្លារ ទំហំប្រហែល ៤ x ៥ ជាមួយពណ៌ភ្លើងចម្រុះគ្នាយ៉ាងស្រស់ស្អាត តែខ្ញុំបែរធុញថប់នឹងសំឡេងអ៊ូអែរសប្បាយអឺងកងរបស់ក្រុមមនុស្សទៅវិញ ហើយអ្វីដែលកាន់តែចង់ស្ទះអារម្មណ៍ជាងនេះទៀតនោះ!​ គឺគេលេងបង្អាប់ខ្ញុំជាមួយអាបុិនោះ ជាធីមធំហ្មង។ ខ្ញុំបានត្រឹមតែញញឹមតិចៗនឹងការលេងសើច ព្រោះយល់ថា ថ្ងៃកម្មវិធីគេកំពុងសប្បាយ មិនចង់ឱ្យខូចបរិយាកាសព្រោះតែយើងម្នាក់។ ខ្ញុំចេះតែសើចស្ញេញនឹងរបៀបគេជួបជុំគ្នាគេដែរទៅ ទ្រាំបង្ហាញអ្វីខុសពីចរិតខ្លួនឯង រហូតដល់ម៉ោងចែកជើងគ្នាទៅផ្ទះរៀងខ្លួន….

១៥នាទីក្រោយមក វីដេអូ surprise អាប៉ិហ្នុងក៏ផុសនៅលើហ្វេសប៊ុក Tag លាន់ពេញហ្នឹង រហូតដល់ notification ខ្ញុំទៀត។

     Thank you dear for your cake. I like it as I like you.
     សុវណ្ណ ឆាតមកខ្ញុំ

ចុម!! Chat មកអរគុណស្អី! ឯងគ្មានបំណងទិញផង គេបង្ខំឱ្យច្បាស់ក្រឡែតនៀក!!! តិចច្រឡំថាស្រលាញ់អីទៅ!
គ្រាន់តែឃើញពាក្យ I like you អារម្មណ៍ខ្ញុំច្របល់បាត់ទៅហើយ។ ព្រោះខ្លាចថាគេមានចិត្តពិត! ខ្លាចថាយើងមិនអាចជ្រើសគេ! រឹតតែមិនចង់ផ្តល់ក្តីសង្ឃឹមឲ្យអ្នកណាទៀតឡើយ ព្រោះបេះដូងមួយនេះ ក៏នៅមានរបួសមិនទាន់ភ្លេចអ្នកចាស់។ ម៉្យាងក៏ដឹងឮពីមិត្តភក្តិខ្លួនឯងហើយដែរថា គេតែងមិនសំណាងនឹងរឿងមនោសញ្ចេតនា ព្រោះត្រឹមអ្នកស្រែចំការ ហើយសំណាងបានអ្នករាប់គ្នានឹងឪពុក ឱ្យមករស់នៅទីក្រុងជាមួយ ដើម្បីសិក្សារៀនសូត្រ។ មិនដឹងហេតុអីទេ អារម្មណ៍អាណិត អ៊ីចឹងមានតែធ្វើហុីៗ ឆ្លើយមួយម៉ាត់ៗ តាមការគួរសមប៉ុណ្ណឹងទៅ។

៣ឆ្នាំក្រោយ…

ក្រោយរៀនចប់ ខ្ញុំក៏រកការងារបានសមនឹងបំណងខ្លួនឯង ធ្វើការ Media ផ្នែក Content Creator ជាមួយនឹងក្រុមហ៊ុនចិន។ ឈានជើងចូលក្នុងវិស័យនេះ ខ្ញុំមិនដឹងថាខ្លួនឯងអាចធ្វើបានកម្រិតណាទេ តែការដែលបានមកបម្រើការឱ្យក្រុមហ៊ុននេះ គឺមានការជំរុញខ្លាំងពីមិត្ត និងចូលមកធ្វើការបានជាគ្នាទៀត។

ធ្វើការបាន ៣ខែ ខ្ញុំក៏ណែនាំអ្នកស្គាល់ឱ្យដាក់ CV មកធ្វើការជាមួយដែរ ព្រោះតែក្រុមហ៊ុននេះ រៀងចម្លែកបន្តិច មិនប្រកាសរើសតាមស្ថាប័នព័ត៌មានទេ គេរើសតាមអ្នកស្គាល់គ្នាទៅវិញ…

ខ្ញុំក៏បានណែនាំ សុវណ្ណ ឱ្យមកសម្ភាសធ្វើការជាមួយដែរ។ ម៉្យាងនឹកអាណិតដែលម្នាក់នេះ ទៅតស៊ូធ្វើការនៅឆ្ងាយស្រុកកំណើតតែឯង។ មួយវិញទៀត ជាអារម្មណ៍មនោសញ្ចេតនាខ្លួនឯងចំពោះគេ ដែលមានតិចតួចផង…

_________________________________________________________________________________________

មែនហើយ ដូចពាក្យគេថា មនុស្សយើង! ល្អបានតែដំបូងៗយូរទៅនឹងមានការប្រែប្រួលដូចគ្នា។ ការប្រែប្រួលរបស់បុរសម្នាក់នេះចំពោះខ្ញុំ វាមិនបានជាបញ្ហាសម្រាប់ខ្ញុំឡើយ តែអ្វីដែលជាបញ្ហា គឺទំនាក់ទំនងរវាងគេនឹងខ្ញុំ ដែលមិនដាច់ស្រេចថាជាអ្វីនឹងគ្នាឱ្យប្រាកដ! ម្តងរាប់អាន ម្តងស្នេហា ជួនកាលត្រឹមអ្នកដទៃដែលគ្មានសិទ្ធិសូម្បីដឹងសុខទុក្ខ…..

វគ្គ ស្នេហា ដែលមិនច្បាស់ថាជាអ្វីនឹងគ្នាឱ្យប្រាកដ

ភាពស្និតស្នាលតាមរយៈរលកធាតុអាកាសជាច្រើនខែថ្ងៃ បីដូចមនុស្សកំពុងបណ្តុះមនោសញ្ចេតនា ដល់ថ្នាក់សារស័ព្ទរកគ្នារាល់ថ្ងៃ បីដូចគូស្នេហ៍ថ្មីថ្មោង។ ដោយហេតុផលនេះ ខ្ញុំក៏ព្រមបណ្តោយចិត្តដែលមានលើគេបន្តិចបន្តួច រីកធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ថ្នាក់ហ៊ានណែនាំ សុវណ្ណ មករួមជម្រកក្រុមហ៊ុនតែមួយ ក្នុងចិត្តប្រាថ្នាជាគូជីវិត ទើបចង់លើកស្ទួយ…

តែដូចសុភាសិតចិនពោលថា មនុស្សគិតមិនដូចទេវតាគិត ទាញគេឱ្យមកនៅក្បែរខ្លួននេះ ដូចសម្លាប់ខ្លួនឯងទាំងរស់។ កាន់តែកៀកគ្នា ធាតុពិតមនុស្សនេះ ក៏ចាប់ផ្តើមបង្ហាញបន្តិចម្តងៗនូវចរិតព្រាននារី។

ក្រោយចាប់បានថា គេមានលួចលាក់ញ៉ែមនុស្សស្រីម្នាក់មុនស្គាល់ខ្ញុំ ខ្ញុំពិតទទួលយកមិនបានឡើយ។ តែសតិដាស់អារម្មណ៍នេះថា “ឯង មិនបានជាអ្វីនឹងគេទេ!!!!” នឹកឃើញដល់ត្រឹមនេះ ខ្ញុំក៏ប្រឹងពន្យល់ខ្លួនឯងជាច្រើនហេតុផល ទាំងដែលក្នុងចិត្ត ចង់ក្រោកសួរមនុស្សដែលអង្គុយនៅចំពោះមុខពីការពិតនៃគេ។

តឺង! អេក្រង់កំព្យូទ័របង្ហាញសារ (Line) ស្របនឹងសំឡេង
«រ័ត្ន កើតអីប៉ុន្មានថ្ងៃហ្នឹង ស្ងប់ស្ងាត់ម៉េស?» សុវណ្ណ សួរ

ឃើញសារនេះហើយ ចិត្តពិតមិនចង់តបឆ្លើយសោះ! តែព្រោះនៅមានការពិចារណាយល់ថា យើងមិនមែនជាស្នេហាគេ ទើបតបតាមទម្លាប់ ៖ « គ្មានអីទេ ដូចដែលធ្លាប់ប្រាប់អ៊ីចឹង!​ មានតែហេតុផលមួយទេ ដែលអាចឱ្យខ្ញុំស្ងប់ស្ងាត់ គឺផ្ចង់អារម្មណ៍ធ្វើអីមួយ »

« oh! ឃើញស្ងាត់ស្ងៀមពេក ខ្ញុំបារម្ភ »
សម្តីនេះ បើនិយាយពេលមុន ប្រហែលអាចសប្បាយអរ តែពេលនេះ បែរជាធ្វើឱ្យអារម្មណ៍ខ្ញុំកាន់តែតានតឹង និងខ្ពើមរអើមមនុស្សប្រុសនេះទៅវិញ។ តែបើគេចង់សម្តែង អូខេ! ខ្ញុំកំដរគេសម្តែងបាន។

ពេលខ្លះ មនុស្សនេះ ពិតជាធ្វើឱ្យខ្ញុំហាក់គិតអីមិនយល់ពីគេសោះឡើយ គេតែងបង្ហាញការយកចិត្តទុកដាក់នឹងខ្ញុំ ពិសេសតែងឈរនៅខាងខ្ញុំជានិច្ច បើសិនជាអ្នកណាហ៊ានពោលពាក្យមិនល្អនឹងខ្ញុំ។ តែអ្វីដែលខ្ញុំនៅមន្ទិល ហេតុអីគេពាក់ព័ន្ធនឹងមនុស្សស្រីម្នាក់នោះ! ជាទង្វើអ្វី?!

_____________


តាំងពីចាប់បានថាគេមានពាក់ព័ន្ធនឹងមនុស្សស្រី អារម្មណ៍ខ្ញុំចំពោះគេ ក៏រៀងប្រែប្រួលបន្តិចដែរ! ចិត្តមួយនៅប្រាថ្នាចង់បានជាគូរគាប់ជីវិត តែចិត្តមួយចេះតែបារម្ភថា តម្លៃខ្លួនឯងអាចនឹងទាប ព្រោះតែបុរសម្នាក់នេះ….ហើយទីបំផុត ខ្ញុំក៏សម្រេចចិត្តថា ប្រើវិធីបញ្ឆេះចិត្តគេ តែបំណងចង់ឱ្យគេយល់ថា ទោះមានគេឬគ្មានគេ មិនសំខាន់ឡើយសម្រាប់ខ្ញុំ។ ខ្ញុំចាប់ផ្តើមព្យាយាមរក្សាគម្លាតពីគេ ហើយស្និតស្នាលនឹងមិត្តរួមការងារដទៃ ដោយមិនខ្វល់ថា គេមើលមកខ្ញុំយ៉ាងណាឡើយ។ ម៉្យាង ខ្ញុំមាននាទីជាជំនួយការអ្នកគ្រប់គ្រងស្រាប់ផង

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*